ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
វិធីសាស្ត្រ ជំនាញ និង​និតិវិធី​នៃ​ការបង្រៀន


« វិធីសាស្ត្រ ជំនាញ និង​និតិវិធី​នៃ​ការបង្រៀន » វិធីសាស្ត្រ ជំនាញ និង​និតិវិធី​នៃ​ការបង្រៀន ( ឆ្នាំ ២០២៣ )

វិធីសាស្ត្រ ជំនាញ និង​និតិវិធី​នៃ​ការបង្រៀន » វិធីសាស្ត្រ ជំនាញ និង​និតិវិធី​នៃ​ការបង្រៀន

វិធីសាស្ត្រ ជំនាញ និង​និតិវិធី​នៃ​ការបង្រៀន

ការបង្រៀន​គឺ​ជា​កិច្ចការ​ដ៏​ស្មុគស្មាញ​មួយ​និង​មាន​ទ្រង់ទ្រាយ​ច្រើន ។ គោល​គំនិត និង​ឧទាហរណ៍​ជាច្រើន​អាច​ត្រូវបាន​រួមបញ្ចូល​នៅក្នុង​បញ្ជី​នៃ​វិធីសាស្រ្ត ឬ​បច្ចេកទេស​បង្រៀន ហើយ​ការពិភាក្សា​ពេញលេញ​របស់វា​ទាំងនោះ​នឹងមាន​ចំនួន​ច្រើន ។ ទោះ​ជា​យ៉ាង​ណា យើង​អាច​ផ្គុំ​វា​ទៅ​ជា​ផ្នែក​ទូទៅ​មួយ​ចំនួន​នៃ​វិធីសាស្ត្រ ជំនាញ និង​និតិវិធី​​នៃ​ការបង្រៀន​ដែល​សំខាន់​ចំពោះ​ការបង្រៀន​ឲ្យ​មាន​ប្រសិទ្ធភាព​បាន ។ ផ្នែក​នេះ​នឹង​បង្ហាញ​ផ្នែក​សំខាន់​ៗ​មួយ​ចំនួន ។

នៅ​ពេល​ធ្វើ​ការសម្រេច​ចិត្ត​ថា​ត្រូវ​ប្រើ​វិធីសាស្ត្រ​មួយ​ណា​នៅ​ក្នុង​ការបង្រៀន នោះ​វា​ជា​ការ​សំខាន់​ដើម្បី​ចងចាំ​ថា វិធីសាស្ត្រ និង​ជំនាញ​ទាំងឡាយ​គឺជា​មធ្យោបាយ​តែ​មួយដើម្បី​សម្រេច​គោលដៅ​ដោយ​ពុំ​ចាំបាច់​ពឹង​ផ្អែក​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ឡើយ ។ គ្រូបង្រៀន​គួរតែ​ជ្រើសរើស​វិធីសាស្រ្ត​ដែល​ជួយសិស្ស​ឲ្យយល់​បានល្អ​បំផុត​នូវខ្លឹមសារ គោលលទ្ធិ និង​គោលការណ៍​នៃ​បណ្តុំ​បទគម្ពីរ​ជាក់លាក់មួយ ហើយ​វានឹង​សម្រួលដល់​ការស្អាងឡើង និង​ការអនុវត្ត ។ សូម​ចាំ​ក្នុង​ចិត្ត​ថា គោលបំណង​នៃ​ការប្រើ​ជំនាញ ឬ​បច្ចេកទេស​ជាក់លាក់​នឹង​ជួយ​គ្រូបង្រៀន ឲ្យអនុវត្ត​វា​នៅ​ក្នុង​របៀប​មួយ​ដែល​កាន់​តែ​មាន​អត្ថន័យ ។ វា​ក៏​សំខាន់​ក្នុង​ការ​ចងចាំ​ផង​ដែរ​ថា បើ​គ្មាន​ព្រះ​វិញ្ញាណទេ សូម្បី​តែ​វិធីសាស្ត្រ​បង្រៀន និង​និតិវិធី​នានា​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក៏​នឹង​មិន​ទទួល​បាន​ជោគជ័យ​ដែរ ។

សំណួរ

ការសួរ​សំណួរ​ដែល​មាន​ប្រសិទ្ធិ​ភាព គឺ​ជា​ជំនាញ​ដ៏​សំខាន់​បំផុត​មួយ​ដែល​គ្រូបង្រៀន​អាច​អភិវឌ្ឍ​បាន ។ សំណួរ​ទាំង​នេះ​អាច​ធ្វើ​ឲ្យ​សិស្ស​ចូលរួម​ក្នុង​ដំណើរការ​នៃ​ការយល់ដឹង​អំពី​ព្រះគម្ពីរ ហើយ​អាច​ជួយ​ពួកគេ​ឲ្យ​រកឃើញ និង​យល់​អំពី​សេចក្ដីពិត​សំខាន់ៗ​នៃ​ដំណឹងល្អ ។ សំណួរ​ទាំងឡាយ​ក៏​ជួយ​សិស្ស​ឲ្យ​រំឭកចាំ​​អំពី​របៀប​ដែល​ដំណឹងល្អ​មាន​ឥទ្ធិពល​មក​លើ​ជីវិត​រស់​នៅ​របស់​ពួកគេ ហើយ​ឲ្យ​ពួកគេ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​នៃដំណឹងល្អ​នា​ពេល​ឥឡូវ​នេះ និងនា​ពេល​អនាគត​ផងដែរ ។ ការសួរ​សំណួរ​ដ៏​មាន​ប្រសិទ្ធភាព​ក៏​អាច​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​អញ្ជើញ​យាង​ព្រះវិញ្ញាណ​បរិសុទ្ធ​មក​ក្នុង​បទពិសោធន៍​នៃ​ការរៀនសូត្រ​របស់​ពួកគេ នៅពេល​ពួកគេ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​របស់​ខ្លួន និង​បំពេញ​តួនាទី​របស់​ពួកគេ​នៅក្នុង​ដំណើរ​ការរៀនសូត្រ​ផងដែរ ។

វា​គឺ​ជា​ការខិតខំ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ការព្រៀង​សំណួរ​ដោយ​យក​ចិត្ត​ទុក​ដាក់​អំឡុង​ពេល​រៀបចំ​មេរៀន ដែល​នឹង​នាំ​ឲ្យ​មាន​ការយល់ដឹង ហើយ​ធ្វើ​ឲ្យ​គំនិត និង​ដួងចិត្ត​របស់​សិស្ស​ចាប់អារម្មណ៍​នៅ​ពេល​ពួកគេ​រៀន ។ នៅ​ពេល​កំពុង​រៀបចំ​សំណួរ គ្រូបង្រៀន​គួរ​កំណត់​គោល​បំណង​ជា​មុន​នូវ​សំណួរ​ជាក់លាក់​ណា​មួយ​ដែល​ពួកគេ​នឹង​សួរ​ ( ឧទាហរណ៍ គ្រូបង្រៀន​អាច​មាន​បំណង​ចង់​ឲ្យ​សិស្ស​រក​ឃើញ​ព័ត៌មាន នៅ​ក្នុង​វគ្គ​បទគម្ពីរ ដើម្បី​គិត​អំពី​អត្ថន័យ​នៃ​វគ្គ​មួយ ឬ​ដើម្បី​ចែកចាយ​ទីបន្ទាល់​នៃ​សេចក្ដី​ពិត​នៃ​គោលការណ៍​មួយ ) ។ បន្ទាប់​មក គ្រូបង្រៀន​គួរ​តែ​រៀបចំ​សំណួរ​ដោយ​យក​ចិត្ត​ទុក​ដាក់​ដោយ​មាន​នូវ​គោលបំណង​នោះ​នៅ​ក្នុង​គំនិត ។ ពាក្យ​មួយ​ចំនួន​ដែល​បាន​ជ្រើស​រើស​ដោយ​ប្រុង​ប្រយ័ត្ន អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង ថា​តើ​សំណួរ​នោះអាច​នាំ​ឲ្យ​មាន​លទ្ធផល​ដែល​ចង់​បាន​ដែរឬ​អត់ ។

គ្រូ​បង្រៀន​គួរ​តែ​ខិតខំ​រៀបចំ និង​សួរ​សំណួរ​ទាំងឡាយ​ណា​ដែល​ជំរុញ​ឲ្យ​មាន​ការគិត និង​ការទទួល​អារម្មណ៍ ។ ជា​ទូទៅ ពួកគាត់​គួរ​តែ​ចៀសវាង​សំណួរ​ទាំងឡាយ​ណា ដែល​អាច​ឆ្លើយ​ដោយ​សាមញ្ញ​ថា « បាទ ចាស៎ » ឬ « ទេ » ឬ​ដែល​ចម្លើយ​បង្ហាញ​យ៉ាង​ច្បាស់ ហើយ​មិនបាន​ជំរុញ​ឲ្យ​សិស្ស​គិត​សោះ ។ គ្រូបង្រៀន​ក៏​គួរ​ចៀសវាង​សំណួរ​ដែល​អាច​បង្ក​ឲ្យ​ខ្វែង​គំនិត​គ្នា ដោយសារ​រឿង​នេះ ដែល​អាច​ធ្វើ​ឲ្យ​សិស្ស​ខកចិត្ត ហើយ​បង្កើត​ជា​ជម្លោះ​នៅ​ក្នុង​ថ្នាក់​ដែល​ធ្វើ​ឲ្យ​មាន​វិញ្ញាណ​នៃ​ការទាស់ទែង ( សូមមើល នីហ្វៃ​ទី៣ ១១:២៩ ) ។

នៅ​ពេល​សួរ​សំណួរ​ក្នុង​ថ្នាក់ វា​សំខាន់​ដែល​គ្រូបង្រៀន​ត្រូវ​ទុក​ពេល​ឲ្យ​សិស្ស​គិត​ពិចារណា​អំពី​ចម្លើយ​របស់​ពួកគេ ។ ពេលខ្លះ​គ្រូបង្រៀន​សួរ​សំណួរ ចូរទុក​ពេល​មួយ​វិនាទី​ឬ​ពីរវិនាទី ហើយ​បន្ទាប់​មក​នៅពេល​គ្មាន​នរណា​ម្នាក់​ឆ្លើយ​នឹង​សំណួរ​នោះ គ្រូ​គួរផ្តល់​ចម្លើយ​ដល់​ពួកគេ​ដោយ​ខ្លួនឯង ។ ទោះជាយ៉ាងណាក៏ដោយ សំណួរ​ដែល​មាន​ប្រសិទ្ធភាព​ជា​ញឹកញាប់​តម្រូវ​ឲ្យ​មាន​ការគិត និង​ការត្រិះរិះ ហើយ​សិស្ស​អាច​នឹង​ត្រូវការ​ពេលវេលា​ដើម្បី​ស្វែងរក​ចម្លើយ​នៅ​ក្នុង​បទគម្ពីរ ឬ​រៀបចំ​ចម្លើយ​ដ៏​មាន​អត្ថន័យ​មួយ ។ ជួនកាល វា​អាច​មាន​ប្រយោជន៍​ដើម្បី​ឲ្យ​សិស្ស​មាន​ពេល​សរសេរ​ចម្លើយ​របស់​ពួកគេ​មុន​នឹង​ឆ្លើយ​តប ។

ព្រះយេស៊ូវ​គ្រីស្ទ​ជា​គ្រូបង្រៀន​ដ៏​ឆ្នើម ទ្រង់​បាន​ប្រើ​សំណួរ​ប្រភេទ​ផ្សេងៗ​គ្នា​ដើម្បី​លើក​ទឹកចិត្ត​ដល់​អ្នក​ដទៃ​ឲ្យ​ពិចារណា និង​អនុវត្ត​តាម​គោលការណ៍​ដែល​ទ្រង់​បាន​បង្រៀន ។ សំណួរ​របស់​ទ្រង់​​ប្រែប្រួល​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​ទ្រង់​កំពុង​ស្វែងរក ដើម្បី​នាំ​ចូល​ក្នុង​ជីវិត​របស់​អ្នក​ទាំង​នោះ ដែល​ទ្រង់​កំពុង​បង្រៀន ។ សំណួរខ្លះ​បាន​លើកទឹកចិត្ត​អ្នក​ស្តាប់​តាម​ទ្រង់​ឲ្យ​គិត និង​សំដៅ​ទៅ​លើ​ព្រះគម្ពីរ​សម្រាប់​ចម្លើយ​ដូចជា​ពេល​ដែលទ្រង់​សួរ​ថា « ក្នុង​ក្រឹត្យវិន័យ តើ​មាន​កត់​ទុក​យ៉ាង​ដូច​ម្តេច​ខ្លះ ? តើ​អ្នក​មើល​យល់​ដូច​ម្តេច ? » ( លូកា ១០:២៦ ) ។ សំណួរ​ផ្សេង​ទៀត​មាន​បំណង​ដើម្បី​អញ្ជើញ​ឲ្យ​មាន​ការតាំងចិត្ត នៅ​ពេល​ទ្រង់​បាន​សួរ​ថា « តើ​អ្នក​រាល់​គ្នា​គួរ​ធ្វើ​ជា​មនុស្ស​បែប​ណា​ទៅ ? » ( នីហ្វៃ​ទី៣ ២៧:២៧ ) ។

ខណៈ​ដែល​មាន​សំណួរ​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​គ្រូបង្រៀន​អាច​សួរ នោះ​មាន​សំណួរ​ទូទៅ​បួន​ប្រភេទ​ដែល​សំខាន់​ជា​ពិសេស​នៅ​ក្នុង​ការបង្រៀន និង​ការរៀនសូត្រ​អំពី​ដំណឹងល្អ ៖

  1. សំណួរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ ស្វែងរក​ព័ត៌មាន

  2. សំណួរ​ដែល​នាំ​ឲ្យ​សិស្ស វិភាគ​សម្រាប់​ការយល់ដឹង

  3. សំណួរ​ដែល អញ្ជើញ​ឲ្យ​មាន​អារម្មណ៍ និង​ទីបន្ទាល់

  4. ​សំណួរ​ដែល លើកទឹកចិត្ត​ឲ្យ​អនុវត្ត

សំណួរ​ដែល​អញ្ជើញ​សិស្ស​ឲ្យ ស្វែងរក​ព័ត៌មាន

រូបភាព
សិស្ស​ក្នុង​ថ្នាក់

សំណួរស្រាវជ្រាវ ជួយ​សិស្ស​ស្ថាបនា​ការយល់ដឹង​ជា​មូលដ្ឋាន​របស់​ពួកគេ​អំពី​ព្រះគម្ពីរ ដោយ​អញ្ជើញ​ពួកគេ​ឲ្យ​ស្វែងរក​ព័ត៌មាន​លម្អិត​សំខាន់ៗ​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​បណ្តុំ​បទគម្ពីរ ។ ដោយសារតែ​សំណួរ​ស្រាវជ្រាវ​លើក​ទឹកចិត្ត​ដល់​សិស្ស​ឲ្យ​ស្វែងរក​ព័ត៌មាន​នៅ​ក្នុង​អត្ថបទ​ព្រះគម្ពីរ នោះ​វាមាន​ប្រយោជន៍​ដើម្បី​សួរ​សំណួរ​បែបនេះ មុន​ពេល​អាន​ខគម្ពីរ​ដែល​មាន​ចម្លើយ​នៅ​ក្នុង​នោះ ។ ចំណុច​នេះ​ធ្វើ​ឲ្យ​សិស្សយក​ចិត្ត​ទុក​ដាក់ ហើយ​អនុញ្ញាត​ឲ្យ​ពួកគេ​រកឃើញ​ចម្លើយ​នៅ​ក្នុង​ដំណើរ​រឿង​ព្រះគម្ពីរ​ ។

សំណួរស្រាវជ្រាវ ជាញឹកញាប់​រួមមាន​ពាក្យ​ដូចជា​អ្នកណា អ្វី ពេលណា របៀបណា កន្លែងណា និង ហេតុអ្វី ។ ឧទាហរណ៍មួយចំនួន​នៃ​សំណួរ​ដែល​អញ្ជើញ​សិស្សឲ្យ ស្វែងរក​ព័ត៌មាន រួមមាន ៖

  • យោង​តាម ម៉ាថាយ ១៩:២២, ហេតុ​អ្វី បាន​ជា​កំឡោះ​អ្នក​មាន​ចាកចេញ​ទាំង​ព្រួយ​ចិត្ត ?

  • នៅ​ក្នុង សាំយូអែល​ទី១ ១៧:២៤ តើ​មនុស្ស​នៃ​សាសន៍​អ៊ីស្រាអែល​បាន​ឆ្លើយ​តប​ យ៉ាង​ដូចម្ដេច នៅ​ពេល​ពួកគេ​បាន​ឃើញ​កូលីយ៉ាត ? តើដាវីឌ​បាន​ឆ្លើយ​តប យ៉ាង​ដូចម្តេច នៅក្នុង ខ​ទី ២៦ ?

  • តើ​អាលម៉ា​បាន​ផ្ដល់​ដំបូន្មាន អ្វីខ្លះ ដល់​ស៊ិបឡុន​ជាកូនប្រុស​របស់​លោក នៅក្នុង អាលម៉ា ៣៨:៥–១៥ ?

