ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ២ ៣ ៖ « អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង »


« នីហ្វៃទី ២ ៣ ៖ ‹ អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ២ ៣ ៖ ‹ អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ២ ៣

« អ្នក​មើល​ឆុត​ដ៏​ជម្រើស​ម្នាក់ ដែល​យើង​នឹង​បង្កើត​ឡើង »

រូបភាព
យ៉ូសែប ស្ម៊ីធ

ជំពូកទី ៣ នៃ នីហ្វៃ​ទី ២ កត់ត្រា​ពី​ពាក្យ​សម្តី​ហៀប​នឹង​ស្លាប់​របស់​លីហៃ​ទៅ​កាន់​កូន​ប្រុស​ពៅ​របស់​លោក​គឺ​យ៉ូសែប ។ លីហៃ​បាន​ដក​ស្រង់​ការព្យាករណ៍​មួយ​ដែល​បាន​ព្យាករ​ដោយ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​ប្រហែល​ជា ១,៧០០ ឆ្នាំ​ពីមុន​ការប្រសូត​របស់​ព្រះគ្រីស្ទ ។ សូម​ស្រមៃ​អំពី​ការភ្ញាក់ផ្អើល​របស់ យ៉ូសែប ស្ម៊ីធ នៅពេល​លោក​បាន​រកឃើញ​ថា​លោក​ជា​ប្រធានបទ​នៃ​ការព្យាករណ៍​ជាច្រើន​ដែល​បាន​ព្យាករ​ដោយ​យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ ។ គោលបំណង​នៃ​មេរៀន​នេះ​គឺ​ជួយ​អ្នក​ឲ្យ​មាន​ទីបន្ទាល់​កាន់តែ​ខ្លាំង​អំពី​ការហៅ​ដ៏​ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ។

ការបង្រៀន​ព្រះគម្ពីរ និង​ពាក្យនៃ​ការព្យាករណ៍​ប្រកប​ដោយ​ការជឿជាក់ និង​គោលបំណង ។ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី និងពួក​សាវក​ថ្ងៃ​ចុង​ក្រោយ គឺ​ជា​ប្រភព​នៃ​សេចក្តីពិត ។ សូម​ប្រាកដ​ថា អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​បង្រៀន​ស្រប​នឹង​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី ។ ការបង្រៀន​សេចក្តីពិត​នឹង​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន ។

ការរៀប​ចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ឬ​មើល​សុន្ទរកថា​របស់​អែលឌើរ នែល អិល អាន់ឌើរសិន « Joseph Smith » ពី​សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០១៤ ( សូមមើល EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ២៨–៣១ ) ហើយ​រកមើល​មូលហេតុ​ដែល​វា​សំខាន់​ដើម្បី​មាន​ទី​បន្ទាល់​ផ្ទាល់​ខ្លួន​ថា យ៉ូសែប ស្ម៊ីធ ត្រូវបាន​ព្រះ​ហៅ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

សូម​កត់ចំណាំ​ថា មេរៀន​នេះ​ផ្តោតលើ​បេសកកម្ម​ដ៏​ទេវភាព​របស់ យ៉ូសែប ស្ម៊ីធ ។ មេរៀន​នេះ​នឹងពណ៌នា​អំពី​តួនាទី​នៃ​បទគម្ពីរ​ដូច​បាន​រៀបរាប់​នៅក្នុង នីហ្វៃទី ២ ៣:១២ ។

យ៉ូសែប​បួន​នាក់

សូម​ពិចារណា​ពី​លទ្ធភាព​មួយ​ក្នុង​ចំណោម​លទ្ធភាព​ខាងក្រោម ៖ អ្នក​អាច​បង្ហាញ​រូបភាព និង​សេចក្ដី​យោង​នៃ​បទគម្ពីរ​ខាង​ក្រោម​នេះ​ច្របល់​ចូល​គ្នា ហើយ​អញ្ជើញ​សិស្ស​ឲ្យ​ផ្គូផ្គង​ខគម្ពីរ​ជាមួយ​នឹង​រូបភាព​ត្រឹមត្រូវ ។ ឬ​បង្ហាញ​សេចក្ដី​យោង​នៃ​បទ​គម្ពីរ​ជាមួយ​នឹង​ខគម្ពីរ​ដែល​ទាក់ទង ហើយ​អញ្ជើញ​សិស្ស​ឲ្យ​រកមើល​ថា​បុគ្គល​នោះ​ជា​នរណា ។ សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​កត់​ត្រា​ឈ្មោះ​ទាំង​នេះ​នៅ​ក្នុង​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

