ថ្នាក់​សិក្ខាសាលា
ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ និង​ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំបី​នាក់ ៖ « យើង … បាន​ឃើញ​ផ្ទាំង​ទាំង​ឡាយ »


ទំព័រ​បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន

ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ និង​ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំបី​នាក់

« យើង … បាន​ឃើញ​ផ្ទាំង​ទាំង​ឡាយ »

រូបភាព
យ៉ូសែប ស៊្មីធ និង​ពួក​សាក្សី​បីនាក់

អស់​ពេល​មួយ​រយៈ យ៉ូសែប ស្ម៊ីធ មិន​បាន​អនុញ្ញាត​ឲ្យ​បង្ហាញ​ផ្ទាំង​មាស​ដល់​អ្នក​ណា​ឡើយ ។ នៅ​ក្នុង​ការសម្រេច​តាម​ការព្យាករណ៍ នៅ​ទីបំផុត​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​យ៉ូសែប​ថា សាក្សី​បន្ថែម​នឹង​ត្រូវ​បាន​អនុញ្ញាត​sឲ្យ​ឃើញ​ផ្ទាំង​ចំណារ​នោះ និង​ថ្លែង​ទីបន្ទាល់​អំពី​ការពិត​នៃ​ផ្ទាំងចំណារ​ទាំង​នោះ ( សូមមើល នីហ្វៃ ទី២ ២៧:១២–១៤ )។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​សាក្សី​ជា​ច្រើន​នៃ​ព្រះគម្ពីរ​មរមន ហើយ​គិត​ពិចារណា​ពី​សាក្សី​ផ្ទាល់​របស់​អ្នក ។

ការជួយ​សិស្ស​ឲ្យ​រៀន​ដោយ​ព្រះវិញ្ញាណ ។របៀប​មួយ​គឺ​ត្រូវ​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​គិត​ពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទាក់ទង​នឹង​មេរៀន​នេះ ។ សូម​ផ្តល់​ពេល​ឲ្យ​សញ្ជឹង​គិត​អំពី​ពរជ័យ​ដែល​ពួកគេ​បាន​ទទួល​ដោយ​ការរស់នៅ​តាម​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ និង​របៀប​ដែល​ពួកគេ​បាន​ប្រែ​កាន់​តែ​ដូច​ជា​ទ្រង់ ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​មក​រៀន​ដោយ​ត្រៀមខ្លួន​ដើម្បី​ចែកចាយ​បទពិសោធន៍​ដែល​បាន​ជួយ​ពួកគេ ឬ​អ្នកដទៃ​ឲ្យ​ដឹង​ថា​ព្រះគម្ពីរ​មរមន​គឺ​មក​ពី​ព្រះ ។

សកម្មភាព​រៀន​សូត្រ​ដែល​អាច​មាន

សាក្សី​នៃ​ផ្ទាំង​ចំណារ មាស

សូម​ពិចារណា​ប្រើ​កថាខណ្ឌ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​សិស្ស​ឲ្យ​ដឹង​ថា វា​ពិត​ជា​លំបាក​ប៉ុន​ណា​សម្រាប់ យ៉ូសែប ស្ម៊ីធ ដើម្បី​ធ្វើ​ជា​សាក្សី​ផ្ទាល់​ភ្នែក​តែ​ម្នាក់​គត់​នៃ​ផ្ទាំង​ចំណារ​មាស​សម្រាប់​គ្រា​មួយ​នោះ ។

សូម​ស្រមៃ​គិត​ថា តើ​វា​មាន​សភាព​បែប​ណា​សម្រាប់ យ៉ូសែប ស្ម៊ីធ ដែល​ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​មើល​ឃើញ​ផ្ទាំង​ចំណារ​មាស​នោះ ។ សូម​គិត​​ថា​តើ​វា​ពិបាក​ប៉ុនណា​សម្រាប់​អ្នក ដែល​គេ​មិន​ជឿ​អ្នក គេ​ចំអក​ឲ្យអ្នក និង​គេ​ហៅ​អ្នក​ថា​ជា​ជន​បោក​ប្រាស់ ពី​ព្រោះ​អ្នក​នឹង​មិន​បង្ហាញ​ផ្ទាំងចំណារ​ដល់​មនុស្ស ។ សូម​ស្រមៃ​ថា​បាន​ប្រាប់​អ្នក​ដែល​បាន​គាំទ្រ​អ្នក​ថា ពួកគេ​មិន​អាច​មើល​ឃើញ​ផ្ទាំង​ចំណារ​នោះ​ទេ ។

