ថ្នាក់​សិក្ខាសាលា
អាលម៉ា ២–៣ ៖ អ្នកដែល​យើង​ជ្រើសរើស​ដើម្បី​គោរពតាម


« អាលម៉ា ២–៣ ៖ អ្នក​ដែល​យើង​ជ្រើសរើស​ដើម្បី​គោរពតាម » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ២–៣ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ២–៣

អ្នក​ដែល​យើង​ជ្រើសរើស​ដើម្បី​គោរពតាម

រូបភាព
យុវជន​កំពុងសញ្ជឹងគិត​អំពី​បទគម្ពីរ

នៅ​ទូទាំង​ព្រះគម្ពីរ ព្យាការី​ទាំងឡាយ​បានព្រមាន​យើង​ជា​បន្តបន្ទាប់​ថា យើង​នឹង​ប្រឈមមុខ​នឹង​ផល​មកពី​ទង្វើ​របស់​យើង ដោយ​ផ្អែក​លើ​អ្នកដែល​យើង​ជ្រើសរើស​ធ្វើតាម ។ ឧទាហរណ៍ ៖ បន្ទាប់ពី​ជម្លោះ​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​អាំលីសៃ ព្យាការី​មរមន​បានបង្រៀន​ថា អស់អ្នក​ដែល​បាន​ស្លាប់​នឹង « បាន​ច្រូត​សុភមង្គល​ដ៏​អស់​កល្ប​ជានិច្ច ឬ​ក៏​សេចក្ដី​វេទនា​ដ៏​អស់​កល្ប​ជានិច្ច ស្រប​តាម​វិញ្ញាណ​ដែល​គេ​បាន​ចុះ​ធ្វើ​តាម ថា​តើ​ជា​វិញ្ញាណ​ល្អ ឬ​ជា​វិញ្ញាណ​អាក្រក់​វិញ » ( អាលម៉ា ៣:២៦ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​ផល​ដែល​ទទួល​បាន​ពី​អ្នក​ដែល​យើង​ជ្រើសរើស​ធ្វើតាម​ក្នុង​ជីវិត​នេះ ។

រៀបចំខ្លួន​ដោយ​មាន​គោលដៅ​ក្នុង​គំនិត ។សូម​ចំណាយ​ពេល​ពិចារណា​អំពី​អ្វី​ដែល​សិស្ស​នឹង​ជួបប្រទះ​នៅ​ក្នុង​ថ្នាក់ ដែល​នឹងជួយ​ពួកគេ​ឲ្យ « យល់ និង​ពឹងផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ។ ប្រធាន រ័សុល អិម ណិលសុន បាន​លើ​កទឹកចិត្ត​គ្រូបង្រៀន​ទាំងឡាយ​ឲ្យ « ចងចាំ​ពី​គោលបំណង​នោះ​រាល់ថ្ងៃ មុនពេល​អ្នក​បង្រៀន​សិស្ស​របស់​អ្នក » ( « Teaching Youth in the Day of the Wave » [ ការចាក់ផ្សាយ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ] ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៣ ) ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​ស្តាប់ អាលម៉ា ២–៣ មុនពេល​មករៀន ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​អ្វី​ដែល​ពួកគេ​អាច​រៀនពី​ដំណើររឿង​នៅ​ក្នុង​ជំពូក​ទាំងនេះ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

តើ​អ្វី​ជា​គំនិត​អប់រំ​នៃ​ដំណើររឿង​នេះ ?