ចម្លើយ​ចំពោះ​សំណួរ​ស្រាវជ្រាវ​គួរតែ​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​ការយល់ដឹង​អំពី​ប្រភេទ​សំណួរ​ផ្សេង​ទៀតដែលក្រោយ​មក​អាច​ស្ថាបនា​ការយល់ដឹង និង​ការអនុវត្តកាន់​តែ​ប្រសើរ​ឡើង ។ សំណួរ​របស់​ព្រះអង្គ​សង្គ្រោះ​ថា « តើ​មនុស្ស​ទាំងឡាយ គេ​ថា​កូន​មនុស្ស​ជា​អ្នក​ណា ? » ( ម៉ាថាយ ១៦:១៣ ) បាន​បង្កើតជា​ព័ត៌មាន​សាច់រឿង ។ ចម្លើយ​ដែល​ពួកសិស្ស​របស់​ទ្រង់​បាន​ផ្តល់​ឲ្យ បាន​រៀបចំ​ពួកគេ​សម្រាប់​សំណួរ​ដែល​កាន់​តែ​ពិបាក​ជាង​នោះ​ថា « ចុះ​ឯ​អ្នក​រាល់​គ្នា​វិញ​តើ​ថា​ខ្ញុំ​ជា​នរណា ? » ( ម៉ាថាយ ១៦:១៥ )។ 

សំណួរ​ដែល​នាំ​សិស្ស​ឲ្យ វិភាគ​សម្រាប់​ការយល់ដឹង

សំណួរវិភាគ ​ជា​ធម្មតា​ត្រូវ​បាន​សួរ​បន្ទាប់​ពី​សិស្ស​បាន​ស្គាល់​ខគម្ពីរ​ដែល​ពួកគេ​កំពុង​សិក្សា ។ ពួកគេ​អាច​អញ្ជើញ​អ្នករៀន​ឲ្យ​ស្វែងរក​ការយល់ដឹង​កាន់តែ​ទូលំទូលាយ និង​ជ្រាល​ជ្រៅ​អំពី​បទគម្ពីរ ។ សំណួរ​នោះ​អាច​ជួយ​សិស្ស​ឲ្យ​សិក្សា​អំពី​ទំនាក់ទំនង និង​គំរូ​ទាំងឡាយ ឬ​រកឃើញ​ពី​ភាពផ្ទុយគ្នា​នៅ​ក្នុង​បទគម្ពីរ ។ ការវិភាគ​សំណួរ​តែងតែ​មាន​ចម្លើយ​ច្រើន​ជាង​មួយ​ជានិច្ច ។

រូបភាព
ការអាន​ក្នុង​ថ្នាក់

សំណួរ​វិភាគ ជាទូទៅ​ឆ្លើយតប​យ៉ាងហោចណាស់​សម្រាប់ គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ទាំងបី ។ គោលបំណង​ទាំងនោះ​អាច​ជួយ​សិស្ស​ឲ្យ ៖

  • មាន​ការយល់ដឹង​កាន់តែ​ច្បាស់​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បទគម្ពីរ ។

  • ចេះ​កំណត់បាន​នូវ​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ ។

  • ចេះ​អភិវឌ្ឍ​ការយល់ដឹង​ស៊ីជម្រៅ​អំពី​គោលការណ៍ និង​គោលលទ្ធិ​ទាំងនោះ ។

ការជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ច្បាស់​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បទគម្ពីរ ។ សំណួរ​វិភាគ​អាច​ជួយ​សិស្ស​ឲ្យ​ពង្រីក​ការយល់​ដឹង​របស់​ពួកគេ​អំពី​អត្ថបទ និង​ព្រឹត្តិការណ៍​នៃ​បទគម្ពីរ​ដោយ​ជួយ​ពួកគេ​ឲ្យ​ពិនិត្យ​មើល​វគ្គ​បទគម្ពីរ នៅ​ក្នុង​បរិបទ​នៃ​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​សាច់រឿង ឬ​នៅ​ក្នុង​ការបំភ្លឺ​វគ្គបទគម្ពីរផ្សេងទៀត ។ សំណួរ​បែប​នេះ​ក៏​អាច​ជួយ​សិស្ស​ឲ្យ​បញ្ជាក់​អំពី​អត្ថន័យ​នៃ​ពាក្យ​ឬ​ឃ្លា និង​ជួយ​ពួកគេ​ក្នុង​ការវិភាគ​ព័ត៌មាន​លម្អិត​នៃ​រឿង​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ ដំណើរការ​នេះ​រៀបចំ​សិស្ស​ឲ្យ​មាន​លទ្ធភាព​ស្គាល់​អំពី​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ ។

ឧទាហរណ៍​ប្រភេទ​សំណួរ​ទាំងនេះ​រួមមាន ៖

  • តើ​ការពន្យល់​របស់​ព្រះយេស៊ូវ​នៅ​ក្នុង ម៉ាថាយ ១៣:១៨-២៣ ជួយ​យើង​ឲ្យ​យល់​អំពី​ការបង្រៀន​របស់​ទ្រង់​នៅក្នុង ខ ៣-៨ យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​ឃើញ​ភាព​ខុស​គ្នា​អ្វី​ខ្លះ ចំពោះ​ការឆ្លើយ​តប​របស់​លេមិន និង​លេមយួល ទៅនឹង​ការឆ្លើយ​តប​របស់​នីហ្វៃ ចំពោះ​ការណែនាំ​របស់​ទេវតា ? ( សូមមើល នីហ្វៃ​ទី១ ៣:៣១; ៤:១–៧ ) ។

  • តើ​អ្វី​ជា​ហេតុ​នាំ​ឲ្យ​បាត់​បង់​ទំព័រ​ទាំង ១១៦ ដែល​ជំរុញ​ឲ្យ​ព្រះអម្ចាស់​ផ្តល់​ដំបូន្មាន​ដល់ យ៉ូសែប ស្ម៊ីធ​ថា « មិន​ត្រូវ​ខ្លាច​មនុស្ស​ជាង​ព្រះ​ឡើយ » ? ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣:៧ ) ។

ការជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹងល្អ ។ ពេល​សិស្ស​អភិវឌ្ឍ​ការយល់ដឹង​របស់​ពួកគេ​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បទគម្ពីរ នោះ​ពួកគេ​អាច​កំណត់បាន​កាន់​តែ​ប្រសើរ​នូវ​គោលការណ៍ និង​គោលលទ្ធិ​ដែល​មាន​ក្នុង​នោះ ។ សំណួរវិភាគ​​អាច​ជួយ​សិស្ស​ឲ្យ​ធ្វើ​សេចក្តី​សន្និដ្ឋាន និង​បញ្ជាក់​យ៉ាងច្បាស់លាស់​អំពី​គោលការណ៍ ឬ​គោលលទ្ធិ​នានា​ដែលបាន​រកឃើញ​នៅក្នុង​បណ្តុំ​បទគម្ពីរ ( សូមមើល ផ្នែក ២.៥.១ « ការកំណត់​អត្តសញ្ញាណ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ » នៅ​ទំព័រ ២៦ ) ។

ឧទាហរណ៍​មួយ​ចំនួន​នៃ​សំណួរ​ទាំងនេះ​រួមមាន ៖

  • តើ​មាន​គោលការណ៍​អ្វី​ខ្លះ​ដែល​បាន​បង្ហាញ​ពីភាព​ជោគជ័យ​របស់​នីហ្វៃ ក្នុង​ការទទួល​បាន​ផ្ទាំង​លង្ហិន​ទោះ​បី​ជា​មាន​ការលំបាក​ជាខ្លាំង​យ៉ាងណា​ក៏​ដោយ ? ( សូមមើល នីហ្វៃ​ទី១ ៣-៤ ) ។

  • តើ​មាន​គោលលទ្ធិ​អ្វី​ខ្លះ​ដែល​ទាក់ទង​ទៅ​នឹង​និស្ស័យ​នៃ​ព្រះ​ដែល​យើង​អាច​រៀន​ចេញ​ពី​ការនិមិត្ត​ដំបូង ? ( សូមមើល យ៉ូសែប​ស្ម៊ីធ—ប្រវត្ដិសាស្ដ្រ ១:១៥-២០ ) ។

  • តើ​មាន​មេរៀន​អ្វី​ខ្លះ​ដែល​យើង​អាច​រៀន​ចេញពី​ការខិតខំ​ពុះពារ​ដោយ​ស្ត្រី​មាន​ជំងឺ​ធ្លាក់​ឈាម​ដែល​ឈោងទៅ​ពាល់​ព្រះសង្រ្គោះ ហើយ​ជា​លទ្ធផល​ទ្រង់​បាន​ឆ្លើយ​តប​ចំពោះ​នាង ? ( ម៉ាកុស ៥:២៤-៣៤ ) ។

ការ​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ការយល់ដឹង​កាន់​តែ​ជ្រាល​ជ្រៅ​អំពី​គោលការណ៍ និង​គោលលទ្ធិ​នានា ។ បន្ថែម​ពី​លើ ការកំណត់ គោលការណ៍ និង​គោលលទ្ធិនានា នោះ​សិស្ស​ត្រូវការ យល់ដឹង​អំពី គោលការណ៍​ទាំង​នោះ​មុន​ពេល​ពួកគេ​អាច​អនុវត្ត​បាន​យ៉ាង​មាន​អត្ថន័យ ។ សំណួរ​ដែល​នាំ​ទៅ​រក​ការយល់​ដឹង​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​គោលការណ៍ ឬ​គោលលទ្ធិ​ជាក់លាក់​មួយ ដែល​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​អំពី​គោលការណ៍​មួយ​នៅ​ក្នុង​បរិបទ​សម័យ​ទំនើប ឬ​ដែល​អញ្ជើញ​សិស្ស​ឲ្យ​ពន្យល់​អំពី​ការយល់ដឹង​របស់​ពួកគេ​អំពី​គោលការណ៍​មួយ គឺ​ជា​ជំនួយ​យ៉ាង​ពិសេស ។ ខាងក្រោម​នេះគឺជា​ឧទាហរណ៍​​មួយ​ចំនួន ៖

  • តើ​មាន​ភស្តុតាង​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​យើង​បាន​ស្រឡាញ់​ព្រះ​ឲ្យ​ « អស់​ពីសមត្ថភាព អស់​ពី​គំនិត និង​អស់​ពី​កម្លាំង » របស់​យើង ? ( មរ៉ូណៃ ១០:៣២ ) ។

  • ហេតុអ្វី​បាន​ជា​ការអធិស្ឋាន​តែងតែ​ជួយ​អ្នក​ឲ្យ​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ដែល​ជា​ភាពចាំបាច់​ដើម្បី​យក​ឈ្នះ​ការល្បួង​បែប​នេះ​ ដូចជា​ការ​និយាយ​មិន​ទន់ភ្លន់​ទៅ​កាន់​អ្នក​ដទៃ ឬ​ការចូលរួម​ក្នុង​ការកម្សាន្ត​ដែល​ប្រមាថ​ដល់ព្រះវិញ្ញាណ ? ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១០:៥ ) ។

  • តើ​អ្នក​នឹង​ឃើញ​ឥរិយាបថ និង​ចរិត​លក្ខណៈ​អ្វី​ខ្លះ​ក្នុង​ជីវិត​របស់​បុគ្គល​ម្នាក់​ដែល​កំពុង​ស្ថាបនា​នៅ​លើ​គ្រឹះ​របស់​ព្រះគ្រីស្ទ ? ( សូមមើល ហេលេមិន ៥:១-១៤ ) ។

  • ដោយ​ប្រើ​នូវ​អ្វី​ដែល​យើង​បាន​រៀន​នៅក្នុង អាលម៉ា ៤០ តើ​អ្នក​នឹង​ពន្យល់​អំពី​គោលលទ្ធិ​នៃ​ការរស់​ឡើងវិញ​ទៅកាន់​មិត្ដភក្ដិ​ដែល​មិនមាន​ជំនឿ​ដូច​ជា​យើង​ដោយ​របៀបណា ?

សំណួរ​ដែល អញ្ជើញ​ឲ្យ​មាន​អារម្មណ៍ និង​ទីបន្ទាល់

សំនួរ​ខ្លះ​ជួយ​សិស្ស ឲ្យ​គិត និង យល់​ អំពី​គោលការណ៍ និង​គោលលទ្ធិ​នៃ​ដំណឹង​ល្អ ខណៈពេល​ដែល​សំនួរ​ផ្សេង​ទៀត​អាច​ធ្វើ​ឲ្យ​វា​ឆ្លុះ​បញ្ចាំង​ពី​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​ដឹកនាំ​សិស្ស​ឲ្យ មាន​អារម្មណ៍ កាន់​តែ​ជ្រាល​ជ្រៅ​អំពី​សេចក្ដី​ពិត និង​សារៈសំខាន់​នៃ​គោលការណ៍​ដំណឹងល្អ ឬ​គោលលទ្ធិ​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ជាច្រើនលើកកន្លងមក អារម្មណ៍​ទាំងនោះ​បាន​ជំរុញ​ឲ្យ​មាន​បំណងប្រាថ្នា​កាន់តែ​ខ្លាំងឡើង​ក្នុង​ដួងចិត្ត​របស់សិស្ស ដើម្បី​រស់នៅ​តាម​គោលការណ៍​ដំណឹងល្អ​មួយ​ឲ្យ​កាន់តែ​មាន​ភាពស្មោះត្រង់​ជាងមុន ។ នៅក្នុង​សុន្ទរកថា​ទៅ​កាន់​គ្រូបង្រៀន​ផ្នែក​សាសនា ស៊ី. អ៊ី. អេស. ប្រធាន ហិនរី ប៊ី អាវរិង បាន​ប្រើ​សំណួរ​បែប​នេះ​នៅ​ពេល​លោក​ថ្លែង​ថា ៖

រូបភាព
សិស្ស​លើក​ដៃ

« សំណួរ​ខ្លះ​អញ្ជើញ​ការបំផុសគំនិត ។ គ្រូបង្រៀន​ល្អ​សួរ​សំណួរ​ទាំង​នោះ ។ … នេះ​គឺជា​សំណួរ​មួយ​ដែល​អាច​នឹង​មិន​អញ្ជើញ​ការបំផុស​គំនិត ៖ ‹ តើ​ស្គាល់​ព្យាការី​ពិត​ម្នាក់​បាន​យ៉ាង​ដូច​ម្ដេច ? › សំណួរ​នោះ​អញ្ជើញ​ឲ្យ​មាន​ចម្លើយ​មួយ​ដែល​ជា​បញ្ជី ដែល​ត្រូវ​បាន​ដកស្រង់​ចេញ​ពី​ការចងចាំ​នៃ​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​នៅរស់ ។ សិស្ស​ជាច្រើន​អាច​ចូលរួម​ក្នុង​ការឆ្លើយ​បាន ។ សិស្ស​ភាគ​ច្រើន​​យ៉ាង​ហោចណាស់ផ្តល់​យោបល់​ល្អ​មួយ ។ ហើយ​នឹង​ត្រូវ​បាន​ជំរុញ​ចិត្ត ។

« ប៉ុន្តែ​យើង​ក៏​អាច​សួរ​សំណួរ​តាម​វិធី​នេះ​បាន​ផងដែរ​ដោយ​គ្រាន់​តែ​មាន​ភាព​ខុស​គ្នា​បន្តិច​ ៖ ‹ តើ​នៅ​ពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា​អ្នក​នៅ​ក្នុង​វត្តមាន​របស់​ព្យាការី ? › ការណ៏​នោះ​នឹង​អញ្ជើញ​បុគ្គល​ទាំងឡាយ​ឲ្យ​ស្វែងរក​អនុស្សាវរីយ៍​របស់​ពួកគេ​សម្រាប់​អារម្មណ៍​នោះ ។ បន្ទាប់​ពី​សួរ​ហើយ នោះ​យើង​អាច​រង់ចាំ​មួយ​ភ្លែត​មុន​នឹង​សុំ​ឲ្យ​នរណា​ម្នាក់​ឆ្លើយ​តប ។ សូម្បី​តែ​អ្នក​ដែល​មិន​និយាយ​ក៏​នឹង​គិត​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដែរ ។ ការណ៍​នោះ​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( « The Lord Will Multiply the Harvest » ទំព័រ ៦ ) ។

សំណួរ​បែប​នេះ​អញ្ជើញ​សិស្ស​ឲ្យ​ឆ្លុះ​បញ្ចាំង​អំពី​អតីតកាល ដើម្បី « ស្វែងរក​អនុស្សាវរីយ៍​ចេញ​ពី​អារម្មណ៍​របស់​ពួកគេ » ហើយ​ត្រូវ​គិត​អំពី​បទពិសោធន៍​ខាង​វិញ្ញាណ​របស់​ពួកគេ​ដែល​ទាក់ទង​ទៅ​នឹង​គោលលទ្ធិ ឬ​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​កំពុង​ពិភាក្សា ។ ជា​ញឹកញាប់ សំណួរ​ទាំងនេះ​ធ្វើ​ឲ្យ​សិស្ស​ចែកចាយ​អារម្មណ៍​និង​បទពិសោធន៍​ទាំង​នោះ ឬ​មាន​ទីបន្ទាល់​អំពី​គោលលទ្ធិ ឬ​គោលការណ៍​មួយ ។ សំណួរ​ទាំងនេះ​ជួយ​នាំ​ដំណឹងល្អ​ពី​ក្នុង​គំនិត​របស់​សិស្ស​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ។ ហើយ​នៅ​ពេល​ពួកគេ ដឹង ក្នុង​ដួងចិត្ត​របស់​ពួក​គេអំពី​សេចក្តី​ពិត​ដ៏​ពេញលេញ និង​សារៈសំខាន់​នៃ​គោលលទ្ធិ ឬ​គោលការណ៍​នៃ​ដំណឹងល្អ​មួយ នោះ​ពួកគេ​កាន់​តែ​អនុវត្ត​តាម​គោលលិទ្ធ ឬគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត​របស់​ពួកគេ ។

នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​សំណួរ​ដែល​អាច​ជំរុញ​អារម្មណ៍ និង​អញ្ជើញ​ឲ្យ​មាន​ទីបន្ទាល់ ៖

  • តើ​អ្នក​មាន​អារម្មណ៍​សុខសាន្ត និង​អំណរ​ដែល​បាន​មក​ពី​ការអភ័យ​ទោស​ដល់​នរណា​ម្នាក់​នៅ​ពេល​ណា ?

  • សូម​គិត​អំពី​គ្រា​មួយ​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ការសម្រេចចិត្ត​របស់​អ្នក ដោយសារ​តែ​អ្នក​ទុកចិត្ត​លើ​ទ្រង់​ជា​ជាង​ការពឹងផ្អែក​លើ​ការចេះដឹង​ផ្ទាល់ខ្លួន​របស់​អ្នក ( សូមមើល សុភាសិត ៣:៥–៦ ) ។ តើ​អ្នក​បាន​ទទួល​ពរ​ដោយ​ព្រោះ​ការធ្វើ​ដូច្នោះ​យ៉ាង​ដូចម្ដេច ?

  • ប្រសិន​បើ​អ្នក​អាច​បង្ហាញ​ការដឹង​គុណ​របស់​អ្នក​ទៅ​កាន់​ព្រះអង្គសង្គ្រោះដោយផ្ទាល់ ​ចំពោះ​ការលះបង់​របស់​ទ្រង់​សម្រាប់អ្នក តើ​អ្នក​នឹង​ប្រាប់​អ្វីខ្លះ​ដល់​ទ្រង់ ?

  • តើ​ជីវិត​របស់​អ្នក​ខុស​គ្នា​យ៉ាង​ដូចម្ដេច​ដោយសារ​តែ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ?

  • តើ​អ្នក​បាន​ឃើញ​អ្នក​ដទៃ​ឆ្លើយតប​ដោយ​ស្មោះត្រង់​ចំពោះ​ការសាកល្បង​នៅ​ពេល​ណា ? តើ​វា​បាន​ជះ​ឥទ្ធិពល​ដល់​អ្នក​យ៉ាង​ដូចម្តេច ?

