ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
គោលការណ៍​នៃ​ការរៀបចំ​មេរៀន​ដ៏​មាន​ប្រសិទ្ធភាព


ការរៀបចំ​មេរៀន

គោលការណ៍​នៃ​ការរៀបចំ​មេរៀន​ដ៏​មាន​ប្រសិទ្ធភាព

ប្រភព​សម្រាប់​ការរៀបចំ​មេរៀន

ព្រះគម្ពីរ

រូបភាព
ព្រះគម្ពីរ

វគ្គសិក្សា​ថ្នាក់​សិក្ខាសាលា​ទាំងបួន និង​វគ្គ​សិក្សា​ថ្នាក់​វិទ្យាស្ថាន​ដែលបាន​អនុម័ត​ភាគច្រើន​មាន​ការសិក្សា​អំពី​គម្ពីរបមាណី ។ ប្រភព​សំខាន់​សម្រាប់​កំណត់​អំពី​អ្វីដែល​ត្រូវ​បង្រៀន​នៅក្នុង​វគ្គសិក្សា​ទាំងនេះ គឺជា​ព្រះគម្ពីរ​ទាំងនោះ ។ នៅក្នុង​សុន្ទរកថា​មួយ​ទៅកាន់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀនថា « សូម​ចងចាំ​ជានិច្ចថា គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ពេញ​ចិត្ត​ជំនួស ឲ្យ​បទគម្ពីរ និង​ប្រសាសន៍​របស់​ពួកព្យាការី​ដែល​នៅ​រស់​នោះ​ទេ ។ ទាំងនេះ​គួរតែ​ជាប្រភព​ដើម​របស់អ្នក » ( « The Gospel Teacher and His Message » [ សុន្ទរកថា​ទៅ​កាន់​អ្នក​អប់រំ​សាសនា​នៃ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ១៩៧៦ ] ទំព័រ ៣ ) ។

វគ្គសិក្សា​ថ្នាក់​វិទ្យាស្ថាន​មួយចំនួន​ផ្តោត​ទៅលើ​ប្រធានបទ​ដំណឹងល្អ​ជាជាង​ការសិក្សា​អំពី​គម្ពីរបមាណី ។ គ្រូបង្រៀន​ទាំងឡាយ​នៃ​វគ្គ​ទាំងនេះ​គួរតែ​ពិចារណា​លើ​សម្ភារ​ដែល​បាន​ណែនាំ នៅក្នុង​កម្មវិធី​ថ្នាក់​វិទ្យាស្ថាន ( មាន​ដូចជា​ព្រះគម្ពីរ ) ដែល​ជា​ប្រភព​ដ៏សំខាន់​សម្រាប់​ការរៀបចំ​នេះ ។ គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ស្វែងរក​ឱកាស​យ៉ាង​ជាប់លាប់​ដើម្បី​ប្រើ​ព្រះគម្ពីរ និង​ប្រសាសន៍​ទាំងឡាយ​របស់​ពួកព្យាការី ដើម្បី​បញ្ជាក់ និង​បង្ហាញ​អំពី​គោលលទ្ធិ និង​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​វគ្គសិក្សា​ទាំងនេះ ។

កម្មវិធី​សិក្សា​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន

សម្ភារកម្មវិធី​សិក្សា​របស់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ត្រូវ​បាន​ផ្តល់​ឲ្យ​ ជា​ធនធាន​ដ៏​សំខាន់ ដើម្បី​ជួយ​គ្រូបង្រៀន​ទាំងឡាយ​ឲ្យ​រៀបចំ និង​បង្រៀន​មេរៀន​ឲ្យ​មាន​ប្រសិទ្ធិភាព ។ កម្មវិធី​សិក្សា​ផ្តល់​ព័ត៌មាន​អំពី​សាវតា​របស់​ព្រះគម្ពីរ និង​បរិបទ​របស់​ខគម្ពីរ​ទាំងនោះ ការ​ពន្យល់​អំពី​ពាក្យ និង​ឃ្លា​ពិបាកៗ​របស់​ខគម្ពីរ​ទាំងនោះ មតិ​យោបល់​របស់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ស្តី​អំពី​គោលលទ្ធិ និង​គោលការណ៍​ដែល​បាន​បង្រៀន​នៅ​ក្នុង​ព្រះគម្ពីរ និង​ការណែនាំ​សម្រាប់​​ខ្លឹមសារ​នៃ​គោលលទ្ធិ និង​គោលការណ៍​ដើម្បី​បង្រៀន ។ វា​ក៏ជា​ការណែនាំ​នូវ​គំនិត​ផ្សេងៗ​សម្រាប់​របៀប​ដើម្បី​បង្រៀន​ផងដែរ ។ នៅ​ពេល​​គ្រូបង្រៀន​ប្រើ​កម្មវិធី​សិក្សាដំណាលគ្នា​នឹង​ការ​សិក្សា​របស់​ពួក​គេ​អំពី​បណ្តុំ​បទគម្ពីរ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​បំផុស​គំនិត​ពួកគេ​នៅ​ពេល​ដែល​ពួកគេ​ធ្វើឲ្យ​មេរៀន​នោះ​ត្រូវគ្នាទៅនឹង​តម្រូវការ​របស់​សិស្ស​​ពួកគេ ។

ប្រធាន ហិនរី ប៊ី អាយរិង បាន​ផ្តល់​ការពន្យល់​មួយ​ទាក់ទង​នឹង​ការរៀបចំ និង​ការប្រើ​ប្រាស់​កម្មវិធី​សិក្សា ៖ « អស់អ្នក​ដែល​បាន​ហៅ​ដោយ​ព្យាការី​ដើម្បី​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​គោលលទ្ធិ ដែល​បាន​បង្រៀន​នៅ​ក្នុង​សាសនាចក្រ ​ពិនិត្យ​មើល​គ្រប់​ពាក្យ គ្រប់​រូបភាព គ្រប់​ដ្យាក្រាម​ក្នុង​កម្មវិធី​សិក្សា​ដែល​អ្នក​ទទួល​បាន ។ យើង​អាច​ដោះ​សោអំណាច​នៃ​កម្មវិធី​សិក្សា​បាន ដោយ​គ្រាន់​តែ​ធ្វើ​តាម​សេចក្ដីជំនឿ​របស់​យើង​ថា វា​ត្រូវ​បាន​បំផុស​គំនិត​មក​ពីព្រះ ។ …

« ការធ្វើតាម​ខ្លឹមសារ​នៃ​កម្មវិធី​សិក្សា​តាម​លំដាប់​លំដោយ នឹង​ធ្វើ​ឲ្យ​មាន​នូវ​អំណោយ​ទាន​ពិសេស​នៃ​ការបង្រៀន​​របស់​យើង មិន​មែន​បន្ថយ​វា​ឡើយ » ( « The Lord Will Multiply the Harvest » [ ជំនួប​នាពេលល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ] ទំព័រ ៤–៥ ) ។

ធនធាន​បន្ថែម

គ្រូបង្រៀន​អាច​ប្រើ​ធនធានទាំងឡាយ​បន្ថែម​​មាន​ដូចជា ទស្សនាវដ្តី​របស់​សាសនាចក្រ ជា​ពិសេស​ការបង្រៀន​ចេញ​ពី​សន្និសីទ​ទូទៅ នៅ​ពេល​វា​ផ្តល់​នូវ​ការយល់ដឹង​កាន់តែ​ច្បាស់​មួយ​អំពី​បណ្តុំ​បទគម្ពីរ ។ ធនធាន​ផ្សេង​ទៀត​មិន​គួរ​ត្រូវ​ប្រើ​ដើម្បី​ប៉ាន់ស្មាន​ការយល់​ដឹង ឬ​បង្រៀន​គំនិត​ដែល​មិន​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ច្បាស់​ដោយ​សាសនាចក្រ​នោះ​ទេ ។ សូម្បី​តែ​មាន​អ្វី​មួយ​ចំនួន​ដែល​ត្រូវ​បាន​បង្កើត ឬ​បាន​បោះពុម្ភ​ពី​មុន​ហើយ​ក៏​ដោយ ក៏​វា​នៅ​តែ​អាច​មិន​ត្រឹមត្រូវ​សម្រាប់​ប្រើ​នៅ​ក្នុង​ថ្នាក់រៀន​ដែរ ។ មេរៀន​គួរតែ​ស្ថាបនា​សេចក្តី​ជំនឿ និង​ទីបន្ទាល់​របស់សិស្ស ។

