ថ្នាក់​សិក្ខាសាលា
យ៉ាកុប ២:១–២១ ៖ « សូម​កុំ​ឲ្យ​សេចក្តីឆ្មើងឆ្មៃ … បំផ្លាញ​ព្រលឹង​ទាំងឡាយ​របស់​អ្នក​ឡើយ »


« យ៉ាកុប ២:១–២១ ៖ ‹ សូម​កុំ​ឲ្យ​សេចក្តីឆ្មើងឆ្មៃ … បំផ្លាញ​ព្រលឹង​ទាំងឡាយ​របស់​អ្នក​ឡើយ › » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន ( ឆ្នាំ ២០២៤ )

« យ៉ាកុប ២:១–២១ » ព្រះគម្ពីរ​មរមន សៀវភៅ​សិក្សា​សម្រាប់​គ្រូបង្រៀន

យ៉ាកុប ២:១–២១

យ៉ាកុប ២:១–២១ ៖ « សូម​កុំ​ឲ្យ​សេចក្តីឆ្មើងឆ្មៃ … បំផ្លាញ​ព្រលឹង​ទាំងឡាយ​របស់​អ្នក​ឡើយ »

រូបភាព
យ៉ាកុប​កំពុង​បង្រៀន​នៅ​ព្រះវិហារ​បរិសុទ្ធ

ព្យាការី​យ៉ាកុប​បាន​ដឹង​តាមរយៈ​វិវរណៈ​មក​ពី​ព្រះ​ថា ប្រជាជន​សាសន៍​នីហ្វៃ​កំពុង​ពុះពារ​នឹង​អំពើ​បាប​ជាច្រើន ។ លោក​បាន​ប្រកាស​ការបង្រៀន​មួយ​នៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ដោះស្រាយ​អំពើ​បាប​ទាំង​នេះ រួម​ទាំង​អំពើ​បាប​នៃ​សេចក្តីឆ្មើងឆ្មៃ​ផងដែរ ។ យើង​ទាំងអស់​គ្នា​មាន​ការលំបាក​ជាមួយ​នឹង​សេចក្តីឆ្មើងឆ្មៃ​នៅពេល​ខ្លះ ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ប្រែ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការទទួល​ស្គាល់ ហើយ​ទប់ទល់​នឹង​អំពើបាប​នៃ​សេចក្តីឆ្មើងឆ្មៃ ។

សេចក្តី​ឆ្មើងឆ្មៃ

សូម​រកមើល​ភស្តុតាង​នៃ​សេចក្តី​ឆ្មើងឆ្មៃ​នៅក្នុង​ស្ថានភាព​ដូច​ខាង​ក្រោម ៖

  • ខូជី​សង្ឃឹម​ថា​មិត្ត​រួម​ក្រុម​មាន​កំហុស​ក្នុង​អំឡុង​ពេល​ការប្រកួត ដូច្នេះ​គាត់​អាច​ទទួល​បាន​ម៉ោង​លេង​បន្ថែម​ទៀត ។

  • ស៊ីលវៀ​បំផ្លើស​ស្នាដៃ​របស់​នាង ដើម្បី​មើល​ទៅ​ថា វា​ល្អ​ជាង ឬ​សំខាន់​ជាង​ស្នាដៃ​របស់​អ្នកដទៃ ។

  • ចិនស៍​មិន​ប្រកាន់​យក​ការដឹង​គុណ និង​មិន​ទទួល​ស្គាល់​អំពើ​ល្អ​ដែល​អ្នកដទៃ​ធ្វើ​ទេ ។

  • អេមី​ចំអក​អ្នក​ដទៃ ហើយ​សើច​ចំអក​ពី​ក្រោយ​ខ្នង​ពួកគេ ។

  • តើ​ភស្ដុតាង​អ្វី​ខ្លះ​នៃ​សេចក្តី​ឆ្មើងឆ្មៃ​ដែល​អ្នក​បាន​រកឃើញ ?