ខណៈកំពុង​បកប្រែ​ព្រះគម្ពីរ​មរមន យ៉ូសែប បាន​សរសេរ​តាម​ពាក្យ​សន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ទាក់ទង​នឹង​ផ្ទាំង​ចំណារ​មាស ។ សូម​អាន នីហ្វៃ​ទី២ ២៧:១២–១៤ ដើម្បី​មើល​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​អំពី​ផ្ទាំង​ចំណារ​មាស ( សូមមើល​ផងដែរ អេធើរ ៥:២–៤ ) ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វី​ខ្លះ​អំពី​ការព្យាករណ៍​នេះ ? ហេតុអ្វី ?

  • តើ​យ៉ូសែប​អាច​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​គាត់​អាន​ការព្យាករណ៍​នេះ? ហេតុអ្វី ?

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​វគ្គបទ​គម្ពីរ​នេះ​អំពី​ព្រះអម្ចាស់ និង​ព្រះគម្ពីរ​មរមន ?

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​ពី​ការព្យាករណ៍​ទាំង​នេះ​គឺ​ថា ព្រះអម្ចាស់​បាន​ប្រទាន​សាក្សី​ជា​ច្រើន​នាក់​ពី​ផ្ទាំង​ចំណារ​មាស​នៃ​ព្រះគម្ពីរ​មរមន ។

  • ហេតុអ្វី​បាន​ជា​វា​ងាយស្រួល​ជាង​ក្នុង​ការជឿ​ថា អ្វី​មួយ​ជា​ការពិត​ពេល​មាន​សាក្សី​ច្រើន​ជាង​ម្នាក់​នោះ ?

កាល​អ្នក​បន្ត​សិក្សា សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតាសួគ៌ តាម​រយៈព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​យល់​អំពី​ភាពសំខាន់​នៃ​សាក្សី​នៃ​ផ្ទាំង​ចំណារ​មាស ហើយ​ពិចារណា​ពី​របៀប​ដែល​ទីបន្ទាល់​របស់​ពួកលោក​អាច​ជួយ​អ្នក​ទទួល​បាន ឬ​ពង្រឹង​ទីបន្ទាល់​ផ្ទាល់​ខ្លួន ។

