ថ្នាក់​សិក្ខាសាលា
អាលម៉ា ១:១–១៨ ៖ អំពើ​អាក្រក់​នៃ​ឧបាយកល​ផ្នែក​សង្ឃ


« អាលម៉ា ១:១–១៨ ៖ អំពើ​អាក្រក់​នៃ​ឧបាយកល​ផ្នែក​សង្ឃ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អាលម៉ា ១:១–១៨ » ព្រះគម្ពី​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អាលម៉ា ១:១–១៨

អំពើ​អាក្រក់​នៃ​ឧបាយកល​ផ្នែក​សង្ឃ

រូបភាព
នីហូរ​កំពុង​ផ្សព្វផ្សាយ

យើង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មនុស្ស​ផ្សព្វផ្សាយ​ពី​ខ្លួនឯង និង​គំនិត​របស់​ពួកគេ​ដើម្បី​ទទួល​បាន​ការសរសើរ និង​ប្រយោជន៍​ផ្ទាល់ខ្លួន ។ ការជឿ​លើ​ការប្រព្រឹត្ត​ខុសឆ្គង​ទាំងនេះ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ប្រព្រឹត្ត​អំពើ​បាប ហើយ​បដិសេធ​ព្រះ​អង្គសង្គ្រោះ​របស់​ពួកគេ​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ពួកសាសន៍​នីហ្វៃ​ក៏​ជួប​បញ្ហា​នេះ​ផងដែរ ។ បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា នីហូរ​បានបង្រៀន​គោលលទ្ធិ​ក្លែងក្លាយ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​នៅ​ជំនាន់​របស់​គាត់ និង​អ្នក​ដទៃទៀត​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក បដិសេធ​ព្រះ​អង្គសង្គ្រោះ​របស់​ពួកគេ ។ មេរៀន​នេះ​អាច​ជួយអ្នក​ឲ្យ​ស្គាល់ និង​បដិសេធ​ការបង្រៀន​ខុសឆ្គង​ដែល​អាច​បង្វែរ​អ្នក​ចេញពី​ព្រះ​យេស៊ូវគ្រីស្ទ​ផងដែរ ។

ផ្ដោត​ទៅ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។សូម​តម្រង់ផ្លូវ​សិស្ស​ទៅរក​ព្រះ​អង្គសង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់​ហើយ​កុំទាញ​ចំណាប់អារម្មណ៍​មក​លើ​ខ្លួនអ្នក​ឡើយ ។ អែលឌើរ ផល វី ចនសុន ក្នុង​កូរ៉ុម​នៃ​ពួក​ចិតសិប​នាក់​បាន​សង្កេតឃើញ​ថា ៖ « បើ​គ្រូបង្រៀន​របស់​យើង​គ្មាន​ឧបាយកល​ផ្នែក​សង្ឃ នោះ​សិស្ស​នឹង​ស្រឡាញ់​ពួកគេ​ប៉ុន្តែ​សិស្ស​នឹងមិន​ពឹងផ្អែក​លើ​ពួកគេ​ទេ ។ ពួកគេ​នឹង​ស្រឡាញ់​អ្នក ហើយ​ពួកគេ​នឹងមាន​អំណរគុណ​ចំពោះ​អ្វី​ដែល​អ្នក​បានបង្រៀន​ពួកគេ ប៉ុន្តែ​ពួកគេ​នឹង​បែរទៅរក​ព្រះ​អម្ចាស់ » ( ផល វី ចនសុន « The Dangers of Priestcraft » អ្នក​អប់រំ​ខាង​សាសនា ទំព័រ ៩ លេខ ៣ [ ឆ្នាំ ២០០៨ ] ៖ ១១ ) ។