បុគ្គល​បួន​នាក់​ដែល​បាន​លើក​ឡើង​នៅក្នុង នីហ្វៃ​ទី ២ ៣ ទាំងអស់​មាន​ឈ្មោះ​ដូចគ្នា ។ សូម​អាន​ខគម្ពីរ​សម្រាប់​រូបភាព​នីមួយៗ ហើយ​រកមើល​ថា តើ​រូបភាព​ទាំងបួន​នេះ​តំណាង​ឲ្យ​អ្នក​ណា ។

រូបភាព
រូបថត​របស់​យ៉ូសែប​ទាំង​បួន

នីហ្វៃទី ២ ៣:៣; នីហ្វៃទី ២ ៣:៤; នីហ្វៃទី ២ ៣:១១; នីហ្វៃទី ២ ៣:១៥

សូម​ធានា​ឲ្យ​បាន​ថា សិស្ស​យល់​ថា តួអង្គ​ទាំងនេះ​គឺ​តំណាងឲ្យ (១) យ៉ូសែប កូន​ប្រុស​របស់​លីហៃ, (២) យ៉ូសែប នៅ​ស្រុក​អេស៊ីព្ទ, (៣) ព្យាការី យ៉ូសែប ស្ម៊ីធ និង (៤) ឪពុក​របស់​ព្យាការី​គឺ យ៉ូសែប ស្មីធ ស៊ីញ័រ

ភាគ​ច្រើន​នៃ នីហ្វៃ​ទី ២ ៣ ផ្ដោតលើ​ការព្យាករណ៍​ដែល​ព្យាករ​ដោយ យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ​អំពី « អ្នក​មើល​ឆុត » និង​ព្យាការី យ៉ូសែប ស្ម៊ីធ និង​បេសកកម្ម​របស់​លោក​នៅថ្ងៃ​ចុង​ក្រោយ ។

ប្រធាន ព្រិកហាំ យ៉ង់ ( ឆ្នាំ ១៨០១–១៨៧៧ ) បាន​ថ្លែង​សេចក្ដី​ថ្លែងការណ៍​ដូច​ខាង​ក្រោម​អំពី​ការរៀបចំ​របស់​ព្រះអម្ចាស់​សម្រាប់​បេសកកម្ម​របស់​យ៉ូសែប ស្ម៊ីធ ៖

វា​ត្រូវបាន​សម្រេច​នៅក្នុង​ការប្រឹក្សា​នៃ​ភាពអស់​កល្ប​ជានិច្ច ជា​យូរ​មុន​ពេល​គ្រឹះ​នៃ​ផែនដី​ត្រូវបាន​បង្កើត លោក​គឺ យ៉ូសែប ស្ម៊ីធ គួរតែ​ជា​បុរស​នៅក្នុង​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយនៃ​ពិភព​លោក​នេះ ដើម្បី​នាំមក​នូវ​ព្រះបន្ទូល​នៃ​ព្រះ​ដល់​មនុស្ស ហើយ​ទទួល​បាន​ភាពពេញលេញ​នៃ​កូនសោ និង​អំណាច​បព្វជិតភាព​នៃ​ព្រះរាជបុត្រា​នៃ​ព្រះ ។ ព្រះអម្ចាស់​បាន​ទត​មើល​លោក និង​ឪពុក​របស់​លោក និង​​ជីតា​របស់​លោក និង​លើ​បុព្វបុរស​របស់​ពួកលោក … រហូត​ដល់​អ័ដាម ។ ទ្រង់​បាន​ឃ្លាំ​មើល​គ្រួសារ​នោះ និង​លោហិត​នោះ​នៅពេល​វា​ធ្វើ​ដំណើរ​ចេញ​ពី​ប្រភព​របស់​វា​ទៅ​កាន់​កំណើត​នៃ​បុរស​នោះ ។ គាត់​ត្រូវបាន​តែងតាំង​ជា​មុន​ក្នុង​ភាពអស់​កល្ប​ជានិច្ច ដើម្បី​ធ្វើ​ជា​អធិបតី​លើ​គ្រាកាន់កាប់​ត្រួត​ត្រា​ចុង​ក្រោយ​នេះ ។ ( ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ ព្រិកហាំ យ៉ង់ [ ឆ្នាំ ១៩៩៧ ] ទំព័រ ៩៦, ទំព័រ ៣៤៣ )

  • តើ​ពាក្យ​ទាំងនេះ​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ការហៅ​របស់ យ៉ូសែប ស្ម៊ីធ ?

