ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ៥:១–៩ ៖ សេចក្តីព្រមាន​ទាំងឡាយ​របស់​ព្រះ


« នីហ្វៃទី ២ ៥:១–៩ ៖ សេចក្តីព្រមាន​ទាំងឡាយ​របស់​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ៥:១–៩ ៖ សេចក្តីព្រមាន​ទាំងឡាយ​របស់​ព្រះ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ៥:១–៩

សេចក្តីព្រមាន​ទាំងឡាយ​របស់​ព្រះ

រូបភាព
គ្រួសារ​របស់​នីហ្វៃ​រត់​គេច​ចូល​ទៅក្នុង​ទីរហោស្ថាន

នីហ្វៃ​ច្បាស់​ជា​ខូច​ចិត្ត​ណាស់ ។ ដោយសារ លេមិន និង លេមយួល មាន​គម្រោង​សម្លាប់​លោក នោះ​នីហ្វៃ​ត្រូវបាន​ព្រមាន​ឲ្យ​នាំ « ពួក​ដែល​ជឿ​នូវ​សេចក្ដី​ព្រមាន​ទាំង​ឡាយ និង​វិវរណៈ​ទាំង​ឡាយ​របស់​ព្រះ » ( នីហ្វៃទី ២ ៥:៦ ) ហើយ​រត់​គេច​ចូល​ទៅក្នុង​ទីរហោស្ថាន ។ ជួនកាល យើង​ក៏​អាច​ត្រូវបាន​ព្រះអម្ចាស់​ព្រមាន​អំពី​គ្រោះថ្នាក់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​ដែល​នៅជុំវិញ​យើង​ដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ធ្វើតាម​ការព្រមាន​ដែល​ព្រះអម្ចាស់​ប្រទាន​ឲ្យ​ដោយ​ក្ដីស្រឡាញ់​ដើម្បី​ការពារ​អ្នក ។

ការជំរុញ​ឲ្យ​មាន​បរិយាកាស​នៃ​ការទទួល​យក និង​ការគោរព ។ សូម​បណ្ដុះ​អារម្មណ៍​នៃ​ការមាន​ចំណែក​ក្នុង​សិស្ស​ម្នាក់ៗ ដោយ​ការទទួល​ស្គាល់​យ៉ាង​ពិតប្រាកដ​ថា​សិស្ស​ម្នាក់ៗ​មាន​គេត្រូវការ ការ​ឲ្យ​តម្លៃ​អំពី​ប្រវត្តិ និង​កាលៈទេសៈ​ផ្សេងៗ ហើយ​ផ្ដល់​ឱកាស​សម្រាប់​សិស្ស​ដើម្បី​ទទួល​យក​កម្លាំង​ពី​គ្នា​ទៅ​វិញ​ទៅ​មក និង​ពី​ព្រះអង្គ​សង្គ្រោះ ។ អ្នក​ក៏​អាច​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា ពួកគេ​មាន​តួនាទី​ក្នុង​កិច្ចការ​របស់​ព្រះ​ផងដែរ ។

ការរៀប​ចំ​សិស្ស ៖ សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​មក​ថ្នាក់​រៀន ដោយ​រៀបចំ​ដើម្បី​ចែកចាយ​បទពិសោធន៍​មួយ នៅពេល​នរណា​ម្នាក់​បាន​ផ្ដល់​ការព្រមាន​ដល់​ពួកគេ ដែល​ពួកគេ​មាន​អំណរគុណ​ចំពោះ​រឿង​នោះ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

ការព្រមាន​ទាំងឡាយ

សូម​ពិចារណា​បង្ហាញ​សញ្ញា​ព្រមាន​មួយ​ចំនួន ហើយ​សួរ​សំណួរ​ដូច​ខាង​ក្រោម ដើម្បី​ជួយ​សិស្ស​ពិភាក្សា​អំពី​របៀប​ដែល​ការព្រមាន​អាច​ជា​ពរជ័យ ។

អ្នក​ក៏​អាច​ពិចារណា​ដាក់​អ្វី​ដែល​កខ្វក់ ឬ​ស្អិត​នៅលើ​កៅអី​ណា​មួយ ហើយ​ដាក់​សញ្ញា​ព្រមាន​ជុំវិញ​កៅអី​នោះ​មុន​ពេល​ចូល​រៀន ។

រូបភាព
សញ្ញា​ព្រមាន
  • ហេតុអ្វី​សញ្ញា​ព្រមាន​បែប​នេះ​មាន​សារៈសំខាន់ ?