សូមសម្រេចចិត្ត​ថា​តើ​ត្រូវ​បង្រៀន​អ្វី និង​បង្រៀន​វា​របៀបណា

នៅពេល​រៀបចំ​មេរៀន​គ្រូបង្រៀន​គ្រប់រូប​ត្រូវតែ​សម្រេចចិត្ត​ថា ៖ « តើ​ខ្ញុំ​នឹង​បង្រៀន​អ្វី ? » និង « តើ​ខ្ញុំ​នឹង​បង្រៀន​វា​យ៉ាង​ដូច​ម្ដេច ? » អ្វី​ដែល​ត្រូវ​បង្រៀន រួម​មាន​បរិបទ ( រួម​ទាំង សាវតារ វប្បធម៌ និង​ការកំណត់ ) ខ្លឹមសារ ( ដូចជា​ដំណើររឿង មនុស្ស ព្រឹត្តិការណ៍ ទេសនកថា និង​ការពន្យល់ដ៏​បំផុស​គំនិត​នានា ) និង​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​ដ៏​សំខាន់ៗ​ដែល​មាន​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ ។ របៀប​បង្រៀន រូមមាន​វិធីសាស្រ្ត និតិវិធី និង​សកម្មភាព​នានា​ដែល​គ្រូបង្រៀន​ប្រើ​ដើម្បី​ជួយ​សិស្ស​ឲ្យរៀន ( ដូចជា​ការពិភាក្សា​ក្នុង​ថ្នាក់ ធនធាន​ជា​សំឡេង លំហាត់​សរសេរ​នានា និង​ការងារ​ជា​ក្រុមតូច ) ។ ការសម្រេច​ចិត្ត អ្វី​ដែល​ត្រូវ​បង្រៀន ត្រូវ​មាន​មុន​ពេល​ជ្រើស​រើស របៀប​បង្រៀន ដើម្បី​ឲ្យ​ការផ្តោត​សំខាន់​ទៅលើ​ព្រះគម្ពីរ​ជាជាង​លើ​វិធីសាស្ត្រ ឬ​បច្ចេកទេស ។

ក្នុង​អំឡុង​ពេល​រៀបចំ​មេរៀន​គ្រូបង្រៀន​គួរតែ​ផ្ដល់​ពេល​វេលា និង​ការខិតខំ​ឲ្យបាន​គ្រប់គ្រាន់​ក្នុង​ការសម្រេច​ចិត្ត​ទាំង អ្វី​ដែល​ត្រូវ​បង្រៀន និង របៀប​បង្រៀន ។ ប្រសិន​បើ អ្វី​ដែល​ត្រូវ​បង្រៀន ទទួល​បាន​ការ​សង្កត់ធ្ងន់លើ​ស្ទើរតែ​ទាំងអស់​ក្នុង​អំឡុង​ពេល​រៀបចំ​មេរៀន នោះ​គ្រូបង្រៀន​នឹង​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ពិចារណា​អំពី​របៀប​ជួយ​សិស្ស​ឲ្យ​ចូល​រួម​ក្នុង​ការរៀន​សូត្រ​នោះ​ទេ ។ ជាញឹកញាប់ លទ្ធផល​វា​នឹង​ធ្វើ​ឲ្យ​មេរៀន​នោះ​គួរឲ្យ​ធុញ​ទ្រាន់ និង​ផ្តោត​លើ​តែ​គ្រូបង្រៀន ។ នៅ​ពេល​ដែល​គ្រូបង្រៀន​ផ្តោត​អារម្មណ៍​ខ្លាំងពេក​ទៅ​លើ របៀប​បង្រៀន នោះ​មេរៀន​អាច​ក្លាយ​ជាមិន​ជាប់​ពាក់ព័ន្ធ ខ្វះ​គោល​បំណង និង​អំណាច ។

ការសម្រេចចិត្ត​អំពី​អ្វី​ដែល​ត្រូវ​បង្រៀន

មាន​បួន​ដំណាក់​កាល​គ្រឹះ​ដែល​គ្រូបង្រៀន​ធ្វើ នៅ​ពេល​ពួកគេ​រៀបចំ​នូវ​អ្វី​ដែល​ពួកគេ​នឹង​បង្រៀន ៖​ទីមួយ ពួកគេ​ព្យាយាម​ស្វែង​យល់​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បណ្តុំ​បទគម្ពីរ ។ ទី២ ពួកគេ​កត់​សម្គាល់ និង​យល់ដឹង​គោលលិទ្ធ និង​គោលការណ៍​ដែល​រកឃើញ​ក្នុង​បណ្តុំ​បទគម្ពីរ ។ ទីបី ពួកគេ​សម្រេចចិត្ត​ថាតើ​គោលការណ៍​មួយណា​សំខាន់​បំផុត សម្រាប់​សិស្ស​របស់​ពួកគេ​ដើម្បីរៀន និង​អនុវត្ត ។ ហើយ​ទីបួន ពួកគេ​សម្រេច​ចិត្ត​ថា​តើ​កម្រិត​នៃ​ការសង្កត់​ធ្ងន់​មាន​អ្វី​ខ្លះ ដើម្បី​ផ្តល់​នូវ​ផ្នែក​នីមួយៗ​នៃ​បណ្តុំ​បទគម្ពីរ ។

១.​យល់ដឹង​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បណ្តុំ​បទគម្ពីរ​ដែល​ត្រូវ​បង្រៀន ។

គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ស្វែងរក​ដើម្បី​យល់ដឹង​អំពី​បរិបទ​ ឬ​ប្រវត្តិ​នៃ​បណ្តុំ​បទគម្ពីរ និង​ផ្តោត​ការយកចិត្ត​ទុកដាក់​ទាំងអស់​របស់​ពួកគេ​ទៅលើ​បណ្តុំ​បទគម្ពីរ​នោះ​រហូត​ទាល់​តែ​ស្គាល់​ខ្លឹមសារនោះ ។ ដើម្បី​ពន្លិច​ខ្លួន​ឯង​នៅ​ក្នុង​បទគម្ពីរ​នានា​មាន​ន័យ​ថា ការអាន ការសិក្សា ការពិចារណា និង​ការអធិស្ឋាន​សម្រាប់​ការបំផុស​គំនិត និង​ការយល់​ដឹង​អំពី​អ្វី​ដែល​មនុស្ស​ម្នាក់​អាន ។

គន្លឹះ​មួយ​ដ៏​មាន​ប្រយោជន៍​បំផុត ដែល​គ្រូ​បង្រៀនម្នាក់​អាច​ធ្វើ​ដើម្បី​យល់ដឹង​អំពី​ខ្លឹមសារ​ព្រះគម្ពីរ ​គឺការ​កំណត់​ចំណាំ​អំពី​ការផ្លាស់ប្តូរ​ជាក់លាក់​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ ដែល​ជា​ប្រធាន​បទ​នៅក្នុង​ការផ្លាស់ប្តូរ​មួយ ឬ​ជា​កត្តា​បណ្តាល​ឲ្យ​មាន​សកម្មភាព​កើតឡើង ។ ការប្រើប្រាស់​កម្មវិធីសិក្សា និង​គំនិត​ផ្ទាល់​ខ្លួន​របស់​ពួកគេ នោះ​គ្រូបង្រៀន​ទាំងឡាយ​អាច​បែងចែក​បណ្តុំ​បទគម្ពីរ​ទៅ​ជា​វគ្គ​តូចៗ ឬ​ក្រុម​ខ​នានា​ដោយ​ផ្អែក​លើ​ការផ្លាស់ប្តូរ​ជាក់លាក់​ទាំងនេះ ។ ផ្នែក​តូចៗ​ទាំងនេះ​នឹង​ក្លាយ​ជា​ចំណុចឬ​សមាស​ធាតុ​សំខាន់ៗ​ ដែល​គ្រូបង្រៀន​នឹង​ប្រើ​នៅ​ពេល​ក្រោយ​ក្នុង​ការរៀបចំ​របស់​ពួកគេ​ដើម្បី​រៀបចំ​លំហូរ​នៃ​មេរៀន​របស់​ពួកគេ និង​ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​អាច​ផ្តល់​ការយកចិត្ត​ទុក​ដាក់​យ៉ាង​ហោច​ណាស់​ខ្លះ​ៗ ទៅ​លើ​ខ្លឹមសារ​ទាំងអស់​នៅ​ក្នុង​​បណ្តុំ​បទគម្ពីរ​មួយ ។

នៅ​ពេល​ធ្វើ​គម្រោង​បណ្តុំ​បទគម្ពីរ​ក្នុង​របៀប​នេះ​គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ស្វែងរក​ផងដែរ​ដើម្បី​អភិវឌ្ឍន៍​ការយល់ដឹង​អំពី​មនុស្ស ទីកន្លែង ព្រឹត្តិការណ៍ មូលហេតុ​ និង​ផលប៉ះពាល់​នៃ​ទំនាក់ទំនង​ដែល​មើល​ឃើញ​ថា​សំខាន់​ក៏​ដូច​ជា​អំពី​អត្ថន័យ​នៃ​ពាក្យ ឬ​ឃ្លា​ដែល​ពិបាក​ទាំងឡាយ ។ ការទទួល​បាន​នូវ​ការយល់ដឹង​គ្រប់គ្រាន់​អំពី​ខ្លឹមសារ ជានិច្ចកាល​តម្រូវ​ឲ្យ​មាន​ការអាន​បណ្តុំ​បទគម្ពីរ​លើស​ពី​ម្តង ។