  • តើ​ពាក្យ​ទាំង​នេះ​អាច​បង្រៀន​យើង​អ្វី​ខ្លះ​អំពី​ព្រះអម្ចាស់ ?

ការព្យាករណ៍​អំពី យ៉ូសែប ស្ម៊ីធ

សម្រាប់​សកម្មភាព​ខាង​ក្រោម សូម​ពិចារណា​បំបែក​សិស្ស​ជាគូៗ ហើយ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី ២ ៣:៦–១២ និង​សិស្ស​ផ្សេង​ទៀត​អាន នីហ្វៃទី ២ ៣:១៣–១៥, ២៤ ។ បន្ទាប់​មក សិស្ស​ម្នាក់ៗ​អាច​បង្រៀន​អ្នក​ដទៃ​អំពី​អ្វី​ដែល​គាត់​បាន​រកឃើញ ។ វា​អាច​មាន​ប្រយោជន៍​ក្នុង​ការដើរ​ចុះឡើង​ក្នុង​បន្ទប់ និង​ជួយ​សិស្ស​ណា​ដែល​អាច​មាន​សំណួរ​អំពី​ខគម្ពីរ​ទាំងនោះ ។

ពេល​កំពុង​និយាយ​ទៅកាន់​យ៉ូសែប ជា​កូន​ប្រុស​របស់​លោក លីហៃ​បា​ន​ដកស្រង់​ផ្នែក​មួយ​នៃ​ការព្យាករណ៍​ដោយ​យ៉ូសែប​នៅ​ស្រុក​អេស៊ីព្ទ ពី​ផ្ទាំង​លង្ហិន ( សូមមើល​ផងដែរ ការបកប្រែ​ដោយ​យ៉ូសែប ស្ម៊ីធ លោកុប្បត្តិ ៥០:២៤–៣៨ [ នៅក្នុង​ឧបសម្ព័ន្ធ​ព្រះគម្ពីរ​ប៊ីប ] ) ។ ការព្យាករណ៍​នេះគឺ​ភាគច្រើន​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ នៅ​ថ្ងៃចុង​ក្រោយ ។ សូមអាន នីហ្វៃទី ២ ៣:៦–១៥, ២៤ ហើយ​គូសចំណាំ​ពាក្យ ឬ​ឃ្លា​ដែល​បង្រៀន​អ្នក​អំពី​យ៉ូសែប ស្ម៊ីធ ។ ( សូម​កត់​ចំណាំថា​ពាក្យ « ផល​នៃ​ពោះ » សំដៅ​ទៅ​លើ​កូន​ចៅ ឬ​ពូជពង្ស ) ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី យ៉ូសែប ស៊្មីធ ?

    សូម​ពិចារណា​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ពាក្យ ឬ​ឃ្លា​ដែល​ធ្វើ​ឲ្យ​ពួកគេ​ចាប់​អារម្មណ៍​នៅលើ​ក្ដារ​ខៀន ។ អ្នក​អាច​ចង្អុល​ទៅ​ឃ្លា​នៅ​លើ​ក្ដារខៀន ហើយ​សូម​សិស្ស​ឲ្យ​ចែកចាយ​ពី​មូលហេតុ​ដែល​ឃ្លា​ទាំង​នេះ​មាន​អត្ថន័យ​ចំពោះ​ពួកគេ ។

  • តើ​អ្នក​នឹង​សង្ខេប​ការបង្រៀន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ មក​ពី​អ្វី​ដែល​អ្នក​អាន​នៅក្នុង នីហ្វៃ​ទី ២ ៣ ដោយ​របៀប​ណា ?

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​បាន​គឺ​ថា ព្រះអម្ចាស់​បាន​លើក​ព្យាការី យ៉ូសែប ស៊្មីធ ឡើង​ដើម្បី​ជួយ​នាំ​មក​នូវ​ការស្ដារ​ឡើង​វិញ​នៃ​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • ហេតុអ្វី​អ្នក​គិត​ថា វា​សំខាន់​ដើម្បី​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​សេចក្ដីពិត​នេះ ?

