ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៧:១–១៩ ៖ « ស្វែងរក​ដោយ​ឧស្សាហ៍​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ »


« មរ៉ូណៃ ៧:១–១៩ ៖ ‹ ស្វែងរក​ដោយ​ឧស្សាហ៍​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៧:១–១៩ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សាសម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៧:១–១៩

« ស្វែងរក​ដោយ​ឧស្សាហ៍​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ »

រូបភាព
ហ្វូង​មនុស្ស​កំពុង​ស្តាប់​ព្រះគ្រីស្ទ

ពេលខ្លះ វា​អាច​មាន​ការលំបាក​ក្នុង​ការ​ដឹង​អ្វីដែល​ត្រឹមត្រូវ និង​អ្វី​ដែល​មិនត្រូវ ។ ទោះជា​យ៉ាងណា ព្រះ​បាន​ប្រទាន​ជំនួយ​សម្រាប់​ពួកយើង ។ មរ៉ូណៃ ប្រើប្រាស់​ពាក្យ​របស់​ឪពុក​របស់​លោក ដែល​បាន​លើក​ទឹកចិត្ត​ពួកយើង​ឲ្យប្រើ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដើម្បី​ដឹង​ខុស​ត្រូវ ។ មេរៀន​នេះ​អាច​ជួយអ្នក​ឲ្យ​ពឹង​ផ្អែកលើ​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​វិនិច្ឆ័យ​រវាង​សេចក្តី​ល្អ និង​សេចក្តី​អាក្រក់ ។

តើ​ប្រអប់​មួយ​ណា​ស្រាល​ជាង ?

សូម​មើល​រូបភាព​ខាងក្រោម ហើយ​កំណត់​ថា តើ​ប្រអប់​ពណ៌​ប្រផេះ​ទាំងពីរ​មួយណា​ជា​ប្រអប់​ដែល​មាន​ស្រមោល​ស្រាល​ជាង ។

រូបភាព
រូបភាព​ប្រអប់​ពណ៌​ប្រផេះ​បំភាន់​ភ្នែក​នៅ​លើបន្ទាត់​ពណ៌ស និង​ខ្មៅ

តើ​វា​ធ្វើ​ឲ្យ​អ្នក​មាន​ការភ្ញាក់ផ្អើល​ទេ ដែល​ដឹង​ថា ប្រអប់​ពណ៌ប្រផេះ​ទាំងពីរ​មាន​ស្រមោល​ដូចគ្នា ? ខួរក្បាល​របស់អ្នក​ធ្វើ​ឲ្យ​អ្នក​យល់​ឃើញ​ថា ប្រអប់​ពណ៌​ប្រផេះ​ពីរ​មាន​ស្រមោល​ផ្សេងគ្នា​ដោយសារ​តែ​ពន្លឺ ឬ​ពណ៌​ងងឹត​ជុំវិញ​ប្រអប់​ទាំងនោះ ។

ដូចជា​រូបភាព​បំភាន់​នេះ អាច​មាន​ស្ថានភាព​ដែល​ពិបាកក្នុង​ការវិនិច្ឆ័យ​ឲ្យ​បាន​ត្រឹមត្រូវ ។ អេសាយ​បាន​ព្យាករណ៍​ថា នៅ​ថ្ងៃ​ចុង​ក្រោយ មនុស្ស​មួយ​ចំនួន​នឹង « រាប់​សេចក្តី​អាក្រក់​ថា​ជា​ល្អ ហើយ​សេចក្តី​ល្អ​ថា​ជា​អាក្រក់​វិញ [ ហើយ ] យក​សេចក្តី​ងងឹត​ជា​ពន្លឺ ហើយ​យក​ពន្លឺ​ជា​ងងឹត » ( អេសាយ ៥:២០; សូមមើល នីហ្វៃទី២ ១៥:២០ ផងដែរ) ។

សូម​ពិចារណា​ដូច​ខាង​ក្រោម ៖

  • តើ​អ្នក​កំណត់​ដោយ​របៀប​ណា ថា​អ្វី​មួយ​ត្រូវ ឬ​ខុស​នោះ ?

  • តើ​អ្នក​មាន​ទំនុក​ចិត្ត​កម្រិត​ណា​ថា អ្នក​អាចស្គាល់​សេចក្តី​ល្អ និងសេចក្តី​អាក្រក់ ? ហេតុអ្វី ?

