ថ្នាក់​សិក្ខាសាលា
អេធើរ ៧–១១ ៖ « ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ »


« អេធើរ ៧–១១ ៖ ‹ ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« អេធើរ ៧–១១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

អេធើរ ៧–១១

« ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ »

រូបភាព
ស្ត្រី​ដែល​ជាប់នៅក្នុង​គុក

ដោយ​សារ​ព្រះស្រឡាញ់យើង ទ្រង់​ហៅ​ព្យាការី​ឲ្យ​មកព្រមាន​ពួកយើង​ពី​អំពើអាក្រក់ ហើយ​លើក​ទឹកចិត្ត​យើងឲ្យ​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។ ពួកសាសន៍យ៉ារេឌ​មិនបាន​ស្ដាប់​តាមការព្រមាន​ពីបងប្រុសរបស់យ៉ារេឌទេ ហើយ​ការមិន​ស្តាប់តាមនេះ​បាន​បណ្ដាលឲ្យ​មានផល​វិបាក​ដល់​មនុស្ស​ជាច្រើនជំនាន់ ។ មេរៀន​នេះអាច​ជួយ​អ្នក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ព្យាការី​របស់ព្រះ ។

ការជាប់​ឃុំឃាំង

សូម​មើល​រូបភាព​ខាងក្រោម​នេះ ។ តើ​បុគ្គលម្នាក់​នេះ​អាច​កំពុងគិត ឬ​មានអារម្មណ៍​យ៉ាង​ដូចម្តេច ?

រូបភាព
បុរស​ម្នាក់​ជាប់​នៅក្នុងគុក

សូមពិចារណា​ទៅ​លើជម្រើស​ពីមុនអ្វីខ្លះ​ដែលអាចនាំឲ្យ​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ទាំងនេះ និង​មូលហេតុអ្វីខ្លះ​ដែលបុគ្គលនេះ​អាចសម្រេច​ចិត្ត​ជ្រើសរើស​យកជម្រើសទាំងនោះ ។

ការចូលរួម​នៅក្នុងការប្រព្រឹត្ត​អំពើបាប​អាចនាំមនុស្ស​ទៅរក​ការជាប់​ឃុំឃាំង​ខាងវិញ្ញាណ និង​រូបកាយ ។

នៅ​ថ្ងៃនេះ អ្នក​នឹង​សិក្សា​អំពី​ដំណើររឿងមួយ​ដែលនឹងជួយ​អ្នកឲ្យ​យល់​អំពី​មធ្យោបាយ​ដ៏​សំខាន់​មួយ​ក្នុង​ការចៀសផុត​ពី​ការជាប់​ឃុំឃាំង​ខាង​វិញ្ញាណ ។ នៅ​ពេល​ដែល​អ្នកសិក្សា សូមយកចិត្ត​ទុកដាក់​លើការបំផុស​គំនិតពី​ព្រះវិញ្ញាណ ដែលអាច​ជួយឲ្យ​អ្នកយល់ដឹង​ពីរបៀបអនុវត្ត​អ្វីដែលអ្នក​បាន​រៀនសូត្រនៅ​ក្នុងជីវិត​របស់អ្នក​ផ្ទាល់ ។

« ប្រាកដជា​ការណ៍​នេះ​នឹង​នាំ​ទៅរក​ការជាប់​ឃុំឃាំង​ជា​មិនខាន​ឡើយ »

បន្ទាប់ពី​ពួកសាសន៍យ៉ារេឌ​បានទៅដល់​ដែនដីសន្យា ពួកគេ​បានបម្រើ​ព្រះអម្ចាស់​ដោយស្មោះត្រង់ ហើយ​បាន​ចម្រើន​ឡើង និង​បាន​រីកចម្រើន​ខ្លាំងនៅ​ក្នុងដែនដី ( សូមមើល អេធើរ ៦:១៧–១៨ ) ។ កាល​ដែលយ៉ារេឌ និង​បងប្រុសរបស់​លោកកៀកកាន់​តែជិតដល់​ទីបញ្ចប់​នៃ​ជីវិត​របស់​ពួកលោក នោះ​ពួកលោក​បាន​ប្រមូលផ្តុំ​ប្រជាជន​របស់​ពួកលោក​មកជុំគ្នា​ដើម្បី​និយាយ​ទៅកាន់​ពួកគេ ។

សូមអាន អេធើរ ៦:១៩–២៣ ដោយ​ស្វែងរក​អ្វីដែល​ប្រជាជន​ប្រាថ្នា​ចង់​បាន ។

  • តើ​បងប្រុស​របស់​យ៉ារេឌ​បានព្រមាន​អ្វីខ្លះ​ដល់​ប្រជាជន​នៅក្នុង ខទី ២៣ ?