  • ហេតុអ្វី​មនុស្ស​មួយ​ចំនួន​មើល​សញ្ញា​ព្រមាន​ដោយ​ការដឹង​គុណ ? ដោយ​ក្តៅក្រហាយ ?

  • តើ​ពេលណា​ដែល​អ្នកមាន​អំណរគុណ​ដែល​អ្នក​ត្រូវបាន​ព្រមាន ?

នៅពេល​អ្នក​សិក្សា​ថ្ងៃ​នេះ សូម​គិត​អំពី​មូលហេតុ​ដែល​ព្រះ​បញ្ជូន​ការព្រមាន​មក​យើង ។ សូម​ព្យាយាម​ផងដែរ​ដើម្បី​ចងចាំ​របៀប​ផ្សេងៗ​ដែល​អ្នក​ប្រហែល​ជា​មាន​ប្រតិកម្ម​ចំពោះ​ការព្រមាន​ដែល​ទ្រង់​បាន​ប្រទាន​មក ។

ការព្រមាន​ទាំងឡាយ​របស់​ព្រះ​ចំពោះ​នីហ្វៃ

សូមអាន នីហ្វៃទី ២ ៥:១–៩ ដោយ​រកមើល​ការព្រមាន​មួយ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​នីហ្វៃ បន្ទាប់ពី​លោក​បាន​ក្លាយជា​អ្នក​ដឹកនាំ​ខាង​វិញ្ញាណ​នៃ​គ្រួសារ​បន្ទាប់ពី​ការស្លាប់​របស់​លីហៃ ។ ឬ​អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « The Nephites Flee into the Wilderness » ចាប់ពីនាទី​ទី ០:០០ ដល់​នាទីទី ៣:២១ ។

សូម​ព្យាយាម​ដាក់​ខ្លួន​អ្នក​ជំនួស​ក្មេង​ជំទង់​សាសន៍​នីហ្វៃ​ម្នាក់​ដែល​គ្រួសារ​ត្រូវបាន​អញ្ជើញ​ឲ្យ​ដើរ​តាម​នីហ្វៃ ។

  • ហេតុអ្វី​វា​ពិបាក​ក្នុង​ការចាកចេញ ?

  • តើ​វា​ត្រូវការ​អ្វី​ខ្លះ​សម្រាប់​អ្នក​ក្នុង​ការសម្រេច​ចិត្ត​ដើរ​តាម​នីហ្វៃ​ទៅ​ក្នុង​ទីរហោស្ថាន ?

  • យោង​តាម ខ​ទី ៦ តើ​អ្នក​ដែល​បាន​ទៅ​ជាមួយ​លោក ជា​បុគ្គល​ដែល​មាន​ការតាំងចិត្ត​អ្វី​ខ្លះ ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​នេះ​គឺ​ថា ព្រះ​អាច​នាំ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​គ្រោះថ្នាក់ ប្រសិនបើ​យើង​ជ្រើសរើស​ជឿ​លើ​វិវរណៈ​របស់​ទ្រង់ ហើយ​ស្តាប់​តាម​ព្យាការី​របស់​ទ្រង់ ។

ការពិភាក្សា​ក្នុង​ថ្នាក់​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ដឹង​គុណ​ដែល​ព្រះ​ស្រឡាញ់​យើង​គ្រប់គ្រាន់​ដើម្បី​ព្រមាន​យើង​ពី​គ្រោះថ្នាក់ ។

ដើម្បី​ជួយ​សម្រួល​ដល់​ការពិភាក្សា អ្នក​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ព្យាយាម​ស្រមៃ​មើល​ថា តើ​ពិភព​លោក​នេះ ( ឬ​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ ) ខុស​គ្នា​យ៉ាង​ណា ប្រសិនបើ​ព្រះ​មិន​ដែល​ព្រមាន​យើង​អំពី​អ្វី​នោះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​សិស្ស​នៅក្នុង​ថ្នាក់ ។ នៅពេល​សិស្ស​ពិភាក្សា​អំពី​គំនិត​របស់​ពួកគេ សូម​ជួយ​ពួកគេ​ឃើញ​ថា ការព្រមាន​របស់​ព្រះ​ជា​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់ និង​ការយក​ព្រះទ័យ​ទុក​ដាក់​របស់​ទ្រង់​ចំពោះ​យើង ។ វីដេអូ និង​សំណួរ​មួយ​ចំនួន​ខាង​ក្រោម​អាច​ប្រើ​ដើម្បី​បន្ត​ការពិភាក្សា​ក្នុង​ថ្នាក់ ។