សូម​ពិចារណា​ឲ្យ​សិស្ស​គិត​អំពី​ដំណើររឿង ឬ​រឿងនិទាន​ដែល​បង្រៀន​មេរៀន ហើយ​ឲ្យ​ពួកគេ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។  បើ​ចាំបាច់​អ្នក​អាច​ប្រើ​ឧទាហរណ៍​ខាងក្រោម ។  បើ​សិស្ស​ដឹងពី​ឧទាហរណ៍ សូម​ពិចារណា​ឲ្យ​ពួកគេ​ប្រាប់​ដំណើររឿងជា​ពាក្យ​សម្ដី​ផ្ទាល់ខ្លួន ហើយ​រកមើល​គំនិត​ ឬ​មេរៀន​អប់រំ ។ ការណ៍​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍​ដែល​មរមន​មាន​បំណង​ឲ្យ​យើង​រៀន​ពី​សំណេរ​របស់​លោក ។

  • តើ​អ្នក​អាច​គិត​រកនឹក​ដំណើររឿង ឬ​រឿងនិទាន​ដែល​បង្រៀន​មេរៀន​ជីវិត​បាន​ដែរ​ឬ​ទេ ?

រឿងព្រេង​បុរាណ​មួយ​ដែល​បាន​ឧទ្ទិស​ដល់​អ្នក​និទានរឿង​ក្រិក​បុរាណ​ដែល​មាន​ឈ្មោះ​ថា អៃសប គឺ​រឿង « ក្មេងប្រុស​ដែល​ស្រែក​ថា មាន​ឆ្កែចចកៗ » ។ រឿងនេះ​តំណាល​អំពី​ក្មេងប្រុស​គង្វាល​ចៀម​វ័យក្មេង​ម្នាក់ ដែល​បានបញ្ឆោត​អ្នក​ជិតខាង​របស់​គាត់​ពីរដង​ឲ្យ​ជឿថា ឆ្កែចចក​កំពុង​ស៊ី​ហ្វូង​ចៀម​របស់​ភូមិ ។ ជា​ការ​លេងសប្បាយ​របស់​ក្មេងប្រុស​រូប​នេះ ធ្វើ​ឲ្យ​អ្នក​ភូមិ​ជាច្រើន​បាន​ប្រញាប់ប្រញាល់​ទៅជួយ តែ​បែរ​ជា​មិន​មាន​ឆ្កែចចក​ទៅវិញ ។ ទីបំផុត ឆ្កែ​ចចក​ពិត​មួយ​ក្បាល​បាន​ស៊ី​ហ្វូង​ចៀម​​មែន ។ ប៉ុន្តែ​ពេល​ក្មេង​រូប​នោះ​ស្រែក​ឲ្យ​ជួយ​ជា​លើក​ទីបី គ្មាន​អ្នក​ណា​មក​ជួយ​គាត់​ទេ ។

  • តើ​អ្វី​ជា​គំនិត​អប់រំ ឬ​មេរៀន​ដែល​យើង​អាច​រៀន​ពី​រឿង​នេះ ?

សូម​រកមើល​ឱកាស​ពេញមួយ​ការសិក្សា​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់ និង​ស្វែងយល់​គោលការណ៍ និង​មេរៀន​ដែល​គូសបញ្ជាក់​ដោយ​ព្យាការី​មរមន ។

ដូចជា​ដំណើររឿង ឬ​រឿងនិទាន​​ដែល​ជារឿយៗ​ច្រើន​តែ​មាន​គំនិត​អប់រំ នោះ​ព្រះគម្ពីរ​ក៏​បង្រៀន​មេរៀន និង​បង្ហាញ​ពី​គោលការណ៍​ទាំងឡាយ​ដែរ ។ ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍​នៅ​ពេល​អ្នក​សិក្សា​ព្រះគម្ពីរមរមន គឺ​ត្រូវ​កត់សម្គាល់​នៅពេល​មរមន​ប្រាប់​យ៉ាងច្បាស់ អំពី​គោលបំណង​របស់​លោក​ក្នុង​ការបញ្ចូល​ដំណើររឿង​មួយចំនួន​នៅ​ក្នុង​បញ្ជី​នេះ ។  ជារឿយៗ​លោក​ប្រើ​ឃ្លា​ដូចជា « ហើយ​ដោយ​ហេតុ​នេះ យើង​អាច​វែកញែក​យ៉ាង​ច្បាស់ » « ម្ល៉ោះ​ហើយ យើង​ឃើញ » « មែន​ហើយ ប្រាកដ​មែន » ឬ « មើលចុះ » ដើម្បី​ប្រាប់​យើង​ថា លោក​កំពុង​ចែកចាយ​គោលការណ៍ និង​មេរៀន​ទាំងឡាយ​ជាមួយ​យើង ( សូម​មើល អាលម៉ា ២៤:៣០; ៣០:៦០; ៤៨:១៧; ៦២:៤១; ហេលេមិន ៣:២៧–២៨ ) ។ ការស្វែងយល់​ពី​មេរៀន និង​សេចក្តី​ពិត​ដែល​មរមន​បាន​គូសបញ្ជាក់​អាច​ជួយអ្នក​ស្វែងរក​ភាពទាក់ទង​ផ្ទាល់ខ្លួន ។ វា​ក៏​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ផង​ដែរ​ ។ 

