ថ្នាក់​សិក្ខាសាលា
អាលម៉ា ២៩ ៖ បំណង​នៃ​ដួងចិត្ត​របស់​យើង


« អាលម៉ា ២៩ ៖ បំណង​នៃ​ដួងចិត្ត​របស់​យើង » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ២៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ២៩

បំណង​នៃ​ដួងចិត្ត​របស់​យើង

រូបភាព
យុវជន​ឡើង​ភ្នំ

តើ​អ្នក​អាច​ប្រាប់​បាន​យ៉ាង​ដូចម្ដេច ថា​តើ​បំណង​ប្រាថ្នា​របស់​អ្នក​សម្រាប់​ជីវិត​របស់​អ្នក​ស្រប​នឹង​អ្វី​ដែល​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចង់​បាន​សម្រាប់​អ្នក ? អាលម៉ា ២៩ កត់ត្រា​ពី​បំណង​ប្រាថ្នានៃ​ដួង​ចិត្ត​របស់​អាលម៉ា និង​ការឆ្លុះ​បញ្ចាំង​ថា​តើ​បំណង​ប្រាថ្នា​របស់​លោក​ស្រប​តាម​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​បាន​សម្រាប់​លោក​ឬ​អត់ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​វាយតម្លៃ​បំណង​របស់​អ្នក​ផ្ទាល់ ហើយ​សម្រប​បំណង​នោះ​ជាមួយ​នឹង​ព្រះបំណង​របស់​ព្រះអម្ចាស់ ។

ការស្ថាបនា​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​រៀបចំ​បង្រៀន សូម​សួរ​ខ្លួន​អ្នក​ថា « ក្នុង​ចំណោម​សេចក្ដីពិត​ទាំងអស់​ដែល​អាច​ត្រូវបាន​គូស​បញ្ជាក់​នៅក្នុង​បណ្តុំ​នៃ​បទ​គម្ពីរ​នេះ តើ​សេចក្តីពិត​មួយ​ណា​នឹង​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​បាន​ខ្លាំង​បំផុត ? » សូម​ស្វែងរក​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​យល់​កាន់តែ​ច្បាស់​ថា សេចក្តីពិត​នៃ​ដំណឹងល្អ​ណា​មួយ​នឹង​សម្រេច​គោលបំណង​នោះ​បាន​ល្អ​បំផុត ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​អាន អាលម៉ា ២៩:១–៦ និង​សញ្ជឹង​គិត​ពី​អ្វី​ដែល​ពួកគេ​រៀន​អំពី​បំណងប្រាថ្នា ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

បំណងប្រាថ្នា​សម្រាប់​ជីវិត​របស់​ខ្ញុំ

សូម​ពិចារណា​បង្ហាញ​រូបថត​ខ្លួន​ឯង​កាល​នៅក្មេង ហើយ​ចែកចាយ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាង​ក្រោម ។ អ្នក​ក៏​អាច​អញ្ជើញ​សិស្ស​ពីរ​បី​នាក់​ឲ្យ​យក​រូបថត​​ពួកគេ​កាល​ពី​នៅក្មេង ហើយ​ឆ្លើយ​សំណួរ​ផងដែរ ។

ម្យ៉ាង​វិញ​ទៀត នៅ​វប្បធម៌​ជាច្រើន មាន​រឿង​ប្រឌិដ្ឋ ឬ​រឿង​ដែល​នរណា​ម្នាក់​ត្រូវបាន​សួរ​ថា ពួកគេ​មាន​បំណង​ចង់​បាន​អ្វី ឬ​ប្រាថ្នា​ចង់​បាន​អ្វី​បំផុត ។ ឧទាហរណ៍​មួយ​ចំនួន រួមមាន​ការមាន​បំណង​ចង់​ទៅលេង​លើ​ភពផ្កាយ ការសុំ​ការប្រាថ្នា​ពី​ទេពធីតា​ ឬ​ទេព​អប្សរ ឬ​ការផ្សង​ប្រាថ្នា​ពេល​កំពុង​ផ្លុំ​ទៀននៅ​ខួប​កំណើត ។ អ្នក​ប្រហែល​ជា​ចង់​យោង​មើល​រឿង​មួយ​ក្នុង​ចំណោម​រឿង​ដែល​ធ្លាប់​ស្គាល់​ទាំងនេះ ហើយ​សួរ​ថា « ប្រសិនបើ​អ្នក​អាច​ប្រាថ្នា​ចង់​បាន​បំណង​ប្រាថ្នា​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​អ្នក តើ​វា​ជា​អ្វី ? »

  • កាល​អ្នក​នៅក្មេង តើ​អ្វី​ជា​បំណង​ដ៏​ធំ​បំផុត​របស់​អ្នក ?

