ឆ្នាំ ២០២១
រីក​លូតលាស់​ទៅក្នុង​គោលការណ៍​នៃ​វិវរណៈ
ខែ មករា ឆ្នាំ ២០២១


រីក​លូតលាស់​ទៅក្នុង​គោលការណ៍​នៃ​វិវរណៈ

ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ចាត់​វិធានការ​ចាំបាច់ ដើម្បី​ស្ដាប់​ព្រះអម្ចាស់​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ញឹកញាប់ ដើម្បី​បងប្អូន​អាច​ទទួល​ដឹង​ថា​ទ្រង់​មាន​ព្រះទ័យ​ចង់​ប្រទាន​ដល់​បងប្អូន ។

រូបភាព
photograph of small green plant

រូបភាព​មក​ពី Getty Images

នៅ​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ បន្ទាប់​ពី​សម័យ​ប្រជុំ​ពេល​រសៀល​នៃ​សន្និសីទ​ទូទៅ ខ្ញុំ​បាន​ឈប់​នៅ​មន្ទីរពេទ្យ​ដើម្បី​សួរ​សុខទុក្ខ​ដល់​សមាជិក​កូរ៉ុម​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ អែលឌើរ រ៉ូបឺត ឌី ហែល ។ លោក​បាន​ចូល​មន្ទីរ​ពេទ្យ​ចាប់តាំង​ពី​លោក​បាន​គាំង​បេះដូង​ពីរបី​ថ្ងៃ​មុន​នោះ ។

យើង​មាន​ការសួរ​សុខទុក្ខ​ដ៏​ល្អ​មួយ ហើយ​លោក​ហាក់​ដូច​ជា​មាន​ស្ថានភាព​ប្រសើរ​ឡើង ។ លោក​ថែម​ទាំង​អាច​ដក​ដង្ហើម​ដោយ​ខ្លួន​ឯង​បាន​ទៀត​ផង ដែល​ជា​សញ្ញា​ដ៏​ល្អ​មួយ ។

ទោះ​ជា​យ៉ាង​ណា នៅ​ល្ងាច​នោះ ព្រះវិញ្ញាណ​បាន​មាន​បន្ទូល​មក​កាន់​ដួងចិត្ត និង​គំនិត​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ត្រឡប់​ទៅ​មន្ទីរពេទ្យ​វិញ​នៅ​ថ្ងៃ​អាទិត្យ ។ អំឡុង​សម័យ​ប្រជុំ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​នៃ​សន្និសីទ ខ្ញុំ​មាន​ការបំផុស​ដ៏​ខ្លាំង​នោះ​ទៀត ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​គួរ​ហូប​អាហារ​ថ្ងៃ​ត្រង់​ទេ ហើយ​ប្រញាប់​ទៅ​ក្បែរ​គ្រែ​របស់​អែលឌើរ​ហែល ឲ្យ​បាន​លឿន​បំផុត​ក្រោយ​ពី​សម័យ​ប្រជុំ​ពេល​ព្រឹក​នោះ បញ្ចប់ ដែល​ខ្ញុំ​បាន​ធ្វើ​ដូច​នោះ ។

ពេល​ខ្ញុំ​មកដល់ ខ្ញុំ​អាច​ឃើញ​ថា អែលឌើរ​ហែល​បាន​ត្រឡប់​ទៅជា​មាន​ស្ថានភាព​កាន់តែ​ដុនដាប ។ គួរឲ្យ​សោកស្ដាយ លោក​បាន​ទទួល​មរណភាព ១០នាទី ក្រោយ​ពី​ខ្ញុំ​បាន​មក​ដល់ ប៉ុន្តែ​ខ្ញុំ​មាន​អំណរ​គុណ​ដែល​ខ្ញុំ​បាន​នៅ​ក្បែរ​លោក ជាមួយ​នឹង​ភរិយា​ជាទី​ស្រឡាញ់​របស់​លោក ម៉ារី ព្រមទាំង​កូនប្រុស​ពីរនាក់​របស់​ពួកលោក ពេល​ជីវិត​របស់​លោក​បាន​ចាកចេញ​ទៅ ។

ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់ ដែល​ការខ្សឹប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​នឹង​មិន​ធ្វើ ។ ហើយ​ខ្ញុំ​មាន​អំណរគុណ​ខ្លាំង​ណាស់​ចំពោះ​ភាពពិត​នៃ​វិវរណៈ ហើយ​ថា​ស្ថានសួគ៌​បើក​ជា​ថ្មី​ម្ដង​ទៀត ។

