ថ្នាក់​សិក្ខាសាលា
អាលម៉ា ៧:១៤–២៧ ៖ « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ »


« អាលម៉ា ៧:១៤–២៧ ៖ ‹ ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៧:១៤–២៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

អាលម៉ា ៧:១៤–២៧

« ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ »

រូបភាព
មនុស្ស​ម្នាក់​កំពុង​ដើរ​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅរក​នគរ​នៃ​ព្រះ

ជាញឹកញាប់​ព្យាការី​សំដៅ​ទៅលើ « ផ្លូវ​តូច ហើយ​ចង្អៀត » ( នីហ្វៃទី​២ ៣១:១៩ ) « ផ្លូវ​នៃ​សេចក្តី​សញ្ញា » ឬ « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ( អាលម៉ា ៧:១៩ ) ។ អាលម៉ា​បានដឹង​ថា ប្រជាជន​គេឌាន​បានដើរ​លើ​ផ្លូវនេះ ហើយ​បានបង្រៀន​ពួកគេ​ពី​របៀប​ដើម្បី​បន្ត​នៅ​លើ​ផ្លូវ​នេះ ហើយ​បានប្រែក្លាយ​ដូចជា​ព្រះ ។ គោលបំណង​មេរៀន​នេះគឺ​ដើម្បី​ជួយ​អ្នក​ក្នុង​ការខិតខំ ដើម្បី​ទទួល​បាន​នូវ​គុណលក្ខណៈដូចជា​ព្រះគ្រីស្ទ នៅ​ពេល​អ្នក​ដើរ​តាម​មាគ៌ា​ដែល​នាំទៅ​រក​ព្រះ​វិញ ។

សូម​បង្កើត​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់ និង​ការគោរព ។សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ និង​ការទទួល​យក​ចំពោះ​សមាជិក​ក្នុង​ថ្នាក់​ម្នាក់ៗ ។ ការធ្វើ​ដូច្នេះ​អាច​បន្ទន់ចិត្ត​របស់​សមាជិក​ក្នុង​ថ្នាក់​ដែល​កំពុង​ពុះពារ ។

ការរៀបចំ​សិស្ស ៖ សូម​ឲ្យ​សិស្ស​គិត​អំពី​លក្ខណៈដូចជា​ព្រះគ្រីស្ទ​ដែល​ពួកគេ​ចង់​អភិវឌ្ឍ​ឲ្យ​កាន់តែ​ពេញលេញ ហើយ​មករៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​ហេតុផល​នោះ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ផ្លូវ​ដែល​ត្រូវ​ដើរ​តាម

សូម​ពិចារណា​បង្ហាញ​រូបភាព​ខាងក្រោម ( ឬ​ស្រដៀង​គ្នា​មួយ ) ខណៈដែល​សួរ​សំណួរ​ខាងក្រោម ។

រូបភាព
ផ្លូវ​ឆ្លងកាត់​ព្រៃក្រាស់
  • តើ​អ្វី​ទៅ​ជា​គុណសម្បត្តិ​នៃ​ការ​មាន​ផ្លូវ​ដើម្បី​ដើរតាម ?

សូម​ពិចារណា​មើល « Daily Restoration » ចាប់ពី​នាទី​ទី ១:៤០ ដល់​នាទី​ទី ៣:២៥ ដើម្បី​មើល អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ពន្យល់​ពីអ្វី​ដែល​កើតឡើង​ចំពោះ​មនុស្ស ដែល​កំពុង​ធ្វើដំណើរ​ដោយ​គ្មានផ្លូវ ឬ​កន្លែង​សម្គាល់​ដែល​អាច​ទុកចិត្ត​បាន ។ វីដេអូ​នេះមាន​នៅ ChurchofJesusChrist.org.