សូម​បង្ហាញ​កថាខណ្ឌ​ខាង​ក្រោម ឬ​អញ្ជើញ​សិស្ស​ឲ្យ​អាន​កថាខណ្ឌ​នេះ ។

ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ក្រុម​បុរស​បី​នាក់ ហើយ​បន្ទាប់​មក​ប្រាំបី​នាក់​ដើម្បី​ឃើញ​ផ្ទាំង​ចំណារ​មាស​នេះ ។ សាក្សី​ជា​ច្រើន​នាក់​ទាំង​នេះ​បាន​ជួយ​តាម​មធ្យោបាយ​មួយ​ចំនួន​ជាមួយ​នឹង​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន ។ ឧទាហរណ៍ ៖ ដាវីឌ វិតមើរ បាន​អញ្ជើញ យ៉ូសែប និង អិមម៉ា ឲ្យ​រស់នៅ​ជា​មួយ​ពួកគាត់ ខណៈ​​ដែល យ៉ូសែប បកប្រែ ម៉ាទិន ហារីស បាន​បញ្ចាំ​កសិដ្ឋាន​របស់​លោក​ដើម្បី​បង់ថ្លៃ​បោះពុម្ព​ព្រះគម្ពីរមរមន ហើយ អូលីវើរ ខៅឌើរី បាន​បម្រើ​ជា​ស្មៀន​សម្រាប់​ការបកប្រែ​ដ៏​ច្រើន​នេះ ។ ឪពុក​របស់​យ៉ូសែប និង​បងប្រុស​របស់​លោក​គឺ ហៃរ៉ុម និង​ប្អូនប្រុស​លោក​គឺ សាំយូអែល ក៏ជា​សាក្សី​អំពីផ្ទាំង​ចំណារ​នេះ​ដែរ ហើយ​បាន​ជួយ យ៉ូសែប តាម​មធ្យោបាយ​សំខាន់ៗ ។ ក្រោយ​មក​ទោះ​បី​ជា​បុរស​មួយ​ចំនួន​ក្នុង​ចំណោម​បុរស​ទាំង​នេះ បាន​ចាកចេញ​ពី​សាសនាចក្រ​ក៏ដោយ ក៏​គ្មាន​ពួកគាត់​ណា​ម្នាក់​ធ្លាប់​បដិសេធ​ទីបន្ទាល់​របស់​ខ្លួន​អំពី​ព្រះគម្ពីរមរមន​ឡើយ ។ ( សូមមើល Gospel Topics « Witnesses of the Book of Mormon » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។

សូម​អាន « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បីនាក់ » និង « ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំ​បី​នាក់ » ដោយ​រកមើល​អ្វី​ដែល​ពួកគាត់បានឃើញ បាន​ទទួល​អារម្មណ៍ និង​បានដឹង ។

អ្នក​ក៏​ប្រហែល​ជា​ចង់​មើល « A Day for the Eternities » ចាប់ពី​កូដ​នាទី​ទី ១៥:០០ ដល់ នាទី​ទី ១៨:៣៧ ដើម្បី​មើល​ការពិពណ៌នា​អំពី​បទពិសោធន៍​ទាំងនេះ ។

សូម​ពិចារណា​ផ្តល់​សំណៅ​ចែក​ដូចខាងក្រោម​ដល់​សិស្ស ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​បំពេញ​តារាង​រៀងៗខ្លួន ជា​ថ្នាក់​ទាំងមូល ឬ​ជាក្រុម​តូចៗ ។

ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ និង ទីបន្ទាល់​នៃ​ពួក​សាក្សី​ប្រាំបី​នាក់

ពួក​សាក្សី​បីនាក់ ៖

ពួក​សាក្សី​ប្រាំបីនាក់ ៖

អ្វី​ដែល​ពួក​សាក្សី​បានឃើញ និង​បាន​ទទួល​អារម្មណ៍ ។

អ្វី​ដែល​ពួក​សាក្សី​បានដឹង ។

អ្វី​ដែល​ពួក​សាក្សី​បានធ្វើ ។

  • តើ​អ្នក​បានឃើញ​ភាពស្រដៀងគ្នា និង​ភាពខុសគ្នា​អ្វីខ្លះ​នៅក្នុង​បទពិសោធន៍​នៃ​ក្រុមទាំង​ពីរ​នេះ ?

  • ហេតុអ្វី​បាន​ជា​ភាពខុសគ្នា​នេះ​អាច​មាន​សារៈសំខាន់​អ្វី​ម្ល៉េះ ?

ជួនកាល​យើង​អាច​ប្រាថ្នាចង់​មាន​បទពិសោធន៍​ដូច​ពួក​សាក្សី​ទាំងនេះ នោះ​ព្រះអម្ចាស់​បានថ្លែង​ទីបន្ទាល់​ថា សូម្បីតែ​ការឃើញ​អ្វីៗ​ទាំងនេះ​ក៏​នឹង​មិន​បញ្ចុះបញ្ចូល​មនុស្ស​អំពី​សេចក្ដីពិត​ដែរ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥:៧ ) ។ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ឆ្នាំ ១៩២០–២០០៧ ) ក្នុង​គណៈប្រធាន​ទីមួយ​បានពន្យល់​ថា ៖