ឆ្នាំ​នេះ ការផ្ដោត​របស់​យើង​ចំពោះ​ការសិក្សា​ផ្ទាល់​ខ្លួន និង​ក្នុង​ថ្នាក់​រៀន គឺ​ព្រះគម្ពីរ គោលលទ្ធិ និង​សេចក្តី​សញ្ញា ។ « វិវរណៈ​ទាំង​ឡាយ​ពី​ព្រះ និង​ជា​សេចក្ដី​ប្រកាស​ដ៏​បំភ្លឺ​ទាំង​ឡាយ » ទាំងនេះ​អាច​ផ្ដល់​ពរជ័យ​ដល់​អស់​អ្នក​ដែល​សិក្សា​វា ហើយ​អនុវត្ត​តាម​ការណែនាំ​ទាំងឡាយ​មក​ពី​ព្រះ​របស់​ព្រះគម្ពីរ​នេះ ។ វា​អញ្ជើញ « ដល់​ប្រជាជន​ទាំង​ពួង នៅ​គ្រប់​ទិសទី ឲ្យ​ស្ដាប់​សំឡេង​នៃ​ព្រះ​អម្ចាស់​យេស៊ូវ​គ្រីស្ទ » ដ្បិត​ពិត​ណាស « សំឡេង​នៃ​ព្រះ​អម្ចាស់​ប្រាកដ​ជា​ប្រាប់​ដល់​មនុស្ស​ទាំង​អស់​មែន » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ១:២ ) ។

គ្រោះថ្នាក់ ភាពងងឹត ការបំភាន់

ខ្យល់​ព្យុះ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ គឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​លើ​ផែនដី​នេះ ដូចជា​ជំងឺ​រាតត្បាត​ជា​សកល កូវីឌ-១៩ បាន​រំឭក​យើង ។ មុន​ពេល​នៃ​ការយាង​មក​ជា​លើក​ទីពីរ​របស់​ទ្រង់ ព្រះអង្គសង្គ្រោះ​បានទាយ​ពី​ថ្ងៃ​នៃ​សេចក្តី​វេទនា​ជា​ខ្លាំង ។ ទ្រង់​បាន​មាន​ព្រះបន្ទូល​ថា « នឹង​មាន​អំណត់ និង​ជំងឺ​អាសន្នរោគ និង​ផែនដី​កក្រើក​នៅ​កន្លែង​ផ្សេងៗ » ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:២៩ ) ។

បន្ថែម​ទៅ​លើ​សេចក្ដី​វេទនា​ជា​ខ្លាំង​បែបនោះ​ទៀត គឺ​ភាពខ្មៅ​ងងឹត និង​ការបំភាន់​ដែល​បន្ត​កើន​ឡើង​នៅ​ជុំ​វិញ​យើង ។ ដូច​ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​ពួក​សិស្ស​របស់​ទ្រង់​ថា « សេចក្ដី​ទុច្ចរិត​នឹង​ចម្រើន​ជា​ច្រើន​ឡើង » ពីមុន​ការយាង​ត្រឡប់​មក​វិញ​របស់​ទ្រង់ ( យ៉ូសែប ស៊្មីធ—ម៉ាថាយ ១:៣០ ) ។

សាតាំង​បាន​ប្រមែប្រមូល​កម្លាំង​របស់​វា ហើយ​កំពុង​បញ្ចេញ​កំហឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ពួក​យើង​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នោះ ។ ដោយសារ​តែ​គ្រោះថ្នាក់​កាន់តែ​កើនឡើង​ដែល​យើង​ប្រឈម​មុខ នោះ​តម្រូវការ​របស់​យើង​សម្រាប់​ការណែនាំ​ពី​ព្រះ​គឺ​ធំធេង​ជាង​ពេល​ណាៗ​ទាំងអស់ ហើយ​កិច្ច​ប្រឹងប្រែង​របស់​យើង​ដើម្បី​ស្ដាប់​ឮ​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ—អ្នក​សម្រុះសម្រួល​របស់​យើង ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​របស់​យើង—មិន​ដែល​មាន​ភាពបន្ទាន់​ជាង​នេះ​ទេ ។