សូម​គិត​អំពី​អ្វីមួយ​ដែល​អ្នក​ចង់​បែងចែក​ឲ្យ​បានកាន់តែ​ច្បាស់​អំពី​សេចក្តី​ល្អ ឬ​សេចក្តី​អាក្រក់ ។ ឧទាហរណ៍ នរណា​ម្នាក់​អាច​គិតថា ជម្រើស​នៃ​ការស្តាប់​តន្ត្រី​របស់​ពួកគេ​គឺល្អ ប៉ុន្តែ​ឪពុក​ម្តាយ​របស់​ពួកគេ ប្រហែល​ជា​មិន​យល់​ស្រប​អ៊ីចឹង​នោះទេ ។ តើ​បុគ្គល​ណា​ត្រូវ ? ឧទាហរណ៍​ផ្សេង​ទៀតអាច​ជា​ការសម្រេចចិត្ត​ថា តើត្រូវ​ប្រកាន់​ជំហរ​មួយ​ណា​ចំពោះ​បញ្ហា​សង្គម ដោយ​ជ្រើសរើស​អ្នក​ណា​ដែល​ត្រូវធ្វើ​ជា​មិត្ត​ជាមួយ ចូលរួម​ការធ្វើ​អ្វីមួយ​ជាការកំសាន្ត ជាដើម ។

នៅ​ពេលអ្នក​សិក្សានៅ​ថ្ងៃនេះ សូមរក​មើល​អ្វីដែល​អាច​ជួយ​អ្នក​ឲ្យ​ដឹងថា អ្វីមួយ​ដែលល្អ ឬ​មិនល្អ ។

ភាព​ខុសគ្នា​រវាង​សេចក្តីល្អ និង​សេចក្តី​អាក្រក់

ដូច​អេសាយ មរ៉ូណៃ​ក៏បាន​មើលឃើញ​ពី​ជំនាន់​របស់​យើង​ផងដែរ ( សូមមើល មរមន ៨:៣៥ ) ។ ទ្រង់​បាន​បញ្ចូល​ជំនួយ​សម្រាប់​ពួកយើង​នៅក្នុង​ព្រះគម្ពីរ​មរមន ។ បន្ទាប់ពី​បាន​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការធ្វើ​ល្អ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ( សូម​មើល មរ៉ូណៃ ៧:១–១១ ) លោក​បាន​កត់ត្រា​ពាក្យ​ដែល​ឪពុក​របស់​លោក គឺ​មរមន បាន​បង្រៀន​ដល់​សមាជិក​សាសនាចក្រ​អំពី​ការវិនិច្ឆ័យ​រវាង​សេចក្តីល្អ និង​សេចក្តី​អាក្រក់ ។

សូម​អាន មរ៉ូណៃ ៧:១២–១៧ ហើយ​ពិចារណា​គូស​ចំណាំ​អ្វី ដែល​អ្នក​រកឃើញ​សម្រាប់​ការជំរុញ​ទឹកចិត្ត​នីមួយៗ​ដូចខាង​ក្រោម ៖

  1. របៀប​ដែល​យើង​អាច​ដឹង​ពី​អ្វីមួយ​ដែល​ជា​សេចក្តី​ល្អ

  2. របៀប​ដែល​យើង​អាច​ដឹង​ពី​អ្វី​មួយ​ដែល​ជា​សេចក្តី​អាក្រក់

  3. អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​ធ្វើ​ដើម្បី​ជួយ​ដល់​យើង

  • ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​រកឃើញ​នៅក្នុង​ខគម្ពីរ​ទាំងនេះ តើ​អ្នក​សង្ខេប​គោលការណ៍​ដែល​បាន​ពិភាក្សា​ដោយ​របៀប​ណា ?

ចេញពី មរ៉ូណៃ ៧:១២–១៧ យើង​អាច​រក​ឃើញ​ថា អ្វីៗ​ទាំងអស់​ដែល​ជា​របស់​ព្រះ​អញ្ជើញ​យើង​ឲ្យ​ធ្វើ​សេចក្តី​ល្អ ជឿលើ​ព្រះ​យេស៊ូវគ្រីស្ទ ហើយ​ស្រឡាញ់ និង​បម្រើ​ដល់​ព្រះ ។ ផ្ទុយទៅ​វិញ សេចក្តី​អាក្រក់​បញ្ចុះ​បញ្ចូល​ពួកយើង​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប បដិសេធ​ព្រះ​យេស៊ូវគ្រីស្ទ ឬ​ប្រយុទ្ធ​ប្រឆាំង​នឹង​ព្រះ ។

ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​ការបង្រៀន​របស់​មរមន ឧបមា​ថា បុគ្គល​ម្នាក់​ជឿថា តន្ត្រី​ដែល​ពួកគេ​ស្តាប់ និង​វិធី​ដែល​ពួកគេ​ប្រើប្រាស់​ទូរសព្ទ និង​បច្ចេកវិទ្យា​ផ្សេងទៀត គឺ​ល្អ ប៉ុន្តែ​ឪពុកម្តាយ ឬ​ថ្នាក់ដឹកនាំ​របស់​ពួកគេ មិន​យល់ស្រប​បែប​នេះទេ ។

  • ផ្អែកលើ​សេចក្តីពិត​ដែល​អ្នក​បាន​ស្គាល់ តើ​សំណួរ​អ្វី​ដែល​បុគ្គល​នេះ​អាច​សួរ​ខ្លួន​ឯង​ដើម្បី​ស្វែងយល់​ថា តើ​ការប្រើប្រាស់​តន្ត្រី និង​បច្ចេកវិទ្យា​របស់​ពួកគេ គឺ​ល្អ ឬ​មិនល្អ ?