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់​បាន​បង្រៀន ៖

មតិ​អវិជ្ជមាន​អំពី​ព្យាការី យ៉ូសែប ស៊្មីធ នឹង​កើន​ឡើង ពេល​យើង​ដើរ​ឆ្ពោះ​ទៅរក​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។ សេចក្ដីពិត​ពាក់​កណ្ដាល និង​ការបោក​បញ្ឆោត​ដ៏​ប្រសប់​នឹង​មិន​អន់ថយ​ឡើយ ។ នឹង​មាន​សមាជិក​គ្រួសារ និង​មិត្តភក្តិ​ដែល​នឹង​ត្រូវការ​ជំនួយ​របស់​អ្នក ។ …

ចំពោះ​យុវជន … ខ្ញុំសូម​​ផ្តល់​ការអញ្ជើញ​ជាក់លាក់​មួយ ៖ ចូរ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ។ ( នែល អិល អាន់ឌើសិន « Joseph Smith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )

វា​អាច​ជា​ការល្អ​បំផុត​ក្នុង​ការឲ្យ​សិស្ស​សញ្ជឹងគិត ហើយ​ពិចារណា​លើ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​បន្ទាប់​ដោយ​ស្ងៀមស្ងាត់ ។ អ្នក​ថែម​ទាំង​អាចសូម​ឲ្យ​ពួកគេ​កត់ត្រា​ការឆ្លើយតប​របស់​ពួកគេ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា ។

  • តើ​អ្នក​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ចំពោះ​ការហៅ​ដ៏​ទេវភាព​របស់​ព្យាការី យ៉ូសែប ស្ម៊ីធ ?

សិស្ស​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការសួរ​សំណួរ​អំពី យ៉ូសែប ស្ម៊ីធ ឬ​អំពី​ការទទួល​បាន​ទីបន្ទាល់​នៃ​ការហៅ​ប្រកប​ដោយ​ការព្យាការណ៍​របស់​លោក ។ សុន្ទរកថា​របស់​អែលឌើរ អាន់ឌើរសិន ដែល​មាន​នៅក្នុង​ការរៀបចំ​សិស្ស​អាច​ជា​ធនធាន​ដ៏​មាន​ប្រយោជន៍​ដើម្បី​ឆ្លើយ​សំណួរ​របស់​ពួកគេ ។ សិស្ស​ដែល​អាន​សុន្ទរកថា​ក្នុង​ការរៀបចំ​សម្រាប់​មេរៀន​នេះ ប្រហែល​ជា​អាច​ឆ្លើយ​សំណួរ​ខ្លះៗ​របស់​មិត្ត​រួមថ្នាក់​របស់​ពួកគេ ។

ការទទួលបាន​ទីបន្ទាល់​អំពី យ៉ូសែប ស្ម៊ីធ

សូម​ស្រមៃ​ពី​ស្ថានភាព​ខាង​ក្រោម​នេះ ៖

នៅពេល​មិត្តភក្តិ​របស់​អ្នក ម៉ាកូស បាន​ដឹង​ថា​អ្នក​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នោះ​គាត់​បាន​ចាប់ផ្តើម​អាន​អំពី យ៉ូសែប ស្ម៊ីធ នៅលើ​គេហទំព័រ​របស់​សាសនាចក្រ ។ គាត់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​នឹង​ការអញ្ជើញ​ឲ្យ​រៀន​ដោយ​ខ្លួន​ឯង​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី​របស់​ព្រះ ។ នៅពេល​គាត់​បាន​ចែកចាយ​ជាមួយ​អ្នក​នូវ​អ្វី​ដែល​គាត់​កំពុង​រៀន គាត់​បាន​សួរ​ថា « តើ​យើង​អាច​រៀន​ដោយ​ខ្លួន​ឯង​ដោយ​របៀប​ណា​ថា យ៉ូសែប ស៊្មីធ គឺជាព្យាការី ?

  • តើ​អ្នក​ចង់​និយាយ​អ្វី​ខ្លះ​ទៅកាន់​ម៉ាកូស ?