សូម​អាន អាលម៉ា ៣:២៦–២៧ ដោយ​ស្វែងរក​សេចក្តីពិត​មួយ​ដែល​មរមន​ចង់​ឲ្យ​យើង​រៀនពី​ដំណើររឿង​នៅ​ក្នុង អាលម៉ា ២–៣ ។ សូម​ពិចារណា​គូស​ចំណាំ​អ្វី​ដែល​អ្នក​រកឃើញ ។

  • តើ​អ្នក​បាន​រកឃើញ​អ្វីខ្លះ ?

សូម​ពិចារណា​ចែកចាយ​ព័ត៌មាន​ខាងក្រោម បើ​សិស្ស​ត្រូវការ​ជំនួយ​ស្វែងយល់​ពី​សេចក្តីពិត​ដែល​បានបង្រៀន​នៅ​ក្នុង អាលម៉ា ៣:២៦–២៧ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ពី​វគ្គ​បទគម្ពីរ​នេះ សូម​កត់ចំណាំ​ថា​ឃ្លា « មនុស្ស​គ្រប់​រូប​ទទួល​ឈ្នួល​ពី​អ្នក​ណា​ដែល​គេ​ចុះ​ធ្វើ​តាម » អញ្ជើញ​យើង​ឲ្យ​ស្រមៃ​ឃើញ​ថា យើង​គឺ​ជា​ឈ្នួល​នៃ​ជម្រើស​នានា​ដែល​យើង​បាន​ជ្រើសរើស កំណត់​ថា​តើ​មេឈ្នួល​របស់​យើង​ជា​ព្រះវរបិតាសួគ៌ ឬ​សាតាំង ( សូម​មើល អាលម៉ា ៣:២៧ ) ។ នៅ​ក្នុង​បរិបទនេះ​ពាក្យ ចុះ​ សំដៅ​លើ​ការផ្អៀង ឬ​ទ្រេត​ទៅ​ម្ខាង​នេះ ឬ​ម្ខាង​នោះ ។ ដូច្នេះហើយ អស់​អ្នក​ដែល​ផ្អៀង​ទៅ​ខាង​សាតាំង មិន​យូរ​ប៉ុន្មាន​នឹង​ឃើញ​ថា ខ្លួន​ពួកគេ​បានបម្រើ​វា ហើយ​ទទួល « សេចក្ដី​វេទនា​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣:២៦ ) ។ នៅ​ទីបំផុត​ជម្រើស​ជីវិត​របស់​យើង​នឹង​បង្ហាញ​ថា តើ​នរណា​ដែល​យើង​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​មេឈ្នួល​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។

ការសរសេរ​សេចក្ដី​ពិត​ខាងក្រោម​នៅ​លើ​ក្ដារខៀន ដើម្បី​ឲ្យ​សិស្ស​អាច​មើល​ឃើញ​សេចក្តីពិត​នេះ​នៅ​ក្នុង​មេរៀន​ទាំងមូល អាច​ផ្ដល់​ជា​អត្ថប្រយោជន៍ ។