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « Enemy Territory » ( ៣:៣៨ ) មាន​នៅ​គេហទំព័រ ChurchofJesusChrist.org ដោយ​រកមើល​ពី​របៀប​ដែល​ការព្រមាន​របស់​ព្រះ​អាច​ផ្តល់ពរ​ដល់​ជីវិត​របស់​យើង ។

  • ហេតុអ្វី​អ្នក​គិត​ថា​យើង​ត្រូវការ​ការព្រមាន​របស់​ព្រះ​នៅ​ជំនាន់​របស់​យើង ?

  • តើ​មាន​របៀប​ខុស​គ្នា​អ្វី​ខ្លះ​ដែល​ព្រះ​ធ្វើ​ឲ្យ​មនុស្ស​ទូទៅ និង​បុគ្គល​ម្នាក់ៗ ស្គាល់​ការព្រមាន​របស់​ទ្រង់ ​អំពីកាលៈទេសៈ​ជាក់លាក់​របស់​ពួកគេ ?

  • តើ​មាន​ហេតុផល​អ្វី​ខ្លះ​ដែល​មនុស្ស​ម្នាក់​អាច​ជ្រើសរើស​មិន​ធ្វើ​តាម​ការព្រមាន​របស់​ព្រះ ហើយ​តើ​អ្នក​អាច​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​នរណា​ម្នាក់​ដែល​ផ្តល់​ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ទាំង​នេះ ?

  • តើ​អ្នក ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក​ត្រូវបាន​ការពារ​តាមរយៈ​ការធ្វើ​តាម​ការព្រមាន​ពី​ព្រះ​យ៉ាង​ដូចម្ដេច ? សូម​ចែកចាយ​ឧទាហរណ៍​ជាក់លាក់​មួយ ប្រសិន​បើ​អ្នក​អាច​គិត​ឃើញ​ពី​ឧទាហរណ៍​នោះ ។

ព្រះ​ព្រមាន​យើង​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់

របៀប​មួយ​ដែល​ព្រះ​ព្រមាន​យើង​ដោយ​ក្ដី​ស្រឡាញ់​ពី​គ្រោះថ្នាក់ គឺ​តាមរយៈ​ព្យាការី​ដែល​មាន​ជីវិត​រស់នៅ​របស់​​ទ្រង់ ។ ឧទាហរណ៍ ៖ នៅក្នុង នីហ្វៃទី ២ ៥:៥–៦ គ្រួសារ​សាសន៍​នីហ្វៃ​ជាច្រើន បាន​ស្តាប់​តាម​ការព្រមាន​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​លោក​ឲ្យ​ចាកចេញ​ទៅក្នុង​ទីរហោស្ថាន ។ ( សូមមើល​ផងដែរ អេម៉ុស ៣:៧ ) ។ យើង​ក៏​រកឃើញ​ការព្រមាន​ជា​ច្រើន​ពី​ព្រះ​សម្រាប់​យើង​នៅក្នុង​ព្រះគម្ពីរ​របស់​ទ្រង់​ផងដែរ ។

សូម​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្វែងរក​បទគម្ពីរ​អំពី​ការព្រមាន ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង​តាមរយៈព្យាការី​របស់​ទ្រង់​កាល​ពី​អតីតកាល ។ ( ឧទាហរណ៍​មួយ​ចំនួន​រួមមាន អាលម៉ា ៤១:១០; មរ៉ូណៃ ១០:៣០, ៣២; គោលលទ្ធិ និង សេចក្តីសញ្ញា ៦៣:៥៧–៥៨; ៨៩:១–៤ ) ។

សូម​ពិចារណា​ឲ្យ​សិស្ស​ស្វែងរក​ការព្រមាន​ពី​ព្រះ​នៅក្នុង​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង ។ អ្នក​អាច​ផ្តល់​ឧទាហរណ៍​ខាង​លើ ឬ​ឧទាហរណ៍​ផ្សេង​ទៀត ប្រសិនបើ​ពួកគេ​ត្រូវការ​ជំនួយ ។

សូម​បង្ហាញ​សំណួរ​ខាង​ក្រោម​នៅពេល​ពួកគេ​សិក្សា ។ បន្ទាប់មក សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជា​ក្រុម​តូចៗ ។

  • តើ​ការព្រមាន​អ្វី​ខ្លះ​ដែល​អ្នក​រកឃើញ ដែល​អ្នក​គិត​ថា​ពិភព​លោក​ត្រូវការ​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ?

