ថ្នាក់​សិក្ខាសាលា
អាលម៉ា ៥:៣៣–៦២ ៖ « អ្នក​គង្វាល​ល្អ​នឹង​ស្រែក​ហៅ​អ្នក »


« អាលម៉ា ៥:៣៣–៦២ ៖ ‹ អ្នក​គង្វាល​ល្អ​នឹង​ស្រែក​ហៅ​អ្នក › » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ៥:៣៣–៦២ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ៥:៣៣–៦២

« អ្នក​គង្វាល​ល្អ​នឹង​ស្រែកហៅ​អ្នក »

រូបភាព
ព្រះគ្រីស្ទ​គឺជា​អ្នក​គង្វាល

បន្ទាប់ពី​បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​នៅ​សារ៉ាហិមឡា​ឲ្យ​ពិចារណា​យ៉ាង​ស៊ីជម្រៅ​អំពី​ជំហរ​របស់​ពួកគេ​ជាមួយ​នឹង​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ( សូម​មើល អាលម៉ា ៥:១–៣២ ) អាលម៉ា​បាន​អញ្ជើញ​ពួកគេ​ឲ្យ​មករក​ព្រះគ្រីស្ទ ដោយ​ប្រើ​ការប្រៀបធៀប​ទន់ភ្លន់​ដូចជា « ព្រះ​ពាហុ​នៃ​សេចក្ដី​មេត្តាករុណា​បាន​លាតសន្ធឹង​មក » ( អាលម៉ា ៥:៣៣ ) « ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក » ( អាលម៉ា ៥:៣៣ ) និង « អ្នក​គង្វាល​ល្អ​នឹង​ស្រែកហៅ​អ្នក » ( អាលម៉ា ៥:៣៨ ) ។ មេរៀន​នេះ​អាច​ជួយអ្នក​ក្នុង​ការខិតខំ​របស់​អ្នក​ដើម្បី​មករក​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ទទួលបាន​ពរជ័យ​ដែល​ទ្រង់​ប្រទាន​ដល់​អ្នក ។

សូម​ផ្តោតលើ​តួនាទី​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។សូម​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះ​អង្គសង្គ្រោះ​ដោយ​ទទួល​ស្គាល់​ពី​របៀប​ដែល​ទ្រង់​បំពេញ​តួនាទី​ទ្រង់​ជា​ព្រះ​អង្គសង្គ្រោះ និង​ជា​ព្រះ​ប្រោសលោះ​របស់​ពួកគេ ។ សូម​លើ​កទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត​អំពី​របៀប​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ព្រះទ័យ​យកចិត្ត​ទុក​ដាក់​របស់​ទ្រង់​ចំពោះ​ពួកគេ​ផ្ទាល់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា អាលម៉ា ៥:៣៣–៣៤ ហើយ​មក​រៀន​ដោយ​រៀបចំ​ខ្លួន ដើម្បី​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​អំពី​ព្រះ​អង្គសង្គ្រោះពី​ខគម្ពីរ​ទាំងនេះ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ចូរ​ប្រែចិត្ត​ចុះ នោះ​យើង​នឹង​ទទួល​អ្នក

សូម​ពិចារណា​បង្ហាញ​រូបភាព​ពីរបី​សន្លឹក​ដែល​អាច​ឲ្យ​សិស្ស​ចាប់​អារម្មណ៍ ហើយ​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពិភាក្សា​អំពី​មូលហេតុ​ដែល​ពាក្យ​ចាស់​ខាងក្រោម​អាច​ជា​ការពិត ។

ពាក្យ​ចាស់​លោក​​ពោល​ថា « រូបភាព​មួយមាន​អត្ថន័យ​ស្មើ​មួយ​ពាន់​ពាក្យ » ។

ឥឡូវនេះ សូម​បង្ហាញ​រូបភាព​ខាងក្រោម ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​រូប​ទាំងនេះ​បង្ហាញ ។

រូបភាព
ព្រះគ្រីស្ទ​លាតសន្ទឹង​ព្រះ​ពាហុ
រូបភាព
ព្រះគ្រីស្ទ​លាតសន្ទឹង​ព្រះ​ពាហុ

អ្នក​ប្រហែល​ជា​ចងចាំ​ថា អាលម៉ា ៥ មាន​ការបង្រៀន​របស់​អាលម៉ា​ដល់​សមាជិក​សាសនាចក្រ​នៅ​សារ៉ាហិមឡា ដែល​អ្នក​ខ្លះ​បាន​ក្លាយ​ជា​មាន​សេចក្តី ឆ្មើងឆ្មៃ ហើយ​ធ្លាក់​ក្នុង​អំពើ​បាប ( សូម​មើល អាលម៉ា ៤:៨–១២ ) ។ បន្ទាប់ពី​សួរ​បណ្ដុំ​សំណួរ​ទាំងនេះ​ដល់​ប្រជាជន ដើម្បី​ជួយ​ពួកគេ​វាយតម្លៃ​ការរីកចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ អាលម៉ា​បាន​បង្រៀន​សេចក្តីពិត​ដ៏​សំខាន់​អំពី​ព្រះអង្គ​សង្រ្គោះ ។