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​បង្រៀន ៖

សេចក្តី​ឆ្មើងឆ្មៃ​ជា​អំពើបាប​ដែល​អាច​មើល​ឃើញ​យ៉ាង​ងាយ​ចំពោះ​អ្នកដទៃ ប៉ុន្តែ​កម្រ​ទទួល​សារភាព​ថា​ខ្លួន​យើង​មាន​សេចក្តី​ឆ្មើងឆ្មៃ​ណាស់ ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២៣៥ )

ឥឡូវ​នេះ សូម​គិត​អំពី​ព្រះអង្គ​សង្គ្រោះ ។ ទោះបី​ជា​មាន​សមិទ្ធិផល និង​សមត្ថភាព​ជា​ច្រើន​របស់​ទ្រង់​ក៏​ដោយ ទ្រង់​តែងតែ​ស្លូតបូត និង​បន្ទាប​ព្រះកាយ ( សូមមើល ម៉ាថាយ ១១:២៩ ) ។ នៅពេល​អ្នក​សិក្សា សូម​គិត​អំពី​របៀប​នានា​ដែល​សេចក្តី​ឆ្មើងឆ្មៃ​អាច​បង្ហាញ​នៅក្នុង​ជីវិត​របស់​អ្នក ។ មេរៀន​នេះ​អាច​ជួយ​អ្នក​ឲ្យ​ប្រែ​កាន់តែ​ដូចជា​ព្រះយេស៊ូវគ្រីស្ទ​ដោយ​ការទប់ទល់​នឹង​អំពើបាប​នៃ​សេចក្តី​ឆ្មើងឆ្មៃ ។

« សូម​កុំ​ឲ្យ​សេចក្តីឆ្មើងឆ្មៃ … បំផ្លាញ​ព្រលឹង​ទាំងឡាយ​របស់​អ្នក​ឡើយ »

ព្រះអម្ចាស់​បាន​ជួយ​ព្យាការី​យ៉ាកុប​ដឹង​គំនិត​របស់​ប្រជាជន ហើយ​បាន​ត្រាស់​បង្គាប់​លោក​ឲ្យ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ថ្លែង​ទីបន្ទាល់​ប្រឆាំង​នឹង​អំពើបាប​របស់​ពួកគេ រួម​ទាំង​អំពើ​បាប​នៃ​សេចក្តី​ឆ្មើងឆ្មៃ ( សូមមើល យ៉ាកុប ២:១–១៣ ) ។

នៅក្នុង​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក សូម​គូស​បន្ទាត់​នៅ​កណ្តាល​ទំព័រ ។ នៅ​ខាង​ឆ្វេង​ទំព័រ​ខាងលើ សូម​សរសេរ « ការបង្ហាញ​នៃ​សេចក្តី​ឆ្មើងឆ្មៃ » ។ នៅ​ខាង​លើ​នៃ​ជ្រុង​ខាង​ស្តាំ សូម​សរសេរ​ថា « របៀប​ដែល​យើង​អាច​ធ្វើ​ដូចជា​ព្រះអង្គ​សង្គ្រោះ ហើយ​ទប់ទល់​នឹង​សេចក្តី​ឆ្មើងឆ្មៃ » ។

សូម​អាន យ៉ាកុប ២:១២–១៦ ដោយ​រកមើល​ការបង្ហាញ​នៃ​សេចក្តី​ឆ្មើងឆ្មៃ ។ សូម​បន្ថែម​ចំណុច​ទាំង​នោះ​ទៅ​ចំហៀង​ខាង​ឆ្វេង​នៃ​សៀវភៅ​កំណត់​ហេតុការ​សិក្សា​របស់​អ្នក ។ អ្នក​ក៏​អាច​មើល « Jacob Teaches about Pride » មាន​នៅ​លើ ChurchofJesusChrist.orgពីនាទី​ទី ០:២៣ ដល់​នាទី​ទី ៤:៣៩ ។