ពាក្យ​ដាស់តឿន ៖ ការឆ្លើយតប​ចំពោះ​សំណួរ​មាន​លក្ខណៈ​បែប​នេះ​អាច​ជា​រឿង​ពិសេស​ផ្ទាល់ខ្លួន និង​ជា​ចំណុច​រសើប ។ គ្រូ​បង្រៀន​គួរតែ​ធានា​ថា​សិស្ស​មិន​ដែល​មាន​អារម្មណ៍​ថា​បង្ខំ​ឲ្យ​ឆ្លើយ​សំណួរ ចែកចាយ​អារម្មណ៍ ឬ​បទពិសោធន៍​នានា​របស់​ខ្លួន ឬ​ថ្លែង​ទីបន្ទាល់​ឡើយ ។ លើស​ពី​នេះ​ទៀត គ្រូបង្រៀន​គួរតែ​ជួយ​សិស្ស​ឲ្យ​យល់​អំពី​លក្ខណៈ​ពិសិដ្ឋ​នៃ​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់​ខ្លួន និង​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ចែកចាយ​បទពិសោធន៍​ទាំង​នោះ​ឲ្យ​បាន​សមរម្យ ( សូមមើល គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៣:៦៤ ) ។

សំណួរ​ដែល លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការអនុវត្ត

គោលដៅ​នៃ​ការបង្រៀន​ដំណឹងល្អ​គឺ​ដើម្បី​ជួយ​សិស្ស​ឲ្យ​អនុវត្ត​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​បាន​សន្យា​ដល់​អស់​អ្នក​​ស្មោះត្រង់ និង​គោរព​ប្រតិបត្តិ​តាម ។ សិស្ស​ទាំងឡាយ​ណា​ដែល​អាច​មើលឃើញ​អំពី​របៀបដែល​ពួកគេ​ត្រូវ​បាន​ប្រទានពរ ដោយ​ការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​កាល​ពី​អតីតកាល​នឹង​មាន​បំណង​ប្រាថ្នា​កាន់តែខ្លាំង និង​បាន​រៀបចំខ្លួន​កាន់តែ​ល្អប្រសើរ​ដើម្បី​អនុវត្ត​តាម​ក្នុង​ពេល​អនាគត​ដោយ​ជោគជ័យ ។ សំណួរ​អាច​ដើរតួ​យ៉ាង​សំខាន់​​នៅ​ក្នុង​ការជួយ​ដល់​សិស្ស​ឲ្យ​មើលឃើញ អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​របស់​គេ និង​គិតពិចារណា​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាមនា​ពេល​អនាគត ។

ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​ដែល​អាច​ជួយ​សិស្ស​ឲ្យ​គិត​ជា​ពិសេស អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​តាម​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ ៖

  • តើ​អ្នក​ត្រូវ​ធ្វើ​ការផ្លាស់ប្ដូរ​អ្វី​ខ្លះ​ដើម្បី​រក្សា​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​បរិសុទ្ធ​កាន់តែ​ប្រសើរ​ឡើង ដើម្បី​កុំ​ឲ្យអ្នក​ប្រឡាក់​ពី​លោកិយ ? ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:៩-១៣ ) ។

  • តើ​អ្វី​ទៅ​ដែល​ព្យាការី​បាន​ទូន្មាន​ថា អ្នក​អាច​ធ្វើ​តាម​ដោយ​ភាពជាក់លាក់​ជាងនេះ ? ( សូមមើល អាល ៥៧:១–២៧ ) ។

  • តើ​គោលការណ៍​ដែលថា ប្រសិន​បើ​យើង​ស្វែង​រក​នគរ​នៃ​ព្រះ​ជា​មុន​សិន យើង​នឹង​ទទួល​ពរ​នៅ​ក្នុង​ផ្នែក​ផ្សេង​ទៀត​នៃ​ជីវិត​របស់​យើង អាច​ជួយ​អ្នក​ឲ្យ​កំណត់​គោលដៅ និង​សកម្មភាព​របស់​អ្នក​សម្រាប់​ពីរ ឬ​បី​ឆ្នាំ​ខាង​មុខ​នេះ​យ៉ាង​ដូចម្ដេច ? ( សូមមើល ម៉ាថាយ ៦:៣៣ ) ។

ការពិភាក្សា​ក្នុង​ថ្នាក់

ការពិភាក្សា​ក្នុង​ថ្នាក់​ដ៏​មាន​អត្ថន័យ​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​បង្រៀន​និង​ការរៀន​សូត្រ​ដំណឹងល្អ ។ ការពិភាក្សា​ក្នុង​ថ្នាក់​រៀន​កើត​ឡើង​នៅ​ពេល​គ្រូ​បង្រៀន​ប្រាស្រ័យ​ទាក់​ទង​ជា​ពាក្យ​សម្តី​ជាមួយ​សិស្ស ហើយ​សិស្ស​ប្រាស្រ័យ​ទាក់​ទង​ដោយ​ពាក្យ​សម្តី​ជា​មួយ​គ្នា​ក្នុង​របៀប​មួយ​ដែល​ជំរុញ​ឲ្យ​មាន​ការរៀនសូត្រ ។ ការពិភាក្សា​ល្អ​អាច​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​សារៈសំខាន់​នៃ​ការស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​សំខាន់ និង​តម្លៃ​នៃ​ការស្តាប់ ហើយ​រៀន​មក​ពី​មតិយោបល់​គំនិត និង​បទពិសោធន៍​របស់​អ្នក​ដទៃ​ទៀត ។ វា​ក៏​អាច​ជួយ​សិស្ស​ឲ្យ​រក្សា​កម្រិត​នៃ​ការផ្តោត​អារម្មណ៍ និង​ការចូលរួម​ក្នុង​ថ្នាក់​ដែល​ជា​ញឹក​ញាប់​នាំ​ឲ្យ​មាន​ការយល់​ដឹង​កាន់​តែ​ជ្រាល​ជ្រៅ​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹង​ល្អ ដែល​ត្រូវ​បាន​ពិភាក្សា​ព្រម​ទាំង​បំណង​ប្រាថ្នា​ដ៏​ពិត​ប្រាកដ​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ​ដើម្បី​អនុវត្ត​នូវ​អ្វី​ដែល​ពួកគេ​រៀនសូត្រ ​និងទទួល​អារម្មណ៍នោះ ។

រូបភាព
ការពិភាក្សា​ក្នុង​ថ្នាក់

ខាងក្រោម​នេះ​គឺជា​គំនិត​មួយ​ចំនួន​ដែល​ជួយ​គ្រូបង្រៀន​ដឹកនាំ​ការចូលរួម និង​បំផុស​កិច្ចពិភាក្សា​ក្នុង​ថ្នាក់​រៀន ៖

រៀបចំ​ផែនការ​ការពិភាក្សា ។ ដូច​វិធីសាស្ត្រ​ផ្សេង​ទៀត​នៃ​ការបង្រៀន​ដែរ ការពិភាក្សា​ត្រូវតែ​ត្រៀម​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​បន្ទាប់​មក​ធ្វើ​ឡើង​នៅ​ក្រោម​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ ។ គ្រូបង្រៀន​ត្រូវ​គិត​អំពី​របៀប​ដែល​ការ​ពិភាក្សា​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់​អំពី​អ្វី​ដែល​ពួកគេ​ត្រូវ​រៀន តើ​សំណួរ​ជា​បន្ត​បន្ទាប់​អ្វីខ្លះ​ដែល​នឹង​នាំ​ឲ្យ​មាន​គោល​បំណង របៀប​ដើម្បី​សួរ​សំណួរ​ទាំង​នោះ​ទៅតាម​របៀប​ដែល​មាន​ប្រសិទ្ធិ​ភាព​បំផុត និង​របៀប​ឆ្លើយ​តប​ប្រសិន​បើ​ចម្លើយ​របស់​សិស្ស​នាំ​ឲ្យ​មាន​ការពិភាក្សា​នៅ​ក្នុង​ទិស​ដៅ​ដែល​មិន​បាន​រំពឹង​ទុក ។

ជៀសវាង​ការអធិប្បាយ​របស់​គ្រូបង្រៀន​ច្រើន​ហួសហេតុ​ពេក ។ គ្រូបង្រៀន​ដែល​បញ្ចេញ​មតិ​ហួសហេតុ​លើ​ប្រធាន​បទ​ពិភាក្សា អាច​បង្អាក់​សិស្ស​ពីកិច្ចខិត​ខំ​ប្រឹង​ប្រែងដើម្បី​ចូល​រួម ព្រោះ​ពួកគេ​បាន​ដឹង​ថា​គ្រូបង្រៀន​របស់​ពួកគេ​តែងតែ​អន្ទះសាឆាប់​ក្នុង​ការផ្ដល់​ចម្លើយ ។ មតិយោបល់​របស់​គ្រូបង្រៀន​ច្រើន​ហួស​ហេតុពេក​អាច​ធ្វើ​ឲ្យ​សិស្ស​មាន​អារម្មណ៍​ថា ការ​រួម​ចំណែក​របស់​ពួកគេ​មិន​សូវ​មាន​តម្លៃ និង​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ចំណាប់​អារម្មណ៍ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចូលរួម​ទាំងអស់គ្នា ។ គ្រូ​បង្រៀន​គួរ​ខិតខំ​ស្វែងរក​វិធី​ដើម្បី​អញ្ជើញ​សិស្ស​ទាំងអស់​ឲ្យ​ចូល​រួម​ពិភាក្សា​ប្រកប​ដោយ​អត្ថន័យ សូម្បី​តែ​អ្នក​ដែល​ស្ទាក់ស្ទើរ​ក្នុង​ការចូលរួម​ដោយ​ហេតុផល​ផ្សេងៗ​ក៏​ដោយ ។ គ្រូបង្រៀន​គួរតែ​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​សិស្ស​អាម៉ាស់​ដោយ​ហៅពួកគេ​នោះ ពេល​ដឹង​ថា​សិស្ស​នោះ​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ឆ្លើយ ។

ពេល​ខ្លះ​សិស្ស​ម្នាក់ ឬ​សិស្ស​មួយ​ចំនួន​តូច​មាន​ទំនោរ​ចង់​គ្រប់គ្រង​លើ​ការពិភាក្សា​ក្នុង​ថ្នាក់រៀន​តែ​ឯង ។ គ្រូបង្រៀន​ប្រហែល​ជា​ត្រូវ​ទៅ​ជួប​សិស្ស​នោះជា​ឯកជន​ សូម​អរគុណ​ចំពោះ​ឆន្ទៈ​របស់​ពួកគេ​ក្នុង​ការចូលរួម បង្ហាញ​អំពី​សារៈសំខាន់​ក្នុង​ការលើក​ទឹកចិត្ត​ដល់​សមាជិក​ក្នុង​ថ្នាក់​ទាំងអស់​ឲ្យ​ចូលរួម និង​ពន្យល់​អំពី​មូលហេតុ​ដែល​ពួកគេ​មិន​អាច​ត្រូវ​បាន​ហៅ​ឲ្យ​ឆ្លើយ​រាល់​ពេល​ដែល​ពួកគេ​ស្ម័គ្រ​ចិត្ត​ឆ្លើយ​នោះ ។

ហៅ​សិស្ស​តាម​ឈ្មោះ ។ ការហៅ​សិស្ស​តាម​ឈ្មោះ​ដើម្បី​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ ឬ​ធ្វើ​ការបកស្រាយ​ជួយ​ជំរុញ​ឲ្យ​មាន​បរិយាកាស​រៀន​សូត្រ​នៃ​សេចក្ដីស្រឡាញ់ និង​ការគោរព ។

សូម​កុំ​ខ្លាច​ភាពស្ងៀមស្ងាត់ ។ នៅពេល​សួរ​សំណួរ​ដែល​មាន​ប្រសិទ្ធភាព ពេល​ខ្លះ​សិស្ស​ប្រហែល​ជា​មិន​ឆ្លើយ​តប​ភ្លាមៗ​នោះទេ ។ ភាព​ស្ងៀមស្ងាត់​នេះ​មិន​គួរ​ធ្វើ​ឲ្យ​គ្រូ​ពិបាក​ចិត្ត​ទេ ប្រសិន​បើ​វា​មិន​បន្ត​រយៈពេល​យូរ​ពេក ។ ជួនកាល សិស្ស​ត្រូវការ​ឱកាស​មួយ​ដើម្បី​នឹក​គិត​អំពី​អ្វី​ដែល​ពួកគេ​បាន​សួរ និង​របៀប​ដែល​ពួកគេ​អាច​ឆ្លើយ​នឹង​សំណួរ ។ ការឆ្លុះ​បញ្ចាំង​បែបនេះ​អាច​ជួយ​សម្របសម្រួល​ការណែនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សួរ​សំណួរ​សារឡើងវិញ ។ នៅពេល​ខ្លះ សិស្ស​អាច​នឹង​ពិបាក​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​មួយ​ពីព្រោះ​សំណួរ​នេះ​មិន​ច្បាស់លាស់ ។ គ្រូ​បង្រៀន​អាច​ចាំបាច់​ត្រូវ​សួរ​សំណួរ​នោះ​ឡើង​វិញ ឬ​សួរ​សិស្ស​បើសិន​ជា​ពួកគេ​យល់​អំពី​អ្វី​ដែល​បាន​សួរ​ដែរឬទេ ? គ្រូ​បង្រៀន​គួរ​ចៀសវាង​ការសួរ​សំណួរ​ជា​បន្ត​បន្ទាប់ ដោយ​មិន​អនុញ្ញាត​ឲ្យ​សិស្ស​មាន​ពេល​វេលា​គ្រប់គ្រាន់​គិត​ឲ្យ​បាន​ស៊ីម្រៅ ដើម្បី​បង្កើត​ចម្លើយ​សមរម្យ​នោះ​ទេ ។

ស្តាប់​ដោយ​យកចិត្ត​ទុកដាក់ ហើយ​សួរ​សំណួរ​តាមដាន ។ នៅពេល​ខ្លះ គ្រូបង្រៀន​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ណាស់​អំពី​អ្វី​ដែល​ពួកគេ​នឹង​និយាយ ឬ​ធ្វើ​បន្ទាប់​ទៀត​រហូត​ពួកគេ​មិន​យកចិត្ត​ទុកដាក់​ទៅលើ​អ្វី​ដែល​សិស្ស​កំពុងតែ​និយាយ​នោះ​ទេ ។ តាមរយៈ​ការសង្កេត និង​ការស្តាប់​សិស្ស​ដោយ​ប្រុង​ប្រយ័ត្ន​នោះ​គ្រូបង្រៀន​អាច​ដឹង​អំពី​តម្រូវការ​របស់​ពួកគេ​បាន ហើយ​ដឹកនាំ​ការពិភាក្សា​ដូច​ដែល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ គ្រូបង្រៀន​អាច​ប្រាកដ​ថា​ពួក​គេ​យល់​អំពី​ចម្លើយ​របស់​សិស្ស​ដោយ​សួរ​សំណួរ​ដូច​ជា « តើ​អ្នក​អាច​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​អ្វី​ដែល​អ្នក​ចង់​មាន​ន័យ​បាន​ទេ ? ឬ « តើ​អ្នក​អាច​ផ្តល់​ឧទាហរណ៍​មួយ​ដល់​ខ្ញុំ​អំពី​អ្វី​ដែល​អ្នក​ចង់​មាន​ន័យ​បាន​ឬ​ទេ ? » ការសួរ​សំណួរ​តាមដាន​បែបនេះ ជា​ញឹកញាប់​នឹង​នាំ​សិស្ស​ឲ្យ​ចែកចាយ​អំពី​អ្វី​ដែល​ពួកគេ​កំពុង​គិត​ពិចារណា និង​ការទទួល​អារម្មណ៍​បន្ថែម​ទៀត ហើយ​ជា​រឿយៗ​វា​​អញ្ជើញ​វិញ្ញាណ​នៃ​​ទីបន្ទាល់ដើម្បី​ឆ្លើយ​សំណួរ ។ គ្រូ​បង្រៀន​គួរ​តែ​រំឭក​សិស្ស​ឲ្យ​ស្តាប់គ្នា​ទៅវិញ​ទៅមក​ផងដែរ ហើយ​មិន​ត្រូវ​ជជែក​គ្នា​ទេ​នៅ​ពេល​នរណា​ម្នាក់​កំពុង​និយាយ​នោះ ។

ការតម្រង់​ទិសដៅ​នៃ​ការបញ្ចេញ​មតិ ឬ​សំណួរ​របស់​សិស្ស​ឡើងវិញ ។ ការពិភាក្សា​ក្នុងថ្នាក់ភាគច្រើន ​ធ្វើ​តាម​លំនាំ​ដែល​គ្រូបង្រៀន​សួរ​សំណួរ សិស្ស​ឆ្លើយ​តប ហើយ​បន្ទាប់​មក​គ្រូ​បង្រៀន​បន្ថែម​ការយល់ដឹង​របស់​គាត់​ទៅ​លើ​ចម្លើយ​របស់​សិស្ស​មុន​នឹង​សួរ​សំណួរ​បន្ទាប់ ។ ការពិភាក្សា​អាច​កាន់តែ​មាន​អត្ថន័យ រស់រវើក និង​មាន​ប្រសិទ្ធិភាព​កាន់​តែ​ខ្លាំង នៅ​ពេល​គ្រូបង្រៀន​បង្វែរ​ចម្លើយ ឬ​ការបញ្ចេញ​មតិ​ពី​សិស្ស​ម្នាក់​ទៅ​សិស្ស​ម្នាក់​ទៀត ។ សំណួរ​សាមញ្ញៗ​ដូច​ជា « តើ​អ្នក​នឹង​បន្ថែម​អ្វី​ទៅ​លើ​រឿង​នោះ ? » ឬ « តើ​អ្នក​មាន​គំនិត​អ្វី​ចំពោះ​មតិយោបល់​នោះ ? » អាច​បង្កើត​លំនាំ​ដែល​សិស្ស​ឆ្លើយ​តប​ទៅ​សិស្ស​បាន ។ ជា​ញឹកញាប់ រឿង​នេះលើក​កម្ពស់​បទពិសោធន៍​ការរៀនសូត្រ​បាន​ច្រើន ។ ជាធម្មតា លុះត្រាតែ​មាន​ពេលវេលា​កំណត់ នោះ​សិស្សទាំងអស់​ដែលមាន​បំណង​ចង់​បញ្ចេញមតិ​គួរតែ​មានឱកាស​ដើម្បី​និយាយ ។

ទទួល​ស្គាល់​ចម្លើយ​របស់​សិស្ស​នៅ​ក្នុង​របៀប​វិជ្ជមាន​ ។ នៅពេល​សិស្ស​ឆ្លើយ​តប គ្រូបង្រៀន​ត្រូវ​ទទួល​ស្គាល់​វា​តាម​វិធី​ណា​មួយ ។ ការណ៍​នេះ​អាច​ជា​ការនិយាយ​សាមញ្ញៗ​ថា « សូម​អរគុណ » ឬ​ផ្តល់​មតិយោបល់​មួយ​អំពី​ចម្លើយ​នោះ ។ នៅ​ពេល​សិស្ស​ឆ្លើយ​ចម្លើយ​មិន​ត្រឹម​ត្រូវ គ្រូ​បង្រៀន​ត្រូវ​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​សិស្ស​ខ្មាស់​គេ​ឡើយ ។ គ្រូបង្រៀន​ដែល​មាន​ប្រសិទ្ធិភាព​អាច​បន្ថែមទៅ​លើ​ផ្នែក​មួយ​នៃ​មតិ​យោបល់​របស់​សិស្ស​ដែល​ត្រឹមត្រូវ ឬ​សួរ​សំណួរ​តាមដាន​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​ម្នាក់​គិត​ឡើង​វិញ​អំពី​ចម្លើយ​របស់​ពួកគេ ។

អាន​ព្រះគម្ពីរ​រួមគ្នា​ក្នុងថ្នាក់

ការអាន​ព្រះគម្ពីរ​នៅក្នុង​ថ្នាក់​អាច​ជួយសិស្ស​ឲ្យ​ស្គាល់ និង​យល់​កាន់តែ​ច្បាស់​អំពី​ខគម្ពីរ​ដែល​ពួកគេ​កំពុងសិក្សា ។ វា​ក៏​អាច​ជួយ​ពួកគេ​ឲ្យ​មាន​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ទៅ​លើ​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការអាន​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង​ផង​ដែរ ។ គ្រូបង្រៀន​ត្រូវ​ប្រុង​ប្រយ័ត្ន​កុំ​បំបាក់មុខ​អ្នក​ដែល​​អានមិន​បាន​ល្អ ឬ​អ្នកណា​ដែល​អៀន​ច្រើន ។ សិស្ស​ដែល​មិន​ចង់​អាន​ឮៗ​មិន​ត្រូវ​បង្ខំ​ឲ្យ​អាន​ឡើយ ប៉ុន្តែ​គ្រូ​បង្រៀន​អាច​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចូលរួម​តាម​របៀប​មួយ​ដែល​ពួកគេ​មាន​អារម្មណ៍​ល្អ​ជាង ។ ជាឧទាហរណ៍ ការចាត់​វគ្គ​គម្ពីរ​ខ្លីៗ​ដល់​សិស្ស​ជា​មុន​ដើម្បី​ឲ្យ​ពួកគេ​ហាត់​អាន នោះ​វា​អាច​ជា​វិធី​មួយ​ល្អ​ដើម្បី​ឲ្យ​សិស្ស​ចូលរួម​ចំណែក​ក្នុង​ថ្នាក់ ។

មាន​របៀប​ជាច្រើន​ដើម្បី​អាន​គម្ពីរ​រួមគ្នា​នៅ​ក្នុង​ថ្នាក់រៀន ៖

  • សូម​ឲ្យ​សិស្ស​អាន​ឲ្យ​ឮៗ​ម្នាក់​ម្តង ឬ​រួមគ្នា ។

  • សូម​ឲ្យ​សិស្ស​អាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

  • សូម​ឲ្យ​សិស្ស​អាន​វគ្គ​មួយ​ដោយ​ស្ងៀម​ស្ងាត់ ។

  • ចាត់តាំង​សិស្ស​ផ្សេង​គ្នា​ឲ្យ​អាន​ពាក្យ​ដែល​និយាយ​ដោយ​បុគ្គល​ផ្សេងៗ​ក្នុង​រឿង​មួយ ។

  • សូម​អាន​ឲ្យ​ឮៗ​ដល់​សិស្ស​នៅ​ពេល​ពួកគេ​ផ្ទៀង​តាម​ក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ។

បទបង្ហាញ​របស់​គ្រូបង្រៀន

ខណៈ​ពេល​ដែល​​សិស្ស​ដើរ​តួនាទី​ដ៏​សំខាន់​យ៉ាង​សកម្ម​នៅ​ក្នុង​ដំណើរ​ការរៀនសូត្រ​ នោះវាមានសារៈសំខាន់ជួយ​សិស្ស​ឲ្យ​យល់ ហើយ​អនុវត្ត​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​មក​ពី​បទគម្ពីរ ប៉ុន្តែ​វា​មិនអាចជំនួស​តម្រូវការ​នៃ​បទបង្ហាញ​ព័ត៌មាន​ត្រឹមត្រូវ​របស់​គ្រូបង្រៀន​ម្នាក់​​នៅ​គ្រា​ខុសៗ​គ្នា កាល​សិស្ស​កំពុង​ស្ដាប់​នោះ​ឡើយ ។ គោលបំណង​នៃ​ក្បួនខ្នាត​នេះ នៅ​ពេល​គ្រូបង្រៀន​និយាយ ហើយ​សិស្ស​ស្តាប់ នោះ​យើង​ហៅ​ថា « បទបង្ហាញ​របស់​គ្រូបង្រៀន » ។ នៅ​ពេល​ប្រើប្រាស់​ក្បួនខ្នាន​ដោយ​ត្រឹមត្រូវ​នោះ បទបង្ហាញ​របស់​គ្រូបង្រៀន​អាច​លើក​កម្ពស់​វិធីសាស្ត្រ​បង្រៀន​ផ្សេង​ទៀត ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រសិន​បើ​ការប្រើវិធី​បទបង្ហាញ​របស់​គ្រូ​ច្រើនពេក នោះ​សកម្មភាព​ដែល​ផ្តោតលើ​គ្រូ​នេះ​អាច​កាត់​បន្ថយ​ប្រសិទ្ធភាព​នៃ​ការបង្រៀន និង​ដាក់​កម្រិត​លើ​ឱកាស​របស់​សិស្ស​ដើម្បី​រៀនសូត្រ​ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ​បាន ។

ការធ្វើ​បទបង្ហាញ​របស់​គ្រូបង្រៀន​អាច​មាន​ប្រសិទ្ធភាព​ខ្លាំង នៅ​ពេល​យើង​សង្ខេប​ដំណើរ​រឿង​ដែល​វែង​អន្លាយ​ចេញ​ពី​​មេរៀន ដើម្បី​បង្ហាញ​ព័ត៌មាន​ដែល​ថ្មី​ដល់​សិស្ស សម្រាប់​ធ្វើការផ្លាស់​ប្ដូរ​ផ្នែក​ផ្សេងៗ​នៃ​មេរៀន ឬ​ធ្វើការ​សន្និដ្ឋាន ។ គ្រូបង្រៀន​ម្នាក់​គួរ​ពន្យល់​បញ្ជាក់ ហើយ​បកស្រាយ​អំពី​គំនិត​នានា​ដើម្បី​ឲ្យ​សិស្ស​អាចយល់​កាន់​តែ​ច្បាស់​អំពី​បរិបទ​នៃ​បណ្តុំ​បទគម្ពីរ​មួយ ។ គ្រូបង្រៀន​ម្នាក់​អាច​គូស​បញ្ជាក់​អំពី​គោលលទ្ធិ និង​គោលការណ៍​គ្រឹះ​ទាំងឡាយ ហើយ​ដាស់តឿន​ឲ្យ​សិស្ស​អនុវត្ត​តាម ។ ប្រហែល​អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​គ្រូបង្រៀន​អាច​ថ្លែង​ទីបន្ទាល់អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ និង​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ខ្លួន​ចំពោះ​ព្រះវរបិតាសួគ៌ និង​ព្រះ​រាជបុត្រា​របស់​ទ្រង់ ។

ពេល​ប្រើ​បទបង្ហាញ​របស់​គ្រូបង្រៀន​ដូច​ជា​ពេល​ប្រើ​វិធីសាស្ត្រ​បង្រៀន​ណា​មួយ គ្រូបង្រៀន​គួរតែ​វាយ​តម្លៃ​ជា​បន្តបន្ទាប់​នូវ​ការទទួល​យក​របស់​សិស្ស​ដោយ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ដូចជា ៖ « តើ​សិស្ស​របស់​ខ្ញុំ​ចាប់​អារម្មណ៍ និង​ផ្តោត​អារម្មណ៍​ដែរ​ឬ​ទេ ? » ហើយ « តើ​ពួកគេ​យល់​អំពី​អ្វី​ដែល​កំពុង​បង្ហាញ​ដែរ​ឬ​ទេ ? » នៅទីបញ្ចប់ ប្រសិទ្ធភាព​នៃ​វិធីសាស្រ្ត​នេះ ឬ​វិធីសាស្រ្ត​ដទៃ​ទៀត​ក្នុង​ការបង្រៀន​ត្រូវ​បាន​កំណត់​ដោយ​ថា តើ​សិស្ស​កំពុង​រៀនសូត្រ​ដោយ​ព្រះវិញ្ញាណ យល់ដឹង​អំពី​ខគម្ពីរ និង​មាន​បំណងប្រាថ្នា​ដើម្បី​ធ្វើ​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀនដែរ​ឬ​ទេ ។

គំនិត​ទាំងឡាយ​ដូច​ខាងក្រោម អាច​ជួយ​គ្រូបង្រៀន​ម្នាក់​ឲ្យ​ប្រើ​ប្រាស់​វិធីសាស្រ្ត​នេះ​កាន់​តែ​មាន​ប្រសិទ្ធភាព ។

រៀបចំ​ផែនការ​​ធ្វើ​បទបង្ហាញ​របស់​គ្រូបង្រៀន​មុន​បង្រៀនមេរៀន ។ ជួនកាល គ្រូបង្រៀន​រៀបចំ​ផ្នែក​ផ្សេង​ទៀត​ដោយ​ប្រុង​ប្រយ័ត្ន​ក្នុង​មេរៀន ប៉ុន្តែ​មិន​បាន​ផ្ដល់​ការយក​ចិត្ត​ទុកដាក់​ដូចគ្នា​ទៅ​នឹង​ផ្នែក​ទាំងនោះ​នៃ​មេរៀន​នោះ​ទេ នៅ​ពេល​ដែល​ពួកគេ​និយាយ​ច្រើនពេក ។ កង្វល់​មួយ​អំពី​ការធ្វើ​បទបង្ហាញ​របស់​គ្រូបង្រៀន គឺ​សិស្ស​អាច​ក្លាយ​ជា​អ្នក​ចូលរួម​អកម្ម​នៅ​ក្នុង​បទពិសោធន៍​នៃ​ការរៀនសូត្រ ។ ដូច្នេះ​បទបង្ហាញ​របស់​គ្រូបង្រៀន​ក៏​ត្រូវការ​ដាក់ផែនការ និង​ការរៀបចំ​ដោយ​ប្រុង​ប្រយ័ត្ន ដែល​រួម​មាន​ការសម្រេច​ចិត្ត​អំពី​របៀប​ចាប់​ផ្ដើម និង​របៀប​អភិវឌ្ឍ​ការណែនាំ​ទៅតាម​របៀប​សមហេតុផល ។

រូបភាព
យុវនារី​កំពុង​កត់ត្រា

នៅ​ពេល​រៀបចំ​ផែនការ​ប្រើប្រាស់​បទបង្ហាញ​របស់​គ្រូបង្រៀន នោះ​គ្រូ​បង្រៀន​ទាំងឡាយ​គួរ​តែ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​កន្លែង​​សំខាន់ៗជា​ពិសេស​សម្រាប់​សិស្ស​ដើម្បី​ដើរ​តួ​យ៉ាង​សកម្ម​នោះ ។ ជា​ទូទៅ នៅ​ពេល​មេរៀន​រីកចម្រើន​លើ​ការយល់​ដឹង​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បណ្តុំ​បទគម្ពីរទៅ​ដល់​ការរក​ឃើញ ការពិភាក្សា និង​ការអនុវត្ត​គោលការណ៍ និង​គោលលទ្ធិ នោះតួនាទីដ៏សំខាន់​យ៉ាង​សកម្មរបស់​សិស្ស​បានកើនឡើង ។

ដាក់​បញ្ចូល​បទ​បង្ហាញ​របស់​គ្រូបង្រៀន​ជាមួយនឹង​វិធីសាស្ត្រ​ផ្សេង​ទៀត ។ ការប្រើប្រាស់​បទបង្ហាញ​របស់​គ្រូបង្រៀន​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ថ្នាក់រៀន គឺត្រូវ​ប្រើវាជា​ផ្នែក​មួយ​នៃ​ផែនការ​មេរៀន​ទាំងមូល ដែល​រួមបញ្ចូល​វិធីសាស្រ្ត និង​និតិវិធី​ផ្សេង​ទៀត​នៅ​ក្នុង​ការណែនាំ ។ បទ​បង្ហាញ​គួរ​តែ​អាច​បត់បែន​បាន​គ្រប់គ្រាន់ ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការផ្លាស់​ប្តូរ ប្រសិន​បើ​ឃើញ​ច្បាស់​ថា​សិស្ស​ធុញ​ទ្រាន់ ឬ​ច្របូកច្របល់ ។ ​វិធីសាស្រ្ត​នេះ សូម្បី​តែ​នៅ​ពេល​ដែល​គ្រូបង្រៀន​កំពុង​និយាយ​ក៏​ដោយ ក៏​ត្រូវ​តែ​បន្ត​ការផ្តោត​យក​ចិត្ត​ទុកដាក់​លើ​សិស្ស និង​ការរៀន​សូត្រដែរ ហើយ​គ្រូបង្រៀន​អាច​បត់បែនតាម​ការចាំបាច់ ។ មាន​មនុស្ស​ម្នាក់​ធ្លាប់​ប្រៀបធៀប​បទបង្ហាញ​របស់​គ្រូបង្រៀន​ទៅ​នឹង​ខ្សែដែលនៅ​ក្នុង​ខ្សែក​គុជ​ខ្យង ។ គុជខ្យង​ទាំងឡាយ​គឺ​ជា​វិធីសាស្រ្ត​ផ្សេងៗ​ដែល​គ្រូបង្រៀន​ប្រើប្រាស់ ( ដូចជា សំណួរ ការពិភាក្សា កិច្ចការ​ជា​ក្រុម បទ​បង្ហាញ​ជាសោតទស្សន៍ ។ល ។ ) ប៉ុន្តែ​គុជខ្យង​ទាំងនោះ​ត្រូវ​ដោត​ភ្ជាប់​ជាមួយគ្នា​ដោយ​ការបង្រៀន និង​ការពន្យល់​របស់​គ្រូបង្រៀន ។ ខ្សែ​តែ​ម៉្យាង​មិន​បាន​ធ្វើ​ឲ្យ​ខ្សែក​នោះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ទេ ។

រូបភាព
បុរស​ម្នាក់​កំពុង​បង្រៀន

ប្រើប្រាស់​វិធីសាស្ត្រ​ផ្សេងៗ​ដែល​សមរម្យ ។ មាន​វិធី​ណែនាំ​ផ្សេងៗ​គ្នា នៅ​ក្នុង​បទបង្ហាញ​របស់​គ្រូបង្រៀន ។ គ្រូបង្រៀន​អាច​ជៀសវាង​ពី​ភាពដដែលៗ ​ដោយ​ការបញ្ចេញ​សំឡេង ការលើកដាក់​សម្លេង និង​កម្រិត​សំឡេង និង​ដោយ​ការផ្លាស់​ទី​ជុំវិញ​បន្ទប់​នៅ​ពេលដំណើរការបទបង្ហាញ​នេះ ។ ​សម្ភារ​ជា​ច្រើន​ប្រភេទក៏​អាច​មាន​ដែលនឹង​ត្រូវ​បង្ហាញ​ផង​ដែរ ។ ឧទាហរណ៍ គ្រូ​បង្រៀន​អាច​រាប់រៀប​អំពី​ដំណើររឿង​ទាំងឡាយ​ដែល​ពាក់ព័ន្ធ ប្រើ​ពាក្យ​កំប្លែង​សមរម្យ យោង​ទៅលើ​រូបភាព ឬ​ការបង្ហាញ​ក្នុង​ថ្នាក់​ផ្សេង​ទៀត អាន​ពាក្យ​ដកស្រង់ ប្រើ​ក្តារខៀន ឬ​បទបង្ហាញជា សោតកម្ម និង​ថ្លែងទីបន្ទាល់ ។ ​វិធីសាស្ត្រ​ផ្សេងៗ​ដែល​សមរម្យ​នៅក្នុង​បទបង្ហាញ​របស់​គ្រូបង្រៀន​គួរតែ​បង្កើន​សមត្ថភាព​របស់សិស្ស​ជានិច្ច​ក្នុងការ​យល់ដឹង និង​ការអនុវត្ត​បទគម្ពីរ ។

ដំណើររឿង​ទាំងឡាយ

ដំណើរ​រឿង​ទាំងឡាយ​អាច​ជួយ​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​សិស្ស​ទៅ​លើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ពួកគេ​អាច​បង្កើត​ចំណាប់​អារម្មណ៍ ហើយ​ជួយ​សិស្ស​ឲ្យ​យល់​អំពី​ដំណឹងល្អ​តាមរយៈ​បទពិសោធន៍​ជំនួស​ផ្សេងៗ ។ ដំណើររឿង​ក៏​អាច​មាន​ឥទ្ធិពល​ជាក់លាក់​នៅ​ក្នុង​ការជួយ​សិស្ស​ឲ្យ​យល់​អំពី​គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹងល្អ ដែល​បាន​ស្គាល់​នៅ​ក្នុង​បណ្ដុំ​បទគម្ពីរ​មួយ​ផងដែរ ។ តាមរយៈ​ការបង្ហាញ​ពី​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ក្នុង​បរិបទ​សម័យ​ទំនើប​បន្ថែម​ពី​លើ​បរិបទ​នៃ​បទគម្ពីរ នោះ​ដំណើរ​រឿង​ទាំងឡាយ​អាច​ជួយ​សិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​គោលការណ៍​នៃ​ដំណឹងល្អ​មួយ​ទាក់​ទង​ទៅ​នឹង​ជីវិត​របស់​ពួកគេ ក៏ដូចជា​ជួយ​ពួកគេ​ឲ្យ​មាន​បំណង​ប្រាថ្នា​ដើម្បី​អនុវត្ត​តាម​វា​ផងដែរ ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​បង្រៀន​ថា « ពិត​ណាស់​គ្មាន​អ្វី​ខុស​ទេ​ក្នុង​ការដំណាលប្រាប់​រឿង​ដែល​លើក​កម្ពស់​សេចក្តី​ជំនឿ​សម័យ​ទំនើប​មួយ ដែល​បាន​កើត​ឡើង​នៅ​ក្នុងគ្រាកាន់​កាប់​ត្រួតត្រា​របស់​យើង ។ … ពិត​ណាស់ ចំណុច​នេះ​គួរតែ​លើក​ទឹក​ចិត្ត​ឲ្យ​ពេញលេញ ។ យើង​គួរតែ​ខិតខំ​គ្រប់បែប​យ៉ាង​ដើម្បី​បង្ហាញ​ថា​រឿង​ដូច​គ្នា​នេះ​ដែល​កំពុង​កើត​ឡើង​ក្នុង​ជីវិត​របស់​ពួក​បរិសុទ្ធ​សព្វថ្ងៃ​នេះ ក៏​ដូច​ជា​បាន​កើត​ឡើង​ក្នុង​ចំណោម​ពួកអ្នក​ស្មោះ​ត្រង់​ពីបុរាណ​ដែរ ។ …

« ប្រហែល​ជា​លំនាំ​ដ៏​ល្អ​ឥត​ខ្ចោះ​ក្នុង​ការបង្ហាញ​ដំណើរ​រឿង​ដែល​លើក​ស្ទួយ​សេចក្តី​ជំនឿ គឺ​បង្រៀន​នូវ​អ្វី​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​បន្ទាប់​មក​ផ្សារភ្ចាប់​ទៅ​នឹង​ជីវិត​ជាក់ស្តែង ដោយ​ប្រាប់​អំពី​រឿង​ស្រដៀង​គ្នា និង​​ដូចគ្នា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​គ្រាកាន់កាប់​ត្រួតត្រា​របស់​យើង និង​ដល់​ប្រជាជន​របស់​យើង ហើយ—ច្រើនជាងគេ​បំផុត—ទៅដល់​យើង​ជា​បុគ្គល​ម្នាក់ៗ » ( « The How and Why of Faith-Promoting Stories » « New Era ខែ កក្កដា ឆ្នាំ ១៩៧៨ ទំព័រ ៤-៥ ) ។

គ្រូបង្រៀន​អាច​ចែកចាយ​ដំណើររឿង​ចេញពី​ជីវិត​របស់​ពួកព្យាការី និង​ប្រវត្តិ​សាសនាចក្រ ព្រម​ទាំង​រឿង​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​សុន្ទរកថា​សន្និសីទ​ទូទៅ និង​ទស្សនាវដ្ដី​សាសនាចក្រ​ផង​ដែរ ។ ពួកគេ​ក៏​អាច​ចែកចាយ​ដំណើររឿង​ពិតចេញ​មក​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់​ពួកគេ​ផងដែរ ។ បទពិសោធន៍​មួយ​ចំនួន​នៃ​ការ​រៀនសូត្រដ៏​មាន​អត្ថន័យ និង​មាន​ឥទ្ធិពល​បំផុត​កើតឡើង​នៅ​ពេល​គ្រូបង្រៀន​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​រឿង​ទាំងឡាយ​ដែល​ចេញ​ពី​ជីវិត​រស់នៅ​ផ្ទាល់ខ្លួន​របស់​ពួកគេ ដោយ​បង្ហាញ​អំពី​របៀប​ដែល​ពួកគេ​ត្រូវ​បាន​ប្រទាន​ពរឲ្យ​តាមរយៈ​ការរស់នៅ​តាម​គោលការណ៍​នៃ​ដំណឹងល្អ ។

ការដាស់តឿន និង​ការទូន្មាន​មួយ​ចំនួន​គួរតែ​កត់សំគាល់​ចំពោះ​ការប្រើ​ដំណើររឿង​ទាំងឡាយ ។

  • ប្រសិន​បើ​ការប្រាប់​អំពី​ដំណើររឿង​ក្លាយ​ជា​វិធីសាស្ត្រ ឬ​បច្ចេកទេស​ដ៏​លេចធ្លោ​នៃ​ការបង្រៀន​នោះ រឿង​នោះ​ផ្ទាល់​អាច​ក្លាយ​ជា​ការផ្តោត​សំខាន់​នៃ​មេរៀន​នេះ កាត់​បន្ថយ​ពេល​វេលា​ជាក់​ស្តែង​ដែល​បាន​ចំណាយ​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​គ្រប​ដណ្តប់​លើ​គោលលទ្ធិ និង​គោលការណ៍​ដែល​ពួកគេ​បង្រៀន ។

  • ការប្រើ​រឿង​ច្រើន​ពេក​ចេញពី​ជីវិត​របស់​គ្រូបង្រៀន​ផ្ទាល់ អាច​នាំ​ឲ្យ​មាន​ការលើកតម្កើង​ខ្លួន ហើយ​គ្រូ​បង្រៀន​« [តាំង ] ខ្លួន​ឡើងជា​ពន្លឺ​ដល់​មនុស្ស​លោក » ( នីហ្វៃ​ទី២ ២៦:២៩ ) ។

  • ខណៈ​ពេល​ដំណើររឿង​អាច​បំភ្លឺ និង​ធ្វើ​ឲ្យ​មាន​ការបង្រៀន​ព្រះគម្ពីរ​ដ៏រស់រវើក និង​ជួយ​សិស្ស​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ នោះ​មិន​គួរ​ប្រើ​ដំណើរ​រឿង​នានាគាបសង្គត់​ផ្នែកសតិ​អារម្មណ៍​ឡើយ ។

