ថ្នាក់​សិក្ខាសាលា
អាលម៉ា ១:១៩–៣៣ ៖ ការស្វែងរក​សេចក្តី​សុខសាន្ត​ក្នុង​ព្រះគ្រីស្ទ ដោយ​ការបន្ត​នៅ​ស្មោះត្រង់​ឆ្លងកាត់​ការបៀតបៀន


« អាលម៉ា ១:១៩–៣៣ ៖ ការស្វែងរក​សេចក្តី​សុខសាន្ត​ក្នុង​ព្រះគ្រីស្ទ ដោយ​ការបន្ត​នៅ​ស្មោះត្រង់​ឆ្លងកាត់​ការបៀតបៀន ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន » ( ឆ្នាំ ២០២៤ )

« អាលម៉ា ១:១៩–៣៣ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ១:១៩–៣៣

ការស្វែងរក​សេចក្តី​សុខសាន្ត​ក្នុង​ព្រះគ្រីស្ទ ដោយ​ការបន្ត​នៅ​ស្មោះត្រង់​ឆ្លងកាត់​ការបៀតបៀន

រូបភាព
អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​រីករាយ​កំពុង​បង្រៀន​ស្ត្រី និង​កូន​ម្នាក់

យើង​ជឿថា មនុស្ស​ទាំងអស់​មាន​សិទ្ធិ​ថ្វាយបង្គំ​ព្រះ​ស្របតាម​សតិសម្បជញ្ញៈ​របស់​ពួកគេ ( សូមមើល មាត្រា​នៃ​សេចក្ដីជំនឿ ១:១១ ) ។ ប៉ុន្តែ តើ​នឹងមានអ្វី​កើតឡើង​បើអ្នក​ដទៃ​បៀតបៀន​អ្នក​ដោយសារ​សេចក្តី​ជំនឿ​របស់​អ្នក ? តើ​អ្នក​អាច​ឆ្លើយតប និង​ស្វែងរក​សេចក្តី​សុខសាន្ត​ដោយ​របៀប​ណា បើ​អ្នក​ដទៃ​រិះគន់​អ្នក​ដោយសារ​សេចក្តី​ជំនឿ​របស់​អ្នក​នោះ ? នៅ​ជំនាន់​របស់​អាលម៉ា​មនុស្ស « បាន​ចាប់​ផ្ដើម​បៀតបៀន​អស់​អ្នក​ដែល​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះ » ( សូម​មើល អាលម៉ា ១:១៩ ) ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឆ្លើយតប​ដោយ​ស្មោះត្រង់ និង​មាន​អារម្មណ៍​សុខសាន្ត បើទោះជា​អ្នក​ប្រឈមមុខ​នឹង​ការបៀតបៀន ដោយសារ​ការធ្វើជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ក៏​ដោយ ។

ជួយ​សិស្ស​អភិវឌ្ឍ​ជំនាញ​សិក្សា​ព្រះគម្ពីរ ។ការស្វែងរក​បញ្ជី​នៅ​ក្នុង​ព្រះគម្ពីរ​អាច​ជួយគ្រូ​បង្រៀន និង​សិស្ស​រកឃើញ​ចំណុច​សំខាន់ៗ​ដែល​អ្នក​និពន្ធ​កំពុង​សង្កត់ធ្ងន់ ។ សិស្ស​ក៏​អាច​ធ្វើបញ្ជី​នៃ​គំនិត ការគិត ឬ​ការណែនាំ​ដែល​ទាក់ទង ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​អ្វី​ដែល​ពួកគេ​កំពុងរៀន ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​គ្រា​នានា​ក្នុង​ជីវិត​របស់​ពួកគេ នៅពេល​ដែល​ជំនឿ​របស់​ពួកគេ​ត្រូវបាន​ប្រឈម និង​របៀប​ដែល​ពួកគេ​បាន​ឆ្លើយតប ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ត្រូវបាន​គេ​បៀតបៀន​ដោយសារ​សេចក្តី​ជំនឿ​របស់​អ្នក

