ថ្នាក់​សិក្ខាសាលា
មរ៉ូណៃ ៧:២០–៤៣ ៖ ស្វែងរក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ


« មរ៉ូណៃ ៧:២០–៤៣ ៖ ‹ ស្វែងរក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« មរ៉ូណៃ ៧:២០–៤៣ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

មរ៉ូណៃ ៧:២០–៤៣

ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ

រូបភាព
ព្រះគ្រីស្ទ​ញញឹម​ដាក់​កុមារ

តើ​អ្នក​ធ្លាប់​ត្រូវការ​ឲ្យ​មាន​ក្តី​សង្ឃឹម​ច្រើន​ទៀត​ក្នុង​ជីវិត​របស់​អ្នក​ដែរ​ឬទេ ? មរ៉ូណៃ បាន​ធ្វើដំណើរ​ដោយ​គ្មាន​គោលដៅ​ជាក់លាក់​តែ​ម្នាក់​ឯង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ បន្ទាប់ពី​ប្រជាជន​របស់​លោក​ត្រូវបាន​បំផ្លាញ ក្នុងអំឡុង​ពេលនោះ លោក​បាន​កត់ត្រា​ពាក្យ​របស់​ឪពុក​លោក​អំពី​សេចក្តីសង្ឃឹម​ដែល​យើងអាច​មានក្នុង​ព្រះគ្រីស្ទ​អំពី​អ្វី​ដែល​អស្ចារ្យ​ជាងនេះ​នៅពេល​អនាគត ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ថា មាន​សេចក្ដី​សង្ឃឹម​កើនឡើង​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ ។

ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ ។

នៅក្នុង​គម្ពីរ មរ៉ូណៃ ៧ មរមន​បាន​និយាយ​ថា​លោក​ចង់​ជួយ​ដល់​ប្រជាជន​របស់លោក​ឲ្យ​ដឹង​អំពី​របៀប ដែល​ពួកគេ​អាច « ក្ដាប់​ជាប់​នូវ​គ្រប់​ទាំង​អ្វីៗ​ដែល​ល្អ » ( ខទី ២១ ) ។

  • នៅពេល​ដែល​មរមន​បាន​ប្រើ​ឃ្លា « អ្វីៗ​ដែល​ល្អ » តើ​អ្នក​គិត​ថា លោក​ចង់​សំដៅ​ទៅ​លើ​អ្វី?

  • តើ​អ្វី​ខ្លះ​ជា « អ្វីៗ​ដែល​ល្អ » ខាង​វិញ្ញាណ និង​អស់​កល្ប​ជានិច្ច​ដែល​អ្នក​ចង់​ក្តាប់​ជាប់ ឬ​ទទួល​យក​នៅក្នុង​ជីវិត​នេះ ឬ​ជីវិត​បន្ទាប់​ពីនេះ ?

អ្នក​ប្រហែល​ជា​ចងចាំ​ថា នៅក្នុង​គម្ពីរ មរ៉ូណៃ ៧:១២–១៩ មរមន​បាន​បង្រៀនថា គ្រប់​ទាំងអ្វីៗ​ដែល​ល្អ​កើត​ចេញ​ពី​ព្រះយេស៊ូវគ្រីស្ទ ។ សូមអាន មរ៉ូណៃ ៧:២០–២៦ ដោយ​រក​មើល​អ្វី​ដែល​មរមន​បាន​បង្រៀន​អំពី​របៀប​ទទួល​យក​អ្វីៗដែល​ល្អទាំងនេះ​មកពី​ព្រះគ្រីស្ទ ។

  • តើ​អ្នក​បាន​រក​ឃើញ​អ្វីខ្លះ ?

  • តើ​ដំណើរ​រឿង​អ្វីខ្លះ​ដែល​អ្នក​អាច​គិត​អំពី​ការ​ដែល​ព្រះវរបិតាសួគ៌​បាន​បញ្ជូន​ទេវតា​មក​ប្រកាស​ថា​ព្រះយេស៊ូវគ្រីស្ទ គឺជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ?

អត្ថន័យ​នៃ​សេចក្តី​សង្ឃឹម

ដើម្បី​ជួយ​ដល់​អ្នក​ក្នុង​ការរៀបចំ​រៀន​បន្ថែម​ទៀត​អំពី​ការបង្រៀន​របស់​មរមន​ទាក់ទង​ទៅនឹង​សេចក្តី​សង្ឃឹម សូម​អាន​ដំណើរ​រឿង​នេះ​មកពី អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ៖