សូម​អាន អាលម៉ា ៥:៣៣–៣៤ ដោយ​ស្វែងរក​អ្វី​ដែល​អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​លោក​យល់​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

ការណ៍នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បានរៀន​ក្នុង​ការរៀបចំ​ខ្លួន​របស់​ពួកគេ ។

  • តើ​ពាក្យ ឬ​ឃ្លា​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​មាន​អត្ថន័យ​បំផុត​ចំពោះ​អ្នក ? ហេតុអ្វី ?

  • តើ​ភាពស្រដៀង​គ្នា​អ្វីខ្លះ​ដែល​អ្នក​បានឃើញ​រវាង​ខគម្ពីរ​ទាំងនេះ និង​រូបភាព​នៃ​ព្រះ​អង្គសង្គ្រោះ​ដែល​អ្នក​បានមើល ?

  • តើ​ការយល់ដឹង​អំពី​គោលការណ៍​នៅ​ក្នុង​ខគម្ពីរ​ទាំងនេះ​អាច​ផ្លាស់ប្តូរ​របៀប​ដែល​បុគ្គល​ម្នាក់​មាន​ទស្សនៈ​ទៅ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​យ៉ាងដូចម្តេច ?

បើ​សិស្ស​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការសិក្សា​កាន់តែ​ស៊ីជម្រៅ អំពី​ការអញ្ជើញ​របស់​ព្រះ​អង្គសង្គ្រោះ​ឲ្យ​មករក​ទ្រង់ សូម​ពិចារណា​អញ្ជើញ​ពួកគេ​ឲ្យ​សិក្សា​ខគម្ពីរ​ខាង​ក្រោម​មួយ​ចំនួន ឬ​ទាំងអស់​ប្រហែល​ជាមួយ​ដៃគូ ឬ​ក្រុម​តូច​មួយ ៖ ម៉ាថាយ ១១:២៨–៣០; នីហ្វៃទី​២ ២៦:៣៣; នីហ្វៃទី​៣ ៩:១៤ និង អេធើរ ១២:២៧ ។ សិស្ស​ក៏​អាច​បន្ថែម​វគ្គបទគម្ពីរ​ទាំងនេះ​ជា​សេចក្ដីយោង​ឆ្លង​ទៅ អាលម៉ា ៥:៣៣–៣៤ នៅ​ក្នុង​គម្ពីរ​របស់​ពួកគេ ។ នៅ​ពេល​សិស្ស​បានសិក្សា​វគ្គ​បទគម្ពីរ​បន្ថែម​ទាំងនេះ​ចប់​ហើយ សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ការយល់ដឹង​បន្ថែម ដែល​ពួកគេ​ទទួល​បាន​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ​ពី​ខគម្ពីរ​ទាំងនេះ ។

សូម​គិត​អំពី​បំណង​ប្រាថ្នា​បច្ចុប្បន្ន​របស់​អ្នក​ដើម្បី​ទទួល​យក​ការអញ្ជើញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​ឲ្យ​ប្រែចិត្ត ហើយ​មករក​ទ្រង់ ហើយ​ថា​តើ​អ្នក​ប្រឈម​មុខ​នឹង​ឧបសគ្គ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្លាយជា​អ្នក​ដើរតាម​ទ្រង់​ដែរ​ឬ​ទេ ។ នៅ​ពេលអ្នក​បន្ត​សិក្សា សូម​រកមើល​ការបង្រៀន​ដែល​អាច​ជួយ​អ្នក​ខិតខំ​ជំនះ​ឧបសគ្គ​ទាំងនោះ ហើយ​ដើរតាម​ព្រះ​យេស៊ូវគ្រីស្ទ ។

ការស្តាប់​សំឡេង​របស់​អ្នក​គង្វាល​ល្អ ។

បន្ទាប់ពី​បង្រៀន​អំពី​ការអញ្ជើញ​របស់​ព្រះ​អង្គសង្គ្រោះ​ឲ្យ​ប្រែចិត្ត ហើយ​មករក​ទ្រង់​អាលម៉ា​បានចែកចាយ​ការបង្រៀន​បន្ថែម​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​របស់​លោក​ឲ្យ​ដើរតាម​ព្រះ​អង្គសង្គ្រោះ ។