សេចក្តី​ពិតមួយ​ដែល​អាច​មាន​មកពី អាលម៉ា ៣:២៦–២៧ គឺ អ្នក​ដែល​យើង​ជ្រើសរើស​គោរពតាម​ក្នុង​ជីវិត​នេះ​កំណត់​សុភមង្គល ឬ​ទុក្ខលំបាក​ជារៀង​រហូត​របស់​យើង ។

សូម​គិត​អំពី​ជីវិត​របស់​អ្នក និង​អ្នក​ដែល​អ្នក​ជ្រើសរើស​ដើម្បី​គោរពតាម ។ តើ​អ្នក​កំពុង​ព្យាយាម​ធ្វើតាម​ព្រះ​យេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ? ឬ​អ្នក​កំពុង​ធ្វើ​តាម​អ្នក​ផ្សេង​ទៀត ? សូម​ពិចារណា​សំណួរ​ទាំងនេះ នៅ​ពេលអ្នក​បន្តការសិក្សា​របស់​អ្នក​នៅ​ថ្ងៃនេះ ។

អាំលីសៃ ព្យាយាម​ធ្វើ​ជា​ស្តេច

នៅ​អំឡុង​ដើមឡើយ​នៃ​រជ្ជកាល​នៃ​ពួក​ចៅក្រម អាលម៉ា និង​ប្រជាជន​របស់​លោក​បាន​ប្រឈមមុខ​នឹង​ការសាកល្បង​ដ៏​លំបាក​មួយ​ចំពោះ​សេចក្តីជំនឿ និង​សុភមង្គល​របស់​ពួកគេ ។

សូម​អាន អាលម៉ា ២:១–១២ ដោយ​រកមើល​ការសាកល្បង​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រឈមមុខ ។

សូម​ពិចារណា​បញ្ចូល​ការផ្តល់​យោបល់​អំពី​សេរីភាព​ខាងសាសនា នៅ​ក្នុង​ផ្នែក​សកម្មភាព​រៀន​សូត្រ​បន្ថែម​នៅ​ចំណុចនេះ​ក្នុង​មេរៀន ។

  • តើ អាំលីសៃ មាន​បំណង​ធ្វើអ្វី បើ​គាត់​បាន​ធ្វើ​ជា​ស្តេច ? ( សូមមើល ខទី ៤ ) ។

  • តើ​សាសន៍​នីហ្វៃ​បាន​ឆ្លើយតប​យ៉ាងណា ?

  • តើ​សាសន៍​នីហ្វៃ​បានបង្ហាញ​ពី​បំណងប្រាថ្នា​របស់​ពួកគេ​ដើម្បី​ធ្វើតាម​ព្រះ​អង្គសង្គ្រោះ​ដោយ​របៀប​ណា ?

