ឆ្នាំ ២០២១
របៀប​ដែល​ការសិក្សា​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ខ្ញុំ
ខែ មករា ឆ្នាំ ២០២១


របៀប​ដែល​ការសិក្សា​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​ខ្ញុំ

រូបភាព
illustration of African woman with basket on head

រូបភាព​មក​ពី Getty Images

កាលនៅជា​សិស្ស​វិទ្យាល័យ​ម្នាក់​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បួង ខ្ញុំ​ចូលចិត្ត​សិក្សា​ប្រវត្តិសាស្ត្រ ។ ពេល​ខ្ញុំ​ទៅ​សាកល​វិទ្យាល័យ ខ្ញុំ​បាន​ទទួល​សញ្ញាប័ត្រ​របស់​ខ្ញុំ​ផ្នែក​ប្រវត្តិសាស្ត្រ ។ ក្នុង​នាម​ជា​សិស្ស​ថ្នាក់​សិក្ខាសាលា ហើយ​បន្ទាប់​មក​ថ្នាក់​វិទ្យាស្ថាន ខ្ញុំ​ចូលចិត្ត​វគ្គ​សិក្សា​ទាំងអស់​របស់​ខ្ញុំ​ណាស់ ប៉ុន្តែ​ជា​ពិសេស ខ្ញុំ​ចូលចិត្ត គោលលទ្ធិ និង សេចក្តី​សញ្ញា ដោយសារ​វា​បាន​ណែនាំ​ខ្ញុំ​ទៅកាន់​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​ចូលចិត្ត​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​សាសនាចក្រ—សូម្បី​តែ​សៀវភៅ​ទាំងនោះ​ដែល​លើក​ឡើង​អំពី​ប្រធានបទ​ពិបាកៗ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង ។ កាល​ដែល​ខ្ញុំ​បន្ត​រៀន​ពី​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ពី​ប្រភព​ផ្សេងៗ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ត្រូវ​បាន​ពង្រឹង​ឡើយ ។ នេះ​ជា​របៀប​បី​យ៉ាង​ដែល​កើតឡើង ។

ប្រវត្តិសាស្ត្រ​សាសនាចក្រ​ផ្ដល់​ទស្សនវិស័យ​សម្រាប់​ខ្ញុំ ជា​ពិសេស​នៅពេល​និយាយ​ដល់​ការអនុវត្ត​កន្លង​មក រួម​ទាំង​ការដាក់​កំហិត​លើ​ពរជ័យ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ។ ពី​ដំបូង នៅពេល​ខ្ញុំ​បាន​រៀន​ថា មាន​ពេល​មួយ​ដែល​បុរស​ស្បែកខ្មៅ​ត្រូវបាន​ដាក់​កំហិត​ពី​ការកាន់​បព្វជិតភាព នោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​បាន​រង្គោះ​រង្គើ ។ តើ​សាសនាចក្រ​ដែល​ខ្ញុំ​ស្រឡាញ់ បាន​ដក​ហូត​បព្វជិតភាព​ពី​មនុស្ស​ស្បែក​ខ្មៅ​យ៉ាង​ដូច​ម្ដេច​ទៅ ? មនុស្ស​មួយ​ចំនួន​បាន​ព្យាយាម​បង្ហាញ​ខ្ញុំ​នូវ​ការពន្យល់ ដែល​ពួកគេ​បាន​អះអាង​ថា​ជា​គោលលទ្ធិ ឬ​ជា​ខាង​វិញ្ញាណ ។ ការណ៍​ទាំងនេះ​ធ្វើ​ឲ្យ​ភាន់​ច្រឡំ និង​អំពល់​ចិត្ត​យ៉ាង​ខ្លាំង ។

