ថ្នាក់​សិក្ខាសាលា
អេធើរ ៦ ៖ ពួកសាសន៍​យ៉ារេឌ​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា


« អេធើរ ៦ ៖ ពួកសាសន៍​យ៉ារេឌ​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៦ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៦

ពួកសាសន៍​យ៉ារេឌ​ធ្វើដំណើរ​ទៅកាន់​ដែនដី​សន្យា

រូបភាព
ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ​បោក​បក់​ទៅក្នុង​រលកសមុទ្រ

សូម​ស្រមៃ​ពីសភាព​អារម្មណ៍របស់​ពួកសាសន៍​យ៉ារេឌ នៅ​ពេល​ដែល​ពួកគេ​ចូលទៅ​ក្នុងភេត្រា​របស់​ពួកគេ ហើយ​ធ្វើដំណើរ​ឆ្លងកាត់​ផ្ទៃទឹកដ៏​ធំល្វឹងល្វើយ នៅពេល​ដែលពួកគេ​ធ្វើដំណើរ​ទៅ​កាន់ដែនដី​សន្យា ។ ទោះជា​ការធ្វើ​ដំណើរ​របស់ពួកគេ​មាន​រយៈពេល​វែង និង​មានការលំបាក​យ៉ាងណា​ក៏ដោយ ក៏​ពួកសាសន៍​យ៉ារេឌ​បានទទួល​ស្គាល់ថា ព្រះអម្ចាស់​កំពុងតែ​ជួយ​ដល់ពួកគេ​នៅតាម​ផ្លូវធ្វើ​ដំណើរ​ដែរ ។ ព្រះអម្ចាស់​ក៏អាចជួយ​ពួកយើង​ក្នុងអំឡុងពេល​នៃ​ការធ្វើ​ដំណើរ​របស់យើង​ឆ្លងកាត់ជីវិត​​រមែងស្លាប់ និងត្រឡប់​ទៅកាន់វត្តមាន​របស់​ព្រះវរបិតាសួគ៌​វិញ​បានដែរ ។ មេរៀននេះ​អាចជួយអ្នក​ឲ្យចេះប្រៀបធៀប​បទគម្ពីរ ដើម្បី​រៀនសូត្រពី​សេចក្ដីពិត ដែលអាច​ជួយអ្នកក្នុង​អំឡុងពេល​នៃ​ដំណើរជីវិត​របស់អ្នក ។

ដំណើរ​ជីវិត

ជីវិតរមែងស្លាប់​របស់យើង​អាច​យកមក​ប្រៀបធៀប​ទៅនឹង​ដំណើរ​ដ៏វែងឆ្ងាយ ដោយមាន​គោលដៅដែល​ប្រាថ្នាចង់​បាន គឺ​ជីវិតដ៏​នៅ​អស់កល្ប​ជានិច្ច ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារបស់អ្នក សូមសរសេរ « ខ្ញុំ » នៅលើទំព័រ​ម្ខាង និង « ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » នៅ​ទំព័រ​ម្ខាងទៀត ។ នៅ​ចន្លោះ​ចំណងជើង​ទាំងពីរ​នេះ សូម​សរសេរ​អំពី​ឧបសគ្គ​មួយចំនួន​ដែល​អាចនឹង​កើតឡើង​នៅក្នុង​អំឡុងពេល​ធ្វើដំណើរ​របស់យើង ដែលធ្វើឲ្យ​យើង​ពិបាកនឹង​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​វិញប្រកប​ដោយ​ភាព​ស័ក្តិសម ។ បន្ទាប់មក សូម​គិត​អំពី​របៀប​ដែល​ការ​ធ្វើដំណើរ​របស់អ្នកឆ្ពោះ​ទៅកាន់​ជីវិត​ដ៏នៅ​អស់កល្បជានិច្ច​មាន​លក្ខណៈ​យ៉ាង​ណា​ដែរ ហើយ​តើឧបសគ្គ​ណាមួយ​ដែល​អ្នកកំពុងជួប​ប្រទះនា​ពេល​បច្ចុប្បន្ននេះ ។

នៅថ្ងៃនេះ អ្នក​នឹង​សិក្សា​អំពី​ការធ្វើដំណើរ​ដែល​ពួកសាសន៍​យ៉ារេឌ​បានធ្វើទៅកាន់​ដែនដី​សន្យា បន្ទាប់​ពីពួកគេ​បានបញ្ចប់​ការសាងសង់​ភេត្រា​របស់ពួកគេ ។ នៅពេល​អ្នកសិក្សា សូម​រកមើល​សេចក្តីពិត​ដែលអាច​ជួយ​អ្នក​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ដែល​អ្នកប្រឈមមុខ​ក្នុង​ការធ្វើដំណើរ​របស់​អ្នកត្រឡប់​ទៅកាន់​វត្តមាន​របស់ព្រះវិញ ។