ការរៀប​ចំ​សិស្ស ៖ សិស្ស​អាច​សិក្សា​គម្រោង​មេរៀន​នេះ « ព្រះ​បន្ទូល​របស់​ព្រះ​អាច​ជួយ​ខ្ញុំ​ឲ្យ​ស្គាល់ និង​បដិសេធ​គោលលទ្ធិ​ខុសឆ្គង​បាន » នៅ​ក្នុង​គម្រោង​មេរៀន « ថ្ងៃទី ៣–៩ ខែ មិថុនា ។ ម៉ូសាយ ២៩–អាលម៉ា ៤ ៖ ‹ ពួកគេ​មានចិត្ត​ខ្ជាប់ខ្ជួន ហើយ​មុតមាំ› » នៅ​ក្នុង ចូរ​មកតាម​ខ្ញុំ—សម្រាប់​បុគ្គល​ម្នាក់ៗ និង​ក្រុម​គ្រួសារ ៖ ព្រះគម្ពីរមរមន​ឆ្នាំ ២០២៤ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាចមាន

ការបង្រៀន​ខុសឆ្គង

សូម​ឲ្យ​សិស្ស​បំពេញ​សកម្មភាព​ស្វ័យវាយតម្លៃ​ខាងក្រោមរៀងៗ​ខ្លួន ។ សូម​បង្ហាញ​សេចក្ដី​ថ្លែងការណ៍ ឬ​អាន​វា​ឲ្យ​ឮៗ ហើយ​សុំ​ឲ្យ​សិស្ស​គិត​អំពី​ចម្លើយ​របស់​ពួកគេ ។

  • នៅ​រង្វាស់​ពី ១ ទៅ ៥ ( ដែល ១ មិន​យល់ស្រប​ទាំងស្រុង និង ៥ យល់ស្រប​ទាំងស្រុង ) តើ​អ្នក​យល់​ស្រប ឬ​មិន​យល់ស្រប​នឹង​សេចក្ដី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​កម្រិត​ណា ? ហេតុអ្វី ?

ព័ត៌មាន​ភាគ​ច្រើន​ដែល​បង្ហាញ​មក​ខ្ញុំ​ជា​រៀងរាល់​ថ្ងៃ​គឺ​ជា​សេចក្តីពិត ។ ( ឧទាហរណ៍ ៖ នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ការផ្សាយពាណិជ្ជកម្ម​ពី​អ្នក​ដឹកនាំ និង​អ្នក​មាន​ឥទ្ធិពល​នៅ​ក្នុង​សង្គម ) ។

ព័ត៌មាន​ដែល​ខ្ញុំ​ទទួល​បាន​ជះ​ឥទ្ធិពល​លើ​សេចក្តីជំនឿ​របស់​ខ្ញុំ​លើ​ព្រះ​យេស៊ូវគ្រីស្ទ ។

ព្រះ​បាន​ប្រទាន​ជំនួយ​ដល់​ខ្ញុំ​ក្នុង​ការស្គាល់​សេចក្តីពិត និង​ភាពខុសឆ្គង ។

យើង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​សារ​ខុសឆ្គង​ជាច្រើន ដែល​អាច​ធ្វើ​ឲ្យ​ជំនឿ​របស់​យើង​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​ចុះខ្សោយ ។ នៅពេល​អ្នក​សិក្សា អាលម៉ា ១ សូម​ស្វែងរក​ការណែនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​ជួយអ្នក​ឲ្យ​ស្គាល់​ការបង្រៀន​ខុសឆ្គង នៅ​ក្នុង​ពិភពលោក​ជុំវិញ​អ្នក​ដែល​អាច​បង្វែរ​អ្នក​ចេញពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

មុន​ពេល​ទ្រង់​សោយ​ទិវង្គត ស្ដេច​ម៉ូសាយ​បាន​បង្កើត​ទម្រង់​រដ្ឋាភិបាល​ថ្មី​មួយ ។ ជំនួស​ឲ្យ​ការមាន​ស្ដេច​ប្រជាជន​បាន​ជ្រើសរើស​ចៅក្រម​ដើម្បី​អនុវត្ត​ច្បាប់ ។ អាលម៉ា​ជា​កូន​ត្រូវបាន​ជ្រើសរើស​ជា​មេ​ចៅក្រម ឬ​អភិបាល​ដំបូង​គេ ( សូម​មើល អាលម៉ា ២:១៦ ) ។ លោក​ក៏ជា​សង្ឃ​ជាន់ខ្ពស់ និង​ជា​អ្នក​ដឹកនាំ​សាសនាចក្រ​ផងដែរ ( សូម​មើល ម៉ូសាយ ២៩ ) ។ ប្រជាជន​ចាប់ផ្តើម​តាមដាន​ពី​ពេល​ដែល​រដ្ឋាភិបាល​របស់​ពួកគេ​បានផ្លាស់ប្តូរ ។