សេចក្តីពិត​មួយ ដែល​យើង​អាច​រៀន​ពី​វគ្គ​បទគម្ពីរ​នេះ​គឺ​ថា សេចក្តីឆ្មើងឆ្មៃ​បំផ្លាញ​ព្រលឹង​ទាំងឡាយ​របស់​យើងយ៉ាកុប ២:១៦ ) ។

រូបភាព
រូបតំណាង, កំណត់ត្រា
  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​អ្នក​គិត​ថា​សេចក្តីឆ្មើងឆ្មៃ​អាច​បំផ្លាញ​ព្រលឹង​របស់​យើង​ដោយ​របៀប​ណា ?

    • តើ​អ្នក​គិត​ថា​ការព្រមាន​របស់​យ៉ាកុប​នៅតែ​ទាក់ទង​យ៉ាង​ណា​នា​ពេល​សព្វ​ថ្ងៃ​នេះ ?

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ កាល​នោះ​ជា​គណៈប្រធាន​ទី​មួយ និង​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ( ឆ្នាំ ១៨៩៩–១៩៩៤ ) បាន​ចែកចាយ​របៀប​បន្ថែម​ទៀត ដែល​សេចក្តីឆ្មើងឆ្មៃ​អាច​បង្ហាញ​នៅក្នុង​ជីវិត​របស់​យើង ។ សូម​បន្ថែម​ការយល់ដឹង​ជា​ពាក្យ​សម្តី​របស់​ពួកគេ​ទៅ​ចំហៀង​ខាង​ឆ្វេង​សៀវភៅ​កំណត់​ហេតុការសិក្សា​របស់​អ្នក ។

សត្រូវ​ស្លាប់រស់​នៃ​សេចក្ដី​សប្បុរស​គឺ​ភាពឆ្មើងឆ្មៃ ។ ភាពឆ្មើងឆ្មៃ​គឺ​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ចំណង​អាពាហ៍ពិពាហ៍ និង​ក្រុម​គ្រួសារ​មាន​បញ្ហា ។ ភាពឆ្មើងឆ្មៃ​គឺ​ការរហ័ស​ខឹង ចិត្ត​អាក្រក់ និង​ការច្រណែន ។ ភាពឆ្មើងឆ្មៃ​លើក​បំប៉ោង​ខ្លួនឯង ហើយ​ច្រានចោល​គុណធម៌​ពី​មនុស្ស​ដទៃ ។ ភាពឆ្មើងឆ្មៃ​គឺ​អាត្មានិយម ហើយ​ងាយ​បង្ក​ហេតុ ។ ភាពឆ្មើងឆ្មៃ​បង្កើត​ឲ្យ​មាន​ចេតនា​អាក្រក់​នៅ​កន្លែង​ដែល​គ្មាន​ចេតនា​អាក្រក់ ហើយ​លាក់​ភាពទន់ខ្សោយ​ខ្លួន​ក្នុងការ​ដោះសារ​ដ៏​ឆ្លាត​វៃ ។ ភាពឆ្មើងឆ្មៃ​មើល​ឃើញ​តែ​រឿង​អាក្រក់ ទុទិដ្ឋិនិយម ហើយ​គ្មាន​ការអត់ធ្មត់ ។ ប្រាកដ​ណាស់ បើ​គ្មាន​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ​ទេ នោះ​ភាពឆ្មើងឆ្មៃ​ជា​លក្ខណៈសម្បត្តិ​របស់​សាតាំង ។ ( ឌៀថើរ អេហ្វ អុជដូហ្វ « In Praise of Those Who Save » EnsignLiahona ខែ ឧសភា ២០១៦ ទំព័រ ៨០ )

ពួកយើង​ភាគ​ច្រើន​ចាត់​ទុក​ថា សេចក្តីឆ្មើងឆ្មៃ​គឺ​ជា​អំពើ​បាប​មួយ​របស់​មនុស្ស​ដែល​មាន​ឋានៈ​ខ្ពស់ ដូចជា​ពួក​អ្នក​មាន និង​អ្នក​ចេះ​ដឹង​ជាដើម ដែល​មើល​ងាយ​មក​លើ​ពួកយើង​ទាំងអស់​គ្នា ។ ( សូម​មើល នីហ្វៃ​ទី​២ ៩:៤២ ) ។ ប៉ុន្ដែ​មាន​ជំងឺ​ទូទៅ​មួយ​ខ្លាំង​ជាង​នេះ​នៅក្នុង​ចំណោម​ពួកយើង—ហើយ​នោះ​គឺ​ជា​សេចក្តីឆ្មើងឆ្មៃ​ពី​អ្នក​តូចឡើង​ទៅ ។ វា​បង្ហាញ​តាម​របៀប​ជាច្រើន​ក្រៃលែង ដូចជា​ការស្វែងរក​កំហុស ការនិយាយ​ដើម​គេ ការនិយាយ​អាក្រក់​ពី​ក្រោយ​ខ្នង​គេ ការរអ៊ូរ​ទាំ ការរស់នៅ​ហួស​សមត្ថភាព​ដែល​យើង​រក​បាន ការច្រណែន​ឈ្នានីស ការលោភលន់ ការមិន​ចេះ​ដឹង​គុណ និង​ការ​មិន​សរសើរ​ដែល​អាច​លើក​ស្ទួយ​មនុស្ស​ដទៃ ព្រមទាំង​ការមិន​អភ័យទោស និង​ការច្រណែន​ឈ្នានីស ។ ( Teachings of Presidents of the Church: Ezra Taft Benson [ ឆ្នាំ ២០១៤ ] ទំព័រ ២៣៥ )

  • តើ​មាន​របៀប​អ្វី​បន្ថែម​ទៀត​ដែល​អ្នក​ឃើញ​សេចក្តីឆ្មើងឆ្មៃ​ដែល​បង្ហាញ​នៅក្នុង​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃ​នេះ ?

  • តើសេចក្តីឆ្មើងឆ្មៃ​ផ្ទុយ​ពី​បុគ្គលិក​លក្ខណៈ​របស់​ព្រះយេស៊ូវគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

សូម​ផ្អាក ហើយ​ពិចារណា​ពី​គំនិត និង​សកម្មភាព​ផ្ទាល់​របស់​អ្នក ។ តើ​ពេល​ខ្លះ​អ្នក​ពុះពារ​នឹង​អំពើបាប​នៃ​សេចក្តីឆ្មើងឆ្មៃ​ដោយ​របៀប​ណា ? តើ​ការបង្ហាញ​សេចក្តីឆ្មើងឆ្មៃ​ទាំង​នេះ​ជះ​ឥទ្ធិពល​ដល់​ទំនាក់ទំនង និង​សុភមង្គល​របស់​អ្នក​យ៉ាង​ដូចម្តេច ? តើ​អ្នក​ចង់​ផ្លាស់ប្តូរ​អ្វី ? ហេតុអ្វី ?

ការយក​ឈ្នះ​លើ​សេចក្តីឆ្មើងឆ្មៃ

យ៉ាកុប​បាន​បង្រៀន​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​សេចក្ដីសង្ឃឹម​ក្នុង​ព្រះគ្រីស្ទ ហើយ​ទប់ទល់​នឹង​អំពើបាប​នៃ​សេចក្តីឆ្មើងឆ្មៃ ។