២.​កំណត់អត្តសញ្ញាណ និង​យល់ដឹង​អំពី​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ ។

គួបផ្សំ​ជាមួយ​នឹង​ការយល់ដឹង​អំពី​បរិបទ និង​ខ្លឹមសារ នោះ​គ្រូបង្រៀន​ទាំងឡាយ​គួរតែ​កំណត់អត្តសញ្ញាណ និង​យល់ដឹង​អំពី​គោលលទ្ធិ និង​ដំណឹងល្អ​ទាំងឡាយ​ដោយ​ប្រុងប្រយ័ត្ន​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ ហើយ​ពិនិត្យ​មើលការណែនាំ​ទាំងនោះ​នៅ​ក្នុង​កម្មវិធី​សិក្សា ។ លើកលែង​តែ​កម្មវិធី​សិក្សា​នោះ​បាន​រៀបចំ​​រួច​ជា​ស្រេច​ទៅ​ហើយ នោះ​គ្រូបង្រៀន​គួរតែ​ខិតខំ​សរសេរ​អំពី​គោលលទ្ធិ និង​គោលការណ៍​ក្នុង​សេចក្ដី​ថ្លែងការណ៍ដោយ​សង្ខេប និង​ច្បាស់លាស់​ ។ ការធ្វើ​ដូច្នេះ​ជួយ​ពង្រឹង​ទាំង​គោលការណ៍ និង​អត្ថន័យ​របស់​មេរៀន​នៅ​ក្នុង​គំនិត​របស់​គ្រូបង្រៀន ។ ការណ៍នេះ​ក៏នឹង​ជួយ​ដឹកនាំ​នៅក្នុង​សកម្មភាព​នានា​នៃ​ការរៀនសូត្រ​អំឡុង​ថ្នាក់រៀន ហើយ​អនុញ្ញត្ត​ឲ្យ​មាន​ការយល់ដឹង​កើនឡើង និង​ផ្តោត​លើ​ការអនុវត្ត​បន្ថែម​ទៀត​ដោយ​សិស្ស​ទាំងឡាយ​ផងដែរ ។

៣.​សម្រេច​ចិត្ត​ថា តើ​គោលការណ៍ និង​គោលលទ្ធិ​មួយ​ណា​ដែល​មាន​សារៈសំខាន់​បំផុត​សម្រាប់​សិស្ស​រៀនសូត្រ និង​អនុវត្ត ។

នៅ​ក្នុង​បណ្តុំបទគម្ពីរ​ធម្មតា​មួយ ជានិច្ចកាល​វា​ស្ទើរ​តែ​មាន​សម្ភារ​ច្រើន​ជាង​អ្វី​ដែល​អាច​យក​មក​ពិភាក្សា​ប្រកប​ដោយ​អត្ថន័យ​នៅ​ក្នុង​ថ្នាក់ ។ នៅ​ពេល​គ្រូបង្រៀន​ទាំងឡាយ​បាន​សិក្សា​បទគម្ពីរ និង​កម្មវិធី​សិក្សា ពួកគាត់​ត្រូវការ​​សម្រេច​ចិត្ត​ចំពោះ​គោលលទ្ធិ និង​គោលការណ៍​មួយ​ណា​ដែល​សំខាន់​បំផុត​សម្រាប់​សិស្ស​​របស់​ពួកគាត់​ស្វែង​យល់ និង​អនុវត្ត ។ នៅក្នុង​ការធ្វើ​ការសម្រេច​ចិត្ត​នេះ គ្រូបង្រៀន​គួរ​ពិចារណា​ដូចខាង​ក្រោមនេះ ។

ការបំផុស​គំនិត​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ នៅក្នុង​ការសម្រេច​ចិត្ត​ថា​តើ​គោលការណ៍ និង​គោលលទ្ធិ​អ្វី​ខ្លះ​ដើម្បី​បញ្ជាក់​ក្នុង​មេរៀន នោះ​គ្រូបង្រៀន​គួរតែបន្ត​ស្វែងរក​ការដឹកនាំ​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ ។

រូបភាព
មរមន​កំពុង​សង្ខេប​ផ្ទាំងចំណារ

បំណង​របស់​អ្នក​និពន្ធ​ដ៏​បំផុស​គំនិត ។ គ្រូបង្រៀន​គួរ​ស្វែង​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​អ្នក​និពន្ធ​ដ៏​ប្រកប​ដោយ​ការព្យាករណ៍​ចង់​ប្រាប់ ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​មាន​ប្រសាសន៏​ថា ៖ « ប្រសិន​បើ​ពួកគេ [ អ្នក​និពន្ធ ] បាន​មើល​ឃើញ​ជំនាន់របស់​យើង ហើយ​ជ្រើស​រើស​យក​ការណ៍​ទាំង​នោះ​ដែល​​មាន​តម្លៃ​មហិមា​បំផុត​ចំពោះ​យើង តើ​នោះ​មិន​មែន​ជា​របៀប​ដែល​យើង​គួរ​សិក្សា​អំពី​គម្ពីរ​មរមន​ទេ​ឬ ? យើង​គួរតែ​សួរ​ខ្លួន​ឯង​ដោយខ្ជាប់​ខ្ជួន​ថា ‹ ហេតុអ្វី​បាន​ជា​ព្រះ​អម្ចាស់​បំផុស​គំនិត​មរមន ( ឬ មរ៉ូណៃ ឬ អាលម៉ា ) ឲ្យ​សរសេរ​បញ្ចូល​ពាក្យពេចន៍​ទាំងនោះ​ទៅ​ក្នុង​បញ្ជី​របស់​លោក ? តើ​មេរៀន​អ្វី​ដែល​ខ្ញុំ​អាចរៀន​ចេញពី​ចំណុច​នោះ​ដើម្បី​ ជួយ​ខ្ញុំ​រស់នៅ​ក្នុង​ជំនាន់នេះ និងសម័យកាល​នេះ​បាន ? › » ( « The Book of Mormon—Keystone of Our Religion » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦ ) ។ គ្រូបង្រៀន​គួរ​ពិចារណា​សំណួរ​ស្រដៀងគ្នា​នេះ​ក្នុង​អំឡុង​ពេល​រៀបចំ​មេរៀន​របស់​ពួកគេ​សម្រាប់​វគ្គសិក្សា​ព្រះគម្ពីរ​ណា​មួយ​ដែល​ពួកគេ​បង្រៀន ។

គ្រូបង្រៀន​​ក៏​គួរចងចាំ​ផង​ដែរ​ថា បំណង​មួយ​ដ៏​សំខាន់​របស់​ព្យាការី​នៅ​ក្នុង​ព្រះគម្ពីរ​គឺ​តែងតែ​ធ្វើ​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ដូចនីហ្វៃ​បាន​មាន​ប្រសាសន៍​ថា « ដ្បិត​ភាព​ពារពេញ​នៃ​ចេតនា​របស់​ខ្ញុំ គឺ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចុះបញ្ចូល​មនុស្ស ឲ្យ​មក​រក​ព្រះ​នៃ​អ័ប្រាហាំ និង​ព្រះ​នៃ​អ៊ីសាក និង​ព្រះ​នៃ​យ៉ាកុប ហើយ​បាន​សង្គ្រោះ » ។( នីហ្វៃ​ទី ១ ៦:៤ ) ។ ដូច្នោះហើយ គ្រូបង្រៀន​គួរ​សួរ​ថា « តើ​បណ្តុំ​បទគម្ពីរ​នេះ​បង្រៀន​អ្វីខ្លះ​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​នឹង​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​ស្វែងយល់ ហើយ​ពឹងផ្អែក​លើ​ការបង្រៀន និង​ដង្វាយធួន​របស់​ទ្រង់ ? »

នៅ​ពេល​គ្រូបង្រៀន​​ស្វែងរក​ឃើញ​អំពី​ចេតនាដ៏​បំផុស​គំនិត​របស់អ្នក​និពន្ធ នោះ​ពួកគេ​គួរតែ​ប្រុងប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​ហួសពីអ្វី​ដែលមាន​ជាក់ស្តែង​នៅ​ក្នុង​មេរៀន​នោះ​ឡើយ ។ ប្រធាន ហិនរី ប៊ី អាវរិង បាន​ព្រមាន​ថា « ខ្ញុំ​មិន​ត្រូវ​ធ្វើ​ពុត​ថា​ខ្ញុំ​ដឹង​អត្ថន័យ​គ្រប់យ៉ាង​របស់​អ្នកនិពន្ធ ឬ​មិនដឹង​អ្វី​សោះ​នោះទេ » ( « ‹ And Thus We See ៖ › Helping a Student in a Moment of Doubt » [ ជំនួប​នាពេលល្ងាច​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ] ទំព័រ ៦ ) ។

