ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ១០:១–៧ ៖ ការទទួលបាន​សាក្សី​ដោយ​ផ្ទាល់​របស់អ្នក​អំពី​ព្រះគម្ពីរ​មរមន


« មរ៉ូណៃ ១០:១–៧ ៖ ការទទួល​បាន​សាក្សី​ដោយ​ផ្ទាល់​របស់អ្នក​អំពី​ព្រះគម្ពីរ​មរមន » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ១០:១–៧ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ១០:១–៧

ការទទួល​បាន​សាក្សី​ដោយ​ផ្ទាល់​របស់​អ្នកអំពី​ព្រះគម្ពីរ​មរមន

រូបភាព
យុវវ័យ​កំពុង​អាន​ព្រះគម្ពីរ​មរមន

តើ​អ្នក​មាន​ទទួលបាន​ចំណាប់​អារម្មណ៍ ឬ​អារម្មណ៍​មកពី​ព្រះវិញ្ញាណ​ថា ព្រះគម្ពីរ​មរមន គឺ​ពិត​ដែរឬទេ ? បើសិនជា​មាន តើ​បទពិសោធន៍ និង​សកម្មភាព​អ្វីខ្លះ​ដែល​បាន​ជួយ​អ្នក​ឲ្យ​ទទួល​បាន​អារម្មណ៍​បែបនេះ ? នៅក្នុង​សំណេរ​ចុងក្រោយ​មួយចំនួន​របស់លោក មរ៉ូណៃ​បាន​សង្កត់ធ្ងន់​ថា ព្រះ​គឺជា​ប្រភព​នៃ​សេចក្ដី​ពិត​ទាំងអស់ ។ តាមរយៈ​ព្រះ យើង​អាច​ទទួល​បាន​សាក្សី​ដោយផ្ទាល់​អំពី​សេចក្តីពិត​នៃ​ព្រះគម្ពីរ​មរមន សេចក្តីពិត​នៃ​ព្រះយេស៊ូវគ្រីស្ទ និង « សេចក្ដីពិត​នៃគ្រប់ការណ៍​ទាំងអស់ » « ដោយ​ព្រះចេស្ដានៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មរ៉ូណៃ ១០:៥ ) ។ មេរៀននេះ​អាច​ជួយ​ដល់​អ្នក​ឲ្យដឹង​ដោយ​ខ្លួន​ឯងថា ព្រះគម្ពីរ​មរមន​គឺពិត ។

ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន

សូម​គិតអំពី​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​មួយណា​ដែល​អ្នក​មាន​ទំនាក់​ទំនង​ច្រើន​បំផុត នៅពេល​ដែល​អ្នកចាប់ផ្តើម​សិក្សា​ព្រះគម្ពីរ​មរមន​ជាលើកដំបូង ៖

  • ខ្ញុំ​មិន​ប្រាកដ​ថា​តើ​ខ្ញុំ​ដឹងថា​ព្រះគម្ពីរ​មរមន​ពិតឬ​អត់ទេ ។

  • ខ្ញុំ​ជឿជាក់​លើ​អ្នកផ្សេងទៀត​ដែល​បាន​ប្រាប់​ខ្ញុំ​ថា ព្រះគម្ពីរ​មរមន​គឺពិត ។

  • ខ្ញុំ​បាន​ទទួល​ការចាប់អារម្មណ៍​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា ព្រះគម្ពីរ​មរមន គឺពិត ។

សូម​ជញ្ជឹងគិត​អំពី​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន ឥឡូវនេះ ។ នៅពេល​ដែល​អ្នកសិក្សា សូម​គិតអំពី​ជំហាន​បន្ទាប់​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នកធ្វើ​ដើម្បី​ទទួល​បាន យល់ដឹង​ឲ្យ​កាន់តែ​ស៊ីជម្រៅ ឬ​រក្សា​ភាពរឹងមាំ​នៅក្នុង​សក្ខីភាព​របស់អ្នក ។