សូម​ស្រមៃ​ថា អ្នកមាន​វត្តមាន​នៅទីនោះ​នៅពេល​ដែល​លោក​បាន​ផ្ដល់​ការព្រមាន​នេះ ។ សូម​ជញ្ជឹងគិត​ពី​របៀប​ដែលអ្នក​នឹង​ឆ្លើយ​តបទៅ​នឹងស្ថានភាព​ទាំងនេះ ។ សូម​គិត​អំពី​អ្វីដែល​អ្នក​ដឹងអំពីព្រះ និងព្យាការី​របស់ទ្រង់ និង​របៀបដែល​ហេតុការណ៍នេះ​អាចមាន​ឥទ្ធិពលលើ​ការសម្រេចចិត្ត​របស់អ្នក ។

ការព្រមាន​ត្រូវបាន​បំពេញ

ទោះបី​ជាបងប្រុស​របស់យ៉ារេឌ​បានព្រមាន​ក៏ដោយ ក៏ប្រជាជន​នៅតែ​ជ្រើសរើស​យកស្ដេចមួយ​អង្គ​ដដែល ។ បន្ទាប់ពី​កូនប្រុស​បី​បួននាក់​របស់ពួកគេ​បានបដិសេធ ទីបំផុត អូរៃហា ដែល​ជា​កូនប្រុសរបស់​យ៉ារេឌ​បានយល់​ព្រមធ្វើជា​ស្តេច ហើយ​សោយរាជ្យ​ដោយសុចរិត​ពេញ​មួយ​ជីវិត​របស់គាត់ ( សូមមើល អេធើរ ៦:២៤–២៩; ៧:១ ) ។ ទោះ​បីជាយ៉ាងណា​ក៏ដោយ ការព្យាករ​របស់បងប្រុសយ៉ារេឌថា ការមាន​ស្តេច​នឹងនាំទៅ​រក​ការធ្លាក់​ចូលទៅក្នុងការ​ជាប់ឃុំឃាំង បាន​កើតឡើង​ជាច្រើនដង​​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ពួកសាសន៍​យ៉ារេឌ ។

សូម​អាន​វគ្គបទគម្ពីរ​ខាងក្រោម ដោយ​រកមើល​ឧទាហរណ៍​អំពីរបៀប​ដែល​ការព្យាករ​របស់​បងប្រុសយ៉ារេឌត្រូវបាន​បំពេញ ។ អ្នកប្រហែល​ជាចង់​សរសេរ​សេចក្តីយោងទាំងនេះ​នៅក្នុង​បទគម្ពីរ​របស់អ្នកនៅជាប់​នឹង អេធើរ ៦:២៣ ។

  • តើ​អ្នក​ចាប់​អារម្មណ៍​អ្វីខ្លះ​ពីក្នុង​ខគម្ពីរ​ទាំងនេះ ?

  • តើមាន​សេចក្ដីពិត​អ្វីខ្លះ​ដែលយើងអាច​រៀនសូត្របាន​ពី​ដំណើររឿង​នេះ​អំពីលទ្ធផល​នៃការបដិសេធព្យាការី​របស់​ព្រះអម្ចាស់ ?

សេចក្តីពិត​មួយដែល​យើងអាចរៀន​សូត្របានចេញ​ពី​ដំណើររឿង​នេះ​គឺថា ការបដិសេធព្យាការី​របស់ព្រះអម្ចាស់​អាចនាំទៅ​រក​ការជាប់​ឃុំឃាំង 

  • តើគំរូ​មួយចំនួន​អំពីរបៀប​ដែលនរណាម្នាក់​អាចជួប​បទពិសោធន៍​ជាប់​ឃុំឃាំង​តាមរយៈការ​មិនអើពើ ឬ​ការបដិសេធ​ព្យាការី​របស់​ព្រះអម្ចាស់​មានអ្វីខ្លះ ?

  • ហេតុអ្វី​បានជា​អ្នកគិតថា មនុស្ស​ជ្រើសរើសមិន​អើពើនឹង​ដំបូន្មាន និង​ការព្រមាន​ដែលព្រះអម្ចាស់​ប្រទានមក​តាមរយៈ​ព្យាការី​របស់ទ្រង់​ដូច្នេះ ?

ដំបូន្មាន​នៅ​សម័យ​ទំនើប​មកពី​ព្យាការី​របស់​ព្រះអម្ចាស់

សូម​ស្វែងរក​ដំបូន្មាន ឬ​ការព្រមាន​មកពីព្យាការី និង​សាវក​នៅសម័យ​ទំនើប​នេះ ។ ការណ៍ទាំង​នេះអាច​ចេញមក​ពី ដើម្បី​កម្លាំង​យុវជន ( កូន​សៀវភៅ​ឆ្នាំ ២០២២ ) ឬ​ពីសុន្ទរកថា​សន្និសីទ​ទូទៅថ្មីៗនេះ ។ សូម​ឆែក​មើលថា តើ​អ្នកអាច​ស្វែងរក​ពាក្យ ឬ​ឃ្លាជាក់លាក់​ដែលពិពណ៌នា​អំពីរបៀបដែល​យើង​នឹងទទួលបាន​ពរជ័យ នៅពេល​ដែលយើង​ធ្វើតាម​ដំបូន្មាន​នេះ ក៏​ដូចជាផលវិបាក​ដែលយើង​អាចជួបប្រទះ​ដោយសារតែ​ការមិន​ធ្វើតាម​បាន​ដែរ​ឬទេ ។

រូបភាព
រូបតំណាង​កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ការ​ព្រមាន ឬដំបូន្មាន​អ្វីខ្លះ​ដែលអ្នក​អាចរកឃើញ ?