សូម​ចែកចាយ​ពី​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ដូចតទៅ​នេះ ។ ឬ​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សម្តែង​ពី​ស្ថានភាព​ប្រឌិត​មួយ ដែល​គេ​បាន​បៀតបៀន​ពួកគេ​ដោយសារ​សេចក្តីជំនឿ​របស់​ពួកគេ ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ទូន្មាន​ដល់​យុវវ័យ​នៃ​សាសនាចក្រ ។ សូមមើល​វីដេអូ « The Cost—and Blessings—of Discipleship » ចាប់ពី​នាទី​ទី ០:២៥ ដល់​នាទី​ទី ២:០៥ ដែល​មាន​នៅ ChurchofJesusChrist.orgឬ​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម ៖

ដោយ​ការ​កោតសរសើរ និង​ការ​លើក​ទឹកចិត្ត​ដល់​មនុស្ស​គ្រប់​រូប ដែល​នឹង​តម្រូវឲ្យនៅ​ខ្ជាប់ខ្ជួន​នៅក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ ខ្ញុំសូម​និយាយ​ទៅ​កាន់​មនុស្ស​ទាំងអស់ ជាពិសេស​ដល់​យុវវ័យ​នៃ​សាសនាចក្រថា បើ​សិនជា​អ្នក​ពុំ​ទាន់បានត្រៀមខ្លួននៅឡើយ​នោះ​នៅ​ថ្ងៃ​មួយ អ្នក​នឹង​ឃើញ​ថា ខ្លួន​អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ការ​ពារ​ជំនឿ​អ្នក ឬ​ប្រហែល​ជា​ស៊ូទ្រាំ​នឹង​ការលត់ដំ​ខ្លួន​អ្នក​ខ្លះៗ​ដោយ​សាមញ្ញ ពីព្រោះ​តែ​អ្នក​គឺ​ជា​សមាជិកមួយរូប នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ថ្ងៃ​ចុង​ក្រោយ ។ គ្រា​ដូច្នោះ នឹង​តម្រូវឲ្យ​មាន​ទាំងភាព​ក្លាហាន និង​សុភាវធម៌​ពី​ខ្លួន​អ្នក ។

ឧទាហរណ៍ ស៊ីស្ទើរ​អ្នក​ផ្សាយសាសនាម្នាក់ បាន​សរសេរ​ថ្មីៗ​នេះ​ថា ៖ « ដៃគូ​ខ្ញុំ និង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ អង្គុយ​លើ​កៅអីវែង​នៅ ថោន ឃ្វែរ ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​របស់គាត់ ។ ពេល​យើង​ដើរ​ទៅ​ជិត គាត់​បាន​ងើយ​មើល​យើង ហើយ​ឃើញ​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយសាសនា​របស់​យើង ។ ដោយ​កែវភ្នែក​មិន​ល្អ​របស់គាត់ គាត់​បាន​ងើប​ឡើង ហើយ​លើក​ដៃ​ចង់វាយ​ខ្ញុំ ។ ខ្ញុំ​ឱន​ទាន់ ដោយ​គាត់​គ្រាន់​តែ​ព្រោះ​បាយ​ពីមាត់​របស់​គាត់​មក​លើខ្ញុំ ហើយ​ចាប់​ផ្ដើម​ជេរពាក្យ​អាក្រក់ៗ​មកកាន់​យើង ។ យើង​បាន​ដើរ​ចេញ​ដោយ​មិន​និយាយ​អ្វីសោះ ។ ខ្ញុំ​បានព្យាយាម​ជូត​អាហារ​នោះ​ចេញពី​មុខ​ខ្ញុំ ខ្ញុំ​បាន​ដឹង​ថា មានដុំ​ដំឡូង​កិន បាន​គប់​មកលើ​ខ្ញុំ​ពីខាង​ក្រោយ​ចំក្បាល ។ ពេល​ខ្លះ វា​ពិបាក​ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា ដោយសារ​ពេលនោះ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ក្របួច​-ក​បុរស​តូច​នោះ សួរ​ថា ‹ អ្នក​ឯង​ចង់​ម៉េច​ហ្នឹង ! › តែ​ខ្ញុំ​មិន​បាន​ធ្វើ​ទេ » ។ ( ជែហ្វ្រី អ័រ ហូឡិន « The Cost—and Blessings—of Discipleship » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៦ )

