ថ្នាក់​សិក្ខាសាលា
អាលម៉ា ២៦ ៖ « យើង​អួត​ក្នុង​ព្រះអម្ចាស់ »


« អាលម៉ា ២៦ ៖ ‹ យើង​អួត​ក្នុង​ព្រះអម្ចាស់ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ២៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ២៦

« យើង​អួត​ក្នុង​ព្រះអម្ចាស់ »

រូបភាព
ក្រុម​យុវជន​រីករាយ

តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ដែល​អ្នក​មិន​អាច​ទ្រាំ​បាន​ដើម្បី​ប្រាប់​នរណា​ម្នាក់​ដែរ​ឬ​ទេ ? តើ​អ្នក​ចង់​ឲ្យ​មនុស្ស​ដឹង​អ្វី​ខ្លះ ? ស្រដៀង​គ្នា​នេះ​ដែរ អាំម៉ូន និង​បងប្អូន​របស់​ទ្រង់​រីករាយ​ចំពោះ​បេសកកម្ម​រយៈពេល ១៤ ឆ្នាំ​របស់​ពួកទ្រង់​ក្នុង​ចំណោម​សាសន៍​លេមិន ហើយ​ពួកទ្រង់​មាន​ព្រះទ័យ​ចែកចាយ​បទពិសោធន៍​របស់​ពួកទ្រង់ ។ ពួកទ្រង់​បាន​ឃើញ​ព្រះចេស្ដា និង​សេចក្ដីស្រឡាញ់​របស់​ព្រះ នៅពេល​ដែល​សាសន៍​លេមិន​រាប់ពាន់​នាក់​ត្រូវបាន​នាំទៅរកចំណេះដឹង​អំពី​សេចក្ដីពិត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ដឹង​គុណ និង​សេចក្ដីស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ក្នុង​ជីវិត​របស់​អ្នក ។

ការរៀបចំ​ខ្លួន​ជា​ឧបករណ៍​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​អ្នក​ខិតខំ​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​អំពី​ការគោរព​ប្រតិបត្តិ ហើយ​រស់នៅ​តាម​ដំណឹងល្អ​ដោយ​អស់​ពី​ចិត្ត នោះ​ព្រះវិញ្ញាណ​នឹង​គង់​នៅជាមួយ​អ្នក ។ អ្នក​មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​ល្អ​ឥតខ្ចោះ​ទេ—គ្រាន់តែ​ព្យាយាម​ដោយ​ឧស្សាហ៍​ទៅ​បាន​ហើយ ។ សូម​ស្វែងរក​ការអភ័យទោស​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ណា​ដែល​អ្នក​ជំពប់​ដួល ។

ការរៀប​ចំ​សិស្ស ៖ សិស្ស​អាច​អាន អាលម៉ា ២៦:១១–១៦ ហើយ​សញ្ជឹងគិត​ពី​អ្វី​ដែល​ពួកគេ​គិត​ថា ជា​អត្ថន័យ​នៃ​ពាក្យ « អួត​ក្នុង​ព្រះអម្ចាស់ » ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

តើ​អ្នក​ងប់ងល់​នឹង​អ្វី ?

សិស្ស​អាច​ពិភាក្សា​រឿង​ខាង​ក្រោម​ជា​គូ ឬ​ជា​ក្រុម​តូចៗ ។ ជា​ជម្រើស​មួយ​ផ្សេង​ទៀត អ្នក​អាច​អញ្ជើញ​សិស្ស​ម្នាក់ ឬ​ពីរ​នាក់​ឲ្យ​ចែកចាយ​ដោយ​សង្ខេប​ជាមួយ​ថ្នាក់ ។

សូម​ពិចារណា​មួយ​ភ្លែត​អំពី​អ្វី​មួយ​ដែល​អ្នក​ពេញចិត្ត ឬ​ចូលចិត្ត​យ៉ាងខ្លាំង—ជា​អ្វី​មួយ​ដែល​នៅពេល​អ្នក​ចាប់ផ្តើម​និយាយ វា​ពិបាក​ក្នុង​ការបញ្ឈប់ !

  • ហេតុអ្វី​អ្នក​មាន​អារម្មណ៍​ខ្លាំង​ចំពោះ​រឿង​នេះ ?

