ឆ្នាំ ២០២១
ការងារ​បម្រើ​ដល់​អ្នកទាំងឡាយ​ដែល​ជាប់​ពន្ធនាគារ
ខែ មករា ឆ្នាំ ២០២១


ការងារ​បម្រើ​ដល់​អ្នកទាំងឡាយ​ដែល​ជាប់​ពន្ធនាគារ

តម្លៃ​នៃ​ព្រលឹង​របស់​មនុស្ស​ម្នាក់​គឺ​មិន​ត្រូវបាន​បន្ទាប​បន្ថោក​ដោយ​បទឧក្រិដ្ឋ​នោះ​ទេ ។

រូបភាព
collage image showing four different pictures of life in prison

រូបភាព​មក​ពី Getty Images

ឥឡូវ​នេះ មនុស្ស​ច្រើន​ជាង ១០លាន​នាក់ កំពុង​ត្រូវបាន​ឃុំ​ខ្លួន​នៅក្នុង​គុក ឬ​ពន្ធនាគារ​ទូទាំង​ពិភពលោក ។ ព្រះយេស៊ូវ​គ្រីស្ទ ដែល​ទ្រង់​ស្រឡាញ់​មនុស្ស​គ្រប់គ្នា ហើយ​យល់​ពី​គ្រប់​ការលំបាក សុំ​ឲ្យ​យើង​ផ្ដល់​ការងារ​បម្រើ​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌—រួម​ទាំង​ពួក​អ្នក​ដែល​ជាប់​ពន្ធនាគារ​ផងដែរ ។ « នោះ​ពួក​មនុស្ស​សុចរិត​នឹង​ទូល​សួរ​ទ្រង់​ថា ព្រះអម្ចាស់​អើយ តើ​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់… ជាប់​គុក ហើយ​បាន​មក​ឯ​ទ្រង់​ពី​កាល​ណា ?

« នោះ​ស្តេច​នឹង​ឆ្លើយ​ទៅ​គេ​ថា យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ការ​ទាំង​នោះ ដល់​អ្នក​តូច​បំផុត​ក្នុង​ពួក​បង​ប្អូន​យើង​នេះ នោះ​ឈ្មោះ​ថា បាន​ធ្វើ​ដល់​យើង​ដែរ » ( ម៉ាថាយ ២៥:២៦–៤០ ) ។

តើ​យើង​អាច​ធ្វើ​នូវ​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ស្នើ ហើយ​​ផ្ដល់​ការងារ​បម្រើ​ដល់​អ្នក​ដែល​ជាប់​ពន្ធនាគារ​ដោយ​សុវត្ថិភាព​ដោយ​របៀប​ណា ? អត្ថបទ​នេះ​ផ្ដល់​នូវ​គោលការណ៍​មូលដ្ឋាន​សម្រាប់​ជា​ចំណុច​ចាប់ផ្ដើម ។ សូម​ពិភាក្សា​ប្រកប​ដោយ​ការអធិស្ឋាន​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន អំពី​អ្វី​ដែល​សមរម្យ​និង​ឆ្លាតវៃ សម្រាប់​តំបន់​របស់​អ្នក ។

បុត្រ​នៃ​ព្រះ​ដូចគ្នា

ខណៈ​ដែល​ប្រព័ន្ធ​យុត្តិធម៌​ខុស​គ្នា បញ្ហា​ប្រឈម​នៃ​ការជាប់​ឃុំឃាំង​គឺ​មាន​នៅ​ពាសពេញ​ជាតិសាសន៍ និង​វប្បធម៌​នានា ។ ដ័ក រីឈិនស៍ គ្រប់គ្រង​កម្មវិធី​សម្រាប់​សមាជិក​សាសនាចក្រ​ដែល​ជាប់​ឃុំ​ឃាំង ។ គាត់​ក៏សម្រប​សម្រួល​ជាមួយ​ក្រុម​ជំនឿ និង​សហគមន៍​ផ្សេងៗ​ទៀត ដើម្បី​ជួយ​ដល់​ជន​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ជាប់​ឃុំ​ឃាំង​ដោយ​មិន​គិត​ប្រវត្តិរូប ឬ​ទស្សនៈ​ខាង​ជំនឿ​របស់​ពួកគេ ។