នៅសម័យ និង​ពេលវេលា​របស់​យើង យើង​ត្រូវដឹង​ពី​ការពិត​នៃ​អ្វី​ដែល​មាន​នៅលើ​ផ្ទាំង​ចំណារមាស​ដោយ​មិន​បាន​ឃើញ​វា ។ យើង​គ្មាន​ផ្ទាំងចំណារ​មាស​មើល និង​កាន់​ដូច​ដែល​វា​ធ្លាប់​មាន​សម្រាប់​សាក្សី​បីនាក់ និង​សាក្សី​ប្រាំបី​នាក់​នោះទេ ។ មនុស្ស​មួយ​ចំនួន​ដែល​បានឃើញ និង​កាន់ផ្ទាំង​ចំណារមាស​យ៉ាងពិត​ប្រាកដ មិន​បាន​បន្តស្មោះត្រង់​ចំពោះ​សាសនាចក្រ​នោះ​ទេ ។ ការឃើញ​ទេវតា​មួយ​អង្គ​អាច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ ប៉ុន្តែ​វា​កាន់តែអស្ចារ្យ​ជាង​នេះ​ក្នុងការ​ដឹង​អំពី​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​សេចក្ដី​ជំនឿ និង​សាក្សី​នៃ​ព្រះវិញ្ញាណ [ សូមមើល យ៉ូហាន ២០:២៩ ] ។ ( ជែមស៍ អ៊ី ហ្វោស្ត « It Can’t Happen to Me » Ensign ខែ ឧសភា ឆ្នាំ ២០០២ ទំព័រ ៤៨ )

  • ហេតុអ្វី​បានជា​អ្វី​ដែល​ត្រូវបាន​បង្រៀន​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​មាន​សារៈសំខាន់​ចំពោះ​អ្នក ?

សាក្សី​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគម្ពីរ​មរមន

គោលបំណង​ដ៏​សំខាន់​មួយ​នៃ​ព្រះគម្ពីរ​មរមន​គឺ​ដើម្បី​បញ្ចុះបញ្ចូល​មនុស្ស​ថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ( សូមមើល ទំព័រ​ចំណងជើង​នៃ​ព្រះគម្ពីរ​មរមន ) ។ សូម​គិត​ថាតើ​សាក្សី​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគម្ពីរ​មរមន​រឹងមាំ​ដូច​ដែល​អ្នក​ចង់​បាន​ដែរ​ឬទេ ។ សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​ការទទួល​បាន ឬ​ការពង្រឹង​សាក្សី​នោះ​អាច​ជា​ពរជ័យ​សម្រាប់​អ្នក និង​អ្នកដទៃ ។

សូម​ពិចារណា​ផ្តល់​ពេលវេលា​ដល់​សិស្ស​ឲ្យ​គិត​ពិចារណា​អំពី​ការរៀបចំ​ខ្លួន​របស់​ពួកគេ​ដើម្បី​ចូលរៀន ។ បន្ទាបមក សូម​បង្ហាញ​កថាខណ្ឌ​ខាងក្រោម ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​សញ្ជឹងគិត ហើយ​សរសេរ​អារម្មណ៍​របស់​ពួកគេ ។

សូម​សរសេរ​ទីបន្ទាល់​របស់អ្នក​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគម្ពីរ​មរមន ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​គ្មាន​ទីបន្ទាល់​នៅ​ឡើយ សូម​សរសេរ​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ទទួល​បាន​ទីបន្ទាល់ ។ សូម​បញ្ចូល​ពី​របៀប​ដែល​ទីបន្ទាល់​របស់​អ្នក​ដទៃ​អាច​ជះ​ឥទ្ធិពល​លើ​ទីបន្ទាល់​របស់​អ្នក​ផ្ទាល់ ។ សូម​ពិចារណា​បន្ថែម​លើ​ចំណុច​នេះ នៅពេល​អ្នក​បន្ត​សិក្សា​ព្រះគម្ពីរ​មរមន ។

បន្ទាប់ពី​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​សរសេរ​ហើយ សូម​អញ្ជើញ​សិស្ស​ខ្លះ​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ព្រះគម្ពីរ​មរមន ។