ថ្នាក់​សិក្ខាសាលា
នីហ្វៃទី ៣ ២៤ ៖ ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់


« នីហ្វៃទី ៣ ២៤ ៖ ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន ( ឆ្នាំ ២០២៤ )

« នីហ្វៃទី ៣ ២៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូ​បង្រៀន

នីហ្វៃទី ៣ ២៤

ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់

រូបភាព
នារី​ម្នាក់​កំពុង​បំពេញ​ក្រដាស​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់

តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះ​ដល់​យើង ប្រសិនបើ​យើង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ? ព្រះអង្គ​សង្រ្គោះ​បាន​ប្រើប្រាស់​ពាក្យពេចន៍​របស់​ព្យាការី​ម៉ាឡាគី​ដើម្បី​បង្រៀន​ពួក​សាសន៍​នីហ្វៃ​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ និង​ពរជ័យ​នៃ​ការរស់នៅ​តាម​បទបញ្ញត្តិ​នេះ ។ មេរៀន​នេះមាន​គោលបំណង​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ចង់​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ។

បទពិសោធន៍​របស់​អ្នក

សូម​អាន​ដំណើររឿង​ខាងក្រោម​ទាំងនេះ ដោយ​រកមើល​រឿង​ទាំងឡាយ​ណា​ដែល​មាន​អារម្មណ៍ថា ទាក់ទង​នឹង​អ្នក ឬ​យុវវ័យ​ក្នុង​តំបន់​របស់អ្នក​ខ្លាំង ៖

  • ហ្គាឡូស​កំពុង​សន្សំ​ប្រាក់​ទៅ​ទិញ​ទូរសព្ទ ។ ដូច្នេះ គាត់​មិនបាន​គិត​អំពី​ការបង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ​ទេ ។

  • ស៊ីតាតែងតែ​ដាក់ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​តាំងពី​នាង​នៅក្មេង ប៉ុន្តែ​ពេលនេះ​នាងមាន​ការងារធ្វើ និង​រកប្រាក់​បានច្រើន​ជាងមុន ដូច្នេះហើយ​វា​កាន់តែ​ពិបាក​ដើម្បី​បង់​ដង្វាយ ។

  • អូនីហ្គាបាន​ឲ្យ​ប្រាក់​ទាំងអស់ ដែល​នាងរកបាន​ដើម្បី​ជួយ​ដល់​គ្រួសារ​របស់នាង ។ នាង​ឆ្ងល់​ថា តើ​នាង​ត្រូវ​បង់​ដង្វាយ​មួយភាគ​ក្នុង​ដប់​ដូម្តេច​ទៅ បើ​គ្រួសារ​របស់​នាង​ត្រូវការ​លុយ​ដែរ​នោះ ។

  • អាន់ជុមមិន​មាន​ចំណូល​ទេ ដូច្នេះ​គាត់​មាន​ចម្ងល់​នៅក្នុង​ចិត្តថា តើ​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​នឹងយក​មក​អនុវត្ត​ចំពោះ​គាត់​យ៉ាង​ដូចម្តេច ។

  • តើ​ស្ថានភាព​មួយណាដែល​អ្នកមាន​អារម្មណ៍​ថា មានភាព​ពាក់ព័ន្ធខ្លាំង​ជាងគេ ? ហេតុអ្វី ?

  • តើ​យុវវ័យ​អាច​មាន​សំណួរ ឬ​ក្តីកង្វល់​អ្វីខ្លះ​អំពី​ដង្វាយមួយ​ភាគក្នុងដប់ ?

សូម​គិត​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់អ្នក និង​ការយល់ដឹង​អំពី​ដង្វាយមួយ​ភាគក្នុងដប់ ។ តើ​អ្នក​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ឬ​អ្នកស្ម័គ្រចិត្ត​ថ្វាយ​ដង្វាយមួយភាគ​ក្នុងដប់​ដែរឬទេ ? ហេតុអ្វី​ថ្វាយ​ដង្វាយមួយ​ភាគ​ក្នុង​ដប់ ឬ​តើ​ហេតុអ្វី​មិន​ថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ? តើ​អ្នក​បានរៀន​អ្វីខ្លះ​ពី​បទពិសោធន៍​ទាំងនោះ ? នៅពេល​អ្នកសិក្សា​មេរៀន​នេះ សូម​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ជួយ​អ្នក​ឲ្យ​គោរព​តាម​ក្រឹត្យវិន័យ​នេះ ។

ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់

នៅខណៈ​ដែល​កំពុង​បង្រៀន​ពួក​សាសន៍​នីហ្វៃ ព្រះយេស៊ូវ​បាន​បញ្ជា​ឲ្យ​ពួកគេ​សរសេរ​ពាក្យ ដែល​ម៉ាឡាគី​ដែលបាន​កត់ត្រា​ប្រហែល ៤០០ ឆ្នាំមុន ។ ម៉ាឡាគី​បាន​ព្យាករ​អំពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​តួនាទី​របស់​ព្រះអង្គសង្គ្រោះ​នៅក្នុង​ការជំនុំជម្រះ​មនុស្ស​ទុច្ចរិត ( សូមមើល នីហ្វៃទី ៣ ២៤:១–៦ ) ។