បន្ទាប់ពី​បានព្យាករ​ដល់​ប្រជាជន​គេឌាន​អំពី​ព្រះជន្ម និង​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​រួច អាលម៉ា​បាន​ចែកចាយ​ពាក្យ​លើក​ទឹកចិត្ត​ជាមួយ​ពួកគេ ។

សូម​អាន អាលម៉ា ៧:១៩–២០ ដើម្បី​មើល​ពី​អ្វី​ដែល​អាលម៉ា​បាន​និយាយ​អំពី​ព្រះ ផ្លូវ​របស់​ទ្រង់ និង​ប្រជាជន​គេឌាន ។

សូម​ពិចារណា​ពី​ការគូស​ចំណាំ​ឃ្លា « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » នៅក្នុង ខទី ១៩ ។ ថ្ងៃនេះ​អ្នក​នឹង​រៀន​ថែមទៀត​អំពី​ផ្លូវនេះ ។

  • តើ​អ្នក​គិតថា អ្នក​អាច​ប្រាប់​បាន​យ៉ាង​ណា​ថា អ្នកស្ថិត​នៅ​លើ​ផ្លូវ​ដែល​នាំ​ទៅកាន់​នគរ​នៃ​ព្រះ​ ?

សូម​ពិចារណា​គូរ​រូបភាព​ខាងក្រោម​នៅ​លើ​ក្ដារខៀន ហើយ​ដាក់​ស្លាក​វា​ថា « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​គូរ​អ្វី​ដែល​ស្រដៀង​គ្នា​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

សូម​គូរ​រូប​ដែល​ស្រដៀង​នឹង​រូប​ខាងក្រោម ហើយ​ដាក់​ស្លាក​វា​ថា « ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ » ។

រូបភាព
គំនូរ​សិល្បៈ​នៃ​ផ្លូវ​ដែល​នាំ​ទៅរក​នគរ​នៃ​ព្រះ

ផ្លូវ​ដែល​នាំ​ទៅរក​នគរ​នៃ​ព្រះ​ជាញឹកញាប់​ត្រូវបាន​គេ​ហៅ​ថា ជា​ផ្លូវ​តូច ហើយ​ចង្អៀត ឬ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ យើង​ស្ថិតនៅ​លើ​ផ្លូវនេះ ពេល​យើង​កំពុង​ធ្វើតាម​គំរូ និង​ការបង្រៀន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ការបន្ត​នៅ​លើ​ផ្លូវនេះនឹងនាំ​យើង​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច ( សូមមើល នីហ្វៃទី​២ ៣១:១៩–២០ ) ។

នៅពេល​អ្នក​សិក្សា សូម​សញ្ជឹងគិត​ថា តើ​អ្នក​ឃើញ​ខ្លួនឯង​នៅ​លើ​ផ្លូវ​ដែលនាំ​ទៅរក​នគរ​នៃ​ព្រះ​ឬ​អត់ ។ សូម​រកមើល​ការបង្រៀន​ដែល​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​ពី​ផ្លូវ​នេះ និង​ពរជ័យ​ដែល​ព្រះ​អម្ចាស់​ប្រទាន​ឲ្យ​អ្នក នៅ​ពេល​អ្នក​ដើរ​តាម​ផ្លូវ​នេះ ។

« ផ្លូវ​ដែល​នាំ​ទៅ​រក​នគរ​នៃ​ព្រះ »

អាលម៉ា​បាន​ពិពណ៌នា​សកម្មភាព​ដែល​យើង​អាច​ធ្វើបាន ដែល​នឹង​នាំ​យើង​ត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ព្រះ​វិញ ។

សូម​អាន អាលម៉ា ៧:១៤–១៦ ហើយ​បន្ទាប់មក​កត់ត្រា​សកម្មភាព​ទាំងនេះ​នៅ​លើ ឬ​ជាប់នឹងផ្លូវ​នៅ​ក្នុង​គំនូរ​របស់អ្នក ។