នៅ​ឆ្នាំ​ទីមួយ​នៃ​រជ្ជកាល​នៃ​ពួកចៅក្រម បុរស​ទុច្ចរិត​ម្នាក់​ឈ្មោះ​នីហូរ​បាន​ចាប់ផ្ដើម​មាន​ឥទ្ធិពល​លើ​ពួកសាសន៍​នីហ្វៃ ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់​បាន​បង្រៀន​អំពី​មូលហេតុ​ដែល​រឿង​របស់​នីហូរ ត្រូវបាន​បញ្ចូលទៅ​ក្នុង​ព្រះគម្ពីរ​មរមន ។

ព្រះគម្ពីរ​មរមន​មាន​ដំណើររឿង​របស់​បុរស​ម្នាក់​ឈ្មោះ​នីហូរ ។ វា​ងាយស្រួល​យល់​ថា ហេតុអ្វី​បានជា​មរមនបានគិតថា វា​សំខាន់​ក្នុង​ការបញ្ចូល​អ្វីមួយ​អំពី​បុរស​នេះ និង​ឥទ្ធិពល​យូរ​អង្វេង​នៃ​គោលលទ្ធិ​របស់​គាត់ នៅ​ក្នុង​សេចក្តីសង្ខេប​កំណត់ត្រា​មួយពាន់​ឆ្នាំ​នៃ​សាសន៍​នីហ្វៃ ។ មរមន​បានព្យាយាម​ព្រមាន​យើងដោយ​ដឹងថា ទស្សនវិជ្ជា​នេះនឹង​លេចឡើង​ម្តងទៀត​នៅ​សម័យ​របស់​យើង ។ ( ឌី ថត គ្រីស្តូហ្វឺសិន « The Divine Gift of Repentance » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៣៨ )

សូម​អាន អាលម៉ា ១:២–៦ ដោយ​រកមើល​អ្វី​ដែល​នីហូរ​បានបង្រៀន​ប្រជាជន ។ សូម​ធ្វើ​បញ្ជី​ពី​ការបង្រៀន​របស់​នីហូរ ។ សូម​សរសេរ​វា​ថា « ពិត » « មិន​ពិត » ឬ « លាយគ្នា » ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ចូលរួម អ្នក​អាច​ឲ្យ​ពួកគេ​រាយបញ្ជី ហើយ​សរសេរ​ពី​ការបង្រៀន​របស់​នីហូរ​នៅ​លើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​​ជាច្រើន​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

អ្នក​ប្រហែល​ជា​បាន​កត់សម្គាល់​ឃើញ​ថា នីហូរ​បាន​លាយ​បញ្ចូល​ការបង្រៀន​ខុសឆ្គង​របស់​គាត់​ជាមួយ​នឹង​សេចក្ដីថ្លែងការណ៍​ពិត ។ ការណ៍​នេះ​បង្ហាញ​ពី​កលល្បិច​ដែល​សាតាំង​ប្រើផង​ដែរ ។ ពេល​យើង​ប្រៀបធៀប​នីហូរ​ទៅនឹង​សាតាំង យើង​ដឹងថា សាតាំង​ប្រើ​ពាក្យ​កុហក​លាយឡំ​នឹង​សេចក្តីពិត​ដើម្បី​បញ្ឆោត​មនុស្ស ហើយ​បង្វែរ​ពួកគេ​ចេញពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  • តើ​អ្នក​ឃើញ​ភស្តុតាង​អ្វីខ្លះ​នៅ​សម័យ​នេះ ?