  • គ្រូបង្រៀន​គួរ​ប្រុង​ប្រយ័ត្ន​កុំ​បញ្ចេញបញ្ចូល អង្គហេតុ​នៃ​ដំណើររឿង​ពិត ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​រំភើប ឬ​មាន​ឥទ្ធិពល​ឡើយ ។

  • បើ​ដំណើរ​រឿង​មួយ​មិន​ពិត ដូចជា​រឿង​កំប្លែង​ដែល​បង្ហាញ​ពី​ចំណុច​មួយ នោះ​វា​គួរតែ​ត្រូវ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​នៅ​ពេល​ចាប់​ផ្ដើម​ដំណើររឿង​ថា​វា​មិន​ពិត​ទេ ។

ការពិភាក្សា និង​ការចាត់តាំង​ជា​ក្រុម​តូច

ពេល​ខ្លះ​វា​មាន​ប្រយោជន៍​ក្នុង​ការបែង​ចែក​ថ្នាក់​រៀន​ទៅ​ជា​គូ ឬ​ក្រុម​តូចៗ ដើម្បី​ឲ្យ​សិស្ស​អាច​ចូលរួម​ក្នុង​សកម្មភាព​រៀន​សូត្រ ឬ​ការពិភាក្សា​ជាមួយ​គ្នា ។ ការបង្កើត​ក្រុម​តូចៗ​អាច​អនុញ្ញាត​ឲ្យ​មាន​សិស្ស​កាន់តែ​ច្រើន​ឡើង​ចូលរួម និង​អាច​បង្កើត​បរិយាកាស​ដ៏​មាន​សុវត្ថិភាព​មួយ​ដែល​ពួកគេ​អាច​ចែកចាយ​គំនិត អារម្មណ៍ និង​ទីបន្ទាល់​ជាមួយ​គ្នា ។ សកម្មភាព​ទាំងនេះ​ក៏​អាច​ផ្ដល់​ឱកាស​ដល់​សិស្ស​ដើម្បី​បង្រៀន​ដំណឹង​ល្អ​ដល់​អ្នក​ដទៃ និង​ជួយ​រៀបចំ​ពួកគេ​ឲ្យ​បង្រៀន​ដំណឹង​ល្អ​នៅ​ពេល​អនាគត​ផង​ដែរ ។ ការពិភាក្សា​ជា​ក្រុម​តូចៗ​អាច​ជួយ​ដល់​សិស្ស​ណា​ដែល​បាត់បង់​ចំណាប់​អារម្មណ៍ និង​ការផ្តោត​អារម្មណ៍ ក៏ដូចជា​អាចជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនង និង​ពង្រឹង​ទំនាក់ទំនង​ខាងសង្គម និង​ទំនាក់ទំនង​ខាង​វិញ្ញាណ​បាន​ល្អ​ផងដែរ ។ ពួកគេ​ក៏​អាច​ពង្រឹង​ទំនុក​ចិត្ត​ទៅលើ​សិស្ស​ដែល​ស្ងៀមស្ងាត់​ដោយ​ដឹកនាំ​ពួកគេ​នៅក្នុង​ការចូលរួម​កាន់តែ​មាន​អត្ថន័យ ។

រូបភាព
ការសិក្សា​ជាក្រុម

ពេល​សិស្ស​ធ្វើការ​ជា​គូ ឬ​ក្រុម​តូចៗ​នោះ​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការចាំ​ពី​ឥរិយាបថ​ដូច​ខាង​ក្រោម ៖

  • មុន​នឹង​ធ្វើ​ការបែងចែក​សិស្ស​ទៅ​ជា​ក្រុម​តូចៗ គ្រូបង្រៀន​គួរតែ​ផ្តល់​ការណែនាំ​ឲ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​រំពឹង​ឲ្យ​សិស្ស​ធ្វើ​ ក្នុង​អំឡុង​ពេល​ធ្វើ​សកម្មភាព ។ ជា​ញឹកញាប់​វា​មាន​ប្រយោជន៍​ក្នុង​ការមាន​ការណែនាំ​ទាំង​នេះ​ដែល​បាន​សរសេរ​នៅ​លើ​ក្ដារខៀន ឬ​បោះពុម្ព​នៅ​លើ​សំណៅ​ចែកចាយ​ដែល​អនុញ្ញាត​ឲ្យ​សិស្ស​យោង​ទៅ​ការណែនាំ​ទាំងនោះ​វិញ​ក្នុង​អំឡុង​ពេល​សកម្មភាព​នោះ ។

  • សកម្មភាព​រៀនសូត្រ​ជា​ក្រុម​តូច​ដែល​ទាក់ទងនឹង​ជីវិត និង​កាលៈទេសៈ​របស់សិស្ស ជាទូទៅ​លើកកម្ពស់​ការចាប់អារម្មណ៍ និង​ការចូលរួម​កាន់តែ​ច្រើនឡើង ។

  • សូម​ចាត់​អ្នក​ដឹកនាំ​សិស្ស​សម្រាប់​ក្រុម​នីមួយៗ​ក៏​ដូច​ជា​កំណត់​ពេល​ជាក់លាក់​មួយ ដើម្បី​ជួយ​ក្រុម​ឲ្យ​ផ្ដោត​លើ​កិច្ចការ ។ សកម្មភាព​ក្រុមវែងៗ ជា​ញឹក​ញាប់​នាំ​ឲ្យ​ក្រុម​បញ្ចប់​នៅ​ពេល​ផ្សេងៗ​គ្នា ហើយ​អាច​នាំ​ឲ្យ​មាន​ភាព​ឥត​សណ្តាប់ធ្នាប់​នៅ​ក្នុង​ថ្នាក់​រៀន ។

  • ជាទូទៅ សិស្ស​ចូលរួម​នៅ​ក្នុង​សកម្មភាព​មាន​ចំណាប់អារម្មណ៍​ខ្លាំង​បើសិន​ជា​គ្រូបង្រៀន​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​មុន​ពេល​ចែកចាយ ឬ​បង្រៀន​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​ចេញ​មកពី​សកម្មភាព​នោះ ។ ការណ៍​នេះ​ក៏​ផ្តល់​ជា​ឱកាស​ដល់​សិស្ស​ឲ្យ​ហាត់​សម​បង្រៀន​ដំណឹងល្អ​ដល់​មនុស្ស​ដទៃ​ផងដែរ ។

  • សិស្ស​តែងតែ​ធ្វើការ​បាន​ល្អ​ប្រសើរ​ជាង​ជាក្រុម នៅ​ពេល​ពួកគេ​ស្វែងរក​ព្រះគម្ពីរ អាន​ការដកស្រង់ ឬ​បំពេញ​កិច្ចការ​មួយ​ចំនួន​ផ្សេង​ទៀត​តែ​ឯង​មុន​ពេល​ពួកគេ​ប្រមូល​ផ្តុំ​គ្នា ។

  • នៅ​ក្នុង​ក្រុម​ដែល​មាន​សិស្ស​ចាប់​ពី​ប្រាំ​នាក់​ឡើងទៅ នោះវា​អាច​ក្លាយ​ជា​រឿង​ពិបាក​សម្រាប់​សិស្ស​ម្នាក់ៗ​ចូលរួម​ប្រកប​ដោយ​អត្ថន័យ ។ លើស​ពី​នេះ​ទៀត ជា​ទូទៅ​ក្រុម​ធំៗ​មាន​ការលំបាក​ក្នុង​ការបន្ត​ធ្វើ​កិច្ចការ ។

  • ការធ្វើការ​ជា​ក្រុម​តូចៗ​ប្រហែល​ជា​មិនមែន​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​សម្រាប់​ឆ្លើយ​សំណួរ​សាមញ្ញ​នោះ​ទេ ដោយ​សារ​តែ​ត្រូវ​ចំណាយ​ពេល​វេលា​រៀបចំ​សិស្ស​ជា​ក្រុម ។

  • ពេល​សកម្មភាព​រៀន​សូត្រ​ជា​ក្រុម​ត្រូវ​បាន​ប្រើប្រាស់​ច្រើនពេក វា​អាច​ក្លាយ​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព ។

អំឡុង​ពេល​ធ្វើកិច្ចការ​ជា​ក្រុម​តូចៗ សិស្ស​អាច​ត្រូវបាន​បង្វែរចិត្ត​ចេញ​ពី​គោលបំណង​របស់​សកម្មភាព ធ្វើរឿង​ផ្ទាល់ខ្លួន ឬ​ក្លាយ​ទៅ​ជា​មិន​សូវ​យកចិត្ត​ទុក​ដាក់​ក្នុង​កិច្ច​ខិតខំ​របស់​ពួកគេ​ដើម្បី​រៀន ។ គ្រូបង្រៀន​ដែល​បន្តចូលរួមយ៉ាងសកម្ម តាមរយៈ​ការដើរ​មើល​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ហើយ​ពិនិត្យ​មើល​សកម្មភាព​រៀនសូត្រ អាច​ជួយ​សិស្ស​ឲ្យ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ទៅលើ​កិច្ចការ ហើយ​ទទួល​បាន​លទ្ធផល​ច្រើន​បំផុត​មក​ពី​កិច្ចការ​នោះ ។

លំហាត់​សរសេរ

គ្រូបង្រៀន​គួរ​អញ្ជើញ​សិស្ស​ឲ្យ​ចូល​រួម​ក្នុង​លំហាត់​សរសេរ​ដូចជា​ការកត់ត្រា កិច្ចការ​ទិនានុប្បវត្តិ បំពេញ​តារាង ការឆ្លុះបញ្ចាំងផ្ទាល់ខ្លួន និង​ការសរសេរ​អត្ថបទ ។ ជួនកាល ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ធ្វើ​ឲ្យ​គេ​គិត​ពិចារណា​ជា​លាយ​លក្ខណ៍​អក្សរ ជួយ​ឲ្យ​ការគិត​ពិចារណា​របស់​ពួកគេ​កាន់តែ​ស៊ី​ជម្រៅ និង​កាន់​តែ​ច្បាស់ ។ ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​មួយ​ដោយ​ការសរសេរ​មុនពេល​ចែកចាយ​ពី​គំនិត​របស់​គេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់​រៀន គឺ​ផ្តល់​ពេលវេលា​ឲ្យ​ពួកគេ​​មាន​ពេល​ដើម្បី​គិត​ពិចារណា និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សិស្ស​អាច​មិន​ហ៊ាន​ចែកចាយ​គំនិត​របស់​ពួកគេ នៅ​ពេល​ពួកគេ​បាន​សរសេរ​ជាលើក​ដំបូង ហើយ​តែអ្វី​ដែល​ពួកគេ​ចែកចាយ​ជា​ញឹកញាប់​វា​នឹង​មាន​ន័យ​កាន់តែ​ខ្លាំងក្លា ។ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត លំហាត់​សរសេរ​ផ្ដល់​ឱកាស​ដល់​សិស្ស​ក្នុង​ការចូលរួម​ផ្ទាល់​ខ្លួន ទទួល​​ការបំផុស​គំនិត ត្រៀមខ្លួន​បង្រៀន និង​ចែកចាយ​អារម្មណ៍​របស់​ខ្លួន​ជាមួយ​អ្នក​ដទៃ ទទួល​ស្គាល់​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​របស់​ពួកគេ និងថ្លែង​ទីបន្ទាល់ ។ ក្នុង​នាម​ជា​គ្រូ​បង្រៀន​សម្រេច​ចិត្ត​ថា​តើ​លំហាត់​សរសេរ​មួយ​ណា​ដែល​សមរម្យ​សម្រាប់​បទពិសោធន៍​រៀន​សូត្រ នោះ​គ្រូបង្រៀន​គួរ​ពិចារណា​អំពី​គោលការណ៍​នេះ​ដែល​បាន​ចែកចាយ​ដោយ​អែលឌើរ ដេវីឌ អេ បែដណា ៖ « ការសរសេរ​នូវ​អ្វី​ដែល​យើង​រៀន គិត និង​មាន​ទទួល​អារម្មណ៍ នៅ​ពេល​យើង​សិក្សា​ព្រះគម្ពីរ​គឺ​ជា​ទម្រង់​មួយ​ទៀត​នៃ​ការពិចារណា និង​ជា​ការអញ្ជើញ​ដ៏​មាន​ព្រះចេស្តា​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​បន្ត​ការណែនាំ » ( Because We Have Them before Our Eyes » « New Era ខែ មេសា ឆ្នាំ ២០០៦ ទំព័រ ៦-៧ ) ។

រូបភាព
សិស្ស​កំពុង​សរសេរ

លំហាត់​សរសេរ​សម្រាប់​សិស្ស​ដែល​មាន​វ័យ​ក្មេង ឬ​សមត្ថភាព​របស់​ពួកគេ​មាន​កម្រិត គួរតែ​បត់បែន​ទៅ​តាម​នោះ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​បាន​ជោគជ័យ ។ ជា​ឧទាហរណ៍ គ្រូបង្រៀន​ម្នាក់​អាច​រៀបចំ​លំហាត់​បំពេញ​ក្នុង​ចន្លោះ​ដែល​មាន​ផ្ដល់​នូវ​ព័ត៌មាន​បន្ថែម​ទៅ​ឲ្យ​សិស្ស ហើយ​ពុំ​សូវ​សួរ​ដល់​ពួកគេ ។ គ្រូ​បង្រៀន​អាច​ជួយ​ដល់​សិស្ស​ទាំងនេះ​ដោយ​ផ្តោតលើ​​​លំហាត់​សរសេរ​អំពី​វគ្គគម្ពីរ​ខ្លីៗ ឬ​សំណួរ​ជាក់លាក់ ហើយ​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ដល់​ពួកគេ​ដើម្បី​បំពេញ​កិច្ចការនោះ ។

ជា​ទូទៅ​សិស្ស​ទទួល​បាន​ប្រយោជន៍​បន្ថែម​ទៀត​មកពី​សកម្មភាព​សរសេរ​នៅ​ពេល​ដែល ៖

  • គ្រូ​បង្រៀន​ផ្តល់​នូវ​ការណែនាំ​ច្បាស់លាស់​ជា​លាយលក្ខណ៍​អក្សរ ដែល​សិស្ស​ជានិច្ចកាល​អាច​បន្ត​យោង​ទៅ​រក​នៅពេល​ធ្វើ​លំហាត់​នោះ។

  • សកម្មភាព​នេះ​ផ្តោត​ទៅ​លើ​គំនិត​របស់​ពួកគេ​ទៅ​លើ​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ ដែល​ទាក់ទង​ទៅ​នឹង​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។

  • សកម្មភាព​នោះ​ជួយ​ពួកគេ​ក្នុង​ការអនុវត្ត​សេចក្ដី​ពិត​ទាំង​នោះ​ផ្ទាល់​ខ្លួន ។

  • សិស្ស​ត្រូវ​បាន​គាំទ្រ និង​ជួយ​ដោយ​គ្រូបង្រៀន​របស់​ពួកគេ​ក្នុង​សកម្មភាព​សរសេរ ។

  • ពេលវេលា​កំណត់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចន្លោះ​ពេល​ដែល​សម​ស្រប​ទៅ​នឹង​ការលំបាក​នៃលំហាត់ ។

  • សិស្ស​ត្រូវបាន​អញ្ជើញ​ឲ្យ​ឡើង​មក​ពន្យល់ ចែកចាយ ឬ​ថ្លែង​ទីបន្ទាល់​អំពី​អ្វី​មួយ​ដែល​ពួកគេ​បាន​រៀន​ចេញពី​សកម្មភាព​នោះ ។

  • សិស្ស​ត្រូវ​បាន​ធានា​ថា​សកម្មភាព​សរសេរ​ដែល​ផ្តោត​លើ​អារម្មណ៍ ឬ​ការប្តេជ្ញា​ចិត្ត​ផ្ទាល់​ខ្លួន​នឹង​មិន​ត្រូវ​បាន​ចែកចាយ​ជាមួយ​អ្នក​ដទៃ រួម​ទាំង​គ្រូបង្រៀន​ដោយ​គ្មាន​ការអនុញ្ញាត​របស់​សិស្ស​នោះ​ឡើយ ។

  • សកម្មភាព​គឺ​ជា​ផ្នែក​ដ៏​មាន​អត្ថន័យ​មួយ​នៃ​ផែនការ​មេរៀន ហើយ​មិន​ត្រូវ​ផ្តល់​ជា « ការងារ​រវល់ » ឬ​ជា​ការដាក់ទណ្ឌកម្ម​ចំពោះ​ឥរិយាបថ​មិន​ត្រឹមត្រូវ​ឡើយ ។

  • វិធីសាស្រ្ត​ផ្សេងៗ​នៃ​ការកត់ត្រា​អំពី​គំនិត និង​យោបល់​ត្រូវ​បាន​ផ្តល់​ឲ្យ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ការលំបាក​ក្នុង​ការសរសេរ ។ ទាំង​នេះ​អាច​រួម​បញ្ចូល​ទាំង​ការមាន​សិស្ស​ម្នាក់​ទៀត​ដើរ​តួ​ជា​អ្នក​សរសេរ ការថត​សំឡេង​ជាដើម ។ល ។

  • សកម្មភាព​សរសេរ​មិន​ត្រូវ​ប្រើប្រាស់​ច្រើន​ពេក​ទេ ។

ក្តារខៀន​ដី​ស ឬ​កា្តរខៀន​ហ្វ៊ឺត

ការរៀបចំ​ក្តារខៀន​ដី​ស ឬ​កា្តរខៀន​ហ្វ៊ឺត​បាន​យ៉ាង​ល្អ​អាច​ជា​ភស្តុតាង​នៃ​ការរៀបចំ​របស់​គ្រូបង្រៀន និង​បន្ថែម​ទៅ​លើ​អារម្មណ៍​នៃ​គោលបំណង​ក្នុង​ថ្នាក់​រៀន ។ ការប្រើ​ក្តារខៀន​ឲ្យ​មាន​ប្រសិទ្ធភាព​អំឡុង​ពេល​បង្រៀន​អាច​រៀបចំ​សិស្ស​ឲ្យ​រៀន និង​អញ្ជើញ​ឲ្យ​មាន​ការចូលរួម​ប្រកប​ដោយ​អត្ថន័យ ជាពិសេ​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ចង់​រៀន​ដោយ​ការមើល​រូបភាព ។ នៅ​ពេល​ប្រើ​ក្តារខៀន គ្រូបង្រៀន​គួរ​តែ​ចាំ​ថា​ត្រូវ​សរសេរ​ឲ្យ​ច្បាស់ៗ និង​ឲ្យ​ធំ​ល្មម​គ្រប់គ្រាន់​ដើម្បី​សិស្ស​គ្រប់គ្នា​អាច​មើល​ឃើញ ត្រូវ​ប្រាកដ​ថា​អក្សរ​ត្រូវ​សរសេរ​ដកឃ្លា​បាន​ល្អ មាន​របៀប និង​ស្រួល​អាន ។ នៅ​កន្លែង​ដែល​មិន​មាន​ក្តារខៀន​ដី​ស ឬ​កា្តរខៀន​ហ្វ៊ឺត ក្រដាស ឬ​ក្ដារ​បដា​ធំៗ ​អាចជំនួស​គោល​បំណង​នោះបាន​ដូច​គ្នា ។

