ថ្នាក់​សិក្ខាសាលា
ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣—« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង »


« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣—‹ ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង › ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

ចំណេះចំណាន​ខាង​គោលលទ្ធិ ៖ អាលម៉ា ៧:១១–១៣

« ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង »

រូបភាព
ព្រះ​អង្គសង្គ្រោះ​រងទុក្ខ​នៅ​គែតសេម៉ានី

នៅ​ក្នុង​ការសិក្សា​របស់អ្នក​អំពី អាលម៉ា ៧:១–១៣ អ្នក​បាន​រៀន​ខ្លះៗ​អំពី​អ្វីដែល​ព្រះ​អង្គសង្គ្រោះ​បាន​រងទុក្ខ ដែលជា​ផ្នែក​នៃ​ដង្វាយធួន​របស់ទ្រង់​ដើម្បី « ទ្រង់​អាច​ដឹង​ស្រប​តាម​សាច់ឈាម​ថា តើ​ត្រូវ​ជួយ​រាស្ត្រ​ទ្រង់​បែប​ណា » ( អាលម៉ា ៧:១២ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ទន្ទេញ​សេចក្តីយោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៧:១១–១៣ ពន្យល់​ពី​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង​វគ្គ​បទគម្ពីរនេះ ហើយ​អនុវត្ត​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទៅ​នឹង​ស្ថានភាព​ជីវិត​ជាក់ស្តែង ។

សូម​ជួយ​សិស្ស​ឲ្យ​ទទួលខុសត្រូវ​លើ​ការរៀនសូត្រ​ផ្ទាល់ខ្លួនរបស់​ពួកគេ ។ការរៀន​អំពី​ដំណឹងល្អ​ដែលនាំទៅរក​ការប្រែចិត្ត​ជឿ តម្រូវ​ឲ្យ​អ្នក​សិក្សា​អនុវត្ត​សេចក្តីជំនឿ និង​ការខិតខំ​យ៉ាងខ្លាំង ។ សូម​ជួយ​សិស្ស​យល់ថា បទពិសោធន៍​ថ្នាក់សិក្ខាសាលា​របស់​ពួកគេ​ភាគច្រើន​អាស្រ័យ​លើ​ពួកគេ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការរៀនសូត្រ​របស់​ពួកគេ​ផ្ទាល់ សូម​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ និង​បង្ហាញ​ទំនុកចិត្ត​ថា ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ ។

ការរៀបចំ​សិស្ស ៖ សូម​ពិចារណា​ឲ្យ​សិស្ស​សញ្ជឹងគិត​ដោយ​ការអធិស្ឋាន នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើបាន​ដើម្បី​ទទួល​បាន​ជំនួយ និង​កម្លាំង​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ​តាមរយៈ​ដង្វាយធួន​របស់​ទ្រង់ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

មេរៀន​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​យកទៅ​បង្រៀន​បន្ទាប់ពី​មេរៀន « អាលម៉ា ៧:១–១៣ » ដែលជា​មេរៀន​បរិបទ​សម្រាប់​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ អាលម៉ា ៧:១១–១៣ ។ ប្រសិនបើ​មេរៀន​វគ្គ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​នេះ​ត្រូវប្តូរ​ទៅ​សប្តាហ៍​ផ្សេង សូម​ប្រាកដ​ថា មេរៀន​បរិបទ​ដែល​ត្រូវគ្នា​នេះ​ត្រូវបាន​បង្រៀន​នៅអំឡុង​សប្តាហ៍​នោះ​ផងដែរ ។

ទន្ទេញ និង​ពន្យល់

ឃ្លា​បទគម្ពីរ​គន្លឹះ​សម្រាប់ អាលម៉ា ៧:១១–១៣ គឺ « ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង » ។ សូម​ពិចារណា​គូសចំណាំ​ឃ្លា​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​របស់អ្នក បើ​អ្នក​មិន​ទាន់​បាន​ធ្វើ​ដូច្នេះ​ទេ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ទន្ទេញចាំសេចក្តី​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សូត្រ​ឃ្លា​ទាំងនោះ​ទៅវិញ​ទៅមក​ជាមួយ​ដៃគូ រហូត​ទាល់តែ​អ្នក​ទាំងពីរ​អាចសូត្រ​ឡើង​វិញ​បានយ៉ាង​ងាយស្រួល​តាម​ការចងចាំ ។