បងប្រុស​រីឈិនស៍​បាន​មាន​ប្រសាសន៍​ថា « រឿង​ធម្មតា​មួយ​អំពី​ពួក​អ្នក​ដែល​ជាប់​ឃុំឃាំង គឺ​ថា​ពួកគេ​ទាំងអស់​គ្នា​មិនគួរ​ឲ្យ​ទុកចិត្ត ហឹង្សា និង​គ្រោះថ្នាក់ » ។ « ទោះ​ជា​យ៉ាង​ណា ខ្ញុំ​បាន​ឃើញ​ថា ពួកគេ​ភាគ​ច្រើន​មិន​ដូច​នោះ​ទេ ។ ភាគច្រើន​មាន​អារម្មណ៍​វិប្បដិសារី​ចំពោះ​សកម្មភាព​របស់​ពួកគេ ។ ពួកគេ​កំពុង​ព្យាយាម​ពង្រឹង​ជំហរ​ឲ្យ​ខ្ពស់​ជាង​ជម្រើស​អាក្រក់ៗ​នៃ​អតីតកាល ហើយ​រស់នៅ​ក្នុង​ជីវិត​ដ៏​ល្អ » ។

នៅក្នុង​ប្រទេស​មួយ​ចំនួន ប្រជាជន​ពាក់​កណ្ដាល​មាន​សមាជិក​គ្រួសារ​ជិតដិត​ដែល​ជាប់​ពន្ធនាគារ ។ បងប្អូន ឪពុក​ម្ដាយ និង​កូនៗ​ដែល​ជាប់​ពន្ធនាគារ​ទាំងនេះ​គឺជា—ក្រៅពី​ត្រូវបាន​កំណត់​ដោយ​ចំណង​ទាក់ទង​នៅ​លើ​ផែនដី—បុត្រ​នៃ​ព្រះ​ដូចគ្នា ។

ការវិនិច្ឆ័យ​នៃ​ជីវិត​រមែង​ស្លាប់ និង​អស់កល្ប​ជានិច្ច

ថ្វីបើ​ជីវិត​តម្រូវ​ឲ្យ​យើង​ធ្វើ​ការវិនិច្ឆ័យ​ទាំងឡាយ ក៏​មាន​តែ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​ការវិនិច្ឆ័យ​មនុស្ស​ម្នាក់​ដោយ​ឥតខ្ចោះ ដោយ​ផ្អែក​ទៅលើ​ស្ថានភាព សកម្មភាព និង​បំណង​ប្រាថ្នា​របស់​ពួកគេ ( សូមមើល សាំយូអែល ទី១ ១៦:៧ ) ។ ការវិនិច្ឆ័យ​ដ៏​ឥតខ្ចោះ​នោះ ពិត​ជា​នឹង​ត្រូវ​យក​មក​ពិចារណា​នូវ​កាលៈទេសៈ​ទាំងឡាយ​ដែល​មនុស្ស​បាន​កើតមក​ជាមួយ ដែល​ទំនង​ជា​ធ្វើ​ឲ្យ​មាន​ការឃុំឃាំង ដូចជា​ការប៉ះ​ទង្គិច​ក្នុង​គ្រួសារ ភាពក្រីក្រ​រាប់​ជំនាន់ ឬ​ទម្លាប់​នៃ​ការប្រើប្រាស់​គ្រឿង​ញៀន ។ ល ។ មាន​កត្តា​ជា​ច្រើន​ទៀត​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ដើម្បី​ធ្វើ​ការជ្រើសរើស​ដែល​ល្អ រួម​ទាំង​សុខភាព និង​សុខុមលភាព​របស់​ពួកគេ​ផងដែរ ។ ខណៈ​ដែល​វា​សំខាន់​ដែល​សង្គម​ត្រូវ​អនុវត្ត​ច្បាប់​ដែល​រក្សា​សហគមន៍​ឲ្យ​មាន​សុវត្ថិភាព យើង​អាច​ធ្វើ​ដូច្នោះ​ដោយ​ការអាណិត​អាសូរ និង​ជាមួយ​នឹង​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ដោយ​ដឹង​ថា មាន​អ្វីៗ​ជា​ច្រើន​ដែល​យើង​មិន​យល់ ។