ដូច​ខ្ញុំ​បាន​និយាយ​មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ខ្ញុំ​ត្រូវបាន​ហៅ​ជា​ប្រធាន​នៃ​សាសនាចក្រ ព្រះអម្ចាស់​ត្រៀម​រួច​ជា​ស្រេច​ដើម្បី​បើក​បង្ហាញ​ព្រះគំនិត​របស់​ទ្រង់​ដល់​យើង ។ នោះ​គឺ​ជា​ពរជ័យ​ដ៏​ធំ​បំផុត​មួយ​របស់​ទ្រង់​ដល់​យើង ។

នៅ​ជំនាន់​របស់​យើង ទ្រង់​បាន​សន្យា​ថា « ប្រសិន​បើ​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ តម្រិះ​ថែម​ទៅ​លើ​តម្រិះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៦១ ) ។

ខ្ញុំ​ដឹង​ថា ទ្រង់​នឹង​ឆ្លើយតប​ចំពោះ​ការ​ទូលអង្វរ​របស់​យើង ។

របៀប​ដែល​យើង​ស្តាប់​ឮ​ទ្រង់

ការដឹង​ពី​របៀប​ដែល​ព្រះវិញ្ញាណ​មាន​បន្ទូល​គឺ​ចាំបាច់​ណាស់​នៅ​សព្វថ្ងៃ​នេះ ។ ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ដើម្បី​ស្វែងរក​ចម្លើយ និង​ដើម្បី​ទទួល​ការការពារ និង​ការណែនាំ យើង​ត្រូវ​ចងចាំ​ពី​គំរូ​របស់​ព្យាការី​យ៉ូសែប ស៊្មីធ ដែល​បាន​ធ្វើ​សម្រាប់​យើង ។

ទីមួយ យើង​ជ្រមុជ​ខ្លួន​យើង​ទៅ​ក្នុង​ព្រះគម្ពីរ​ទាំងឡាយ ។ ការធ្វើ​ដូច្នោះ​បើក​គំនិត និង​ដួងចិត្ត​របស់​យើង ចំពោះ​ការបង្រៀន និង​សេចក្ដី​ពិត​របស់​ព្រះអង្គ​សង្គ្រោះ ។ ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ « ប្រាប់ [ យើង ] នូវ​គ្រប់​អ្វី​ទាំង​អស់​ដែល [ យើង ] ត្រូវ​ធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។

បន្ទាប់​មក​យើង​អធិស្ឋាន ។ ការអធិស្ឋាន​តម្រូវ​ឲ្យ​មាន​ការផ្ដួចផ្ដើម ដូច្នេះ​យើង​បន្ទាប​ខ្លួន​យើង​ចំពោះ​ព្រះ ស្វែងរក​កន្លែង​ស្ងប់ស្ងាត់ ដែល​យើង​តែងតែ​ទៅ ហើយ​ថ្វាយ​ដួងចិត្ត​យើង​ដល់​ទ្រង់ ។

ព្រះអម្ចាស់​មាន​បន្ទូល​ថា « ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង ចូរ​សូម នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ទទួល ចូរ​គោះ នោះ​តែង​នឹង​បាន​បើក​ឲ្យ​អ្នក » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៨៨:៦៣ ) ។

ការខិត​មក​ជិត​ព្រះអម្ចាស់​នាំ​មក​នូវ​ការលួងលោម និង​ការលើក​ទឹកចិត្ត សេចក្ដី​សង្ឃឹម និង​ការព្យាបាល ។ ដូច្នេះ យើង​អធិស្ឋាន​នៅក្នុង​ព្រះនាម​ទ្រង់ អំពី​ការបារម្ភ​របស់​យើង និង​ភាពទន់ខ្សោយ​របស់​យើង ការចង់​បាន​របស់​យើង និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​យើង ការហៅ​របស់​យើង និង​សំណួរ​របស់​យើង ។

រួច​ហើយ​យើង​ស្ដាប់ ។

ប្រសិន​បើ​យើង​បន្ត​លុតជង្គង់​បន្តិច​បន្ទាប់​ពី​យើង​បញ្ចប់​ការអធិស្ឋាន គំនិត អារម្មណ៍ និង​ការណែនាំ​នឹង​ចូល​មក​ក្នុង​គំនិត​យើង ។ ការកត់ត្រា​ការបំផុស​ទាំងនោះ​នឹង​ជួយ​យើង​ឲ្យ​ចងចាំ​ពី​សកម្មភាព​ទាំងឡាយ​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​ចង់​ឲ្យ​យើង​ធ្វើ ។