  • ពេលនេះ​អ្នក​មាន​វ័យចាស់​ជាង​មុន តើ​បំណង​ប្រាថ្នា​របស់​អ្នក​បាន​ផ្លាស់ប្តូរ​យ៉ាង​ណា ? តើ​បំណងប្រាថ្នា​របស់​អ្នក​អាច​ផ្លាស់ប្តូរ​នា​ពេល​អនាគត​យ៉ាង​ណា ?

នៅផ្នែក​ម្ខាង​នៃ​ទំព័រ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​សរសេរ​បំណងប្រាថ្នា​មួយ​ចំនួន​សម្រាប់​ជីវិត​របស់​អ្នក ។ ( អ្នក​នឹង​ប្រើ​ផ្នែក​ម្ខាង​ទៀត​នៅពេល​ក្រោយ​ក្នុង​មេរៀន ) ។

  • តើបំណង​ប្រាថ្នា​របស់​យើង​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ?

នៅពេល​យើង​ធំ ហើយ​មាន​ភាពចាស់ទុំ​នៅក្នុង​ដំណឹងល្អ ហើយ​ចូល​កាន់តែ​ជិត​ព្រះ នោះ​បំណងប្រាថ្នា​មួយ​ចំនួន​របស់​យើង​អាច​នឹង​ផ្លាស់ប្តូរ ហើយ​សម្រប​កាន់តែ​ច្រើន​ជាមួយ​នឹង​អ្វី​ដែល​ទ្រង់​សព្វទ័យ​ព្រះ​ចង់​បាន​សម្រាប់​យើង ។

  • តើ​យើង​អាច​ប្រាប់​បាន​យ៉ាង​ដូចម្ដេច​ថា តើ​បំណង​ប្រាថ្នា​របស់​យើង​ស្រប​នឹង​អ្វី​ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​បាន​សម្រាប់​យើង​ដោយ​របៀប​ណា ?

នៅពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​អំពី​បំណង​ប្រាថ្នា​របស់​អ្នក ។ សូម​រកមើល​ដើម្បី​ស្គាល់​បំណង​ប្រាថ្នា​ដែល​ស្រប​នឹង​ព្រះរាជ​បំណង​របស់​ព្រះ និង​បំណង​ទាំងឡាយ​ណា​ដែល​ប្រហែល​ជា​ត្រូវមាន​ភាពចាស់ទុំ ឬ​ផ្លាស់ប្តូរ ។

ការសម្រប​បំណង​របស់​យើង​ជាមួយ​នឹង​ព្រះ​ឆន្ទៈ​របស់​ព្រះអម្ចាស់

នៅក្នុង អាលម៉ា ២៩ អាលម៉ា​បាន​កត់ត្រា​ពី​បំណង​មួយ​របស់​លោក ។ សូមអាន អាលម៉ា ២៩:១–២ ដោយ​រកមើល​អ្វី​ដែល​លោក​បាន​ពិពណ៌នា ។

  • ហេតុអ្វី​អាលម៉ា​មាន​បំណង​ធ្វើ​ជា​ទេវតា ? តើ​វា​ប្រាប់​អ្នក​ពី​អ្វី​អំពី​លោក ?

  • តើ​អ្នក​ដឹង​អ្វី​ខ្លះ​អំពី​អតីតកាល​របស់​អាលម៉ា ដែល​អាច​បំផុស​គំនិត​លោក​ឲ្យ​មាន​បំណង​ធ្វើ​ជា​ទេវតា ? ( សូមមើល ម៉ូសាយ ២៧:១១–១៧ ) ។

ប្រសិនបើ​ចាំបាច់ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​បទពិសោធន៍​របស់​អាលម៉ា​ជាមួយ​ទេវតា​ដូច​បាន​កត់ត្រា​នៅក្នុង ម៉ូសាយ ២៧ ។ វិធី​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​បង្ហាញ​រូបភាព​ខាង​ក្រោម ហើយ​សុំ​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​ចងចាំ​អំពី​ដំណើរ​រឿង​ដែល​មាន​ក្នុង​រូបភាព​នោះ ។