ជម្រើស និង​លទ្ធផល

សូម​ជួយ​សិស្ស​ស្វែងរក និង​ចែកចាយ​លទ្ធផល​ផ្សេង​គ្នា​ពី​ការធ្វើតាម​ព្រះ ឬ​អារក្ស ។ របៀប​មួយ​ដើម្បី​ធ្វើ​គឺ​ចម្លង​តារាង​ខាងក្រោម​នៅ​លើ​ក្ដារខៀន ហើយ​ឲ្យ​សិស្ស​បំពេញ​វា ។ ជម្រើស​មួយទៀត​គឺ​ត្រូវ​រៀបចំ​ក្រដាស​តូចៗ​ជាច្រើន​សន្លឹក​មុន​ចូលរៀន ដើម្បី​តំណាង​ឲ្យ​រូបិយប័ណ្ណ ឬ « ឈ្នួល » ( អាលម៉ា ៣:២៧ ) ។ បន្ទាប់មក​យក​កញ្ចប់ ឬ​ប្រអប់​ក្រដាស​ពីរ ហើយ​ដាក់​ស្លាក​មួយថា « ធ្វើតាម​ព្រះ » និង​មួយទៀត « ធ្វើតាម​អារក្ស ឬ​អ្នក​បម្រើ​របស់​វា » ។ សូម​ឲ្យ​សិស្ស​ម្នាក់ៗ​យ៉ាងហោចណាស់​ក្រដាស​មួយសន្លឹក ហើយ​ឲ្យ​សិស្ស​ពាក់​កណ្តាល​ថ្នាក់​អាន​បណ្តុំ​បទគម្ពីរ​នីមួយៗ​ដែល​មាន​សរសេរ​ខាងក្រោម ។ នៅ​ពេល​សិស្ស​រកឃើញ​ថា ឈ្នួល​ខុសៗគ្នា​ពី​ដំណើររឿង​នីមួយៗ សូម​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ឈ្នួល​ទាំងនេះ​នៅ​លើ​ក្រដាស​របស់​ពួកគេ ហើយ​ដាក់​​ឈ្នួល​របស់​ពួកគេ​នៅ​ក្នុង​កញ្ចប់ ឬ​ប្រអប់​ដែល​ត្រឹមត្រូវ ។ នៅ​ពេល​សិស្ស​ធ្វើ​ហើយ​រួចរាល់ សូម​អាន​ឈ្នួល​មួយចំនួន​ឲ្យ​ឮៗ ។ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ឈ្នួល​បន្ថែម​ពី​ការធ្វើតាម​ព្រះ ដែល​ពួកគេ​បាន​សម្គាល់ឃើញ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ឬ​ជីវិត​របស់​អ្នក​ដទៃ ។

សូម​ចម្លង​តារាង​ខាងក្រោម​នេះ​ចូល​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ។ សូម​អាន​ខគម្ពីរ​បន្ទាប់ទៀត ហើយ​រាយ​បញ្ជី​ចំនួន « ឈ្នួល » ដែល​បានមក​ពី​ការធ្វើ​តាម​ព្រះ ឬ​អារក្ស​នៅ​ក្នុង​ជួរឈរ​ដែល​ត្រឹមត្រូវ ។

« មនុស្ស​គ្រប់​រូប​ទទួល​ឈ្នួល​ពី​អ្នក​ណា​ដែល​គេ​ចុះ​ធ្វើ​តាម » ( អាលម៉ា ៣:២៧ )

ការធ្វើ​តាម​ព្រះ

ការធ្វើតាម​អារក្ស ឬ​ពួក​អ្នកបម្រើ​របស់​វា

អាលម៉ា ២:១៦–១៨, ២៦–៣១ ( អាលម៉ា និង​សាសន៍​នីហ្វៃ )

អាលម៉ា​៣:៤, ១៣–១៤, ១៨–១៩ ( ពួក​សាសន៍​អាំលីសៃ )

  • តើអ្នក​បាន​សម្គាល់​ឃើញ​អ្វី​ខ្លះ​នៅក្នុង​ដំណើររឿង​ទាំងពីរ​នេះ ?

កំណត់​ចំណាំ ៖ បណ្តាសា​ដែល​ទាំង​ពួក​សាសន៍​អាំលីសៃ និង​សាសន៍​លេមិន បានជួបប្រទះ គឺ​ជាការផ្តាច់​ខ្លួន​ពី​ព្រះ​ដោយសារ​តែ​ការបះបោរ និង​ការមិន​គោរពប្រតិបត្តិ​របស់​ពួកគេ ( សូមមើល នីហ្វៃទី​២ ៥:២០–២១ ) ។ សញ្ញាសម្គាល់​ដែល​នៅ​ពេលនោះ​បាន​សម្គាល់​ថា ជា​សាសន៍​លេមិន ខុសពី​សាសន៍​នីហ្វៃ គឺ​ថា « ស្បែក​ពួក​លេមិន​មាន​ពណ៌​ក្រមៅ​ស្រប​តាម​គំនូស​ចំណាំ » ( អាលម៉ា ៣:៦ ) ។ វា​ជាការសំខាន់​ដើម្បី​ចងចាំ​ថា ធម្មជាតិ និង​រូបរាង​នៃ​សញ្ញាសម្គាល់​នេះ​មិន​បាន​យល់​ច្បាស់​នោះទេ ។ ព្យាការី​ក្នុង​គម្ពីរមរមន និង​ព្យាការី​សម័យទំនើប​បានបង្រៀន​ថា វា​ជា​ការខុសឆ្គង​ក្នុង​ការជេរ​ប្រមាថ ឬ​មើលងាយ​មនុស្ស​ដោយសារ​ពណ៌​សម្បុរ​ស្បែក​របស់​ពួកគេ ( សូម​មើល យ៉ាកុប ៣:៩ ) ។