បន្ទាប់មក អាច​ប្រើ​ឯកសារ​ខាងក្រោម​ដើម្បី​ផ្តល់​ឱកាស​ដល់​សិស្ស​ពន្យល់​អំពី​គោលលទ្ធិ​នៅ​ក្នុង​វគ្គ​បទគម្ពីរនេះ ។

នៅ​ក្នុង​មេរៀន​មុន អ្នក​បាន​រៀនពី អាលម៉ា ៧:១១–១៣ ថា ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រងទុក្ខ ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ពី​អំពើ​បាប និង​សេចក្តីស្លាប់ និង​ដើម្បី​ជួយ​អ្នក​ឲ្យ​ឆ្លងកាត់​ឧបសគ្គ​នៃ​ជីវិត​រមែងស្លាប់ ។

ឧបមាថា មិត្ត​ម្នាក់​បាន​ផ្ញើសារ​មកអ្នក​អំពី​អ្វីមួយ​ពិបាក​ដែល​ពួកគេ​កំពុង​ឆ្លងកាត់ ។ អ្នក​គិត​ថា សារលិខិត​នៅ​ក្នុង អាលម៉ា ៧:១១–១៣ នឹង​មាន​ប្រយោជន៍​សម្រាប់​មិត្តភក្តិ​របស់អ្នក ប៉ុន្តែ​បារម្ភថា ពួកគេ​នឹង​មិន​អាន​វា​ទេ បើ​អ្នក​គ្រាន់តែ​ផ្ញើ​សេចក្តី​យោង​បទគម្ពីរ​នោះ ។

  • តើ​អ្នក​នឹង​សង្ខេប អាលម៉ា ៧:១១–១៣ តាម​របៀប​ដែល​អាច​ជួយ​មិត្ត​របស់​អ្នក​ឆ្លងកាត់​ការលំបាក​របស់​ពួកគេ​ដោយ​របៀប​ណា ?

សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស​ដើម្បី​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​មុន ។ នៅពេល​ពួកគេ​បានបញ្ចប់ សូម​ឲ្យ​អ្នក​ស្ម័គ្រចិត្ត​ពីរបីនាក់​ចែកចាយ​អ្វីដែល​ពួកគេ​បានសរសេរ ។ សិស្ស​ក៏​អាច​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​ដៃគូ ឬ​ជា​ក្រុម​តូចៗផង​ដែរ ។

រៀនអនុវត្ត​

សូម​សួរ​សិស្ស​ថា តើ​ពួកគេ​នឹកឃើញ​ពី​គោលការណ៍​ទាំងបី​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ទេ ។ បើ​ពួកគេ​មិន​អាច​នឹក​ឃើញ​ទេ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើតាម​ការណែនាំ​ក្នុង​កថាខណ្ឌ​បន្ទាប់ ។

សូម​ស្វែងរក​គោលការណ៍​នៃ​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ​នៅ​ក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ​ » ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ ២០២២ ) ។ សូម​សរសេរ​គោលការណ៍​ទាំងនេះ​ជា​ចំណងជើង នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ដោយ​ទុកចន្លោះ​រវាង​ចំណងជើង ដើម្បី​អ្នក​អាច​ឆ្លើយ​សំណួរ​អំពី​វា​នៅ​ពេលក្រោយ​នៅ​ក្នុង​មេរៀន ។

សូម​ពិចារណា​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង អាលម៉ា ៧:១១–១៣ អាច​ជួយ​ក្នុង​ស្ថានភាព​ប្រឌិដ្ឋ​ខាង​ក្រោម ។

សូម​ពិចារណា​បង្ហាញ​ស្ថានភាព​ប្រឌិដ្ឋ​ខាងក្រោម ដើម្បី​សិស្ស​អាច​មើល​ស្ថានភាព​នេះ​ពេញមួយ​មេរៀន​ដែល​នៅ​សល់ ។ បើ​ចាំបាច់ សូម​ពិចារណា​កែសម្រួល​ស្ថានភាព​ប្រឌិដ្ឋ ដើម្បី​បញ្ចូល​ស្ថានភាព​ដែល​ទាក់ទង​នឹង​សិស្ស​របស់​អ្នក​បំផុត ។