គោលការណ៍​នៃ​ការផ្លាស់​ប្រែចិត្ត​ជឿ និង​ប្រធានបទ​នៃ​គោលលទ្ធិ ។ នៅ​ពេលកំពុង​កំណត់​ថា តើ​ត្រូវ​បង្រៀន​អ្វី នោះ​គ្រូបង្រៀន​គួរ​ពិចារណា​ថា « គ្រប់​សេចក្តីពិត​ទាំងអស់​ដែល​អាច​បាន​បញ្ជាក់​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ​នេះ តើ​បណ្តុំ​បទគម្ពីរ​ណាមួយ​​ដែល​នឹង​ជួយ​សិស្ស​របស់ខ្ញុំ​ឲ្យ​ខិត​កាន់​តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ ហើយ​នាំ​ទៅ​រក​សេចក្តី​សង្គ្រោះ​បាន ? » ប្រធាន ហិនរី ប៊ី អាវរិង បាន​ទូន្មាន​ថា « នៅពេល​អ្នក​រៀបចំ​មេរៀន​មួយ សូម​រកមើល​គោលការណ៍​ទាំងឡាយ​​ស្តីពី​ការផ្លាស់​ប្រែចិត្ត​ជឿ​ដែល​មាន​នៅក្នុង​នោះ ។​… គោល​ការណ៍​នៃ​ការផ្លាស់​ប្រែចិត្ត​ជឿ​មួយ​គឺ​ជា​គោលការណ៍​មួយ​ដែល​នាំ​ឲ្យ​មាន​ការគោរពប្រតិបត្តិ​តាម​ព្រះទ័យ​របស់​ព្រះ » ( នៅក្នុង អិល ថម ភែរី « គោលការណ៍​នៃ​ការផ្លាស់​ប្រែចិត្ត​ជឿ » [ ជំនួប​នាពេលល្ងាច​ជា​មួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៩៦ ] ទំព័រ ១ ) ។

តម្រូវការ និង​សមត្ថភាព​របស់​សិស្ស ។ កាល​គ្រូបង្រៀន​ម្នាក់​ស្គាល់ និង​យល់​ពី​សិស្ស​របស់​ខ្លួន​កាន់​តែ​ច្រើននោះ វា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការកំណត់ និង​សង្កត់​ធ្ងន់​លើ​គោលការណ៍​​ពាក់ព័ន្ធ ​ដែល​អាច​យក​មក​អនុវត្ត​បាន​យ៉ាង​ងាយ​ស្រួល ។ ពេល​គ្រូបង្រៀន​សិក្សា​អំពី​បណ្តុំ​បទគម្ពីរ ពួកគេ​អាច​រក​ឃើញ​គំនិត ឬ​មតិយោបល់​ដែល​មាន​ចំណាប់អារម្មណ៍​ផ្ទាល់​ខ្លួន ឬ​មាន​សារៈសំខាន់​ផ្ទាល់​ខ្លួន​ជាក់លាក់ ប៉ុន្តែ​ទាំងនេះ​អាច​ហួស​ពី​ការត្រៀម​ខ្លួន​ខាង​វិញ្ញាណ និង​ការយល់​ដឹង​របស់​សិស្ស ( ជា​ឧទាហរណ៍ សូមមើល​ការទូន្មាន​របស់​ប៉ុល​អំពី​សាច់​និង​ទឹកដោះគោ នៅ​ក្នុង កូរិនថូសទី១ ៣:២ ) ។ គោលការណ៍​មួយ​ចំនួន​ដែល​មិនមែន​ជា​គោលការណ៍​ថ្មី ឬ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​គ្រូបង្រៀន ប៉ុន្តែវាអាច​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ចំពោះ​សិស្ស ។ គ្រូបង្រៀន​ត្រូវ​ចងចាំ​ថា ពួកគេ​កំពុង​បង្រៀន​សិស្ស​មិនមែន​គ្រាន់តែ​បង្រៀន​មេរៀន​នោះ​ទេ ។ ពួកគាត់​កំពុង​បង្កើត​នូវ​បទពិសោធន៍​នៃ​ការរៀនសូត្រ​មួយ ហើយ​មិន​មែន​កំពុង​រៀបចំ​គម្រោង​មេរៀន​នោះ​ទេ ។ កម្មវិធី​សិក្សា​អាច​មាន​ប្រយោជន៍​ជា​ពិសេស​ដល់​គ្រូបង្រៀន​នៅពេល​កំណត់​ថា តើ​គោលការណ៍ និង​គោលលទ្ធិ​ណា​មួយ​ដែល​អាច​ត្រូវ​ជាមួយ​នឹង​សិស្ស​ជាង​គេ​បំផុត​នោះ ។

អែលឌើរ រីឆាដ ជី ស្កត បាន​បង្រៀន​ថា ៖ « ការសម្រេចចិត្ត​ស្រប​ទៅ​នឹង​សេចក្តី​ត្រូវការ និង​សមត្ថភាព​ផ្ទាល់ខ្លួន​នៃ​សិស្ស​ម្នាក់ៗ​​របស់​អ្នក គឺជា​អ្វី​ដែលមាន​អាទិភាព​ខ្ពស់បំផុត ។ ប្រសិនបើ​គោលការណ៍​គន្លឹះ​មួយ​ត្រូវបាន​យល់ដឹង​ជ្រាលជ្រៅ ហើយ​បាន​ក្លាយជា​ផ្នែកមួយ​នៃ​សៀវភៅ​មគ្គុទ្ទេសក៍​សម្រាប់​ជីវិត​របស់​សិស្ស នោះ​គោលដៅដ៏​សំខាន់​បំផុត​បានសម្រេច​ហើយ » ( « To Understand and Live Truth » [ ជំនួប​នា​ពេល​ល្ងាច​ជាមួយ​នឹង​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០០៥ ] ទំព័រ ២-៣ ) ។

ពេល​កំពុង​សម្រេច​ចិត្ត​ថា តើ​សេចក្ដី​ពិត​អ្វីខ្លះ​ដែល​ត្រូវ​ផ្តោត នោះ​គ្រូបង្រៀន​ក៏​អាច​រៀប​គម្រោង​ដើម្បី​ចង្អុល​បង្ហាញ​ដោយ​សង្ខេប​អំពី​គោលការណ៍ ឬ​គោលលទ្ធិ​ណា​មួយ​ ដែល​ពួកគេ​មិន​មាន​គម្រោង​​ដើម្បី​ផ្តោត​​នៅ​ពេល​ដែល​កំពុង​បង្រៀន​អំពី​បណ្តុំ​បទគម្ពីរ​នោះ ។ ការណ៍នេះ​អាច​ផ្តល់​នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាមួយ​ឱកាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​គោលការណ៍​មួយ​ជា​របស់​ផ្ទាល់ខ្លួន ទោះបី​ជា​វា​មិន​មែន​ជា​មេរៀន​សំខាន់​មួយ​ដែល​ត្រូវ​ផ្តោត​យក​ចិត្ត​ទុក​ដាក់ ​តែ​វា​ក៏​អាច​សំខាន់​សម្រាប់​សិស្ស​ម្នាក់ៗ​ដែរ ។ គ្រូបង្រៀន​ក៏​គួរចាំ​ផងដែរ​ថា​សិស្ស​អាច​នឹង​រក​ឃើញ និង​ចង់​ពិភាក្សា​អំពី​សេចក្ដី​ពិត​នៃ​ដំណឹង​ល្អ​មួយ​ចំនួន​ដែល​គ្រូបង្រៀន​មិន​បាន​កត់​សម្គាល់ ឬ​គ្រោង​នឹង​លើក​មក​ពិភាក្សា ។

នៅ​ក្នុង​ការពិចារណា​ទាំងអស់​នេះ គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ស្វែងរក​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ ។ ព្រះវិញ្ញាណ​នឹង​ជួយ​ពួកគាត់​ឲ្យ​យល់​បាន​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​ចេតនា​របស់​អ្នកសរសេរ​ព្រះគម្ពីរដ៏​បំផុសគំនិត សេចក្តី​ត្រូវការ​របស់​សិស្ស និង​សេចក្តីពិត​នៃ​ដំណឹងល្អ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​ខិតកាន់​តែ​ជិត​ព្រះវរបិតាសួគ៌ និង​ព្រះអង្គសង្គ្រោះ​របស់​ពួកគេ ។