  • តើ​ខគម្ពីរ​ទាំងនេះ​បានជួយ​អ្នក​ឲ្យ​យល់ពី​អត្ថន័យ​នៃ​ការដើរ​លើ​ផ្លូវ​ដែល​នាំ​ទៅរក​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​ពិចារណា​ឲ្យ​សិស្ស​ពីរបីនាក់​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មុនៗ​នៅ​លើ​ក្ដារខៀន ។ បន្ទាប់មក​សិស្ស​ទាំងនេះ​អាច​អញ្ជើញ​អ្នក​ផ្សេងទៀត​ដែល​អាច​ឡើង​មក ហើយ​គូស​រង្វង់​លើ​ចម្លើយ​នៅលើ​ក្ដារខៀន ដែល​ហាក់​ដូចជា​មាន​សារៈសំខាន់​ជា​ពិសេស​ចំពោះ​ពួកគេ ។ សិស្ស​ដែល​បាន​គូស​រង្វង់​លើ​ចម្លើយ​នោះ​អាច​សុំ​ឲ្យ​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​មាន​អារម្មណ៍​ថា នេះ​ជា​សកម្មភាព​សំខាន់​ដែល​ជួយ​យើង​ត្រឡប់​ទៅកាន់​ទីវត្តមាន​របស់​ព្រះ​វិញ ។

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា នៅពេល​យើង​ប្រែចិត្ត ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ និង​ទទួល​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ នោះ​យើង​ធ្វើ​តាម​ផ្លូវ​ដែល​នាំ​ទៅរក​នគរ​នៃ​ព្រះ ។

  • តើ​សកម្មភាព​ទាំងនេះ​ជួយ​រៀបចំ​យើង​ឲ្យ​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ​យ៉ាង​ដូចម្ដេច ?

  • តើ​ពរជ័យ​អ្វីខ្លះ​ដែល​យើង​អាច​ទទួលបាន​ក្នុង​អំឡុងពេល​ជីវិត​នេះ​ដោយ​ការដើរ​តាម​ផ្លូវ​របស់​ព្រះ ?

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ពរជ័យ ដែល​ពួកគេ​បាន​ដកពិសោធ​ក្នុង​ជីវិត​របស់​ពួកគេ ដោយ​ដើរ​តាមផ្លូវ​របស់​ព្រះ ។ អ្នកក៏​អាច​ចែកចាយ​ឧទាហរណ៍​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​អ្នកផង​ដែរ ។

ការអភិវឌ្ឍ​គុណលក្ខណៈដូចជា​ព្រះគ្រីស្ទ ពេលកំពុងដើរ​លើ​ផ្លូវ​របស់ទ្រង់

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​ពន្យល់​ថា ពរជ័យ​មួយ​នៃ​ការធ្វើតាម​ផ្លូវ​នៃ​សេចក្តីសញ្ញាគឺ​ថា វា « នាំ​យើង​ក្លាយ​ដូចជា​ទ្រង់ » ( « Choose You This Day » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ១០៤ ) ។

សូម​ពិចារណា​បង្ហាញ​រូបភាព​ព្រះ​អង្គសង្គ្រោះ​ទាំងនេះ ( ឬ​រូបភាព​ផ្សេង​ទៀត​ដែល​អ្នក​ជ្រើសរើស ) ពេល​សួរ​សិស្ស​នូវ​សំណួរ​ខាងក្រោម ។ អ្នក​អាច​ចែកចាយ​ពី​គុណលក្ខណៈ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​អ្នក​ស្ងើច​សរសើរ​បំផុត មុននឹងសួរ​សំណួរ ។

រូបភាព
ព្រះគ្រីស្ទ​ជាមួយ​នឹង​ស្ត្រី​ដែល​ចាប់​បាន​ពេល​កំពុង​ប្រព្រឹត្តិ​អំពើ​សាហាយ​ស្មន់
រូបភាព
ព្រះគ្រីស្ទ​លួងលោម​ដល់ ម៉ារា និង​ម៉ាថា
រូបភាព
ព្រះគ្រីស្ទ​ធ្វើ​ឲ្យ​សមុទ្រ​ស្ងប់
  • តើ​គុណលក្ខណៈ​អ្វីខ្លះ​ដែល​អ្នក​ស្ងើចសរសើរ​បំផុត​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ? ហេតុអ្វី ?

  • តើ​អ្នក​ចង់​ក្លាយ​កាន់តែ​ដូច​ព្រះ​អង្គសង្គ្រោះ​តាម​របៀប​ណាខ្លះ ? តើ​អ្វី​អាច​ធ្វើ​ឲ្យ​មាន​ការលំបាក ? តើ​យើង​អាច​យកឈ្នះ​លើ​ការលំបាក​ទាំងនេះ​ដោយ​មាន​ជំនួយ​ពី​ព្រះ​អម្ចាស់​ដោយ​របៀប​ណា ?