សូម​ជួយ​សិស្ស​ឲ្យ​ពិចារណា​ពី​អារម្មណ៍​របស់​ពួកគេ​ដោយ​សួរ​សំណួរ​មួយចំនួន ឬ​ទាំងអស់​ដូចខាងក្រោម ។

  • តើ​ប្អូន​អាច​បាន​ឆ្លើយតប​យ៉ាងដូចម្ដេច បើ​ប្អូន​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ក្នុង​កាលៈទេសៈ​នេះ ?

  • ហេតុអ្វី​វា​អាច​នឹង​ពិបាក​ក្នុង​ការ​ឆ្លើយតប​តាម​របៀប​ដូច​ព្រះគ្រីស្ទ ?

  • តើ​ពេលណា​ដែល​ប្អូន​ត្រូវបាន​គេធ្វើបាប ឬ​បៀតបៀន​ដោយសារ​សេចក្តីជំនឿ​របស់​ប្អូន ?

  • តើ​មាន​ស្ថានភាព​អ្វីខ្លះ​នៅ​ពេល​អនាគត​ដែល​ប្អូន​អាច​នឹងត្រូវគេ​បៀតបៀន​ដោយសារ​សេចក្តី​ជំនឿ​របស់​ប្អូន ?

នៅ​ពេល​ប្អូន​សិក្សា​ឧទាហរណ៍​ពី​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះគ្រីស្ទ​នៅក្នុង​ព្រះគម្ពីរមរមន សូម​រកមើល​របៀប​ដែល​ប្អូន​អាច​រក្សាភាព​ខ្ជាប់ខ្ជួន ហើយ​ស្វែងរក​សេចក្តីសុខសាន្ត​នៅក្នុង​ព្រះ​យេស៊ូវ​គ្រីស្ទ​អំឡុងពេល​មាន​ការបៀតបៀន ។

ការបៀតបៀន​នៅ​ក្នុង​ព្រះគម្ពីរមរមន

អាលម៉ា​មាន​បញ្ហា​ប្រឈម​ជាច្រើន​អំឡុងពេល​លោក​ធ្វើ​ជា​មេ​ចៅក្រម ។ បន្ទាប់ពី នីហូរ​ត្រូវ​គេ​ប្រហារ​ជីវិត​ពី​បទ​សម្លាប់ គេឌាន មនុស្ស​មួយ​ចំនួន​បាន​បន្ត​ជឿ​លើ​ការបង្រៀន​របស់​នីហូរ ។ សូម​អាន អាលម៉ា ១:១៩–២៤ ដោយ​រកមើល​បញ្ហា​ប្រឈម​ដែល​ពួក​សាសន៍​នីហ្វៃ​បានឆ្លងកាត់ ។

  • តើ​ប្អូន​មើលឃើញ​ភាពស្រដៀង​គ្នា​អ្វីខ្លះ​រវាង​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រឈមមុខ និង​បទពិសោធន៍​របស់​​ប្អូន ?

  • សកម្មភាព​អ្វីខ្លះ​ពី​សមាជិក​នៃ​សាសនាចក្រ​ដែល​បាន​រួមចំណែក​ដល់​បញ្ហា​ប្រឈម​ទាំងនេះ ( សូមមើល ខទី ២២ ) ?

អ្នក​អាច​នឹង​ចង់​ចង្អុលបង្ហាញ​ដល់​សិស្ស​ថា ព្រះ​អង្គសង្គ្រោះ​បានបង្រៀន​ថា ការទាស់ទែងគ្នា​គឺ​ខុស និង​មកពី​អារក្ស ( សូមមើល នីហ្វៃទី​៣ ១១:២៩–៣០ ) ។ ការណ៍នេះ​រួម​ទាំង​នៅពេល​អ្វី​ដែល​អ្នក​កំពុងបង្រៀន​គឺ​ពិត និង​ត្រឹមត្រូវ ។