ថានញ៉ា ស្កាហ្វ័រ ជា​សមាជិក​សាសនាចក្រ​ដែល​បាន​ធ្វើការ​នៅ​ការិយាល័យ​ច្បាប់ មុន​នឹង​រកឃើញ​ក្រុម​តស៊ូ​មតិ​អ្នកទោស បាន​និយាយ​ថា « សូម​គិត​ថា​តើ​អ្នក​មាន​អារម្មណ៍​របៀប​ណា ប្រសិន​បើ​អ្នក​ត្រូវបាន​គេ​វិនិច្ឆ័យ​អស់​មួយ​ជីវិត​អ្នក ដោយ​ផ្អែក​លើ​រឿង​អាក្រក់​បំផុត​ដែល​អ្នក​បាន​ធ្វើ​នោះ » ។ « វា​គឺ​សម្រេច​ទៅលើ​ព្រះ​ដើម្បី​អត់ទោស​ដល់​អ្នក​ណា​ដែល​ទ្រង់​នឹង​អត់ទោស ប៉ុន្តែ​ទ្រង់​បញ្ជា​យើង​ឲ្យ​អត់ទោស​ដល់​មនុស្ស​គ្រប់​គ្នា » ( សូមមើល ម៉ាថាយ ១៨:២១–២២ ) ។

គោលការណ៍​នៃ​ការវិនិច្ឆ័យ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះ អាច​ជា​ប្រភព​នៃ​ការលួងលោម​សម្រាប់​ជនរងគ្រោះ​នៃ​បទឧក្រិដ្ឋ​ផងដែរ ។ ជួនកាល​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​ដទៃ​ទៀត​ឈឺចាប់ មិន​ដែល​បាន​ប្រឈម​មុខ​នឹង​ការដាក់ទោស​នៅលើ​ផែនដី​នេះ​ទេ ។ ជនរងគ្រោះ​អាច​រងទុក្ខ​ជា​យូរ ក្រោយ​ពី​ជនល្មើស​បាន​ចេញ​ពី​ពន្ធនាគារ​ហើយ ។ មនុស្ស​ជា​ច្រើន​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការជាប់​ពន្ធនាគារ ធ្លាប់​ជា​ជន​រងគ្រោះ​ផង និង​ជា​ជន​ល្មើស​ផង​នៅ​ពេល​ខុស​គ្នា ដែល​រំឭក​យើង​ថា ជីវិត​គឺ​ជា​សំណាញ់​ដ៏​ជំពាក់​ច្របូក​ច្របល់​នៃ​ចំណងទាក់ទង និង​ការសម្រេច​ចិត្ត​ដែល​ប៉ះពាល់​ដល់​មនុស្ស​ដទៃ​ទៀត ។ យើង​អាច​ស្វែងរក​ការលួងលោម​ក្នុង​ការទុកចិត្ត​ថា ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​យល់​ពី​រឿង​គ្រប់​យ៉ាង ។ ការវិនិច្ឆ័យ​របស់​ពួកទ្រង់​នឹង​ល្អ​ឥត​ខ្ចោះ ។ ការព្យាបាល​ដែល​ពួក​ទ្រង់​ប្រទាន—សម្រាប់​ទាំង​អ្នក​គ្មាន​កំហុស និង​អ្នក​ប្រែចិត្ត—នឹង​បាន​បំពេញ ( សូមមើល វិវរណៈ ២១:៤ ) ។

គំរូ​នៃ​ការស្រឡាញ់​របស់​ថ្នាក់​ដឹកនាំ

អែលឌើរ ជែរីត ដ័បុលយូ ហ្កង ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​ពិពណ៌នា​ពី​ការប្រជុំ​មួយ​ដែល​គ្រប់គ្នា​នៅ​ជុំ​វិញ​លោក​បាន​ស្លៀកពាក់​ពណ៌​ស ។ មាន​ការច្រៀង និង​ការអធិស្ឋាន ហើយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ពេញ​បរិបូរ ។ ផ្ទុយ​ពីអ្វី​ដែល​យើង​ជា​ច្រើន​អាច​នឹង​បង្កើត​រូបភាព​ក្នុង​គំនិត នេះ​មិន​មែន​ជា​ការប្រជុំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ទេ ។ នេះ​គឺ​ជា​ទស្សនកិច្ច​ការងារ​បម្រើ​នៅ​ពន្ធនាគារ ដែល​សម្លៀក​បំពាក់​អៀម​ពណ៌​ស​គឺ​ជា​ឯកសណ្ឋាន​ជា​បទដ្ឋាន​នៅ​ទី​នោះ ។