ទាំងនេះ គឺជា​ឧទាហរណ៍​មួយ​ចំនួន ៖

  • តើ​ការស្តាប់​តន្ត្រី ឬ​ការ​ប្រើប្រាស់​ទូរសព្ទ និង​បច្ចេកវិទ្យា​របស់​ខ្ញុំនេះ អាច​ធ្វើ​ឲ្យ​ខ្ញុំ…

    • … បំពេញ​នូវ​ចិត្ត​គំនិត​របស់​ខ្ញុំ​ឲ្យ​ធ្វើ​សេចក្តី​ល្អ ឬ​ប្រព្រឹត្ត​នូវ​អំពើ​បាប​ដែរឬទេ ?

    • … លើក​ទឹកចិត្ត​ខ្ញុំឲ្យ​ធ្វើ​អ្វីក្នុង​នាម​ជា​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវគ្រីស្ទ​នឹង​ត្រូវធ្វើ ឬ​មិន​ត្រូវ​ធ្វើ​ដែរឬទេ ?

    • … ជួយ​ខ្ញុំឲ្យ​ស្រឡាញ់​អ្វី​ដែល​ជា​របស់​ព្រះ​ដែរ​ឬ​ទេ ?

សូម​ចំណាំ​ថា អ្នក​ប្រហែល​ជា​ត្រូវ​គិតគូរ​ពី​តន្ត្រីករ ឬ​ចម្រៀង​ខ្លះៗ​រៀងៗ​ខ្លួន ព្រម​ទាំង​គិត​ពី​កម្មវិធី ល្បែង ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ផងដែរ ។ បន្ថែមពីនេះ​ទៀត ចំនួន​ម៉ោង​ដែល​អ្នក​ចំណាយ​លើ​សកម្មភាព​ក៏អាច​ជា​កត្តា​សំខាន់​ដែល​ត្រូវ​ពិចារណា​ផងដែរ ។

ពន្លឺ​ជួយ​ឲ្យ​អ្នក​មើល​ឃើញ

អ្នក​ប្រហែល​ជា​បាន​សម្គាល់​ឃើញ​ថា ក្នុង​ស្ថានភាព​ខ្លះ វា​អាច​នឹង​ពិបាក​វិនិច្ឆ័យ​រវាង​ត្រូវ ឬ​ខុស ។

សូម​គិត​ស្រមៃ​ពី​ការព្យាយាម​មើល​ឃើញ ឬ​វិនិច្ឆ័យ​នូវអ្វី​មួយ​ឲ្យ​បាន​យ៉ាងពេញ​លេញនៅ​កន្លែង​ងងឹត ។ បន្ទាប់មក​គិត​ស្រមៃ​ថា បើក​ភ្លើង ឬ​ប្រើ​ប្រាស់​ពិល ។

ដោយ​គិត​ស្រមៃពី​រូបភាព​នេះ​ក្នុង​ចិត្ត សូម​កត់ចំណាំ​ឃ្លា​នៅក្នុង ខទី ១៦ ដែល​បង្ហាញ​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ជួយ​ដល់​ពួកយើង ។

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​ពី​ប្រធាន​ហិនរី ប៊ី អាវរិង នៃ​គណៈ​ប្រធាន​ទីមួយ ដើម្បី​ជួយ​ដល់​អ្នក​ឲ្យ​យល់​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ៖

បុត្រ​គ្រប់​រូប​របស់​ព្រះវរបិតាសួគ៌​ដែល​កើត​ក្នុង​ពិភពលោក​នេះ​ត្រូវ​បាន​ប្រទាន​អំណោយទាន​ពិសេស​មួយ​ដោយ​ឥត​គិតថ្លៃ គឺ​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។ អ្នក​ធ្លាប់​មាន​អារម្មណ៍​បែប​នោះ ។ នេះ​គឺជា​អំណោយ​ពិសេស​ជួយ​អ្នក​ឲ្យ​ដឹង​ពី​អ្វី​ដែល​ត្រូវ និង​អ្វី​ខុស ហើយ​អ្វី​ដែល​ពិត និង​អ្វី​ដែល​មិន​ពិត ។ អ្នក​មាន​អំណោយ​នេះ​ចាប់​តាំង​ពី​អ្នក​បាន​ចាប់ផ្ដើម​ដំណើរ​ជីវិត​របស់​អ្នក​មកម៉្លេះ …