អែលឌើរ ឌែល ជី រិនឡាន់ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្ហាញ​ពី​របៀប​ដែល​គំនិត​ខុស​ឆ្គង​របស់​នីហូរ​មាន​ឥទ្ធិពល​លើ​មនុស្ស​មួយចំនួន​នៅ​សព្វថ្ងៃ​នេះ ៖

[ ការបង្រៀន​ខុសឆ្គង​ដែល​រារាំង​យើង​ពី​ការប្រែចិត្ត ] គឺ​ជា​ការគិត​ថា អំពើ​បាប​របស់​យើង​មិន​សំខាន់​ទេ ដោយសារ​ព្រះ​ស្រឡាញ់​យើង​ទោះជា​យើង​ធ្វើអ្វីក៏​ដោយ ។ វា​ជា​ការល្បួង​ឲ្យ​ជឿ​នូវ​អ្វី​ដែល​នីហូរ​ពោរពេញ​ដោយ​ការបោក​បញ្ឆោត​បាន​បង្រៀន​ប្រជាជន​សារ៉ាហិមឡា​ថា « មនុស្ស​លោក​ទាំង​អស់​ត្រូវ​តែ​បាន​សង្គ្រោះ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ថា ពួក​គេ​មិន​ចាំបាច់​ខ្លាច ឬ​ញាប់​ញ័រ​ទេ … ហើយ​នៅ​ទី​បញ្ចប់ មនុស្ស​ទាំង​អស់​នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។ [ អាលម៉ា ១:៤ ] ប៉ុន្តែ​គំនិត​លួងលោម​នេះ​គឺ​ខុស​ឆ្គង​ហើយ ។ ព្រះ​ទ្រង់​ពិតជា​ស្រឡាញ់​យើង ។ ប៉ុន្តែ​អ្វី​ដែល​យើង​ធ្វើ​គឺ​ចាំបាច់​ចំពោះ​ទ្រង់ និង​ចំពោះ​យើង ។ ទ្រង់​បាន​ប្រទាន​ការណែនាំ​ច្បាស់លាស់​អំពី​របៀប​ដែល​យើង​គប្បី​ប្រព្រឹត្ត ។ យើង​ហៅ​វា​ថា​ព្រះបញ្ញត្តិ ។ ការអនុមតិ​របស់​ទ្រង់ និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង​អាស្រ័យ​លើ​ឥរិយាបថ រួមទាំង​ឆន្ទៈ​របស់​យើង​ដើម្បី​ស្វែងរក​ការប្រែចិត្ត​ពិតប្រាកដ​ដោយ​រាបសា ។ ( ឌែល ជី រិនឡិន « Repentance: A Joyful Choice » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១២៣ )

ការស្គាល់​ការបង្រៀន​ខុសឆ្គង

ការស្គាល់​ការបង្រៀន​ខុសឆ្គង​ដូចជា​ការបង្រៀន​របស់​នីហូរ​ជួនកាល​អាច​ជាការ​ពិបាក ។ សំណាងល្អ អ្នក​អាច​ស្គាល់ការបង្រៀន​ខុសឆ្គង​ទាំង​នោះ​បាន ។ មរមន​បានបង្រៀន​ថា បើ​សារលិខិត ឬ​ការបង្រៀន​បញ្ចុះបញ្ចូល​យើង​ឲ្យ « ធ្វើ​អាក្រក់ ហើយ​មិន​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ហើយ​បដិសេធ​ទ្រង់ ហើយ​មិន​បម្រើ​ព្រះ​ទេ » នោះ​យើង​អាច​ដឹង​ថា វា​ខុសឆ្គង និង​មកពី​អារក្ស ( មរ៉ូណៃ ៧:១៧ ) ។

  • តើ​ការបង្រៀន​របស់​នីហូរ​មួយ​ណា​ដែល​អាច​ធ្វើ​ឲ្យ​នរណា​ម្នាក់​មាន​អារម្មណ៍​ថា​ពួកគេ​មិន​ត្រូវការ​ព្រះ​អង្គសង្គ្រោះ ?

    សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​ការបង្រៀន​ខុសឆ្គង​បាន ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ ។

  • តើ​ការបង្រៀនខុសឆ្គង​អ្វីទៀត​នៅ​សព្វថ្ងៃនេះ​ដែល​បង្វែរ​មនុស្ស​ចេញពី​ព្រះ​យេស៊ូវគ្រីស្ទ ?