ចាប់តាំង​ពី​ឪពុកម្តាយ​របស់​ភីធើរ​បានលែងលះ​គ្នា​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន គាត់​មាន​អារម្មណ៍​ថា ជីវិត​របស់គាត់​កាន់តែ​លំបាកទៅៗ ។ គាត់​បាន​ជួប​ការលំបាក​នៅ​សាលារៀន ហើយ​មិត្តភក្តិ​របស់គាត់​មួយចំនួន​ហាក់ដូចជា​មិន​រាប់រក​គាត់​ច្រើន​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​នោះទេ ។ ភាគច្រើន ភីធើរ ក៏​ឈប់​ទៅ​ព្រះ​វិហារ ឈប់​អាន​ព្រះគម្ពីរ និង​ឈប់​អធិស្ឋាន​ទៅ​ព្រះ​ដែរ ។ ថ្ងៃមួយ ភីធើរ បានប្រាប់​មិត្តភក្តិ​ម្នាក់​អំពី​ទុក្ខលំបាក​របស់​គាត់ ។ គាត់​បាន​និយាយ​ថា « ខ្ញុំ​ចង់​ឲ្យ​អ្វីៗ​ប្រសើរឡើង ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ថា ត្រូវងាក​ទៅណា​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ឯកោ ហើយ​ជាប់គាំង​ក្នុង​ស្ថានភាពរបស់​ខ្ញុំ » ។

សូម​ស្រមៃថា អ្នក​គឺ​ជាមិត្តភក្តិ​ដែល​ភីធើរ កំពុង​និយាយ​ជាមួយ ហើយ​គាត់​ក៏បាន​សុំ​ដំបូន្មាន​ពី​អ្នក អំពី​របៀប​យកឈ្នះ​លើ​ស្ថានភាព​លំបាក​របស់គាត់​ដែរ ។ សូម​ប្រើ​ការបង្រៀន​នៅ​ក្នុង អាលម៉ា ៧:១១–១៣ និង​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ ដើម្បី​ជួយ​ភីធើរ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គាត់ ។

មាន​របៀប​ជាច្រើន​ដែល​សិស្ស​អាច​បំពេញ​សកម្មភាព​រៀន​អនុវត្ត ។ របៀប​មួយ​គឺ​សិក្សា អាលម៉ា ៧:១១–១៣ និង កថាខណ្ឌ​ទី ៥–៨, ១១–១២ នៅ​ក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៃ​ឯកសារគោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ដោយ​ស្វែងរក​ការបង្រៀន​ដែល​អាច​មាន​ប្រយោជន៍​ដល់​ភីធើរ ។ បន្ទាប់មក​សិស្ស​អាច​ចែកចាយ​ការយល់ដឹង​ជាមួយ​ថ្នាក់រៀន ជា​ដៃគូ ឬ​ជា​ក្រុម​តូចៗ ។

សំណួរ និង​ធនធាន​ខាង​ក្រោម​អាច​មាន​ប្រយោជន៍​ក្នុង​ការពិភាក្សា​របស់​ពួកគេ ។ អ្នក​មិន​ចាំបាច់​ប្រើ​ធនធាន និង​សំណួរ​ទាំងអស់​នេះ​ទេ ពួកវា​គឺ​ជា​ឧទាហរណ៍​នៃ​អ្វី​ដែល​សិស្ស​អាច​ពិចារណា នៅ​ពេល​ពួកគេ​ធ្វើការ​តាមរយៈ​ស្ថានភាព​ប្រឌិដ្ឋ​នេះ ។

ធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿ

សូម​អាន កថាខណ្ឌ​ទី ៥–៧ នៃ​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​យល់​ឃើញ​ថា​មាន​ប្រយោជន៍ ។

  • តើ​អ្នក​អាច​បង្រៀន​ភីធើរ​អ្វីខ្លះ អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់ទ្រង់​ដែល​អាច​ជួយ​ភីធើរ​ធ្វើ​សកម្មភាព​ដោយ​សេចក្តី​ជំនឿ ?

  • តើ​ភីធើរ​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ជំនួយ​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​បាន ?

ពិនិត្យមើល​គោល​គំនិត ឬ​សំណួរ​ទាំងឡាយ​ដោយ​ទស្សនវិស័យ​ដ៏​នៅ​អស់កល្បជានិច្ច

សូម​អាន កថាខណ្ឌទី ៨ នៅ​ក្នុង​ផ្នែក « ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ » នៅ​ក្នុង​ឯកសារ​គោល​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​យល់ឃើញ​ថា​មាន​ប្រយោជន៍

  • តើ​អ្នក​គិត​ថា​ព្រះ​វរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ភីធើរ គិត​អំពី​ស្ថានភាព​របស់គាត់​ដោយ​របៀប​ណា ?