ការដាស់តឿន​របស់​មរ៉ូណៃ

បន្ទាប់ពី​បាន​កត់ត្រា​នូវ​ការបង្រៀន​មួយចំនួន​របស់​ឪពុក​លោក មរ៉ូណៃ​បានបង្រៀន​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​អាច​ដឹងថា ព្រះគម្ពីរ​មរមន​គឺពិត ។

សូមអាន មរ៉ូណៃ ១០:៣–៥ ហើយ​ពិចារណា​ដោយ​គូស​ចំណាំ​នូវ​អ្វី​ដែល​មរ៉ូណៃ​បាន​និយាយ​អំពី​របៀប ដែល​យើង​អាច​ដឹងពី​ភាពពេញលេញ​នៃ​សេចក្តីពិត​របស់​ព្រះគម្ពីរ​មរមន ។ អ្នក​ក៏អាច​ពិចារណា​ផងដែរ​ដោយ​មើល​វីដេអូ «°មរ៉ូណៃ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​មកកាន់​ព្រះគ្រីស្ទ°» ចាប់ពី​នាទី​ទី ៤:៣៩ ដល់​នាទី​ទី ៥:៣២ ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org°។

មរ៉ូណៃ ១០:៤–៥ គឺជា​វគ្គបទ​គម្ពីរ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ សូម​ពិចារណា​គូស​ចំណាំ​វគ្គ​បទគម្ពីរ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ​តាម​វិធី​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​រក​ឃើញ​វា​ដោយ​ងាយស្រួល ។ អ្នក​នឹង​មាន​ឱកាស​នៅក្នុង​មេរៀន​បន្ទាប់​ដើម្បី​អនុវត្ត​តាម​គោលលទ្ធិ​ដែល​បានបង្រៀន​នៅក្នុង​វគ្គបទគម្ពីរ​នេះ​ចំពោះ​សំណួរ ឬ​ស្ថានភាព​មួយ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូមឆ្លើយ​សំណួរ​នៅក្រោម​ចំណង​ជើងពីរ​នៅក្នុង​ចំណោម​ចំណងជើង​ទាំងបី​ខាងក្រោម​នេះ ។

សូម​អាន​ព្រះគម្ពីរ​មរមន

ប្រធាន រ័សុល អិម ណិលសុន បាន​ពិពណ៌នា​អំពី​ពរជ័យ​មួយ​ចំនួន ដែល​យើង​អាច​ទទួលបាន​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​មរមន ។ សូម​គិតអំពី​របៀប​ដែល​អ្នក​អាច​ទទួល​បាន​បទពិសោធន៍​ពរជ័យ​ទាំងនេះ នៅពេល​ដែល​អ្នក​បាន​សិក្សា​វា ។

ខ្ញុំ​សូមសន្យា​ថា ពេល​អ្នក​សិក្សា​ព្រះគម្ពីរមរមន រាល់ថ្ងៃ ប្រកបដោយ​ការអធិស្ឋាន នោះ​អ្នក​នឹង​ធ្វើ​ការសម្រេចចិត្ត​ដែល​ប្រសើរ—រៀងរាល់ថ្ងៃ ។ ខ្ញុំ​សូមសន្យា​ថា ពេល​អ្នក​ជញ្ជឹងគិត​នូវ​អ្វី​ដែល​អ្នក​សិក្សា​នោះ​បង្អួច​ស្ថានសួគ៌​នឹង​បើកឡើង ហើយ​អ្នក​នឹង​ទទួល​ចម្លើយ​ចំពោះ​សំណួរ​ផ្ទាល់ខ្លួន និង​ការដឹកនាំ​សម្រាប់​ជីវិត​អ្នកផ្ទាល់ ។ ( រ័សុល អិម ណិលសុន « The Book of Mormon: What Would Your Life Be Like without It? » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ៦២–៦៣ )

  • តើ​អ្នក​បាន​ទទួល​បទពិសោធន៍​ពរជ័យ​ណាមួយ​ដែល​ប្រធាន ណិលសុន បានសន្យា​ចំពោះ​អ្នក​ទាំងឡាយ​ដែល​បាន​សិក្សា​ព្រះគម្ពីរ​មរមន​ដែរ​ឬទេ ?