« ថ្នាក់​ដឹកនាំ​សាសនាចក្រ​ខ្វល់ខ្វាយ​អំពី​អស់​អ្នក​ដែល​បាន​រង​ផល​ប៉ះពាល់​ដោយ​បទឧក្រិដ្ឋ និង​ការជាប់​ពន្ធនាគារ » បងប្រុស​រីឈិនស៍​បាន​ថ្លែង​ទីបន្ទាល់ ដោយ​ពិពណ៌នា​ពី​របៀប​ដែល​អ្នកដឹកនាំ​ម្នាក់​ឲ្យ​ច្បាប់​ទស្សនាវដ្ដី​សាសនាចក្រ​របស់​គាត់​ផ្ទាល់​ទៅ​មនុស្ស​ម្នាក់​ដែល​គាត់​ទៅ​សួរសុខទុក្ខ​នៅ​ក្នុង​ពន្ធនាគារ​ជា​រៀងរាល់​ខែ ។ « ពួកគាត់​ទៅ​សួរ​សុខទុក្ខ​អ្នក​ជាប់​ពន្ធនាគារ​ជា​ញឹកញាប់ គាំទ្រ​គ្រួសារ​របស់​ពួកគេ ហើយ​ថែរក្សា​ជនរងគ្រោះ​ដោយ​ទន់ភ្លន់ » ។

កិច្ចការ​កែតម្រូវ​គឺ​ជា​ការទទួល​ខុសត្រូវ​របស់​ប្រធាន​ស្តេក ធ្វើការ​ជាមួយ​ថ្នាក់​ដឹកនាំ​វួដ​ដើម្បី​ដោះស្រាយ​តម្រូវការ​របស់​ពួក​អ្នក​នៅក្នុង​តំបន់​របស់​ពួកគេ ។ តើ​ថ្នាក់​ដឹកនាំ​ស្តេក​របស់​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់ និង​ចែកចាយ​សារលិខិត​ដែល​លើក​ស្ទួយ​ជាមួយ​នឹង​សមាជិក​ដែល​ជាប់​ពន្ធនាគារ ? នៅក្នុង​កន្លែង​ខ្លះ សមាជិក​សាសនាចក្រ​អាច​ត្រូវបាន​ហៅ​ឲ្យ​ទៅ​សួរសុខទុក្ខ និង​បង្រៀន​ដល់​អ្នក​ដែល​ជាប់​ពន្ធនាគារ ។ បងប្រុស​រីឈិនស៍​បាន​មាន​ប្រសាសន៍​ថា ជាញឹកញាប់​សមាជិក​ទាំងនោះ​ដែល​ត្រូវ​បានហៅ​ឲ្យ​ទៅ​ផ្ដល់​ការគាំទ្រ មាន​ការភ័យ​ខ្លាច​ពី​ដំបូង ប៉ុន្តែ​បន្ទាប់​មក​ពួកគេ​ឃើញ​ថា​ការហៅ​នោះ​មាន​អត្ថន័យ​ណាស់ ដែល​ពួកគេ​មិន​ចង់​ដោះលែង​ទេ ។

គាត់​បាន​និយាយ​ថា « វា​ជា​សាសនា​ដែល​បរិសុទ្ធ » ( សូមមើល យ៉ាកុប ១:២៧ ) ។

ខណៈ​ដែល​យើង​មិន​គួរ​មាន​អារម្មណ៍​មាន​សម្ពាធ​ក្នុង​ការទៅ​សួរសុខទុក្ខ​អ្នក​ជាប់​ពន្ធនាគារ​ដែល​យើង​មិន​ស្គាល់ នោះ​មាន​នូវ​របៀប​ផ្សេងៗ​ទៀត​ដែល​យើង​អាច​ផ្ដល់​ការងារ​បម្រើ​ដោយ​មាន​សុវត្ថិភាព ។ នេះ​គឺ​ជា​របៀប​មួយ​ចំនួន ៖

  • រួម​បញ្ចូល​មនុស្ស​ដែល​ជាប់​ពន្ធនាគារ​នៅក្នុង​ការអធិស្ឋាន​របស់​អ្នក ជាពិសេស​អ្នក​ដែល​អ្នក​ស្គាល់​តាម​ឈ្មោះ ។ ការអធិស្ឋាន​គឺ​មាន​អំណាច !