សម្រាប់​គំនិត​ផ្សេង​ទៀត​អំពី​ការទទួល​បាន​ទីបន្ទាល់​ថា យ៉ូសែប ស៊្មីធ គឺ​ជា​ព្យាការី​របស់​ព្រះអម្ចាស់ សូមមើល ឬ​អាន​អ្វី​ដែល​អែលឌើរ អាន់ឌើរសិន បាន​ផ្ដល់​យោបល់ ៖

ទីបន្ទាល់​មួយ​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ អាច​កើត​ឡើង​ចំពោះ​យើង​ម្នាក់ៗ​ខុសៗ​គ្នា ។ វា​អាច​កើត​ឡើង ពេល​អ្នក​លុត​ជង្គង់​ចុះ​អធិស្ឋាន​សូម​ព្រះ​ឲ្យ​បញ្ជាក់​ថា លោក​គឺ​ជា​ព្យាការី​ពិត ។ វា​អាច​កើត​ឡើង ពេល​អ្នក​អាន​ដំណើរ​រឿង​របស់​ព្យាការី​អំពី​ការនិមិត្ត​ដំបូង ។ ទីបន្ទាល់​អាច​ចាក់ដោត​ទៅក្នុង​ព្រលឹង​របស់​អ្នក ពេល​អ្នក​អាន​ព្រះគម្ពីរ​មរមន​ម្ដង ហើយ​ម្ដង​ទៀត ។ វា​អាច​កើត​ឡើង ពេល​អ្នក​ថ្លែង​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្យាការី ឬ​ពេល​អ្នក​ឈរ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ដឹង​ថា តាមរយៈ យ៉ូសែប ស្ម៊ីធ អំណាច​នៃ​ការផ្សារ​ភ្ជាប់​ដ៏​បរិសុទ្ធ​ត្រូវបានស្ដារ​ឡើង​វិញ​លើ​ផែនដី ។ ដោយ​មាន​សេចក្ដីជំនឿ និង​ចេតនា​ពិត នោះ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ នឹង​ត្រូវបាន​ពង្រឹង​ឡើង ។ ( នែល អិល អាន់​ឌើសិន « Joseph Smith » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៤ ទំព័រ ៣០ )

អ្នក​ប្រហែល​ជា​ចង់​មើល​វីដេអូ « A Choice Seer Will I Raise Up: Prophet of the Restoration » ( ៤:៤២ ) ដើម្បី​ស្ដាប់​ទីបន្ទាល់​អំពី យ៉ូសែប ស្ម៊ីធ ដែល​បាន​ចែកចាយ​ដោយ​យុវជន​នៃ​សាសនាចក្រ ។

នេះ​អាច​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី យ៉ូសែប ស្ម៊ីធ ។ អ្នក​អាច​ជួយ​រៀបចំ​សិស្ស​ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ចម្លើយ​របស់​ពួកគេ​ចំពោះ​សំណួរ​ខាង​ក្រោម​មួយ​ចំនួន​នៅក្នុង សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​ពួកគេ ។ នៅពេល​សិស្ស​សរសេរ​ហើយ សូម​អញ្ជើញ​សិស្ស​ដែល​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ពិចារណា​ចែកចាយ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី យ៉ូសែប ស្ម៊ីធ ។ វា​ក៏​អាច​ជា​ការល្អ​ផងដែរ​ក្នុង​ការជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​ថា ជម្រើស​ដើម្បី​ជឿលើ​ការហៅ​ដ៏​ទេវភាព​របស់ យ៉ូសែប ស្ម៊ីធ គឺ​គួរ​ឲ្យ​សរសើរ ទោះបី​ជា​មាន​ភាព​មិន​ប្រាកដ​ប្រជា​ក៏​ដោយ ។ ជំនឿ​របស់​ពួកគេ​អាច​ត្រូវបាន​ពង្រឹង​បន្តិច​ម្តងៗ​តាមរយៈ​បទពិសោធន៍ ។

  • តើ​អ្វី​បាន​ជួយ​អ្នក​ឲ្យ​ជឿ​ថា យ៉ូសែប ស្ម៊ីធ ជា​ព្យាការី ?

  • តើ​ព្យាការី យ៉ូសែប ស៊្មីធ បាន​ជួយ​អ្នក​យល់ ឬ​ទទួល​អារម្មណ៍​អ្វី​ខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ?

  • តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​មាន​ទីបន្ទាល់​កាន់តែ​ខ្លាំង​អំពី​ព្យាការី យ៉ូសែប ស្ម៊ីធ ?

  • តើ​ការមាន​ទីបន្ទាល់​អំពី យ៉ូសែប ស្ម៊ីធ នឹង​ជះ​ឥទ្ធិពល​ដល់​ជីវិត​អ្នក​យ៉ាង​ដូចម្ដេច ?