  • តើ​អ្នក​សង្ឃឹម​ថា អ្នកដទៃ​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​និយាយ​អំពី​វា ? ហេតុអ្វី ?

បន្ទាប់ពីពួក​បុត្រា​របស់​ម៉ូសាយ​បាន​ត្រឡប់​ពី​បេសកកម្ម​រយៈពេល ១៤ ឆ្នាំ​របស់​ពួកទ្រង់​ទៅកាន់​សាសន៍​លេមិន នោះ​អាំម៉ូន​បាន​មាន​បន្ទូល​ជាមួយ​បងប្អូន​របស់​ទ្រង់​អំពី​បទពិសោធន៍​របស់​ពួកគេ ។ សូមអាន អាលម៉ា ២៦:៨, ១៦ ដោយ​រកមើល​អ្វី​ដែល​អាំម៉ូន​មាន​ព្រះទ័យ​រំភើប និង​ចូលចិត្ត​យ៉ាង​ខ្លាំង ។

នៅក្នុង អាលម៉ា ២៦:១៦ អាំម៉ូន​បាន​ប្រើ​ពាក្យ អួត, រីករាយ និង សរសើរ​តម្កើង ពេល​កំពុង​មាន​បន្ទូល​អំពី​ព្រះអម្ចាស់ ។ ដើម្បី អួត មាន​ន័យ​ថា រីករាយ ឬ​ធ្វើ « ការថ្វាយ​បង្គ​ប្រកប​ដោយ​ការសរសើរតម្កើង កិត្តិយស និង​ការដឹងគុណ » ( Merriam-Webster.com « Glory » សូម​មើល​ផងដែរ​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សិរី​ល្អ » scriptures.ChurchofJesusChrist.org ) ។ អ្នក​ប្រហែល​ជា​ចង់​គូស​ចំណាំ​ពាក្យ​ទាំងនេះ​នៅក្នុង ខទី ១៦ និង​ក្នុង​ខគម្ពីរ​ផ្សេង​ទៀត​ដែល​អ្នក​សិក្សា​ថ្ងៃ​នេះ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​និយមន័យ​នៃ​ពាក្យ អួត នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ឬ​ធ្វើ​កំណត់​ចំណាំ​នៅ​ជិត អាលម៉ា ២៦:១៦ ។ សិស្ស​អាច​មាន​និយមន័យ ឬ​គំនិត​បន្ថែម​ដើម្បី​ចែកចាយ​ដោយ​ផ្អែកលើ​ការរៀបចំ​ថ្នាក់​របស់​ពួកគេ ។

សូម​ចំណាយ​ពេល​បន្តិច​ដើម្បី​សញ្ជឹងគិត​អំពី​ចំណុច​ខាង​ក្រោម ៖

  • តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ ? ហេតុអ្វី ?

  • តើ​អ្នក​និយាយ​ទៅ​កាន់​អ្នកដទៃ​អំពី​ទ្រង់​ដោយ​ក្តីរំភើប និង​រីករាយ​ទេ ? ហេតុអ្វី​រំភើប និង​រីករាយ ឬ​ហេតុអ្វី​មិន​រំភើប និង​មិនរីករាយ ?

នៅពេល​អ្នក​សិក្សា អាលម៉ា ២៦ ថ្ងៃនេះ សូម​សញ្ជឹងគិត​ពី​របៀប​ដែល​គំរូ​របស់​អាំម៉ូន​ក្នុង​ការចែកចាយ​ពី​ព្រះទ័យ​របស់​ទ្រង់​អំពី​ព្រះ​អាច​បង្កើន​សេចក្ដីស្រឡាញ់ និង​ការដឹង​គុណ​របស់​អ្នក​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

« ពរជ័យ​ដ៏​មហិមា​បែប​នេះ »

