ថ្នាក់​សិក្ខាសាលា
យ៉ាកុប ៤ ៖ « សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ »


« យ៉ាកុប ៤ ៖ ‹ សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ៤ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ៤

« សេចក្ដី​ជំនឿ​របស់​យើង​ក៏​ឥត​ញាប់​ញ័រ​ដែរ »

រូបភាព
ផ្ទាំង​​មាស

ការឆ្លាក់​ពាក្យ​នៅ​លើ​ផ្ទាំង​​ដែក មិនមែន​ជា​កិច្ចការ​ងាយ​ស្រួល​ទេ ( សូមមើល យ៉ាកុប ៤:១ ) ។ ដូច្នេះ​ហេតុអ្វី​បាន​ជា​យ៉ាកុប​ខំ​ប្រឹង​ធ្វើ​វា ? លោក​បានដក​ពិសោធ​នូវ​អំណរ​នៃ​ការស្គាល់​ព្រះអង្គ​សង្គ្រោះ ហើយ​មាន​បំណង​ចង់​ជួយ​យើង​ឲ្យ​មក​រក​ព្រះអង្គ​សង្គ្រោះ​ផងដែរ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ពង្រឹង​សេចក្តីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ដោយ​ការរកមើល កត់ត្រា និង​សញ្ជឹង​គិត​ពី​គោលការណ៍ និង​សេចក្តីពិត​ដែល​យ៉ាកុប​បាន​បង្រៀន ។

តើ​អ្នក​នឹង​ចែកចាយ​អ្វី ?

យ៉ាកុប​បាន​បំពេញ​បទបញ្ញត្តិ​មួយ​ដើម្បី​សរសេរ​នៅលើ​ផ្ទាំង​​តូច​នូវ « រឿង​បន្តិចបន្តួច​ដែល [ លោក ] ចាត់​ទុក​ថា​ជា​រឿង​ដ៏​ពិសេស​បំផុត » ( យ៉ាកុប ១:២ ) សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​អាន ( សូមមើល យ៉ាកុប ៤:១–៣ ) ។ សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​គេ​ស្នើ​សុំ​ស្រដៀង​គ្នា​នេះ​ឲ្យ​សរសេរ​សារ​ខ្លី​មួយ​សម្រាប់​មនុស្ស​នា​ពេល​អនាគត ។

សូម​សរសេរ​កថា​ខណ្ឌ​មួយ​ដែល​មាន​ចំណុច​សំខាន់​បំផុត​ដែល​អ្នក​បាន​ដឹង ឬ​ធ្លាប់​មាន​បទពិសោធន៍​សម្រាប់​កូនៗ និង​ចៅៗ​របស់​អ្នក​ដើម្បី​អាន​នៅពេល​អនាគត ។

សារ​របស់​យ៉ាកុប​មក​កាន់​យើង

នៅពេល​អ្នក​សិក្សា​សារ​ដែល​យ៉ាកុប​ត្រូវបាន​បំផុស​គំនិត​ឲ្យ​ឆ្លាក់​នៅក្នុង យ៉ាកុប ៤ សម្រាប់​មនុស្ស​នៅ​ជំនាន់​របស់​យើង​ដើម្បី​អាន នោះ​អ្នក​នឹង​មាន​ឱកាស​ដើម្បី​អនុវត្ត ដោយ​ប្រើ​ជំនាញ​សិក្សា​ព្រះគម្ពីរ​ដ៏​មាន​ប្រយោជន៍ ។ ជំនាញ​ទាំង​នេះ​រួមមាន ៖

  1. ការរកមើល និង​ការកត់ត្រា​គោលការណ៍ និង​សេចក្តីពិត​នានា

  2. ការពិចារណា និង​ការសួរ​សំណួរ​ដែល​ជួយ​អ្នក​ឲ្យយល់​កាន់តែ​ច្បាស់​ពី​សេចក្តីពិត និង​គោលការណ៍​នានា

ការប្រើ​ជំនាញ​ទាំងនេះ​អាច​ជួយ​អ្នក​ឲ្យ​រៀន និង​មាន​អារម្មណ៍​កាន់តែ​ខ្លាំង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​សិក្សា​ព្រះគម្ពីរ ។

១. ការរកមើល និង​ការកត់ត្រា​គោលការណ៍ និង​សេចក្តីពិត​នានា

វា​មាន​ប្រយោជន៍​ក្នុង​ការផ្អាក​នៅពេល​អ្នក​អាន​ខគម្ពីរ ហើយ​កត់ត្រា​នូវ​អ្វី​ដែល​អ្នក​រៀន​ជា​សេចក្ដីថ្លែង​ការណ៍​សាមញ្ញ​អំពី​សេចក្ដីពិត ។ អ្នក​អាច​ប្រើ​ពាក្យ​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ប្រើ​ពាក្យ និង​ឃ្លា​ផ្ទាល់​ពី​ព្រះគម្ពីរ ។

សូម​អនុវត្ត​ការរកមើល​គោលការណ៍ និង​សេចក្តីពិត​ដោយ ៖

  • អាន យ៉ាកុប ៤:១, ៤–៦ ដោយ​រកមើល​អ្វី​ដែល​យ៉ាកុប​ត្រូវបាន​បំផុស​គំនិត​ឲ្យ​កត់ត្រា​អំពី​ព្រះអង្គ​សង្គ្រោះ ។