សំណួរ​ខាង​ក្រោម​នេះ​មាន​បំណង​សម្រាប់​ការឆ្លុះបញ្ចាំង​ពី​ខ្លួនឯង ហើយ​មិនមែន​សម្រាប់​ការពិភាក្សា​ក្នុង​ថ្នាក់​ឡើយ ។

សូម​គិត​អំពី​សារលិខិត​ដែល​អ្នក​ស្តាប់​ឮ ឬ​អាន​ជា​ប្រចាំ ។ តើ​វា​មាន​ឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្តេច ? តើ​មាន​ចំណុច​អវិជ្ជមាន​ណាមួយ​ជះ​ឥទ្ធិពល​លើ​ជំនឿ​របស់​អ្នក​លើ​ព្រះ​យេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ?

បើអ្នក​កំពុងប្រើប្រាស់​សារ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខុសឆ្គង​ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ជំនឿ​របស់​អ្នក​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ សូម​បិទ ឬ​លុបចោល​ប្រភព​នៃ​សារ​ទាំងនោះ​ចេញពី​ជីវិត​របស់​អ្នក ។ សូម​ជំនួស​សារ​ទាំងនោះ​ដោយ​សារ​ដែល​នឹង​ស្ថាបនា​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ​វិញ ។ ឧទាហរណ៍ ៖ ទស្សនាវដ្ដី ​ដើម្បី​កម្លាំង​នៃ​យុវជន និង លីអាហូណា មាន​នៅ ChurchofJesusChrist.orgមាន​មាតិកា​ស្ថាបនា​សេចក្តី​ជំនឿ ។

វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការចង្អុលបង្ហាញ​ថា ការបង្រៀន​របស់​នីហូរ​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ឲ្យ​ធ្វើ​អាក្រក់ ។ នៅក្នុង​គម្ពីរ​អាលម៉ា​ទាំងមូល មនុស្ស​ជាច្រើន​ក្រុម​បានបដិសេធ​ព្រះ​អង្គសង្គ្រោះ​ដោយសារ​តែ​ការបង្រៀន​របស់​នីហូរ ។ បើ​អ្នក​មាន​អារម្មណ៍​ថា សិស្ស​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការរៀន​បន្ថែម​ទៀត​អំពី​ដំណើររឿងនេះ សូម​មើល « ឥទ្ធិពល​នៃ​ការបង្រៀន​របស់​នីហូរ » នៅ​ក្នុង​ផ្នែក​សកម្មភាព​រៀនសូត្រ​បន្ថែម ។

ឧបាយកល​ផ្នែក​សង្ឃ

សូម​ពិចារណា​ពិភាក្សា​អំពី​ភាពស្មោះត្រង់​របស់​គេឌាន​ក្នុង​ការ​ការពារ​ព្រះគ្រីស្ទ ។ អ្នក​អាច​គូស​ចំណាំ អាលម៉ា ១:៧ ។ អ្នក​ក៏​អាច​លើក​ឡើង​នូវ អាលម៉ា ១:៨ ហើយ​រំឭក​ដល់​សិស្ស​អំពី​សកម្មភាព​ដ៏​ស្មោះត្រង់​របស់​គេឌាន​នៅ​ក្នុង ម៉ូសាយ ២២:៣–៩ ។

ថ្ងៃមួយ នីហូរ​បានជួប​មេ​ដឹកនាំ​សាសនាចក្រ​ចាស់ទុំ​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​គេឌាន ។ ពេល នីហូរ ព្យាយាម​នាំ​សមាជិក​សាសនាចក្រ​ឲ្យ​វង្វេង នោះគេឌាន « តទល់​នឹង [ នីហូរ ] ដោយ​ព្រមាន​ដាស់តឿន​គាត់​ដោយ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ » ( អាលម៉ា ១:៧ ) ។ នីហូរ​ខឹង​នឹង​គេឌាន ហើយ​សម្លាប់​គាត់ ។ ពេលនោះ នីហូរ ត្រូវបាន​គេចាប់​នាំ​ទៅ​ចំពោះ​មុខ​អាលម៉ា ហើយ​ត្រូវបាន​គេ​សម្លាប់​ទៅ​តាម​ច្បាប់ ( សូម​មើល អាលម៉ា ១:៩–១៥ ) ។