រូបភាព
គ្រូបង្រៀន​នៅ​ឯ​ក្តារខៀន

នៅ​លើ​ក្ដារខៀន​ គ្រូបង្រៀន​អាច​សង្ខេប​ចំណុច​សំខាន់ ឬ​គោលការណ៍​ទាំងឡាយ​នៃ​មេរៀន គូស​ដ្យាក្រាម​គោលលទ្ធិ ឬ​ព្រឹត្តិការណ៍​មួយ គូស​ផែនទី បង្កើត​តារាង ដាក់តាំង ឬ​គូរ​រូប​នៃ​វត្ថុ​ដែល​មាន​នៅ​ក្នុង​ខគម្ពីរ បង្កើត​តារាង​បង្ហាញ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ រៀបរាប់​ដំណើរ​បទគម្ពីរ នៅពេល​សិស្ស​ស្វែងរក​វា ឬ​ធ្វើ​សកម្មភាព​ដទៃ​ទៀត​ជាច្រើន​ដែល​នឹង​អភិវឌ្ឍ​ដល់​ការរៀនសូត្រ ។

វត្ថុ និង​រូបភាព

ជា​ញឹកញាប់ វា​ពិបាក​ក្នុង​ការបង្រៀន​ពី​ទិដ្ឋភាព​អរូបី​នៃ​ដំណឹង​ល្អ ។ ការប្រើប្រាស់​វត្ថុ និង​រូបភាព​អាច​ជាវិធី​មួយ​ដែលមាន​ប្រសិទ្ធភាព​ដើម្បី​ជួយសិស្ស​ឲ្យ​យល់​អំពី​គោលការណ៍​ខាងវិញ្ញាណ ។ ជាឧទាហរណ៍ វត្ថុ​សាមញ្ញ​មួយ​ដូច​ជា​សាប៊ូ​អាច​ជួយ​សិស្ស​ឲ្យ​យល់អំពី​គោលការណ៍​អរូបី​ដូចជា​ការប្រែចិត្ត​ជាដើម ។ ព្រះអង្គសង្គ្រោះ​តែងតែ​ប្រើវត្ថុ​ដែល​មាន​លើ​ផែនដី ( ដូចជា​នំបុ័ង ទឹក ទៀន និងថាំង ) ដើម្បី​ជួយ​អ្នក​ស្តាប់​របស់​ទ្រង់​ឲ្យ​យល់​អំពី​គោលការណ៍​ខាង​វិញ្ញាណ ។

រូបភាព
សិស្ស​កំពុង​កាន់​រូបភាព

វត្ថុ និង​រូបភាព​ទាំងឡាយ​ត្រូវបាន​ប្រើ​ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្រមៃ​ឃើញ​ពី​មនុស្ស ទីកន្លែង ព្រឹត្តិការណ៍ វត្ថុ និង​និមិត្តសញ្ញា​នៅក្នុង​ព្រះគម្ពីរ​មាន​រូបរាង​យ៉ាងណា ។ ជំនួស​ឲ្យ​ការនិយាយ​អំពី​នឹម ( សូមមើល ម៉ាថាយ ១១:២៨-៣០ ) គ្រូ​អាច​នាំ​យក​នឹម​មក​ថ្នាក់ បង្ហាញ​រូបភាព​មួយ ឬ​គូបង្ហាញ​វា​នៅ​លើ​ក្ដារខៀន ។ សិស្ស​អាច​ស្រង់​ក្លិន និង​ប៉ះ​ផ្កា​នៅ​ពេល​ពួកគេ​អាន​អំពី​« ផ្កាឈូក​នៅ​ក្នុង​បឹង » ( ម៉ាថាយ ៦:២៨–២៩ ) ។ ពួកគេ​អាច​ភ្លក់​នំប៉័ង​ដែល​មិន​មាន​មេ​ដំបែ ។

វត្ថុ និង​រូបភាព​ទាំងឡាយ​រួមមាន​ផែនទី និង​តារាង​អាច​ជាវត្ថុ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ការជួយ​សិស្ស​មើល​ឃើញ​នឹង​ភ្នែក វិភាគ ហើយ​យល់អំពី​បទគម្ពីរ ជា​ពិសេស​នៅ​ពេល​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជម្រុញ​ឲ្យ​មាន​ការពិភាក្សា​មួយ ។ ការមាន​វត្ថុ ឬ​រូបភាព​ដាក់បង្ហាញ​នៅ​ពេល​សិស្ស​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន អាច​បង្កើន​បរិយាកាស​នៃ​ការរៀន​សូត្រ និង​លើក​ទឹក​ចិត្ត​ឲ្យ​សិស្ស​ឱ្យ​មាន​ស្មារតី​នៃ​ការ​អង្កេត​មើល ។

សូម​ពិចារណា​ដោយ​ការប្រុងប្រយ័ត្ន​ពីរ​យ៉ាង​នៅ​ពេល​ប្រើប្រាស់​វត្ថុ និង​រូបភាព​ទាំងឡាយ ៖ ទីមួយ វត្ថុ និង​រូបភាព​គួរតែ​ប្រើ​ដើម្បី​ពង្រឹង​ដល់​គោលបំណង​នៃ​មេរៀន​ជានិច្ច ពុំមែន​ជា​ការរំខាន​ទេ ។ ទីពីរ ដំណើរ​រឿង​បទគម្ពីរ​គួរ​តែងតែ​ជា​ប្រភព​សម្រាប់​ការពិភាក្សា​ក្នុងថ្នាក់ អំពី​ការកំណត់ និង​ព័ត៌មាន​លម្អិត​នៃ​ព្រឹត្តិការណ៍ ជាជាង​ការបក​ស្រាយ​របស់​តួសម្តែង​អំពី​ព្រឹត្តិការណ៍ ឬ​ដំណើររឿង ។

បទបង្ហាញ​ជា​សោតទស្សន៍ និង​ដោយ​កុំព្យូទ័រ

ព្រះ​គម្ពីរ​មាន​ពោរពេញ​ទៅ​ដោយ​ដំណើរ​រឿង​របស់​ព្រះ​អម្ចាស់​ដែល​ជួយ​ដល់​បុត្រាបុត្រី​របស់​ទ្រង់​ឲ្យ​យល់​អំពី​ការបង្រៀន​របស់​ទ្រង់​តាមរយៈ​ការមើល​ឃើញ និង​ឮសំឡេង ( សូមមើល នីហ្វៃ​ទី១ ១១-១៤; គោលលទ្ធិ និង​សេចក្តី​សញ្ញា ៧៦; ម៉ូសេ ១:៧-៨, ២៧-២៩ ) ។ ធនធាន​សោតទស្សន៍ និង​បច្ចេកវិទ្យា​នៅ​ពេល​ប្រើ​បាន​ត្រឹមត្រូវ និង​ដោយ​មាន​ប្រសិទ្ធភាព អាច​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​ព្រះគម្ពីរ និង​រៀនសូត្រ និង​អនុវត្ត​សេចក្ដី​ពិត​ទាំងឡាយ​នៃ​ដំណឹង​ល្អ ។

ធនធាន​ជា​សោតទស្សន៍ ​អាច​បង្ហាញ​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​ចេញ​មក​ពី​ខគម្ពីរ ហើយ​អាច​ជួយ​សិស្ស​ឲ្យ​នឹក​គិត និង​ទទួល​បទពិសោធន៍​អំពី​ព្រឹត្តិការណ៍​ទាំងនេះ ។ ធនធាន​ទាំង​នេះ​អាច​បង្ហាញ​អំពី​របៀប​ដែល​មនុស្ស​អនុវត្ត​គោលការណ៍​ដំណឹងល្អ​ដើម្បី​យក​ឈ្នះ​លើ​ឧបសគ្គ និង​បញ្ហា​របស់​ពួកគេ ហើយ​អាច​ផ្ដល់​ឱកាស​ដល់​ព្រះវិញ្ញាណ​ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​សេចក្ដី​ពិត ។

បច្ចេកវិទ្យា​កុំព្យូទ័រ​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​បង្ហាញ​វគ្គ​វីដេអូ បង្ហាញ​ពី​សំណួរ​សំខាន់ៗ រូបភាព ឬ​ពាក្យ​ដកស្រង់​សំខាន់ៗ​មក​ពី​ពួកអ្នក​មាន​សិទ្ធិអំណាច​ទូទៅ ឬ​ដើម្បី​គូស​បង្ហាញ​អំពី​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​ដែល​បានបង្ហាញ​ក្នុង​មេរៀន​មួយ ។ បទបង្ហាញ​ដោយ​ប្រើ​កុំព្យូទ័រ​ក៏​អាច​ប្រើ​​ដូច​គ្នា​ទៅ​នឹង​ការប្រើ​ក្តារខៀន​ដី​ស​ ឬ​កា្តរខៀន​ហ្វ៊ឺត​ផងដែរ—ដើម្បី​គូសបញ្ជាក់​នូវ​ចំណុច​គន្លឹះ​នៃ​មេរៀន បង្ហាញ​សេចក្តី​យោង​បទគម្ពីរ និង​ផ្តល់​ការណែនាំ​ជា​រូបភាព​ដល់​សកម្មភាព​រៀន​សូត្រ​សម្រាប់​សកម្មភាព​ជា​គូរៗ ជា​ក្រុម ឬ​សកម្មភាព​បុគ្គល​ដាច់​ដោយ​ឡែក ។ ការប្រើ​បច្ចេកវិទ្យា​តាម​មធ្យោបាយ​ទាំងនេះ​អាចផ្តល់​ប្រយោជន៍​ដល់សិស្ស​ដែលរៀន​ដោយ​មើលតាម​អេក្រង់ ហើយ​អាចជួយ​សិស្ស​ឲ្យ​រៀបចំ និង​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​អ្វី​ដែល​ពួកគេ​កំពុង​រៀន ។

រូបភាព
គ្រូបង្រៀន​កំពុង​បង្ហាញ​វីដេអូ​នៅ​លើ​កុំព្យូទ័រ​យួរ​ដៃ

ការប្រើ​ប្រាស់​សោតទស្សន៍ កុំព្យូទ័រ ឬ​ធនធាន​បច្ចេកវិទ្យា​ដទៃ​ទៀត គួរតែ​ជួយ​ធ្វើ​ឲ្យ​មេរៀន​បាន​ច្បាស់ គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​គួរ​ចងចាំ ហើយ​មិន​គួរ​រំខាន​ដល់​សិស្ស​ពី​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​ឡើយ ។

បទបង្ហាញ​ជា​សោតទស្សន៍ ​អាច​ជា​ជំនួយ​ល្អ​បំផុត​ចំពោះ​សិស្ស​ឲ្យ​រៀន និង​អនុវត្ត​តាម​គោលការណ៍​នៃ​ដំណឹងល្អ​ពេល​វា​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ជម្រុញ​ដល់​ការគិត និង​ការទទួល​អារម្មណ៍ ហើយ​រួម​ចំណែក​សិស្ស​នៅ​ក្នុង​អត្ថបទ​នៃ​ព្រះគម្ពីរ ។ វា​ប្រហែល​ជា​មាន​ប្រយោជន៍​ក្នុង​ការសរសេរ​នៅ​លើ​ក្ដារខៀន​នូវ​អ្វី​ដែល​ជាក់លាក់ ដែល​សិស្ស​អាច​ស្វែងរក ឬ​សំណួរ​ដែល​ពួកគេ​អាច​ពិចារណា​នៅ​ពេល​ដែល​ពួកគេ​មើល ឬ​ស្តាប់​បទ​បង្ហាញ​នោះ ។ វា​ក៏​អាច​មាន​តម្លៃ​ក្នុង​ការផ្អាក​អំឡុង​ពេល​ធ្វើបទ​បង្ហាញ ដើម្បី​សួរ​សំណួរ ឬ​ដើម្បី​ចង្អុល​បង្ហាញ​ព័ត៌មាន​ដែល​នឹង​ជួយ​សិស្ស​បាន​ផងដែរ ។ ជា​ច្រើន​លើកមក​មាន​តែ​ធនធាន​សោតទស្សន៍ ដែល​ចាំបាច់​ដើម្បី​សម្រេច​គោលបំណង​របស់​គ្រូបង្រៀន ។ គ្រូ​បង្រៀន​ដែល​ប្រើ​វិធីសាស្រ្ត​ផ្សេង​ទៀត​ដូច​ជា​ការពិភាក្សា និង​លំហាត់​សរសេរ រួម​ជា​មួយ​នឹង​ការប្រើ​ប្រព័ន្ធ​ព័ត៌មាន និង​បច្ចេកវិជ្ជា អាច​ជួយ​ពង្រីក​លទ្ធភាព​ដែល​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​នឹង​ត្រូវ​បាន​សិស្ស​យល់​ដឹង និង​ដក់​ជាប់​ក្នុង​ចិត្ត ។ នៅ​កន្លែង​ដែល​មាន​ការ​ប្រើប្រាស់​មុខងារ​ចំណងជើង​រង​នៅ​លើ​បទ​បង្ហាញ​តាម​សោតទស្សន៍ អាច​បង្កើន​ការយល់​ដឹង និង​ការរក្សា​ទុក​សម្រាប់​សិស្ស ជា​ពិសេស​សម្រាប់​អ្នក​ដែល​មាន​ការលំបាក​ក្នុង​ការស្តាប់ ។

នៅ​ពេល​ប្រើប្រាស់​ធនធាន​សោតទស្សន៍ ឬ​បច្ចេកវិទ្យា​កុំព្យូទ័រ​នៅ​ក្នុង​មេរៀន​មួយ គ្រូបង្រៀន​គួរ​តែ​ដំឡើង​ឧបករណ៍​មុនពេល​ចាប់ផ្តើម​ថ្នាក់រៀន ហើយ​ត្រូវ​ប្រាកដ​ថា​វា​មាន​ដំណើរការ​ល្អ ។ ពួកគេ​គួរ​តែ​ធានា​ថា​អ្នករៀន​ទាំងអស់​នឹង​អាច​ស្តាប់​បទ​បង្ហាញ​នេះ ហើយ​អាច​មើលឃើញ​ពី​កៅអី​របស់​ពួកគេ ។ ពី​មុន​ចាប់​ផ្តើម​ថ្នាក់ គ្រូ​បង្រៀន​គួរតែ​រៀបចំ​ឧបករណ៍​សោតទស្សន៍ ឬ​កុំព្យូទ័រ​ដើម្បី​ចាប់​ផ្ដើម​នៅ​ក្នុង​កន្លែង​ត្រឹមត្រូវ តាមសេចក្តីត្រូវការ​នៅ​ក្នុង​មេរៀន ។ វា​ក៏​អាច​ជា​គំនិត​ល្អ​មួយ​សម្រាប់​គ្រូ​បង្រៀន​ក្នុង​ការអនុវត្ត​ការប្រើប្រាស់​បច្ចេកវិទ្យា សម្រាប់​ការធ្វើ​បទបង្ហាញ​មុន​ពេល​ប្រើ​វា​នៅ​ក្នុង​មេរៀន​ផងដែរ ។

គោលការណ៍​ណែនាំ

ប្រហែល​មាន​វិធី​សាស្ត្រ​បង្រៀន​ផ្សេង​ទៀត​ជា​ច្រើន ដែលការប្រើប្រាស់​ធនធាន​សោតទស្សន៍ និង​បច្ចេកវិទ្យា​មក​ជាមួយ​នឹង​ឧបសគ្គ និង​ការទទួលខុសត្រូវ​ដែល​មាន​សក្តានុពល​មួយ​ចំនួន ។ គ្រូបង្រៀន​គួរ​ប្រើ​ប្រាជ្ញា​ពេល​សម្រេច​ចិត្ត​ថា​តើ​បទបង្ហាញ​សោតទស្សន៍ ឬ​កុំព្យូទ័រ​អាចសមស្រប ហើយ​មាន​ប្រយោជន៍​ដល់​បទពិសោធន៍​នៃ​ការរៀនសូត្រ​ដែរឬ​ទេ ។ ការពឹងផ្អែក​ខ្លាំង​ពេក​លើ​បច្ចេកវិទ្យា​អាចនាំ​ទៅ​រក​មេរៀន​​បច្ចេកវិទ្យា- និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាជាង​មេរៀន​ដែល​ផ្អែកលើ​បទគម្ពីរ និង​ផ្តោតលើ​អ្នកសិក្សា ។ សំណួរ​ខាង​ក្រោម​នេះ​អាច​ជួយ​គ្រូបង្រៀន​ក្នុង​ការធ្វើ​ការសម្រេចចិត្ត​ដ៏​ឈ្លាស​វៃ នៅ​ក្នុង​ការប្រើប្រាស់​ធនធាន​សោតទស្សន៍ និង​កុំព្យូទ័រ ៖

  1. តើ​ធនធាន​នេះ​ជួយ​សិស្ស​ឲ្យ​រៀន​អំពី​អ្វី​ដែល​សំខាន់​ដែរ​ឬ​ទេ ? បទបង្ហាញ​ជា​សោតទស្សន៍ ​អាច​ជា​ការកម្សាន្ត ឬ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ដល់​សិស្ស ប៉ុន្តែ​តើ​វា​រួមចំណែក​ដោយ​ផ្ទាល់​ដល់​គោលបំណង​នៃ​មេរៀន និង​អ្វី​ដែល​សិស្ស​ត្រូវ​រៀន​ដែរ​ឬ​ទេ ? ការប្រើប្រាស់​ធនធាន​ទាំង​នេះ​សម្រាប់​ជា​ការកំសាន្ត ឬ​ប្រើ​វា​ឲ្យ​ជួយ​បង្គ្រប់​ម៉ោង​គឺ​ពុំ​មែន​ជា​មូលហេតុ​គ្រប់គ្រាន់​ដើម្បី​ប្រើ​វា​ឡើយ ។ គ្រូបង្រៀន​គួរ​តែ​មើល ឬ​ស្តាប់​បទបង្ហាញ​ណា​មួយ​មុន​នឹង​ប្រើ​វា​នៅ​ក្នុង​ថ្នាក់ ហើយ​ធានា​ថា​វា​ពង្រឹង ឬ​គាំទ្រ​ដល់​បទគម្ពីរ និង​គោលលទ្ធិ​និង​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​មេរៀន ។

  2. តើ​វា​ជា​ធនធាន​មួយ​សម្រាប់​មេរៀន ឬ​ការ​ផ្តោត​យកចិត្ត​ទុកដាក់​ជា​ចម្បង​របស់​វា​ដែរឬ​ទេ ? អែលឌើរ ប៊យដ៍ ខេ ផាកកឺ បាន​ទូន្មានថា « ជំនួយ​ជា​សម្លេង និង​រូបភាព​នៅ​ក្នុង​ថ្នាក់​អាច​ជា​ពរជ័យ ឬ​បណ្ដាសា អាស្រ័យ​លើ​របៀប​ដែល​វា​ត្រូវ​បាន​ប្រើប្រាស់ ។ វា​អាច​ប្រៀប​ធៀប​ទៅ​នឹង​គ្រឿង​ផ្សំ និង​រសជាតិ​ដែល​មាន​ជាមួយនឹង​អាហារ ។ ធនធាន​នោះ គួរ​ប្រើ​វា​សមល្មម​ដើម្បី​ធ្វើ​ឲ្យ​មេរៀន​មាន​ភាពគួរ​ឲ្យ​ចាប់អារម្មណ៍ » ( Teach Ye Diligently rev. ed [ ឆ្នាំ ១៩៩១ ] ទំព័រ ២៦៥ ) ។

  3. តើ​វា​សមរម្យ ហើយ​ស្រប​ទៅ​តាម​បទដ្ឋាន​សាសនាចក្រ​ដែរ​ឬ​ទេ ? តើ​វា​ជា​ការលើកស្ទួយ​ដែរទេ ? ផលិតផល​ជាច្រើន​ដែល​ផលិត​នៅក្នុង​ពិភពលោក​អាច​ផ្ទុក​សារ​ដ៏ល្អមួយ ប៉ុន្តែ​ជាញឹកញាប់​មាន​ខ្លឹមសារ​ដែល​ប្រមាថ​ដល់​វិញ្ញាណ ឬ​គំនិត​ដែលមិន​ស្របនឹង​ការបង្រៀន​ដំណឹងល្អ ។ វគ្គ​វីដេអូ ឬ​ជា​សម្លេង​ទោះ​បី​ជា​សមរម្យ​ក៏​ដោយ ក៏ពុំ​គួរ​យក​វា​មក​ប្រើ​ឡើយ​ប្រសិន​បើ​វា​យក​មក​ពី​ប្រភព​មួយ​ដែល​មាន​នូវ​ឯកសារ​មិន​សមរម្យ ។ ចំណុច​ដែល​មាន​ភាព​ចម្រូងចម្រាស ឬ​រំជួលចិត្ត​ជា​ធម្មតា​មិន​បង្កើត​សេចក្ដី​ជំនឿ និង​ទីបន្ទាល់​ឡើយ ។