រូបភាព
ការប្រែចិត្តជឿ​របស់​អាលម៉ា​ជា​កូន

ការយល់​ដឹង​អំពី​បរិបទ​នៃ​ខគម្ពីរ​អាច​ផ្តល់​ឲ្យ​យើង​នូវ​ការយល់​ដឹង​បន្ថែម ។ នៅក្នុង​ជំពូក​មុនៗ អាលម៉ា ២៩ ព្រះអម្ចាស់​បាន​ត្រាស់​បង្គាប់​ឲ្យ​អាំម៉ូន​ឲ្យ​នាំ​ពួកអាន់តៃ-នីហ្វៃ-លីហៃ មក​រស់​នៅជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ​ដើម្បី​សុវត្ថិភាព​របស់​ពួកគេ ( សូមមើល អាលម៉ា ២៧:៤–១២ ) ។ សាសន៍នីហ្វៃ​បាន​ប្រគល់​ដែនដី​យើសុន​ទៅ​ឲ្យ​ពួកអាន់តៃ-នីហ្វៃ-លីហៃ តាំង​ទី​លំនៅ ហើយ​សន្យា​ថា​នឹង​ការពារ​ពួកគេ ។ ពួកសាសន៍​លេមិន​ដ៏​ទុច្ចរិត​បាន​តាម​ពួកអាន់តៃ-នីហ្វៃ-លីហៃ ហើយ​បាន​ចាប់ផ្ដើម​ការប្រយុទ្ធ​គ្នា ។ សាសន៍​នីហ្វៃ​បាន​ការពារ​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ប្រឆាំង​នឹង​សាសន៍​លេមិន ។ ជា​លទ្ធផល « ពួកលេមិន​រាប់ម៉ឺន​នាក់​ត្រូវ​ស្លាប់​ ហើយ​ត្រូវ​ខ្ចាត់ខ្ចាយ … ព្រមទាំង​មាន​ការកាប់​សម្លាប់​យ៉ាង​ធំ​មួយ​នៅក្នុង​ចំណោម​ប្រជាជន​នីហ្វៃ » ( អាលម៉ា ២៨:២–៣ ) ។

  • តើ​បរិបទ​នេះ​អាច​ជួយ​អ្នក​យល់​យ៉ាង​ណា​អំពី​មូលហេតុ​ដែល​អាលម៉ា​ប្រហែល​ជា​ចង់​ហៅ​មនុស្ស​ឲ្យ​ប្រែចិត្ត​ដោយ​ក្លាហាន និង​រារាំង​កុំ​ឲ្យ​មាន​ភាពសោកសៅ ?

សូម​អាន អាលម៉ា ២៩:៣–៦ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​យល់​អំពី​បំណង​ប្រាថ្នា ។

សូម​ពិចារណា​សួរ​សិស្ស​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សិស្ស​អាច​ចែកចាយ​មេរៀន ឬ​គោលការណ៍​ផ្សេងៗ ។ ប្រសិនបើ​សិស្ស​មិន​លើក​ឡើង​ទេ សូម​ឲ្យ​ពួកគេ​សង្ខេប​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន ខទី ៤ ។

គោលការណ៍​មួយ​ដែល​អ្នក​ប្រហែល​ជា​បាន​រកឃើញ​នោះ​គឺ​ថា ព្រះ​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ការជ្រើសរើស​ដោយ​ផ្អែកលើ​បំណង​ប្រាថ្នា​របស់​យើង ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ ឬ​ឃ្លា​គន្លឹះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ខទី ៤ ដែល​រកឃើញ​សេចក្តីពិត​នេះ ។

  • ហេតុអ្វី​គោលការណ៍​នេះ​សំខាន់​សម្រាប់​យើង​ដើម្បី​យល់ ?

ដើម្បី​ជួយ​អ្នក​ប្រៀបធៀប​បំណង​របស់​អ្នក​ជាមួយ​នឹង​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ សូម​រាយបញ្ជី​នៅផ្នែក​ម្ខាង​ទៀត​នៃ​ទំព័រ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវ​អ្វី​ដែល​ព្រះអម្ចាស់​មាន​ព្រះរាជ​បំណង​ចង់​បាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ អ្នក​អាច​អាន​វគ្គបទគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម​ដើម្បី​ធ្វើ​បញ្ជី​នេះ ៖

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​សរសេរ ។ ឧទាហរណ៍​មួយ​ចំនួន​គឺ​ថា យើង​អាច​នឹង​ឮ ហើយ​មក​ស្គាល់​ព្រះអង្គ​សង្គ្រោះ ( សូមមើល ម៉ាថាយ ១៧:៥; យ៉ូហាន ១៧:៣; នីហ្វៃ​ទី​៣ ១១:៣–៧ ) បង្ហាញ​ការគោរព​ប្រតិបត្តិ​របស់​យើង ( សូមមើល អ័ប្រាហាំ ៣:២៥ ) ធ្វើ​កិច្ចការ​របស់​ទ្រង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៦ ) ស្រឡាញ់​អ្នកដទៃ ( សូមមើល លេវីវិន័យ ១៩:១៨; ម៉ាថាយ ២២:៣៧–៤០ ) រៀបការ និង​មាន​គ្រួសារ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១៣១:១–៤; លោកុប្បត្តិ ១:២២ ) ទទួល​អារម្មណ៍​រីករាយ ( សូមមើល នីហ្វៃ​ទី​២ ២:២៥ ) ហើយ​ទទួល​បាន​ជីវិត​អស់​កល្ប​ជានិច្ច​ជាមួយ​ទ្រង់​ទុក​ជាមរតក ( សូមមើល ម៉ូសេ ១:៣៩ ) ។