៤.​សម្រេច​ចិត្ត​ថា​តើ​ការគូសបញ្ជាក់​កម្រិត​ណា​គួរមាន​ក្នុង​ផ្នែក​នីមួយៗ​នៃ​បណ្ដុំ​បទគម្ពីរ​ ។

ដោយ​ការយល់​ដឹង​អំពី​បរិបទ និង​ខ្លឹមសារ​នៃ​បណ្តុំ​បទគម្ពីរ ដោយ​ការបែងចែក​វា​ទៅ​ជា​ផ្នែក​តូចៗ ដែល​ទាក់ទងនឹង​ខ្លឹមសារ និង​ដោយ​បាន​កំណត់បាន​នូវ​សារៈសំខាន់​នៃ​សេចក្តីពិត​នៃ​ដំណឹងល្អ​សម្រាប់​សិស្ស​ក្នុង​ការរៀនសូត្រ និង​អនុវត្ត ឥឡូវនេះ​គ្រូបង្រៀន​ត្រូវ​បាន​រៀបចំ​ឲ្យ​សម្រេចចិត្តថា តើ​ការផ្តោត​កម្រិត​ណា ដើម្បី​បង្ហាញ​ផ្នែក​នីមួយៗ​នៃ​បណ្តុំ​បទគម្ពីរ ។ ជា​ទូទៅ វគ្គ​ទាំងនោះ​មាន​នូវ​គោលលទ្ធិ និង​គោលការណ៍​ទាំងឡាយ​ដែល​គ្រូបង្រៀន​ម្នាក់​ស្វែងរក​ផ្នែក​សំខាន់​នៅ​ក្នុង​មេរៀន ដែល​នឹង​ទទួល​បាន​ការបញ្ជាក់​ច្រើន​បំផុត ។ នេះ​មាន​ន័យ​ថា​សម្រាប់​ក្រុម​ខគម្ពីរ​ទាំង​នេះ ​គ្រូបង្រៀន​នឹង​ដឹកនាំ​សិស្ស​ឲ្យ​យល់​អំពី​បរិបទ និង​ខ្លឹមសារ​របស់​ខគម្ពីរ​ទាំង​នេះ ដើម្បី​កត់សម្គាល់ និង​យល់​អំពី​គោលលទ្ធិ និង​គោលការណ៍​សំខាន់ៗ​ដែល​បាន​រក​ឃើញ​នៅ​ក្នុង​នោះ ដើម្បី​ទទួល​អារម្មណ៍​ពី​សេចក្ដី​ពិត និង​សារៈសំខាន់​នៃ​គោលលទ្ធិ និង​គោលការណ៍​ទាំង​នោះ​នៅ​ក្នុង​ចិត្ត​របស់​ពួកគេ ហើយ​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​សេចក្ដី​ពិត​ទាំង​នោះ​នៅក្នុង​ជីវិត​របស់​ពួកគេ ។

វគ្គ​ផ្សេង​ទៀត​នៃ​បណ្តុំ​បទគម្ពីរ​អាច​ផ្តោត​តិច​តួច​ទៅ​លើ​​សេចក្តី​ពិត ដែល​បាន​គូស​បញ្ជាក់​នៅ​ក្នុង​មេរៀន ប៉ុន្តែ​សេចក្តី​ពិត​ទាំង​នោះ​មិនគួរ​រំលង ឬ​មិន​យក​ចិត្ត​ទុកដាក់​ឡើយ ។ យ៉ាង​ហោច​ណាស់ គ្រូបង្រៀន​គួរ​តែ​មាន​គម្រោង​​ដើម្បី​សង្ខេប​ក្រុម​ខគម្ពីរ​ទាំង​នេះ​ផង​ដែរ ។

កំណត់ចំណាំ ៖ ពេល​វេលា​នៃ​ការរៀបចំ​មាន​ដែន​កំណត់ ។ កំហុស​ទូទៅ​មួយ​ដែល​គ្រូបង្រៀន​ធ្វើ​គឺ​ចំណាយ​ពេល​ច្រើន​ពេក​ក្នុង​ការអាន និង​សិក្សា ហើយ​ព្យាយាម​សម្រេច​ចិត្ត​ពី អ្វី​ដែល​ត្រូវ​បង្រៀន រហូត​មិន​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀបចំ របៀប​បង្រៀន វា​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ មាន​ចំណុច​មួយ​ក្នុង​ការរៀបចំ​គ្រប់​មេរៀន​ទាំងអស់​ដែល​គ្រូបង្រៀន​ត្រូវ​តែ​និយាយ​ថា « ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​ការយល់​ដឹង​គ្រប់គ្រាន់​អំពី អ្វី​ដែល​ត្រូវ​បង្រៀន ។ ឥឡូវ​ខ្ញុំ​ត្រូវ​សម្រេច​ចិត្ត ពី​របៀប​ដែល ខ្ញុំ​នឹង​បង្រៀន​វា​ឲ្យ​មាន​ប្រសិទ្ធភាព » ។

សម្រេចចិត្ត​អំពី​របៀប​ដើម្បី​បង្រៀន

វា​ជា​រឿង​ធម្មតា​សម្រាប់​គ្រូបង្រៀន​ដែល​មាន​ចិត្ត​រំភើប​អំពី​បណ្តុំ​បទគម្ពីរ​ដែល​ពួកគេ​នឹង​បង្រៀន និង​សេចក្ដី​ពិត​ដែល​ពួកគេ​បាន​រក​ឃើញ ។ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ឧស្សាហ៍​ដើម្បី​សិក្សា ស្វែងយល់ និង​បាន​បង្រៀន​ដោយ​ព្រះ​វិញ្ញាណ នោះ​គ្រូបង្រៀន​​ត្រូវ​បាន​ស្អាងឡើង និង​មាន​អារម្មណ៍​ថា​មាន​បំណង​ចង់​ប្រាស្រ័យ​ទាក់​ទង​នឹង​អ្វី​ដែល​ពួកគេ​បាន​រៀន​ក្នុង​អំឡុង​ពេល​រៀបចំ​របស់​ពួកគេ ។ ខណៈ​ដែល​នេះ​អាច​ជា​ការសមរម្យ​ ដែលគួរតែ​ត្រូវ​ចងចាំ​ក្នុង​ចិត្តថា​គោលបំណង​នៃ​មេរៀន​គឺសម្រាប់ សិស្ស ឲ្យ​យល់​ពី​បទគម្ពីរ បាន​បង្រៀន​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​​ទទួល​បាន​អារម្មណ៍​នៃ​ការលើកទឹកចិត្ត​ឲ្យ​អនុវត្ត​អ្វី​ដែល ពួកគេ រៀន ។ ជានិច្ចកាល​ការណ៍​នេះ​តែងតែ​តម្រូវ​លើស​ពី​អ្វី​ដែល​គ្រាន់តែ​គ្រូបង្រៀន​ប្រាប់​សិស្ស​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​បទគម្ពីរ និង​ហេតុផល​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​វា​សំខាន់ ។ វា​ក៏​មាន​ការពាក់ព័ន្ធ​ច្រើន លើស​ពី​ការតម្រូវឲ្យ​គ្រូ​អាន​ខគម្ពីរ បកស្រាយ​អំពី​ខគម្ពីរ​ទាំង​នោះ ហើយ​បន្ទាប់​មក​អាន​ខគម្ពីរ​ផ្សេង​មួយ​ទៀត ។

សិស្ស​ទាំងឡាយ​ត្រូវ​បានស្អាងឡើង នៅពេល​ពួកគេ​បាន​ដឹកនាំ​ឆ្លងកាត់​ដំណើរការ​នៃ​ការរៀនសូត្រ​មួយ ដែល​ស្រដៀងគ្នា​​ទៅ​នឹង​អ្វី​ដែល​គ្រូបង្រៀន​បាន​មាន​បទពិសោធន៍​អំឡុងពេល​ការរៀបចំ​មេរៀន ។ សិស្ស​ទាំងឡាយ​គួរតែ​បាន​ដឹកនាំ​ឲ្យ​ស្រាវជ្រាវ​បទគម្ពីរ​សម្រាប់​ការយល់ដឹង និង​ដើម្បី​រកឃើញ​សេចក្តីពិត​នៃ​ដំណឹងល្អ​សម្រាប់​ខ្លួន​របស់​ពួកគេ​ផ្ទាល់ ។ ពួកគេ​គួរតែ​បាន​ផ្តល់​ឱកាស​ដើម្បី​ពន្យល់​អំពី​ដំណឹងល្អ​ពី​គំនិត​របស់​ពួកគេ​ផ្ទាល់ និង​ដើម្បី​ចែកចាយ​ហើយ​ធ្វើទីបន្ទាល់​អំពី​អ្វី​ដែល​ពួកគេ​ដឹង និង​ទទួល​អារម្មណ៍ ។ ការធ្វើ​បែប​នេះ​ជួយ​នាំ​ដំណឹងល្អ​ពី​ខួរក្បាល​របស់គេ​ចូល​ទៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ ។