  • សូម​សាកសួរ​ទៅ​ពន្ធនាគារ​ក្នុង​មូលដ្ឋាន​ដើម្បី​មើល​ថា​បើ​ពួកគេ​ត្រូវការ​សម្ភារ​បរិច្ចាគ​នានា ។ របស់​របរ​ដូចជា​ការចាក់​អំបោះ ការអាន គម្រោង​សិល្បៈ និង​ការស្រាវជ្រាវ​ពង្សប្រវត្តិ គឺ​ត្រូវបាន​អនុញ្ញាត​នៅក្នុង​កន្លែង​ជា​ច្រើន ។

  • ប្រសិន​បើ​អ្នក​ស្គាល់​នរណា​ម្នាក់​ដែល​ជាប់​ពន្ធនាគារ សូម​សរសេរ​សំបុត្រ​ដែល​លើក​ស្ទួយ​ទៅ​ពួកគេ ។ សូម​ធ្វើ​ការជ្រើសរើស​ដែល​មាន​សុវត្ថិភាព ឆ្លាតវៃ ពេល​ធ្វើ​ការទំនាក់ទំនង ។ ធ្វើ​តាម​ព្រះវិញ្ញាណ និង​រក្សា​ព្រំដែន​ដែល​សមរម្យ ។

  • ប្រព្រឹត្តិ​ចំពោះ​សមាជិក​គ្រួសារ​របស់​អ្នក​ដែល​ជាប់​ពន្ធនាគារ—ជា​ពិសេស​កុមារ—​ដោយ​ក្ដី​ស្រឡាញ់ គោរព និង​រួមបញ្ចូល ។ សូម​ចាំ​ថា សមាជិក​គ្រួសារ​ជា​ទូទៅ​គឺ​ជា​ជនរងគ្រោះ​គ្មាន​ទោស​ដែរ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ដឹង​ពី​របៀប​ដ៏​ល្អ​បំផុត​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​សមាជិក​ទាំងអស់​របស់​គ្រួសារ​នោះ ។

រូបភាព
woman sitting on bed and praying

ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​មាន​កំណត់​ទេ

ការជាប់​ពន្ធនាគារ​អាច​ជា​ពេល​វេលា​ដ៏​លំបាក​ក្រៃលែង​នៅក្នុង​ជីវិត​មនុស្ស​ម្នាក់ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​មិន​ត្រូវបាន​បញ្ឈប់​ដោយ​ជញ្ជាំង ចម្រឹង ឬ​ច្រវាក់​នោះ​ទេ ។ ការអធិស្ឋាន ការសិក្សា​ព្រះគម្ពីរ និង​ការបន្ទាប​ខ្លួន អាច​អញ្ជើញ​វត្តមាន​នៃ​ការលួងលោម​របស់​ទ្រង់​បាន​យ៉ាង​លឿន​នៅក្នុង​គុក​ក៏​ដូច​ជា​នៅ​ខាង​ក្រៅ​ដែរ ។ ដោយ​ហេតុ​ដូច្នេះ​ហើយ ពន្ធនាគារ​អាច​ក្លាយ​ជា​កន្លែង​នៃ​អព្ភូតហេតុ​ទាំងឡាយ ។

ផតធៀ ឡៅដ័រ ជា​សមាជិក​សាសនាចក្រ​ដែល​បាន​សរសេរ​អត្ថបទ​ដាក់​លើ​អ៊ិនធើរណែត​ខណៈ​ជាប់​នៅក្នុង​ពន្ធនាគារ បាន​ពិពណ៌នា​ពី​ពេលវេលា​របស់​នាង​នៅក្នុង​ពន្ធនាគារ​ថា​ជា​ដំណើរ​ដ៏​ពិបាក​មួយ​នៃ​សេចក្ដី​ជំនឿ និង​ការរកឃើញ​ខ្លួនឯង ។ នាង​បាន​សរសេរ​ថា « ខ្ញុំ​បាន​ឆ្លងកាត់​ការតស៊ូវ​ដ៏​ធ្ងន់ធ្ងរ​នៅក្នុង​ជីវិត​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​អាច​មាន​អារម្មណ៍​ថា​ខ្លួន​ខ្ញុំ​បាន​ជា​សះស្បើយ​តាម​រយៈ​សេចក្ដី​ស្រឡាញ់​មួយ​ដែល​មិនអាច​ពិពណ៌នា​បាន » ។ « មិន​ថា​ឧបសគ្គ​អ្វី​ដែល​អ្នក​កំពុង​ប្រឈម​មុខ​ជាមួយ​នា​ពេល​ឥឡូវ​នេះ​ទេ មិន​ថា​អ្នក​ស្ថិត​នៅ​ត្រង់​ណា​នៃ​ដំណើរ​របស់​អ្នក​ផ្ទាល់​នោះ​ទេ សូម​កុំបោះបង់​ឡើយ ! »