  4. តើ​វា​នឹង​រំលោភ​លើ​កម្មសិទ្ធិ​បញ្ញា ឬ​ការអនុវត្តច្បាប់​ផ្សេងៗ​ទៀតដែរ​ឬ​ទេ ? វីដេអូ ចម្រៀង និង​សម្លេង និង​ឯកសារ​ជាសម្លេង និង​រូបភាព​ផ្សេង​ទៀត​ជាច្រើន មាន​ដាក់​កំហិត​តាម​លក្ខណៈ​ច្បាប់​រក្សា​សិទ្ធិ​ដោយ​អ្នកនិពន្ធ ឬ​កិច្ចព្រមព្រៀង​របស់​អ្នក​ប្រើប្រាស់ ។ វា​ចាំ​បាច់​ណាស់​ដែល​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​គ្រប់រូប​គោរព​តាម​ច្បាប់​កម្មសិទ្ធបញ្ញា​ក្នុង​ប្រទេស​ដែល​ពួកគេ​កំពុង​បង្រៀន ហើយ​ថា​ពួកគេ​យល់ស្រប​តាម​ច្បាប់​អនុម័ត និង​កាតព្វកិច្ច ដូច្នេះ​ទាំងពួកគេ និង​សាសនាចក្រ​មិនជាប់​ពាក់ព័ន្ធ​នឹង​ការចាត់​វិធាន​ការណ៍ផ្លូវ​ច្បាប់​ឡើយ ។

សេចក្តី​ណែនាំ​ខាង​ក្រោម​នេះ​អនុវត្ត​ចំពោះ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ព្រម​ទាំង​ថ្នាក់​ដឹកនាំ​ទាំងឡាយ​នៅ គ្រប់ ប្រទេស​ទាំងអស់ ។

ការប្រើប្រាស់​សម្ភារៈ​ដែល​ផលិត​ដោយ​សាសនាចក្រ

លុះត្រាតែ​មាន​ការចង្អុល​បង្ហាញ​ផ្សេងពី​សម្ភារ​ដែល​ផលិត​ដោយ​សាសនាចក្រ គ្រូ​បង្រៀន និង​ថ្នាក់​ដឹកនាំ​អាច​ចម្លង និង​បង្ហាញ​ខ្សែភាពយន្ត វីដេអូ រូបភាព និង​ការថត​តន្ត្រី​ដែល​​បាន​ផលិត​ដោយ​សាសនាចក្រ​សម្រាប់​ការប្រើប្រាស់​នៅក្នុង​សាសនាចក្រ ​ថ្នាក់សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​បាន ។ តន្ត្រី​មកពី ទំនុកតម្កើង សៀវភៅ ចម្រៀង​កុមារ និង​ទស្សនាវដ្តី​របស់​សាសនាចក្រ​អាច​ប្រាស់បានសម្រាប់​សាសនាចក្រ ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ដោយ​មិនមែន​សម្រាប់​ពាណិជ្ជកម្មទេ លើកលែងតែ​កន្លែង​ដែល​មានការរឹតបន្តឹង ហើយ បាន​បញ្ចាក់​យ៉ាងច្បាស់​នៅលើ​ទំនុកតម្កើង ឬ​ចម្រៀង​នោះ ។ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ព្រមទាំង​ថ្នាក់ដឹកនាំ​ទាំងឡាយ​អាច​ទាញ​យក និង​បង្ហាញ​សម្ភារ​ដែល​ផលិត​ដោយ​សាសនាចក្រ​នៅ​ក្នុង​ថ្នាក់​បាន លើកលែងតែ​សម្ភារ​ទាំងនោះ​បានដាក់​កំហិត​ដែល​មាន​ចែង​ខុសពីនោះ ។

ការប្រើ​ប្រាស់​សម្ភារ​មិន​មែន​ជា​របស់​សាសនាចក្រ

ជា​ច្បាប់​ទូទៅ កម្មវិធី​សូហ្វវែរ និង​សម្ភារ​ជាសម្លេង​មិន​គួរ​ទាញ​យក​មកពី​អ៊ីនធឺណិត ឬ​បង្ហាញ​ក្នុង​ថ្នាក់​ចេញពី​អ៊ីនធឺណិត​ឡើយ លុះ​ត្រាតែ​មាន​អាជ្ញាប័ណ្ណដែល​បាន​ទិញ​ត្រឹមត្រូវ ។ លើកតែងតែ​វីដេអូ ចម្រៀង ឬ​សម្ភារ​ជាសម្លេង​ដទៃ​ទៀត​នោះ​ដែលជា​កម្មសិទ្ធិ​របស់​សាសនាចក្រ មិន​ដូច្នោះ​វា​មាន​ហានិភ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ណា​ដែល​​សម្ភារ​ដូច្នោះ​ត្រូវបានប្រើ​នៅ​ក្នុង​ថ្នាក់រៀន​ ដែលអាចជា​ការបំពាន​ដល់​ច្បាប់កម្មសិទ្ធបញ្ញា ។ ដូច្នេះ​ជា​ច្បាប់​ទូទៅ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ​ថ្នាក់​វិទ្យាស្ថាន និង​ថ្នាក់​ដឹកនាំ​ទូទាំង​ពិភពលោក​មិន​គួរ​បង្ហាញ​សម្ភារ​ថ្នាក់​រៀន​របស់​ខ្លួន​ដែល​មិន​ត្រូវ​បាន​ផលិត​ដោយ​សាសនាចក្រ​នោះ​ទេ ។

ការថតចម្លង​តន្រ្តី​ដែលមាន​កម្មសិទ្ធបញ្ញា ( ដូចជា​ក្រដាស​ចម្រៀង ឬ​ថតចម្លង ភ្លេង ) គឺ​ជា​ការបំពាន​ចំពោះ​ច្បាប់​រក្សាសិទ្ធិ​អ្នក​និពន្ធ​ដោយ​ផ្ទាល់ លុះ​ត្រា​តែ​មាន​ការអនុញ្ញាត​ជា​លាយ​លក្ខណ៍​អក្សរ​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​អ្នក​និពន្ធ​ផ្ទាល់ ។ ការចម្លង​ទំនុក​ច្រៀង​ដែល​មាន​កម្មសិទ្ធបញ្ញា​ធ្វើ​ជា​បទចម្រៀង​ក៏​ខុស​ច្បាប់​ផងដែរ ប្រសិនបើ​គ្មាន​ការ​អនុញ្ញាត ។

សេចក្តី​ណែនាំ​ខាង​ក្រោម​នេះ​មាន​នូវ​ការពន្យល់​ជាក់​លាក់ អំពី​ករណី​លើកលែង​ចំពោះ​ច្បាប់កម្មសិទ្ធបញ្ញានៅ​សហរដ្ឋ​អាមេរិក ដែល​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ព្រមទាំង​ថ្នាក់​ដឹកនាំ​នៅ​សហរដ្ឋ​អាមេរិក​ចាក់​វីដេអូវគ្គ​ខ្លីៗ​នៅ​ក្នុង​ថ្នា​ក់​រៀន​បាន ដោយ​ពុំ​ចាំបាច់​ទទួល​បាន​អាជ្ញាប័ណ្ណ​មក​ពី​ម្ចាស់​កម្មសិទ្ធបញ្ញាវីដេអូ​ជា​មុន​នោះ​ឡើយ ។ ខណៈ​ពេល​មាន​ករណី​លើកលែង​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត នោះ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គួរ​តែ​ទាក់ទង​ទៅ​ការិយាល័យ​កម្មសិទ្ធិ​បញ្ញា​ដើម្បី​កំណត់​អំពី​ច្បាប់ និង​ករណី​លើកលែង​ជាក់លាក់​ដែល​អនុវត្ត​ចំពោះ​ប្រទេស​ជាក់លាក់របស់​ខ្លួន មុន​នឹង​ចាក់​វីដេអូ​ខ្លីៗ​ចេញពី​វីដេអូ ឬ​កម្មវិធី​ដែល​ផលិត​ដោយ​ពាណិជ្ជកម្ម​ដែល​បាន​ថត​ចេញ​ពី​ការផ្សាយ ឬ​ចេញពី​អ៊ីនធឺណិត ។

ការប្រើប្រាស់​វីដេអូ​​ផលិត​សម្រាប់​ពាណិជ្ជកម្ម ។ ច្បាប់​សហរដ្ឋ​អាមេរិក​រួម​បញ្ចូល​ករណី​លើកលែង​មួយ​ដែល​អនុញ្ញាត​ឲ្យ​គ្រូ​បង្រៀន និង​សិស្ស​ប្រើប្រាស់​វីដេអូ​ដែល​ផលិត​សម្រាប់​ពាណិជ្ជកម្ម​នៅ​ក្នុង​ថ្នាក់ ដោយ​មិន​ចាំបាច់​ទិញ​អាជ្ញា​ប័ណ្ណ​ដើម្បី​ទាញយក​មកប្រើ​ឡើយ ។ យ៉ាងណា​ក៏ដោយ​ទាក់ទង​ទៅនឹង​រឿងនេះ វីដេអូ​ដែល​ផលិត​សម្រាប់​ពាណិជ្ជកម្ម​អាចប្រើប្រាស់​បានតែ​នៅក្រោម​ករណី​លើកលែង​នេះប៉ុណ្ណោះ ប្រសិនបើ​លក្ខខណ្ឌ​ទាំងអស់​ខាងក្រោមនេះ​ត្រូវបានបំពេញ ។ វីដេអូ​ដែលបាន​បង្ហាញ​ត្រូវតែ ( ក ) ចេញពី​ច្បាប់ចម្លង​ត្រឹមត្រូវ ( ខ ) ប្រើ​ក្នុង​ការបង្រៀន​ទល់មុខគ្នា នោះមាន​ន័យថា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ឬ​ថ្នាក់​ដឹកនាំ​គួរមាន​វត្តមាន​ខណៈពេល​ដែល​វីដេអូ​នេះ​ចាក់បង្ហាញ ( គ ) ចាក់​នៅក្នុង​ថ្នាក់រៀន ឬ​កន្លែង​ស្រដៀងគ្នា​ដែល​ចាត់តាំងសម្រាប់​ការបង្រៀន ( ឃ ) បង្ហាញ​ដោយ​អង្គការ​អប់រំ​ដែល​មិនរក​ប្រាក់ចំណេញ ដូចជា​ថ្នាក់​សិក្ខាសាលា ឬថ្នាក់​វិទ្យាស្ថាន និង ( ង ) បង្ហាញ​សម្រាប់​គោល​បំណង​បង្រៀន​ដែល​ទាក់ទង​ដោយ​ផ្ទាល់​ទៅនឹង​កម្មវិធី​សិក្សា​នៃ​វគ្គសិក្សា និង​មិន​មែន​សម្រាប់​ការកម្សាន្ត​នោះ​ទេ ។ ការបង្ហាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នេះ​ដែលបាន​ជួល​ឬ​បាន​ទិញ មុន​ពេល ឬអំឡុង​ពេល ឬ​បន្ទាប់​ពី​ថ្នាក់រៀន​គ្រាន់​​ជា​ការកម្សាន្ត នោះ​ក៏​ជា​រឿង​ខុស​ច្បាប់ និង​មិន​ស្មោះត្រង់ ។ ករណី​នេះ​តែងតែ​កើត​ឡើង​ជានិច្ច​នៅ​ពេល​ភាពយន្ត​ពេញលេញ​ត្រូវ​បាន​បង្ហាញ ។

ការប្រើប្រាស់​កម្មវិធី​ដែល​បាន​ថតចម្លង​ចេញ​ពី​ការផ្សាយ ។ នៅ​សហរដ្ឋអាមេរិក​កម្មវិធី​ទូរទស្សន៍​មួយ​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ឥតគិតថ្លៃ​ដល់​សាធារណជន​ទូទៅ​ហើយ​ត្រូវ​បាន​គេ​ថត​ចេញ​ពី​ការផ្សាយ ចេញពី​ខ្សែ​កាប​អាច​ប្រើ​នៅ​ក្នុង​ថ្នាក់រៀន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​លក្ខខណ្ឌ​ដូច​ខាងក្រោម​ត្រូវ​បាន​បំពេញ ៖ ( ក )​ច្បាប់​ចម្លង​ត្រូវ​បាន​រក្សា​ទុក​មិន​លើស​ពី ៤៥ ថ្ងៃ​ទេ ហើយ​បន្ទាប់​មក​ត្រូវ​តែ​លុប​ចោល​ភ្លាមៗ ( ខ ) ច្បាប់​ចម្លង​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ថ្នាក់រៀន​តែក្នុង​រយៈពេល ១០ ថ្ងៃដំបូង​ប៉ុណ្ណោះ បន្ទាប់ពី​កាលបរិច្ឆេទ​នៃ​ការចម្លង​ត្រូវបានធ្វើ ( បន្ទាប់ពី ១០ ថ្ងៃដំបូង ប៉ុន្តែ​នៅក្នុង​រយៈពេល ៤៥ ថ្ងៃដំបូង ច្បាប់ចម្លង​នោះ​អាច​ត្រូវបាន​ប្រើសម្រាប់​ការវាយតម្លៃ​គ្រូបង្រៀន ឬ​ដើម្បី​កំណត់ថា​តើ​កម្មវិធី​នោះ​គួរតែ​ប្រើ​នៅក្នុង​មេរៀន​នាពេលអនាគត​ឬអត់ ) ( គ ) ច្បាប់ចម្លង​ត្រូវបាន​ចាក់បង្ហាញ​តែម្តង ( ពីរដង​ប៉ុណ្ណោះ​នៅក្នុង​ថ្នាក់រៀន ឬ​កន្លែង​ស្រដៀងគ្នា​ដែលចាត់តាំង​សម្រាប់​ការបង្រៀន) ( ឃ ) ច្បាប់ចម្លង​ត្រូវបាន​បង្ហាញ​នៅក្នុង​ថ្នាក់រៀន ឬ​កន្លែង​ស្រដៀងគ្នា​ដែលចាត់តាំងសម្រាប់​ការបង្រៀន ( ង ) សារលិខិត ឬ​ខ្លឹមសារ​ទាំង​មូល​នៃ​កម្មវិធី​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ឡើយ ( ច ) ច្បាប់ចម្លង​ប្រហែលជា​មិនចម្លង​សម្រាប់​ចែកចាយ​ជាមួយ​អ្នកឯទៀត​ទេ ( ឆ ) ច្បាប់ចម្លង​ទាំងឡាយណា​ត្រូវតែ​រួមបញ្ចូល​ការជូនដំណឹង​កម្មសិទ្ធិ​បញ្ញា​សម្រាប់​កម្មវិធី​ដូចដែល​បានកត់ត្រា ( ជ ) កម្មវិធី​មិនត្រូវ​កាត់​បញ្ចូលគ្នា​ជាមួយ​ផ្នែកណាមួយ ( ជាក្រដាស ឬ​អេឡិចត្រូនិក ) នៃ​កម្មវិធី​ផ្សេងគ្នា​ដើម្បី​បង្កើត​ការចងក្រង​ការបង្រៀន ឬ​ផលិតផល​ផ្សេងទៀតឡើយ ។

បន្ថែមពី​លើ​តម្រូវការ​មុន ឃ្លីប​មកពី​វីដេអូ និង​កម្មវិធី​ដែល​ផលិត​ដោយ​ពាណិជ្ជកម្ម ដែលបាន​ថត​ក្រោយពេល​ចាក់ផ្សាយ ឬ​នៅលើ​អ៊ីនធឺណិត​គួរតែ ( ក ) បង្ហាញ​តែផ្នែក​មួយ​នៃវីដេអូ ឬ​កម្មវិធី​មួយ​ប៉ុណ្ណោះ ( ខ ) ត្រូវបាន​ប្រើប្រាស់​ដោយ​គ្មាន​ការកែប្រែ ឬ​កែសម្រួល​កម្មវិធី​របស់ វា ឡើយ ( គ ) មិនត្រូវបាន​ប្រើប្រាស់​ក្នុង​លក្ខណៈ​ដែល​បង្ហាញថា​អ្នកបង្កើត​កម្មវិធី ឬ​ម្ចាស់​កម្មវិធី​គាំទ្រ​សាសនាចក្រ ឬ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ឬ​ការបង្រៀន​របស់ពួកគេ ឬ​នៅក្នុង​លក្ខណៈ​ដែល​បង្ហាញថា​សាសនាចក្រ ឬ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​គាំទ្រ​កម្មវិធី ឬ​អ្នកបង្កើត ឬ​ម្ចាស់​របស់វា​នោះទេ ( ឃ ) មិន​ត្រូវ​បាន​ប្រើ​ក្នុង​លក្ខណៈ​ដែល​លើក​ឡើង​អំពី​ការលើក​កម្ពស់​សាសនាចក្រ ឬ​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​នោះ​ទេ និង ( ង ) ត្រូវ​បាន​ប្រើ​ដោយ​អនុលោម​តាម​ការដាក់កំណត់​លើ​ខ្លឹមសារ​ដែលគេ​ស្គាល់ និង​គោលការណ៍​សាសនាចក្រ ។

ប្រសិន​បើ​គ្រូ​បង្រៀន​ថ្នាក់​សិក្ខា​សាលា និង​វិទ្យាស្ថាន​មាន​សំណួរ​ដែល​មិន​ត្រូវ​បាន​ឆ្លើយ​ដោយ​គោលការណ៍​ណែនាំ​ទាំងនេះទេ សូមយោង​ទៅ​លើ​ផ្នែក ៣៨.៨.១៣ « សម្ភារ​ដែល​មាន​សិទ្ធិ​អ្នកនិពន្ធ » នៅ​ក្នុង ក្បួនខ្នាត​ទូទៅ ៖ ការ​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

Intellectual Property Office
50 E. North Temple Street, Room 1888
Salt Lake City, UT 84150-0018
ទូរសព្ទ ៖ ១-៨០១-២៤០-៣៩៥៩ ឬ ១-៨០០-៤៥៣-៣៨៦០, លេខខ្នែង ២-៣៩៥៩
Fax ៖ ១-៨០១-២៤០-១១៨៧
អ៊ីម៉ែល ៖ cor-intellectualproperty@ldschurch.org

តន្ត្រី

តន្រ្តី ជា​ពិសេស​ទំនុក​តម្កើង​របស់​សាសនាចក្រ អាច​ដើរតួ​យ៉ាង​សំខាន់​មួយ​នៅ​ក្នុង​ការជួយ​ដល់​សិស្សឲ្យ​ទទួល​អារម្មណ៍​ដឹង​អំពីឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅ​ក្នុង​បទពិសោធន៍នៃ​ការរៀនសូត្រ​អំពី​ដំណឹងល្អ​របស់​ពួកគេ ។ នៅ​ក្នុង​អារម្ភកថា​នៃ​សៀភៅ​ទំនុកតម្កើង​របស់​សាសនា​ចក្រ គណៈប្រធាន​ទី​មួយ​បាន​ថ្លែង​ថា ៖ « តន្ត្រី​ដែល​បំផុស​គំនិត​គឺ​ជា​ចំណែក​មួយ​ដ៏សំខាន់​នៃ​ការប្រជុំ​ក្នុង​ព្រះវិហារ​របស់​យើង ។ ទំនុក​តម្កើង​អញ្ជើញ​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ បង្កើត​ឲ្យ​មាន​អារម្មណ៍​គារវភាព ធ្វើ​ឲ្យ​មាន​សាមគ្គីភាព​ក្នុងនាម​ជា​សមាជិក ហើយ​ផ្តល់​នូវ​របៀប​មួយ​ដល់​យើង​ដើម្បី​ថ្វាយ​ការសរសើរ​តម្កើង​ដល់​ព្រះអម្ចាស់ ។