  • តើ​អ្នក​គិត​ថា​មាន​ផលវិបាក​យ៉ាង​ណា​ចំពោះ​ការគោរព ឬ​មិន​គោរព​ការព្រមាន​ទាំង​នេះ ?

  • តើ​ការព្រមាន​ទាំង​នេះ​ជា​សញ្ញា​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​យ៉ាង​ដូចម្ដេច ?

  • តើ​ការគោរព​តាម​ការព្រមាន​ដែល​អ្នក​បាន​រកឃើញ​នឹង​ជួយ​អ្នក​ឲ្យ​ប្រែ​ក្លាយ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

  • តើ​ការមិន​អើពើ​នឹង​ការព្រមាន​របស់​ទ្រង់​អាច​ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​ទ្រង់​ដោយ​របៀប​ណា ?

ការព្រមាន​ទាំងឡាយ​របស់​ព្រះ​សម្រាប់​អ្នក

សូម​ពិចារណា​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​មួយ នៅពេល​ដែល​អ្នក​បាន​ទទួល​ពរ​ដោយ​ធ្វើតាម​ការព្រមាន​មួយ​ពី​ព្រះ ។

បន្ទាប់មក ផ្តល់​ឲ្យ​សិស្ស​នូវ​ពេលវេលា​ស្ងប់ស្ងាត់​គ្រប់គ្រាន់​ដើម្បី​សញ្ជឹង​គិត និង​សរសេរ​គំនិត និង​អារម្មណ៍​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​ពួកគេ ដើម្បី​បញ្ចប់​មេរៀន ។ សេចក្តី​ថ្លែងការណ៍ និង​ការបំផុស​គំនិត​ខាង​ក្រោម​អាច​មាន​ប្រយោជន៍​ក្នុង​ការរៀបចំ​សិស្ស​មុន​ពេល​សរសេរ ។

ប្រធាន ប៊យដ៍ ខេ ផាកកឺ ( ឆ្នាំ ១៩២៤–២០១៥ ) ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​ពន្យល់ ៖

ជីវិត​នេះ​មិន​រំពឹង​ថា អ្នក​មិន​ដែល​ធ្វើ​ខុស​នោះ​ទេ ប៉ុន្តែ​អ្នក​នឹង​មិន​ធ្វើ​កំហុស​ធំៗ​ដោយ​គ្មាន​ការព្រមាន​ប្រាប់​ជា​មុន តាមរយៈ​ការបំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​នោះ​ឡើយ ។ ការសន្យា​នេះ​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់​រូប ។ ( ប៊យដ៍ ខេ ផាកកឺ « Counsel to Youth » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ១៨ )

  • តើ​ព្រះវរបិតាសួគ៌​បាន​ព្រមាន​ខ្ញុំ​អំពី​អ្វី​មួយ​ជាក់លាក់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​តាមរយៈ​គំនិត ឬ​អារម្មណ៍​មក​ពី​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ?

  • តើ​មាន​ការព្រមាន​ជាក់លាក់​ពី​ព្រះ​ដែល​ខ្ញុំ​បាន​ទទួល​តាមរយៈ​ថ្នាក់​ដឹកនាំ​សាសនាចក្រ ឪពុក​ម្ដាយ ពរជ័យ​បព្វជិតភាព ឬ​មធ្យោបាយ​ផ្សេង​ទៀត​ដែរ​ឬ​ទេ ? តើ​ខ្ញុំ​ធ្វើតាម​ពួកលោក​ដោយ​របៀប​ណា ?

  • តើ​មាន​អ្វី​មួយ​ដែល​ខ្ញុំ​គិត​ថា ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​ជាមួយ​នឹង​អ្វី​ដែល​ខ្ញុំ​បាន​រៀន ឬ​ទទួល​អារម្មណ៍​នូវ​ថ្ងៃ​នេះ ?