សូម​កំណត់​ថា តើ​សិស្ស​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​បំផុត​ដោយ​ការអានបណ្តុំ​ខគម្ពីរ​ខាង​ក្រោម ( និង​បណ្តុំ​ផ្សេង​ទៀត​នៅពេល​ក្រោយ​ក្នុង​មេរៀន ) ជា​ថ្នាក់ ជា​ក្រុមតូចៗ ឬ​ជា​គូ ។ សូម​ប្រើ​សំណួរ​ដែល​បាន​ផ្ដល់​ឲ្យ ឬ​សំណួរ​ផ្សេង​ទៀត​ដែល​អ្នក​ប្រហែល​ជា​គិត​ថា ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់ និង​វិភាគ​មាតិកា និង​បរិបទ ។

សូម​អាន អាលម៉ា ២៦:១–៤, ៨–១៦ ដោយ​រកមើល​ពី​របៀប​ដែល​អាំម៉ូន​បាន​ថ្លែង​អំពី​ព្រះ និង​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​បងប្អូន​របស់​អាំម៉ូន និង​ពួកសាសន៍​លេមិន ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​របៀប​ដែល​អាំម៉ូនបាន​ថ្លែង​អំពី​ព្រះ ?

  • តើ​សេចក្ដីពិត​អ្វី​ខ្លះ​ដែល​អ្នក​បាន​រកឃើញ​ដែល​អាច​បំផុស​គំនិត​នរណា​ម្នាក់​ឲ្យ​អួត​ក្នុង​ព្រះអម្ចាស់ ?

សូម​ពិចារណា​ឲ្យ​សិស្ស​សរសេរ​សេចក្ដីពិត​ដែល​ពួកគេ​បាន​រកឃើញ​នៅលើ​ក្ដារខៀន ។ ឬ​សិស្ស​អាច​សរសេរ​សេចក្ដីពិត​ទាំងនេះ​នៅលើ​ក្រដាស​កត់ត្រា​ស្អិតៗ ហើយ​អាន​វា​ឲ្យ​ឮៗ មុន​នឹង​បិត​វា​នៅលើ​ក្ដារខៀន ។ ឧទាហរណ៍ ៖ ព្រះ​ប្រទាន​ព្រះ​ពរ​ទាំងឡាយ​ដ៏​មហិមាខទី ១–៣ ); ព្រះ​អាច​ធ្វើ​ការតាមរយៈ​យើង​ដើម្បី​សម្រេច​កិច្ចការ​ដ៏​មហិមា​របស់​ទ្រង់ ហើយ​ប្រទានពរ​ដល់​អ្នកដទៃខទី ៣ ); ដោយ​កម្លាំង​របស់​ព្រះអម្ចាស់ យើង​អាច​ធ្វើ​គ្រប់​ការណ៍​ទាំងអស់ខទី ១២ ) និង ព្រះ​អ​ម្ចាស់​មាន​ព្រះចេស្តា​ដ៏​មហិមា សេចក្តីមេត្តា​ករុណា និង​សេចក្តីអត់ធ្មត់​ចំពោះ​កូនចៅ​របស់​ទ្រង់ខទី ១៦ ) ។

ពេលនោះ អ្នក​ប្រហែល​ជា​ចង់​បង្ហាញ​រូបភាព​ខាង​ក្រោម​នេះ ដើម្បី​រំឭក​សិស្ស​អំពី​បទពិសោធន៍​របស់​អាំម៉ូន​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​បាន​នាំ​ទ្រង់​ឲ្យ​សរសើរ​ព្រះ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​និយាយ​ឡើង​វិញ​ដោយ​សង្ខេប​អំពី​ព្រឹត្តិការណ៍​មួយ​ចំនួន​ដែល​បាន​កត់ត្រា​នៅក្នុង អាលម៉ា ១៧–២១ ។

រូបភាព
អាំម៉ូន​ប្រយុទ្ធ​នឹង​សាសន៍​លេមិន
រូបភាព
អាំម៉ូន​បង្រៀន​ឡាម៉ូណៃ
រូបភាព
ព្រះអគ្គមហេសី​កាន់​ទុក្ខ​ឡាម៉ូណៃ

ទោះបី​ជា​បទពិសោធន៍​របស់​យើង​ខុស​ពី​អាំម៉ូន​ក៏​ដោយ យើង​ប្រហែល​ជា​មាន​ហេតុផល​ស្រដៀង​គ្នា​ដើម្បី​សរសើរ​ព្រះ ។