សូម​អាន អាលម៉ា ៥:៣៧–៣៩ ហើយ​រកមើល​សារលិខិត​របស់​អាលម៉ា ទៅកាន់​ប្រជាជន​របស់​លោក ។

សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ពិភាក្សា​សំណួរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ​ម្នាក់ ៖

  • តើ​អ្នក​គិតថា អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​លោក​ដឹង និង​ទទួល​អារម្មណ៍​យ៉ាងណា​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ( អ្នក​គង្វាល​ល្អ ) ពី​ការប្រៀបធៀប​នេះ ?

  • តើ​អ្នក​គិត​ថា អាលម៉ា​ចង់​ឲ្យ​ប្រជាជន​របស់​លោក​ដឹង និង​ទទួល​អារម្មណ៍​យ៉ាង​ណា​អំពី​ខ្លួន​ពួកគេ ( ចៀម ) ពី​ការប្រៀបធៀប​នេះ ?

សេចក្តី​ពិតមួយ​ដែល​យើង​អាច​រៀនពី​ខគម្ពីរ​ទាំងនេះ​គឺ​ថា យើង​ត្រូវតែ​ស្ដាប់​សំឡេង​របស់​អ្នក​គង្វាល​ល្អ ដើម្បី​ធ្វើ​ជា​ចៀម​របស់​ទ្រង់ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចែកចាយ​និយមន័យ​ខាង​ក្រោម​សម្រាប់​ពាក្យ ​ប្រុងស្តាប់ ៖

វា​មាន​ន័យ​ថា « ស្ដាប់​ដោយ​បំណង​ចិត្ត​គោរព​តាម » ។ ដើម្បី​ប្រុង​ស្ដាប់​មាន​ន័យ​ថា « ស្ដាប់​ទ្រង់ »—ដើម្បី នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល បន្ទាប់មក ផ្ទៀង ស្ដាប់ ដំបូន្មាន​របស់​ទ្រង់ ។ ( រ័សុល អិម ណិលសុន « Hear Him » EnsignLiahona ខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៨៩ )

  • តើអ្នក​ដឹង​អ្វីខ្លះ​អំពី​ព្រះ​អង្គសង្គ្រោះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចង់​ស្ដាប់​តាម​ទ្រង់ ហើយ​ត្រូវបាន​រាប់​ក្នុង​ចំណោម​ហ្វូង​ចៀម​របស់​ទ្រង់ ?

អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ចែកចាយ​ពរជ័យ​មួយចំនួន ដែល​ព្រះ​អង្គសង្គ្រោះ​ប្រទាន​ឲ្យ​យើង នៅ​ពេល​យើង​អនុញ្ញាត​ឲ្យ​ទ្រង់​ធ្វើជាអ្នក​គង្វាល​ដ៏​ល្អ​របស់​យើង ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម ឬ​មើល​វីដេអូ « Hearts Knit Together » មាន​នៅ ChurchofJesusChrist.orgចាប់ពី នាទី​ទី ១៣:៥៦ ដល់​នាទី​ទី ១៤:៥១ ។

ពេល​យើង​មើលតាម​កញ្ចក់​នៃ​ដំណឹងល្អ នោះ​យើង​ទទួល​ស្គាល់ថា យើង​ក៏​ស្ថិតនៅ​ក្រោម​ការឃ្លាំ​មើល​របស់​អ្នក​មើលថែ​ដែល​មាន​ចិត្ត​អាណិតអាសូរ​ផងដែរ ដែល​បាន​បង្ហាញ​អង្គទ្រង់​ដោយ​សេចក្ដី​សប្បុរស និង​ការបីបាច់​ថែរក្សា ។ អ្នក​គង្វាល​ចៀម​ល្អ​ស្គាល់​យើង​ម្នាក់ៗ​តាម​ឈ្មោះ​របស់​យើង និង​មាន​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់ទ្រង់​ចំពោះ​យើង ។ ព្រះអម្ចាស់​ព្រះយេស៊ូវ​ទ្រង់​អង្គទ្រង់​មាន​បន្ទូល​ថា « ខ្ញុំ​ជា​អ្នកគង្វាល​ល្អ ខ្ញុំ​ស្គាល់​ចៀម​របស់​ខ្ញុំ ។ … ហើយ​ខ្ញុំ [ នឹង ] ស៊ូ​ប្តូរ​ជីវិត​ខ្ញុំ​នឹង​ចៀម » [ យ៉ូហាន ១០:១៤, ១៥ ] ។