ហ្កាហ្វ ខាននុន ដែល​បាន​បម្រើ​ជា​ប្រធាន​សាខា​នៅក្នុង​គុក​មួយ បាន​ពិពណ៌នា​ពី​របៀប​ដែល​ព្រះវិញ្ញាណ​បាន​បំផុស​គាត់​ឲ្យ​និយាយ​ដោយ​សប្បុរស​ទៅ​បុរស​ជាប់​ពន្ធនាគារ​ដែល​មាន​ចិត្ត​រឹងរូស ដែល​បាន​រស់នៅ​ក្នុង​ជីវិត​មួយ​ដ៏​លំបាក ។ បុរស​នេះ​បាន​និយាយ​ថា « អ្វី​ដែល​លោក​ទើប​តែ​បាន​និយាយ​មក​ខ្ញុំ គឺ​ជា​ពាក្យ​សម្ដី​ដ៏​សប្បុរស​បំផុត​ដែល​និយាយ​មក​កាន់​ខ្ញុំ​នៅក្នុង​ជីវិត​ខ្ញុំ » ។ « ខ្ញុំ​មិន​ចាំ​ទេ​ថា​ធ្លាប់​មាន​មនុស្ស​និយាយ​ជាមួយ​ខ្ញុំ​ដោយ​ភាពសប្បុរស និង​ការខ្វល់ខ្វាយ​បែប​នេះ ។ អរគុណ » ។ ពួកគេ​បាន​បញ្ចប់​ការសួរ​សុខទុក្ខ​របស់​ពួកគេ​ជាមួយ​នឹង​ការអធិស្ឋាន​ជា​លើក​ដំបូង​ក្នុង​រយៈ​ជា​ច្រើន​ឆ្នាំ​ដែល​បុរស​នេះ​បាន​ឮ ។

បងប្រុស​ខាននុន​បាន​ថ្លែង​ទីបន្ទាល់​ថា « មែនហើយ ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​ពិត​ជា​គង់​នៅក្នុង​អគារ​កែប្រែ​ទាំងឡាយ » ។ « បុត្រា​បុត្រី​របស់​ព្រះ​នៅ​ទីនោះ ហើយ​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ពួកគេ​ត្រឡប់​មក​វិញ » ។

ព្រះ​ធ្វើ​ការសន្យា​ប្រកប​ដោយ​ព្រះចេស្ដា​ចំពោះ​មនុស្ស​ទាំងអស់​ដែល​ជ្រើសរើស​ដើរ​តាម​ទ្រង់ មិន​ថា​យើង​រៀន​អំពី​ទ្រង់​ជា​លើក​ទីមួយ​នៅក្នុង​សាលា​ថ្ងៃ​អាទិត្យ ឬ​នៅក្នុង​ពន្ធនាគារ​ក្ដី ។ ដូច​ជា អេសេគាល ៣៦:២៦ ប្រាប់​ថា « អញ​នឹង​ឲ្យ​ឯង​មាន​ចិត្ត​ថ្មី ហើយ​នឹង​ដាក់​វិញ្ញាណ​ថ្មី​នៅ​ក្នុង​ឯង​ដែរ » ។

ការចូល​ក្នុង​សង្គម​ជា​ថ្មី​គឺ​ពិបាក​ខ្លាំង​ណាស់

តម្លៃ​នៃ​ព្រលឹង​របស់​មនុស្ស​ម្នាក់​គឺ​មិន​ត្រូវបាន​បន្ទាប​បន្ថោក​ដោយ​បទឧក្រិដ្ឋ​នោះ​ទេ ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១០ ) ។ ពេល​ដែល​នរណា​ម្នាក់​មាន​បំណង​ប្រាថ្នា ដើម្បី​ផ្លាស់ប្ដូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង តើ​យើង​អនុញ្ញាត​ឲ្យ​ពួកគេ​លូតលាស់ និង​បានការ​អត់ទោស​ដែរ​ឬ​ទេ ?