ក្រោយ​មក វា​គឺ​ជា​ការពន្យល់​ខាង​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​យល់ និង​ផ្ដល់​ការលួងលោម ។ ការណែនាំ​ខាង​ប្រវត្តិសាស្ត្រ​ដល់ សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ ទី​២ ជា​ឧទាហរណ៍ បាន​ពន្យល់​ថា យ៉ូសែប ស៊្មីធ ពិត​ជា​បាន​តែងតាំង​បុរស​ស្បែក​ខ្មៅ​ពីរ​បី​នាក់ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​បញ្ឈប់​ការប្រគល់​បព្វជិតភាព​ដល់​បុរស​ស្បែក​ខ្មៅ​នៅ​ជំនាន់​ដំបូងៗ​នៃ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ។ បន្ទាប់​មក សាសនាចក្រ​បាន​ធ្វើ​សេចក្ដី​ថ្លែងការ​ដ៏​សំខាន់​នេះ ៖ « បញ្ជី​ទាំងឡាយ​របស់​សាសនាចក្រ​មិន​ផ្ដល់​ការយល់​ដឹង​ច្បាស់លាស់​ពី​ភាពដើម​នៃ​ការអនុវត្ត​នេះ​ទេ » ។ អត្ថបទ​ប្រធានបទ​ដំណឹងល្អ និង​សៀវភៅ​សិក្សា​របស់​សាសនាចក្រ​ផ្សេងៗ​ទៀត ផ្ដល់​នូវ​ព័ត៌មាន​កាន់តែ​ពិស្ដារ ព្រមទាំង​បរិបទ​ប្រវត្តិសាស្ត្រ​បន្ថែម​ទៀត ។ ការពន្យល់​ខាង​ប្រវត្តិសាស្ត្រ​ទាំងនេះ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ ហើយ​បាន​ពង្រឹង​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ។

ប្រវត្តិសាស្ត្រ​សាសនាចក្រ​ជួយ​ខ្ញុំ​ឲ្យ​មាន​អំណរគុណ​ចំពោះ​ពួក​អ្នក​ដែល​បាន​ចែក​ឋាន​ទៅ​មុន ។ ជាពិសេស ការណ៍​នេះ​ពិត ពេល​ដែល​មនុស្ស​ម្នាក់​ពិចារណា​អំពី​ការរួម​ចំណែក​ដែល​សមាជិក​ដែល​ហាក់ដូចជា « ធម្មតា » បាន​ធ្វើ ។ ឧទាហរណ៍ សាលជំនុំ​ដំបូងៗ​បាន​សាងសង់​នៅ​ទូទាំង​អាហ្វ្រិក​ខាង​ត្បូង ហ្សីមបាវេ និង​ហ្សំបៀ នៅក្នុង​ទសវត្ស​ឆ្នាំ ១៩៥០ និង ១៩៦០ បាន​កើតឡើង​ដោយសារ​តែ​ការរួម​ចំណែក​របស់​សមាជិក​ទាំងឡាយ ។ ការទទួល​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​តម្រូវឲ្យ​មាន​ការលះបង់​កាន់តែ​ខ្ពស់ ។ ដោយ​ដឹង​ថា​វា​នឹង​ត្រូវ​ការពេល​រាប់​ទសវត្ស​មុន​ពេល​ដែល​ពួកគេ​អាច​មាន​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ទ្វីប​អាហ្វ្រិក នោះ​សមាជិក​ជា​ច្រើន​បាន​លក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ រួម​ទាំង​ផ្ទះ​សម្បែង​របស់​ពួកគេ ដើម្បី​បាន​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ចូលរួម​នៅក្នុង​ពិធី​បរិសុទ្ធ​ដ៏​ពិសិដ្ឋ​ទាំងនោះ ។ សាសនាចក្រ​នៅក្នុង​ទ្វីប​អាហ្វ្រិក ត្រូវបាន​ស្ថាបនា​ឡើង​នៅលើ​សេចក្ដី​ជំនឿ​របស់​សមាជិក​ជំនាន់​ដើម​ទាំងនេះ ដែល​មាន​តែ​បន្តិច​បន្តួច ប៉ុន្តែ​បាន​លះបង់​ច្រើន​ណាស់ ។ ពេល​ខ្ញុំ​បាន​អាន​បញ្ជី​របស់​ពួកគេ សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ត្រូវបាន​ពង្រឹង​ឡើង ហើយ​ឆន្ទៈ​របស់​ខ្ញុំ​ក្នុង​ការលះបង់​បាន​កើន​ឡើង ។