នៅ​ពេល​សិស្ស​ទទួល​បទពិសោធន៍​នៃ​ការរៀនសូត្រ​ដំណឹងល្អ​ជា​ទៀតទាត់​តាម​វិធី​នេះ​ នោះ​ពួកគេបង្កើន​ការទុកចិត្ត​ទៅ​លើ​សមត្ថភាព​ដើម្បី​សិក្សា​បទគម្ពីរ​សម្រាប់​ខ្លួន​ឯង​ផ្ទាល់ និង​រៀន​តាមរយៈ​ព្រះវិញ្ញាណ ។ ពួកគេ​ទទួល​អារម្មណ៍​នៃ​ការសម្រេចចិត្ត​មួយ ដើម្បី​អនុវត្ត​តាម​អ្វី​ដែល​ពួកគេ​កំពុង​រៀន​នៅ​ក្នុង​ជីវិត​របស់​គេ ។ ពួកគេ​ក៏​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​ពួកគេ​ជឿ​ទៅ​លើ​អ្នក​ដទៃ និង​ដើម្បី​ទទួល​បាន​ទីបន្ទាល់​អំពី​គោលលទ្ធិ និង​គោលការណ៍​នៃ​ដំណឹង​ល្អ ។

គ្រូបង្រៀន​ទាំងឡាយ​គួរតែ​ដាក់​ផែនការ​យុទ្ធសាស្រ្តនានា ​ដែល​​ជួយ​សិស្ស​ឲ្យ​ទទួល​បទពិសោធន៍​ក្នុង​ដំណើរ​ការរៀនសូត្រ​នេះ នៅ​ពេល​ពួកគេ​រៀន​បទគម្ពីរ​រួមគ្នា​ក្នុង​ថ្នាក់ ។ ពេល​គ្រូបង្រៀន​អភិវឌ្ឍ​ផែនការ​មេរៀន​របស់​ខ្លួន ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ​ផ្ដល់​នូវ​មូលដ្ឋាន​សម្រាប់​ការ​សម្រេច​ចិត្ត អំពី​របៀប​បង្រៀន ៖

  1. តើ​វិធីសាស្រ្ត ឬ​សកម្មភាព​រៀន​សូត្រ​អ្វីខ្លះ​ដែល​នឹង​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​យល់​អំពី​បរិបទ និង​ខ្លឹមសារ​ដែល​ពួកគេ​ត្រូវ​ដឹង ?

  2. តើ​វិធីសាស្ត្រ​អ្វីខ្លះ​ដែល​នឹង​ជួយ​សិស្ស​ឲ្យ​អាច​កំណត់​និង​បរិយាយ​នូវ​គោលលទ្ធិ និង​គោលការណ៍​សំខាន់ៗ ហើយ​ផ្ដល់​ឱកាស​ដល់​ពួកគេ​ដើម្បី​ស្វងយល់​ពី​អ្នក​ដទៃ ?

  3. តើ​អ្វី​ទៅ​ជា​វិធី​ដ៏​ល្អ​បំផុត​ដើម្បី​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​យល់​អំពី​គោលការណ៍ និង​គោលលទ្ធិ​ទាំង​នេះ ?

  4. តើ​វិធីសាស្ត្រ ឬ​និតិវិធី​អ្វីខ្លះ​ដែល​នឹង​នាំ​ឲ្យ​សិស្ស​របស់​ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្ដី​ពិត និង​សារៈសំខាន់​នៃ​គោលការណ៍​ទាំងនេះ ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ និង​ថ្លែង​ទីបន្ទាល់​​បាន ?

  5. តើ​អ្វី​ទៅ​ដែល​ជា​វិធីសាស្រ្ត​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ជួយ​ពួកគេ​ឲ្យ​មើលឃើញ​អំពី​របៀប​ដែល​ពួកគេ​អាច​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅក្នុង​ជីវិត និង​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះ​បាន ?

ខាងក្រោម​គឺ​ជា​ការពិចារណា​មួយ​ចំនួន​ក្នុង​ការសម្រេច​ចិត្ត​អំពី​របៀប​ដើម្បី​បង្រៀន ។

សូម​ធានា​ថា​វិធីសាស្ត្រ​បង្រៀន​គឺ​ស្រប​ទៅ​នឹង​សារ​ដែល​ត្រូវ​បង្រៀន និង​អំណោយ​ផល​ដល់​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ ។ ពេលខ្លះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ជា​ការកម្សាន្ដ ឬ​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្ស នោះ​គ្រូបង្រៀន​ជ្រើសរើស​វិធីសាស្ត្រ ឬ​ប្រើ​បច្ចេកទេស​ដែល​មិន​ដឹកនាំ​ទៅ​រក​ការយល់ដឹង និង​ការលើកស្ទួយ​ឡើយ ។ ពេល​ជ្រើស​រើស​វិធីសាស្ត្រ​គ្រូបង្រៀន​គួរ​ពិចារណា​ថា​តើ​វិធីសាស្ត្រ​នេះ​បង្កើន ឬ​ដក​នូវ​សារលិខិត​ដែល​វា​មាន​បំណង​ជួយ​សិស្ស​ដែរ​ឬ​ទេ ។ ឧទាហរណ៍ ការបង្រៀន​តាម​បែប​លេង​ហ្គេម​អាច​ជា​វិធី​ដែល​សប្បាយ និង​មាន​ប្រសិទ្ធភាព​មួយ​ដើម្បី​បង្រៀន​អំពី​ព័ត៌មាន ( ដូចជា​លំដាប់​នៃ​គម្ពីរ​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប ) ប៉ុន្តែ​វា​ស្ទើរតែ​មិន​ជួយ​អ្វី​សោះ​ បើ​គោលដៅ​ចុង​ក្រោយ​របស់​យើង​គឺ​ដើម្បី​អញ្ជើញ​ឲ្យ​មាន​អារម្មណ៍ពីព្រះ​វិញ្ញាណ​នោះ ។ ការធ្វើការ​ជា​ក្រុម​តូចៗ​អាច​មាន​ប្រសិទ្ធភាព​ ប៉ុន្តែ​ដោយសារ​វា​ចំណាយ​ពេល​ច្រើន នោះ​វា​អាច​មិនមែន​ជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការកំណត់​បាន​នូវ​គោលការណ៍​ដែល​បាន​ថ្លែង​ដោយ​សាមញ្ញ​មួយ​នោះ​ឡើយ ។

គ្រូបង្រៀន​គួរតែ​ធ្វើ​ឲ្យ​ប្រាកដ​ថា​វិធីសាស្ត្រ​នៃ​ការបង្រៀន និង​សកម្មភាព​ទាំងឡាយ​គឺ​មាន​លក្ខណៈ​សមរម្យ​ចំពោះ​បរិយាកាស​នៃ​ការរៀន​ដំណឹងល្អ​មួយ ដែល​នឹង​មិន​ប៉ះពាល់ ឬ​ធ្វើ​ឲ្យ​នរណា​ម្នាក់​ឈឺចាប់​ឡើយ ហើយ​វា​នឹង​ជួយ​ឲ្យ​មាន​ឥទ្ធិពល​ពី​ព្រះវិញ្ញាណ ។

ប្រើប្រាស់​កម្មវិធី​សិក្សា ។ កម្មវិធី​សិក្សា​នៃ​ថ្នាក់​សិក្ខាសាលា​និង​ថ្នាក់​វិទ្យាស្ថាន​ផ្តល់យោបល់​អំពី របៀប​បង្រៀន ដែល​អនុវត្ត​មូលដ្ឋានគ្រឹះ​នៃ​ការបង្រៀន​ដំណឹងល្អ និង​ការរៀនសូត្រ ។ នៅ​ពេល​គ្រូបង្រៀន​រៀបចំ​មេរៀន​នីមួយៗ ពួក​គាត់​គួរតែ​មើល​កម្មវិធី​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ជ្រើសរើស​ព័ត៌មាន និង​វិធីសាស្ត្រ​ណា​មួយ​ដែល​ពួកគាត់​នឹង​ប្រើ​ដើម្បី​បង្រៀន​បណ្តុំ​បទគម្ពីរ ។ គ្រូ​បង្រៀន​អាច​ជ្រើស​រើស​ប្រើប្រាស់​​យោបល់​កម្មវិធី​សិក្សា​ទាំងអស់ ឬ​មួយផ្នែក​សម្រាប់​បណ្តុំ​បទគម្ពីរ ឬ​អាច​កែសម្រួល​គំនិត​ដែល​បាន​ណែនាំ​ទៅតាម​តម្រូវការ និង​ស្ថានភាព​របស់​សិស្ស​ក្នុង​ថ្នាក់រៀន​អ្នក ។