សូម​ក្រឡេក​មើល​ផ្នែក​ទាំងពីរ​នៃ​ទំព័រ​របស់​អ្នក ។ សូម​កត់ចំណាំ​ថា ព្រះអម្ចាស់​មាន​ព្រះទ័យ​ឲ្យ​យើង​ផ្តោត​លើ​បំណងប្រាថ្នា​របស់​យើង​ទៅលើ​ការស្រឡាញ់ និង​ការបម្រើ​ទ្រង់ និង​មនុស្ស​ទូទៅ ។ សូម​សញ្ជឹង​គិត​ថា តើ​បំណងប្រាថ្នា​របស់​អ្នក​ស្រប​តាម​ព្រះរាជ​បំណង​របស់​ព្រះ​ខ្លាំង​ប៉ុន​ណា ។

ទោះ​បី​ជា​លោក​មាន​បំណង​ល្អ​ក្នុង​ការចែកចាយ​ដំណឹងល្អ​ក៏​ដោយ អាលម៉ា​បាន​ទទួល​ស្គាល់​ថា ការចង់​ចែកចាយ​ដំណឹង​ល្អ​ដូច​ជា​ទេវតា​ទៅកាន់​ពិភព​លោក​ទាំងមូល មិន​បាន​ស្រប​នឹង​ទីកន្លែង និង​របៀប​ដែល​ព្រះ​បាន​ហៅ​លោក​ឲ្យ​បម្រើ​នោះ​ទេ ។ សូម​ពិចារណា​គូស​បន្ទាប់​ពី​ក្រោម​ឃ្លា​ណា​មួយ​នៅក្នុង អាលម៉ា ២៩:៣–៦ ដែល​បង្ហាញ​ថា អាលម៉ា​ចង់​សម្រប​បំណង​ប្រាថ្នា​របស់​លោក​ជាមួយ​នឹង​ព្រះ​ឆន្ទៈ​របស់​ព្រះ ។

  • តើ​អ្នក​គិត​ថា ការស្កប់​ចិត្ត​នឹង​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង​មាន​ន័យ​ដូចម្តេច ?

  • ដូច​អាលម៉ា​ដែរ តើ​ហេតុអ្វី​អ្នក​គិត​ថា យើង​គួរ​ស្វែងរក​ការសម្រប​តាម​បំណងប្រាថ្នា​របស់​យើង​ជាមួយ​នឹង​ព្រះរាជ​បំណង​របស់​ព្រះអម្ចាស់ ?

  • តើ​យើង​អាច​សម្រប​បំណង​ប្រាថ្នា​របស់​យើង​ជាមួយ​នឹង​ព្រះឆន្ទៈ​របស់​ព្រះ​យ៉ាង​ដូចម្ដេច នៅពេល​យើង​អាច​ទទួល​បាន​ការហៅ​ឲ្យ​បម្រើ​តាម​របៀប​ផ្សេង​ទៀត​ដែល​ខុស​ពី​ការចង់​បាន​របស់​យើង ?

នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ជំពូក​នេះ អាលម៉ា​បាន​ពន្យល់​ថា លោក​មិន​ចាំបាច់​ធ្វើ​ជា​ទេវតា ដើម្បី​និយាយ​ទៅ​កាន់​ផែនដី​ទាំង​មូល​ឡើយ ពីព្រោះ​ព្រះ​នឹង​បង្រៀន​ប្រជាជាតិ​ទាំងអស់​តាម​ព្រះ​ប្រាជ្ញា និង​ពេលវេលា​របស់​ទ្រង់ ( សូមមើល អាលម៉ា ២៩:៧–៨ ) ។ សូម​អាន អាលម៉ា ២៩:៩, ១៣ ដោយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​លើកតម្កើង និង​របៀប​ដែល​លោក​ទទួល​អារម្មណ៍ នៅពេល​លោក​សម្រប​បំណង​ប្រាថ្នា​របស់​លោក​ជាមួយ​ព្រះរាជ​បំណង​របស់​ព្រះ ។