ដើម្បី​ជួយ​សិស្ស​គិត​អំពី​ហេតុផល​ដែល​ពួកគេ​អាច​មាន​សម្រាប់​ការសរសើរ​តម្កើង​ព្រះ អ្នក​ប្រហែល​ជា​ចង់​បង្ហាញ​សំណួរ​ខាង​ក្រោម ។ សូម​ផ្តល់​ពេល​ដល់​សិស្ស​ដើម្បី​ឆ្លើយ​សំណួរ​មួយ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ បន្ទាប់មក​អញ្ជើញ​សិស្ស​ដែល​មាន​ឆន្ទៈ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។

  • សូម​គិត​អំពី​របៀប​ដែល​អ្នក​ធ្លាប់​ជា ឬ​អាច​ជា « [ ឧបករណ៍ ] ក្នុង​ព្រះហស្ត​របស់​ព្រះ » ( អាលម៉ា ២៦:៣ ) ដើម្បី​ផ្តល់​ពរ​ដល់​អ្នកដទៃ ។ តើ​បទពិសោធន៍​ទាំង​នេះ​អាច​នាំ​អ្នក​ឲ្យ​សរសើរ​ព្រះ​ដោយ​របៀប​ណា ?

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ទៀត​ដែល​អ្នក​មាន​សម្រាប់​ការសរសើរ​ព្រះ ?

  • តើ​វា​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់ ដើម្បី​លើក​តម្កើង​នូវ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​គាត់ ?

« ហេតុផល​ដ៏​មហិមា​ដើម្បី​រីករាយ »

នៅពេល​អាំម៉ូន​បាន​ចងចាំ​ពេលវេលា​របស់​ទ្រង់​ជា​អ្នកផ្សព្វផ្សាយ​សាសនា និង​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ព្រះ ទ្រង់​បាន​លើក​តម្កើង និង​អរសប្បាយ​នៅក្នុង​ព្រះ និង​អ្វី​ដែល​ព្រះ​បាន​ធ្វើ​ឲ្យ​កើត​មាន​ឡើង​ក្នុង​ជីវិត​របស់​អាំម៉ូន ។

សូម​ពិចារណា​ផ្តល់​ក្រដាស​សម្រាប់​សិស្ស​ដើម្បី​បំពេញ​សកម្មភាព​សិក្សា​ខាង​ក្រោម ។ សម្រាប់​ភាពចម្រុះ ផ្នែក​ដំបូង​នៃ​សកម្មភាព​អាច​ត្រូវបាន​ធ្វើ​ជា​ថ្នាក់ ។ សិស្ស​អាច​សិក្សា​ពី​ក្រុម​ផ្សេងៗ ហើយ​កត់ត្រា​អ្វី​ដែល​ពួកគេ​រកឃើញ​នៅលើ​ក្ដារខៀន ។ សូម​ពិចារណា​ប្រើ​សំណួរ​ដែល​មាន​ចំណុច​ដិត ឬ​សំណួរ​ផ្សេង​ទៀត​ដែល​អ្នក​គិត​ឃើញ ដើម្បី​ជួយ​សិស្ស​ឲ្យ​អួត​ក្នុង​ព្រះអម្ចាស់ ។

សូម​បត់​ក្រដាស​មួយ​សន្លឹក​ទៅ​ជា​បី​ផ្នត់ ឬ​គូស​ជួរ​ឈរ​បី​នៅលើ​ទំព័រ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ដាក់​ស្លាក​ផ្នែក​ខាង​លើ​នៃ​ជួរ​ឈរ​នីមួយៗ​នូវ​ក្រុម​មនុស្ស​ដូច​ខាង​ក្រោម ៖

សូម​អាន​វគ្គបទគម្ពីរ​សម្រាប់​ក្រុម​នីមួយៗ ហើយ​កត់ត្រា​នៅក្នុង​ជួរ​ឈរ​នូវ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ពួកគេ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​ក្រុម​មនុស្ស​ទាំង​នេះ ? ហេតុអ្វី​ការណ៍​នេះ​នាំ​ឲ្យ​ប្រជាជន​អួត​ក្នុង​ទ្រង់ ?