  • តើ​ពេលណា​ដែល​អ្នកមាន​អារម្មណ៍​ថា មាន​បំណងប្រាថ្នា​ដ៏​អស្ចារ្យ​បំផុត​ដើម្បី​ធ្វើ​ដូច​ទ្រង់ ? តើ​មាន​អ្វី​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់អ្នក ដែលធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​បែបនេះ ?

អាលម៉ា​បាន​រកឃើញ​គុណលក្ខណៈ​មួយចំនួន​នៃ​គុណលក្ខណៈដូចជា​ព្រះគ្រីស្ទ ដែល​យើង​គួរ​ព្យាយាម​ដើម្បី​ទទួលបាន នៅពេល​យើង​ដើរ​លើ​ផ្លូវ​ដែលនាំ​ទៅរក​នគរ​នៃ​ព្រះ ។

សូម​អាន អាលម៉ា ៧:២២–២៥ ហើយ​រកមើល​គុណលក្ខណៈ និង​អាកប្បកិរិយា​ដូចជា​ព្រះគ្រីស្ទ ដែល​អ្នកឃើញ​បាន​រៀបរាប់ ឬ​ពិពណ៌នា ។ សូម​ពិចារណា​គូស​ចំណាំ​គុណ​លក្ខណៈទាំងនេះ​នៅក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ។ អ្នក​ក៏​អាច​ពិចារណា​សរសេរ​គុណលក្ខណៈ និង​អាកប្បកិរិយា​ទាំងនេះ​នៅ​លើ ឬ​នៅ​ជិតផ្លូវ​នៅ​ក្នុង​គំនូរ​របស់អ្នក​ផងដែរ ។

សកម្មភាព​ខាងក្រោម​មាន​គោលបំណង​ជួយ​សិស្ស​ឲ្យ​ស្វែងយល់​បន្ថែម អំពី​គុណលក្ខណៈដូចជា​ព្រះគ្រីស្ទ ដែល​បានរៀបរាប់​នៅ​ក្នុង អាលម៉ា ៧:២២–២៥ និង​រៀបចំ​ផែនការ​ដើម្បី​អភិវឌ្ឍ​គុណលក្ខណៈ​ទាំងនេះ​មួយ ឬ​ច្រើន ។ វា​អាច​មាន​អត្ថប្រយោជន៍​សម្រាប់​អ្នក​ក្នុង​ការបំពេញ​សកម្មភាព​នេះ​មុនពេល​ចូលរៀន ដើម្បី​អ្នក​បានរៀបចំ​ខ្លួន​បាន​កាន់តែល្អ ក្នុងការ​ជួយ​សិស្ស​នៅ​ពេល​ពួកគេ​បំពេញ​សកម្មភាព​នេះ ។ ត្រូវ​ប្រាកដ​ថា​ទុក​ពេល​ឲ្យ​សិស្ស​គ្រប់គ្រាន់​ដើម្បី​បំពេញ​សកម្មភាព​នេះ ។

សូម​ពិចារណា​បង្ហាញ​ការណែនាំ​ខាងក្រោម ។

សូម​ជ្រើសរើស​គុណលក្ខណៈដែល​បានរៀបរាប់​នៅ​ក្នុង អាលម៉ា ៧:២២–២៥ ប្រកប​ដោយការ​អធិស្ឋាន ដែល​អ្នកមាន​អារម្មណ៍​ថា ព្រះ​វរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​អ្នក​អភិវឌ្ឍ ហើយ​បន្ទាប់មក​បំពេញ​សកម្មភាព​ដូចខាងក្រោម ។ សូម​កត់ត្រា​ការយល់ដឹង​របស់អ្នក​នៅ​ពីក្រោម​រូបភាព​របស់អ្នក ឬ​កន្លែង​ផ្សេងទៀត​នៅ​ក្នុង​សៀវភៅ​កំណត់​ការសិក្សារ​បស់អ្នក ។