  • គូស​ចំណាំ​ពាក្យ និង​ឃ្លា​ដែល​សំខាន់​សម្រាប់​អ្នក ។

  • កត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា ជា​សារ​ដ៏​សំខាន់​បំផុត​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។

ឧទាហរណ៍​មួយ​នៃ​គោលការណ៍​ដែល​អ្នក​អាច​រកឃើញ​ពី ខ​ទី ៦ គឺ ការស្រាវជ្រាវ​ដោយ​ស្មោះសរ​នូវ​ពាក្យ​សម្ដី​របស់​ព្យាការី នឹង​ពង្រឹង​សេចក្ដីជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ពិចារណា​កត់ត្រា​គោលការណ៍​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅជិត ខ​ទី ៦ ។

២. ការពិចារណា និង​ការសួរ​សំណួរ

ការពិចារណា​អាច​ជួយ​អ្នក​ឲ្យ​យល់ និង​អនុវត្ត​គោលការណ៍ និង​សេចក្តីពិត​ដែល​អ្នក​រកឃើញ ។ អ្នក​អាច​ពិចារណា​សំណួរ​ដូច​ត​ទៅ​នេះ ៖

  • ហេតុអ្វី​ខ្ញុំ​គិត​ថា មនុស្ស​នៅ​សម័យ​យើង​ត្រូវ​ដឹង​សេចក្តីពិត​នេះ ?

  • តើ​វា​អនុវត្ត​យ៉ាង​ណា​ចំពោះ​ជីវិត​របស់​ខ្ញុំ ?

  • តើ​ព្រះអម្ចាស់​នឹង​ឲ្យ​ខ្ញុំ​ធ្វើអ្វី​ខ្លះ​ដោយសារ​អ្វី​ដែល​ខ្ញុំ​បាន​រៀន ?

អនុវត្ត​ប្រើ​ជំនាញ​សិក្សា​ព្រះគម្ពីរ

សូម​អនុវត្ត​ជំនាញ​នៃ​ការរកមើល ការកត់ត្រា និង​ការពិចារណា​អំពី​គោលការណ៍ និង​សេចក្តីពិត​ដោយ ៖

  1. សិក្សា យ៉ាកុប ៤:៧–១៤ ដោយ​ស្វែងរកការ​បង្រៀន​សំខាន់ៗ​ដែល​យ៉ាកុប​ជ្រើសរើស​កត់ត្រា​អំពី​ព្រះអង្គ​សង្គ្រោះ ។

  2. ការកត់ត្រា​នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ឬ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នូវ​គោលការណ៍ ឬ​សេចក្តីពិត​មួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា មាន​សារៈសំខាន់​សម្រាប់​មនុស្ស​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​នេះ​ដើម្បី​យល់ ។

  3. ការពិចារណា​ពី​សារៈសំខាន់​នៃ​អ្វី​ដែល​អ្នក​បាន​រកឃើញ ។ សូម​សួរ​សំណួរ​ដែល​អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់ និង​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​អ្នក ។ ( ឧទាហរណ៍​នៃ​សំណួរ​ដែល​អ្នក​អាច​ពិចារណា គឺ​មាន​នៅក្នុង​ផ្នែក « ការពិចារណា និង​ការសួរ​សំណួរ » នៅខាង​ដើម​មេរៀន​នេះ ) ។

  1. សូម​សរសេរក​ថាខណ្ឌ​មួយ ឬ​ពីរ ដោយ​ចែកចាយ​ជាមួយ​គ្រូ​របស់​អ្នក​នូវ​គោលការណ៍ ឬ​សេចក្តីពិត​ដែល​អ្នក​បាន​ជ្រើសរើស ខគម្ពីរ​ដែល​អ្នក​បាន​រកឃើញ​គោលការណ៍​នោះ និង​អ្វី​ដែល​អ្នក​បាន​រៀន​ពី​វា ។ សូម​ពិចារណា​ពី​គំរូ​ខាង​ក្រោម​អំពី​អ្វី​ដែល​អ្នក​អាច​បញ្ចូល​ក្នុង​កថាខណ្ឌ​របស់​អ្នក ៖

    • របៀប​ដែល​គោលការណ៍ ឬ​សេចក្ដីពិត​អាច​ជួយ​ក្មេង​ជំទង់​ម្នាក់​ឲ្យ​ពង្រឹង​សេចក្ដីជំនឿ​របស់​ពួកគេ​លើ​ព្រះយេស៊ូវគ្រីស្ទ

    • វគ្គ​បទគម្ពីរ ឬ​សេចក្ដី​ថ្លែងការណ៍​ផ្សេង​ទៀត​ពី​អ្នក​ដឹកនាំ​សាសនាចក្រ ដែល​ជួយ​អ្នក​ឲ្យ​យល់​អំពី​គោលការណ៍ ឬ​សេចក្ដីពិត​នេះ​កាន់តែ​ច្បាស់

    • អ្វី​ដែល​អ្នក​អាច​ពិចារណា និង​សំណួរ​ដែល​អ្នក​អាច​សួរ​បាន ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍ ឬ​សេចក្ដីពិត​នេះ

    • របៀប​នានា​ដែល​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន ដើម្បី​ពង្រឹង​សេចក្ដីជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ

    • បទពិសោធន៍​នៅពេល​អ្នក ឬ​អស់​អ្នក​ដែល​អ្នក​ស្គាល់​បាន​ទទួល​ពរ តាមរយៈ​ការអនុវត្ត​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន