ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ការគ្រប់គ្រង​ថ្នាក់រៀន


« ការគ្រប់គ្រង​ថ្នាក់រៀន » ការគ្រប់គ្រង​ថ្នាក់រៀន ( ឆ្នាំ ២០២៣ )

« ការគ្រប់គ្រង​ថ្នាក់រៀន » ការគ្រប់គ្រង​ថ្នាក់រៀន

ការគ្រប់គ្រង​ថ្នាក់រៀន

គោលបំណង​នៃ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា​ស្នើ​ឲ្យ​មាន​គោលបំណង​នៃ​ការបង្រៀន​ចម្បង​ចំនួនបី ដែល​អ្នកគ្រប់គ្រង និង​គ្រូបង្រៀន​ខិតខំ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ៖

  1. យើង​បង្រៀន​សិស្ស​នូវ​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​ដូច​ដែល​បាន​រកឃើញ​នៅក្នុង​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី ។

  2. គោលលទ្ធិ និង​គោលការណ៍​ទាំងនេះ​គឺ​ត្រូវ​បាន​បង្រៀន​តាម​របៀប​មួយ ដែល​ដឹកនាំ​ឲ្យ​មាន​ការយល់ដឹង និង​ការស្អាងឡើង ។

  3. យើង​ជួយ​សិស្ស​ទាំងឡាយ​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ដំណើរការ​នៃ​ការរៀន​សូត្រ និង​រៀបចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ​ទៀត ។

ដើម្បី​ជួយ​ឲ្យ​សម្រេច​គោលបំណង​ទាំង​នេះ​គ្រូបង្រៀន និង​សិស្ស​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ត្រូវ​បាន​លើក​ទឹកចិត្ត​ជា​ពិសេស​ឲ្យ​អនុវត្ត​តាម​មូលដ្ឋាន​គ្រឹះ​នៃ​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ។

គោលការណ៍ ការអនុវត្តន៍ និង​លទ្ធផល​ទាំងនេះ​មាន​ទំនាក់​ទំនង​គ្នា​ទៅវិញ​ទៅមក ។ នៅ​ពេល​បាន​អនុវត្ត​ដោយ​ឈ្លាសវៃ និង​ដោយ​ភាពចុះសម្រុង​ជាមួយ​គ្នា​ទៅវិញទៅមក នោះ​មូលដ្ឋាន​គ្រឹះ​ទាំង​នេះ​ផ្តល់​សមត្ថភាព​ដល់​សិស្ស​ដើម្បី​យល់ពី​ព្រះ​គម្ពីរ ព្រមទាំង​គោលលទ្ធិ និង​គោលការណ៍​ដែល​មាន​នៅ​ក្នុង​នោះ ។ ពួកគេ​ក៏​លើកទឹក​ចិត្ត​សិស្ស​ឲ្យ​ដើរតួនាទី​យ៉ាង​សកម្ម​នៅក្នុង​ការរៀនសូត្រ​របស់​ពួកគេ​អំពី​ដំណឹងល្អ និង​បង្កើន​សមត្ថភាព​របស់​សិស្ស​ក្នុង​ការរស់នៅ​តាម​ដំណឹងល្អ ហើយ​បង្រៀន​វា​ដល់​អ្នក​ដទៃ​ផងដែរ ។

ការបង្រៀន និង​ការរៀនសូត្រ​ដោយ​ព្រះ​វិញ្ញាណ

ការបង្រៀន និង​ការរៀនសូត្រ​នៃ​ដំណឹងល្អ​ធ្វើឡើង​តាមរយៈ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការបង្រៀន និង​ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ​កើត​មាន​នៅ​ពេល​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​បើកសម្តែង​អំពី​តួនាទី​​ ឬ​មុខងារ​របស់​ទ្រង់​ជាមួយគ្រូបង្រៀន ជាមួយ​សិស្ស ឬ​ជាមួយ​ទាំង​ពីរ​ ។ មានតែ​តាមរយៈ​ការបង្រៀន និង​ការរៀនសូត្រ​ដោយ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​សិស្ស​នឹង​អាច​យល់ដឹង ហើយ​ពឹងផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​របៀប​មួយ​ដែល​ពួកគេ​អាចមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​សង្កត់ធ្ងន់​អំពី​តួនាទី​ចាំបាច់​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​មាន​នៅក្នុង​ការរៀនសូត្រ​ខាង​វិញ្ញាណ​នៅពេល​លោក​បាន​បង្រៀនថា ៖ « សិស្ស​ទាំងឡាយ​របស់យើង​មិន​អាច​ស្គាល់​ព្រះ​ទេ ហើយ​មិន​អាច​ស្រឡាញ់​ដូច​ដែល​ពួកគេ​ត្រូវតែ​ស្រឡាញ់​ទេ លើកលែង​តែ​ពួកគេ​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ មានតែ​តាមរយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​ពួកគេ​ដឹងថា ព្រះ​ស្រឡាញ់​យើង​ខ្លាំងប៉ុណ្ណា រហូត​ដល់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់ទ្រង់​ធ្វើ​ជា​ដង្វាយ​ធួន​នឹង​បាប​យើង​រាល់​គ្នា ហើយថា​ព្រះយេស៊ូវ​គឺជា​ព្រះបុត្រា​នៃ​ព្រះ ហើយ​ថា​ព្រះគ្រីស្ទ​បាន​បង់ថ្លៃ​នៃ​អំពើ​បាប​របស់យើង​រួចហើយ ។ មាន​តែ​តាម​រយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ទើប​ពួកគេ​អាច​ដឹង​ថា​ព្រះវរិតាសួគ៌ និង​ព្រះរាជ​បុត្រា​ដែល​មាន​ព្រះជន្ម​រស់ឡើង​វិញ និង​សិរីរុងរឿង ​បាន​បង្ហាញអង្គទ្រង់​ដល់​យ៉ូសែប ស្ម៊ីធ ។ មាន​តែ​តាម​រយៈ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ទើប​ពួកគេ​អាច​ដឹងថា​ព្រះគម្ពីរ​មរមន ពិត​ជា​ព្រះបន្ទូល​របស់ព្រះ ។ ហើយ​មាន​តែ​តាម​រយៈ​ការបំផុស​គំនិត​តែមួយ​គត់​ទើប​សិស្ស​អាច​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះរាជបុត្រា​សម្រាប់​ពួកគេ នៅក្នុង​ការផ្តល់ឲ្យ​យើង​នូវ​ពិធីបរិសុទ្ធ​ដ៏​ចំាបាច់​ដើម្បី​ទទួលបាន​ជីវិត​ដ៏​នៅអស់កល្ប​ជានិច្ច ។ មាន​តែ​តាម​រយៈ​ការទទួល​បាន​សាក្សី​ទាំងនោះ​ទេ​ដែល​ចាក់​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​បេះដូង​របស់​ពួកគេ​ តាម​រយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នឹង​ចាក់​ឫស​ទៅ​លើ​គ្រឹះ​ដ៏​រឹងមាំ ដើម្បី​ឈរ​យ៉ាង​ខ្ជាប់​ខ្ជួន​ក្នុង​ការឆ្លងកាត់​សេចក្តីល្បួង និង​ការសាកល្បង​នានា​នៅ​ក្នុង​ជីវិត​របស់​ពួកគេ » ( « To Know and to Love God » [ ជំនួប​ពេលល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១០ ] ទំព័រ ២ ) ។

រូបភាព
ស្ត្រី​កំពុង​បង្រៀន

បញ្ជី​ខាងក្រោមនេះ​មាន​នូវ​មុខងារ​មួយ​ចំនួន​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​មាន​ទំនាក់ទំនង​ផ្ទាល់​ទៅ​នឹង​តួនាទី​របស់​ទ្រង់​ក្នុង​ការបង្រៀន និង​ការរៀនសូត្រ​ដំណឹងល្អ ៖

នៅពេល​ពួកគេ​យល់​អំពី​តួនាទី​ចាំបាច់​របស់​ព្រះវិញ្ញណ​បរិសុទ្ធ​ក្នុង​ការបើកសម្តែង​នៅក្នុង​ការរៀនសូត្រ​ខាងវិញ្ញាណ នោះ​គ្រូបង្រៀន​ទាំងឡាយ​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​ពួកលោក​អាច​ធ្វើបាន ដើម្បី​អញ្ជើញ​ព្រះវិញ្ញាណ​ឲ្យ​បំពេញ​មុខងារ​ទាំងនេះ ។ ដើម្បី​ធ្វើ​បែប​នេះ​បាន គ្រូបង្រៀន​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​មាន​ភាពស័ក្ដិសម​ផ្ទាល់ខ្លួន ។ ពួកលោក​នឹង​ផ្តល់នូវ « ពាក្យ​អធិស្ឋាន​នៃ​សេចក្ដី​ជំនឿ » ( គោលលទ្ធិ និង​​សេចក្ដី​សញ្ញា ៤២:១៤ ) ហើយ​នឹង​ស្វែងរក​ការរៀបចំ​យ៉ាងហ្មត់ចត់​សម្រាប់​មេរៀន​នីមួយៗ ។ ពួកលោក​នឹង​ព្យាយាម​ផ្តោត​ទៅ​លើ​បទពិសោធន៍​នៃ​ការរៀន​សូត្រ​របស់​សិស្ស​ពួកគេ ហើយ​មានភាពស្ងប់សុខ​នៅ​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​ជា​ជាង​មាន​អារម្មណ៍​អាក់អន់​ចិត្ត​ និង​ព្រួយ​បារម្ភ​អំពី​រឿង​ផ្សេង​ទៀត ។ ពួកលោក​​នឹង​បង្ហាញ​ស្មារតី​នៃ​ការស្វែងរក​ដោយ​រាបសា ។ ពួកលោក​ក៏​នឹង​ជំរុញ​សិស្ស​ទាំងឡាយ​ឲ្យ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​ទៅ​ក្នុង​បទពិសោធន៍​នៃ​ការរៀនសូត្រ​របស់​ពួកគេ​ផងដែរ ។

គ្រូបង្រៀន និង​សិស្ស​​អាច​ជួយ​បង្កើត​នូវ​បរិយាកាស​មួយ​ដើម្បី​ជួយ​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ ៖

  • ការមាន​ការប្រជុំ​ធម្មនិដ្ឋាន​ដ៏​មាន​អត្ថន័យ ។

  • ការអាន និង​ការបង្រៀន​ចេញពី​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួក​ព្យាការី ។

  • ការ​ផ្ដោត​ទៅ​លើ​គំរូ និង​ការ​ពិភាក្សា​អំពី​ព្រះអង្គសង្គ្រោះ និង​ការទទួល​បានទីបន្ទាល់​អំពី​ទ្រង់ ។

  • ការ​បញ្ជាក់​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​ដោយ​សាមញ្ញ និង​ច្បាស់លាស់ ។

  • ការ​ចំណាយ​ពេល​សម្រាប់​ការ​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់ ​អំឡុង​ពេល​​ដែល​បាន​បំផុស​គំនិតដោយ​ស្ងៀមស្ងាត់ ។

  • ការ​ចែកចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​សមរម្យ និង​ការ​ធ្វើ​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​នានា ។

  • ការប្រើប្រាស់​តន្ត្រី​ដ៏​បំផុសគំនិត ។

  • ការសម្តែង​សេចក្តី​ស្រឡាញ់ និង​ការដឹងគុណ​ចំពោះគ្នា​ទៅវិញ​ទៅមក និង​ចំពោះ​ព្រះជាម្ចាស់ ។

គ្រូបង្រៀន​អាច​ដឹង​ថា តើ​មុខងារ​របស់​ព្រះវិញ្ញាណ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ថ្នាក់​របស់​ខ្លួន​ដែរឬអត់ ដោយ​ពិចារណា​សំណួរ​ដូច​ខាង​ក្រោម​នេះ ៖

  • តើ​សិស្ស​មាន​អារម្មណ៍​ថា មាន​សេចក្ដី​ស្រឡាញ់​កាន់​តែ​ច្រើន​ឡើង​ចំពោះ​ព្រះអង្គសង្គ្រោះ ដំណឹង​ល្អ និង​ព្រះគម្ពីរ​ដែរ​ឬ​ទេ ?

  • តើ​សិស្ស​យល់​ច្បាស់​អំពី​គោលការណ៍​ដែល​ត្រូវ​បាន​បង្រៀន​ដែរឬ​ទេ ?

  • តើ​សិស្ស​ទទួល​បាន​ការស្អាងឡើង ហើយ​តើ​ពួកគេ​មាន​អារម្មណ៍​ថា​បាន​បំផុស​គំនិត​ឲ្យ​ធ្វើ​សកម្មភាព​តាម​គោលការណ៍​ដែល​ពួកគេ​បាន​រៀន​ដែរ​ឬ​ទេ ?

  • តើ​សិស្ស​ក្នុង​ថ្នាក់រៀន​បង្កើន​សាមគ្គីភាព​ដែរ​ឬ​ទេ ?

  • តើ​មាន​ទីបន្ទាល់​ដែល​បាន​ចែកចាយ និង​បាន​ពង្រឹង​ដែរឬទេ ?

  • តើ​សិស្ស​បាន​ចាប់​អារម្មណ៍ និង​បាន​ចូល​រួម​នៅក្នុង​ដំណើរ​ការ​នៃ​ការ​រៀន​សូត្រ​ដែរឬ​ទេ ?

  • តើ​មាន​អារម្មណ៍​នៃ « ​សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ » ( កាឡាទី ៥:២២ ) ក្នុង​ថ្នាក់​រៀន​ដែរ​ឬ​ទេ ?

វា​សំខាន់​ណាស់​ដើម្បី​ចាំ​ថា​គ្មាន​គ្រូ​បង្រៀន​ណា ទោះ​ជា​មាន​អំណោយទាន ឬ​ភាពស្មោះត្រង់​ប៉ុណ្ណា​ក៏ដោយ អាច​បំពេញ​មុខងារ​នៃ​ព្រះវិញ្ញាណ​បាន​ឡើយ ។ ជួនកាល​នោះ គ្រូបង្រៀន​អាច​ព្យាយាម​ធ្វើឲ្យ​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ ។ អែលឌើរ ប៊យ ខេ ផាកកឺ បាន​បង្រៀន​ថា ៖ « អ្នក​មិន​អាច​បង្ខំ​កិច្ចការ​​ខាង​វិញ្ញាណ​បាន​ទេ ។​… វាងាយជាង​ដែល​អ្នក​អាច​បង្ខំ​ធញ្ញ​ជាតិ​មួយ​ឲ្យ​ដុះពន្លក ឬ​ស៊ុត​ឲ្យញាស់​មុន​ពេល​កំណត់របស់​វា​បាន តែអ្នក​មិន​អាច​បង្ខំ​ព្រះ​វិញ្ញាណ​ឲ្យ​ឆ្លើយ​តប​បាននោះ​ទេ ។ អ្នក​អាច​បង្កើត​អាកាសធាតុ​ដើម្បី​ជំរុញ​ការលូតលាស់ ចិញ្ចឹមបីបាច់ និង​ការពារ ប៉ុន្តែ​អ្នក​មិន​អាច​ចាប់​ជំរិត ឬ​បង្ខំ​បាន​ទេ ៖ អ្នក​ត្រូវ​តែ​រង់​ចាំ​ការរីកចម្រើន » ( « Candle of the Lord » Ensign ខែ មករា ឆ្នាំ ១៩៨៣ ទំព័រ ៥៣ ) ។

ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​មិនគួរ​ពឹងផ្អែក​ជាចម្បង​ទៅលើ​បញ្ញា ជំនាញ​ក្នុង​ការបង្រៀន ឬ​បុគ្គលិកលក្ខណៈ​របស់​ពួកគេ​នោះទេ ប៉ុន្តែ​ផ្អែក​លើ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ ( សូមមើល នីហ្វៃទី២ ៤:៣៤ ) ។ ពួកគេ​ក៏​គួរ​តែ​ចៀសវាង​ការ​ធ្វើជា​មាន​អារម្មណ៍ក្តុកក្តួល ឬ​ព្យាយាម​ស្រក់​ទឹក​ភ្នែក​ដោយ​ធ្វើ​ជា​ភស្តុតាង​ដែល​បញ្ជាក់​ថា​មាន​វត្តមាន​ព្រះវិញ្ញាណនោះទេ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ​ បាន​ព្រមាន​ថា ៖ « ខ្ញុំ​គិត​ថា​បើ​យើង​មិន​ប្រយ័ត្ន​ដូចជា … គ្រូបង្រៀន​ដែល​ធ្វើការ​នៅ​ក្នុង​ថ្នាក់​រៀន​ជា​រៀង​រាល់​ថ្ងៃ យើង​ប្រហែល​ជា​ចាប់​ផ្ដើម​ព្យាយាម​ក្លែង​បន្លំ​ឥទ្ធិពល​ពិត​នៃ​ព្រះ​វិញ្ញាណ​របស់​ព្រះ​ជាម្ចាស់​ ដោយ​មធ្យោបាយ​ដែល​មិន​ស័ក្ដិសម និង​មានឧបាយកល​នានា ។ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​មាន​ការ​​បង្ហាញ​អារម្មណ៍​រំជួល​ចិត្ត​ខ្លាំង ឬ​ស្រក់ទឹក​ភ្នែកដែលប្រៀប​ស្មើ​ទៅនឹង​វត្តមាន​នៃ​ព្រះ​វិញ្ញាណ ។ ប្រាកដ​ណាស់ ព្រះ​វិញ្ញាណ​នៃ​ព្រះ​ជាម្ចាស់​អាច​នាំ​មក​នូវ​អារម្មណ៍​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​រួម​ទាំង​ទឹក​ភ្នែក​ផង​ដែរ ប៉ុន្តែ​ការ​បង្ហាញ​ខាង​ក្រៅ​នោះ​មិន​គួរ​ច្រឡំ​ទៅនឹង​វត្តមាន​របស់​ព្រះ​វិញ្ញាណ​ផ្ទាល់​នោះ​ឡើយ » ( « Eternal Investments » [ ជំនួប​ពេល​ល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៨៩ ] ទំព័រ ៤ ) ។

គ្រូបង្រៀន​គួរតែ​ប្រយ័ត្ន​ប្រើ​ឃ្លា​ដូច​ជា « ព្រះ​វិញ្ញាណ​បាន​ប្រាប់​ខ្ញុំ​ឲ្យ … » ឬ « ព្រះវិញ្ញាណ​បាន​និយាយ​ថា​ខ្ញុំ​គួរ … » ដោយ​ចេតនា ឬ​ដោយ​អចេតនា ឃ្លា​ទាំង​នេះ​អាច​យល់​ខុស​ថា​ជា​ការលើកកម្ពស់​ខ្លួន​ឯង និង​អាច​បង្កប់​នូវ​កម្រិត​នៃ​ការបំផ្លើស​ខាង​វិញ្ញាណ ហើយ​អាច​បណ្តាល​ឲ្យ​មាន​ការ​សោកសៅ​ខាង​វិញ្ញាណ ។ ជា​ទូទៅ វា​គ្រប់គ្រាន់​សម្រាប់​គ្រូបង្រៀន​ដើម្បី​ធ្វើតាមការបំផុសគំនិត​មកពី​ព្រះវិញ្ញាណ ដោយ​មិន​ប្រកាសថា​ពួកគេ​កំពុង​ទទួល​ការបំផុស​គំនិត​នោះ​ទេ ។

ប្រធាន ហិនរី ប៊ី អាវរិង បាន​ផ្តល់​ដំបូន្មាន​នេះ​ថា ៖ « ការ​ផ្តល់​បទ​ពិសោធន៍​ដល់​សិស្ស​ជាមួយ​ព្រះ​វិញ្ញាណ​គឺ​សំខាន់​ជាង​ការ​និយាយ​អំពី​ការណ៍​នោះ​ទៅទៀត ។ ហើយ​គ្រាន់តែ​ដឹង​ថា​មនុស្ស​ម្នាក់ៗ​មាន​បទពិសោធន៍​ខាងវិញ្ញាណ​ខុស​គ្នា​បន្តិច ។ … ខ្ញុំ​គិត​ថា​វា​ជា​រឿង​បុគ្គល ​ដែល​ខ្ញុំ​នឹង​ប្រុង​ប្រយ័ត្ន​បន្តិច​ក្នុង​ការព្យាយាម​និយាយ​ចំៗ​ច្រើន​ពេក ។ ខ្ញុំ​គិត​ថា​បទ​ពិសោធន៍​ជាមួយ​វា … អាច​ប្រសើរ​ជាង​បើ​អ្នក​បន្ត​និយាយ​ថា​ ‹ តើ​អ្នក​មាន​អារម្មណ៍​​ព្រះវិញ្ញាណ​ដែរ​ឬ​ទេ ? › ខ្ញុំ​គិត​ថា​វា​អាច​ជា​មាន​ផល​អវិជ្ជមាន » « ( ការពិភាក្សា​របស់​អែលឌើរ រីឆាត ជី ស្កត និង​អែលឌើរ ហិនរី ប៊ី អាវរិង » [ ការចាក់ផ្សាយ​ការបំពាក់បំប៉ន ស៊ី. អ៊ី. អេស.តាម​ផ្កាយ​រណប ខែ សីហា ឆ្នាំ ២០០៣ ] ទំព័រ ៨ ) ។

គ្រូបង្រៀន​គួរ​ចាំ​ថា​ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​មិន​បាន​ដក​ចេញ​នូវ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ចំពោះ​ការរៀបចំ​មេរៀន​ដ៏​ឧស្សាហ៍​ព្យាយាម ដោយ​ការពិចារណា ដោយ​បួករួម​ទាំង​ការ​ប្រើ​ប្រាស់​កម្មវិធី​សិក្សា​ដែល​បាន​ផ្ដល់​ឲ្យ​នោះ​ទេ ។ ម៉្យាងវិញ​ទៀត ការបង្រៀន​ដោយ​ព្រះវិញ្ញាណ​តម្រូវ​ឲ្យ​មាន​ច្រើនជាង​ការធ្វើ​តាម​ការណែនាំ​គ្រប់​កម្មវិធី​សិក្សា​ដែល​បាន​កំណត់​ដោយ​មិន​បាន​អធិស្ឋាន ពិចារណា ឬ​ការបត់បែន​ដែល​អាចមាន​នោះទេ ។ លើស​ពី​នេះ​ទៀត គ្រូបង្រៀន​មិន​គួរ​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការធ្វើ​តាម​គម្រោង​មេរៀន​របស់​ពួក​គេ​យ៉ាង​តឹង​រឹង ដែល​ធ្វើឲ្យ​ពួក​គេ​មិន​បើក​ចំហ​ដើម្បី​ទទួល និង​ធ្វើ​តាម​ការបំផុស​មកពី​ព្រះ​វិញ្ញាណ​ក្នុង​អំឡុង​ពេលរៀន​នោះ​ទេ ។

បង្កើតឲ្យ​មាន​បរិយាកាស​រៀនសូត្រ​ប្រកប​ដោយ​សេចក្តី​ស្រឡាញ់ ការគោរព និង​មាន​គោលបំណង ។

នៅពេល​គ្រូ​បង្រៀន និង​សិស្សមានសេចក្តី​ស្រឡាញ់ និង​ការគោរព​ដល់​ព្រះអម្ចាស់ និង​គោរព​គ្នាទៅវិញ​ទៅមក ព្រមទាំង​គោរព​តាម​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ការរៀនសូត្រ​ត្រូវបាន​លើកកម្ពស់ ។ ចែកចាយ​នូវ​គោលបំណង​ដែល​ផ្តោត​លើ​កិច្ចខិតខំ និង​សេចក្តី​សង្ឃឹម ហើយ​ផ្តល់​ការណែនាំ​ចំពោះ​បទពិសោធន៍​ក្នុង​ថ្នាក់រៀន ។ ការបង្កើត​បរិយាកាស​នៃ​សេចក្តី​ស្រឡាញ់ ការគោរព និង​គោលបំណងបែប​នេះ គឺ​ជា​ទំនួល​ខុស​ត្រូវ​ទាំង​គ្រូ​បង្រៀន និង​សិស្ស ហើយ​អញ្ជើញ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ការស្អាងឡើង​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សេចក្តី​ស្រឡាញ់ និង​ការគោរព

សេចក្តី​ស្រឡាញ់​បន្ទន់​ចិត្ត ហើយ​អញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅពេល​គ្រូបង្រៀន​ស្រឡាញ់​ដូច​ព្រះអង្គសង្គ្រោះ​ស្រឡាញ់ នោះ​ពួកគេ​មើលឃើញ​អ្នកដទៃ​ដូច​ដែល​ទ្រង់ទត​ឃើញ​ពួកគេដែរ ។ សេចក្ដី​ស្រឡាញ់​ដូច​ព្រះ​គ្រីស្ទ​បំផុស​គំនិត​គ្រូបង្រៀន​កុំ​ឲ្យ​បោះបង់​ចោល​ក្នុង​ការជួយ​យុវជន និង​យុវនារី​ម្នាក់ៗ​ឲ្យ​ក្លាយ​ជា​មនុស្ស​ដែល​ប្រែចិត្តជឿ​យ៉ាង​ពិត​ប្រាកដ ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « ពេល​យើង​ត្រូវ​បាន​គេ​ហៅ​ឲ្យ​បង្រៀន យើង​គួរ​តែ​ទទួល​យក​ការហៅ​របស់​យើង ហើយ​បង្រៀន​ដោយសារ​តែ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច និង​ព្រះ​រាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ មិនត្រឹមតែ​ប៉ុណ្ណោះ គ្រូបង្រៀន​ដំណឹងល្អ​គួរតែ​បង្រៀន​សិស្ស​ដោយ​សេចក្តី​ស្រឡាញ់​ជានិច្ច ។ … សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​សេចក្ដី​ស្រឡាញ់​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ គឺ​ជា​មូលហេតុ​ដ៏​ខ្ពស់​បំផុត​សម្រាប់​ការបម្រើ ។ អ្នក​ទាំងឡាយ​ណា​ដែល​បង្រៀន​ដោយ​ចេញ​ពី​សេចក្ដីស្រឡាញ់​នឹង​ត្រូវ​បាន​លើក​តម្កើង​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ត​របស់​ទ្រង់​ដែល​ពួកគេ​បម្រើ » ( « Gospel Teaching » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៧៩ ) ។

គ្រូបង្រៀន និង​សិស្ស​ទាំងឡាយ​ណា​ដែល​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ដែល​ដឹង​អំពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ចំពោះ​ពួកគេ មាន​អារម្មណ៍​ថា មាន​នូវ​បំណង​ពិតប្រាកដ​ដែល​អាច​ខិតជិត​ទ្រង់ ហើយ​ប្រែក្លាយ​កាន់​តែ​ដូច​ទ្រង់ ។ ពួកគេ​គោរព និង​​មាន​គាវរភាព​ចំពោះ​ព្រះបន្ទូល​របស់​ទ្រង់ និង​ប្រសាសន៍​ពួកព្យាការី​របស់​ទ្រង់ នៅតាម​របៀប​ដែល​ជំរុញ​ពួក​គេ​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ឧស្សាហ៍​ព្យាយាម អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​រៀន ហើយ​ដើម្បី​ចែកចាយ​នូវ​អ្វី​ដែល​ពួក​គេ​កំពុង​រៀន​ជាមួយ​អ្នក​ដទៃ ។

នៅ​ពេល​សិស្ស​ទាំងឡាយ​ដឹង​ថា​ពួកគេ​ទទួលក្តីស្រឡាញ់​ និង​ការគោរព ពី​គ្រូបង្រៀន និង​សិស្ស​ផ្សេង​ទៀត នោះ​ពួក​គេ​កាន់តែ​ចូលចិត្ត​មក​កាន់​ថ្នាក់​ដោយ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​រៀន ។ ការទទួលយក និង​សេចក្ដី​ស្រឡាញ់​ដែល​ពួកគេ​មាន​មកពី​អ្នក​ដទៃ​អាច​បន្ទន់​ចិត្ត​របស់​ពួកគេ កាត់​បន្ថយ​ការភ័យខ្លាច និង​ជំរុញ​ពួកគេ​នូវ​បំណង​ប្រាថ្នា និង​ទំនុកចិត្ត​ដែល​ចាំបាច់​ដើម្បី​ចែកចាយ​បទពិសោធន៍ និង​អារម្មណ៍​របស់​ពួកគេ​ជាមួយ​គ្រូ​បង្រៀន​របស់​ពួកគេ និង​សមាជិក​ថ្នាក់​ផ្សេង​ទៀត​ផងដែរ ។

រូបភាព
សិស្ស និង​គ្រូបង្រៀន

គ្រូបង្រៀន​អាច​ចិញ្ចឹម​បីបាច់​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់ និង​ការគោរព​របស់​សិស្ស​ចំពោះ​ព្រះអម្ចាស់​ដោយ​ជួយ​ពួកគេ​ឲ្យ​យល់​អំពី​ដង្វាយធួន ដោយ​បង្រៀន​ពួកគេ​អំពី​ទេវភាព​របស់​ពួកគេ និង​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃបាន​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ហើយ​ដោយ​ការនិយាយ និង​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់​ទាំងទ្វេ​តាម​របៀប​ត្រឹមត្រូវ និង​គាវរភាព ។

គ្រូបង្រៀន​ទាំងឡាយ​គួរតែ​អភិវឌ្ឍ​សេចក្តី​ស្រឡាញ់ និង​ការគោរព​ដែល​ពួកគេ​មាន​ចំពោះ​សិស្ស​​របស់​ពួកគេ ។ ការធ្វើ​បែប​នេះ​នឹង​ជួយ​ពួក​គេ​ឲ្យ​សាយភាយ​នូវ​ក្ដីស្រឡាញ់​ដ៏សុទ្ធសាធ​​របស់​ព្រះ​គ្រីស្ទ​ចំពោះ​សិស្ស​របស់​ពួកគេ ហើយ​ជួយ​ពួកគេ​បង្រៀន​ដោយ​ការអត់ធ្មត់ និង​ក្តីមេត្តា ។ គ្រូបង្រៀន​អាច​រៀន​ឈ្មោះ​សិស្ស និង​ស្វែង​យល់​អំពី​ចំណាប់​អារម្មណ៍ ទេពកោសល្យ ឧបសគ្គ និង​សមត្ថភាព​របស់​ពួកគេ ។ ពួកគេ​អាច​អធិស្ឋាន​សម្រាប់​សិស្ស​របស់​ពួកគេ​ជា​រួម និងជា​បុគ្គល ។ គ្រូ​បង្រៀន​អាច​ស្វាគមន៍​សិស្ស​ម្នាក់ៗ​មក​ក្នុង​ថ្នាក់​រៀន​ដោយ​ផ្ទាល់ ហើយ​ផ្ដល់​ឱកាស​ឲ្យ​សិស្ស​គ្រប់​រូប​ចូល​រួម​ចំណែក ។ ពួកគេ​គួរ​ស្តាប់​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ពេល​សិស្ស​សួរ​សំណួរ ឬ​ចែកចាយ​គំនិត ឬ​អារម្មណ៍​របស់​ពួកគេ ។ បន្ថែម​ពី​នេះ​ទៅ​ទៀត គ្រូបង្រៀន​ទាំងឡាយ​អាច​ចូល​រួម​ក្នុង​ការសម្តែង ការប្រកួត​កីឡា ឬ​ព្រឹត្តិការណ៍​ផ្សេងទៀត​ដែល​សិស្ស​របស់​ពួកគេ​កំពុង​ចូលរួម ។ នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ដើម្បី​ផ្តល់​ក្តីស្រឡាញ់​ដល់​សិស្ស​របស់​ខ្លួន គ្រូបង្រៀន​មិន​គួរ​ព្យាយាម​ជំនួសកន្លែង​ជា​ឪពុក​ម្ដាយ ឬ​អ្នក​ដឹកនាំ​បព្វជិតភាព ឬ​ដើម្បី​ក្លាយ​ជា​ទីប្រឹក្សា​ផ្ទាល់​ខ្លួន​ដល់​សិស្ស​ឡើយ ។

គ្រូបង្រៀន​ភាគច្រើន​នឹង​មាន​សិស្ស​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​របស់​ពួកគេ​គឺ សមត្ថភាព​មាន​ដែន​កំណត់ ឬ​ពិការ​ខាង​រាងកាយ ឬ​ពិការ​ខាង​សតិបញ្ញា ។ ពួកគេ​ក៏​ជា​បុត្រ​របស់​ព្រះវរបិតាសួគ៌​ដែរ ហើយ​ត្រូវ​រៀន​ដំណឹង​ល្អ​ដោយ​មិន​គិត​ពី​បញ្ហាប្រឈម​​ផ្ទាល់​ខ្លួន ឬ​មាន​ដែន​កំណត់​នៃ​បទពិសោធន៍​នៅ​ក្នុង​ជីវិត​រមែងស្លាប់​នោះ​ទេ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « គ្រប់​ទាំង​គំនិត និង​វិញ្ញាណ​ដែល​ព្រះ​ធ្លាប់​បាន​បញ្ជូន​មក​ក្នុង​ពិភពលោក​នេះ​គឺ​ងាយ​នឹង​ពង្រីក​បាន » ( Teachings of Presidents of the Church: Joseph Smith [ ឆ្នាំ ២០០៧ ] ទំព័រ ២១០ ) ។ គ្រូបង្រៀន​ត្រូវ​​ឆាប់​ចាប់អារម្មណ៍​ចំពោះ​សិស្ស​ទាំងអស់ ហើយ​ពិចារណា​អំពី​តម្រូវការ និង​សមត្ថភាព​សិស្ស​ម្នាក់ៗ​នៅពេល​ពួកគេ​រៀបចំ និង​ធ្វើ​បទបង្ហាញ​មេរៀន​របស់​ពួកគេ ។

ចំណុច​មួយ​ដែល​មាន​ប្រយោជន៍​បំផុត ដែល​គ្រូបង្រៀន​អាច​ធ្វើ​ដើម្បី​អភិវឌ្ឍ​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​ចំពោះ​សិស្ស​ទាំងឡាយ​របស់​ពួកគាត់ គឺ​ជា​ការស្វែងរក​អំណោយ​នៃ​សេចក្តី​សប្បុរស​តាម​រយៈ​ការអធិស្ឋាន​ដ៏​ស្មោះត្រង់ ។ ព្យាការី​មរមន​បាន​បង្រៀន​ថា ៖ « ហេតុ​ដូច្នោះ​ហើយ ឱ​បង​ប្អូន​ដ៏​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះ​វរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ពោរ​ពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ » ( មរ៉ូណៃ ៧:៤៨ ) ។

បង្កើត​ឲ្យ​មាន​គំនិត​នៃ​គោល​បំណង​មួយ

គំនិត​នៃ​គោលបំណង​មួយ​ដែល​បាន​ចែកចាយ​ដោយ​គ្រូបង្រៀន និង​សិស្ស​អាច​បង្កើន​សេចក្តីជំនឿ និង​ផ្តល់​ការណែនាំ ហើយ​មាន​អត្ថន័យ​ចំពោះ​បទពិសោធន៍​ថ្នាក់​រៀន ។ សិស្ស​គួរ​យល់​ថា​ពួកគេ​កំពុង​ចូល​រួម​ក្នុង​ថ្នាក់​ដើម្បី​មក​ស្គាល់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ដើម្បី​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​អស់កល្បជានិច្ច តាម​រយៈ​ការសិក្សា​អំពី​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី ។ ពួកគេ​គួរ​តែ​ជឿ​ថា តាមរយៈ​ការខិត​ទៅ​រក​ព្រះអម្ចាស់​នៅក្នុង​ឥរិយាបថ​ប្រាថ្នា​សូម និង​អធិស្ឋាន នោះ​ពួកគេ​អាច​ត្រូវ​បាន​បង្រៀន និង​បំភ្លឺ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅ​ពេល​គ្រូបង្រៀន និង​សិស្ស​​ខិត​ទៅជិត​ការសិក្សា​ព្រះគម្ពីរ​ជាមួយ​នឹង​ការរំពឹង​ដើម្បី​រៀនសូត្រ​តាមរយៈ​ព្រះវិញ្ញាណ និង​ពី​គ្នា​ទៅ​វិញ​ទៅ​មក នោះ​ពួកគេ​បង្កើត​បរិយាកាស​មួយ​ដែល​អញ្ជើញ​ឲ្យ​មាន​វិវរណៈ ។

គ្រូប​ង្រៀន​​អាច​លើក​ទឹកចិត្ត​ឲ្យ​ពេញ​ដោយ​គោលបំណង​នៅក្នុង​ថ្នាក់រៀន​ដោយ​ការធ្វើ​ដូច​ខាងក្រោម​នេះ ៖

  • សូម​រំពឹង​ថា​សិស្ស​នឹង​បំពេញ​តួនាទី​របស់​ពួកគេ​ជា​អ្នករៀនសូត្រ ។ គំនិត​នៃ​គោលបំណង​មួយ​អាច​កើត​មាន​នៅ​ក្នុង​ថ្នាក់​រៀន​បាន នៅ​ពេល​គ្រូបង្រៀន​ប្រាថ្នា​ចង់​ឲ្យ​សិស្ស​បំពេញ​តួនាទី​របស់​ពួកគេ ក្នុង​នាម​ជា​អ្នករៀនសូត្រ ព្រមទាំង​ជួយ​ពួកគេ​ក្នុង​ការធ្វើ​ដូច្នោះ និង​នៅ​ពេល​ដែល​សិស្ស​ទទួល​បាន​នូវ​ការ​ទុកចិត្ត​ក្នុង​ការចូលរួម​ចំណែក​តាម​វិធី​សំខាន់ៗ ។ គ្រូបង្រៀន​ដែលពេញ​ដោយ​គំនិត​នៃ​គោលបំណង ដែល​ស្រឡាញ់​សិស្ស​របស់​ពួកគាត់​យ៉ាង​ពិតប្រាកដ នឹង​ខ្វាយខ្វល់​ច្រើន​អំពី​ការរីកចម្រើន និង​ភាពជោគជ័យ​ជាទី​ពេញចិត្ត ទោះបើដោយ​កិច្ចខិតខំ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក៏ដោយ ។ គ្រូ​បង្រៀន​បែប​នេះ​នឹង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ហើយ​នឹង​លើកតម្កើង​សិស្ស​របស់​ខ្លួន​ឡើង​ដើម្បី​ឈាន​ទៅដល់​សក្តានុពល​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​រៀនសូត្រ និង​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

  • ចូរ​មាន​ចិត្តស្មោះ មហិច្ចតា និង​ស្វាហាប់​ចំពោះ​ព្រះគម្ពីរ និង​ដំណឹងល្អ ។ ជា​ទូទៅ សិស្ស​មាន​បំណង​ចង់​រៀន​កាន់​តែ​ខ្លាំង​នៅ​ពេល​ពួកគេ​ដឹង​អំពី​ចំណាប់​អារម្មណ៍​ខ្លាំង​របស់​គ្រូបង្រៀន​​ពួកគេ​ និង​ជំនឿ​នៅលើ​ឯកសារដែល​កំពុង​ពិភាក្សា ។

  • រៀបចំ​មេរៀន​ដែល​ស្អាងឡើង ។ នៅ​ពេល​គ្រូបង្រៀន​មក​ថ្នាក់​ដោយ​បាន​រៀបចំ​មេរៀន​យ៉ាង​ល្អ មេរៀន​ដែល​ស្អាងឡើង និង​មាន​អារម្មណ៍​ជឿ​ជាក់​លើ​ទិសដៅ​ដែល​ពួកគេ​ទទួល​បាន​ការណែនាំ​ឲ្យ​ធ្វើ នោះ​ពួកគេ​បង្ហាញ​ពី​គោលបំណង​នោះ​ដែល​សិស្ស​ទទួល​ស្គាល់​បាន​យ៉ាង​ងាយ​ស្រួល ។

  • រៀបចំ​សម្ភារឯកសារ និង​ឧបករណ៍​ដែល​ត្រូវការ​ចាំបាច់ ។ គ្រូ​បង្រៀន​គួរ​មក​ដល់​ថ្នាក់​រៀន​របស់​ខ្លួន​ពីមុន​សិស្ស ដើម្បី​រៀបចំ​សម្ភារឯកសារ និង​ឧបករណ៍​ចាំបាច់នានា ។ ឱកាស​នេះ​ផ្តល់​ដល់​គ្រូបង្រៀន​ដើម្បី​ស្វាគមន៍​សិស្ស​ម្នាក់ៗ​នៅ​ពេល​គេ​មក​ដល់​ថ្នាក់រៀន ។ សិស្ស​គួរ​ព្យាយាម​មករៀន​ឲ្យបាន​ទាន់ពេលវេលា ហើយ​មាន​សម្ភារ​រៀន​ត្រឹមត្រូវ​ទាំងអស់​—ដូចជា​ព្រះគម្ពីរ​ ខ្មៅដៃ​សម្រាប់​គូសសម្គាល់ និង​សៀវភៅ​កំណត់ហេតុ—នៅលើ​តុរបស់​ពួកគេ​នៅពេល​ដែល​ថ្នាក់​ចាប់ផ្តើម ។

  • ជៀសវាង​ការខ្ជះខ្ជាយ​ពេលវេលា ។ ពេល​ថ្នាក់​រៀន​ចាប់​ផ្ដើម​ទាន់​ពេល​វេលា ហើយ​នៅ​ពេល​សិស្ស​យល់​ឃើញ​ថា​មិន​ខ្ជះខ្ជាយ​ពេលវេលា នោះ​ពួក​គេ​នឹង​មាន​អារម្មណ៍​ពី​គំនិត​នៃ​គោលបំណង​មួយ ។

  • បង្កើត​ទម្លាប់​ក្នុងថ្នាក់រៀន ។ ការបង្កើត​ទម្លាប់​សម្រាប់​សកម្មភាព​ថ្នាក់​រៀន​ ដែល​បាន​ធ្វើ​ឡើង​ជា​ញឹក​ញាប់​នាំ​មក​នូវ​អារម្មណ៍​នៃ​សណ្តាប់ធ្នាប់ និង​គំនិត​នៃគោលបំណង ។ ទម្លាប់​ក្នុងថ្នាក់​រៀន​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​ពី​សិស្ស​ម្នាក់ៗ និង​ជួយ​គ្រូ​បង្រៀន និង​សិស្ស​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ពេល​វេលា​ក្នុង​ថ្នាក់​ដ៏​មាន​តម្លៃ ។ ទំម្លាប់​អាច​បង្កើត​ឡើង​សម្រាប់​សកម្មភាព​ទាំងឡាយ​ដូច​ជា​ការដាក់ និង​ការដក​ព្រះគម្ពីរ និង​សម្ភារ​រៀនសូត្រ​ចេញ ​ការរៀបចំ និង​ការផ្តល់​ការប្រជុំ​ធម្មនិដ្ឋានដ៏លើកតម្កើង និង​ការចែកចាយ និង​ការប្រមូល​ក្រដាស និង​សម្ភារ​ទាំងឡាយ​ជាដើម ។ ការ​ធ្វើ​សេចក្តី​ប្រកាស ការកត់ត្រា​វត្តមាន​សិស្ស ការ​ត្រួតពិនិត្យ​លើ​កិច្ចការផ្ទះ និង​ការប្រកាស​ផ្សេង​ទៀត ​ល្អ​បំផុត​គួធ្វើ​មុនពេល​ចាប់ផ្តើម​ការប្រជុំធម្មនិដ្ឋាន និង​មេរៀន ។

ការណែនាំ​បន្ថែម​សម្រាប់​ការ​បង្កើត​បរិយាកាស​រៀនសូត្រ​ដែល​សមរម្យ

ក្រៅពី​សេចក្តី​ស្រឡាញ់ ការគោរព និង​គោលបំណង របៀប​នៃ​ការរៀនសូត្រ​ដំណឹងល្អ​ដ៏ប្រសើរ​មួយ ក៏មានដូចជា​របៀបរៀបរយ គាវរភាព និង​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត​ផងដែរ ។ ប្រធាន ប៊យដ៍ ខេ ផាកកឺ បាន​បង្រៀន​ថា « ការបំផុស​គំនិត​ងាយ​កើត​មាន​នៅ​ក្នុង​បរិយាកាស​ដ៏​សុខសាន្ត » ហើយ​ថា « គារវភាព​អញ្ជើញ​ឲ្យ​មាន​វិវរណៈ » ( « Reverence Invites Revelation » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ២១–២២ ) ។ ខាងក្រោម​នេះ​គឺ​ជា​យោបល់​បន្ថែម​មួយ​ចំនួន​ដែល​គ្រូបង្រៀន​អាច​ប្រើ ដើម្បី​បង្កើត និង​រក្សា​បរិយាកាស​មួយ​ដែល​គាំទ្រ​ដល់​ការរៀនសូត្រ​អំពី​ដំណឹងល្អ ។

សូម​រៀបចំ​ថ្នាក់​រៀន​សម្រាប់​ការរៀនសូត្រ ។

បរិយាកាស​ជុំវិញ​ក្នុង​ថ្នាក់​រៀន អាច​មាន​ឥទ្ធិពល​ដល់​បទពិសោធន៏​​របស់​សិស្ស​នៅ​ក្នុង​ការរៀនសូត្រ​ដំណឹងល្អ ។ គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការរៀបចំ​ថ្នាក់រៀន ដើម្បី​ឲ្យ​សិស្ស​អាច​ទទួល​អារម្មណ៍​កក់ក្តៅ និង​អាច​ផ្តោត​អារម្មណ៍​លើ​មេរៀន ។ ការពិចារណា​មួយ​ចំនួន​អាច​រួម​បញ្ចូល ៖

រូបភាព
សិស្ស​ក្នុង​ថ្នាក់រៀន

ការអង្គុយ ។ លើកលែង​តែ​កាលៈទេសៈ​មិន​ប្រក្រតី នោះ​សិស្ស​គ្រប់​រូប​គួរ​មាន​កន្លែង​អង្គុយ​ស្រួលបួល កន្លែង​សម្រាប់​ព្រះគម្ពីរ និង​សម្ភារ​ឯកសារ​​សិក្សា​របស់​ពួកគេ និង​កន្លែង​សរសេរ ។ ការរៀបចំ​កន្លែង​អង្គុយ​គួរ​តែ​អនុញ្ញាត​ឲ្យ​សិស្ស​អាច​មើល​ឃើញ​គ្រូ​បង្រៀន​បាន​ងាយ​ស្រួល និង​ធនធាន​ដែល​អាច​មើល​ឃើញ​ណា​មួយ​ដែល​គ្រូបង្រៀន​ប្រើ ។ នៅ​កន្លែង​ដែល​អាច​ធ្វើ​ទៅ​បាន ការរៀបចំ​កន្លែង​អង្គុយ​ផ្សេង​ទៀត​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​គាំទ្រ​សកម្មភាព​រៀន​សូត្រ​ប្រភេទ​ផ្សេងៗ​គ្នា ។ ការមាន​កន្លែងអង្គុយ​ដែល​បាន​កំណត់​អាច​ជួយ​គ្រូបង្រៀន​ឲ្យចាំឈ្មោះ​របស់​សិស្ស​បាន​ឆាប់ រៀបចំ​ថ្នាក់​រៀន​សម្រាប់​ការងារ​ក្រុម​តូចៗ ឬ​លំហាត់​ចំណេះចំណាន​ខាង​គោលលទ្ធិ និង​បែងចែក​សិស្ស​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​មាន​ទំនោរ​ចង់​និយាយ​ជាមួយ​គ្នា​ក្នុង​អំឡុង​ពេល​រៀន ។ គ្រូ​បង្រៀន​គួរ​តែ​យកចិត្ត​ទុកដាក់​ដល់​សិស្ស​ដែល​អាច​ពិបាក​ធ្វើ​ចលនា ឬ​ការមើល​មិន​ឃើញ ដោយ​ការៀបចំ​កន្លែង​ដែល​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចូល​រួម​ក្នុង​សកម្មភាព​ក្នុង​ថ្នាក់ ។

ការរំខាន​នានា ។ គ្រូបង្រៀន​គួរ​ព្យាយាម​បំបាត់​ការរំខាន​ណា​មួយ​ដែល​អាច​រំខាន​ដល់​ដំណើរការ​បង្រៀន និង​ការរៀនសូត្រ ។ ប្រសិន​បើ​ការបង្រៀន​ធ្វើ​ឡើង​នៅ​ក្នុង​ផ្ទះ វា​ប្រហែល​អាច​មាន​ឧបសគ្គ​ជាក់លាក់​មួយ​ចំនួន ប៉ុន្តែ​សូម្បី​តែ​នៅ​ក្នុង​របៀប​នោះ​ក៏​គ្រូបង្រៀន​អាច​កាត់​បន្ថយ​ការរំខាន​ឲ្យ​នៅ​កម្រិត​អប្បបរមា​បាន​ដែរ​ជាមួយ​នឹង​ការ​រៀបចំ​ផែនការ​ដោយ​ប្រុង​ប្រយ័ត្ន ។

បរិយាកាស​នៃ​ថ្នាក់​រៀន ។ រូបភាព​ដែល​ទាក់ទង​នឹង​ដំណឹងល្អ រូបភាព បដា និង​ការបង្ហាញ​ផ្សេង​ទៀត ជា​ញឹកញាប់​អាច​ជម្រុញ​ឲ្យ​មាន​បរិយាកាស​នៃ​ការរៀនសូត្រ​បាន ។ ថ្នាក់​រៀន​ដែល​មាន​​អនាម័យ ស្អាត និង​មាន​សណ្តាប់ធ្នាប់​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​មាន​គារវភាព និង​ជំរុញ​ឲ្យ​មាន​បរិយាកាស​មួយ​ដែល​នាំ​ឲ្យ​មាន​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​ផង​ដែរ ។

រូបភាព
គ្រូបង្រៀន​កំពុង​បង្រៀន

រូបសម្បត្តិ​របស់​គ្រូបង្រៀន ។ សិស្ស​នឹង​ទទួល​ស្គាល់​កាន់​តែ​ច្បាស់​អំពី​សារៈសំខាន់​នៃ​បទពិសោធន៍​រៀនសូត្រ​នៅ​ពេល​ដែល​គ្រូបង្រៀន​ស្លៀក​សម្លៀកបំពាក់ និងតុបតែង​ខ្លួន​ដោយ​រាបសា និង​សមរម្យ ហើយ​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ពិសិដ្ឋ​នៃ​សារលិខិត​ដំណឹង​ល្អ ។

សូម​អញ្ជើញ​ព្រះវិញ្ញាណ​តាម​រយៈ​ការប្រជុំធម្មនិដ្ឋាន​ដ៏​មាន​ប្រសិទ្ធភាព ។

ថ្នាក់​គួរតែ​ចាប់​ផ្តើម​ជាមួយ​នឹង​ការប្រជុំ​ធម្មនិដ្ឋាន​ខ្លី​មួយ ។ ការប្រជុំ​ធម្មនិដ្ឋាន​អាច​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​រួបរួម​សិស្ស​ដោយ​បង្វែរ​គំនិត និង​ដួងចិត្ត​របស់​ពួកគេ​ទៅ​រក​កិច្ចការ​ខាង​វិញ្ញាណ ។ វា​អាច​ជួយ​គ្រូបង្រៀន និង​សិស្ស​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​រៀន ។ ការប្រជុំ​ធម្មនិដ្ឋាន​ជា​ទូទៅ​​មាន​ចម្រៀង​ទំនុកតម្កើង ការអធិស្ឋាន និង​ការចែក​គំនិតខាងវិញ្ញាណមក​ពី​ព្រះគម្ពីរ ។ វា​មាន​ប្រសិទ្ធិ​ភាព​បំផុត​នៅ​ពេល​សិស្ស​ចែកចាយ​អារម្មណ៍ និង​ការយល់ដឹង​ដែល​ពួកគេ​មាន​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​នៅ​ពេល​ពួកគេ​ថ្លែង​ទីបន្ទាល់ ។ ការប្រជុំ​ធម្មនិដ្ឋាន​ដ៏​យូរ ឬ​ល្អិតល្អន់ពេក​មិន​គ្រាន់​តែ​ស៊ី​ពេល​វេលា​ពី​ការៀន​មេរៀន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ព្រះ​វិញ្ញាណ​ដក​ខ្លួន​ចេញ​ទៀត​ផង ។ ការប្រជុំ​ធម្មនិដ្ឋាន​ដែល​មាន​នូវ​ការបម្រើ​អាហារ​សម្រន់​ភាគច្រើន​នឹង​ធ្វើ​ឲ្យ​មាន​អារម្មណ៍​លេងសើច​ជាជាង​មាន​អារម្មណ៍​ខាង​វិញ្ញាណ​មួយ ។ គ្រូបង្រៀន​ទាំងឡាយ​គួរ​តែ​យក​ពេល​និយាយ​ជាមួយ​សិស្ស ជាពិសេស​ពួក​អ្នកដឹកនាំ​ថ្នាក់​ អំពី​គោលបំណង​នៃ​ការប្រជុំ​ធម្មនិដ្ឋាន តើអ្វី​ដែល​ពួកគេ​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​សម្រាប់​ខ្លួន​ពួកគេ និង​អំពី​របៀប​ដែល​ពួកគេ​អាច​លើកទឹកចិត្ត​មនុស្ស​គ្រប់​គ្នា​ឲ្យ​ចូលរួម ។

ពិភាក្សា​អំពី​គោលការណ៍​ទាំងឡាយ​នៃ​ការរៀនសូត្រ​ខាង​ព្រលឹង​វិញ្ញាណ ។

នៅ​ដើម​ឆ្នាំ ​គ្រូ​បង្រៀន​អាច​បញ្ចូល​សិស្ស​ទៅក្នុង​ការពិភាក្សា​អំពី​ស្ថានភាព​អ្វី​ដែល​ជំរុញ​ឲ្យ​មាន​ការរៀន​សូត្រ​ខាង​វិញ្ញាណ ( សូមមើល កូរិនថូសទី១ ២:១០-១១; គោលលទ្ធិ និង​សេចក្តីសញ្ញា ៥០:១៧-២២; ៨៨:១២១-១២៦ ) ។ ការ​ពិភាក្សា​ទាំង​នេះ​អាច​ផ្តោត​ទៅ​លើ​ឥរិយាបថ​ដែល​អញ្ជើញ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ឲ្យ​គង់​ជាមួយ​ពួក​គេ នៅក្នុង​ការរៀន​សូត្រ​ដំណឹង​ល្អ ​ព្រម​ទាំង​អំពី​ឥរិយាបថ​ដែល​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​ដក​ខ្លួន​ចេញ ។ គ្រូបង្រៀន និង​សិស្ស​​គួរតែ​លើកទឹកចិត្ត​​គ្នា​ទៅវិញ​ទៅមក​ឲ្យ​បាន​ញឹកញាប់ ​ដើម្បី​អនុវត្ត​កិច្ចការ​ដែល​ពួកគេ​បាន​យល់ស្រប​ដែលនឹង​អញ្ជើញ​ព្រះវិញ្ញណ ។ កិច្ចខិតខំ​បែប​នោះ​អាច​ជួយ​ទាំង​សិស្ស និង​គ្រូបង្រៀន​ឲ្យ​យល់ ហើយ​បំពេញ​តួនាទី​ដែល​ពួកគេ​មាន​នៅ​ក្នុង​ការអញ្ជើញ​ព្រះវិញ្ញាណ​ចូល​ទៅ​ក្នុង​ដំណើរការ​នៃ​ការរៀនសូត្រ ។

សូម​ជ្រើសរើស​សកម្មភាព​រៀនសូត្រ​ដោយ​ប្រុងប្រយ័ត្ន ។

គ្រូបង្រៀន​ទាំងឡាយ​គួរ​តែ​ដឹង​ថា​សកម្មភាព​រៀនសូត្រ​ផ្សេង​គ្នា​អាច​ជំរុញ​ឲ្យ​មាន​អារម្មណ៍ និង​ឥរិយាបថ​ផ្សេង​គ្នា​ចំពោះ​សិស្ស ។ ជាឧទារហណ៍ បន្ទាប់​ពី​ការដឹកនាំ​​ល្បែង​បង្រៀន​ដ៏​រីករាយ​​នៅ​ដើម​ថ្នាក់​របស់​គាត់​រួច ​គ្រូបង្រៀន​ម្នាក់​មាន​អារម្មណ៍​ខកចិត្ត នៅ​ពេល​គាត់​ពុំ​អាច​សម្រេច​បាន​នូវ​ការបញ្ចប់​មេរៀន​ខាង​វិញ្ញាណ​បន្ថែមទៀត​បាន ។ គ្រូបង្រៀន​ម្នាក់​ទៀត​រកឃើញ​ថា​បញ្ហា​វិន័យ​របស់​គាត់​កើនឡើង នៅ​ពេល​គាត់​ផ្តល់​អាហារ​សម្រន់​អំឡុង​ពេល​រៀន ។

ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ឥរិយាបថ​របស់​សិស្ស និង​ឆ្លើយតប​ដោយ​ត្រឹមត្រូវ ។

គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ដឹង​អំពី​អ្វី​ដែល​កំពុង​កើតឡើង​អំឡុង​ពេល​មេរៀន ហើយ​ឆ្លើយ​តប​នៅ​ក្នុង​របៀប​ដែល​ត្រឹមត្រូវ​មួយ ។ បើសិន​ជា​សិស្ស​មើលទៅ​ហាក់​ដូចជា​ធុញទ្រាំ ឬ​នៅ​មិន​ស្ងៀម​វា​អាច​បណ្តាល​មកពី​ពួកគេ​ពុំ​បាន​ចូលរួម​ក្នុង​មេរៀន ឬ​ពួកគេ​ពុំយល់​អំពី​អ្វី​ដែល​កំពុង​បង្រៀន ឬ​អំពី​របៀប​ដែល​មេរៀន​អនុវត្ត​ចំពោះ​ពួកគេ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​ផ្ដោត​អារម្មណ៍ នោះ​គ្រូបង្រៀន​ត្រូវ​កែប្រែ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​បទបង្ហាញ​មេរៀន ។ ប្រសិន​បើ​សិស្ស​កំពុង​ធ្វើ​សកម្មភាព​តាម​របៀប​មិន​ត្រឹមត្រូវ ហើយ​បណ្ដាល​ឲ្យ​ព្រះវិញ្ញាណ​ដក​ខ្លួន​ចេញ​ពី​ថ្នាក់ នោះ​គ្រូបង្រៀន​ត្រូវ​ស្វែង​រក​ការបំផុស​គំនិត​ក្នុង​ការដោះ​ស្រាយ​បញ្ហា​ជា​ជាង​មិន​អើពើ​នឹង​បញ្ហា​នោះ ។ គ្រូបង្រៀន​ក៏​គួរ​តែ​មើល​ផង​ដែរ​សម្រាប់​សិស្ស​ដែល​គ្មាន​ទំនាក់ទំនង​ជាមួយ​សិស្ស​ដទៃ ឬ​អ្នក​ដែល​ហាក់​ដូច​ជា​ឯកោ ។ សិស្ស​ទាំងនេះ​អាច​ត្រូវការ​ការយកចិត្ត​ទុកដាក់​ផ្ទាល់ខ្លួន​មួយ​ចំនួន​បន្ថែម​ទៀត​ពី​គ្រូបង្រៀន ឬ​ពី​សិស្ស​ផ្សេង​ទៀត​នៅ​ក្នុង​ថ្នាក់ ។ នៅ​ក្នុង​ករណី​បែបនេះ គ្រូ​បង្រៀន​អាច​និយាយ​ទៅ​ឪពុកម្តាយ និង​ថ្នាក់ដឹកនាំ​បព្វជិកភាព ដើម្បី​រកមើល​បើសិន​ជា​មាន​បញ្ហា​ពី​ក្រោយ​បញ្ហា​នោះ ឬ​ស្ថានភាព​ដែល​ពួកគេ​គួរ​ដឹង ។

កែតម្រូវ​អាកប្បកិរិយា​មិនត្រឹមត្រូវ ឬ​មិនសមរម្យ ។

មាន​គោលការណ៍​ទូទៅ​មួយ​ចំនួន​ដើម្បី​រក្សា​ក្នុង​គំនិត​ដែល​នឹង​ជួយ​គ្រូបង្រៀន​ម្នាក់​អញ្ជើញ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ត្រឹមត្រូវ និង​ការគោរព​នៅក្នុង​ថ្នាក់រៀន ។ ដើម្បី​មាន​សណ្តាប់ធ្នាប់ មិន​គ្រាន់តែ​មាន​ន័យ​ថា​មាន​ភាពស្ងៀមស្ងាត់​ទាំង​ស្រុង​នោះ​ទេ ហើយ​វា​ក៏​មិន​មាន​ន័យ​ថា​ថ្នាក់​រៀន​មិន​អាច​រីករាយ និង​សប្បាយ​បាន​ដែរ ។ ប៉ុន្តែ​សិស្ស​ម្នាក់ ឬ​​សិស្ស​មួយ​ក្រុម​ដែល​មិន​មាន​សណ្តាប់​ធ្នាប់​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​ដំណើរការ​នៃ​ការរៀនសូត្រ និង​រារាំង​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន ។

នៅ​ពេល​សិស្ស​ម្នាក់ ឬ​សិស្ស​មួយ​ក្រុម​កំពុង​មាន​អាកប្បកិរិយា​មិន​សមរម្យ វា​អាច​នឹង​ធ្វើ​ឲ្យ​គ្រូបង្រៀន និង​ដល់​សិស្ស​ដទៃ​ផ្សេង​ទៀត​មួរម៉ៅ​ផង​ដែរ ។ នៅពេលខ្លះ វាមាន​សារៈសំខាន់​យ៉ាងពិសេស​សម្រាប់​គ្រូបង្រៀន​ដើម្បី​រក្សា​ការគ្រប់គ្រង​អារម្មណ៍​របស់​ពួកគេ និង​ស្វែងរក​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ របៀប​ដែល​គ្រូបង្រៀន​ឆ្លើយ​តប​ទៅ​នឹង​ហេតុការណ៏ណា​មួយ គឺ​វា​សំខាន់​ជាង​ហេតុការណ៏​ដែល​បាន​កើត​ឡើង​ផ្ទាល់ ហើយ​អាច​បង្កើន ឬ​កាត់​បន្ថយ​ការគោរព និង​ការទុកចិត្ត​របស់​សិស្ស​បាន ។ នៅ​ពេល​គ្រូបង្រៀន​កែ​តម្រូវ​ឥរិយាបថ​មិន​ត្រឹមត្រូវ ពួកគេ​ត្រូវ​តែ​មាន​ភាពរឹងមាំ ប៉ុន្តែ​​រាក់ទាក់ យុត្តិធម៌ និង​ដោយយកចិត្តទុកដាក់ ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​មេរៀន​វិញ​យ៉ាង​ឆាប់​រហ័ស ។ ការចំអក​សិស្ស​ម្នាក់​ជា​សាធារណៈ​អាច​កែ​តម្រូវ​ឥរិយាបថ​របស់​សិស្ស​មួយ​រយៈ ប៉ុន្តែ​នឹង​មិន​លើក​តម្កើង ​សូម្បីតែ​ដល់​គ្រូ​បង្រៀន​ខ្លួន​ឯង ឬ​សិស្ស​នោះ​ទេ ។ វា​ក៏​អាច​បណ្តាល​ឲ្យ​សិស្ស​ដទៃ​ភ័យ​ខ្លាច ឬ​មិន​ទុក​ចិត្ត​គ្រូ​បង្រៀន​ផង​ដែរ ។ គ្រូបង្រៀន​គួរ​ចងចាំ​នូវ​ឥទ្ធិពល​ដ៏សុចរិត​ដោយ​ការលួងលោម ដោយ​ការអត់ធ្មត់ ដោយ​ការទន់ភ្លន់ ការស្លូតបូត ការស្រឡាញ់​ស្មោះត្រង់ និង​ដោយ​ចិត្ត​ល្អ​ប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង​​សេចក្តីសញ្ញា ១២១:៤១–៤២ ) ។

មាន​ជំហាន​មួយ​ចំនួន​ដែល​គ្រូបង្រៀន​ទាំងឡាយ​អាច​ដោះស្រាយ​ជា​មួយ​បញ្ហា​នានា​នៅ​ពេល​ពួកគេ​ជួបប្រទះ ។ ទាំងនេះ​គឺជា​វិធីសាស្រ្ត​ដែលអាច​កើតមាន​ចំពោះ​បញ្ហា​វិន័យ ដែល​វា​ប្រហែលជា​មិន​ត្រូវ​ជាមួយ​គ្រប់​សិស្ស ឬ​គ្រប់​ស្ថានភាព​ទាំងអស់​នោះ​ទេ ៖

  • ទំនាក់ទំនង​តាម​រយៈ​កែវភ្នែក ។ ជាញឹកញាប់​សិស្ស​និយាយ​គ្នា​ទៅវិញ​ទៅមក​​នៅ​ក្នុង​ពេលមិន​សមរម្យ ពីព្រោះ​ពួកគេ​គិត​ថា​គ្រូ​នឹង​មិន​កត់​សម្គាល់​ទេ ។ គ្រូបង្រៀន​អាច​មើល​ទៅ​សិស្ស និង​ធ្វើ​ការទំនាក់ទំនង​តាម​រយៈ​ក្រសែភ្នែក​បន្តិច ដើម្បី​ឲ្យ​ពួកគេ​ដឹងថា​គ្រូបង្រៀន​ដឹង​ថា​មាន​អ្វី​កំពុង​កើតឡើង ។

  • ឈប់​និយាយ ។ ប្រសិន​បើ​សិស្ស​កំពុង​និយាយ​នៅ​ពេល​ដែល​ពួកគេ​គួរ​តែ​ស្តាប់ នោះ​គ្រូបង្រៀន​អាច​ឈប់​និយាយ សូម្បី​តែ​នៅ​ពាក់កណ្តាល​ប្រយោគ​ក៏ដោយ​បើ​ចាំបាច់ ។ ការតម្លើង​សំឡេង​ដើម្បី​និយាយ​លើ​ពួកគេ ជា​ទូទៅ​នឹង​មិន​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ ។

  • ផ្លាស់ទី​ទៅ​ឲ្យ​កាន់​តែ​ជិត ។ សកម្មភាព​មួយ​ទៀត​ដែល​គ្រូបង្រៀន​អាច​យក​ទៅ​កែតម្រូវ​ឥរិយាបថ​ដោយ​មិន​ចាំបាច់​ប្រឈម​មុខ​នឹង​សិស្ស​ដោយ​ផ្ទាល់​បាន គឺ​ប្តូរ​កន្លែង និង​ឈរ​ក្បែរសិស្ស​ដែល​មាន​​ឥរិយាបថ​មិនត្រឹមត្រូវ​នោះ ។ គ្រូបង្រៀន​អាច​បន្ត​មេរៀន​បាន ប៉ុន្តែ​ជា​ធម្មតា​សិស្ស​នឹង​មាន​អារម្មណ៍​ថា​មាន​វត្តមាន​របស់​គ្រូ​បង្រៀន ហើយ​បញ្ឈប់​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ។

  • សួរ​សំណួរ​មួយ ។ ដោយ​មិន​ចាប់​អារម្មណ៍​លើ​អាកប្បកិរិយា​មិន​សមរម្យ នោះ​គ្រូបង្រៀន​អាច​សួរ​សិស្ស​ដែល​ធ្វើ​មិនត្រឹមត្រូវ​នោះ នូវ​សំណួរ​មួយ​ដែល​ទាក់​ទង​ទៅ​នឹង​មេរៀន ។ ការណ៍​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បំបាក់មុខ​សិស្ស​នោះ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​នាំ​គាត់​ត្រឡប់​មក​ក្នុង​ការពិភាក្សា​វិញ ។

ប្រហែលជាអាច​មាន​ពេលខ្លះ​សិស្ស​មិន​ឆ្លើយតប​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​​ត្រង់ៗ​ទាំងនេះ ហើយ​នៅតែ​បន្ត​រំខាន​ដល់​ថ្នាក់រៀន ។ ខាងក្រោម​នេះ​ជា​ជំហាន​មួយ​ចំនួន​បន្ថែម​ទៀត​ដែល​គ្រូបង្រៀន​អាច​ធ្វើ​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ៖

  • ពិគ្រោះ​ជាមួយ​សិស្ស​ដោយ​ផ្ទាល់ ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា បើ​អ្នក​ណា​ធ្វើ​បាប​អ្នក​ដទៃ បុគ្គល​ដែល​អាក់អន់ចិត្ត​គួរ​និយាយ​ជាមួយ​ជននោះ « ក្នុង​កាល​មាន​តែ​អ្នក ហើយ​និង​បង​ប្អូន​ប្រុស ឬ​ស្រី​នោះ » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៤២:៨៨ ) ។ គ្រូបង្រៀន​អាច​ប្រឹក្សា​ជាមួយ​សិស្ស​អំពី​មូលហេតុ​ដែល​គាត់​មាន​អាកប្បកិរិយា​មិន​ត្រឹមត្រូវ ហើយ​ប្រាប់​គាត់​ឲ្យ​ដឹង​ថា​ឥរិយាបថ​គាត់ ត្រូវ​តែ​ផ្លាស់​ប្ដូរ ឬ​ជំហាន​បន្ថែម​ទៀត​នឹង​ត្រូវ​អនុវត្ត ។ គ្រូបង្រៀន​គួរ​តែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ពួក​គេ​ចែក​ឲ្យ​ដាច់​រវាង​ឥរិយាបថ​របស់​សិស្ស គឺខុស​គ្នាពី​តម្លៃ​នៃ​បុគ្គល​ម្នាក់ៗ ។ វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​គ្រូបង្រៀន​ក្នុង​ការចងចាំ​ថា « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ គឺ​មហិមា​ណាស់​ចំពោះ​ព្រះ​នេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១៨:១០ ) ។ ពួកគេ​គួរ​តែ​ទំនាក់ទំនង​ទៅ​សិស្ស​ថា​ខណៈពេល​ដែល​ឥរិយាបថ​មិន​ល្អ​មិន​អាច​ទទួល​យក​បាន តែ​គាត់នៅតែ​មាន​តម្លៃ ។ គ្រូបង្រៀន​គួរ​ចងចាំ​ថា​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្រះអម្ចាស់ ហើយ​បង្ហាញ « នូវ​សេចក្ដី​ស្រឡាញ់​ដ៏​ច្រើន​ឡើង​ចំពោះ​អ្នក​នោះ​ដែល​អ្នក​បាន​ស្ដី​បន្ទោស » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២១:៤៣ ) ។

  • បំបែក​សិស្ស​ដែល​បង្កការរំខាន ។

  • ពិគ្រោះ​ជាមួយ​ឪពុក​ម្ដាយ ឬ​ថ្នាក់​ដឹកនាំ​បព្វជិតភាព ។ ប្រសិនបើ​ឥរិយាបថ​មិន​ត្រឹមត្រូវ​នោះ​នៅតែ​បន្ត ជា​ញឹកញាប់​វា​មាន​ប្រយោជន៍​សម្រាប់​គ្រូ​បង្រៀន​ក្នុង​ការពិគ្រោះ​យោបល់​ជាមួយ​ឪពុក​ម្ដាយ​របស់​សិស្ស ។ ជាញឹកញាប់​ឪពុកម្តាយ​អាច​ផ្តល់​យោបល់ និង​គំនិត​បន្ថែម​ដែល​នឹង​ជួយ​កែតម្រូវ​ក្តី​កង្វល់​នោះ ។ ក្នុង​ករណី​ខ្លះ​ប៊ីស្សព​របស់​សិស្ស​ប្រហែល​អាច​ជួយ​បាន ។

  • បណ្តេញ​សិស្ស​ចេញ​ពីថ្នាក់ ។ ប្រធាន ដេវីឌ អូ មិកឃេ បាន​ផ្តល់​ដំបូន្មាន​ដូច​ខាង​ក្រោម​ទៅ​កាន់​គ្រូ​បង្រៀន​ថា ៖ « ប្រសិន​បើ [ ការ​ខិតខំ​របស់​អ្នក ] បរាជ័យ នោះ​អ្នក​អាច​ធ្វើ​ការ​អំពាវនាវ​ដល់​ឪពុក​ម្តាយ ហើយ​អ្នក​អាច​និយាយ​ថា ៖ ‹ ប្រសិន​បើ​ការប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​របស់​គាត់​នៅ​តែ​បន្ត យើង​នឹង​ត្រូវ​ដក​គាត់​ចេញ​ពីបញ្ជី​ហើយ › ។ នោះ​គឺ​ជា​សកម្មភាព​ខ្លាំង ។ គ្រូបង្រៀន​ម្នាក់​អាច​បណ្តេញ [ សិស្ស ] បាន អ្នក​គួរ​តែ​ប្រើ​ធនធាន​ផ្សេង​ទៀត​ទាំង​អស់​របស់​អ្នក​មុន​ពេល​អ្នក​ធ្វើ​ដូច្នោះ ។ ប៉ុន្តែ​យើង​ត្រូវតែ មាន សណ្តាប់​ធ្នាប់ !—វា​គឺជា​ការចាំបាច់​សម្រាប់​ការរីកចម្រើន​ខាង​ព្រលឹង ហើយ​បើ​សិន​ជា [ សិស្ស ] ម្នាក់​បដិសេធ ឬ​បើ [ សិស្ស ] ពីរ​នាក់​បដិសេធ​មិន​ព្រម​ធ្វើ​តាម​ល័ក្ខខ័ណ្ឌនោះ​គេ​ត្រូវតែ​ចាកចេញ ។ បើ [ សិស្ស ] មា្នក់​ត្រូវ​បញ្តេញ​ចេញ ប្រសើរ​ជាង​ថ្នាក់​ទាំងមូល​ត្រូវ​បំពុល​បន្តិច​ម្តងៗ » ( « Guidance of a Human Soul—The Teacher’s Greatest Responsibility » Instructor ខែ កញ្ញា ឆ្នាំ ១៩៦៥ ទំព័រ ៣៤៣ ) ។

មុន​នឹង​សុំ​ឲ្យ​សិស្ស​ម្នាក់​ចាកចេញ​ពី​ថ្នាក់​រៀនមួយ​រយៈ ​គ្រូបង្រៀន​គួរតែ​ប្រឹក្សា​ជាមួយ​មាតាបិតា​សិស្ស និង​អ្នក​គ្រប់គ្រង​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន និង​ថ្នាក់​ដឹកនាំ​បព្វជិតភាព​ឲ្យបាន​ត្រឹមត្រូវ​ជា​មុន​សិន ។ នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ​វា​សំខាន់​ណាស់​ដែល​គ្រូបង្រៀន​ជួយ​សិស្ស និង​មាតាបិតា​ឲ្យ​យល់​ថា​សិស្ស​កំពុង​ជ្រើស​រើស​ចាក​ចេញ​ពី​ថ្នាក់​សិក្ខា​សាលា ដោយ​មិន​ជ្រើស​រើស​យក​ឥរិយាបទ​តាម​របៀប​ដែល​អាច​ទទួល​យក​បាន ។ ឥរិយាបទ​នេះ​គឺ​ជា​ការរំខាន​ដែល​មិន​អាច​ទទួល​យក​បាន តែ​មិន​មែន​ទទួល​សិស្ស​រូប​នោះ​មិន​បានទេ ។ នៅពេល​សិស្ស​ជ្រើសរើស​ផ្ទុយ​ពីនោះ សិស្ស​នឹង​ត្រូវ​បាន​ស្វាគមន៍​ឲ្យ​ត្រឡប់​ទៅកាន់​ថ្នាក់រៀន​វិញ ។

សិក្សា​ព្រះគម្ពីរ​រៀងរាល់ថ្ងៃ និង​អាន​អត្ថបទ​សម្រាប់​វគ្គសិក្សា

សិក្សា​ព្រះគម្ពីរ​រៀងរាល់ថ្ងៃ

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​រៀងរាល់ថ្ងៃ​ផ្តល់​នូវ​ឱកាស​ដ៏​ខ្ជាប់ខ្ជួន​សម្រាប់​គ្រូបង្រៀន និង​សិស្ស​ឲ្យ​រៀន​ដំណឹងល្អ អភិវឌ្ឍ​ទីបន្ទាល់ និង​ស្តាប់ឮ​ព្រះសូរសៀង​របស់​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ក្នុង​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ថា « ព្រះ​គម្ពីរ​បរិសុទ្ធ​ត្រូវ​បាន​ប្រទាន​មក​ពី​យើង សម្រាប់​ការបង្គាប់​ដល់​អ្នក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៣៣:១៦ ) ។ ព្យាការី​នីហ្វៃ​បាន​បង្រៀន​ថា​អ្នក​ដែល « ខិតខំជឿន​ទៅមុខ ដោយទទួល​ទាន​នូវ​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ ហើយកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត … នឹង​មាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ( នីហ្វៃទី២ ៣១:២០ ) ហើយ​ថា « ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​គ្រីស្ទ នឹង​ប្រាប់​ដល់​អ្នក​នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល​អ្នក​ត្រូវ​ធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។

ព្យាការី​ថ្ងៃ​ចុង​ក្រោយ​បាន​ថ្លែង​អំពី​សារៈ​សំខាន់​នៃ​ការសិក្សា​ព្រះគម្ពី​រជា​រៀង​រាល់ថ្ងៃ ។ ប្រធាន ហារ៉ូល ប៊ី លី បាន​ព្រមាន​ថា « បើ​យើង​មិន​អាន​ព្រះគម្ពីរ​រៀង​រាល់​ថ្ងៃ​ទេ នោះ​ទីបន្ទាល់​របស់​យើង​កំពុង​តែ​ចុះថយ​កាន់​តែ​ស្តើង​ទៅៗ​ គំនិតខាង​វិញ្ញាណ​របស់​យើង​មិន​មាន​ភាពស៊ី​ជម្រៅ​ទេ » ( Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ] ទំព័រ ៦៦ ) ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ ក៏បាន​បង្រៀន​ផងដែរ​ថា « វា​ប្រាកដ​ណាស់ ថា​អ្នក​ដែល​សិក្សា​ព្រះគម្ពីរ​រៀងរាល់​ថ្ងៃ សម្រេច​បាន​ច្រើន​ជាង​អ្នក​ដែល​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​សិក្សា​ព្រះគម្ពីរ ហើយ​បន្ទាប់​មក​ចេះ​តែ​ឲ្យ​ពេល​កន្លង​ហួសទៅ ពី​មុន​សិក្សា​បន្ត​ទៀត » ( ហាវើដ ដបុលយូ ហឹនធើរ « Reading the Scriptures » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៩ ទំព័រ ៦៤ ) ។

អែលឌើរ រីឆាត ជី ស្កត បាន​អង្វរ​ថា ៖ « សូម​បង្កាត់ភ្លើង​នៃ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះគម្ពីរ​នៅ​ក្នុង​គំនិត និង​ដួងចិត្ត​របស់​យុវវ័យ​ដ៏​មាន​តម្លៃ​ម្នាក់ៗ ។ សូម​ជួយ​បញ្ឆេះ​អណ្តាត​ភ្លើង​នៅ​ក្នុង​ខ្លួន​យុវវ័យ​ម្នាក់ៗ ដែល​មិន​អាច​ពន្លត់​បាន ដែល​ជំរុញ​ឲ្យ​អ្នក​ទាំងឡាយ​ដែល​ទទួល​បាន​អារម្មណ៍​ពី​ការណ៍​នេះ​មាន​បំណង​ចង់​ដឹង​កាន់​តែ​ច្រើន​ឡើង​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ដើម្បី​យល់​នូវ​ការបង្រៀន​របស់​ទ្រង់ ដើម្បី​អនុវត្ត​ការបង្រៀន​នោះ​ដើម្បី​ចែកចាយ​ការបង្រៀន​នោះ​ជាមួយ​អ្នក​ដទៃ ។ …

« ទីមួយ​សូម​ដើរ​ជាមួយ​នឹង​សិស្ស​​របស់​អ្នក​​មួយ​ជំហាន​ម្តងៗ តាម​រយៈ​សារលិខិត​មួយ​ចំនួន​នៃ​ព្រះបន្ទូល​ដ៏ពិសិដ្ឋ​របស់​ព្រះអម្ចាស់ ។… សូម​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​អំពី​ភាពរីករាយ ការគោរព និង​សេចក្តី​ស្រឡាញ់​របស់​អ្នក​ចំពោះ​ព្រះគម្ពីរ ។

« ទីពីរ ជួយ​ឲ្យ​ពួក​គេ​រៀន​អាន ពិចារណា និង​អធិស្ឋាន​ជា​ឯកជន ដើម្បី​រក​ឃើញ​នូវ​អំណាច និង​ភាពសុខសាន្ត​ដែល​ហូរ​ចេញ​ពី​ព្រះ​គម្ពីរ » ( « Four Fundamentals for Those Who Teach and Inspire Youth » [ សន្និសីទ ស៊ី.​អ៊ី.​អេស អំពី​ព្រះគម្ពីរ​សញ្ញាចាស់ ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ១៩៨៧ ] ទំព័រ ៥ ) ។

មាន​កិច្ចការ​មួយ​ចំនួន​ដែល​គ្រូ​បង្រៀន​​អាច​ធ្វើ​បាន ដែល​នឹង​មាន​អំណាច​បន្ថែម​ទៀត និង​មាន​ឥទ្ធិពល​ដ៏​យូរអង្វែង​សម្រាប់​សេចក្តី​ល្អ​នៅ​ក្នុង​ជីវិត​របស់​សិស្ស​​ពួកគាត់ ប្រសើរជាង​ការជួយ​ពួកគេ​ឲ្យ​រៀន​ស្រឡាញ់​ព្រះគម្ពីរ ហើយ​សិក្សា​អំពី​វា​ជា​រៀងរាល់ថ្ងៃ ។ ការណ៍​នេះ​ជា​ញឹក​ញាប់​ចាប់​ផ្ដើម​នៅ​ពេល​គ្រូ​បង្រៀន​បាន​ធ្វើ​ជា​គំរូ​មួយ ដោយ​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។ ការចូលរួម​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ​ដ៏មាន​អត្ថន័យ ធ្វើ​ឲ្យ​គ្រូបង្រៀន​មាន​ភាពស័ក្តិសម​ដើម្បី​ថ្លែង​ទីបន្ទាល់​ផ្ទាល់ខ្លួន​ដល់​សិស្ស​របស់​ពួកគាត់ អំពី​តម្លៃ​នៃ​ព្រះគម្ពីរ​នៅ​ក្នុង​ជីវិត​ផ្ទាល់​របស់​ពួកគាត់ ។ ទីបន្ទាល់​បែបនេះ​អាច​ជា​កាតាលីករ​ដ៏​សំខាន់​មួយ​ក្នុង​ការជួយ​សិស្ស​ឲ្យ​តាំងចិត្ត​សិក្សា​ព្រះគម្ពីរ​ជា​ទៀងទាត់​ដោយ​ខ្លួនឯង ។

គ្រូបង្រៀន​គួរ​បង្រៀន​សិស្ស​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលលទ្ធិ និង​គោលការណ៍​ដែល​នៅ​ពី​ក្រោយ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួនជា​រៀងរាល់​ថ្ងៃ ។ គ្រូបង្រៀន​អាច​លើកទឹកចិត្ត​ដល់​សិស្ស​ម្នាក់ៗ​ផងដែរ​ឲ្យ​ញែក​ពេល​ជា​រៀង​រាល់​ថ្ងៃ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន ជួយ​សិស្ស​​ឲ្យ​ទទួល​ខុសត្រូវ​ក្នុង​ការសិក្សា​ជា​ប្រចាំ​របស់​ពួកគេ​ ដោយ​ប្រើប្រាស់​​ប្រព័ន្ធ​តាមដាន​មួយ​ដ៏​សមរម្យ​ដែល​កំណត់​ការអនុវត្ត​របស់​ពួកគេ និង​ផ្តល់​ដល់​សិស្ស​នូវ​ឱកាស​ទៀងទាត់​មួយ​នៅ​ក្នុង​ថ្នាក់​ដើម្បី​ចែកចាយ​ជាមួយ​អ្នក​ដទៃ​នូវ​ការណ៍​មួយ​ចំនួន ដែល​ពួកគេ​កំពុង​រៀន និង​កំពុង​ទទួល​អារម្មណ៍​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ ។ នៅ​ពេល​គ្រូ​បង្រៀន​លើកទឹកចិត្ត​ដល់​ការសិក្សា​ព្រះគម្ពីរ​ជា​ប្រចាំ នោះ​ពួកគាត់​គួរតែ​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​សិស្ស​ខ្មាសគេ ឬ​មិន​លើក​ទឹកចិត្ត​ដល់​សិស្ស​មួយ​ចំនួន​ដែល​មាន​ឧបសគ្គ​ក្នុង​ការ​​សិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

សិស្ស​ទាំងឡាយ​ដែល​មាន​ពិការភាព​មិន​អាច​អាន ឬ​រៀន​អ្វី​ផ្សេង​ទៀត​បាន គួរ​តែ​ត្រូវ​បាន​ផ្តល់​នូវ​ជម្រើស​ដើម្បី​សិក្សា​ព្រះគម្ពីរ​ក្នុង​ទម្រង់​មួយ​ដែល​អាច​សមស្រប​ជាង​សម្រាប់​សេចក្តីត្រូវការ​របស់​ពួកគេ ដូច​ជា​សម្លេង ភាសាគរ​ថ្លង់​របស់​អាមេរិក ឬ​អក្សរ​សម្រាប់​មនុស្ស​ងងឹត​ភ្នែក​ជាដើម ។ សិស្ស​មួយ​ចំនួន​ដែលមានការលំ​បាកក្នុងការ​អាន ទទួល​បាន​អត្ថប្រយោជន៍​ពីការ​អាន​តាម នៅលើ​ក្រដាស​បោះពុម្ព​នៅ​ពេល​អ្នក​ដទៃ​ផ្សេង​ទៀត​កំពុង​អាន​ឮៗ ។

ជំនាញ និងវិធីសាស្រ្ត​​នៃ​ការសិក្សា​ព្រះគម្ពីរ

ដើម្បី​ជួយ​សិស្ស​ទាំងឡាយ​ឲ្យ​ទទួល​បាន​ភាពជោគជ័យ​នៅ​ក្នុង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ គ្រូបង្រៀន​អាច​ជួយ​ពួកគេ​នៅ​ក្នុង​ការអភិវឌ្ឍន៍ និង​ប្រើ​នូវ​ជំនាញ និង​វិធីសាស្រ្ត​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្សេងៗ ។ ជំនាញ និង​វិធីសាស្ត្រ​ទាំង​អស់​ខាង​ក្រោម​នេះ​ក៏​ដូច​ជា​វិធី​ផ្សេង​ទៀត​ផងដែរ ដែល​មិន​បាន​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​ក្បួនខ្នាត​នេះ គួរ​តែ​ត្រូវ​បាន​ណែនាំ​ឲ្យ​ជួយ​សិស្ស​ឲ្យ​រៀន​សូត្រ​ដោយ​ព្រះ​វិញ្ញាណ យល់​អំពី​ព្រះគម្ពីរ និង​រក​ឃើញ ហើយ​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

ប្រើ​ជំនួយ​​ការសិក្សា​ព្រះគម្ពីរ ។ សាសនាចក្រ​បាន​រៀបចំបណ្តុំ​នៃ​ជំនួយ​សម្រាប់​ការសិក្សា​ព្រះគម្ពីរ​យ៉ាង​ទូលំទូលាយ​មួយ ហើយ​បាន​បញ្ចូល​វា​ទៅ​ក្នុង​ព្រះគម្ពីរ​បរមាណី​របស់យើង​សម្រាប់​ភាសា​មួយ​ចំនួន ។ ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ គឺជា​ក្រុម​នៃ​ជំនួយ​សម្រាប់​ការសិក្សា​ដែលបាន​រៀបចំ​សម្រាប់​ភាសា​ផ្សេងៗ ) ។ ជំនួយ​ទាំង​នេះ​រួម​មាន​ដូចជា លេខយោង ចំណងជើង​ជំពូក លិបិក្រម​តាម​ប្រធាន​បទ Bible Dictionary និង​ផែនទី​ជាដើម ។ ធនធាន​ទាំងនេះ​គឺជា​ជំនួយ​ដ៏មាន​តម្លៃ​បំផុត​មួយចំនួន​ដែល​គ្រូ​បង្រៀន និង​សិស្ស​អាច​ប្រើ​បាន​នៅ​ពេល​ដែល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។ គ្រូបង្រៀន​ទាំងឡាយ​អាច​ជួយ​សិស្ស​របស់​ពួកគាត់​ឲ្យ​ស្គាល់​ជំនួយ និង​ធនធាន​ទាំងនេះ​ដោយ​ប្រើប្រាស់​វា​យ៉ាង​ត្រឹមត្រូវ​អំឡុង​ពេល​នៅ​ក្នុង​ថ្នាក់រៀន ។ សាសនាចក្រ​ក៏​បាន​បង្កើត​ធនធាន​សិក្សា​ដែល​មាន​ប្រយោជន៍​ផ្សេង​ទៀត​តាម​អ៊ិនធើរណែត​ផង​ដែរ ។

រូបភាព
យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

គូស​សម្គាល់ និង​កំណត់ចំណាំ ។ វិធី​មួយ​ដែល​មាន​ប្រយោជន៍​បំផុត​សម្រាប់​គ្រូបង្រៀន និង​សិស្ស​ដើម្បី​ចាប់​យក និង​រក្សា​នូវ​អ្វី​ដែល​ពួកគេ​រៀន គឺ​ដោយ​គូស​សម្គាល់ និង​កំណត់ចំណាំ​ព្រះគម្ពីរ ។ គូស​សម្គាល់​មាន​ន័យថា​ ការកំណត់ បែងចែក ញែក​ដាច់ពីគ្នា ឬ​នាំឲ្យមាន​នូវ​ការយកចិត្ត​ទុកដាក់ ។ ការណ៍​នេះ​អាច​ធ្វើ​បាន​ដោយ​ការគូស​បន្ទាត់ពី​ក្រោម ការដាក់​ស្រមោល ឬ​ការគូសបញ្ជាក់​ពាក្យ​គន្លឹះ ឬ​វគ្គ​បទគម្ពីរ​នានា ។ ដើម្បី​ធ្វើ​កំណត់​ចំណាំ​មាន​ន័យថា​បន្ថែម​ក្នុងកំណត់​ហេតុ​​ពន្យល់​អត្ថន័យ​ ឬ​ពាក្យ​អត្ថាធិប្បាយ ។ គំរូ​នៃ​ការធ្វើ​កំណត់​ចំណាំ​បន្ថែម​ខាង​បទគម្ពីរ​អាច​រួម​មាន ការសសេរ​អំពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ពាក្យ​អត្ថាធិប្បាយ​របស់​ព្យាការី សេចក្តីយោង​បទគម្ពីរ និយមន័យ​របស់​ពាក្យ ឬ​គំនិត​ដែល​បាន​ទទួល​មកពី​មតិ​ទាំងឡាយ​របស់​សមាជិក​ក្នុង​ថ្នាក់រៀន​នៅ​លើ​គែម​ក្បែរ​វគ្គ​បទគម្ពីរ​ជាក់លាក់ ។

ការគូស​សម្គាល់ និង​កំណត់​ចំណាំ​ក្នុងគម្ពីរ​អាច​ជួយ​សិស្ស និង​គ្រូបង្រៀន​​ដើម្បី ៖

  • បង្កើត​ពាក្យ​ ឃ្លា គំនិត សេចក្ដី​ពិត​សំខាន់ៗ មនុស្ស និង​ព្រឹត្តិការណ៍​នានា​ឲ្យ​ងាយស្រួល​ក្នុង​ការចងចាំ និង​ស្វែងរក ។

  • ការបញ្ជាក់ និង​ការរក​ឃើញ​អត្ថន័យ​ក្នុង​អត្ថបទ​គម្ពីរ ។

  • រក្សា​ការយល់ដឹង​ផ្ទាល់ខ្លួន​ដែល​ទទួល​បាន និង​អ្វីៗ​ដែល​ទទួល​បាន​មកពី​អ្នកដទៃ ។

  • ការរៀបចំ​ដើម្បី​បង្រៀន​ដំណឹងល្អ​ដល់​អ្នកដទៃ ។

គ្រូបង្រៀន​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ដាក់​គំនូស​សំគាល់​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ដោយ​ការនិយាយ​មួយ​ចំនួន​ដូច​ជា « នៅ​ពេល​ប្អូន​ស្រាវជ្រាវ​ខ​ទាំងនេះ​ខ្ញុំ​សុំ​អញ្ជើញ​ប្អូន​ឲ្យ​​គូស​សម្គាល់​នូវ​គោលការណ៍​គន្លឹះ​មួយ​ដែល​ប្អូន​រកឃើញ » ឬ « នេះ​ជា​សេចក្តីយោង​បទគម្ពីរ​ដ៏​សំខាន់​មួយ ។ ប្អូន​អាច​ចង់​សរសេរ​ចំណុច​នេះ​នៅ​លើ​គែម​នៃ​ព្រះគម្ពីរ​របស់​ប្អូន​បាន » ។ វា​ប្រសើរ​ជាង​ក្នុង​ការបង្រៀន បង្ហាញ និង​អនុវត្ត​ចំណុច​មូលដ្ឋាន​នៃ​ការគូស​សម្គាល់​ព្រះគម្ពីរ​ពេញ​មួយ​ឆ្នាំ​ ជាជាង​បង្រៀន​ប្រព័ន្ធ​សម្គាល់​ជាក់លាក់​មួយ ។

សញ្ជឹងគិត ។ ការសញ្ជឹងគិត​មាន​ន័យថា​ ស្មិងស្មាធិ៍​សមាធិ ឬ​គិត​យ៉ាង​ស៊ីជម្រៅ​អំពី​អ្វី​មួយ ហើយ​ជា​រឿយៗ​វា​រួមបញ្ចូល​ការអធិស្ឋាន ។ នៅពេល​សិស្ស​រៀន​ពិចារណា​ក្នុង​អំឡុងពេល​នៃ​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់ខ្លួន​របស់​ពួកគេ នោះ​ព្រះវិញ្ញាណ​នឹង​បើក​សម្ដែង​សេចក្ដីពិត​ដល់​ពួកគេ ហើយ​ជួយ​ពួកគេ​ឲ្យ​ដឹង​អំពីរបៀប​ដែល​ពួកគេ​អាច​ក្លាយ​កាន់តែ​ដូច​ព្រះយេស៊ូវ​គ្រីស្ទ ។

បន្ទាប់​ពី​ធ្វើ​ការបង្រៀន​ដល់​ពួក​សាសន៍​នីហ្វៃ​រួច ព្រះអង្គសង្គ្រោះ​បាន​ប្រាប់​ពួកគេ​ឲ្យ « ពិចារណា​គិត​អំពី​រឿង​ទាំងឡាយ​ដែល​យើង​បាន​និយាយ » ( នីហ្វៃទី៣ ១៧:៣ ) ។ របៀប​មួយ​ដើម្បី​ជួយ​សិស្ស​ទាំងឡាយ​ចូលរួម​ខាង​វិញ្ញាណ​នៅ​ក្នុង​មេរៀន និង​ដើម្បី​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​អនុវត្ត និង​ធ្វើឲ្យ​​ការយល់ដឹង​របស់​ពួកគេ​កាន់តែ​ស៊ីជម្រៅចំពោះ​អ្វី​ដែល​ពួកគេ​កំពុង​រៀន គឺ​ត្រូវ​ផ្តល់​ពេល​វេលា​ឲ្យ​ពួកគេ​សញ្ជឹងគិត​នៅ​ក្នុង​ថ្នាក់​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ នៅ​ពេល​នោះ គ្រូបង្រៀន​គួរ​តែ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​សុំ​ជំនួយ​ពី​ព្រះ​ជាម្ចាស់ ។

សួរ​សំណួរ ។ ការ​រៀន​សួរ​សំណួរ និង​ស្វែងរក​ចម្លើយ​នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ គឺ​ជា​ជំនាញ​ក្នុង​ការសិក្សា​ដ៏​សំខាន់​បំផុត​មួយ​ដែល​សិស្ស​អាច​អភិវឌ្ឍ​បាន ។ តាមរយៈ​ការសួរ​សំណួរ​នានា សិស្ស​អាច​នាំ​ទៅ​រក​ការយល់ដឹង​កាន់​តែ​ប្រសើរ​ឡើង​ចំពោះ​បរិបទ និង​មាតិកា​នៃ​ព្រះគម្ពីរ​ ក៏​ដូច​ជា​ដើម្បី​រកឃើញ ហើយ​យល់ដឹង​អំពី​ភាព​សំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ សិស្ស​អាច​រៀន​សួរ​សំណួរ​ដែល​នឹងដឹក​នាំ​ឲ្យ​ពួកគេទទួល​អារម្មណ៍​អំពី​សេចក្ដី​ពិត និង​សារៈសំខាន់​នៃ​អ្វី​ដែល​ពួកគេ​កំពុង​សិក្សា ហើយ​ដឹង​អំពី​របៀប​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

ឲ្យ​និយមន័យ​នៃពាក្យ ​និង​ឃ្លា​ពិបាកៗ ។ វចនានុក្រម សៀវភៅ​សិក្សា​សម្រាប់​សិស្ស លេខយោង ជំនួយ​ការសិក្សា​ព្រះគម្ពីរ អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ពាក្យ ឬ​ឃ្លា​ពិបាកៗ​បាន ។

ការប្រមើមើល ។ ការប្រមើមើល​កើត​ឡើង​នៅ​ពេលសិស្ស​ស្រមៃឃើញ​រូបភាព​នៅ​ក្នុង​គំនិត​របស់​ពួកគេ​នូវ​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ដំណើររឿង​ព្រះគម្ពីរ ។ ជាឧទាហរណ៍ សិស្ស​អាច​ស្រមៃ​ពី​រូបភាព​របស់​ពេត្រុស​​កំពុង​ដើរ​លើ​ទឹក​ឆ្ពោះ​ទៅរក​ព្រះអង្គសង្គ្រោះ ( សូមមើល ម៉ាថាយ ១៤:២៨–២៩ ) ឬ​សាដ្រាក់ មែសាក់ និង​អ័បេឌ-នេកោ ត្រូវ​បាន​បោះ​ចូល​ក្នុង​គុកភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ( សូមមើល ដានីយ៉ែល ៣:១៩–២៥ ) ។ ការប្រមើមើល​អាច​ជួយ​ធ្វើ​ឲ្យ​ដំណើររឿង​ព្រះគម្ពីរ​កាន់​តែ​មាន​ភាព​រស់​រវើក និង​ពិត​ប្រាកដ​ចំពោះ​សិស្ស ។

ប្រៀបប្រដូច​បទ​ព្រះ​គម្ពីរ​ទាំង​អស់ ។ ដើម្បីប្រៀបប្រដូចបទគម្ពីរ​គឺជា​ការប្រៀបធៀប​វា​ទៅនឹង​ជីវិត​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យសួរ​សំណួរ​ដូចជា « តើ​កាលៈទេសៈ និង​ស្ថានភាព​អ្វីខ្លះ​ក្នុង​ជីវិត​របស់ខ្ញុំ ដូចគ្នា ទៅនឹង​កាលៈទេសៈ និង​ស្ថានភាព​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ ? » ឬ « តើ​ខ្ញុំ ដូចគ្នា ទៅនឹង​តួអង្គ​ដែល​យើង​កំពុងសិក្សា​នៅក្នុង​វគ្គ​បទគម្ពីរ​នេះ​យ៉ាង​ដូចម្តេច ? » នៅ​ពេល​សិស្ស​មើលឃើញ​ពី​ភាព​ដូចគ្នា​រវាង​បទពិសោធន៍​របស់​ពួកគេ​ជាមួយ​នឹង​មនុស្ស​នៅ​ក្នុង​ព្រះគម្ពីរ នោះ​ពួកគេ​អាច​ស្គាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹង​ល្អ​កាន់​តែ​ប្រសើរ​ឡើង ។ ពួក​គេ​ក៏​អាច​មើល​ឃើញ​អំពី​របៀប​ដែល​គោលការណ៍​ទាំង​នេះ​អាច​អនុវត្ត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់​បាន​ផងដែរ ។

សេចក្តី​យោង​ឆ្លង ។ សេចក្តី​យោង​បទគម្ពីរ​ គឺ​ជា​សេចក្ដី​យោង​បន្ថែម​នៃ​ព្រះ​គម្ពីរ​ដែល​អាច​ផ្តល់​នូវ​ព័ត៌មាន​បន្ថែម និង​ការយល់ដឹង​អំពី​វគ្គ​ដែល​កំពុង​ត្រូវ​បាន​សិក្សា ។ សេចក្តីយោងបទគម្ពីរ ឬ « ដំណភ្ជាប់ » គឺ​ជា​ការភ្ជាប់​សេចក្ដី​យោង​នៃ​ព្រះគម្ពីរ​ដែល​ជួយ​សិស្ស​ឲ្យ​យល់​អំពី​វគ្គសិក្សា​នៃ​ព្រះគម្ពីរ ឬ​គោលលទ្ធិ ឬ​គោលការណ៍​មួយ ។ ជំនួយ​សេចក្តីយោងបទគម្ពីរ​អាច​មាន​នៅ​ក្នុង​លេខយោង និង​ជំនួយ​សិក្សា​ផ្សេងទៀត សៀវភៅសិក្សា​របស់​គ្រូបង្រៀន និង​សិស្ស និង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​ទូទៅ ។ គ្រូបង្រៀន និង​សិស្ស​ក៏​អាច​រក​ឃើញ​សេចក្តីយោងបទគម្ពីរដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ការសិក្សា​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​បាន​ផង​ដែរ ។

ការប្រៀបធៀប​ និង​ភាពផ្ទុយគ្នា ។ វគ្គ​បទគម្ពីរ ឬ​គោលលទ្ធិ ឬ​គោលការណ៍​មួយ ជា​ញឹកញាប់​ត្រូវ​បាន​បញ្ជាក់​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រៀបធៀប ឬ​ផ្ទុយគ្នា​ពី​អ្វី​ផ្សេង​ទៀត ។ គ្មានអ្វី​ស្រដៀងគ្នា និងមាន​ភាពខុសគ្នា​រវាង​ការបង្រៀន​មនុស្ស ឬ​ព្រឹត្តិការណ៍​នានា​អាច​ធ្វើឲ្យ​សេចក្តីពិត​នៃ​ដំណឹងល្អ​ទទួល​បាន​ការផ្តោត​អារម្មណ៍​កាន់តែ​ច្បាស់ ។ ជាឧទាហរណ៍ ភាពខុសគ្នា​នៃ​រាជ្ជកាល​របស់​ស្តេច បេនយ៉ាមីន ជាមួយ​នឹង​ស្តេច ណូអេ អនុញ្ញាត​ឲ្យ​សិស្ស​មើល​ឃើញ​យ៉ាង​ច្បាស់​នូវ​ពរជ័យ​របស់​អ្នក​ដឹកនាំ​សុចរិត​ផ្ទុយ​នឹង​លទ្ធផល​បំផ្លិច​បំផ្លាញ​របស់​មនុស្ស​ទុច្ចរិត ។ ការប្រៀបធៀប​ជីវិត ការបង្រៀន និង​ទីបន្ទាល់​ទាំងឡាយ​របស់​យ៉ាកុប និង​អាល់ម៉ា ជាមួយ​នឹង​ទស្សនៈ និង​ជីវិត​របស់​សេរេម និង​កូរីហូរ អាច​ជួយ​សិស្ស​ឲ្យ​ស្គាល់​កាន់​តែ​ងាយ​ស្រួល​ថែម​ទៀត​អំពី​ទស្សនៈ​ខុសឆ្គង​នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ និង​មើល​ឃើញ​អំពី​របៀប​ដើម្បី​ទប់ទល់​នឹង​វា ។ ការប្រៀបធៀប និង​ភាពផ្ទុយគ្នា​នៃ​ការធ្វើ​ដំណើរផ្សេងៗ​ទៅ​ដែនដី​សន្យា ដែល​ធ្វើឡើង​ដោយ​កូនចៅ​នៃ​អ៊ីស្រាអែល លីហៃ និង​ក្រុមគ្រួសារ​របស់គាត់ និង​ពួក​សាសន៍​យ៉ារេឌ អាច​បង្រៀន​គោលការណ៍​ដែល​ជួយ​គ្រូបង្រៀន និង​សិស្ស​ក្នុងដំណើរ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​ជីវិត​នេះ ។

បង្កើត​បញ្ជី ។ បញ្ជី​ជា​បណ្តុំ​មួយ​ដែល​មានគំនិត​យោបល់ ឬ​ការណែនាំ​ដែល​ទាក់ទង ។ ការស្វែងរក​បញ្ជី​នៅ​ក្នុង​ព្រះគម្ពីរ​អាច​ជួយ​គ្រូ​បង្រៀន និង​សិស្ស​រកឃើញ​ចំណុច​សំខាន់ៗ​ដែល​អ្នក​និពន្ធ​កំពុង​សង្កត់ធ្ងន់ ។ ជាឧទាហរណ៏ ក្រិត្យ​វិន័យ​ទាំងដប់​ប្រការ គឺជា​បញ្ជី​មួយ ( សូមមើល និក្ខមនំ ២០ ) ។ បទ​ប្រទានពរ​អាច​ចាត់ទុកថា​ជា​បញ្ជី​មួយ ​( សូមមើល ម៉ាថាយ ៥:៣-១២; នីហ្វៃទី៣ ១២:៣-១១ ) ។ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤ មាន​បញ្ជី​នៃ​គុណ​សម្បត្តិ​របស់​អ្នក​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ព្រះ​អម្ចាស់ ។

សូម​រក​មើល​ការតភ្ជាប់ លំនាំ និង​ប្រធានបទ​នានា ។ សិស្ស​អាច​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្វែង​រក​ទំនាក់ទំនង លំនាំ និង​ប្រធាន​បទ​នានា​នៅ​ពេល​ពួកគេ​សិក្សា​ព្រះគម្ពីរ ។ អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍​ថា « ការ​ស្វែង​រក នៅក្នុង​វិវរណៈ​សម្រាប់​ទំនាក់ទំនង លំនាំ និង​ប្រធានបទ​នានា​គឺ​វា​បង្កើត​ឲ្យ​មាន​និង​បន្ថែម​ពី​លើ​ចំណេះ​ដឹង​ខាង​វិញ្ញាណ​របស់​យើង … វា​ពង្រីក​ទស្សនៈ និង​ការយល់ដឹង​របស់​យើង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ » ( A Reservoir of Living Water » [ ការប្រជុំ​ពិសេស ស៊ី.អ៊ី.អេស សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៧ ] ទំព័រ ២ ) ។

គ្រូបង្រៀន និង​សិស្ស​ទាំងឡាយ​ជាទូទៅ​នឹង​ប្រើ​ជំនាញ និង​វិធីសាស្ត្រ​ទាំងនេះ​មួយ​ចំនួន​នៅ​ក្នុង​ថ្នាក់​រៀន​អំឡុងពេល​មួយ​ឆ្នាំ ។ ពេល​ពួកគេ​ធ្វើ​ដូច្នេះ ជួនកាល​គ្រូបង្រៀន​អាចផ្អាក និង​ពិភាក្សាគ្នា​រយៈពេល​ខ្លី​ជាមួយ​សិស្ស​របស់​ពួកគេ​អំពី​វិធីសាស្ត្រ ឬ​ជំនាញ​ដែល​ពួកគេ​ប្រើ និង​លើកទឹកចិត្ត​សិស្ស​ឲ្យ​ប្រើវា​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​ពួកគេ ។

អាន​អត្ថបទ​សម្រាប់​វគ្គសិក្សា

គម្ពីរ​បមាណី​ទាំងអស់​មាន​—ព្រះគម្ពីរ​សញ្ញា​ចាស់ និង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគម្ពីរ​មរមន គោលលទ្ធិ និង​សេចក្តី​សញ្ញា និង​មុក្ដា​ដ៏​មាន​តម្លៃ​មហិមា—ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​សរសេរ​ដែល​មាន​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ។ គម្ពីរ​ទាំងអស់​នោះ​បង្ហាញ​នូវ​កិច្ចការ​របស់​ព្រះ​ជាមួយ​មនុស្ស និង​បង្រៀន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ គម្ពីរ​ទាំងអស់​នោះ​មាន​នូវ​ភាពសំខាន់​ផ្សេងៗគ្នា និង​ជា​សមូហភាព​ព្រះគម្ពីរ​ទាំងនេះ ផ្តល់​នូវ​ការយល់ដឹង​ដ៏​អស្ចារ្យ​អំពី​ដំណឹងល្អ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដែល​បាន​រៀបចំ​ដោយ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​របស់​យើង ។

សិស្ស និង​គ្រូបង្រៀន​គួរ​តែ​អាន និង​សិក្សា​ព្រះគម្ពីរ​ទាំងមូល​ដែល​ត្រូវ​គ្នា​ជាមួយ​នឹង​វគ្គ​សិក្សា​នីមួយៗ ( ជាមួយ​នឹង​ចំណែក​ដែល​បាន​ជ្រើសរើស​ដោយ​ឡែក​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់​ដូច​ដែល​កត់​ចំណាំ​នៅ​ក្នុង​កម្មវិធី ) ។

ស្វែងយល់​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បទគម្ពីរ និង​ប្រសាសន៍​របស់​ព្យាការី

ការយល់ដឹង​អំពី​បរិបទ និង​មាតិកា​នៃ​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី រៀបចំ​គ្រូបង្រៀន​និង​សិស្ស​ដើម្បី​ទទួល​ស្គាល់សារ​របស់​អ្នកនិពន្ធ​ដ៏​បំផុសគំនិត ។ បរិបទ និង​មាតិកា​បញ្ជាក់ និង​បង្ហាញ​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​បាន​កត់ត្រា​នៅ​ក្នុង​បទពិសោធន៍ និង​ការបង្រៀន​របស់​អ្នក​ដទៃ ។ ថ្វីត្បិត​តែ​អ្វីជា​ច្រើន​ដែល​និយាយ​អំពី​ការយល់ដឹង​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​ព្រះគម្ពីរ​ជាពិសេស​ក៏ដោយ ក៏​គោលការណ៍ និង​គំនិត​ដូចគ្នា​ភាគច្រើន​អាច​ត្រូវបាន​អនុវត្ត​ចំពោះ​ការសិក្សា​អំពី​ពាក្យ និង​សារលិខិត​របស់​ពួកព្យាការី​ថ្ងៃចុងក្រោយ​បានដែរ ។

បរិបទ

បរិបទ​គឺជា ( ១ ) វគ្គ​នៃ​បទគម្ពីរ​ដែល​មាន​មុន ឬ​ពីក្រោយ​ខគម្ពីរ ឬ​ចង្កោម​នៃ​ខគម្ពីរ ឬ ( ២ ) កាលៈទេសៈ​ដែល​កើតមាន ឬ​ផ្ដល់​សាវតា​សម្រាប់​វគ្គ​បទគម្ពីរ ព្រឹត្តិការណ៍ ឬ​ដំណើររឿង​ជាក់លាក់​ណា​មួយ ។

បរិបទ​គឺ​ជា​របៀប​មួយ​ដើម្បី​យល់ដឹង​នូវ​ខ្លឹមសារ​នៃ​ព្រះគម្ពីរ​ទាំងឡាយ ។ វា​ផ្តល់​នូវ​ប្រវត្តិ​ព័ត៌មាន​ដែល​បញ្ជាក់ និង​នាំមក​នូវ​ការយល់ដឹង​ស៊ីជម្រៅ​ដល់​ដំណើររឿង ការបង្រៀន គោលលទ្ធិ និង​គោលការណ៍​នៅក្នុង​អត្ថបទ​ព្រះគម្ពីរ ។ អ្នក​និពន្ធ​បទគម្ពីរ​នីមួយៗ​បាន​សរសេរ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ប៉ុន្តែ​ការសរសេរ​ទាំង​នោះ​ត្រូវ​បាន​តាក់តែងឡើង​នៅក្នុង​រូបភាព និង​វប្បធម៌​របស់​អ្នក​និពន្ធ ។ ដើម្បី​យល់​នូវ​ការសរសេរ​របស់​ពួកលោក គ្រូបង្រៀន និង​សិស្ស​ទាំងឡាយ​គួរ​តែ « បោះ​ជំហាន​ចូល​ទៅ​ក្នុង​ពិភព​របស់​ពួកលោក » ខាង​វិញ្ញាណ​ឲ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ដើម្បី​មើលឃើញ​ការណ៍​ទាំងឡាយ​ដូច​ដែរ​អ្នក​សរសេរ​បាន​ឃើញ ។ ខាងក្រោម​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ប្រភេទ​បរិបទ​ផ្សេង​គ្នា ។

មជ្ឈដ្ឋាន​ប្រវត្តិ​សាស្ត្រ ដោយ​ទទួល​ស្គាល់​ថា យ៉ូសែប ស្ម៊ីធ ស្ថិត​នៅ​ក្នុង​គុក​លិបើធី​ក្នុង​អំឡុង​ពេល​ទទួល និង​សរសេរ កណ្ឌ​ទី ១២១, ១២២និង ១២៣ នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ដែល​ផ្ដល់​នូវ​ការយល់​ដឹង​ជ្រាលជ្រៅ និង​អំណាច​បន្ថែម​ទៅ​លើ​គោលលទ្ធិ និង​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​កណ្ឌ​ទាំង​នោះ​ពាក់ព័ន្ធ​ទៅនឹង​រឿងរ៉ាវ​ផ្សេងៗ​ដូច​ជា​ទុក្ខ​លំបាក និង​ការប្រើ​អំណាច និង​សិទ្ធិ​អំណាច ។

ការកំណត់​វប្បធម៌ ។ ការដឹង​អំពី​ប្រវត្តិ​នៃ​ថ្ងៃ​តមអាហារ និង​ថ្ងៃ​ឈប់​សម្រាក​របស់​អ៊ីស្រាអែល​ពី​បុរាណ​អាច​បញ្ជាក់​អំពី​របៀប​ដែល​ពួកគេ​ជាប់ទាក់ទង​ជានិមិត្ត​សញ្ញា​ទៅ​នឹង​ព្រះអង្គសង្គ្រោះ និង​បេសកកម្ម​របស់​ទ្រង់ ។ ដោយ​ដឹង​ពី​ដើម​កំណើត​របស់​ពួកសាសន៍​សាម៉ារី និង​របៀប​ដែល​ជនជាតិ​យូដា​ មាន​អារម្មណ៍​អំពី​ពួកគេ​នៅ​ជំនាន់​ព្រះ​គ្រីស្ទ បំភ្លឺ​អំពី​រឿង​ប្រៀបប្រដូច​របស់​សាសន៍​សាម៉ារី​ចិត្តល្អ និង​បញ្ជាក់​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​អំពី​ការ​ជួប​របស់​ព្រះអង្គ​សង្គ្រោះ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ឯ​អណ្តូង​ក្នុង​ទី​ក្រុង​ សាម៉ារី ។

សំណួរ ឬ​ស្ថានភាព​ដែល​ជំរុញ​ឲ្យ​មាន​រឿង​ប្រៀបប្រដូច ព្រឹត្តិការណ៍ គោលលទ្ធិ ឬ​គោលការណ៍ ។ ការយល់​ដឹងពី គោលលទ្ធិ និង​ សេចក្តី​សញ្ញា ៩ បាន​កើត​ឡើង​ជា​ការឆ្លើយ​តប​ទៅ​នឹង​ការអសម្ថភាព​ក្នុងការ​បកប្រែ​របស់ អូលីវើរ ខៅឌើរី បាន​បញ្ជាក់​អំពី​គោលការណ៍​ពាក់ព័ន្ធ​ទៅនឹង​វិវរណៈ​ដែល​បាន​បង្រៀន​នៅក្នុង​កណ្ឌ​នោះ ។

តើ​នរណា​និយាយ​ជាមួយ​នរណា ហើយ​ហេតុអ្វី ។ ការបង្រៀន​របស់​អាលម៉ា​​ស្តី​អំពី ដង្វាយធួន ការរស់​ឡើង​វិញ សេចក្តី​ជំនុំជម្រះ សេចក្តី​មេត្តា​ករុណា និង​សេចក្តី​យុត្តិធម៌ មាន​អត្ថន័យ​កាន់​តែ​ជ្រាលជ្រៅ នៅ​ពេល​យើង​ដឹង​ថា​បរិបទ​នៃ​ការបង្រៀន​ទាំងអស់​នោះ​គឺ​ជាការជួប​ជាមួយ​កូន​ប្រុស​របស់​គាត់ កូរីអានតុន ដែល​មាន​ការព្រួយ​បារម្ភ​អំពី​ផលវិបាក​នៃ​អំពើ​បាបដ៏​ធ្ងន់ធ្ងរ​ដែល​គាត់​បាន​ប្រព្រឹត្ត ។

ការកំណត់​ភូមិសាស្ត្រ ។ ការដឹង​អំពី​ភូមិ​សាស្ត្រ​របស់ កាណាន ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​យើង​កាន់​តែ​ស៊ី​ជម្រៅ​អំពី​កន្លែង​ដែល​ឡុត និង​អ័ប្រាហាំ បាន​តាំង​លំនៅ ពីរបៀប​ដែល​វា​មាន​ឥទ្ធិពល​លើ​ជម្រើស​ដែល​ពួកគេ​បាន​ធ្វើ និង​របៀប​ដែល​ជម្រើស​ទាំង​នេះ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ ។

ព្រះគម្ពីរ​ទាំងឡាយ ជា​ជំនួយ​ការសិក្សា​ដែល​បាន​ផ្ដល់​ឲ្យ​នៅក្នុង​ព្រះគម្ពីរ ហើយ​ជា​ទូទៅ​កម្មវិធី​សិក្សា​មាន​ព័ត៌មាន​បរិបទ​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​គ្រូបង្រៀន និង​សិស្ស​ក្នុង​ការយល់​ដឹង​អំពី​ខ្លឹមសារ​ព្រះគម្ពីរ ។

ខ្លឹមសារ

ខ្លឹមសារ​គឺជា​ដំណើរ​រឿង មនុស្ស ព្រឹត្តិការណ៍ ​ទេសនកថា និង​ការពន្យល់​អំពីការ​បំផុសគំនិត​ដែល​បង្កើត​អត្ថបទ​គម្ពីរ ។ ខ្លឹមសារ​នៃព្រះ​គម្ពីរ​បាន​ផ្ដល់នូវ​ជីវិត និង​ភាពពាក់ព័ន្ធ​ចំពោះ​គោលលទ្ធិ និង​គោលការណ៍​ដែលបាន​រកឃើញ​នៅក្នុង​បណ្តុំបទគម្ពីរ ។ ជាឧទាហរណ៍ ដំណើររឿង​របស់​នីហ្វៃ​ក្នុង​ការទៅយក​ផ្ទាំង​លង្ហិន បង្រៀន​យើង​នូវ​គោលលទ្ធិ​ដែលថា សេចក្តី​ជំនឿ​ទៅលើ​ព្រះអម្ចាស់ និង​ការស្តាប់តាម​ព្រះវិញ្ញាណ​អាច​ជួយ​បុគ្គល​ម្នាក់ៗ​ឲ្យ​យកឈ្នះ​លើអ្វី​ដែល​ហាក់ដូចជា​បញ្ហា​ប្រឈម​ដែលមិន​អាច​ទប់ស្តាត់​បាន ។ ការយល់​ដឹង​អំពី​ព្រឹត្តិការណ៍​នៃ​ការជម្លៀសខ្លួន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការទុកចិត្ត​លើ​ព្រះអម្ចាស់ និង​ការធ្វើ​តាម​ព្យាការី​អាច​ដឹកនាំ​មនុស្ស និង​ប្រជាជាតិ​ឲ្យ​ទទួល​បាន​នូវ​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់ ប៉ុន្តែ ពរជ័យ​នោះ​ត្រូវ​បាន​លាក់​ទុក​នៅ​ពេល​ដែល​ប្រជាជន​ត្អូញត្អែរ និង​មិនស្តាប់​បង្គាប់ ។

ការមក​ស្គាល់​ពី​មនុស្ស​ដែល​បាន​ពណ៌នា​នៅ​ក្នុង​ព្រះគម្ពីរ​អាច​បំផុស​គំនិត និង​លើកទឹកចិត្ត​សិស្ស​ទាំងឡាយ​ចំពោះ​ការប្រឈមមុខ​នឹង​ឧបសគ្គ​នានា​ដែល​ពួកគេ​ជួបប្រទះ និង​ដើម្បី​រស់នៅ​ដោយ​សេចក្តី​ជំនឿ ។ ដូច​ដែល​អែលឌើរ រីឆាត ជី ស្កត បាន​សន្យា​អំពី​ព្រះគម្ពីរ​មរមន ៖

« ពី​គម្រប​មុខ​ទៅដល់​ចប់​អ្នក​នឹង​រកឃើញ​ទំនាក់ទំនង និង​គំរូ​នៃភាពស័ក្តិសម​របស់​នីហ្វៃ យ៉ាកុប អេណុស បេនយ៉ាមីន អាលម៉ា អាំម៉ូន ហេលេមិន មរមន មរ៉ូណៃ និង​បុគ្គល​ជាច្រើន​រូប​​ទៀត​ផងដែរ ។ ពួកគេ​នឹងបង្កើន​សេចក្តី​ក្លាហាន​ឡើង​វិញ ហើយ​គូស​ចំណាំ​ផ្លូវ​ទៅ​កាន់​សេចក្ដី​ជំនឿ និង​ការគោរព​ប្រតិបត្តិ ។ …

« អ្វីដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គឺពួកលោក​ទាំងអស់​គ្នា ​ដោយ​គ្មាន​ករណី​លើកលែង​ណា​មួយ​ទេ ពួកលោកនឹង​លើក​តម្កើង​ការយល់ដឹង​របស់​បងប្អូនឆ្ពោះ​ទៅ​រក​មិត្ត​ដ៏​ល្អ​ឥតខ្ចោះ​របស់យើង—គឺ​ព្រះអង្គសង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ » ( « True Friends That Lift » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ទំព័រ ៧៧ ) ។

ទេសនកថា​ដែល​ត្រូវ​បាន​រក្សា​ទុក​ដោយ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​គម្ពីរ​បរិសុទ្ធ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ទៀត​នៃ​មាតិកា ។ សម្រាប់​សិស្ស​ម្នាក់​ដែល​កំពុង​ពុះពារជាមួយ​នឹង​អំពើ​បាប ទេសនកថា​របស់​ប៉ុល ឬ​អាល់ម៉ា​ជាកូន​អាចជា​ប្រភព​នៃ​សេចក្តី​សង្ឃឹម និង​ការលើកទឹកចិត្ត ។ ការថ្លែង​ជា​លើក​ចុងក្រោយ​របស់​ស្តេច​បេនយ៉ាមីន ទៅ​ដល់​ប្រជាជន​របស់​ទ្រង់​បង្រៀន​យ៉ាង​អស្ចារ្យ​អំពី​អំណាច និង​ភាពសំខាន់​របស់​ព្រះអង្គសង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ និង​បញ្ជាក់​អំពី​អត្ថន័យ​នៃ​ការបម្រើ ពរជ័យ​នៃ​ការគោរព​ប្រតិបត្តិ និង​ភាពសំខាន់​នៃ​ការឈោង​ទៅជួយ​ដល់​អស់​អ្នក​ដែល​ខ្វះខាត ។ សិស្ស​ម្នាក់​ដែល​កំពុង​ព្យាយាម​ធ្វើ​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​អាច​ទទួល​បាន​ការយល់​ដឹង​តាមរយៈ​ការសិក្សា និង​ការស្វែងរក​ការអនុវត្ត​ព្រះបន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​នៅ​ក្នុង​ទេសនកថា​នៅ​លើ​ភ្នំ ។

ផ្នែក​នៃ​ការយល់ដឹង​អំពី​ខ្លឹមសារ គឺ​ជា​ការរៀនសូត្រ​ពី​អត្ថន័យ​នៃ​ពាក្យ និង​ឃ្លា​ពិបាកៗ ក៏​ដូច​ជា​ការបកប្រែ​នៃ​រឿង​ប្រៀបប្រដូច និមិត្តសញ្ញា ។ល ។ ជាឧទាហណ៍ ការដឹង​អំពី​អត្ថន័យ​នៃ​ពាក្យ​ដូចជា រសជាតិម៉ាថាយ ៥:១៣ ) ឬ នៅ​ជាប់​នឹង​គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១១:១៩; ៤៥:៤៨ ) និង​ឃ្លា​ដូចជា « ចូរ​កក្រវាត់​ចង្កេះ » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ៧៥:២២ ) និង « ​កាបូប ឬ​យាម » ( សូមមើល លូកា ១០:៤ ) ជួយ​បញ្ជាក់​អំពី​អត្ថបទ​នៃ​ព្រះគម្ពីរ ។ គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​រឿង​ប្រៀបប្រដូច​របស់​ព្រះអង្គសង្រ្គោះ​បាន​ធ្វើឲ្យ​កាន់តែ​ងាយយល់ នៅ​ពេល​ដែល​អត្ថន័យ​និមិត្ត​សញ្ញា​នៃ​ដំណើររឿង​ដូច​ជា​កែវមុក្តា​ដ៏មាន​តម្លៃ​អស្ចារ្យ បានស្រាយបំភ្លឺ ( សូមមើល ម៉ាថាយ ១៣:៤៥-៤៦ ) ស្រូវ​សាលី និង​ស្រងែ ( សូមមើល ម៉ាថាយ ១៣:២៤-៣០ ) ហើយ​ចៀម​ដែល​បាត់ (សូមមើល លូកា ១៥:២៤–៣០ ) ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ​ជាមួយ​ហ្វូង​ចៀម

ជាមួយ​នឹង​ព័ត៌មាន​ទាំងអស់​ដែល​អាច​រៀន និង​បង្រៀន​បាន នោះ​គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ប្រើ​ប្រាជ្ញា​នៅ​ក្នុង​ការសម្រេច​ចិត្ត​ចំពោះ​របៀប​ចំណាយ​ពេល​ពិតប្រាកដ​ច្រើនប៉ុន្មាន​ចំពោះ​បរិបទ និង​មាតិកា និង​តើ​ត្រូវ​ចំណាយ​ពេល​ច្រើន​ប៉ុន្មានក្នុង​ការសិក្សា​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ គ្រូបង្រៀន​គួរផ្តល់​នូវ​បរិបទ និង​ខ្លឹមសារគ្រប់គ្រាន់​ដើម្បី​ជួយ​សិស្សឲ្យ​យល់អំពី​សេចក្ដីពិត​ដ៏អស់កល្ប​ជានិច្ច ដែលមាន​នៅក្នុង​អត្ថបទ​នៃ​ព្រះគម្ពីរ ប៉ុន្តែ​មិន​ត្រូវ​ផ្តោត​ខ្លាំង​ហួស​ពីប្រវត្ដិសាស្ដ្រ និង​ព័ត៌មានលម្អិត​ដល់​កម្រិត​មួយ​ដែល​ការណ៍​នេះ​ក្លាយ​ទៅ​ជា​ផ្នែក​នៃ​ការសិក្សា​ដ៏​សំខាន់​នៃ​មេរៀន​ទៅវិញ​នោះទេ ។

ទទួល​ស្គាល់ យល់ដឹង ទទួល​អារម្មណ៍​នូវ​សេចក្ដីពិត និង​សារៈសំខាន់​នៃ​គោលលិទ្ធ និង​គោលការណ៍នៃ​ដំណឹងល្អ និង​អនុវត្ត​គោលលិទ្ធ និង​គោលការណ៍នៃ​ដំណឹងល្អ ។

ការស្វែងយល់ និង​ការយល់ដឹង​ពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ជួយ​គ្រូបង្រៀន និង​សិស្ស​អនុវត្ត​ព្រះគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ហើយ​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​ការសម្រេចចិត្ត ។ ការទទួល​អារម្មណ៍​​ពី​សេចក្តីពិត​ដ៏​ពេញលេញ សារៈសំខាន់ និង​ភាពបន្ទាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ជាញឹកញាប់​ដឹកនាំ​ទៅ​រក​ការតាំងចិត្ត​កាន់តែ​ខ្លាំង​ឡើង ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​បាន​រៀន ។ ការអនុវត្ត​គោលការណ៍​ដំណឹងល្អ​នាំ​មក​នូវ​ពរជ័យ​ដែល​បាន​សន្យា ការយល់​ដឹង និង​ការប្រែចិត្តជឿ​កាន់​តែ​ស៊ី​ជម្រៅ និង​ជួយ​គ្រូបង្រៀន និង​សិស្ស​ឲ្យ​ក្លាយ​ដូចជា​ព្រះអង្គសង្រ្គោះ ។

គោលលទ្ធិ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​មួយ ជា​សេចក្តី​ពិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​គ្មាន​ការប្រែប្រួល ។ សេចក្ដី​ពិត​ដូចជា ព្រះវរបិតាសួគ៌​មាន​ព្រះកាយ​នៃ​សាច់ និង​ឆ្អឹង ពិធីបុណ្យ​ជ្រមុជទឹក​គឺ​ចាំបាច់​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​នៃ​ព្រះ ហើយ មនុស្ស​ទាំង​អស់​នឹង​ត្រូវ​រស់​ឡើង​វិញ គឺ​ជា​ឧទាហរណ៍ទាំងឡាយ​នៃ​គោលលទ្ធិ ។

គោលការណ៍​គឺ​ជា​សេចក្តី​ពិត​ដែល​ស្ថិតស្ថេរ​មួយ ឬ​ជា​ច្បាប់​ដែល​បុគ្គល​ទាំងឡាយ​អាច​ទទួល​យក ដើម្បី​ដឹកនាំ​ពួកគេ​នៅ​ក្នុង​ការ​​សម្រេច​ចិត្ត ។ គោលការណ៍​នៃ​ដំណឹងល្អ​គឺ​សកល ហើយ​ជួយ​មនុស្ស​ឲ្យ​អនុវត្ត​គោលលទ្ធិ​នៃ​ដំណឹងល្អ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ អែលឌើរ រីឆាត ជី ស្កត បាន​បង្រៀន​ថា « គោលការណ៍​គឺ​ផ្តោត​ទៅ​លើ​សេចក្ដី​ពិត ដែល​ប្រមូលផ្តុំ​ដោយ​ការអនុវត្ត​ទាំងឡាយ » ( « Acquiring Spiritual Knowledge » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ទំព័រ ៨៦ ) ។ នេះ​មាន​ន័យ​ថា​គោលការណ៍នៃ​ដំណឹងល្អ​ជា​ធម្មតា​ផ្ដល់​យោបល់​អំពី​សកម្មភាព ​ក៏​ដូចជា​ផល​វិបាក​ដែល​កើត​ឡើង​តាម​ក្រោយ​ផងដែរ ។ ជាឧទាហរណ៍ ៖ ការអធិស្ឋាន​តែងតែ​អាច​ជួយ​យើង​ឲ្យ​យក​ឈ្នះ​សេចក្តីល្បួង ( សូមមើល គោលលទ្ធិ និង​ សេចក្តី​សញ្ញា ១០:៥ ) ហើយ​ប្រសិនបើ​យើង​ធ្វើតាម​ការបំផុសគំនិត​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ទ្រង់​នឹងជួយ​យើងឲ្យ​សម្រេច​នូវ​អ្វី​ដែល​ព្រះជាម្ចាស់​បាន​បញ្ជា ( សូមមើល នីហ្វៃទី១ ៤ ) ។

ពេល​ខ្លះ​ភាពខុសគ្នា​រវាង​គោលលទ្ធិ និង​គោលការណ៍​មួយ​អាច​ពិបាក​យល់ ។ អែលឌើរ ហិនរី ប៊ី អាវរិង បាន​ចែកចាយ​ដូច​ខាង​ក្រោម​ថា ៖ « ទោះជា​យ៉ាងណា ខ្ញុំ​នឹង​មិន​ចំណាយ​ពេល​ច្រើន​ក្នុង​ការព្យាយាម​ដើម្បី​យល់​រវាង​គោលការណ៍ និង​គោលលទ្ធិ​ឡើយ ។ ខ្ញុំ​ធ្លាប់​បានឮ​ការសន្ទនា​បែបនោះ​ដែល​មិនសូវ​ជាមាន​ប្រយោជន៍​ខ្លាំង​នោះទេ » ( « ​គោលការណ៍​ណែនាំ និង​ធនធាន ៖ ការពិភាក្សា​របស់​អែលឌើរ រីឆាត ជី ស្កត និង​ អែលឌើរ​ ហិនរី ប៊ី អាវរិង » [ ខែ សីហា ឆ្នាំ ២០០៣ ការផ្សព្វផ្សាយ​ការបណ្តុះបណ្តាល ស៊ី. អ៊ី. អេស.តាមរយៈផ្កាយ​រណប ] ទំព័រ ១០ ) ។

ការកំណត់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​សំខាន់ៗ​នៃ​ព្រះគម្ពីរ គឺ​ដើម្បី​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ ប្រធាន ម៉ារ៉ុន ជី រ៉មនី បាន​ពន្យល់​ថា ៖ « មនុស្ស​ម្នាក់​មិន​អាច​សិក្សា​ដោយ​ស្មោះ​ត្រង់​នូវ​ព្រះគម្ពីរ​ដោយ​មិន​បាន​រៀន​គោលការណ៍​នៃដំណឹងល្អ​បាន​ទេ ព្រោះ​ព្រះ​គម្ពីរ​ត្រូវ​បាន​សរសេរឡើង​ដើម្បី​រក្សា​គោលការណ៍​ទុកជា​ប្រយោជន៍​ដល់​យើងនោះ​ឯង » ( « The Message of the Old Testament » [ សន្និសីទ​ ស៊ី. អ៊ី. អេស. អំពី​ព្រះគម្ពីរ​សញ្ញា​ចាស់ ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ១៩៧៩ ] ទំព័រ ៣ ) ។ អែលឌើរ ប៊យ​ ខេ​ ផាកកឺ​ បាន​បង្រៀន​ថា « [ គោលការណ៍ ] ត្រូវ​បាន​រកឃើញ​នៅ​ក្នុង​ព្រះគម្ពីរ ។ គោលការណ៍​ទាំងនោះ​គឺជា​ខ្លឹមសារ និង ជាគោលបំណង​សម្រាប់​វិវរណៈ » ( « Principles » Ensign ខែ មីនា ឆ្នាំ ១៩៨៥ ទំព័រ ៨ ) ។ នៅ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នេះ ព្រះអម្ចាស់​បាន​បញ្ជា​ដល់​គ្រូបង្រៀន និង​ថ្នាក់​ដឹកនាំ​ក្នុង​សាសនាចក្រ​របស់​ទ្រង់​ឲ្យ​បង្រៀន​គោលការណ៍​នៃ​ដំណឹងល្អ ដូច​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ ៖ « ហើយ​ជា​ថ្មី​ទៀត ពួក​អែលឌើរ ពួក​សង្ឃ និង​ពួក​គ្រូ​ក្នុង​សាសនាចក្រ​នេះ ត្រូវ​បង្រៀន​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​របស់​យើង ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ីប និង​ព្រះ​គម្ពីរ​មរមន គឺជា​ភាពពេញលេញ​នៃ​ដំណឹង​ល្អ » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:១២ ) ។

ការរៀន​ស្គាល់​ដើម្បី​កំណត់​គោលលិទ្ធ និង​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ តម្រូវ​ឲ្យ​មាន​កិច្ចខិតខំ​និង​ការអនុវត្ត ។ ការនិយាយ​អំពី​កិច្ចខិតខំ​នេះ​អែលឌើរ រីឆាដ ជី ស្កត បាន​មាន​ប្រសាសន៍​ថា ៖ « ការស្រាវជ្រាវ​រក​គោលការណ៍​ទាំងឡាយ ។ សូម​បំបែក​គោលការណ៍​ដោយ​ប្រុងប្រយ័ត្ន​ចេញពី​ព័ត៌មាន​លម្អិត​ដែល​បានប្រើំ ដើម្បី​ពន្យល់​គោលការណ៍​ទាំងនោះ » ( « Acquiring Spiritual Knowledge » ទំព័រ ៨៦ ) ។

មាន​ពេល​ខ្លះ​នៅ​ក្នុង​ថ្នាក់ គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នឹង​អាច​ពន្យល់​ដោយ​គ្រូបង្រៀន ។ នៅ​ពេល​ផ្សេង​ទៀត គ្រូបង្រៀន​នឹង​ដឹកនាំ លើកទឹកចិត្ត និង​អនុញ្ញាត​សិស្ស​ឲ្យ​រក​វា​ដោយ​ខ្លួន​ឯង ។ គ្រូបង្រៀន​គួរ​តែ​ឧស្សាហ៍​ជួយ​ដល់​សិស្ស​​ឲ្យ​ទទួល​បាន​សមត្ថភាព​ដើម្បី​ស្គាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដោយ​ខ្លួនឯង ។

គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​មួយ​ចំនួន​គឺ​ស្រួល​កត់សម្គាល់ ដោយសារ​វា​ត្រូវ​បាន​ថ្លែង​ប្រាប់​ច្រើន​ដង ។ គោលការណ៍​ដែល​បាន​ថ្លែង ជាញឹកញាប់​ដែល​បាន​បង្ហាញ​ដោយ​ឃ្លា​ដូចជា « ហេតុ​ដូច​នេះ​ហើយ » « ហេតុ​ដូច្នោះ​ហើយ » « ហេតុនោះ​ហើយ » ឬ « ត្បិត​មើល​ចុះ » បង្ហាញ​ថា​អ្នកសរសេរ​បទគម្ពីរ​ប្រហែល​ជា​ធ្វើ​ការសង្ខេប​សារលិខិត​របស់​គាត់ ឬ​ធ្វើការ​សន្និដ្ឋាន ។

ឧទាហរណ៍ ហេលេមិន ៣:២៧ សរសេរ​ថា​« ម្ល៉ោះ​ហើយ​យើង​អាច​ឃើញ ថា​ព្រះអម្ចាស់​ទ្រង់​ប្រកប​ដោយ​សេចក្តី​មេត្តាករុណា​ដល់​អស់​អ្នក​ណា​ដែល​អំពាវនាវ​ដល់​ព្រះនាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់​ដោយ​ចិត្ត​ស្មោះ​សរ » ។

អាលម៉ា ១២:១០ ថ្លែងថា « ហេតុ​ដូច្នេះ​ហើយ នរណា​ដែល​ធ្វើ​ចិត្ត​រឹងរូស អ្នក​នោះ​ហើយ​ដែល​នឹង​ទទួល​ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគតិច​ប៉ុណ្ណោះ ឯ​នរណា​ដែល​ពុំ​ធ្វើ​ចិត្ត​រឹងរូស​ទេ អ្នក​នោះ​ហើយ​ដែល​នឹង​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះ​អង្គ​មួយ​ភាគ​ច្រើន​ជាង រហូត​ដល់​អ្នក​នោះ​អាច​ដឹង​នូវ​សេចក្ដី​អាថ៌កំបាំង​ទាំង​ឡាយ​នៃ​ព្រះ រហូត​ដល់​អ្នក​នោះ​ដឹង​គ្រប់​សេចក្ដី » ។

អេភេសូរ ៦:១៣ បង្រៀនថា « ហេតុ​នោះ បានជា​ត្រូវ​ឲ្យ​យក​គ្រប់​គ្រឿងសឹក​របស់​ព្រះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​អាច​នឹង​ទប់ទល់​ក្នុង​ថ្ងៃ​អាក្រក់​បាន​រួច​កាលណា​បាន​តតាំង​សព្វគ្រប់​ហើយនោះ​ឲ្យ​បាន​នៅ​តែ​ឈរ​មាំមួន​ដដែល » ។

អាលម៉ា ៤១:១០ ដាក់បញ្ចូលថា មើល​ចុះឪពុក​ប្រាប់​កូន​ថា សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ។

គោលការណ៍​ជា​ច្រើន​មិន​ត្រូវ​បាន​បញ្ជាក់​ដោយ​ផ្ទាល់​ដោយ​អ្នក​និពន្ធ​ព្រះគម្ពីរ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​បង្កប់ន័យ​ជំនួស​វិញ ។ គោលការណ៍​ដែល​បាន​បង្កប់ន័យ អាច​ចេញមក​ពី​សៀវភៅបទគម្ពីរទាំងមូល ជំពូក​មួយ ឬ​ខគម្ពីរ​មួយ ហើយ​អាច​ដាក់​ក្នុង​ដំណើរ​រឿង ព្រឹត្តិការណ៍ ឬ​រឿង​ប្រៀបប្រដូចនានា ។ ការកំណត់​គោលការណ៍​ដែល​​បង្កប់ន័យ រួម​មាន​ការទទួល​ស្គាល់​សេចក្ដី​ពិត​ដែលចង្អុល​បង្ហាញ​នៅ​ក្នុង​ដំណើររឿង​នៃ​ព្រះគម្ពីរ និង​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ និង​សង្ខេប​ពី​គោលការណ៍​ទាំង​នោះ ។ ជា​រឿយៗ ការណ៍នេះ​ត្រូវការ​ពេល​វេលា និង​ការគិត​ដោយ​ប្រុងប្រយ័ត្ន ។ អែលឌើរ រីឆាត ជី ស្កត បាន​បង្រៀន​ថា « វា​មាន​តម្លៃ​យ៉ាង​ខ្លាំង​ក្នុង​ការរៀបចំ​សេចក្តី​ពិត​ដែល​យើង​ប្រមូលផ្តុំគ្នា ដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​សាមញ្ញ​នៃ​គោល​ការណ៍​នោះ » ( « Acquiring Spiritual Knowledge » ទំព័រ ៨៦ ) ។

គោលការណ៍​ដែល​បង្កប់ន័យ​ជាញឹកញាប់​អាច​រកឃើញ​ដោយ​ការស្វែងរក​ពី​មូលហេតុ និង​ផលវិបាក​នៃ​ទំនាក់ទំនង​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ ។ ដោយ​ការវិភាគ​លើ​សកម្មភាព អាកប្បកិរយា​របស់​មនុស្ស​ម្នាក់ៗ ឬ​ក្រុម​នៅ​ក្នុង​ដំណើររឿង​នៃ​បទគម្ពីរ ហើយ​ការស្គាល់​ពរជ័យ​ទាំងឡាយ ឬ​ផលវិបាក​ដែល​ជា​លទ្ធផល​មួយ នោះ​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​ប្រែក្លាយ​កាន់​ច្បាស់​ថែម​ទៀត ។

គោលការណ៍​ដែលបង្កប់ន័យ​ទាំងឡាយ​ក៏​អាច​ត្រូវ​បាន​ស្គាល់​ដោយ​ការសួរ​សំណួរ​ដូច​ជា ៖

  • តើ​អ្វី​ទៅ​ជា​សីលធម៌​ ឬ​គំនិត​អប់រំ​នៃ​ដំណើររឿង​នេះ ?

  • ហេតុអ្វី​បានជា​អ្នក​គិត​ថា​អ្នកនិពន្ធ​បញ្ចូល​ព្រឹត្តិការណ៍ ​ឬ​វគ្គ​បទគម្ពីរ​ទាំងនេះ ?

  • តើ​អ្នកនិពន្ធ​មាន​បំណង​ចង់​ឲ្យ​យើង​រៀន​អ្វី ?

  • តើ​សេចក្តី​ពិត​ជា​មូលដ្ឋាន​ដែល​បាន​បង្រៀន​នៅ​ក្នុង​បទគម្ពីរ​នេះ​មាន​អ្វី​ខ្លះ ?

ឧទាហរណ៍​មួយ​ចំនួន​អំពី​គោលការណ៍​ដែល​បញ្ជាក់​រួម​មាន ៖

ចេញ​ពី​ព្រឹត្តិការណ៍​នៅ​ក្នុង​ជីវិត​របស់​អាលម៉ា​ជា​កូន ឬ​ប៉ុល ៖ មនុស្ស​ម្នាក់​ដែល​ទទួល​យក​សេចក្តី​ពិត ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងឡាយ​របស់​គាត់​អាច​ដឹកនាំ​អ្នក​ដទៃ​ទៀត​ទៅកាន់​ពរជ័យ​ទាំងឡាយ​នៃ​ដំណឹងល្អ​បាន ( សូមមើល អាលម៉ា ៣៦:១០–២១; កិច្ចការ​៩:៤–២០ ) ។

ចេញពី​រឿង​ប្រៀបប្រដូច​នាង​ព្រហ្មចារី​ទាំង ១០ នាក់​នេះ ៖ ប្រសិន​បើ​យើង​បាន​រៀបចំ​ខ្លួន​ដោយ​ស្មោះ​ត្រង់​ខាង​វិញ្ញាណ នោះ​យើង​នឹង​ត្រៀម​ខ្លួន​ជា​ស្រេច​នៅ​ពេល​ព្រះ​អម្ចាស់​យាង​មក ឬអ្នក​ទាំងឡាយ​ដែល​ធ្វេស​ប្រហែស​ចំពោះ​ការ​រៀបចំ​ខាង​វិញ្ញាណ​របស់​ខ្លួន​នឹង​មិន​ត្រូវ​បាន​ទទួល​ដោយ​ព្រះអម្ចាស់​នៅ​ពេល​ទ្រង់​យាង​មក​ដល់ ឡើយ ( សូមមើល ម៉ាថាយ ២៥:១-១៣ ) ។

រូបភាព
ដាវីឌ និង​កូលីយ៉ាត

ចេញពី​រឿង​របស់​ដាវីឌ និង​កូលីយ៉ាត ៖ នៅពេល​យើង​ធ្វើ​សកម្មភាព​ដោយ​ក្លាហាន និង​ដោយជំនឿ​លើ​ព្រះ នោះ​យើង​អាចយក​ឈ្នះនូវ​ឧបសគ្គ​ដ៏ធំធេង​ក្នុង​ជីវិត​របស់យើង​បាន ( សូមមើល សាំយូអែល ទី១ ១៧:៤០-៥១ ) ។

វិធី​មួយ​ចំនួន​ដើម្បី​ជួយ​សិស្ស​ឲ្យ​រៀន​កំណត់​រកឃើញ​អំពី​គោលការណ៍ និង​គោលលទ្ធិ​នានាគឺ​ ៖

  • ​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​គំនិត​ដែល​ពួកគេ​កំពុង​រៀន នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​មាន​ទម្រង់​ជា « ប្រសិន​បើ-នោះ » ។

  • សូម​ចាត់តាំង​សិស្ស​ឲ្យ​សរសេរ​សេចក្តី​ថ្លែងការណ៍ « ដូច្នេះ​យើង​ឃើញ » ដើម្បី​សង្ខេប​សេចក្ដី​ពិត​ដែល​ពួក​គេ​បាន​រៀន ។

  • សូម​ឲ្យ​សិស្ស​កំណត់​ពី​សកម្មភាព​ដែល​បាន​អនុវត្ត​ដោយ​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​បណ្តុំ​បទគម្ពី​ ហើយ​ស្វែងរក​ពរជ័យ ឬ​លទ្ធផល​ដែល​កើត​មាន​ឡើង ។

  • សូម​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​គូស​ពីក្រោម​ពាក្យ​គន្លឹះ ឬ​ឃ្លា​របស់​ពួក​គេ​ដែល​ពណ៌នាអំពី​សេចក្ដី​ថ្លែង​ការណ៍​នៃ​គោលលិទ្ធ និង​គោលការណ៍​របស់​ពួក​គេ ។

  • សូម​សរសេរ​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ចេញ​ពី​បណ្តុំ​បទគម្ពីរ​នៅ​លើ​ក្តារខៀន ។ សូម​ឲ្យ​សិស្ស​ស្វែងរក​បណ្តុំ​បទគម្ពីរ ស្វែងរក​ភស្តុតាង​នៃ​គោលការណ៍​នោះ ។

នៅ​ពេល​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ត្រូវ​បាន​រកឃើញហើយ នោះ​វាមាន​សារៈ​សំខាន់​ណាស់ដែល​ពួកគេ​ត្រូវ​​ថ្លែង​ដោយ​ច្បាស់លាស់ និង​ដោយងាយ ។ « ‹ ដើម្បី​ឲ្យ​គេ​ស្គាល់ នោះ​សេចក្តី​ពិត​ត្រូវតែ​បានថ្លែង ហើយ​សេចក្តី​ថ្លែងការណ៍​ត្រូវតែ​ច្បាស់ និង​កាន់តែ​ពេញលេញ​ជាងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​កាន់តែ​មាន​ឱកាស​ថ្លែង​ទីបន្ទាល់​ដល់​ព្រលឹង​មនុស្ស​ថា កិច្ចការ​នេះ​គឺជា​ការពិត › [ New Witnesses for God វ៉ុល ៣ ( ឆ្នាំ ១៩០៩), ២ ៖ vii ] » (ប៊ី អេច រ៉ូប៊ឺត នៅក្នុង ជែមស៍ អ៊ី ហ្វោស្ត « What I Want My Son to Know before He Leaves on His Mission » Ensign ខែ ឧសភា ឆ្នាំ ១៩៩៦ ទំព័រ ៤១ ប្រកាស​ដំណឹងល្អ​របស់ទ្រង់ [ ឆ្នាំ ២០០៤ ] ទំព័រ ១៨២ ) ។

ការសរសេរ​គោលការណ៍​ ឬ​គោលលទ្ធិ​ដែល​បាន​រកឃើញ​នៅ​លើ​ក្ដារខៀន ឬ​ការអញ្ជើញ​សិស្ស​ឲ្យ​សរសេរ ឬ​គូស​បន្ទាត់​ពីក្រោម​នៅ​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ គឺ​ជា​វិធី​មួយ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សេចក្ដីពិត​ទាំង​នេះ​កាន់តែ​ច្បាស់​លាស់​នៅ​ក្នុង​គំនិត​របស់​សមាជិក​ថ្នាក់​រៀន ។

យល់​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

ដើម្បី​យល់​អំពី​គោលលទ្ធិ ឬ​គោលការណ៍​ដំណឹងល្អ​មាន​ន័យ​ថា​សិស្ស​យល់​អំពី​សេចក្ដី​ពិត​ដែល​បាន​រកឃើញ ​ទំនាក់ទំនង​សេចក្តី​ពិត​ទាំង​នោះ​ជាមួយ​គោលការណ៍ និង​គោលលទ្ធិ​ផ្សេង​ទៀត​នៅ​ក្នុង​ផែនការ​របស់​ព្រះអម្ចាស់ ​និង​នៅ​ក្នុង​កាលៈទេសៈ​ណា​ដែល​គោលការណ៍នេះ ​អាច​យក​មក​អនុវត្ត​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ពេល​គ្រូបង្រៀន ឬ​សិស្ស​យល់​អំពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ នោះ​ពួកគេ​មិន​ត្រឹម​តែ​ដឹង​ថា ពាក្យ​នោះ​មាន​ន័យ​យ៉ាង​ណា នោះ​ទេ ប៉ុន្តែ​ក៏​ជា​របៀប​ដែល​គោលលទ្ធិ ឬ​គោលការណ៍នោះ អាច​មាន​ឥទ្ធិពល​ចំពោះ​ជីវិត​របស់​ពួកគេ​បាន​ទៀត​ផង ។ នៅ​ពេល​ដែល​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ត្រូវ​បាន​រកឃើញ និង​បាន​យល់ នោះ​វា​អាច​អនុវត្ត​បាន​កាន់​តែ​ងាយ​ស្រួល ។

គ្រូបង្រៀន និង​សិស្ស​ទាំងឡាយ​អាច​បង្កើន​ការយល់ដឹង​របស់​ពួកគេ​ចំពោះ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​តាមរយៈ​ការ​ស្រាវជ្រាវ​ព្រះគម្ពីរ​សម្រាប់​ការបង្រៀន​ដែល​ទាក់ទង់ និង​គំនិត​បន្ថែម​ដោយ​ងាកទៅរក​ពាក្យពេចន៍ និង​ការបង្រៀន​ទាំងឡាយ​របស់​ពួកព្យាការី និង​ពួកសាវក​ថ្ងៃ​ចុង​ក្រោយ តាមរយៈការពន្យល់​ពី​សេចក្តី​ពិត​ផ្សេង​ទៀត​ដែល​គេ​កំពុង​រៀនសូត្រ និង​ដោយ​ការអធិស្ឋាន​សូម​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ការយល់ដឹង​នៅ​តែ​បន្ត​កាន់​តែ​ស៊ី​ជម្រៅ​នៅ​ពេល​ដែល​គោលការណ៍​ត្រូវ​បាន​អនុវត្ត ។

រូបភាព
ពួក​កងទ័ព​កំលោះ

គ្រូ​បង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​គោលលទ្ធិ និង​គោលការណ៍​ដោយ​ការសួរ​សំណួរ​ដែល​នាំ​សិស្ស​ឲ្យ​វិភាគ​អត្ថន័យ​របស់​គោលលទ្ធិ និង​គោលការណ៍​នោះ ។ ឧទាហរណ៍​ចេញពី​ដំណើររឿង​របស់​ពួក​កងទ័ព​កំលោះ ២០០០ នាក់​នៅ​ក្នុង​ព្រះគម្ពីរ​មរមន យើង​អាច​រៀន​អំពី​គោលការណ៍​ដែល​ថា បើ សិន​យើង​​ពុំ​សង្ស័យ​ទេ នោះ​ព្រះ​ទ្រង់​នឹង​ដោះ​លែង​យើង​ឲ្យ​រួច ( សូមមើល អាលម៉ា ៥៦:៤៧-៤៨ ) ។ ដើម្បី​ទទួល​បាន​ការយល់ដឹង​កាន់​តែ​ច្រើន​អំពី​អត្ថន័យ​នៃ​គោលការណ៍​នេះ គ្រូ​បង្រៀន និង​សិស្ស​អាច​ពិចារណា​សំណួរ​ដូចជា ៖

  • តើ​ពួក​កងទ័ពកំលោះ​មិន​មាន​ការសង្ស័យ​លើ​អ្វី​ខ្លះ ?

  • តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​ថា​ពួក​កងទ័ព​កំលោះ​ទាំង​នេះ​មិន​មាន​ការសង្ស័យ ?

  • តើ​ព្រះ​បាន​រំដោះ​ពួក​កងទ័ព​កំលោះដោយ​របៀប​ណា ?

  • តើ « សមរភូមិ » អ្វីខ្លះ​ដែល​យុវវ័យ​នៃ​សាសនាចក្រ​កំពុង​ប្រយុទ្ធប្រឆាំង​នៅ​សព្វ​ថ្ងៃ​នេះ ?

  • តើ​ព្រះ​អាច​រំដោះ​ពួកគេ​ចេញពី​ចម្បាំង​បែបនោះ​តាម​របៀបណា ?

  • តើ​បទពិសោធន៍​របស់​អ័ប៊ីណាដៃ យ៉ូសែប ស្ម៊ីធ ឬ​សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បង្រៀន​យើង​អំពី​អត្ថន័យ​នៃ​ការរំដោះ​នោះ​អ្វីខ្លះ ?

ចេញពី​រឿង​របស់ ណាម៉ាន និង​អេលីសេ នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ យើង​អាច​រៀន​គោលការណ៍​ថា បើសិន​ជា​យើង​បន្ទាប​ខ្លួន ហើយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ធ្វើតាម​ដំបូន្មាន​របស់​ព្យាការី យើង​អាច​បាន​ជា​សះស្បើយ ( សូមមើល ពង្សាវតារក្សត្រ ទី២ ៥:១–១៤ ) ។ ដើម្បី​យល់​អំពី​អត្ថន័យ​នៃ​គោលការណ៍​នេះ គ្រូ​បង្រៀន និង​សិស្ស​អាច​ពិចារណា​សំណួរ​ដូចជា ៖

  • តើ​ការបន្ទាបខ្លួន​ជួយ​យើង​ឲ្យ​ធ្វើ​តាម​ដំបូន្មាន​របស់​ព្យាការី​យ៉ាង​ដូចម្ដេច ?

  • តើ​បំណង​ចុងក្រោយ​របស់ ណាម៉ាន ក្នុងការ « មុជ្រ​ទឹក​ប្រាំពីរដង » ជួយយើង​ឲ្យយល់​ថា​តើ​ការធ្វើតាម​ដំបូន្មាន​របស់​ព្យាការី ដោយ​ស្មោះ មាន​ន័យ​យ៉ាងណា ?

  • តើ​អ្វី​ទៅ​ក្រៅ​ពី​ជំងឺ​ប្រចាំកាយ​ដែល​យើង​ត្រូវការ​ការព្យាបាល​នៅ​ថ្ងៃ​នេះ ?

  • តើ​មាន​កិច្ចការអ្វី​ខ្លះ​ដែល​​ព្យាការី​បាន​សុំ​ឲ្យ​យើង​ធ្វើ ​ដែល​អាច​ព្យាបាល​យើង​ខាង​វិញ្ញាណ ប៉ុន្តែ​ប្រហែលជា​មិន​សមហេតុផល​សម្រាប់​ពិភពលោក​ទេ ?

ទទួល​អារម្មណ៍​ពី​សេចក្តី​ពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ 

ទោះបីជា​សិស្ស​អាច​កំណត់​បាន និង​យល់​អំពី​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ក៏ដោយ ជារឿយៗ​ពួកគេ​នឹង​មិន​អនុវត្ត រហូត​ទាល់តែ​ពួកគេ​ទទួល​អារម្មណ៍ថា​ជា​ការពិត និង​មានសារៈសំខាន់ តាមរយៈ​ព្រះវិញ្ញាណ ​ហើយ​ទទួល​អារម្មណ៍​ពី​ភាព​បន្ទាន់​ក្នុង​កម្រិត​ណាមួយ ដើម្បី​បញ្ចូល​គោលការណ៍​នេះ​ទៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ អែលឌើរ រ៉ូបឺត ឌី ហែល បាន​ពន្យល់ថា « គ្រូបង្រៀន​ដ៏​ស្មោះត្រង់​ម្នាក់ នៅពេល​គាត់​បង្រៀនអំពី​ការពិត [ នៃដំណឹងល្អ ] … បាន​ជួយ [ សិស្ស ] បោះ​ជំហាន​ទៅ​មុខ​មួយ​ជំហាន​ម្តងៗ​ដើម្បី​ទទួល​បាន​នូវ​សាក្សី​ខាងវិញ្ញាណ និង​ការយល់ដឹង​ក្នុងចិត្ត​របស់​ពួកគេ​ដែល​ដឹកនាំ​ទៅរក​សកម្មភាព និង​ទង្វើ » ( Teaching by Faith » [ ជំនួប​ពេលល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០០២ ] ទំព័រ ៥ ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ធ្វើ​ឲ្យ​មាន​ចំណាប់​អារម្មណ៍​លើ​គំនិត​ និង​ដួងចិត្ត​របស់​សិស្ស​ទាំងឡាយ​អំពី​សារៈ​សំខាន់​នៃ​គោលលទ្ធិ ឬ​គោលការណ៍​មួយ ហើយ​អាច​ផ្តល់​ដល់​សិស្ស​នូវ​ការតាំងចិត្ត​មួយ​ដើម្បី​អនុវត្ត​តាមគោលការណ៍នោះ និង​ភាពរឹងមាំ​​ដើម្បី​ធ្វើ​បាន​ផងដែរ ។ គ្រូ​បង្រៀន​គួរ​តែ​ខិតខំ​ប្រឹងប្រែង​គ្រប់​យ៉ាង​ដើម្បី​សម្រួល​បទពិសោធន៍​នេះ​សម្រាប់​សិស្ស​ម្នាក់ៗ​ក្នុង​ថ្នាក់​រៀន​របស់​ពួកគេ ។ អែលឌើរ រីឆាត ជី​ស្កត បាន​លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ថា « តើ​អ្នក​នឹង​អធិស្ឋាន​សុំ​ការណែនាំ​អំពី​របៀប​ក្នុង​ការធ្វើ​ឲ្យ​សេចក្តីពិត​ជ្រាប​ចូល​យ៉ាងជ្រៅ​ទៅ​ក្នុង​គំនិត និង​ដួង​ចិត្ត​សិស្ស​របស់​អ្នក​សម្រាប់​ជា​ការប្រើប្រាស់​ពេញ​មួយ​ជីវិត​ដែរ​ឬ​ទេ ? នៅពេល​អ្នក​អធិស្ឋាន​ដើម្បី​ស្វែងរក​វិធី​បែប​នោះ ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់​នឹង​ណែនាំ​អ្នក » ( « To Understand and Live Truth » [ ជំនួប​ពេល​ល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ២ ) ។

វិធី​ដ៏មាន​ប្រសិទ្ធភាព​បំផុត​មួយ​ដើម្បី​ជួយ​សិស្ស​ឲ្យ​អញ្ជើញ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ចូលទៅ​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​រៀបចំ​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ​តាម​គោលការណ៍​ដែលពួកគេ​បានរៀន គឺ​ការលើកទឹកចិត្ត​ពួកគេ​ឲ្យ​ឆ្លុះបញ្ចាំង​អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ជាប់​ទាក់ទងនឹង​គោលការណ៍​នោះ ( សូមមើល​ផ្នែក ៥.១.៣ « សំណួរ​ដែល អញ្ជើញឲ្យ​មាន​អារម្មណ៍​ និង​ទីបន្ទាល់ » នៅលើ ទំព័រ ៦១ ) ។ ការណ៍នេះ​ជួយ​សិស្ស​ឲ្យ​ទទួល​ស្គាល់​អំពី​ផល​ប៉ះពាល់​ដែល​គោលការណ៍​នេះ​មាន​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ឬ​ក្នុង​ជីវិត​របស់​អ្នក​ដទៃ ។ ជាឧទាហរណ៍ បន្ទាប់​ពី​មាន​ការពិភាក្សា​អំពី​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ នោះ​គ្រូបង្រៀន​អាច​សួរ​ថា « តើ​ប្អូន​បាន​ឃើញ​ពរ​អ្វី​ខ្លះ​នៅក្នុង​ជីវិត​របស់​ប្អូន ឬ​ក្នុង​ជីវិត​របស់​អ្នក​ដទៃ​មកពី​ការរក្សា​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់​នោះ ? នៅពេល​សិស្ស​ពិចារណា​អំពី​សំណួរ​ដូច​នេះ ហើយ​ចែក​ចាយ​បទពិសោធន៍​ផ្ទាល់​ខ្លួន​សមរម្យ​ជាមួយ​នឹង​ថ្នាក់​របស់​ពួកគេ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​កាន់​តែ​ច្បាស់​នូវ​ពរជ័យ​ដែល​ពួកគេ និង​អ្នក​ដទៃ​បាន​ទទួល​តាមរយៈ​ការរស់នៅ​តាម​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹង​ល្អ ។ ព្រះវិញ្ញាណ​ក៏​នឹង​ជួយ​សិស្ស​ឲ្យ​ទទួល​អារម្មណ៍​ថា មាន​បំណង​ប្រាថ្នា​កាន់​តែខ្លាំង ដើម្បី​អនុវត្ត​សេចក្តី​ពិត​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ​ផងដែរ​ ។ គ្រូ​បង្រៀន​ក៏​អាច​ចែកចាយ​ដំណើររឿង​ពិត​អំពី​ជីវិត​របស់​ខ្លួន ឬ​ជីវិត​របស់​អ្នក​ដទៃ ដើម្បី​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​អំពី​សេចក្ដីពិត និង​សារៈសំខាន់​នៃ​ការរស់នៅ​តាម​គោលការណ៍​ដែល​បាន​ពិភាក្សា ។

គ្រូបង្រៀន​អាច​ផ្តល់​ឱកាស​ដល់​សិស្ស​ទាំងឡាយ​ដើម្បី​ធ្វើ​ទីបន្ទាល់​អំពី​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ។ គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ស្វែងរក​ឱកាស​​ដើម្បី​ធ្វើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​ផងដែរ ។ លើស​ពី​នេះ​ទៀត គ្រូបង្រៀន​អាច​ជួយ​សិស្ស​ឲ្យ​មាន​អារម្មណ៍​ពី​សេចក្ដី​ពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ដោយ​គូស​បញ្ជាក់​អំពី​ទីបន្ទាល់​ដែល​បាន​បង្ហាញ​ដោយ​បុគ្គល​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ និង​ដោយ​ការអាន ឬ​ស្តាប់​ទីបន្ទាល់​របស់​ពួកព្យាការី​ និង​ពួកសាវក​ថ្ងៃ​ចុង​ក្រោយ ។

អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ

ការអនុវត្ត​កើតមាន​នៅ​ពេល​សិស្ស​ទាំងឡាយ​គិត និយាយ និង​រស់នៅ​ស្របតាម​គោលការណ៍​ទាំងឡាយ​ដែល​ពួក​គេ​បាន​រៀន ។ អែលឌើរ រីឆាត ជី ស្កត បាន​ពន្យល់​អំពី​សារៈ​សំខាន់​នៃ​ការអនុវត្ត​តាមនៅ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា « វិធាន​ការ​ដ៏​ល្អ​បំផុត​ដើម្បី​វាស់ប្រសិទ្ធិ​ភាព​នៃ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្នាក់​រៀន គឺ​ការសង្កេត​ឃើញ​ថា​សិស្ស​ម្នាក់​​យល់ដឹង និង​អនុវត្ត​សេចក្តីពិត​នៅ​ក្នុង​ជីវិត​របស់​គេ » ( « To Understand and Live Truth » ទំព័រ ៣ ) ។

នៅ​ពេល​សិស្ស​អនុវត្ត​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​នឹង​ទទួល​បាន​ពរជ័យ​ទាំងឡាយ​ដែល​បាន​សន្យា ។ ពួកគេ​ក៏​នឹង​ទទួល​បាន​ខាង​ការយល់ដឹង និង​ទីបន្ទាល់​កាន់តែ​ជ្រៅជ្រះ​មួយ​អំពី​គោលលទ្ធិ ឬ​គោលការណ៍​ដែល​ពួកគេ​បាន​អនុវត្ត ។ ជាឧទាហរណ៍ សិស្ស​ទាំងឡាយ​ណា​ដែល​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​នឹង​មាន​ការយល់ដឹង​ពេញលេញ​ថែម​ទៀត​ អំពី​អត្ថន័យ​នៃគោលការណ៍​នោះ ជាង​សិស្ស​ទាំងឡាយ​ដែល​មិន​បាន​គោរព​តាម ។ ចំពោះ​សិស្ស​ដែល​បាន​ទុកចិត្ត​លើ​ព្រះអម្ចាស់​ដោយ​អស់ពីចិត្ត​( សូមមើល សុភាសិត ៣:៥ ) ហើយ​ត្រូវបាន​ពង្រឹង និង​លួងលោម​ក្នុងគ្រា​លំបាក ឬ​ការសាកល្បង យល់​កាន់តែ​ច្បាស់​អំពី​គោលការណ៍​នោះ ជាជាង​អ្នក​ដែលមិន​បាន​ទុកចិត្ត​លើ​ទ្រង់ ។

គ្រូបង្រៀន​គួរ​តែ​ផ្តល់​ពេល​ដល់​សិស្ស​នៅ​ក្នុង​ថ្នាក់​ដើម្បី​គិត​ពិចារណា ឬ​សរសេរ​អំពី​អ្វី​ដែល​ពួកគេ​​យល់ និង​មាន​អារម្មណ៍ ហើយ​ពិចារណា​ពី​សកម្មភាព​ជាក់លាក់​ដែល​ពួកគេ​គួរ​តែ​យក​វា​មក​អនុវត្ត​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។ ពេល​វេលា​ដូចច្នេះ គ្រូបង្រៀន​គួរ​តែ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ទូលសូមការណែនាំ និង​ការដឹកនាំ​ពី​ព្រះអម្ចាស់ ។ គ្រូ​បង្រៀន​ក៏​អាច​ពិភាក្សា​អំពី​ស្ថានភាព​ដែល​សិស្ស​អាច​ជួប​ប្រទះ និង​ឲ្យ​ពួកគេ​ចែកចាយ​គំនិត​អំពី​របៀប​អនុវត្ត​គោលការណ៍​នៃដំណឹងល្អ ​នៅ​ក្នុង​ស្ថានភាព​ទាំង​នោះ​ដែលនឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​ពួកគេ ។ ពួកគេ​អាច​ណែនាំ​សិស្ស​ទាំងឡាយ​ឲ្យ​ដាក់​គោលដៅ​មួយ​ដែល​អាច​ជួយ​ពួកគេ​ឲ្យ​រស់​នៅ​តាម​គោលលការណ៍​ដែល​បាន​បង្រៀន ។ គ្រូបង្រៀន​អាច​រៀបចំ​ព្រះគម្ពីរ ការដកស្រង់ កំណាព្យ ឬ​ផ្នែក​មួយ​នៃ​ទំនុក​តម្កើង​ជាច្បាប់​ចម្លង ​ដែល​សិស្ស​អាច​យក​មក​ផ្ទះ​វិញ​ដើម្បី​ជា​ការរំឭក​អំពី​គោលការណ៍​នេះ ។

រូបភាព
យុវនារី​កំពុង​សិក្សា

ប្រហែល​ជា​មាន​ពេល​ខ្លះ​ដែល​គ្រូបង្រៀន ឬ​សិស្ស​ក្នុង​ថ្នាក់​ផ្ដល់​យោបល់​អំពី​របៀប​ដែល​គោលការណ៍​ដំណឹង​ល្អ​អាច​អនុវត្ត​បាន ។ គំរូ​បែប​នេះ​អាច​ផ្តល់​ឲ្យ​សិស្ស​នូវ​គំនិត ដែល​មាន​ប្រយោជន៍​អំពី​របៀប​អនុវត្ត​គោលការណ៍​នៃ​ដំណឹង​ល្អ​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូបង្រៀន​គួរ​តែ​ប្រុង​ប្រយ័ត្ន​កុំ​ដាក់បទ​បញ្ជា​ច្រើន​ពេក​ក្នុង​ការចាត់ចែង​ការអនុវត្ត​ជាក់លាក់​សម្រាប់​សិស្ស ។ សូម​ចាំថា​ការណែនាំ​ដ៏មាន​អត្ថន័យ​បំផុត​សម្រាប់​ការអនុវត្ត​ផ្ទាល់ខ្លួន​កើតចេញ​មកពី​ការបំផុសគំនិត ឬ​វិវរណៈ​មកពី​ព្រះអម្ចាស់​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ​រៀងៗខ្លួន ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀនថា « គ្រូបង្រៀន​​ត្រូវ​បាន​បង្គាប់​ឲ្យ​បង្រៀន ‹ គោលការណ៍​នៃ [ ដំណឹងល្អ ] និង ‹ គោលលទ្ធិ​នៃ​នគរ › ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៧៧ ) ជាទូទៅ​គួរតែ​បោះបង់​ការបង្រៀន​ច្បាប់ ឬ​ការអនុវត្ត​ជាក់លាក់​នោះចោល ។ … នៅ​ពេល​គ្រូបង្រៀន​ម្នាក់​បាន​បង្រៀន​គោលលទ្ធិ និង​គោលការណ៍​ដែល​ទាក់ទងនឹង​គោលការណ៍​មកពី​ព្រះគម្ពីរ និង​ពួកព្យាការី​ដែល​នៅរស់ នោះ​ការអនុវត្ត ឬ​ច្បាប់​ជាក់លាក់​បែប​នេះ​ជា​ទូទៅ​គឺ​ជា​ការទទួលខុសត្រូវ​របស់​បុគ្គល និង​ក្រុម​គ្រួសារ » ( « Gospel Teaching » ទំព័រ ៧៩ ) ។

ពន្យល់ ចែកចាយ និង​ថ្លែង​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ

ការពន្យល់​គោលលទ្ធិ និង​គោលការណ៍ ការចែកចាយ​ការយល់ដឹង និង​បទពិសោធន៍​ដែល​ទាក់ទង ការថ្លែង​ទីបន្ទាល់​អំពី​សេចក្តីពិត​ដ៏​ទេវភាព​បញ្ជាក់​ពី​ការយល់​ដឹង​របស់​សិស្ស​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ហើយ​ពង្រឹង​សមត្ថភាព​របស់​សិស្ស​ក្នុង​ការបង្រៀន​ដំណឹងល្អ​ដល់​អ្នក​ដទៃ ។ នៅ​ពេល​សិស្ស​ពន្យល់ ចែកចាយ និង​ធ្វើ​ទីបន្ទាល់ នោះ​ជា​ញឹកញាប់​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មាន​ទីបន្ទាល់​​កាន់តែ​ជ្រាលជ្រៅ​​នៃ​ការណ៍​គ្រប់យ៉ាង​ដែល​ពួកគេ​កំពុង​បង្ហាញ ។ តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពាក្យសម្ដី​របស់សិស្ស​ក៏អាច​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ចិត្តគំនិត​មិត្ត​ក្នុងថ្នាក់​ដែល​កំពុង​ស្ដាប់​នោះផងដែរ ។

គ្រូបង្រៀន​ដែល​សិក្សា រៀបចំ និង​បង្រៀន​មេរៀន​មួយ​ប្រកប​ដោយ​ការគិតគូរ និង​ពោរពេញ​ដោយ​ការអធិស្ឋាន មាន​ទំនោរ​នឹង​រៀន​បាន​ច្រើន ។ គោលការណ៍​ដូចគ្នា​នេះ​ក៏​ជា​ការ​ពិត​សម្រាប់​សិស្ស​ផងដែរ ។ នៅពេល​ពួកគេ​សិក្សា និង​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ នោះ​ពួកគេ​នឹង​ទទួល​បាន​ការយល់ដឹង​កាន់​តែ​ច្រើន និង​ពង្រឹង​នូវ​ទីបន្ទាល់​របស់​ពួកគេ ។

ពន្យល់

ការយល់ដឹង​អំពី​ព្រះគម្ពីរ​ត្រូវ​បាន​កើនឡើង​នៅ​ពេល​សិស្ស និង​គ្រូ​ទាំងឡាយ​ពន្យល់​អំពី​បទគម្ពីរ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ។ ការរៀបចំ​ដើម្បី​ប្រាប់​ឲ្យ​បាន​ច្បាស់​លាស់ និង​សាមញ្ញ​ពី​អត្ថន័យ​នៃ​វគ្គ​បទគម្ពីរ ឬ​គោលលទ្ធិ ឬ​គោលការណ៍​​ទឹកចិត្ត​គ្រូបង្រៀន និង​សិស្ស​ឲ្យ​សញ្ជឹងគិត​ពី​ខគម្ពីរ​ទាំង​នោះ រៀបចំ​គំនិត​របស់​ពួកគេ ហើយ​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បង្រៀន​ពួកគេ ។

ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បាន​បង្រៀន​ថា ៖ « យើង​រៀន​សូត្រ​ដោយ​ការអនុវត្ត ។ ប្រសិន​បើ​យើង​សិក្សា​អំពី​ដំណឹង​ល្អ​ដើម្បី​បង្រៀន​ នោះ​យើង​បាន​ទទួល​ចំណេះ​ដឹង​សម្រាប់​កន្លែង​ដែល​យើង​កាន់​ចង្កៀង​ដើម្បី​បំភ្លឺ​ផ្លូវ​ដល់​អ្នក​ដទៃ ហើយក៏​បំភ្លឺផ្លូវ​របស់​យើង​ខ្លួនឯង​ផងដែរ ។ នៅ​ពេល​យើង​វិភាគ និង​រៀបចំ​បទគម្ពីរ​ដើម្បី​​ធ្វើបទ​បង្ហាញ​មេរៀន ​ដែល​អាច​ទទួល​យក​បាន​មួយ​ដល់​អ្នក​ដទៃ នោះ​យើង​បាន​បញ្ជាក់​ពី​គំនិត​ផ្ទាល់​របស់​យើង ។ នៅពេល​យើង​ពន្យល់ពី​អ្វី​ដែល​យើង​បាន​ដឹង​រួច​មក​ហើយ នោះ​វា​ហាក់បី​ដូច​ជា​យើង​ទទួល​បាន​នូវ​សេចក្តីពិត​បន្ថែម​ទៀត និង​ពង្រីក​ការយល់ដឹង​របស់យើង ការតភ្ជាប់ និង​ការអនុវត្ត​ថ្មីៗ » ( The Teachings of Spencer W. Kimball [ ឆ្នាំ ១៩៨២ ] ទំព័រ ៥៣០ ) ។

ការផ្តល់​ឱកាស​ដល់​សិស្ស​ដើម្បី​ពន្យល់​អំពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ដល់​មនុស្ស​ម្នាក់​ផ្សេង​ទៀត គឺ​លើក​ទឹកចិត្ត​ដល់​ពួកគេ​ឲ្យ​គិត​កាន់តែ​ជ្រៅ​បន្ថែម​ទៀត និង​ស្វែងរក​ការយល់ដឹង​កាន់តែ​ខ្លាំង​មុន​នឹង​ធ្វើ​ការបង្រៀន​ដល់​អ្នក​ដទៃ​អំពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ គ្រូបង្រៀន​អាច​សុំ​ឲ្យ​សិស្ស​ពន្យល់​ថាហេតុ​អ្វី​វា​មានសារៈ​សំខាន់​ក្នុង​ការមាន​ជំនឿ ការទទួលពិធីបុណ្យ​ជ្រមុជ​ទឹក ឬការ​គោរព​តាម​ច្បាប់​ដង្វាយ​មួយ​ភាគ​ក្នុងដប់ ។ សិស្ស​អាច​​ត្រូវបានអញ្ជើញ​ឲ្យ​ប្រាប់​នរណា​ម្នាក់​ទៀត ប្រាប់​អំពី​ការបង្កបង្កើត ការធ្លាក់​ចុះ ឬ​មូល​ហេតុ​ដែល​ពួកគេ​ជឿ​ថា​ក្រុម​គ្រួសារ​គឺ​ជា​កត្តា​សំខាន់​មួយ​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ ការណ៍នេះ​អាច​ធ្វើ​ជា​គូរៗ ឬ​ក្រុមតូចៗ ដើរតួ​សម្តែង ជាមួយ​សិស្ស​ក្នុង​ថ្នាក់​ទាំង​មូល ឬ​ដោយ​ការសរសេរ ។ ​ម្តងម្កាល ការ​អញ្ជើញសិស្ស​ឲ្យ​ពន្យល់​អំពី​វគ្គ​នៃ​ព្រះគម្ពីរ ឬ​បង្រៀន​គោលលទ្ធិ ឬ​គោលការណ៍​មួយ​ទៅដល់​ឪពុក​ម្ដាយ បង​ប្អូន​ប្រុស ឬ​បងប្អូន​ស្រី មិត្ត​ភក្តិ ឬ​មិត្ត​រួម​បន្ទប់​ ក៏​ជាការ​សមរម្យ​ផង​ដែរ ។

ចែកចាយ

ទាំងគ្រូបង្រៀន និង​សិស្ស​គួរតែ​មាន​ឱកាស​ដើម្បី​ចែកចាយ​អំពី​គំនិត និង​ការយល់​ដឹង​របស់​ពួកគេ​ក៏​ដូច​ជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ពួកគេ​មាន​ជាមួយ​នឹង​គោលលទ្ធិ ឬ​គោលការណ៍​មួយ ។ ពួកគេ​ក៏​អាច​រៀបរាប់​ពី​បទពិសោធន៍​ដែល​ពួកគេ​បាន​ឃើញ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ដទៃបាន​ផងដែរ ។

រូបភាព
យុវនារី​ជជែក​គ្នា

ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ បាន​មាន​ប្រសាសន៍​ថា ៖ « កម្រណាស់​ដែល​មាន​យុវវ័យ​មក​ចូលរៀន​ថ្នាក់​សិក្ខាសាលា ឬ​វិទ្យាស្ថាន​របស់​អ្នក​ដែល​មិន​ធ្លាប់​​ទទួល​បាន​នូវ​ពរជ័យ​ខាង​វិញ្ញាណ​ដោយ​មិនដឹង​ខ្លួន ឬ​​មិន​បាន​ឃើញ​ប្រសិទ្ធិ​ភាព​នៃ​ការ​អធិស្ឋាន ឬ​ក៏​មិន​បាន​ឃើញ​ពី​អំណាច​នៃ​សេចក្តី​ជំនឿ​ដើម្បី​ព្យាបាល​អ្នក​ឈឺ ឬ​ក៏​មិន​បាន​ទទួល​ជំនួយ​ពី​ខាង​វិញ្ញាណ​ដែល​ពិភព​លោក​​សព្វ​ថ្ងៃ​នេះ​មិន​អើពើ​នោះ » ( The Charted Course of the Church in Education rev. ed. [ ឆ្នាំ ១៩៩៤ ] ទំព័រ ៩ ) ។ សិស្ស​គួរ​តែ​ទទួល​បាន​ឱកាស​ដើម្បី​ចែកចាយ​បទពិសោធន៍​បែប​នេះ​ជាមួយ​នឹង​ថ្នាក់​រៀន ។ ( គ្រូបង្រៀន​ប្រហែល​ជាត្រូវ​ជួយ​សិស្ស​ឲ្យ​យល់​ថា​បទពិសោធន៍​ខ្លះ​គឺ ពិសិដ្ឋ ឬ​ផ្ទាល់​ខ្លួន​ពេក​ក្នុង​ការចែកចាយ​នៅ​ក្នុង​ថ្នាក់ សូមមើល អាលម៉ា ១២:៩; គោលលទ្ធិ និង​​សេចក្តីសញ្ញា ៦៣:៦៤ ) ។