មុន​ដល់​ខួប​អាយុ ១២ ឆ្នាំ​របស់​ខ្ញុំ គ្រួសារ​យើង​ត្រូវ​បង្ខំ​ឲ្យ​ចាក​ចេញពី​ផ្ទះ​ពីរដង ហើយ​ចាប់ផ្ដើម​ជីវិត​ឡើងវិញ​ក្នុង​ភាពចលាចល ការភ័យខ្លាច និង​ភាពមិន​ប្រាកដ​ប្រជា ដែល​បណ្ដាល​មកពី​សង្គ្រាម និង​ការបែងចែក​ខាង​នយោបាយ ។ ជា​ពេល​ដ៏​អន្ទះសា​មួយ​សម្រាប់​ខ្ញុំ ប៉ុន្ដែ​វា​​គួរឲ្យ​តក់ស្លុត​សម្រាប់​ឪពុក​ម្ដាយ​ជាទី​ស្រឡាញ់​របស់​ខ្ញុំ ។ …

ពេល​ដ៏​សោកសៅ​បន្ទាប់ពី​សង្គ្រាម​លោក​លើក​ទីពីរ​នេះ វា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​ពិភពលោក ។ វា​មាន​ឥទ្ធិពល​លើ​ខ្ញុំ ។

នៅ​គ្រា​នោះ ជា​គ្រា​ដ៏​ឯកោ​បំផុត​របស់​ខ្ញុំ ជារឿយៗ​ខ្ញុំ​ឆ្ងល់​ថា « តើ​នៅ​មានសល់​ក្ដីសង្ឃឹម​ខ្លះ​ទេ​នៅ​លើ​ពិភពលោក​នេះ ? » ( ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះ​នៅ​ក្នុង​ចំណោម​ពួកយើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨ )

  • តើ​មាន​មូលហេតុ​អ្វីខ្លះ​ដែល​បណ្តាល​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ថា ខ្វះ​សេចក្ដី​សង្ឃឹម​នៅ​សម័យ​បច្ចុប្បន្ន​នេះ ?

អែលឌើរ អុជដូហ្វ បានរំឭកថា « ខណៈ​ដែល​ពិភពលោក​បាន​លិចលង់​ក្នុង​ទុទិដ្ឋិនិយម ភាពល្វីង​ជូរចត់ ការស្អប់គ្នា និង​ភាពភ័យខ្លាច » លោក​បាន​រក​ឃើញ​អ្វី​មួយ​ដែល « បាន​ផ្ដល់​សេចក្ដី​សង្ឃឹម​ដល់ [ លោក ] » ( « ព្រះ​នៅ​ក្នុង​ចំណោម​ពួកយើង » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៨ ) ។

តើ​អ្នក​កំពុង​តែ​ខ្វះ​សេចក្តី​សង្ឃឹម​ក្នុង​ជីវិត​របស់​អ្នក​មែនទេ ? សូម​គិត​អំពី​អ្វី​ដែល​អាច​នាំ​សេចក្តី​សង្ឃឹម​ដល់​អ្នក​នៅក្នុង​ស្ថាន​ភាព​លំបាក​បំផុតនេះ ។ នៅពេល​ដែល​អ្នក​បន្ត​សិក្សា​មេរៀន​នេះ សូម​ស្វែងរក​សេចក្តីពិត​ដែល​អាច​ជួយ​ដល់​អ្នក​អាច​បំពេញ​ដោយ​ក្តី​សង្ឃឹម ។

មរមន​បង្រៀន​អំពី​សេចក្តី​សង្ឃឹម

សូម​អាន មរ៉ូណៃ ៧:៤០–៤៤ ដោយ​រក​មើល​អំពី​របៀប​ដែល​សេចក្តី​ជំនឿ​របស់​យើង​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ​ទាក់ទង​ទៅនឹង​សេចក្តី​សង្ឃឹម ។

  • តើ​អ្នក​នឹង​សង្ខេប ខទី ៤១ ដោយ​ពាក្យ​ផ្ទាល់​ខ្លួន​របស់អ្នក​ដោយ​របៀបណា ?

សេចក្តី​ពិត​ចេញពី​ការ​បង្រៀន​របស់​មរមន

សេចក្តី​ពិត​មួយ​ដែល​យើង​អាច​រៀន​បាន​មកពី​មរមន គឺ​ប្រសិន​បើ​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​មាន​សេចក្តី​សង្ឃឹម​តាម​រយៈ​ដង្វាយ​ធួន​របស់​ទ្រង់ ដើម្បី​បាន​ប្រោស​ឲ្យមាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។

  • តើ​អ្នក​គិត​ថា ការ​មាន​សេចក្ដី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ​មានន័យ​ដូចម្ដេច ?

  • តើ​ហេតុអ្វី​បាន​ជា​យើង​ត្រូវ​បន្ទាប​ខ្លួន ឬ « ស្លូតបូត ហើយ​សុភាព​រាបសា » ( មរ៉ូណៃ ៧:៤៣ ) ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សេចក្ដី​សង្ឃឹម ?