… ខ្ញុំ​រកឃើញ​ភាពសុខសាន្ដ​ដ៏​ឋិតថេរ​ពេលដឹងថា « ព្រះអម្ចាស់​គឺ​ជា​អ្នក​គង្វាល​ខ្ញុំ » [ ទំនុក​ដំកើង ២៣:១ ] ហើយថា​ទ្រង់​ស្គាល់​យើង​ម្នាក់ៗ ហើយ​យើង​ស្ថិតនៅ​ក្រោមការ​មើល​ថែ​របស់ទ្រង់ ។ ពេល​យើង​ជួប​នឹង​ខ្យល់ និង​ព្យុះ​ភ្លៀង​នៃ​ជីវិត ជំងឺ និង​គ្រោះថ្នាក់​នានា នោះ​ព្រះអម្ចាស់—អ្នក​គង្វាល​យើង អ្នក​មើល​ថែ​របស់​យើង—នឹង​ចិញ្ចឹម​បីបាច់​យើង​ដោយ​ក្តីស្រឡាញ់ និង​ចិត្តសប្បុរស ។ ទ្រង់​នឹង​ព្យាបាល​ដួងចិត្ត​របស់​យើង ហើយ​ស្តារព្រលឹង​របស់យើង​ឡើងវិញ ។ ( ហ្គែរី អ៊ី ស្ទីវ៉ែនសុន « Hearts Knit Together » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ២៣ )

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ជាង​គេ​ពី​មូលហេតុ​ដែល​យើង​ចង់​ធ្វើតាម​អ្នក​គង្វាល​ដ៏​ល្អ​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ?

របៀប​ដែល​អ្នក​អាច​ស្តាប់​សំឡេង​របស់​អ្នក​គង្វាល​ល្អ

អាលម៉ា​បានណែនាំ​របៀប​ជាច្រើន​ដែល​ប្រជាជន​សារ៉ាហិមឡា​អាច​ស្ដាប់តាម​សំឡេង​នៃ​អ្នក​គង្វាល​ដ៏​ល្អ ។ សូម​អាន អាលម៉ា ៥:៤០–៤១, ៥០–៥១, ៥៧ ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បានទូន្មាន ។

នៅ​ពេល​សិស្ស​ឆ្លើយ​សំណួរ​ខាងក្រោម អ្នក​ប្រហែលជា​ចង់​សរសេរ​ចម្លើយ​របស់​ពួកគេ​នៅ​លើ​ក្ដារខៀន ឬ​អញ្ជើញ​សិស្ស​ឲ្យ​ឡើង​សរសេរ​ចម្លើយ​របស់​ពួកគេ ។ 

  • តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​ខគម្ពីរ​ទាំងនេះ​អំពី​របៀប​ដែល​អ្នក​អាច​ស្ដាប់តាម​សំឡេង​នៃ​អ្នក​គង្វា​លដ៏ល្អ ?

  • តើ​មាន​របៀប​ណាខ្លះ​ដែល​យើង​អាច « ចេញ … ពី​ពួក​ទុច្ចរិត​មក » និង « កុំ​ប៉ះពាល់​ដល់​វត្ថុ​ទាំង​ឡាយ​ដែល​ឥត​ស្អាត​របស់​ពួក​នោះ​ឡើយ » ? ( ខទី ៥៧ ) ។

សូម​ពិចារណា​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ពីរបី​នាក់​ឲ្យ​ចែកចាយ​បទពិសោធន៍ ដែល​ពួកគេ​មាន​នៅក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ពួកគេ​បាន​សម្រេចចិត្ត​ស្តាប់​សំឡេង​របស់​អ្នក​គង្វាល​ល្អ និង​ពរជ័យ​ដែល​ពួកគេ​សង្កេតឃើញ​តាមរយៈ​ការ​ធ្វើ​ដូច្នោះ ។ អ្នក​អាច​ពិចារណា​ចែកចាយ​បទពិសោធន៍​ជីវិត​ផ្ទាល់ខ្លួន​របស់​អ្នក​ផង​ដែរ ។

  • ហេតុផល​មួយចំនួន​ដែល​ខ្ញុំ​ចង់​ដើរតាម​ព្រះ​យេស៊ូវគ្រីស្ទ​គឺ

  • របៀប​មួយ​ដែល​ខ្ញុំ​នឹង​ស្ដាប់​តាម​ព្រះសូរសៀង​របស់​ទ្រង់​គឺ