ថ្លែង​ទីបន្ទាល់

នៅ​ពេល​សិស្ស​បាន​ពន្យល់​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ​ហើយ​បាន​ចែកចាយ​បទពិសោធន៍​របស់​ពួកគេ​ពី​ការអនុវត្ត​គោលការណ៍​ទាំងនោះ​នៅក្នុង​ជីវិត​របស់​ពួកគេ នោះ​ពួកគេ​តែងតែ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​អ្វី​ដែល​ពួកគេ​បានជឿ ។

អែលឌើរ ប៊យដ៍ ខេ ផាកកឺ បាន​ពន្យល់​អំពី​ចំនុច​មួយ​នៃ​ពរជ័យ​ទាំងឡាយ​ពី​ការធ្វើ​ទីបន្ទាល់​ថា ៖ « មែន​ហើយ​បើសិន​ជា​ខ្ញុំ​អាច​បង្រៀន​អ្នក​នូវ​គោលការណ៍​មួយ​នេះ ។ សក្ខីភាព​មួយ​ត្រូវ​បាន រក​ឃើញ នៅ​ក្នុង ការ​ថ្លែង សក្ខីភាព​នោះ ! …

« វា​គឺ​ជា​រឿង​មួយ​ដើម្បី​ទទួល​នូវ​សាក្សី​មួយ​មក​ពី​អ្វី​ដែល​បាន​អាន ឬ​ពី​អ្វី​ដែល​អ្នក​ផ្សេង​ទៀត​បាន​និយាយ ហើយ​នោះ​ជា​ការចាប់​ផ្តើម​ដ៏​ចាំបាច់​មួយ ។ វា​ជា​រឿង​មួយ​ទៀត​ ដើម្បី​មាន​ព្រះវិញ្ញាណ​អាចបញ្ជាក់​នៅក្នុង​ដួង​ចិត្ត​អ្នក​ថា​អ្វី​ដែល អ្នក បាន​ថ្លែងទីបន្ទាល់ គឺជា​ការពិត » ( « The Candle of the Lord » ទំព័រ ៥៤-៥៥ ) ។

ការថ្លែង​ទីបន្ទាល់​មិន​គ្រាន់តែ​ផ្តល់​ពរជ័យ​ដល់​បុគ្គល​ដែល​ថ្លែង​ទីបន្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏អាច​ពង្រឹង​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​របស់​អ្នកដទៃ​ផងដែរ ។ ការធ្វើ​ជា​សាក្សី​ផ្ដល់​ឱកាស​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​គោលលទ្ធិ និង​គោលការណ៍​ជាក់លាក់​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ ។ សក្ខីភាព​មួយ​មិន​តែង​តែ​ចាប់​ផ្តើម​ដោយ​ឃ្លា « ខ្ញុំ​ចង់​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ » នោះទេ ។ ទីបន្ទាល់​មួយ​អាច​ជា​សេចក្តី​ថ្លែងការណ៍​ដ៏​សាមញ្ញ​មួយ​អំពី​អ្វី​ដែល​មនុស្ស​ម្នាក់​ដឹង​ថា​ជា​ការពិត ដែល​បាន​និយាយ​ដោយ​ស្មោះត្រង់ និង​ការជឿជាក់ ។ វា​អាច​ជា​ការបញ្ជាក់​សាមញ្ញ​មួយ​អំពី​របៀប​ដែល​មនុស្ស​ម្នាក់​ទទួល​អារម្មណ៍​អំពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ​នៃ​ដំណឹងល្អ និង​អំពី​ភាពខុសគ្នា​ដែល​វា​បាន​បំពេញ​នៅ​ក្នុង​ជីវិត​របស់​គាត់ ។ សិស្ស​អាច​យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​គោលការណ៍​ដំណឹងល្អ​អាច​ត្រូវ​បាន​អនុវត្ត និង​មាន​អារម្មណ៍​បំផុស​គំនិត​កាន់​តែ​ខ្លាំង ដើម្បី​អនុវត្ត​គោលការណ៍​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ នៅ​ពេល​ពួកគេ​ឮ​គ្រូបង្រៀន និង​សិស្ស​ដទៃ​ទៀត​ទទួល​បាន​ទីបន្ទាល់​អំពី​តម្លៃ​នៃ​គោលការណ៍​ទាំង​នោះ ។

គ្រូបង្រៀន​​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​ធ្វើ​ទីបន្ទាល់​អំពី​សេចក្តី​ពិត​នៃ​ដំណឹងល្អ ដោយ​ការសួរ​សំណួរ​នានា​ដែល​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​នូវ​បទពិសោធន៍ និង​ជំនឿ​របស់​គេ ( សូមមើល​ ផ្នែក ៥.១.៣ « សំណួរ​ទាំងឡាយ​ដែល អញ្ជើញ​ឲ្យមាន​អារម្មណ៍ និង​ទីបន្ទាល់ » នៅលើ ទំព័រ ៦១ ) ។ ពួក​គេ​ក៏​អាច​ផ្ដល់​ឱកាស​ផ្សេង​ទៀត​ដល់​សិស្ស​ដើម្បី​ធ្វើ​ជា​សាក្សី​ដល់​មិត្ត​ភក្តិ​របស់​ពួកគេ​ផង​ដែរ ។ គ្រូបង្រៀន​គួរ​តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​លក្ខណៈ​ផ្ទាល់​ខ្លួន និង​ពិសិដ្ឋ​នៃ​ទីបន្ទាល់ ហើយ​អាច​អញ្ជើញ​បាន ប៉ុន្តែ​មិន​គួរ​តម្រូវ​ឲ្យ​សិស្ស​ចែកចាយ​ទីបន្ទាល់​របស់​ពួកគេ​ឡើយ ។ គ្រូបង្រៀន​​គួរ​តែ​យក​ឱកាស​ដើម្បី​ធ្វើ​ទីបន្ទាល់​ឲ្យបាន​ញឹកញាប់​អំពី​សេចក្តី​ស្រឡាញ់​ផ្ទាល់​ខ្លួន​របស់​ពួកគាត់​ចំពោះ​ព្រះវរបិសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវគ្រីស្ទ និង​អំពី​សេចក្តីពិត និង​តម្លៃ​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ។ គ្រូបង្រៀន​គួរ​តែ​ដឹង ហើយ​យោង​ទៅ​លើ​ទីបន្ទាល់​ដែល​បាន​បង្ហាញ​ដោយ​ព្រះអង្គ​សង្គ្រោះ ព្រម​ទាំង​អ្នកទាំងឡាយ​ណា​ដែល​បាន​ថ្លែងទីបន្ទាល់​ដោយ​ពួកព្យាការី និង​ពួកសាវក​នៅ​ថ្ងៃ​ចុង​ក្រោយ​ផងដែរ ។

គន្លឺះ​វគ្គ​បទគម្ពីរ​ និង​ប្រធានបទ​ខាងគោលលទ្ធិ​សំខាន់ៗ ។

នៅពេល​បុគ្គល​ម្នាក់ៗ​ឲ្យតម្លៃ​សេចក្ដីពិត​ដ៏អស់កល្ប​នៅក្នុង​គំនិត និង​ដួងចិត្ត​របស់​ពួកគេ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​នាំ​សេចក្ដីពិត​ទាំងនេះ​ទៅកាន់​ការចងចាំ​របស់​ពួកគេ​ក្នុង​គ្រា​ដែលចាំបាច់ ហើយ​ផ្ដល់​ភាពក្លាហាន​ដល់​ពួកគេ​ដើម្បី​ធ្វើ​សកម្ម​ភាព​ក្នុង​សេចក្ដីជំនឿ ។ ប្រធាន ហាវើដ ដបុលយូ ហឹនធើរ បាន​បង្រៀន ៖

« ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក​យ៉ាង​ម៉ឹងមាត់​ឲ្យ​ប្រើ​បា្រស់​ព្រះគម្ពីរ​នៅក្នុង​ការបង្រៀន​របស់​អ្នក និង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​អំណាច​របស់​អ្នក​ដើម្បី​ជួយ​សិស្ស​ឲ្យ​ប្រើប្រាស់ និង​មាន​អារម្មណ៍​កាន់​តែ​កក់ក្តៅ​ចំពោះ​ព្រះគម្ពីរ ។ ខ្ញុំ​ចង់​ឲ្យ​យុវវ័យ​របស់​យើង​មាន​ទំនុក​ចិត្ត​លើ​ព្រះគម្ពីរ ។ …

« ទីមួយ យើង​ចង់​ឲ្យ​សិស្ស​មាន​ទំនុក​ចិត្ត​ទៅ​លើ​កម្លាំង និង​សេចក្ដី​ពិត​នៃ​ព្រះគម្ពីរ​ ដោយ​ទំនុក​ចិត្ត​ថា​ព្រះវរបិតាសួគ៌​របស់​ពួកគេ​ពិត​ជា​កំពុង​មាន​ព្រះបន្ទូល​ជាមួយ​ពួកគេ តាមរយៈ​ព្រះគម្ពីរ​ហើយ​មាន​ទំនុក​ចិត្ត​ថា​ពួកគេ​អាច​បែរ​ទៅរក​ព្រះគម្ពីរ ហើយ​រកឃើញ​ចម្លើយ​ចំពោះ​បញ្ហា និង​ការអធិស្ឋាន​ទាំងឡាយ​របស់​ពួកគេ ។ …

« … យើង​សង្ឃឹម​ថា គ្មាន​សិស្ស​ណាម្នាក់​របស់​អ្នក នឹង​ចាកចេញ​ពី​ថ្នាក់​របស់​អ្នក​ដោយ​ការភ័យ​ខ្លាច ឬ ខ្មាស់​គេ ឬ អាម៉ាស់​មុខ ដែល​ពួកគេ​មិន​អាច​រក​ជំនួយ​ដែល​ពួកគេ​ត្រូវការ ដោយសារ​ពួក​គេ​មិនមាន​ចំណេះ​ដឹង​ពី​ព្រះគម្ពីរ​គ្រប់គ្រាន់ ក្នុង​ការរក​វគ្គគម្ពីរ​​ត្រឹមត្រូវនោះទេ » ( « Eternal Investments » ទំព័រ ២ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​តម្លៃ​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច និង​ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​ពួកគេ​ទៅ​លើ​ព្រះគម្ពីរ ថ្នាក់​សិក្ខា​សាលា និង ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ( ស&វ ) បាន​ជ្រើស​រើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​មួយ​ចំនួន និង​បាន​រៀបចំ​បញ្ជី​នៃ​ប្រធានបទ​គោលលទ្ធិ ។ ការសិក្សា​អំពី​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ និង​គោលលទ្ធិ​ទាំង​នេះ​គួរ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ជាមួយ​គ្នា ដើម្បី​ឲ្យ​សិស្ស​​រៀន​បង្ហាញ​អំពី​គោលលទ្ធិ​ទាំង​នេះ​ទៅ​តាម​ពាក្យ​សម្តី​របស់​ខ្លួន ហើយ​ប្រើ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដើម្បី​ជួយ​ពួកគេ​ពន្យល់ និង​ធ្វើ​ជា​សាក្សី​អំពី​សេចក្ដី​ពិត​ទាំង​នេះ ។

ចំណេះចំណាន​ខាង​គោល​លទ្ធិ

ស&វ បាន​ជ្រើស​រើស​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ចំនួន ២៥ សម្រាប់​វគ្គ​សិក្សា​ថ្នាក់​សិក្ខាសាលា​នីមួយៗ​ក្នុង​ចំណោម​វគ្គ​សិក្សា​ទាំង​បួន​នេះ ។ វគ្គបទ​គម្ពីរ​ទាំង​នេះ​ផ្តល់​នូវ​គ្រឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ការយល់ដឹង និង​ចែកចាយ​ដំណឹង​ល្អ និង​សម្រាប់​ពង្រឹង​សេចក្តី​ជំនឿ ។ សិស្ស​ថ្នាក់​សិក្ខាសាលា​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អភិវឌ្ឍ « ចំណេះចំណាន » នៃ​វគ្គបទគម្ពីរ​ទាំង​នេះ​ដូច​ដែល​បានពិពណ៌នា​ខាងក្រោម ។ សិស្ស​ថ្នាក់វិទ្យាស្ថាន​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្ថាបនា​លើ​គ្រឹះ​នៃ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ទាំង ១០០ នេះ និង​អភិវឌ្ឍ​ការយល់​ដឹង​ដ៏​ជ្រាល​ជ្រៅ​អំពី​វគ្គបទ​គម្ពីរ​គន្លឹះ​ផ្សេង​ទៀត​នៃ​ព្រះគម្ពីរ ។

ចំណេះចំណាន​វគ្គបទគម្ពីរ​រួម​មាន ៖

  • ការកំណត់​ទីតាំង ខគម្ពីរ​ដោយ​ការដឹង​អំពី​សេចក្ដី​យោង​នៃ​ព្រះគម្ពីរ​ដែល​ជាប់​​ទាក់ទង ។

  • ការយល់ដឹង អំពី​បរិបទ និង​មាតិកា​នៃវគ្គបទ​គម្ពីរ ។

  • ការអនុវត្ត គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គបទគម្ពីរ ។

  • ការទន្ទេញ វគ្គបទគម្ពីរ ។

ការទន្ទេញ​អាច​ជា​ឧបករណ៍​ដ៏​អស្ចា្យ​មួយ​ដើម្បី​ជួយ​សិស្ស​ស្គាល់ និង​ស្រលាញ់​វគ្គបទគម្ពីរ​​ដែល​បាន​ជ្រើសរើស ។ ដូច​ដែល​អែលឌើរ រីឆាត ជី​ស្កត បាន​ពន្យល់ « នៅ​ពេល​ដែល​ព្រះគម្ពីរ​ត្រូវ​បាន​ប្រើ​ទៅ តាម​អ្វីដែល​ព្រះអម្ចាស់​បាន​បណ្តាល​ឲ្យ​បទគម្ពីរ​នោះ​ត្រូវ​បាន​កត់ត្រាទុក បទគម្ពីរ​នោះ​មាន​ព្រះចេស្តា​នៅ​ក្នុង​នោះ​ដែល​មិន​អាច​យល់​បាន​តាម​ការសរសេរ​ជា​ឃ្លា​បាន​ឡើយ » ( « He Lives » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៩ ទំព័រ ៨៨ ) ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ត្រូវតែ​យកចិត្ត​ទុកដាក់ ដើម្បី​សម្របសម្រួល​ដល់​សមត្ថភាព និង​ស្ថានភាព​ដែល​បាន​រំពឹង​ទុក​របស់​សិស្ស​ម្នាក់ៗ ។ សិស្ស​មិន​គួរមាន​អារម្មណ៏​អៀនខ្មាស ឬ​អាម៉ាស ឬ​មាន​អារម្មណ៍​លើសលប់​នោះទេ​បើ​​ទន្ទេញ​មិន​ចាំ ។

គ្រូបង្រៀន​នឹង​អាច​ជា​ជំនួយ​ដ៏​ប្រសើរ​ដល់​សិស្ស​របស់​គាត់ បើសិន​ជា​ពួកគាត់​ចេះ​វគ្គ​បទគម្ពីរ​ទាំងនេះ​ដោយ​ខ្លួន​ឯង ។ នៅ​ពេល​ដែល​គ្រូបង្រៀន​យោងទៅ​វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ​ដោយ​មាន​ភាព​ខ្ជាប់ខ្ជួន រក្សា​ការរំពឹង​ទុក​សមរម្យ និង​ប្រើ​វិធីសាស្ត្រ​ដែល​ទាក់ទាញ​ចំពោះ​វិធី​រៀន​ផ្សេង​គ្នា នោះ​ពួកគេ​នឹង​កាន់តែ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការជួយ​សិស្ស​ឲ្យ​ចេះ​វគ្គបទគម្ពីរ​សំខាន់ៗ​ទាំង​នេះ ។ ក្នុង​អំឡុង​ពេល​មេរៀន វគ្គ​បទគម្ពីរ​ចំណេះចំណាន​ខាងគោលលទ្ធិ គួរ​តែ​ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ជាក់​ពី​គោលលទ្ធិ និង​គោលការណ៍​ដែល​ទាក់ទងគ្នា ។ គោលលទ្ធិ និង​គោលការណ៍​ទាំងនោះ​អាច​ប្រើ​ជា​ប្រធានបទ​សម្រាប់​ការប្រជុំ​ធម្មនិដ្ឋាន ឬ​សម្រាប់​ដាក់​តាំង​បង្ហាញ​នៅ​កន្លែង​ណា​មួយ​ក្នុង​ថ្នាក់រៀន ។ សិស្ស​ក៏​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្សា និង​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ទាំងនោះ​នៅ​ក្រៅ​ថ្នាក់​ផង​ដែរ ។

រូបភាព
បុរស​ពីរ​នាក់​កំពុង​និយាយគ្នា

នៅ​ទី​តាំង​ដែល​គ្រូបង្រៀន​ជា​ច្រើន​បម្រើការ​ជាមួយ​គ្នា​នៅ​សាលារៀន​មួយ នោះ​ការរៀនសូត្រ​របស់​សិស្ស​នឹង​ត្រូវ​បាន​ពង្រឹង​នៅ​ពេល​សមាជិក​សាលារៀន​នោះ​ប្រើ​វិធី​សាស្ត្រ​រួម​គ្នា​មួយ​ចំពោះ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ គ្រូ​បង្រៀន​ជារឿយៗ​អាច​ជ្រើស​រើស​រំឭក​ឡើងវិញ​នូវ​សេចក្ដី​យោង​នៃ​ចំណេះចំណាន​ខាង​គោលលទ្ធិ​កាលពី​ឆ្នាំ​មុន ដើម្បី​ឲ្យ​សិស្ស​អាច​រក្សា​ចំណេញចំណាន​នៃ​វគ្គបទគម្ពីរ​ទាំង​អស់​ដែល​បាន​ជ្រើស​រើស ។

ខណៈ​ពេល​ដែល​ចំណេះចំណាន​ខាង​គោលលទ្ធិ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​កម្មវិធី​សិក្សា វា​គួរ​តែ​បន្ថែម មិនមែន​ជា​ការ​គ្រប​ដណ្ដប់​លើ​ការ​សិក្សា​ព្រះគម្ពីរ​ជា​បន្តបន្ទាប់​ប្រចាំ​ថ្ងៃ​ឡើយ ។ គ្រូបង្រៀន​គួរ​តែ​មាន​ភាព​ឈ្លាស​វៃ​នៅក្នុង​ពេល​ដែល​ពួក​គេ​បែង​ចែក​វគ្គ​ចំណេះចំណាន​ខាង​គោលលទ្ធិ ។ គ្រូ​បង្រៀន​ដែល​បង្រៀន​សិស្ស​តាម​ផ្ទះ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​ថា​ថ្នាក់​ប្រចាំសប្តាហ៍​មិន​ក្លាយជា​សកម្មភាព​ចំណេះចំណាន​ខាង​គោលលទ្ធិ​ប្រចាំ​សប្តាហ៍​នោះទេ ។ គ្រូបង្រៀន​គួរ​ជ្រើសរើស​វិធីសាស្រ្ត សកម្មភាព និង​តន្ត្រី​ដែល​សមស្រប​តាម​សេចក្តី​ថ្លៃថ្នូរ ក្នុង​គោលបំណង និង​ស្មារតី​នៃ​ព្រះគម្ពីរ ហើយ​ជៀសវាង​ការទាស់ទែងគ្នា ។

ប្រធានបទ​ខាង​គោលលិទ្ធ

ប្រធានបទ​ខាង​គោលលិទ្ធ​ចំនួន ៩ ដែល​ត្រូវ​បាន​កំណត់ យក​មក​គូស​បញ្ជាក់​ទាំង​ក្នុង​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ។ គ្រូ​បង្រៀន​ត្រូវ​ជួយ​សិស្ស​ឲ្យ​ស្គាល់ យល់ ជឿ ពន្យល់ និង​អនុវត្ត​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ ។ ការធ្វើ​ដូច្នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទីបន្ទាល់​របស់​ពួកគេ និង​បង្កើន​ការដឹង​ណ​របស់​ពួកគេ​ចំពោះ​ដំណឹង​ល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ការសិក្សា​អំពី​ប្រធាន​បទ​ទាំង​នេះ​ក៏​នឹង​ជួយ​ពួកគេ​ឲ្យ​ត្រៀម​ខ្លួន​កាន់​តែ​ប្រសើរ​ដើម្បី​បង្រៀន​សេចក្ដីពិត​ដ៏​សំខាន់​ទាំង​នេះ​ទៅ​ដល់​អ្នក​ដទៃ​ផង​ដែរ ។

វា​សំខាន់​ក្នុង​ការចងចាំ​ថា​គោលលទ្ធិ​សំខាន់ៗ​ផ្សេង​ទៀត​នៃ​ដំណឹង​ល្អ ក៏​នឹង​ត្រូវ​បាន​បង្រៀន​ផង​ដែរ ទោះបី​ជា​វា​មិន​ត្រូវ​បាន​រាយបញ្ជី​នៅ​ក្នុង​ប្រធាន​បទ​ខាង​គោលលិទ្ធ​ក៏​ដោយ ។

ខាងក្រោម​នេះ​ជា​ប្រធានបទ​ខាង​គោលលិទ្ធ​ដែល​បាន​ជ្រើសរើស​ដោយ​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ៖

  • ក្រុមព្រះ

  • ផែនការ​នៃ​សេចក្តី​សង្គ្រោះ

  • ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ

  • ការស្ដារ​ឡើងវិញ

  • ពួកព្យាការី និង​វិវរណៈ

  • បព្វជិតភាព និង​កូនសោ​នៃ​បព្វជិតភាព

  • ពិធីបរិសុទ្ធ និង​សេចក្តី​សញ្ញា​ទាំងឡាយ

  • អាពាហ៍ពិពាហ៍ និង​គ្រួសារ

  • បទបញ្ញត្តិ​ទាំងឡាយ​

នៅពេល​គ្រូ​បង្រៀន​សិក្សា និង​យល់​អំពី​ប្រធានបទ​ទាំងនេះ​ផ្ទាល់​ខ្លួន នោះ​វា​នឹង​កាន់តែមាន​ភាព​ងាយស្រួល​ពេល​ធ្វើ​សេចក្តី​យោង និង​ថ្លែង​ទីបន្ទាល់​អំពី​ប្រធានបទ​ទាំងនេះ​នៅពេល​ពួកគេ​បង្រៀន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រូបង្រៀន​មិន​គួរ​បង្វែរ​ពី​ការ​បង្រៀន​បទគម្ពីរ​ជា​បន្ត​បន្ទាប់​ដើម្បី​ផ្តោត​តែ​ទៅលើ​ប្រធាន​បទ​តែមួយនោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គ្រូបង្រៀន​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ប្រុង​ប្រយ័ត្ន និង​ខ្ជាប់​ខ្ជួន​ទៅ​លើ​ប្រធាន​បទ​ទាំង​នេះ នៅ​ពេល​ដែល​វា​លេច​ឡើង​ជាធម្មតា​ក្នុង​អត្ថបទ​គម្ពីរ និងនៅក្នុង​វគ្គ​សិក្សា ។ តាម​វិធី​នេះ បញ្ជី​នៃ​ប្រធាន​បទ​ខាង​គោលលិទ្ធ​គឺ​ជា​ការរំឭក​មួយ​ដើម្បី​ផ្តោត​ទៅ​លើ​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ទាំង​នោះ ដែល​នឹង​មាន​តម្លៃ​បំផុត​ចំពោះ​សិស្ស និង​ដើម្បី​សង្កត់​ធ្ងន់​លើ​គោលលិទ្ធ​ទាំងនោះ​ពេញ​មួយ​វគ្គ​សិក្សា ។ ប្រធាន​បទ​ខាង​គោលលិទ្ធ​ទាំង​នេះ​ក៏​អាច​ត្រូវ​បាន​ប្រើ​ជា​ប្រធានបទ​សម្រាប់​ការប្រជុំធម្មនិដ្ឋាន​ផង​ដែរ ។

គ្រូបង្រៀន​ដ៏​ឈ្លាសវៃ​ម្នាក់​ក៏​នឹង​ចងចាំ​ផង​ដែរ​ថា​ការអត់ធ្មត់ និង​ភាពខ្ជាប់ខ្ជួន​គឺ​សំខាន់​ណាស់​នៅក្នុង​ការជួយ​សិស្ស​ឲ្យ​យល់​អំពី​ប្រធាន​បទ​ទាំង​នេះ ។ ពួកគេ​មិន​បាន​រំពឹង​ថា​សិស្ស​ម្នាក់​នឹង​​យល់​ទាំង​ស្រុង​អំពី​អ្វី​ៗ​ទាំង​អស់​ក្នុង​ពេល​តែ​មួយ​នោះ​ទេ ។ ព្រះអម្ចាស់​បង្រៀន​បុត្រាបុត្រី​របស់​ទ្រង់​ថា « មួយ​បន្ទាត់​ម្ដងៗ មួយ​សិក្ខាបទ​ម្ដង » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៩៨:១២ ) ។ គ្រូ​បង្រៀន និង​សិស្ស​គួរ​តែ​មើល​ឃើញ​ការយល់ដឹង​អំពី​ប្រធានបទ​ទាំង​នេះ ថា​ជាដំណើរការ​មួយ​ដែល​កើត​ឡើង​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​នៃ​ថ្នាក់​សិក្ខា​សាលា និង​បន្ត​នៅក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំទៀត​នៅ​ក្នុង​ថ្នាក់​វិទ្យាស្ថាន ។