  • ហេតុអ្វី​អ្នក​គិត​ថា វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ភីធើរ​ក្នុង​ការមើលឃើញ​ស្ថានភាព​របស់គាត់​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​នៅ​អស់កល្ប​ជានិច្ច ?

ស្វែងរក​ការយល់​ដឹង​បន្ថែម​តាមរយៈ​ប្រភព​ដែល​បានតែងតាំង​ដ៏ទេវភាព

  • តើ​ប្រភព​ដែល​ត្រូវបាន​តែងតាំង​ដោយ​ទេវភាព​ប្រភេទ​ណាខ្លះ ដែល​អ្នក​អាច​ដឹកនាំ​ភីធើរ​ទៅរក ដែល​អាច​ផ្តល់ឲ្យ​គាត់​នូវ​ជំនួយ​ដែល​គាត់​ត្រូវការ ?

ប្រភព​ដ៏​សំខាន់​មួយ​ដែល​ត្រូវបាន​តែងតាំង​ដោយ​ទេវភាព​ដែល​អាច​ជួយ​ក្នុង​ស្ថានភាព​នេះ​គឺ អាលម៉ា ៧:១១–១៣ ។ សូម​អាន​ខគម្ពីរ​ទាំងនេះ​ឡើង​វិញ​ដោយ​រកមើល​ការបង្រៀន​ដែល​អាច​មាន​ប្រយោជន៍​សម្រាប់​ភីធើរ ។

  • តើ​អ្នក​ចង់​ឲ្យ​ភីធើរ យល់ និង​ទទួល​អារម្មណ៍​យ៉ាង​ណា​ពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​អាច​គិត​អំពី​វគ្គ​បទគម្ពីរ​ផ្សេងទៀត​ដែល​បង្រៀន​ពី​អ្វី​ដែល​ព្រះ​វរបិតាសួគ៌​អាច​នឹង​សព្វ​ព្រះទ័យ​ឲ្យ ភីធើរ ដឹង​ដែរ​ឬ​ទេ ?

នៅ​ពេល​សិស្ស​ធ្វើ​រួចរាល់​ហើយ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​គិត​អំពី​ស្ថានភាព​ផ្ទាល់ខ្លួន​របស់​ពួកគេ ដែល​ពួកគេ​ត្រូវការ​ជំនួយពី​ព្រះ​អង្គសង្គ្រោះ ។ អ្នក​អាច​សុំ​ឲ្យ​ពួកគេ​គិត​អំពី​របៀប​ដែល​គោលការណ៍​នៃ​ការទទួលបាន​ចំណេះដឹង​ខាងវិញ្ញាណ និង​គោលលទ្ធិ​ដែល​បានបង្រៀន​នៅ​ក្នុង អាលម៉ា ៧:១១–១៣ អាច​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជំនួយ​របស់​ព្រះ​អង្គសង្គ្រោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ សិស្ស​អាច​កត់ត្រា​គំនិត​ទាំងនេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារ​បស់​ពួកគេ ។

ការរំឭក​ចំណេះចំណាន​ខាង​គោលលទ្ធិ

សកម្មភាព​រំឭកឡើង​វិញ​ខាងក្រោមនេះ​គប្បី​ប្រើប្រាស់​នៅ​ក្នុង​មេរៀន​មួយ ដែល​ត្រូវ​បង្រៀន​បន្ទាប់​នៅ​ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សូត្រ​ឡើង​វិញ​នូវ​ឯកសារ​យោង និង​ឃ្លា​បទគម្ពីរ​គន្លឹះ « អាលម៉ា ៧:១១–១៣ ៖ ‹ ហើយ​ទ្រង់​នឹង​យាង​ទៅ​ដោយ​រង​ការ​ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការ​ល្បួង​គ្រប់​បែប​យ៉ាង › » ទៅ​វិញ​ទៅ​មក​ជាមួយ​ដៃ​គូ រហូត​ដល់​អ្នក​ទាំងពីរ​អាច​សូត្រ​ឡើង​វិញ​បាន​យ៉ាង​ងាយ​ស្រួល​តាម​ការចងចាំ ។