ជាជាង​ការផ្ដល់​ក្រុម​ខគម្ពីរ​បី​បន្ទាប់នេះ អ្នក​អាច​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​ស្វែងរក​ខគម្ពីរ​ផ្សេងទៀត​ដែល​ពិពណ៌នា​ពី « ឈ្នួល » នៃ​ការធ្វើតាម​ព្រះ ឬ​នរណា​ម្នាក់ទៀត គឺ​អាស្រ័យទៅទាម​សមត្ថភាព​សិស្ស​របស់​អ្នក ។ អ្នក​អាចលើ​កទឹកចិត្ត​ពួកគេ​ឲ្យ​ប្រើ​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម ហើយ​បន្ថែមអ្វី​ដែល​អ្នក​រកឃើញ​ទៅ​ក្នុង​តារាង​របស់​អ្នក ។

នីហ្វៃ​ទី​២ ២:២៧

អាលម៉ា ៣០:៦០

ម៉ាថាយ ១១:២៨–៣០

នៅ​ពេល​សិស្ស​បានបញ្ចប់​ការបំពេញ​តារាង​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។ សូម​សួរ​សិស្ស​នូវ​សំណួរ​តាមដាន​ដូចជា​ឧទាហរណ៍​ខាងក្រោម នៅ​ពេល​ពួកគេ​ចែកចាយ​ដែល​ជួយ​ពួកគេ​ភ្ជាប់ទំនាក់ទំនង​អ្វី​ដែល​ពួកគេ​បាន​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ​ទៅនឹង​ជីវិត​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

ការអនុវត្ត​ផ្ទាល់ខ្លួន

  • តើអ្នក​បានសង្កេត ឬ​បាន​ដកពិសោធអ្វី​ខ្លះក្នុង​ជីវិត​ដែល​បានបង្ហាញ​អ្នក​ពី​សេចក្តីពិត​នៃ​គោលការណ៍​ដែល​បានបង្ហាញ​នៅ​ក្នុង អាលម៉ា ៣:២៦–២៧ ?

សូម​គិត​អំពី​ជម្រើស​ដែល​អ្នក​កំពុងធ្វើ​នា​ពេលបច្ចុប្បន្ន​នេះ ដែល​ជួយអ្នក​ធ្វើតាម​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ។ តើ​វា​នឹងនាំ​ទៅរក​សុភមង្គល​ដ៏​នៅអស់កល្ប​ជានិច្ច​ដោយ​របៀប​ណា ? តើ​អ្នក​កំពុង​ធ្វើការ​ជ្រើសរើស​ណាមួយ​ដែល​អាច​នាំអ្នក​ចេញពី​ព្រះ​អង្គសង្គ្រោះដែរ​ឬ​ទេ ? សូម​សម្រេចចិត្ត​ថា​អ្នក​ប្រហែលជា​ត្រូវ​ធ្វើអ្វី​ដើម្បី​ផ្លាស់ប្តូរ ។ សូម​ពិចារណា​ពី​របៀប​ដែល​ព្រះ​វរបិតាសួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ​អាច​ប្រទាន​ពរ និង​ពង្រឹង​អ្នក នៅ​ពេល​អ្នក​ព្យាយាម​ធ្វើការ​ជ្រើសរើស​ដ៏​ត្រឹមត្រូវ​ដែល​នឹង​នាំ​អ្នក​ត្រឡប់​ទៅកាន់​ទ្រង់​ទាំងទ្វេ​វិញ ។