រូបភាព
illustration of African continent

ប្រវត្តិសាស្ត្រ​សាសនាចក្រ​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ក្លាយ​ជា​អ្នករក្សា​កំណត់ត្​កាន់តែ​ប្រសើរ​ឡើង ។ ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​លើក​ទឹកចិត្ត​ឲ្យ​រក្សា​ទិនានុប្បវត្តិ ។ ហេតុអ្វី​ទៅ ? ដោយសារ​ប្រវត្តិសាស្ត្រ​របស់​សាសនាចក្រ គឺ​ជា​កំណត់ត្រានៃ « របៀប​រស់នៅ …សេចក្ដី​ជំនឿ និង​កិច្ចការ​ទាំង​ឡាយ » ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៥:២ ) ។ ពេល​ណា​ខ្ញុំ​អាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ ដូចជា​ប្រវត្តិសាស្ត្រ​ថ្មី ពួកបរិសុទ្ធ ខ្ញុំ​ស្ញប់ស្ញែង ដែល​ឯកសារ​នេះ​មាន​ឡើង ដោយសារ​តែ​ទិនានុប្បវត្តិ សំបុត្រ និង​កំណត់ត្រាផ្សេងៗ​ទៀត​របស់​សមាជិក​ធម្មតាៗ​របស់​សាសនាចក្រ ។ ដំណើរ​រឿង​មនុស្ស​ដំបូង​ដ៏​ឥត​លាក់លៀម​របស់​ពួកគេ លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​ក្លាយ​ជា​អ្នក​រក្សា​ទិនានុប្បវត្តិ​កាន់តែ​ល្អ​ប្រសើរ ដោយ​ហេតុនេះ​ជួយ​ដល់​ប្រវត្តិវិទូ​ក្នុង​ពេល​អនាគត​ដើម្បី​ចងក្រង​ជា​ឯកសារ​នូវ​ប្រវត្តិសាស្ត្រ​ប្រកប​ដោយ​សេចក្ដី​ពិត​មួយ​អំពី​សាសនាចក្រ​នៅក្នុង​ទ្វីប​អាហ្វ្រិក ។

មាន​នូវ​ពរជ័យ​ផ្ទាល់​ខ្លួន​មួយ​ផងដែរ​ពី​ការអាន​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​ពីការពុះពារ​រក្សា​កំណត់ត្រា​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ផងដែរ ។ ដូច​ប្រធាន ហិនរី ប៊ី អាវរិង ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​ទីមួយ​បាន​បង្រៀន ខ្ញុំ​ត្រូវបាន​ប្រទាន​ពរជ័យ​ឲ្យ​ឃើញ និង​ចងចាំ​ព្រះហស្ដ​របស់​ព្រះអម្ចាស់​នៅក្នុង​ជីវិត​ខ្ញុំ និង​ជីវិត​របស់​សមាជិក​គ្រួសារ​ខ្ញុំ ។ ការចងចាំ​នេះ​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​បាន​បង្កើន​សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ប្រឈម​មុខ​នឹង​ឧបសគ្គ​នៅក្នុង​ជីវិត​ខ្ញុំ ។ ពេល​ខ្ញុំ​រក្សា​កំណត់ត្រា​របស់​ខ្ញុំ​ផ្ទាល់ ហើយ​គិត​អំពី​កំណត់ត្រា​ដ៏​ប្រុង​ប្រយ័ត្ន​របស់​សមាជិក​សាសនាចក្រ​ដទៃ​ទៀត ខ្ញុំ​ចាប់​ផ្ដើម​ឃើញ​ពី​គំរូ​ដ៏​ធំ​របស់​ព្រះអម្ចាស់ កាល​ដែល​ទ្រង់​ស្ដារ​សាសនាចក្រ និង​នគរ​របស់​ទ្រង់​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ​ឡើង​វិញ ។

ការណ៍​ទាំងនេះ និង​មេរៀន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ពី​ការសិក្សា​ប្រវត្តិសាស្ត្រ​សាសនាចក្រ បាន​រួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការអភិវឌ្ឍ​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ផ្ទាល់ ។ មេរៀន​ទាំងនេះ​បាន​ផ្ដល់​ដល់​ខ្ញុំ​នូវ​ភាពក្លាហាន​ដើម្បី​ការពារ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ផងដែរ ដោយសារ​ខ្ញុំ​យល់​ពី​មូលហេតុ​ដែល​យើង​ធ្វើ​អ្វី​ដែល​យើង​ធ្វើ ។ ការដឹង​ពី​បរិបទ​ខាង​ប្រវត្តិសាស្ត្រ​នៃ​ការអនុវត្ត និង​ជំនឿ​របស់​យើង​ជា​ច្រើន បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​គ្រូ​បង្រៀន និង​សិស្ស​ដែល​កាន់តែ​ប្រសើរ​ឡើង ។

កំណត់​ចំណាំ

  1. សេចក្ដីផ្ដើម​ចំពោះ សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ២ ។

  2. សូមមើល « Race and the Priesthood » Gospel Topics នៅ​គេហទំព័រ topics.ChurchofJesusChrist.org ។

  3. ជា​ឧទាហរណ៍ សូមមើល Foundations of the Restoration ( សៀវភៅ​សិក្សា​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ) ឆ្នាំ ២០១៦ ទំព័រ ២៦ ។

  4. សូមមើល ហិនរី ប៊ី អាវរីង « O Remember, Remember » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៦៦–៦៩ ។

រូបភាព​មក​ពី Getty Images