សូម​អាន អាលម៉ា ១:១២ ដោយ​រកមើល​ពី​របៀប​ដែល​អាលម៉ា​បានពិពណ៌នា​អំពី​ការបង្រៀន​របស់​នីហូរ ។

អ្នក​ប្រហែលជា​ចង់​ជួយ​សិស្ស​ឲ្យ​អនុវត្ត​ការប្រើ​លេខយោង ។ សិស្ស​អាច​ចែកចាយ​របៀប​ជាច្រើន​ដើម្បី​រៀនពីអ្វី​ដែល​ជា​ឧបាយកល​ផ្នែក​សង្ឃ ។ បើ​គ្មាន​អ្នកណា​និយាយ​ទេ សូម​ណែនាំ​សិស្ស​ឲ្យ​មើល លេខ​យោង ១២ ។

សូម​អាន អាលម៉ា ១:១៦ និង នីហ្វៃទី​២ ២៦:២៩ ដោយ​រកមើល​ការពិពណ៌នា​ពី​ឧបាយកល​ផ្នែក​សង្ឃ ។

  • តើ​អ្នក​មើល​ឃើញ​ការអធិប្បាយ​របស់​នីហូរ​ជា​ឧទាហរណ៍​នៃ​ឧបាយកល​ផ្នែក​សង្ឃ​ដោយ​របៀប​ណា ?

  • ហេតុអ្វី​អ្នក​គិតថា​គំនិត​ខុស​ឆ្គង​មួយ​ចំនួន​មាន​ប្រជាប្រិយភាព ?

  • ហេតុអ្វី​អ្នក​គិត​ថា​ឧបាយកល​ផ្នែក​សង្ឃ​មាន​គ្រោះថ្នាក់​ម្ល៉េះ ?

ការបដិសេធ​ការបង្រៀន​ខុសឆ្គង

ដូច​គេឌាន​ដែរ យើង​អាច​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ដើម្បី​ជួយ​យើង​បដិសេធ​ការបង្រៀន​ខុស​ឆ្គង ( សូម​មើល អាលម៉ា ១:៧, ៩ ) ។ សូម​ជ្រើសរើស​ការបង្រៀន​ខុស​ឆ្គង​មួយ ឬ​ច្រើន​របស់​នីហូរ ឬ​ខ្លះ​ទៀត​ដែល​អ្នក​បាន​ស្តាប់​ឮ​ពី​ជំនាន់​របស់​យើង ។ បន្ទាប់មក​ស្វែងរក​បទគម្ពីរ​ដែល​កែតម្រូវ​ភាពខុសឆ្គង​នោះ ។ ឧទាហរណ៍ ៖ អ្នក​អាច​ជួបនឹង​ការបង្រៀន​របស់​នីហូរ​នៅក្នុង អាលម៉ា ១:៣ ជាមួយ​នឹង​ការបង្រៀន​របស់​ព្រះ​អង្គសង្គ្រោះ​នៅ​ក្នុង ម៉ាថាយ ២៣:១១ ។

ឧទាហរណ៍​មួយ​ចំនួន​ពី​បទគម្ពីរ​ដែល​សិស្ស​អាច​ប្រើប្រាស់​បាន រួមមាន ម៉ាថាយ ៧:១៥–២៣; នីហ្វៃទី​២ ២៦:២៩–៣១; ម៉ូសាយ ១៨:២៤–២៦; ហេលេមិន ១២:២៥–២៦ និង គោលលទ្ធិ និង​សេចក្តី​សញ្ញា ១:៣១–៣២ ។

  1. សូម​ចែកចាយ​ការបង្រៀន​ខុសឆ្គង ( នានា ) ដែល​អ្នក​បាន​ជ្រើសរើស និង​ខគម្ពីរ ( នានា ) ដែល​អ្នក​ចង់​កែ​វា ។

  2. សូម​ចែកចាយ​អ្វី​ដែល​អ្នក​បានរៀនពី អាលម៉ា ១ អំពី​របៀប​ស្គាល់ និង​បដិសេធ​ការបង្រៀន​ខុសឆ្គង ។