ការស្គាល់​ពរជ័យ​ដែល​មកពី​ការអាន​ព្រះគម្ពីរ​មរមន​អាច​បញ្ជាក់​ថា វាពិត ហើយ​ថា​វា​មកពី​ព្រះ ។

សូម​ពិចារណា​អំពី​សេចក្ដីមេត្តា​ករុណា​របស់​ព្រះអម្ចាស់

  • តើ​មាន​គំរូ​ព្រះគម្ពីរ​អ្វីខ្លះ​អំពី​មនុស្ស​ដែល​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ? អ្នក​អាច​រក​មើល​គំរូ​ពីរបី​ដូចជា គម្ពីរ​នីហ្វៃ ( នីហ្វៃទី២ ៤:២០–២៥ ) អាលម៉ា​ជាកូន ( អាលម៉ា ៣៦:១៧–២១ ) ឬ​ព្រះអង្គសង្គ្រោះ​បាន​ប្រោស​ពួកសាសន៍​នីហ្វៃ​នៅអំឡុងពេល​ការយាង​ទៅជួប​របស់ទ្រង់ ( នីហ្វៃទី៣ ១៧:៦–៩ ) ។

  • តើ​មាន​គំរូ​អ្វីខ្លះ​អំពី​សេចក្ដី​មេត្តាករុណា​របស់​ព្រះអម្ចាស់​ក្នុងជីវិត​របស់អ្នក ឬ​ជីវិត​របស់​បុគ្គល​ណាម្នាក់​ដែល​អ្នកស្គាល់ ?

  • មូលហេតុអ្វី​បានជា​អ្នកគិតថា ការជញ្ជឹងគិត​ពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់​អាច​ជួយដល់​អ្នក​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះ​គម្ពីរ​មរមន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ?

សូម​ទូល​សូម​ដល់​ព្រះ​ដោយ​ចិត្តស្មោះសរ ដោយ​ស្មោះអស់​ពីចិត្ត ដោយមាន​សេចក្ដីជំនឿ​ជឿដល់​ព្រះគ្រីស្ទ

  • តើ​អ្នក​គិតថា ការទូលសុំ​ព្រះ​ដោយ​ចិត្ត​ស្មោះសរ​មានន័យ​ដូចម្តេច ? ដោយ​ស្មោះអស់​ពីចិត្ត ? ដោយ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ( មរ៉ូណៃ ១០:៤ ) ? ប្រសិនបើ​អ្នកត្រូវការ​ជំនួយ​ក្នុងការ​ឆ្លើយ​សំណួរ​នេះ សូមអាន យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១០–១៧ ដោយ​រកមើល​អំពី​របៀប​ដែល​យុវជន យ៉ូសែប ស្ម៊ីធ ចាប់ផ្តើម​ការអធិស្ឋាន​របស់លោក​ដោយ​ចិត្ត​ស្មោះសរ ដោយ​ស្មោះអស់​ពីចិត្ត ដោយមាន​សេចក្ដីជំនឿ​ជឿដល់​ព្រះគ្រីស្ទ។ ( ចំណាំ ៖ ឃ្លាដោយ​ស្មោះអស់​ពីចិត្ត​មានន័យថា នៅពេល​ដែល​អ្នក​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់អ្នក នោះ​អ្នក​នឹង​ធ្វើ​សកម្មភាព​ដោយ​ស្មោះត្រង់​តាម​វិវរណៈ​ដែល​អ្នក​បាន​ទទួល ) ។

  • តើ​ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើង​ឲ្យ​ទទួល​បាន​ទីបន្ទាល់​អំពី​ព្រះគម្ពីរ​មរមន​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​របៀបណា ?

ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន

ប្រធាន ហែនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទីមួយ​បាន​ចែកចាយ​បទពិសោធន៍​របស់លោក​នៅក្នុង​ការអនុវត្តន៍​ការសន្យា​របស់​មរ៉ូណៃ ។ សូមអាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម ឬ​មើល​វីដេអូ «°A Living Testimony°» ចាប់ពី​នាទី​ទី ១៣:៥១ ដល់​នាទី​ទី ១៤:៣១ ដែល​មាន​នៅ​គេហទំព័រ ChurchofJesusChrist.org°។

ខ្ញុំសង្ឃឹមថា អ្នក​ទាំងអស់​គ្នា​បង្ហាញ​ភស្ដុតាង​ពី​ការសន្យា​នោះ​សម្រាប់​ខ្លួនឯង ឬ​ថា​អ្នក​នឹង​ធ្វើវា​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ចម្លើយ​ប្រហែល​ជា​មិន​បាន​មក​តែ​មួយ និង​មាន​ឥទ្ធិពល​ក្នុង​បទពិសោធន៍​ខាងវិញ្ញាណ​នោះទេ ។ សម្រាប់​ខ្ញុំ វា​មក​ដោយ​ស្ងាត់ៗ​ជា​លើក​ដំបូង ។ ប៉ុន្តែ​វា​កាន់តែ​មាន​ខ្លាំងឡើងៗ​រាល់ពេល​ដែលខ្ញុំ​បានអាន និង​អធិស្ឋាន​អំពី​ព្រះគម្ពីរ​មរមន ។

ខ្ញុំ​មិន​ពឹងផ្អែក​លើ​អ្វី​ដែល​បាន​កើត​ឡើង​កាល​ពី​អតីតកាល​ទេ ។ ដើម្បី​រក្សា​ទី​បន្ទាល់​នៅរស់​របស់ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន​ឲ្យ​មាន​សុវត្ថិភាព នោះ​ខ្ញុំ​ទទួល​បាន​ការសន្យា​របស់​មរ៉ូណៃ​ជាញឹកញាប់ ។ ខ្ញុំ​មិន​ទទួល​យក​ពរជ័យ​នៃ​ទីបន្ទាល់​នោះ​ដោយ​លេង​សើច​ដូច​គ្មាន​ជំពាក់​នរណា​នោះទេ ។ (ហិនរី ប៊ី អាវរិង « A Living Testimony » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ១២៧ )

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​យ៉ាង​ហោច​ណាស់​ឲ្យបានពីរ ៖

    • តើ​ពាក្យ​របស់​ប្រធាន អាវរិង​អាច​យក​មក​អនុវត្ត​ចំពោះ​យើង​ដោយ​របៀបណា ទោះយើង​អាន​ព្រះគម្ពីរ​មរមន​ប៉ុន្មាន​ដង​ក៏ដោយ ?

    • តើ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ថ្លែង​ទីបន្ទាល់​មក​ដល់​យើង​អំពី​ភាពពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​តាម​របៀប​ណាខ្លះ ?

    • តើ​ទីបន្ទាល់​នៃ​ព្រះគម្ពីរ​មរមន​អាច​ពង្រឹង​ទំនាក់ទំនង​របស់អ្នក​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ?

សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក​នូវអ្វី​ដែល​អ្នកអាច​ធ្វើបាន ដើម្បី​អនុវត្ត​គោលការណ៍​ដែល​បាន​បង្រៀន​នៅក្នុង មរ៉ូណៃ ១០:៣–៥ ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​បន្ត​សិក្សា​ព្រះគម្ពីរ​មរមន ជញ្ជឹងគិត​អំពី​សេចក្ដី​មេត្តា​ករុណា​របស់​ព្រះអម្ចាស់ ហើយ​ទូលសូម​ព្រះ​ឲ្យ​ប្រទាន​សាក្សី​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​អ្នក​នឹង​ធ្វើអ្វីៗ​ទាំងនេះ​នៅ​ទីណា និង​នៅ​ពេល​ណា ? តើ​ព្រះអម្ចាស់​អាច​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​អ្នក​បាន​យ៉ាង​ដូចម្ដេច ?