សូម​អាន អាលម៉ា ១:២៥–២៨ ដោយ​រកមើល​អ្វី​ដែល​សមាជិក​សុចរិត​នៃ​សាសនាចក្រ​បានធ្វើ ។ ដើម្បី​ជួយអ្នក​រៀបចំ​អ្វី​ដែល​អ្នក​សិក្សា សូម​ធ្វើបញ្ជី​នៃ​អ្វី​ដែល​មនុស្ស​បានធ្វើ ។ អ្នក​អាច​ធ្វើដូចនេះ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ឬ​អ្នក​អាច​គូសចំណាំ​អ្វី​ដែល​អ្នក​រកឃើញ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សិស្ស​អាច​ត្រូវបាន​បង្រៀនពី​ជំនាញ​សិក្សា​ព្រះគម្ពីរ​នៃ​ការបង្កើត​បញ្ជី​ទាំងនេះ ។ ពួកគេ​អាច​គូសចំណាំ​ខគម្ពីរ​តាម​របៀប​ដែល​ងាយ​ធ្វើ​ឲ្យ​ពួកគេ​យល់​ផងដែរ ។ សិស្ស​ខ្លះ​អាច​ចង់​បន្ថែម​ចំណងជើង​បញ្ជី ដូចជា « របៀប​ដើម្បី​មាន​សេចក្តី​សុខសាន្ត នៅពេល​ត្រូវបាន​គេ​បៀតបៀន » ឬ​ចំណងជើង​ផ្សេង​ទៀត​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

សិស្ស​អាច​ត្រូវបាន​ឲ្យ​ជ្រើសរើស​ចំណុច​មួយ​ពី​បញ្ជី​របស់​ពួកគេ បន្ទាប់មក​ដើរ​ចុះឡើង​ក្នុង​ថ្នាក់​រៀន ហើយ​ឲ្យ​សិស្ស​ឲ្យ​បាន​ច្រើន​ឆ្លើយ​សំណួរ​ខាង​ក្រោម​អស់​ពី​លទ្ធភាព​របស់​ពួកគេ ។

  • តើ​មាន​របៀប​ខុសគ្នា​ណាខ្លះ​ដែល​សមាជិក​សាសនាចក្រ​បាន​ឆ្លើយតប​នឹង​ការបៀតបៀន ?

សូម​បំពេញ​ឃ្លា​ខាងក្រោម​ជាមួយ​នឹង​អ្វី​មួយ​ដែល​អ្នក​បាន​រៀន​ពី​គំរូ​របស់​សាសន៍​នីហ្វៃ ។

  • … អាច​ជួយ​យើង​ឲ្យ​មាន​អារម្មណ៍​ថា មាន​សេចក្តី​សុខសាន្ត​របស់​ព្រះ​អង្គសង្គ្រោះ​ជានិច្ច សូម្បី​តែពេល​យើង​ត្រូវបាន​គេ​បៀតបៀន​ដោយសារ​ការជឿ​លើ​ទ្រង់​ក៏​ដោយ ។

  • តើ​អ្នក​គិត​ថា​ការឆ្លើយតប​តាម​របៀប​ទាំងនេះ​អាច​ជួយ​បុគ្គល​ម្នាក់​ឲ្យ​មាន​អារម្មណ៍​ថា​មាន​សេចក្តី​សុខសាន្ត​របស់​ព្រះ​អង្គសង្គ្រោះ​ដោយ​របៀប​ណា ?

  • តើ​អ្នក​ចង់​ចងចាំ​អ្វី​បំផុត​ដែល​ចេញពី​ខគម្ពីរ​ទាំងនេះ​ឬ​បញ្ជី​របស់​អ្នក បើ​អ្នក​ធ្លាប់​ប្រឈម​នឹង​ការបៀតបៀន​ដោយសារ​សេចក្តី​ជំនឿ​របស់​អ្នក ? ហេតុអ្វី ?