កាលដែល​យើង​ធ្វើ​ដំណើរការ​នេះ​ម្ដង​ហើយ​ម្ដង​ទៀត នៅក្នុង​ពាក្យ​សម្ដី​របស់​ព្យាការី យ៉ូសែប ស៊្មីធ យើង​នឹង « រីកចម្រើន​ទៅ​ក្នុង​គោលការណ៍​នៃ​វិវរណៈ » ។

រូបភាព
woman praying in bedroom

សក្ដិសម​ដើម្បី​ទទួល​វិវរណៈ

ការដុសខាត់​សមត្ថភាព​របស់​យើង ដើម្បី​ស្គាល់​ការខ្សឹប​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការពង្រីក​សមត្ថភាព​របស់​យើង​ដើម្បី​ទទួល​បាន​វិវរណៈ តម្រូវ​ឲ្យ​មាន​ភាពសក្ដិសម ។ ភាពសក្ដិសម​ពុំ​តម្រូវ​ឲ្យ​មាន​ភាពឥតខ្ចោះ​នោះ​ទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​យើង​ពុះពារ​ព្យាយាម​បង្កើន​ភាពបរិសុទ្ធ ។

ព្រះអម្ចាស់​រំពឹង​កិច្ចប្រឹងប្រែង​ជា​ប្រចាំ​ថ្ងៃ ការកែ​លម្អ​ជា​ប្រចាំ​ថ្ងៃ ការប្រែចិត្ត​ជា​ប្រចាំ​ថ្ងៃ ។ ភាពសក្ដិសម​នាំ​មក​នូវ​ភាពបរិសុទ្ធ ហើយ​ភាពបរិសុទ្ធ​ធ្វើ​ឲ្យ​យើង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ព្រះវិញ្ញាណ​បរិសុទ្ធ ។ កាលដែល​យើង​យក « ព្រះ​វិញ្ញាណ​បរិសុទ្ធ​ទុកជា​អ្នក​ណែនាំ [ របស់​យើង ] » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៧ ) នោះ​យើង​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​វិវរណៈ​ផ្ទាល់​ខ្លួន ។

ប្រសិន​បើ​មាន​អ្វី​មួយ​ដែល​បញ្ឈប់​យើង​ពី​ការបើក​ទ្វារ​ទទួល​ការណែនាំ​ពី​ស្ថានសួគ៌ នោះ​យើង​ត្រូវ​ប្រែចិត្ត ។ ការប្រែចិត្ត​អនុញ្ញាត​យើង​ឲ្យ​បើក​ទ្វារ ដើម្បី​យើង​អាច​ស្ដាប់​ឮ​ព្រះសូរ​សៀង​នៃ​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់ ហើយ​កាន់​តែ​ច្បាស់ ។

អែលឌើរ ដេវីឌ អេ បែដណា នៃ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « បទដ្ឋាន​គឺ​ច្បាស់លាស់ » « ប្រសិនបើ​យើង​គិត មើល ស្ដាប់ ឬ​ធ្វើ​ឲ្យ​ខ្លួន​យើង​មាន​គម្លាត​ពី​ព្រះវិញ្ញាណបរិសុទ្ធ នោះ​យើង​គួរ​បញ្ឈប់​ការគិត ការមើល ការស្ដាប់ ឬ​ការធ្វើ​រឿង​នោះ​ទៅ ។ ឧទាហរណ៍ ប្រសិន​បើ​អ្វី​ដែល​មាន​បំណង​សម្រាប់​ការ​កម្សាន្ត​ធ្វើ​ឲ្យ យើង​លែង​ជិតសិ្នទ្ធ​នឹង​ព្រះវិញ្ញាណ បរិសុទ្ធ នោះ​វា​ប្រាកដ​ណាស់​ថា ការកម្សាន្ត​បែប​នោះ​គឺ​មិនមែន​សម្រាប់​យើង​នោះ​ទេ ។ ដោយសារ​ព្រះវិញ្ញាណ​មិន​អាច​គង់​នៅ​ជាមួយ​នឹង​អ្វី​ដែល​គ្រោតគ្រាត អាសអាភាស ឬ​មិន​សមរម្យ នោះ​វា​ច្បាស់​ណាស់​ថា​រឿង​បែបនោះ​គឺ​មិន​មែន​សម្រាប់​យើង​នោះទេ » ។