ការប្រៀប​ប្រដូច​បទគម្ពីរ​ទៅនឹង​ជីវិត​របស់​អ្នក

ជំហាន​ខាងក្រោម​នេះអាច​ជួយអ្នក​ឲ្យ​ប្រៀបធៀប ឬ​ប្រៀប​ប្រដូច​អ្វីដែល​អ្នក​នឹង​អាននៅ​ក្នុង​បទគម្ពីរ ទៅនឹង​កាលៈទេសៈ​ផ្ទាល់ខ្លួន​របស់អ្នក ។ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូម​សរសេរ​ចំណងជើង « របៀប​ប្រៀប​ប្រដូច​បទគម្ពីរ​ទៅនឹង​ជីវិត​របស់ខ្ញុំ » ។ សូម​កត់ត្រា​ជំហាន​ទាំងនេះ​នៅ​ខាង​ក្រោម​ចំណងជើង ។

  1. ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ ។

  2. ធ្វើការ​ប្រៀបធៀប ។

  3. ស្វែងយល់​ពីមេរៀន​ដ៏​មានតម្លៃ ។

  4. កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន ។

ជំហានទី ១ ៖ ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ

សូម​អាន អេធើរ ៦:១–៣ ដោយ​ស្វែងរកព័ត៌មាន​លម្អិត​សំខាន់ៗ ។ ព័ត៌មាន​លម្អិត​ទាំងនេះ​អាច​មាន​ដូចជា​មនុស្ស ទីកន្លែង វត្ថុ ឬ​សកម្មភាព​ដែល​ត្រូវបាន​គូស​បញ្ជាក់ ។

ព័ត៌មាន​លម្អិតដ៏សំខាន់មួយ​ដែលអ្នកប្រហែលជា​បាន​កត់សម្គាល់​មកនោះ គឺថា​ព្រះអម្ចាស់បាន​ធ្វើឲ្យក្រួសទាំងឡាយ​ដែល​បងប្រុស​របស់​យ៉ារេឌបាន​យកទៅ​ថ្វាយទ្រង់ពី​មុននោះ ( សូមមើល អេធើរ ៣:១–៦ ) ឲ្យ​ភ្លឺ​ឡើង ដូច្នេះ​ពួកសាសន៍​យ៉ារេឌ​នឹងមាន​ពន្លឺបំភ្លឺ​នៅក្នុងភេត្រា​របស់ពួកគេ ។

ជំហានទី ២ ៖ ធ្វើការ​ប្រៀបធៀប

សូម​គិតអំពីរបៀប​នៃព័ត៌មានលម្អិត​ដែលអ្នកបាន​រកឃើញ​នៅក្នុងជំហាន​មុន​នេះ អាចប្រៀបធៀប​ទៅនឹង​អ្វីមួយ​ខាង​វិញ្ញាណ ឬ​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​នៅក្នុង​ជីវិតអ្នក ។

  • តើអ្នកអាច​ធ្វើ​ការប្រៀបធៀប​អ្វីខ្លះជាមួយ​នឹងព័ត៌មានលម្អិត ដែល​អ្នកបាន​រកឃើញ​នៅក្នុងជំហាន​មុន​នេះ ?

ឧទាហរណ៍ អ្នកប្រហែលជា​បានប្រៀបធៀប​ក្រួសដែលភ្លឺ​ចែងចាំង​ទៅនឹងប្រភពនៃ​ពន្លឺខាងវិញ្ញាណ ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់យើង ដូចជា​ការបង្រៀន និង​គំរូរបស់​ព្រះយេស៊ូវ​គ្រីស្ទ ព្រះវិញ្ញាណ​បរិសុទ្ធ ព្រះគម្ពីរ និង​ព្យាការី​ដែល​នៅរស់​ជាដើម ។ ( សូមមើល ទំនុក​ដំកើង ១១៩:១០៥; យ៉ូហាន ៨:១២ និង នីហ្វៃ​ទី​១ ១៧:១៣ ។ អ្នកអាចនឹង​ធ្វើសេចក្តី​យោង​បទគម្ពីរ​ទាំងនេះ​ឆ្លងទៅ អេធើរ ៦:៣ បាន ) ។