សារៈសំខាន់​នៃ​សេចក្តីប្រាថ្នា

សូម​ផ្តល់​ឱកាស​ឲ្យ​សិស្ស​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​បំណងប្រាថ្នា ។ អ្នក​អាច​បិត​សំណួរ និង​ការណែនាំ​ខាង​ក្រោម​ជុំវិញ​ថ្នាក់​រៀន ។ សិស្ស​អាច​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​សំណួរ​ដែល​ពួកគេ​ចាប់​អារម្មណ៍​ក្នុង​ការរៀន ធ្វើ​តាម​ការណែនាំ និង​ពិភាក្សា​ចម្លើយ​ដែល​ពួកគេ​រកឃើញ​ចំពោះ​សំណួរ​ជា​ក្រុម​តូចៗ ។ ការណ៍​នេះ​អាច​ត្រូវបាន​ធ្វើ​ម្តង​ទៀត ដើម្បី​សិស្ស​អាច​សិក្សា​សំណួរ​ច្រើន​ជាង​មួយ ។

តើ​ខ្ញុំ​អាច​បង្កើន​បំណ​ងរបស់​ខ្ញុំ​ដើម្បី​ធ្វើ​តាម​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

នៅពេល​អ្នក​សញ្ជឹងគិត​សំណួរ​នេះ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការគិត​អំពី​គំរូ​នៃ​មនុស្ស​ដែល​បាន​ប្រែចិត្ត​ជឿ​ចំពោះ​ព្រះអម្ចាស់ ។ មនុស្ស​មួយ​ចំនួន​ដែល​អ្នក​អាច​សិក្សា​គឺ​អេណុស ( សូមមើល អេណុស ១:១–៧ ) ប្រជាជន​របស់​ស្តេច​បេនយ៉ាមីន ( សូមមើល ម៉ូសាយ ៥:១–៥ ) និង​ស្ដេច​ឡាម៉ូណៃ ( សូមមើល អាលម៉ា ២២:១៥–១៦ ) ។

តើ​ខ្ញុំ​គួរ​ប្រាថ្នា​អ្វី​ក្នុង​ជីវិត ?

នៅពេល​អ្នក​ស្វែងរក​វិវរណៈ​ចំពោះ​សំណួរ​នេះ សូម​សិក្សា​គំរូ​អំពី​អ្វី​ដែល​អ្នកដទៃ​ចង់​បាន ឬ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សង្ឃឹម​ថា ពួកគេ​ចង់​បាន ( សូមមើល រ៉ូម ១០:១; នីហ្វៃ​ទី​៣ ១៩:៧–៩; គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៦–៨ ) ។

តើ​បទគម្ពីរ​បង្រៀន​អ្វី​ទៀត​អំពី​បំណងប្រាថ្នា​របស់​យើង ?

វា​អាច​មាន​ប្រយោជន៍​ក្នុង​ការសិក្សា « Desire » នៅក្នុង Topical Guide ឬ​កម្មវិធី​បណ្ណាល័យ​ដំណឹង​ល្អ ។ ឬ​អាន​ខគម្ពីរ​មួយ​ចំនួន​ខាង​ក្រោម ៖ ទំនុកដំកើង ៣៧:៤; សុភាសិត ១០:២៤; អេណុស ១:១២; អាលម៉ា ៤១:៥; គោលលទ្ធិ និង សេចក្តីសញ្ញា ១៨:៣៨; ១៣៧:៩ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ពិចារណា​សួរ​ថា​តើ​សិស្ស​ណា​មាន​សំណួរ​ដែល​ពួកគេ​ចង់​ឲ្យ​ថ្នាក់​ជួយ ។ សូម​ស្វែងរក​បទគម្ពីរ ហើយ​ចែកចាយ​បទពិសោធន៍ និង​ទីបន្ទាល់​ជាមួយ​គ្នា ដែល​អាច​ជួយ​ឆ្លើយ​សំណួរ​ទាំងឡាយ​ដែល​ត្រូវបាន​សួរ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​ពិចារណា​អំពី​របៀប​ដែល​មេរៀន​នេះ​អនុវត្ត​ចំពោះ​អ្នក ។ សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​បាន ដើម្បី​ពង្រឹង​បំណងប្រាថ្នា​ដ៏​សុចរិត​របស់​អ្នក ហើយ​ស្វែងរក​ជំនួយ​ពី​ព្រះអម្ចាស់ ដើម្បី​សម្រប​បំណងប្រាថ្នា​ណា​មួយ​ផ្សេង​ទៀត​តាម​ព្រះ​ឆន្ទៈ​របស់​ទ្រង់ ។