រូបភាព
ការច្រៀង​ទំនុក​តម្កើង​ក្នុង​ថ្នាក់

« ទេសនកថា​ដ៏​អសា្ចរ្យ​បំផុត​មួយ​ចំនួន​គឺ​ត្រូវ​បាន​បង្រៀន​តាមរយៈ​ការច្រៀង​ទំនុកតម្កើង ។ ទំនុក​តម្កើង​ជួយ​ឲ្យ​យើង​ធ្វើ​ការប្រែចិត្ត និង​ធ្វើអំពើ​ល្អ ស្ថាបនា​ទីបន្ទាល់ និង​សេចក្តី​ជំនឿ ជួយ​លួងលោម​ជន​ដែល​នឿយហត់ លួង​លោម​ដល់​អ្នក​មាន​ទុក្ខ និង​បំផុស​គំនិត​យើង​ឲ្យ​តស៊ូ​ដល់​ទីបញ្ចប់ » ( ទំនុក​តម្កើង ទំព័រ​ix ) ។ ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « ខ្ញុំ​ឆ្ងល់​ថា​តើ​យើង​កំពុង​តែ​ប្រើប្រាស់​ធនធាន​ដែល​បាន​បញ្ជូន​មកពី​ស្ថាន​សួគ៌​នេះ​គ្រប់​គ្រាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​យើង នៅ​ក្នុង​ថ្នាក់​រៀន​របស់​យើង និង​នៅ​ក្នុង​ផ្ទះ​របស់​យើង​ដែរ​ឬ​ទេ ។ …

រូបភាព
យុវនារី​កំពុង​លេង​ព្យាណូ

« តន្ត្រី​ដ៏ពិសិដ្ឋ​របស់យើង​គឺជា​ការរៀបចំ​ដ៏មាន​អានុភាព​សម្រាប់​ការបង្រៀន ការអធិស្ឋាន និង​ដំណឹងល្អ » ( « Worship through Music » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៤ ទំព័រ ១០ ១២ ) ។ គ្រូ​បង្រៀន​គួរ​តែ​ជួយដល់​សិស្ស​ឲ្យ​យល់​អំពី​សារៈសំខាន់​នៃ​តន្ត្រី​នៅ​ក្នុង​ការថ្វាយបង្គំ និង​យល់​អំពី​របៀប​ដែល​វា​អាច​ជួយ​បង្កើត​បរិយាកាស​មួយ ដែល​ព្រះវិញ្ញាណ​អាច​ធ្វើ​ការកាន់​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។

នៅ​ខាង​ក្រោម​នេះ គឺ​ជា​វិធី​មួយ​ចំនួន​ដែល​គ្រូ​បង្រៀន​អាច​ប្រើ​តន្ត្រី​ជួយ​បង្កើន​បទពិសោធន៍​ការរៀនសូត្រ​អំពី​ដំណឹងល្អ ៖

  • មាន​តន្ត្រី​ដ៏​បំផុស​គំនិត​ដែល​លេង​នៅ​ពេល​សិស្ស​មក​ថ្នាក់​រៀន ឬ​អំឡុង​ពេល​រៀន​ខណៈ​ដែល​ពួកគេ​កំពុង​ធ្វើ​លំហាត់​សរសេរ ។

  • អញ្ជើញ និង​លើកទឹកចិត្ត​សិស្ស​ឲ្យ​ចូលរួម​យ៉ាង​មាន​អត្ថន័យ​នៅ​ពេល​ច្រៀង​ទំនុក​ច្រៀង​រួមគ្នា​ជា​ថ្នាក់​ទាំងមូល ។

  • សូម​រំឭក​ឡើង​វិញ​នូវ​គោលការណ៍​ដំណឹងល្អ និង​ពន្យល់​បន្ថែម​អំឡុង​មេរៀន​ដោយ​ការច្រៀង​ទំនុកតម្កើង​មួយ​បទ ឬ​ទំនុកតម្កើង​មួយ​ឃ្លា​ដែល​ទាក់ទង​ផ្ទាល់​ទៅ​នឹង​អ្វី​ដែលត្រូវ​បង្រៀន​នៅ​ថ្ងៃ​នោះ ។ មាន​ទាំង​លិបិក្រម​បទគម្ពីរ និង​លិបិក្រម​ប្រធាន​បទ​នៅ​ខាង​ក្រោយ​សៀវភៅ​ទំនុក​តម្កើង​ដែល​អាច​មាន​ប្រយោជន៍​ក្នុង​រឿងនេះ ។

  • ផ្តល់​ឱកាស​ដែល​ការអាន​ពាក្យ​ក្នុង​ទំនុក​តម្កើង​អាច​ជួយ​សិស្ស​ស្ថាបនា និង​បង្ហាញ​ពី​ទីបន្ទាល់​នៃ​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹងល្អ ។

  • អញ្ជើញ​សិស្ស​ឲ្យ​ធ្វើការ​ប្រគំ​តន្ត្រី​សមរម្យ​ក្នុង​ថ្នាក់​រៀន ។

នៅពេល​ធ្វើការ​សម្រេចចិត្ត​អំពី​ការប្រើតន្ត្រី​នៅក្នុង​ថ្នាក់រៀន​សម្រាប់​គោលបំណង​ណាមួយ ( ដូចជា​តន្ត្រី​ចាក់​ពីខាងក្រោយ ចំណេះចំណាន​ខាង​គោលលទ្ធិ ឬ​ការទន្ទេញ ) វាមាន​សារៈសំខាន់ណាស់​ក្នុង​ការចងចាំ​មាននូវ​ការប្រុងប្រយ័ត្ន​ដូចខាងក្រោម​ មកពី​អែលឌើរ ប៊យដ៍ ខេ ផាកកឺ ៖ « មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជាច្រើន​ដើម្បី​យក​បាវចនា​ទាំងឡាយ​នៃ​ដំណឹងល្អ​ដ៏ពិសិដ្ឋ ហើយ​ចងភ្ជាប់​វា​ទៅនឹង​តន្ត្រី​សម័យទំនើប​ដោយ​សង្ឃឹមថា​នឹង​ទាក់ទាញ​យុវវ័យ​របស់យើង​ចំពោះ​សារនេះ ។ … ខ្ញុំ​មិន​ដឹង​ថា​វា​អាច​ធ្វើ​បាន​ដោយ​របៀបណា​ទេ ហើយ​ទទួលបាន​លទ្ធផល​រីក​ចម្រើន​ខាង​វិញ្ញាណយ៉ាងណាទេ ។ ខ្ញុំ​គិតថា​វា​មិនអាច​ធ្វើបាន​ទេ » ( That All May Be Edified [ ឆ្នាំ ១៩៨២ ] ទំព័រ ២៧៩ ) ។ ទី​បំផុត វា​ជា​ទំនួល​ខុស​ត្រូវ​របស់​គ្រូ​បង្រៀន​ក្នុង​ការធ្វើ​ឲ្យ​ប្រាកដ​ថា តន្ត្រី​ណា​មួយ​ដែល​ប្រើ​ក្នុង​បទពិសោធន៍​រៀន​សូត្រ គឺ​ស្រប​ទៅ​នឹង​បទដ្ឋាន​សាសនាចក្រ ហើយ​ថា​វា​មិនមែន​ជា​ការប្រមាថ​ដល់​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ឡើយ ។

ដំបូន្មាន និង​ការដាស់តឿន​ទូទៅ

ខណៈ​ពេលដែល​បំណងប្រាថ្នា​ចង់​កសាង​ទំនាក់​ទំនង​ល្អ​ជាមួយ​សិស្ស​ជាការល្អ តែបើ​បំណង​ប្រាថ្នា​ចង់បាន​ការសរសើរ ប្រសិន​បើ​មិនបាន​ទទួល ឬ​មិន​បាន​ពិនិត្យ​ដិតដល់ នោះ​អាច​ធ្វើ​ឲ្យ​គ្រូបង្រៀន​ខ្វល់​ខ្វាយ​ច្រើន​អំពី​អ្វី​ដែល​សិស្ស​គិត​អំពី​ពួកគេ ជាជាងការជំរុញដើម្បីជួយ​សិស្ស​ឲ្យ​រៀនសូត្រ និង​រីក​ចម្រើន ។ ករណីនេះ​តែងតែ​នាំ​ឲ្យ​គ្រូ​បង្រៀន​ជំនួស​វិធីសាស្ត្រ​ដែល​មាន​ចេតនាលើកតម្កើងខ្លួននៅ​ក្នុង​ភ្នែក​របស់​សិស្ស ជាមួយវិធីសាស្ត្រ​ដែល​បានរៀបរៀង​ឡើង​ដើម្បី​អញ្ជើញ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ គ្រូបង្រៀន​ទាំងឡាយណា​ដែល​បាន​ធ្លាក់​ចូលក្នុង​អន្ទាក់​នេះ ដែល​មាន​កំហុស​ខាង​ឧបាយកល​ផ្នែក​សង្ឃ​ពីព្រោះ​ពួកគេ « តាំង​ខ្លួន​ឡើងជា​ពន្លឺ​ដល់​មនុស្ស​លោក ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​កម្រៃ និង​ការសរសើរ​តម្កើង​ពី​មនុស្ស​លោក » ( នីហ្វៃ​ទី២ ២៦:២៩) ។ គ្រូ​បង្រៀន​គួរតែ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើ​រឿង​កំប្លែង រឿង​ផ្ទាល់ខ្លួន ឬ​វិធីសាស្ត្រ​នៃ​ការបង្រៀន​ផ្សេង​ទៀត​ដែល​ពុំ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បី​កម្សាន្ត ទទួល​ចំណាប់​អារម្មណ៍ ឬ​ទទួល​បាន​ការសរសើរ​តម្កើង​ពី​សិស្ស ។ ផ្ទុយទៅវិញ ការផ្តោត​អារម្មណ៍​របស់​អ្នកអប់រំ​សាសនា​ទាំងអស់ គួរតែ​ជាការលើកតម្កើង​ដល់​ព្រះវរបិតាសួគ៌ និង​ដើម្បី​ដឹកនាំ​សិស្ស​របស់ពួកគេ​ទៅរក​ព្រះយេស៊ូវគ្រីស្ទ​វិញ ។

ប្រធាន ហាវើដ ដបុលយូ ហិនធើរ បាន​បង្រៀន​ថា ៖ « ខ្ញុំ​បា្រកដ​ថា​អ្នក​ទទួល​ស្គាល់​អំពី​គ្រោះ​ថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង​នៃ​ការធ្វើ​ជា​មនុស្សដ៏​មាន​ឥទ្ធិពល និង​ពូកែ​បញ្ចុះបញ្ចូល​ដែលធ្វើ​ឲ្យ​សិស្ស​របស់​អ្នក​មាន​ភក្តីភាព​ចំពោះ​អ្នក​ជាជាង​ចំពោះ​ដំណឹងល្អ​នោះ ។ ឥឡូវ​នេះ​វា​ជា​បញ្ហា​ដ៏​អស្ចារ្យ​មួយ​ដែល​ត្រូវ​ទប់ទល់ ហើយ​យើង​គ្រាន់​តែ​សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​គឺ​ជា​គ្រូ​ដែល​មានអំណាច​របស់ព្រះ ។ ប៉ុន្តែ​វាពិតជា​មាន​គ្រោះថ្នាក់​ណាស់​នៅ​ទី​នេះ ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​ចូល​ទៅ​ក្នុង​ព្រះគម្ពីរ​ដោយ​ខ្លួន​ឯង ដោយ​មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការបកប្រែរបស់​អ្នក និង​​បទបង្ហាញ​របស់​អ្នក​នោះ​ទេ ។ នេះ​ជា​មូលហេតុ​ដែល​អ្នក​ត្រូវ​តែ​អញ្ជើញ​សិស្ស​របស់​អ្នក​ឲ្យ​មាន​អារម្មណ៍​នៃព្រះវិញ្ញាណ​របស់​ព្រះ​អម្ចាស់ ដោយ​មិន​គ្រាន់​តែ​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការឆ្លុះ​បញ្ចាំង​ផ្ទាល់​ខ្លួន​របស់​អ្នក​អំពី​រឿង​នោះ​ទេ ។ ទោះយ៉ាងណាក៏ដោយ នេះ​ជា​មូលហេតុ​ដែល​នៅ​ទីបំផុត​អ្នក​ត្រូវ​តែ​អញ្ជើញ​សិស្ស​របស់​អ្នក​ដោយ​ផ្ទាល់​ទៅ​កាន់​ព្រះគ្រីស្ទ ដោយ​មិនត្រឹម​តែ​ចំពោះ​មនុស្ស​ដែល​បង្រៀន​គោលលទ្ធិ​របស់​ទ្រង់​ប៉ុណ្ណោះ​ទេ ។ អ្នក​នឹង​មិន​ទំនេរ​ជានិច្ច​សម្រាប់​សិស្ស​ទាំង​នេះ​ទេ ។ អ្នក​មិន​អាច​នៅ​កាន់​ដៃ​ពួកគេ​ក្រោយ​ពី​ពួកគេ​បាន​ចាក​ចេញ​ពី​វិទ្យាល័យ ឬ​មហា​វិទ្យាល័យ​បាន​ឡើយ ។ ហើយ​អ្នក​មិន​ត្រូវការ​សិស្ស​ផ្ទាល់ខ្លួន​ទេ » ( « Eternal Investments » [ ជំនួប​ពេល​ល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ១៩៨៩ ] ទំព័រ ២ ) ។

លើសពីនេះ​ទៅទៀត ដំបូន្មាននិង​ការដាស់តឿន​ទាំងឡាយ​ខាងក្រោម​នេះ​អនុវត្ត​ចំពោះ​វិធីសាស្ត្រ​បង្រៀន និង​ស្ថានភាព​ផ្សេងៗ​គ្នា ៖

  • ការប្រើប្រាស់​ការប្រកួតប្រជែង ។ គ្រូបង្រៀន​គួរ​ប្រុង​ប្រយ័ត្ន​ក្នុង​ការប្រើប្រាស់​ការប្រកួតប្រជែង​នៅ​ក្នុង​ថ្នាក់​រៀន ជាពិសេស​ពេល​សិស្ស​ប្រកួត​ប្រជែង​រៀងៗ​ខ្លួន​ប្រឆាំង​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ។ ការប្រកួត​ប្រជែង​អាច​នាំ​ឲ្យ​មាន​ការឈ្លោះ​ប្រកែក ការបាក់ទឹកចិត្ត ការ​សើច​ចំអក ឬ​ភាពអាម៉ាស់ និង​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​ដក​ខ្លួន​ចេញ ។

  • ការពង្រឹងភាព​អវិជ្ជមាន ។ គ្រូបង្រៀន​គួរ​ប្រើ​ប្រាជ្ញា​ក្នុង​ការបង្ហាញ​ពី​ការខក​ចិត្ត​ជាមួយ​នឹង​ថ្នាក់​រៀន ឬ​ជាមួយ​សិស្ស​ម្នាក់ៗ ។ សិស្ស​ភាគច្រើន​មានអារម្មណ៍​មិនគ្រប់គ្រាន់​ក្នុង​កម្រិត​ណាមួយ ហើយ​ត្រូវការ​ការកសាងឡើង និង​ការលើកទឹកចិត្ត​ជាជាង​ការពង្រឹង​ចំណុច​ខ្វះខាត​របស់ពួកគេ ។

  • ការឡកឡឺយ ។ មិន​ថា​វា​បាន​សម្តែង​ដោយ​គ្រូបង្រៀន​ម្នាក់​ទៅកាន់​សិស្ស ឬ​ពី​សិស្ស​ម្នាក់​ទៅកាន់​សិស្ស​ម្នាក់​ទៀត​នោះទេ ការឡកឡឺយ​តែង​តែ​ជា​រឿង​អវិជ្ជមាន និង​ឈឺ​ចាប់ ហើយ​អាច​នាំ​ឲ្យ​មាន​ការសើច​ចំអក និង​បាត់បង់​ព្រះ​វិញ្ញាណ ។

  • ការប្រាស្រ័យ​ទាក់ទង និង​ភាសា​មិន​សមរម្យ ។ គ្រូបង្រៀន​គួរ​ជៀសវាង​ការស្រែក​ដាក់ ឬ​ជជែក​តវ៉ា​ជាមួយ​សិស្ស ។ ពាក្យប្រមាថ និង​ភាពថោកទាប​មិន​អាច​មាន​នៅ​ក្នុង​កន្លែង​អប់រំ​សាសនា​ទេ ។

  • ការប្រើប្រាស់​កម្លាំង​កាយសម្បទា ។ គ្រូបង្រៀន​មិន​គួរ​ប្រើ​ទំហំ​រាងកាយ និង​កម្លាំង​របស់​ខ្លួន​ដើម្បី​បំភ័យ ឬ​បង្ខំ​សិស្ស​ឲ្យ​មាន​ឥរិយាបថ​នោះ​ទេ ។ សូម្បី​តែ​ការលេង​ដែល​ទាក់ទង​ទៅ​នឹង​រាងកាយ​ក៏​អាច​មាន​ការភាន់ច្រឡំ ឬ​បង្កើត​ជា​រឿង​ធ្ងន់ធ្ងរ​បាន​ ។ គ្រូ​បង្រៀន​គួរ​តែ​ប្រើ​កម្លាំងកាយ​ជាមួយ​សិស្ស តែ​នៅ​ពេល​ការពារ​សុវត្ថិភាព​សិស្ស​ម្នាក់​ផ្សេង​ទៀត​ប៉ុណ្ណោះ ។

  • ភាសា​សម្រាប់​ភេទ-ជាក់លាក់ ។ គ្រូបង្រៀន​គួរ​តែ​ដឹង និង​យល់​ដឹង​អំពី​ភាសា​ជាក់លាក់​ស្តីពី​ភេទ​នៅ​ក្នុង​គម្ពីរ ។ ព្រះគម្ពីរ​ខ្លះ​ត្រូវបាន​សរសេរ​នៅក្នុង​ភាសា​ដែលប្រកាន់​យក​ភេទ​បុរស​ដោយសារតែ​ធម្មជាតិ​នៃ​ភាសា​ដែល​ពួកគេ​បាន​ប្រើ​នៅ​ពេល​នោះ ។ គ្រូបង្រៀន​គួរ​រំឭក​សិស្ស​ថា​ពាក្យ​ខ្លះ​ដែល​មាន​ភេទ​ជា​ប្រុស តែ​សំដៅ​ទៅ​លើ​ទាំង​ប្រុស​ទាំង​ស្រី​ផងដែរ ។ នៅ​ពេល​ដែល​លោក​អាដាម​ត្រូវ​បាន​ប្រាប់​ថា « មនុស្ស​ទាំង​អស់​​នៅ​គ្រប់​ទិស​ទី ​ត្រូវ​តែ​ប្រែ​ចិត្ត » ( ម៉ូសេ ៦:៥៧ ) ព្រះ​ជាម្ចាស់​ពិត​ជា​មានបន្ទូលសំដៅ​ទាំង​បុរស និងស្ត្រី​ទាំង​អស់ ។ មាន​ពេល​ខ្លះ​ទម្រង់​ដែល​មាន​ភេទប្រុស​គឺមាន​ភាព​ជាក់លាក់ និង​ត្រឹមត្រូវ ។ ជាឧទាហរណ៍ សមាជិក​នៃ​ក្រុម​ព្រះ​គឺ​ជា​បុរស ហើយ​យោង​ទៅ​លើ​កាតព្វកិច្ច​បព្វជិតភាព​អនុវត្ត​ចំពោះ​បង​ប្អូនប្រុស ។