សូមអាន នីហ្វៃទី ៣ ២៤:៧ ដោយ​រកមើល​អំពី​បញ្ហា ដែល​ប្រជាជន​បាន​ជួបប្រទះ​នៅក្នុង​ជំនាន់​របស់​ម៉ាឡាគី ។

  • តើ​ពួកសាសន៍​នីហ្វៃ​អាចដូច​នឹង​ប្រជាជន​នៅក្នុង​ជំនាន់​របស់​ម៉ាឡាគី​យ៉ាង​ដូចម្ដេច ?

  • តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះដល់​ប្រជាជន​នេះ ប្រសិនបើ​ពួកគេ​ត្រឡប់មក​រក​ទ្រង់វិញ ?

ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាជន​ឲ្យ​ត្រឡប់​ទៅរក​ព្រះអម្ចាស់​វិញ ហើយ​រៀបចំខ្លួន​សម្រាប់​ការយាង​មក​របស់ទ្រង់ តាមរយៈ​ម៉ាឡាគី ព្រះអម្ចាស់​បានបង្រៀន​អំពី​ដង្វាយមួយ​ភាគ​ក្នុង​ដប់ ។

សូមអាន នីហ្វៃទី ៣ ២៤:៨–១២ ហើយ​ពិចារណា​គូសចំណាំ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នេះ ។ សូម​កត់​ចំណាំថា « សត្វ​ដែល​ស៊ីបង្ខូច » ( ខទី ១១ ) អាច​និយាយ​សំដៅ​ទៅលើ​ទាំង​សត្វចង្រៃ គ្រោះ​រាំងស្ងួត ឬ​ទឹក​ជំនន់ និង​សូម្បីតែ​សាតាំង​ផងដែរ ។

  • តើ​អ្នក​ចាប់អារម្មណ៍​អ្វីខ្លះ​អំពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​ការបដិសេធ​មិន​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុងដប់​ប្រៀប​ដូចជា​ការប្លន់​ពីព្រះ​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​អ្នកអាច​បំពេញ​ប្រយោគ​ខាងក្រោម​នេះ​ដោយ​របៀបណា ៖ « ប្រសិនបើ​យើង​ស្តាប់បង្គាប់​តាម​ក្រឹត្យវិន័យ​នៃដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់ … » ?

នេះជា​វិធីមួយ ដែល​អ្នកអាច​បញ្ចប់​ឃ្លា​នេះ​បាន ៖ ប្រសិនបើ​យើង​ស្តាប់​បង្គាប់​តាម​ក្រិត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ចាក់​ព្រះពរ​មក​លើ​យើង ។

នៅក្នុង​ជំនាន់​របស់​ម៉ាឡាគី និង​នៅក្នុង​ជំនាន់​ពួក​សាសន៍​នីហ្វៃ ពួកបរិសុទ្ធ​ទំនង​ជាបាន​ថ្វាយដង្វាយ​មួយភាគ​ក្នុងដប់​ដោយ​ការផ្តល់ជា​អាហារ ឬ​ទំនិញ​មួយភាគក្នុង​ដប់​របស់​ពួកគេ ។ សព្វថ្ងៃ​នេះ « សមាជិក​សាសនាចក្រ​ថ្វាយ​ប្រាក់ចំណូល​មួយភាគ​ក្នុងដប់​ទៅដល់​ព្រះអម្ចាស់​តាមរយៈ​សាសនាចក្រ​របស់ទ្រង់ ។ មូលនិធិ​នេះ​ត្រូវបាន​ប្រើ ដើម្បី​កសាង​សាសនាចក្រ និង​បន្ត​ការងារ​របស់​ព្រះអម្ចាស់​នៅ​ទូទាំង​ពិភពលោក » ( Gospel Topics « ដង្វាយ​Tithing » នៅលើ​គេហទំព័រ topics.ChurchofJesusChrist.org ) ។ ប្រសិនបើ​នរណាម្នាក់​មិនមាន​ប្រាក់ចំណូល​ទេ ពួកគេ​មិន​តម្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​ទេ ប៉ុន្តែ​ពួកគេ​គួរតែ​ស្ម័គ្រចិត្ត​ធ្វើ​នៅពេល​អនាគត ។

ព្រះអម្ចាស់​បាន​ប្រើប្រាស់​ឃ្លា​ដ៏​មាន​ឥទ្ធិពល និង​រស់រវើក​នៅពេល​មាន​ព្រះបន្ទូល​អំពី​ដង្វាយ​មួយ​ភាគ​ក្នុងដប់ ៖ « សូម​ល្បងល [ ឬ​សាកល្បង ] យើង​ឥឡូវ​នេះ …​បើយើង​មិន​បើក​បង្អួច​ស្ថានសួគ៌ ដើម្បី​ចាក់ព្រះពរ​មកលើ​អ្នក​ដែល​នឹង​គ្មានកន្លែង​ល្មម​ទុកបានទេ » ( នីហ្វៃទី ៣ ២៤:១០ ) ។