ជំហាន​ទី ៣ ៖ ស្វែងយល់​ពីមេរៀន​ដ៏​មានតម្លៃ

សូមគិត​អំពីមេរៀន ឬសេចក្តីពិតណា​ដែលអ្នកបាន​រៀនសូត្រ នៅពេលដែល​អ្នកប្រៀបធៀប​ខគម្ពីរទាំងនេះទៅ​នឹងជីវិត​របស់អ្នក ឬទៅនឹង​អ្វីមួយ​ខាង​វិញ្ញាណ ។ សូមពិចារណា​ផងដែរទៅលើអ្វី​ដែលអ្នករៀន​អំពីព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  • តើមាន​មេរៀន ឬសេចក្តីពិត​អ្វីខ្លះ ដែល​អ្នករៀនសូត្រពី​ខគម្ពីរ​ទាំងនេះ ? តើអ្នក​រកឃើញអ្វីខ្លះ ដែលអាច​ជួយដល់អ្នក​ក្នុងជីវិតប្រចាំថ្ងៃ​របស់អ្នក ?

សេចក្តីពិតមួយ​ដែលយើង​អាចរៀនសូត្រ​បាន គឺថា ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទប្រទាន​នូវការណែនាំ និង​ពន្លឺដល់យើង ដើម្បីជួយយើង​ក្នុងអំឡុងពេល​ធ្វើដំណើរឆ្លងកាត់​ជីវិត​រមែង​ស្លាប់នេះ ។

ជំហានទី ៤ ៖ កំណត់​ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​ពិចារណា​ពីរបៀបដែល​អ្នកអាច​អនុវត្ត​មេរៀន​ដែលអ្នកបាន​រកឃើញ​នៅក្នុង​ជំហាន​មុន​ក្នុង​ជីវិត​របស់​អ្នក ។

  • តើ​អ្នក​អាចធ្វើអ្វីខ្លះ ដើម្បីធ្វើតាម ឬទទួល​បានពន្លឺរបស់​ព្រះ​បន្ថែម​ទៀត​នៅក្នុងជីវិត​របស់អ្នក ?

អ្នកប្រហែលជា​បានគិតពី​សកម្មភាព ដែល​មានដូចជា ការកែ​លម្អ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក​ឲ្យបានប្រសើរ​ឡើង ការស្វែងរក​ការណែនាំ​ពី​ព្រះវរបិតាសួគ៌​នៅក្នុង​ការសម្រេចចិត្ត​ប្រចាំថ្ងៃ​របស់អ្នក ឬការ​ខិតខំឧស្សាហ៍​ព្យាយាម​បន្ថែម​ទៀត ដើម្បីរក្សា​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជាដៃគូ​របស់អ្នក​ជានិច្ច ។

អនុវត្តការ​ប្រៀបប្រដូច​ខគម្ពីរផ្សេងទៀត​ចេញពីដំណើររឿង​នេះ

រូបភាព
ភេត្រា​របស់​ពួកសាសន៍​យ៉ារេឌ

សូមសិក្សា​ដំណើររឿង​ទាំង​ប៉ុន្មាន​ទៀត​អំពី​ការធ្វើ​ដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ​ទៅកាន់ដែនដី​សន្យាដោយ​អាន អេធើរ ៦:៤–១២ ។ សូម​រកមើល​វិធីជាច្រើនទៀត​ដែលការធ្វើដំណើរ​របស់​ពួកសាសន៍​យ៉ារេឌ​អាចទាក់ទង​នឹងដំណើរជីវិត​របស់អ្នក ។ នៅពេលដែល​អ្នកសិក្សា សូម​រៀន​ប្រើប្រាស់​ដំណើរការ​ទាំង​បួន​ជំហានសម្រាប់​ការប្រៀបប្រដូច​ទៅនឹង​បទគម្ពីរ ។

សូមយកចិត្តទុក​ដាក់ជាពិសេស​ចំពោះអ្វី ដែលខគម្ពីរ​ទាំងនេះ​បង្រៀនដល់​អ្នកអំពី​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​មាន​ព័ត៌មាន​លម្អិត​សំខាន់ៗ​អ្វីខ្លះ​ដែល​អ្នករកឃើញ​មក​ពី​អ្វីដែល​អ្នក​បាន​សិក្សា​នេះ ?

    • តើ​អ្នក​បាន​ធ្វើការប្រៀបធៀប​អ្វីខ្លះ រវាង​ព័ត៌មាន​លម្អិត​ទាំងនោះ និង​ទិដ្ឋភាព​នៃ​ជីវិត​របស់អ្នក ?

    • តើ​​​អ្នកបាន​រៀន​អ្វីខ្លះ​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ចេញមក​ពីខគម្ពីរ​ទាំងនេះ ?

    • តើ​មាន​ចំណុច​អ្វីខ្លះ​មកពីខគម្ពីរ​ទាំងនេះ ដែល​អ្នកនឹង​ខិតខំ​អនុវត្ត​ក្នុង​ជីវិត​របស់​អ្នក ?