    • តើ​ព្រះអម្ចាស់​នឹងប្រទាន​ពរជ័យ​ដល់​ពួកយើង​តាម​របៀប​ណាខ្លះ នៅ​ពេលដែល​យើង​ធ្វើ​តាមដំបូន្មាននេះ ?

    • តើ​ការមិន​អើពើ​នឹងដំបូន្មាន​នេះ ឬ​ការព្រមាន​ទាំងនេះ​អាច​នាំ​នរណា​ម្នាក់​ឲ្យ​ជាប់ការឃុំឃាំង​យ៉ាង​ដូចម្តេច ?

ការអនុវត្ត​វាទៅ​ក្នុងជីវិត​របស់អ្នក

សូម​គិតអំពី​របៀប​ដែលអ្នកឆ្លើយ​តបទៅនឹង​ដំបូន្មាន និង​ការព្រមាន​របស់​ព្យាការី​នៃ​ព្រះអម្ចាស់ ពរជ័យ​ដែល​អ្នក​បានទទួល​ដោយសារ​ការធ្វើតាម​ដំបូន្មាន និង​ការព្រមាន​ទាំងនោះ និង​ដំបូន្មាន​ដែល​អ្នកប្រហែល​ជាត្រូវធ្វើតាម​ដោយ​ស្មោះត្រង់​បន្ថែម​ទៀត ។

អ្នក​ខ្លះ​អាច​នឹងមាន​អារម្មណ៍​បាក់ទឹកចិត្ត នៅពេល​ដែល​ពួកគេ​ជួបនឹង​ផលវិបាក​ដោយសារការ​មិនគោរព​តាមដំបូន្មាន និង​ការព្រមាន​របស់​ព្រះអម្ចាស់តាមរយៈ​ព្យាការី​របស់ទ្រង់ ។ ប៉ុន្តែ ទោះ​បីជា​យើង​បានធ្វើខុស​យ៉ាងណាក៏​ដោយ ក៏​ព្រះអង្គ​សង្គ្រោះ​អាច​រំដោះ​ពួកយើងចេញ​ពី​ការជាប់ឃុំឃាំង​របស់យើង​បាន​ដែរ នៅពេល​ដែល​យើង​បែរ​ត្រឡប់​មករកទ្រង់​វិញ ។ ឧទាហរណ៍ សូម​អាន អេធើរ ៧:២៥–២៧ ហើយ​កត់សម្គាល់​ពីអ្វី​ដែល​បាន​កើតឡើង នៅពេល​ដែលប្រជាជន​បានប្រែចិត្ត ហើយ​បែរត្រឡប់មក​រកព្រះ​វិញ ។

  • តើ​វគ្គ​បទគម្ពីរ​នេះ​បង្រៀន​អ្នក​​អ្វីខ្លះ​អំពី​ព្រះអម្ចាស់ ? ( សូមមើល ម៉ូសាយ ៧:៣៣ ) ។

ដើម្បី​មើល​ឧទាហរណ៍​មួយអំពី​របៀប​ដែលនរណា​ម្នាក់បាន​ជួប​បទពិសោធន៍​ពី​ការរំដោះ​របស់​ព្រះអម្ចាស់ បន្ទាប់ពី​ការបានជួប​បទពិសោធន៍​​ការជាប់ឃុំឃាំង​ខាងវិញ្ញាណ សូម​ពិចារណា​មើល​វីដេអូ​នេះ « The Immediate Goodness of God » ដែល​មាន​នៅលើ​គេហទំព័រ ChurchofJesusChrist.org ចាប់​ពី​នាទី​ទី ៣:៣៧ ដល់​នាទី​ទី ៦:៣៣ ។

នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក សូមសរសេរ​ពីអ្វី​ដែល​អ្នក​បាន​រៀនសូត្រ និង​ទទួលអារម្មណ៍​អំពី​ការធ្វើតាម​ព្យាការី​របស់​ព្រះអម្ចាស់​នៅថ្ងៃនេះ ។ សូម​កត់ត្រា​ពី​ចំណាប់អារម្មណ៍​ខាងវិញ្ញាណ​ណាមួយ​ដែល​អ្នកបាន​ទទួល ហើយ​ដាក់ផែនការ​ដើម្បី​ធ្វើតាមចំណាប់​អារម្មណ៍​ទាំងនោះ ។