បងប្រុស​រីឈិនស៍​បាន​មាន​ប្រសាសន៍​ថា « ព្រះគុណ និង​ការអាណិតអាសូរ​របស់​ព្រះ​គឺ​ធំធេង​ណាស់ » ។ « ជួនកាល បុគ្គល​ទាំងឡាយ​ដែល​ជាប់​ពន្ធនាគារ​អាច​ទទួល​អារម្មណ៍​ថា​បាន​ទទួល​ការអត់ទោស​ពី​ព្រះអម្ចាស់​យ៉ាង​យូរ​ពីមុន​ពេល​អ្នក​ត្រូវបាន​អត់ទោស​ឲ្យ​ដោយ​រដ្ឋាភិបាល សង្គម ឬ​សូម្បី​តែ​សមាជិក​សាសនាចក្រ​ក្ដី » ។

ការត្រឡប់​ចូល​ក្នុង​សង្គម​ជា​ថ្មី​បន្ទាប់​ពី​ការជាប់​ពន្ធនាគារ​គឺ​ពិបាក ។ ជាញឹកញាប់ ពួក​អ្នក​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​មាន​បញ្ហា​លំបាក​ក្នុង​ការទទួល​បាន​ការងារ ឬ​ផ្ទះសម្បែង ។ យើង​អាច​ជួយ​ពួកគេ​ស្វែងរក​សន្តិសុខ​នៅក្នុង​កន្លែង​ល្អៗ ហើយ​តាមរក​ចំណង់​ចំណូច​ចិត្ត​ល្អៗ ។ ប្រហែល​ជា​រឿង​ដែល​​សំខាន់​បំផុត​ដែល​យើង​អាច​ធ្វើ​បាន គឺ​ធ្វើ​ជា​មិត្ត​ម្នាក់​ដែល​មាន​ភាពវិជ្ជមាន ដែល​ជួយ​ពង្រឹង​គេ ។ ពេល យ៉ូសែប ស៊្មីធ បាន​និយាយ​អំពី​កំណែទម្រង់​ប្រព័ន្ធ​ពន្ធនាគារ ខណៈ​ពេល​កំពុង​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី លោក​បាន​បង្រៀន​ថា « ភាពប្រិតប្រៀង និង​ចត្តាឡីស័ក​នឹង​មិន​ដែល​ធ្វើ​បាន​ច្រើន​ក្នុង​ការកែប្រែ​ឧបនិស្ស័យ​របស់​មនុស្ស ដូច​ជា​មូលហេតុ និង​មិត្តភាព​នោះ​ឡើយ » ។

ការអាណិត​អាសូរ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ

យូដាស​បាន​លើក​ទឹកចិត្ត​ដល់​ពួក​បរិសុទ្ធ​ឲ្យ « ចូរ​មាន​ចិត្ត​អាណិត » ( យូដាស ១:២២ ) ។ ពាក្យ​សម្ដី​របស់​លោក​បន្ទរ​ដល់​ការអង្វរ​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ចងចាំ​ពួក​អ្នក​ដែល​នៅក្នុង​ពន្ធនាគារ ។ តើ​យើង​អាច​ឆ្លើយតប​នឹង​ការអញ្ជើញ​ទាំងនេះ​យ៉ាងណា​ដែរ ? ចូរ​យើង​ខិតខំ​ដើម្បី​បីបាច់​ពួក​អ្នក​ដែល​មាន​ជាប់​ពន្ធនាគារ និង​គ្រួសារ​របស់​ពួកគេ ដោយ​សេចក្ដី​ល្អ​នៃ​ព្រះ ។ ការអាណិត​អាសូរ​របស់​យើង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុសគ្នា​មួយ ។

កំណត់​ចំណាំ

  1. សូមមើល « World Prison Population List: Eleventh Edition » National Institute of Corrections, nicic.gov ។

  2. សូមមើល « Half of Americans Have Family Members Who Have Been Incarcerated » ថ្ងៃ​ទី ១១ ខែ ធ្នូ ឆ្នាំ ២០១៨, Equal Justice Initiative, eji.org/news ។

  3. សូមមើល « Traumatic Brain Injury in Criminal Justice,” University of Denver, du.edu/tbi » ។

  4. ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស​របស់​នាយកដ្ឋាន​បព្វជិតភាព និង​ក្រុមគ្រួសារ ខែ ធ្នូ ឆ្នាំ ២០១៩ ។

  5. « Joseph Smith as a Statesman » Improvement Era ខែ ឧសភា ឆ្នាំ ១៩២០ ទំព័រ ៦៤៩ ។