សូម​អាន យ៉ាកុប ២:១៧–២១ ដោយ​រកមើល​របៀប​នានា​ដែល​អ្នក​អាច​ចៀសវាង​អំពើបាប​នៃ​សេចក្តីឆ្មើងឆ្មៃ ។ សូម​បន្ថែម​របៀប​ទាំង​នោះ​ទៅ​ផ្នែក​ខាង​ឆ្វេង​នៃ​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក ។ អ្នក​ក៏​អាច​មើល « Jacob Teaches about Pride » មាន​នៅ​លើ ChurchofJesusChrist.orgចាប់ពី​នាទី​ទី ៤:៤០ ដល់​នាទី​ទី ៥:៤៤ ។

  1. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    • តើ​ការធ្វើ​តាម​ការទូន្មាន​របស់​យ៉ាកុប​អាច​ជួយ​យើង​ទប់ទល់​នឹង​សេចក្តីឆ្មើងឆ្មៃ ហើយ​ទទួល​បាន​សេចក្ដីសង្ឃឹម​ក្នុង​ព្រះគ្រីស្ទ​យ៉ាង​ដូចម្ដេច ?

    • តើ​អ្នក​ដឹង​ថា​នរណា​ជា​គំរូ​ដ៏​ល្អ​នៃ​ការទប់ទល់​នឹង​សេចក្តីភាពឆ្មើងឆ្មៃ​តាម​របៀប​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ? តើ​ពួកគេ​ធ្វើ​ការងារ​អ្វី ?

    • តើ​លក្ខណៈ​ដូច​ព្រះគ្រីស្ទ​អ្វី​ខ្លះ​ដែល​យើង​អាច​ផ្ដោតលើ និង​អភិវឌ្ឍ​ដែល​នឹង​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​សេចក្តីឆ្មើងឆ្មៃ ? ហេតុអ្វី ឬ​ដោយ​របៀប​ណា ដែល​លក្ខណៈ​ទាំង​នោះ​អាច​មាន​ប្រយោជន៍ ?

សូម​សញ្ជឹង​គិត​ពី​តម្រូវការ​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​ទទួល​ស្គាល់ និង​ទប់ទល់​នឹង​អំពើ​បាប​នៃ​សេចក្តីឆ្មើងឆ្មៃ​នៅក្នុង​ជីវិត​របស់​អ្នក ។ សូម​គិត​អំពី​ស្ថានភាព ឬ​ទំនាក់ទំនង​ជាក់លាក់​នានា​ដែល​អ្នក​បង្ហាញ​សេចក្តីឆ្មើងឆ្មៃ ។ សូម​ព្យាយាម​ទទួល​ស្គាល់​ពី​របៀប​ដែល​សេចក្តីឆ្មៃងឆ្មៃ​អាច​ជះ​ឥទ្ធិពល​លើ​ទំនាក់ទំនង​របស់​អ្នក ។ សូម​ស្វែងរក​ជំនួយ​ពី​ព្រះវរបិតា​សួគ៌ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​ប្រែ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ ដោយ​ទប់ទល់​នឹង​សេចក្តីឆ្មើងឆ្មៃ នៅពេល​អ្នក​ធ្វើ​កិច្ចការ​ខាង​ក្រោម​នេះ ៖

  1. សូម​ជ្រើសរើស​ការបង្ហាញ​សេចក្តីឆ្មើងឆ្មៃ​មួយ​នៅ​ចំហៀង​ខាង​ឆ្វេង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​អ្នក ដែល​អ្នក​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ផ្តោតលើ​ការយក​ឈ្នះ​នៅពេល​នេះ ។

  2. នៅ​ចំហៀង​ខាង​ស្តាំ​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​របស់​អ្នក សូម​ជ្រើសរើស​របៀប​មួយ​ដែល​អ្នក​អាច​ទប់ទល់​នឹង​ការបង្ហាញ​សេចក្តីឆ្មើងឆ្មៃ​នោះ ។ សូម​គិត​អំពី​លក្ខណៈ​ដូច​ព្រះគ្រីស្ទ ហើយ​សរសេរ​សកម្មភាព​ជាក់លាក់​ដែល​អ្នក​អាច​ធ្វើ​បាន ។