បង្កើត​ភាពពាក់ព័ន្ធ និង​គោលបំណង ។ នៅពេល​សិស្ស​មើលឃើញ​ចំណង​ទាក់ទង​នៃ​អ្វី​ដែល​ពួកគេ​កំពុង​សិក្សា​នៅក្នុង​បណ្តុំ​បទគម្ពីរ​ទៅនឹង​ស្ថានភាព និង​កាលៈទេសៈ​របស់​ពួកគេ​ផ្ទាល់ នោះ​ជាទូទៅ​ពួកគេ​កាន់តែ​មាន​ទឹកចិត្ត​រៀន និង​អនុវត្ត​តាម​ការបង្រៀននៃ​ដំណឹងល្អ​ថែមទៀត ។ ពួកគេ​ក៏​អាច​មើលឃើញ​អំពី​របៀប​ដែល​បទគម្ពីរ​ផ្តល់​នូវ​ចម្លើយ និង​ការណែនាំ​ដើម្បី​នាំផ្លូវ​ពួកគេ​នៅ​ក្នុង​ស្ថានភាព​ជីវិត​ជាក់ស្តែង​ផងដែរ ។

ហេតុ​ដូច្នេះ​ហើយ​នៅ​ពេល​រៀបចំ របៀប​បង្រៀន​គ្រូ​បង្រៀន​គួរ​មាន​ភាព​ឈ្លាស​វៃ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជានិច្ច​ដែល​មាន​នៅ​ក្នុង​បណ្តុំ​បទគម្ពីរ ហើយ​ពិចារណា​អំពី​របៀប​ដែល​បទគម្ពីរ​ទាំងនោះ​អាច​មាន​ប្រយោជន៍ និង​មាន​អត្ថន័យ​នៅក្នុង​ជីវិត​របស់​សិស្ស ។ ដោយ​ហេតុ​នេះ​ហើយ ​ជាញឹកញាប់​គ្រូ​បង្រៀន​នឹង​ចាប់​ផ្តើម​មេរៀន​ជាមួយ​នឹង​សំណួរ​ដែល​ទាក់​ទង​ទៅ​នឹង​ស្ថានភាព ឬ​បញ្ហា​ដែល​នាំ​ឲ្យ​សិស្ស​ស្រាវជ្រាវ​បទគម្ពីរ​ចំពោះ​គោលការណ៍ និង​គោលលទ្ធិ​ទាំងឡាយ​នៃ​ដំណឹងល្អ ដែល​ផ្តល់​ការណែនាំ និង​ការដឹកនាំ​ដល់​ពួកគេ ។ នៅ​ពេល​ដែល​ពួកគេ​រៀបចំ​មេរៀន គ្រូបង្រៀន​ក៏​គួរ​តែ​ដាក់ផែនការ​ដើម្បី​រក្សា​ចំណាប់​អារម្មណ៍ និង​ការបន្ត​ចូល​រួមចំណែក​ជាមួយ​សិស្ស​ក្នុង​ដំណើរ​ការ​នៃ​ការ​រៀន​សូត្រ​ផងដែរ ។

រូបភាព
ស្ត្រី​កំពុង​សិក្សា

កំណត់​ល្បឿន ។ គ្រូបង្រៀន​គួរតែ​ខិតខំ​យ៉ាង​ឧស្សាហ៍​ដើម្បី​​បង្រៀន​បណ្តុំ​បទគម្ពីរ​ទាំង​មូល ។ ទោះ​ជាយ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការកំណត់​រយៈពេល​វេលា​សម្រាប់​ផ្នែក​ផ្សេងៗ​នៃ​មេរៀន នោះ​វា​ជា​ការ​សំខាន់​ដែល​គ្រូ​បង្រៀន​ត្រូវ​ចងចាំ​ថា​ពួកគេ​កំពុង​បង្រៀន​សិស្ស ពុំ​មែន បង្រៀន​មេរៀន​ទេ ។ គ្រូ​បង្រៀន​មិន​គួរ​ផ្តោត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការធ្វើ​តាម​ផែនការ​មេរៀន​យ៉ាង​តឹងរឹង ដែល​ពួកគេ​មិន​បាន​អនុញ្ញាត​ការ​បំផុស​គំនិត​ដែល​អាច​កើត​មាន ឬ​ការ​ចូល​រួម​របស់​សិស្ស​ដែល​មិន​បាន​គ្រោង​ទុក​ក្នុង​អំឡុង​ពេល​រៀន ​ដែល​វា​ជា​ចាំបាច់​ក្នុង​ការកែប្រែ​មេរៀន​នោះ​ ។

កំហុស​ដ៏​សាមញ្ញ​បំផុត​មួយ​ដែល​គ្រូបង្រៀន​ធ្វើ​គឺ​ការចំណាយ​ពេល​ច្រើន​ពេក​នៅ​ផ្នែក​ដំបូង​នៃ​មេរៀន ហើយ​បន្ទាប់​មក​ប្រញាប់​ប្រញាល់​ដើម្បី​បញ្ចប់​នៅ​ផ្នែក​ចុង​ក្រោយ ។ នៅ​ពេល​គ្រូ​បង្រៀន​ធ្វើ​ការរៀបចំ​នោះ​ពួកគាត់​ចាំបាច់​ត្រូវ​ប៉ាន់​ស្មាន​ថា​ត្រូវ​ចំណាយ​ពេល​វេលា​ប៉ុណ្ណា​ដើម្បី​បង្រៀន​វគ្គ​នីមួយៗ​នៃ​មេរៀន​ដោយ​ការប្រើ​វិធីសាស្ត្រ​ដែល​ពួកគាត់​បាន​ជ្រើសរើស ។ ដោយសារ​គ្រូបង្រៀន​ម្នាក់​មាន​ចំណុចជា​ច្រើន​ត្រូវបង្រៀន ​ជាង​ពេលវេលា​ដែលមាន ពួកគេ​នឹង​ត្រូវ​កំណត់​ថា តើ​ផ្នែក​ណា​នៃ​បណ្តុំ​នេះ​ត្រូវ​ផ្តោត​សំខាន់ និង​អ្វី​ដែល​ត្រូវ​សង្ខេប ។

ល្បឿន​នៃ​ការបង្រៀន​គឺ​អនុវត្ត​ចំពោះ​វគ្គសិក្សា​ទាំងមូល ក៏​ដូចជា​ចំពោះ​មេរៀន​នីមួយៗ​ផង​ដែរ ។ ឧទាហរណ៍ នៅ​ក្នុង​វគ្គ​សិក្សា​នៃ​ព្រះគម្ពីរ​សញ្ញា​ថ្មី បើ​គ្រូបង្រៀន​ចំណាយ​ពេល​ច្រើន​ពេក​នៅ​ក្នុង​ដំណឹងល្អ​ទាំង​បួន នោះ​ពួកគាត់​នឹង​ពុំ​អាច​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​បង្រៀន​សេចក្តី​ពិត​នៃ​ដំណឹងល្អ​សំខាន់ៗ​ដែល​មាន​នៅ​ក្នុងគម្ពីរ​ក្រោយៗ​នោះ​ទេ ។

កម្មវិធី​សិក្សា​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​ភាគច្រើន​ផ្តល់ជា​យោបល់​ណែនាំ​អំពី​ល្បឿន​បង្រៀន និង​កាលវិភាគ​មួយ​ដើម្បី​បង្រៀន​មេរៀន​នៅ​ក្នុង​វគ្គ​សិក្សា​ទាំងមូល ។

ផ្តោតលើ​ការជួយសិស្ស​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគេ ។ នៅ​ពេល​គ្រូបង្រៀន​រៀបចំ​របៀប​ដែល​ពួកគេ​នឹង​បង្រៀន នោះ​ពួកគេ​គួរតែ​បន្ត​ផ្តោត​អារម្មណ៍​ទៅ​លើ​អ្នក​រៀន ហើយ​មិន​ត្រឹម​តែ​លើ​អ្វី​ដែល​គ្រូបង្រៀន​នឹង​ធ្វើ​នោះ​ទេ ។ ជាជាង​គ្រាន់​តែ​សួរ​ថា « តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​នៅ​ក្នុង​ថ្នាក់​រៀន​ថ្ងៃ​នេះ ? » ឬ « តើ​ខ្ញុំ​នឹង​បង្រៀន​សិស្ស​របស់​ខ្ញុំ​អំពី​អ្វីខ្លះ ? » គ្រូបង្រៀន​ក៏​គួរ​តែ​ចាប់យក​ការ​រៀបចំ​មេរៀន​ដោយ​គិត​ថា « តើ​សិស្ស​របស់​ខ្ញុំ​នឹង​ធ្វើ​អ្វី​នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ថ្ងៃ​នេះ ? » ឬ «តើ​ខ្ញុំ​នឹង​ជួយ​សិស្ស​របស់​ខ្ញុំ​ឲ្យ​ដឹង​អំពី​អ្វីខ្លះ​ដែល​ពួក​គេ​ត្រូវ​ដឹង ? » ។