ពេល​យើង បំពាក់​លើ​ខ្លួន​យើង​នូវ​ភាពបរិសុទ្ធ​ដែល​កើន​ឡើង និង​ការគោរព​ប្រតិបត្តិ ជាមួយ​នឹង​ការតម ការស្វែងរក​ដោយ​ឧស្សាហ៍ ការសិក្សា​ព្រះគម្ពីរ និង​ពាក្យ​សម្ដី​របស់​ព្យាការី​នៅរស់ ព្រមទាំង​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ នោះ​ស្ថានសួគ៌​នឹង​បើក​ចំហ ។ ត្រឡប់​មក​វិញ ព្រះអម្ចាស់​នឹង​បំពេញ​ការសន្យា​របស់​ទ្រង់ ៖ « យើង​នឹង​រំលែក​ដល់​អ្នក​នូវ​ព្រះ​វិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ដែល​នឹង​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដី​អំណរ » ( គោលលទ្ធិ និង​សេចក្តីសញ្ញា ១១:១៣ ) ។

យើង​អាច​នឹង​ត្រូវ​មាន​ចិត្ត​អត់ធ្មត់ ប៉ុន្តែ​ព្រះ​នឹង​មាន​ព្រះបន្ទូល​មក​កាន់​យើង​តាម​របៀប និង​ពេលវេលា​របស់​ទ្រង់​ផ្ទាល់ ។

ព្រះវិញ្ញាណ​នៃ​ការយល់

យ៉ូប​បាន​ប្រកាស​ថា « មនុស្ស​លោក​សុទ្ធ​តែ​មាន​វិញ្ញាណ​សណ្ឋិត​នៅ ហើយ​ខ្យល់​ដង្ហើម​នៃ​ព្រះ​ដ៏​មាន​គ្រប់​ព្រះចេស្តា​ក៏​ឲ្យ​មាន​យោបល់ » ( យ៉ូប ៣២:៨ ) ។ នៅក្នុង​ឆ្នាំ​ថ្មី​នេះ ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ចាត់​វិធានការ​ចាំបាច់ ដើម្បី​ស្ដាប់​ឮ​ព្រះអម្ចាស់​កាន់តែ​ប្រសើរ​ឡើង និង​កាន់តែ​ញឹកញាប់ ដើម្បី​បងប្អូន​អាច​ទទួល​បាន​នូវ​ការត្រាស់ដឹង​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ប្រទាន​ដល់​បងប្អូន ។

មុន​ពេល​អែលឌើរ​ហែល​បាន​ទទួល​មរណភាព​ទៅ​នៅ​ខែ​តុលា ឆ្នាំ ២០១៧ នោះ លោក​បាន​រៀបចំ​សុន្ទរកថា​ដ៏​ខ្លី​មួយ​សម្រាប់​សន្និសីទ​ទូទៅ​ដែល​លោក​មិន​បាន​ថ្លែង ។ នៅក្នុង​សុន្ទរកថា​នោះ លោក​បាន​សរសេរ​ថា « សេចក្ដី​ជំនឿ​របស់​យើង​រៀបចំ​យើង​ឲ្យ​ទៅក្នុង​វត្តមាន​នៃ​ព្រះអម្ចាស់ » ។

ពេល​យើង​ទទួល​វិវរណៈ យើង​ចំណាយ​ពេល​នៅក្នុង​វត្តមាន​នៃ​ព្រះ កាលដែល​ទ្រង់​បើក​បង្ហាញ​ព្រះគំនិត ព្រះឆន្ទៈ និង​ព្រះសូរសៀង​របស់​ទ្រង់​ដល់​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៨:៤ ) ។ ចូរ​យើង​ដាក់​សេចក្ដី​ជំនឿ​របស់​យើង​ទៅជា​សកម្មភាព ដោយ​អំពាវនាវ​ដល់​ទ្រង់ ដោយ​រស់នៅ​ដោយ​សក្ដិសម​នឹង​ការបំផុស​គំនិត​ដែល​បាន​សន្យា​របស់​ទ្រង់ ហើយ​អនុវត្ត​តាម​ការណែនាំ​ដែល​យើង​ទទួល ។

កំណត់​ចំណាំ

  1. បុព្វកថា​នៃ​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។

  2. សូមមើល រ័សុល អិម ណិលសុន « Revelation for the Church, Revelation for Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ៩៤ ។

  3. ការបង្រៀន​ទាំងឡាយ​នៃ​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១៣២ ។

  4. ដេវីឌ អេ បែដណា « That We May Always Have His Spirit to Be with Us » Liahona ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣០ ។

  5. នៅក្នុង នែល អិល អាន់ឌើរសិន « The Voice of the Lord » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១២៥ ។