  1. សូម​ស្វែងយល់​បន្ថែម​អំពី​គុណលក្ខណៈនេះ ។ សូម​ពិចារណា​ប្រើប្រាស់​ធនធាន​ទាំងនេះ ដូចជា សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ, Topical Guide ឬ Bible Dictionary ដើម្បី​ជួយ​កិច្ចការ​នេះ ។ សូម​សរសេរ​អ្វី​ដែល​អ្នក​បានរៀន ។

  2. សូម​សរសេរ​ឧបសគ្គ​នៃ​ការអភិវឌ្ឍ​គុណលក្ខណៈ ដែល​អ្នក​បាន​ជ្រើសរើស និង​មូលហេតុ​ដែល​អ្នក​គិត​ថា ព្រះ​អនុញ្ញាត​ឲ្យ​អ្នក​ឆ្លងកាត់​បញ្ហា​ប្រឈម​ទាំងនោះ ។

  3. សូម​សរសេរ​របៀប​ពីរ​ទៅ​បី​យ៉ាង​ផ្សេងគ្នា ដែល​ជីវិត​របស់​អ្នក​កាន់តែ​ប្រសើរឡើង​បន្ទាប់ពី​ទទួល​បាន​គុណលក្ខណៈ​នេះ ។

  4. សូម​ស្វែងរក​គំរូ​មួយ​ពី​ព្រះជន្ម​របស់​ព្រះ​អង្គសង្គ្រោះ ដែលទ្រង់​បានធ្វើ​ជា​គំរូ​ដល់​គុណលក្ខណៈ​នេះ ។ ម៉្យាងទៀត សូម​សរសេរ​ឧទាហរណ៍​ពី​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នកស្គាល់ ដែល​ពួកគេ​បាន​ធ្វើជា​គំរូ​ពី​គុណលក្ខណៈ​ដូចជា​ព្រះគ្រីស្ទ​នេះ ។

  5. សូម​រកមើល​សកម្មភាព​មួយ ឬ​ច្រើន​ដែល​អ្នក​អាច​ធ្វើ ដែល​នឹង​ទទួល​បាន​ជំនួយ​ពី​ព្រះ នៅ​ពេលអ្នក​ព្យាយាម​អភិវឌ្ឍ​គុណលក្ខណៈ​នេះ ។ សូម​រៀប​ផែនការ​ពី​របៀប​អនុវត្ត​សកម្មភាព​នោះ​ក្នុង​ជីវិត​របស់អ្នក ។ របៀប​មួយ​ដែល​អ្នក​អាច​ព្យាយាម​អនុវត្ត​សកម្មភាព​នេះ​គឺ តាមរយៈ​ការទូល​ទៅកាន់​ព្រះ​វរបិតាសួគ៌​នៅ​ក្នុង​ការអធិស្ឋាន​ប្រចាំថ្ងៃ​របស់អ្នក អំពី​ភាព​រីកចម្រើន​របស់អ្នក និង​ទូលសូមជំនួយ​ពី​ទ្រង់​នៅ​ចំណុច​ដែល​អ្នក​កំពុង​ខ្វះខាត ។

សូម​ពិចារណា​ដាក់​សិស្ស​ជា​ក្រុម​តូចៗ ។ មនុស្ស​ម្នាក់ៗ​ក្នុង​ក្រុម​អាច​ពន្យល់​យ៉ាងខ្លី​នូវ​អ្វី​ដែល​ពួកគេ​បានរៀន និង​ទទួល​អារម្មណ៍​អំពី​គុណលក្ខណៈដែល​ពួកគេ​ជ្រើសរើស និង​មូលហេតុ​ដែល​ពួកគេ​ចង់​អភិវឌ្ឍវា ។ ម្យ៉ាងវិញទៀត​ពួកគេ​អាច​ចែកចាយ​គុណលក្ខណៈដែល​ពួកគេ​បាន​ជ្រើសរើស និង​គំរូ​ពី​ព្រះជន្ម​របស់​ព្រះ​អង្គសង្គ្រោះ ឬ​គំរូ​ពី​ជីវិត​របស់​នរណា​ម្នាក់​ដែល​ពួកគេ​ស្គាល់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​លើ​ផែនការ​របស់​ពួកគេ ។ សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​នឹងជួយ​ពួកគេ​ក្នុង​ការខិតខំ​របស់​ពួកគេ ។