    បើ​មាន​ពេល សូម​ពិចារណា​ពិភាក្សា​អំពី​ការបង្រៀន​មួយចំនួន​របស់​ព្រះ​អង្គសង្គ្រោះ​ស្តីពី​ការស៊ូទ្រាំ​នឹង​ការបៀតបៀន​នៅ​ក្នុង នីហ្វៃទី​៣ ១២:១០–១២, ៤៣–៤៥ ។

    វា​អាច​នឹង​មាន​ប្រយោជន៍​ក្នុងការអញ្ជើញ​សិស្ស​ឲ្យ​សញ្ជឹងគិត​អំពី​សំណួរ​បន្ទាប់ ជាជាង​សុំ​ឲ្យ​ពួកគេ​ឆ្លើយតប​ឲ្យ​ឮៗ ។ ការធ្វើដូច្នេះ​អាច​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​ពួកគេ​ផ្ទាល់ ដោយ​មិនធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ត្រូវបង្ខំ​ឲ្យ​ចែកចាយ​ការបំផុស​គំនិត​ផ្ទាល់ខ្លួន​ឡើយ ។

  • តើ​បទពិសោធន៍​អ្វី​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា ត្រូវការ​សេចក្តី​សុខសាន្ត​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ប្រទាន​ឲ្យ ?

មិនមែន​ត្រឹមតែ​សេចក្តី​សុខសាន្ត​ប៉ុណ្ណោះ​ទេ

ក្រៅពី​ការទទួល​បាន​សេចក្តី​សុខសាន្ត ព្រះ​វរបិតាសួគ៌​បាន​ប្រទាន​ពរ​ដល់​សាសន៍​នីហ្វៃ​ដ៏​ស្មោះត្រង់​តាម​របៀប​ផ្សេងៗ ។ សូម​អាន អាលម៉ា ១:២៩–៣២ ដោយ​រកមើល​ពរជ័យ​របស់​ព្រះ​វរបិតាសួគ៌​ដល់​ពួក​សាសន៍​នីហ្វៃ នៅពេល​ពួកគេ​បន្ត​ខ្ជាប់ខ្ជួន​ក្នុង​គ្រាលំបាក ។

  • តើ​អ្នក​បានឃើញ​ពរជ័យ​របស់​ព្រះ​វរបិតាសួគ៌ នៅ​ពេល​អ្នក ឬ​អ្នក​ដទៃ​ទៀត​ដែល​អ្នក​ស្គាល់ បានបន្តស្មោះត្រង់​អំឡុងពេល​មាន​ការបៀតបៀន​ដោយ​របៀប​ណា ?

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់ខ្លួន អំពី​របៀប​ដែល​ព្រះ​អម្ចាស់បាន​ប្រទាន​ពរ​ដល់​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ចំពោះ​ការរក្សា​ភាពស្មោះត្រង់​ក្នុង​អំឡុងពេល​មាន​ការបៀតបៀន ។

សូម​ជ្រើសរើស​យ៉ាងហោច​ណាស់​សកម្មភាព​ពីរ​ដែល​ពួក​សាសន៍​នីហ្វៃ​ដ៏​ស្មោះត្រង់​បានធ្វើ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់ និង​សេចក្តី​ក្ដីមេត្តា​ករុណា​ចំពោះ​មនុស្ស​ទាំងអស់ ទោះបី​ជា​មាន​ការបៀតបៀន​ក៏​ដោយ ( សូម​មើល អាលម៉ា​១:២៥–៣០ ) ។ សូម​ពិពណ៌នា​អំពី​របៀប​ដែល​នរណា​ម្នាក់​នៅ​សម័យ​របស់​យើង​អាច​ធ្វើ​ដូចគ្នា ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ ។

សូម​ចែកចាយ​ជាមួយ​សិស្ស​នូវ​ទំនុកចិត្ត​របស់​អ្នក​ថា ព្រះ​អង្គសង្គ្រោះ​នឹង​ជួយ​ពួកគេ​ឲ្យ​បន្ត​ខ្ជាប់ខ្ជួន​លើ​ទ្រង់​ទោះជា​ឆ្លងកាត់​ការបៀតបៀន​ក៏​ដោយ ។ សូម​ឲ្យ​ពួកគេ​ឲ្យ​ពិចារណា​ធ្វើអ្វី​ដែល​ពួកគេ ឬ​មិត្តរួមថ្នាក់​របស់​ពួកគេ​បាន​ចែកចាយ ។