  • តើ​អ្នក​គិតថាព្រះអម្ចាស់​បាន​គូសបញ្ជាក់​អ្វីខ្លះ ដោយ​ប្រើប្រាស់​ពាក្យពេចន៍ និង​ឃ្លាដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល ? តើ​អ្នក​រៀន​អ្វីខ្លះ​អំពី​ទ្រង់ ?

សូម​គូររូប​បង្អួច​ដ៏​ធំ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់អ្នក ។ នៅពេល​ដែល​អ្នក​បំពេញ​សកម្មភាព​យ៉ាងហោច​ណាស់​ឲ្យ​បាន​ពីរ​នៃ​សកម្មភាព​ខាងក្រោម​នេះ សូម​សរសេរ​អំពី​ពរជ័យ​ដែល​យើង​អាច​ទទួល​បាន នៅពេល​យើង​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ។

រូបភាព
រូបតំណាង កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ ៖

    • តើ​ពរជ័យ​ទាំងនេះ​ជះ​ឥទ្ធិពល​ទៅដល់​សេចក្តីប្រាថ្នា​របស់អ្នក​នៅក្នុង​ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​ដោយ​របៀប​ណា ?

    • ហេតុអ្វី​បាន​ជាអ្នក​គិតថា ព្រះអម្ចាស់​បញ្ជា​រាស្រ្ត​របស់ទ្រង់​ឲ្យ​ថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់ ?

    • តើ​ការស្តាប់បង្គាប់​តាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​ជួយយើង « វិល​មក​ឯ » ( នីហ្វៃទី ៣ ២៤:៧ ) ឬ​កាន់តែ​ជិត​ព្រះអម្ចាស់​ដោយ​របៀបណា ?

ការអនុវត្ត​ផ្ទាល់ខ្លួន

សូម​គិត​អំពី​អ្វី ដែល​អ្នក​បានរៀន និង​អារម្មណ៍​នៅ​ថ្ងៃនេះ ពេលអ្នក​អាន​ឃ្លា​ខាងក្រោម​របស់​អែលឌើរ ដេវីឌ អេ បែដណា ក្នុង​កូរ៉ុមនៃ​សាវក​ដប់ពីរ​នាក់ ៖

ការថ្វាយ​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​ដ៍​ស្មោះត្រង់ គឺ​មិន​គ្រាន់តែ​ជា​កាតព្វកិច្ច​នោះទេ វា​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរការ​នៃ​ការញែកចេញ​ជាបរិសុទ្ធ​ផ្ទាល់ខ្លួន ។ ចំពោះអ្នក​ដែល​ថ្វាយដង្វាយ​មួយ​ភាគ​ក្នុងដប់​របស់អ្នក ខ្ញុំ​សូម​កោតសរសើរ ។

ចំពោះអ្នក​ដែល​បច្ចុប្បន្ន​ពុំបាន​គោរពតាម​ក្រឹត្យវិន័យ​នៃ​ដង្វាយ​មួយភាគ​ក្នុងដប់​ទេ ខ្ញុំ​សូម​អញ្ជើញ​អ្នកឲ្យ​ពិចារណា​ឡើងវិញ ហើយ​ប្រែចិត្ត ។ ខ្ញុំ​សូមធ្វើ​ទីបន្ទាល់ថា តាមរយៈ​ការគោរព​ប្រតិបត្តិ​របស់អ្នក​ចំពោះ​ក្រិត្យវិន័យ​របស់​ព្រះអម្ចាស់​នោះ​បង្អួចនៃ​ស្ថានសួគ៌​នឹង​បើក​ឲ្យអ្នក ។ ( ដេវីឌ អេ បែដណា « The Windows of Heaven » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ២០ )

សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក​អំពី​អារម្មណ៍​របស់អ្នក​ទៅលើ​ដង្វាយ​មួយភាគ​ក្នុងដប់ និង​មូលហេតុ ។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា ការថ្វាយ​ដង្វាយ​មួយភាគ​ក្នុងដប់​មាន​ការលំបាក ឬ​នឹង​មាន​ការលំបាក​សម្រាប់​អ្នក សូម​ដាក់​បញ្ចូល​អំពី​អ្វី ដែល​អ្នក​អាច​ធ្វើ​ទៅបាន​ដើម្បី​យាងអញ្ជើញ​ព្រះអម្ចាស់​ឲ្យ​ឆ្លើយ​សំណួរ​របស់អ្នក និង​ដោះស្រាយ​ក្តី​កង្វល់​ទាំងឡាយ​របស់អ្នក ។