ប្រើ​វិធីសាស្ត្រ និង​និតិវិធី​ផ្សេងៗ ។ សូម្បី​តែ​បច្ចេកទេស​បង្រៀន​ដែល​បញ្ចុះ​បញ្ចូល​ក៏​អាច​នឹង​ក្លាយ​ជា​គ្មាន​ប្រសិទ្ធិ​ភាព ឬ​ធុញ​ទ្រាន់​បាន ប្រសិន​បើ​ប្រើប្រាស់​បច្ចេកទេស​ហួស​ហេតុពេក ។ ​គ្រូ​បង្រៀន​ពុំ​គួរ​ជ្រើសរើស​វិធីសាស្ត្រ​នានា​ដោយ​សារ​តែ​ភាព​ខុសគ្នា​តែ​ម្យ៉ាង​នោះទេ ប៉ុន្តែ​គ្រូបង្រៀន​ដែល​មាន​ប្រសិទ្ធភាព​ជា​ច្រើន​មាន​វិធី​ផ្សេងៗ​ដែល​ពួកគាត់​បង្រៀន​អំឡុង​មេរៀន​នីមួយៗ និង​មាន​វិធី​ផ្សេងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផងដែរ ។ គ្រូបង្រៀន​គួរ​ត្រៀម​ខ្លួន​ដើម្បី​ផ្លាស់ប្តូរ​វិធីសាស្ត្រ​ក្នុង​មេរៀន ប្រសិន​បើ​សិស្ស​បាន​បាត់បង់​ចំណាប់​អារម្មណ៍ ឬ​បើ​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ហាក់​ដូចជា​មិន​ជួយ​សិស្ស​ឲ្យ​ឈាន​ដល់​លទ្ធផល​ដែល​ចង់​បាន​នោះ​ទេ ។

ការ​ប្រើប្រាស់​វិធីសាស្រ្ត​បង្រៀន​ផ្សេងៗ​គ្នា​ក៏​អាច​មាន​ប្រសិទ្ធភាព​ចំពោះ​សិស្ស​ណា​ដែល​រៀន​តាម​របៀប​ផ្សេងៗ​គ្នា​ផងដែរ ។ វិធីសាស្ត្រ​បង្រៀន ឬ​សកម្មភាព​នៃ​ការរៀនសូត្រ​ដែល​តម្រូវ​ឲ្យ​សិស្ស​ប្រើ​ញ្ញាណ​ផ្សេងៗ​គ្នា ដូចជា​ការមើល ការស្ដាប់ និង​ការប៉ះ អាច​ជួយ​កែលម្អរ​ដល់​ការចូលរួម​របស់​សិស្ស និង​ការ​នឹក​ឃើញ​របស់​ពួកគេ​អំពី​អ្វី​ដែល​បាន​រៀន​ផងដែរ ។

ខណៈពេលគ្រូបង្រៀន​គួរ​តែ​ជ្រើសរើស​វិធីសាស្ត្រ​ទូទៅ​ដែល​ពួកគាត់​មាន​អារម្មណ៍​ល្អ និង​ប្រើប្រាស់​បាន​ល្អ នោះ​ពួកគាត់​គួរ​តែ​មាន​ឆន្ទៈ​ធ្វើ​ពិសោធន៍​ជាមួយ​នឹង​វិធីសាស្ត្រ ឬ​និតិវិធី​បង្រៀន​ថ្មី​ដែល​អាច​ជួយ​ពួកគាត់​ឲ្យ​បង្រៀន​កាន់​តែ​មាន​ប្រសិទ្ធភាព​ផងដែរ ។

ផ្នែក​បន្ទាប់​នៃ​ក្បូនខ្នាតនេះ​ពិភាក្សា​អំពី​វិធីសាស្ត្រ​បង្រៀន និង​និតិវិធី​ផ្សេងៗ​ដែល​គ្រូបង្រៀន​អាច​ពិចារណា​នៅ​ពេល​សម្រេច​ចិត្ត​អំពី របៀប​ដើម្បី​បង្រៀន ។

កម្មវិធី​សិក្សា​សរម្រាប់​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​នៃ​សាសនា ( ស&វ ) គឺជា​ធនធាន​ចម្បង​សម្រាប់​ជួយ​អ្នក​អភិវឌ្ឍ​ក្នុងនាមជា​គ្រូបង្រៀន និង​ផ្តល់នូវ​បទពិសោធន៍​ដែលពង្រឹង​ដល់​ការរៀនសូត្រ​សម្រាប់​សិស្ស​របស់អ្នក ។ ប្រធាន ហិនរី ប៊ី អាវរិង ក្នុង​គណៈ​ប្រធាន​ទីមួយ បាន​បង្រៀន​ថា ៖

« អ្នក​ដែល​បាន​ហៅ​ដោយ​ពួក​ព្យាការី​ឲ្យ​ធានា​នូវ​ភាព​ត្រឹមត្រូវ​នៃ​គោលលទ្ធិ ដែល​បាន​បង្រៀន​នៅ​ក្នុង​សាសនាចក្រ​ពិនិត្យ​មើល​គ្រប់​ពាក្យ គ្រប់​រូបភាព គ្រប់​ដ្យាក្រាម នៅ​ក្នុង​កម្មវិធី​សិក្សា​នោះ​ដែល​អ្នក​ទទួល ។ យើង​អាច​ដោះ​សោ​អំណាច​នៃ​កម្មវិធី​សិក្សា​បាន ដោយ​គ្រាន់​តែ​ធ្វើ​តាម​សេចក្ដីជំនឿ​របស់​យើង​ថា វា​ត្រូវ​បាន​បំផុស​គំនិត​មក​ពីព្រះ ។ …

ការធ្វើ​តាម​ខ្លឹមសារ​នៃ​កម្មវិធី​សិក្សា​តាម​លំដាប់​លំដោយ នឹង​ធ្វើ​ឲ្យ​មាន​នូវ​អំណោយ​ទាន​ពិសេស​នៃ​ការបង្រៀន​​របស់​យើង​មិន​មែន​បន្ថយ​វា​ឡើយ » ( ហិនរី ប៊ី អាវរិង « The Lord Will Multiply the Harvest » [ ជំនួប​នាពេលល្ងាច​ជាមួយ​នឹង​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ នៅថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ១៩៩៨ ] ) ។

កម្មវិធី​សិក្សា​នេះ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រប​សម្រួល​វិធីសាស្ត្រ និង​សកម្មភាព​រៀន​សូត្រ​ជាមួយ​ទិសដៅ​ដែល​ទទួល​បាន​មកពី​ក្រុមប្រឹក្សា​អប់រំ​នៃ​សាសនាចក្រ និង​ផ្នែក​រដ្ឋបាល​នៃ ស&វ ។ ការប្រើ​កម្មវិធី​សិក្សា និង​ការស្វែងរក​ដើម្បី​ទទួល​យក និង​សម្រប​វា​ឲ្យ​បាន​សមរម្យ នោះ​វា​នឹង​ជួយ​អ្នក​បញ្ចូល​គោលការណ៍​នៃ​ការបង្រៀន​ដូច​ជា​គ្រីស្ទ ។ ដោយ​ប្រើ​កម្មវិធី​សិក្សា​យ៉ាង​ខ្ជាប់ខ្ជួន អ្នក​នឹង​ក្លាយ​ជា​អ្នក​កាន់​តែផ្ដោត​អារម្មណ៍​លើអ្នករៀន ហើយ​មើលឃើញ​អំពី​របៀប​ដើម្បី​ផ្តោត​លើ​បទពិសោធន៍​សិក្សា​នីមួយៗ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ។

កម្មវិធី​សិក្សា​ក៏​ខិតខំ​ជួយ​អ្នក​ក្នុង​ការបង្រៀន​ព្រះគម្ពីរ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ផង​ដែរ ។ នេះ​រួម​បញ្ចូល​ទាំង​ការ​ជួយ​សិស្ស​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​បរិបទ និង​ខ្លឹមសារ ដើម្បី​ឲ្យ​ពួកគេ​អាច​កំណត់​អត្តសញ្ញាណ​សេចក្ដី​ពិត​ដំណឹង​ល្អ មើលឃើញ​ការ​ពាក់ព័ន្ធ​របស់​វា ហើយ​អនុវត្ត​វា​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ការ​ធ្វើ​បែប​នេះ​នឹង​គាំទ្រ និង​លើក​ទឹក​ចិត្ត​ដល់​សិស្ស​នៅក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ឲ្យ​កាន់​តែ​ដូច​ជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។