… អ្នក​ធ្វើ​ការជ្រើសរើស​ជា​រៀង​រាល់​ថ្ងៃ និង​ស្ទើរតែ​រៀង​រាល់ម៉ោង ដែល​ធ្វើ​ឲ្យ​អ្នក​បន្ត​ដើរ​នៅក្នុង​ពន្លឺ ឬ​ដើរ​ចេញពី​ពន្លឺ​ឆ្ពោះ​ទៅ​កាន់​ភាព​ងងឹត ។ ( ហិនរី ប៊ី អាវរិង « Walk in the Light » EnsignLiahona ខែ​ឧសភា ឆ្នាំ ២០០៨ ទំព័រ ១២៣–១២៤ )

  • តើ​អ្នក​បាន​រៀន​អ្វីខ្លះ​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ ?

សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ សូមមើល Gospel Topics «°Light of Christ°» topics.ChurchofJesusChrist.org°។

សូម​អាន មរ៉ូណៃ ៧:១៨–១៩ ដោយ​ស្វែងរក​ដំបូន្មាន​បន្ថែម ដែល​មរមន​បាន​ផ្តល់​អំពី​ការវិនិច្ឆ័យ​រវាង​ល្អ និង​អាក្រក់ ។

  • តើ​អ្នក​គិត​ថា « ស្វែងរក​ដោយ​ឧស្សាហ៍​នៅក្នុង​ពន្លឺ​នៃ​ព្រះគ្រីស្ទ » មាន​ន័យ​យ៉ាង​ដូចម្តេច ?

  • តើ​គំរូ និង​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះអាច​ប្រៀប​ដូច​ជា​ពន្លឺ​មួយ​ដើម្បី​ជួយ​ដល់​យើង​ឲ្យ​វិនិច្ឆ័យ​បាន​ត្រឹមត្រូវ​រវាង​ត្រូវ និង​ខុស​នៅ​ថ្ងៃនេះ​យ៉ាង​ដូចម្ដេច ?

  • តើ​មាន​វិធី​អ្វីខ្លះ​ទៀត​ដែលយើង​អាចស្តាប់​ឮព្រះបន្ទូល​របស់​ទ្រង់ ហើយ​មាន​អារម្មណ៍​ថា​ឥទ្ធិពល​របស់​ទ្រង់​កំពុង​ដឹកនាំ​យើង ?

ការអនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន

សូម​រំឭក​ពី​ស្ថានភាព​ដែល​អ្នក​បាន​គិត​កាល​ពី​មុន នៅពេល​ដែល​បាន​សុំ​ឲ្យ​អ្នកគិត​អំពី​អ្វី​មួយ ដែល​អ្នក​ចង់​បែង​ចែក​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថា ល្អ ឬ​មិនល្អ​នោះ ។ សូម​ចំណាយពេល​ពីរបី​នាទី ដើម្បី​ពិចារណា​ដោយ​អធិស្ឋាន​អំពី​របៀប​ដែល​អ្នកអាច​ប្រើ​ប្រាស់​គោលការណ៍​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃ​នេះ ដើម្បី​កំណត់​ថា តើ​វា​ត្រូវ ឬ​ខុស ។ សូម​ព្យាយាម​ស្វែងរក​ដោយ​ឧស្សាហ៍​នៅក្នុង​ពន្លឺនៃ​ព្រះគ្រីស្ទ​នៅពេល​ដែល​អ្នក​ជញ្ជឹង​គិត​ពី​ស្ថានភាព​នេះ ។ សូម​កត់ត្រា​គំនិត​របស់​អ្នក​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។

  1. សូម​ឆ្លើយ​សំណួរ​មួយ​ក្នុង​ចំណោម​សំណួរ​ខាងក្រោម​ទាំងនេះ ៖

    • តើ​អ្នក​បាន​រៀនសូត្រ​អ្វីខ្លះ​នៅ​ថ្ងៃនេះ ដែល​អាចជួយ​ដល់​អ្នកបង្កើន​សមត្ថភាព​របស់​អ្នក​ក្នុង​ការជ្រើសរើស​រវាងត្រូវ និង​ខុស ?

    • តើ​ចំណុច​ពីរ ឬ​បី​នៃ​ផ្នែក​ណាខ្លះ​ក្នុង​ជីវិត​ដែល​អ្នក​ចេះ​បែងចែក​ពី​សេចក្តី​ល្អ និងសេចក្តី​អាក្រក់​ដោយ​ជោគជ័យ ? ហេតុអ្វី ?