ដើម្បី​មើល​ឃើញ​គំរូ​របស់​នរណា​ម្នាក់​ដែល​បាន​រកឃើញ​សេចក្ដី​សង្ឃឹម​តាម​រយៈ​សេចក្ដី​ជំនឿ​លើព្រះយេស៊ូវគ្រីស្ទ សូម​ពិនិត្យ​មើល​ដំណើរ​រឿង​មួយ​ក្នុងដំណើរ​រឿង​ដូច​ខាង​ក្រោម ។ នៅ​ខណៈ​ពេល​ដែល​អ្នក​ពិនិត្យ​មើល សូម​រក​មើល​អំពី​របៀប​ដែល​បុគ្គល​នោះ​ទទួល​បាន​បទពិសោធន៍​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ ។

វា​មាន​សារៈ​សំខាន់​ក្នុង​ការ​កត់​សម្គាល់​ថា សូម្បី​តែ​នៅ​ពេល​ដែល​យើង​បង្ហាញ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​មាន​សេចក្តី​សង្ឃឹម​ចំពោះ​ពរជ័យ ដែល​ទ្រង់​ប្រទាន​មកនោះ យើង​ប្រហែល​ជា​នៅ​មាន​ពេលវេលា​ដែល​ជួប​ការ​លំបាក និង​ការ​ព្យាយាម​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ ។ ប៉ុន្តែ នៅពេល​ដែល​យើង​បន្ត​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអង្គ​សង្គ្រោះ ហើយ​ផ្តោត​លើ​ទ្រង់ និង​ផ្តោត​លើ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដែល​ព្រះអង្គ​សង្រ្គោះ​ប្រទាន​ដល់​ពួកយើង នោះយើងនឹង​ទទួល​បាន​សេចក្តី​សង្ឃឹម ដែល​យើង​ស្វែង​រក​មក​នេះ ។

  1. សូម​ធ្វើ​សកម្មភាព​ដូច​តទៅ​នេះ ហើយ​ឆ្លើយ​សំណួរ​ចុងក្រោយ​បី ៖

ស្វែង​រក​សេចក្ដី​សង្ឃឹម​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ

ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )—« មរ៉ូណៃ ៧:២០–៤៣ ៖ ស្វែងរក​សេចក្ដី សង្ឃឹម​នៅក្នុង​ព្រះគ្រីស្ទ »

ដើម្បី​ជួយ​ដល់​អ្នក​គិត​អំពី​របៀប​មាន​សេចក្ដី​សង្ឃឹម ដោយសារ​ព្រះគ្រីស្ទ​អាច​មាន​ឥទ្ធិពល​ដល់​ជីវិត​របស់យើង​ក្នុង​កាលៈទេសៈ​ផ្សេងៗ​គ្នា សូម​ជ្រើសរើស​សាច់រឿង​មួយ​នៅ​ក្នុង​ចំណោម​សាច់រឿង​ខាងក្រោម ( ឬ​បង្កើត​សាច់រឿង​មួយ​ដោយ​ខ្លួនឯង ) ៖

  • យ៉ាកុប​បាន​ធ្លាក់​ចូល​ក្នុង​ទម្លាប់​នៃ​ការប្រព្រឹត្ត​អំពើបាប​ម្តង​ទៀត ដែល​គាត់​បាន​គិត​ថា គាត់​បាន​ឈប់​រួច​ហើយ ។

  • ឪពុក​របស់ បេកកា បាន​ឈប់​មក​ព្រះវិហារ ហើយ​បាន​ប្រកាស​ថា គាត់​លែង​ជឿ​លើ​ព្រះ​ទៀត​ហើយ ។

  • អាណាលីស កំពុង​មាន​ការលំបាក់​ក្នុង​ការរក្សា​កាតព្វកិច្ច​នៅឯ​សាលា កន្លែង​ធ្វើការ និង​នៅឯ​ផ្ទះ ។

សូម​បំពេញ​ប្រយោគ​ទាំងនេះ ដោយ​រៀបរាប់​អំពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​អាច​មើលឃើញ​ស្ថានភាព​របស់​ពួកគេ​ខុស​ពី​នេះ ៖

  • ដោយ​គ្មាន​សេចក្ដីសង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ

  • ដោយ​មាន​សេចក្ដីសង្ឃឹម​នៅ​ក្នុង​ព្រះយេស៊ូវគ្រីស្ទ

  • តើ​បុគ្គល​រូប​នេះ​អាច​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​បាន​ដោយ​របៀប​ណា ? សូម​ព្យាយាម​ស្វែង​រក​បទគម្ពីរ​មួយ​ចេញ​ពី​ព្រះគម្ពីរ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​ចម្លើយ​របស់អ្នក ។

  • តើ​ការ​អនុវត្ត​សេចក្ដី​ជំនឿ​តាម​វិធី​បែប​នេះ​អាច​ជួយ​បុគ្គល​នេះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​បន្ថែម​ទៀត​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ​បាន​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​និយាយ​អ្វីខ្លះ​ទៅកាន់​បុគ្គល​នេះ ប្រសិនបើ​គាត់ ឬ​នាង​សួរ​អ្នកថា ហេតុអ្វី​អ្នក​មាន​សេចក្តី​សង្ឃឹម​លើ​ព្រះយេស៊ូវគ្រីស្ទ ? ( សូមមើល ពេត្រុស ទី១ ៣:១៥ ) ។