សូម​ផ្តល់​ពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​បំពេញ​ផ្នែក​ផ្ទាល់​ខ្លួន​ខាង​ក្រោម​នៃ​សកម្មភាព​នេះ ។ សូម​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​ចេះ​គិតគូរ និង​ប្រកប​ដោយ​ការអធិស្ឋាន​នៅពេល​ពួកគេ​ធ្វើ​កិច្ចការ​នោះ ។

សូម​លាត​សន្លឹក​ក្រដាស​ដែល​បត់ ឬ​បង្កើត​ជួរឈរ​ថ្មី​ចំនួន​បី​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​ដាក់​ចំណង​ជើង​ខាង​ក្រោម​ឲ្យ​ជួរឈរ​នីមួយៗ ៖

  • របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​ខ្ញុំ

  • របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់

  • អ្វី​ដែល​ខ្ញុំ​ដឹង និង​ទទួល​អារម្មណ៍​អំពី​ព្រះ

អ្នក​ប្រហែល​ជា​ចង់​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌ ដោយ​សូម​ទ្រង់​ឲ្យ​នាំ​គំនិត និង​ការចងចាំ​មក​ក្នុង​គំនិត​របស់​អ្នក ។ នៅពេល​អ្នក​ចងចាំ​ពី​របៀប​ដែល​ព្រះ​បាន​ប្រទានពរ​ដល់​អ្នក និង​អ្នកដទៃ ហើយ​សញ្ជឹង​គិត​ពី​អារម្មណ៍​របស់​អ្នក​ចំពោះ​ទ្រង់ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​អ្នក​ឲ្យ​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះ​ចំពោះ​អ្នក ។

សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​នៅក្នុង​ជួរឈរ​នីមួយៗ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​វានាំ​ឲ្យ​អ្នក​អួត​ក្នុង​ព្រះ ។

សូម​ពិចារណា​ប្រើ​សំណួរ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​សេចក្តីពិត និង​សារៈសំខាន់​នៃ​អារម្មណ៍​ដែល​ពួកគេ​បាន​ដក​ពិសោធ ។ សូម​លើកទឹក​ចិត្ត​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​ទទួល​អារម្មណ៍ នៅពេល​ពួកគេ​សញ្ជឹង​គិត​អំពី​ហេតុផល​របស់​ខ្លួន​ដើម្បី​អួត​ក្នុង​ព្រះអម្ចាស់ ។

  • តើ​សកម្មភាព​នេះ​បាន​ជួយ​អ្នក​ឲ្យមាន​អារម្មណ៍​រីករាយ​កាន់តែ​ខ្លាំងឡើង​ចំពោះ​ព្រះ ឬ​បង្កើន​សេចក្ដីស្រឡាញ់ និង​ការដឹងគុណ​ចំពោះ​ទ្រង់​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​គិត​ថា​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះអម្ចាស់​នឹង​ផ្លាស់ប្តូរ​យ៉ាង​ដូចម្ដេច ប្រសិនបើ​អ្នក​ចំណាយ​ពេល​ដើម្បី​ចងចាំ និង​អួត​ក្នុង​ទ្រង់​កាន់តែ​ញឹកញាប់​ជាង​នេះ ?

សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​ខាង​ក្រោម ។

នៅពេល​អ្នក​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​បាន​រៀន និង​ទទួល​អារម្មណ៍​នៅថ្ងៃនេះ អ្នក​ប្រហែល​ជា​ចង់​បង្កើត​គោលដៅ​មួយ ដើម្បី​ចំណាយ​ពេល​ចងចាំ និង​អួត​ក្នុង​ព្រះ ។ អ្នក​ក៏​អាច​នឹង​ទទួល​អារម្មណ៍​ជំរុញ​ឲ្យ​ចែកចាយ​គំនិត​របស់​អ្នក​ជាមួយ​អ្នក​ផ្សេង​ដូច​អាំម៉ូន​ដែរ ។ សូម​រកមើល​ឱកាស​មួយ​ដើម្បី​ចែកចាយ ហើយ​ពិចារណា​ពី​របៀប​ដែល​អ្នក​អាច​ជួយ​មនុស្ស​ម្នាក់​ទៀត​ឲ្យ​មាន​អារម្មណ៍​ថា អ្នក​ទទួល​អារម្មណ៍​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។