២០១៣
តើមិត្តពិតប្រាកដម្នាក់គឺជាអ្វី ?
ខែ មេសា 2013


ដើម្បីកម្លាំងនៃយុវជន

តើមិត្តពិតប្រាកដគឺជាអ្វី ?

រូបភាព
អេលែន អេស. ដាល់ថុន

អត្ថន័យអំពីមិត្តម្នាក់បានផ្លាស់ប្រែនៅក្នុងពិភពលោកមួយដោយការទំនាក់ទំនងគ្នាតាមរយៈបច្ចេកវិជ្ជានៅពេលបច្ចុប្បន្ននេះ ។ នៅពេលបច្ចុប្បន្ននេះ យើងអាចគិតថា យើងមាន« មិត្ត » ជាច្រើន ។ វាជាការពិត ៖ យើងពិតជារីករាយនឹងលទ្ធភាពដើម្បីទទួលពត៌មាន ហើយបន្តដឹងនូវអ្វីៗដែលកំពុងកើតឡើងចំពោះជីវិតរស់នៅរបស់អស់អ្នកដែលយើងស្គាល់ ព្រមទាំងមិត្តថ្មីៗ និង មិត្តពីអតីតផងដែរ បើទោះជាយើងមិនបានជួបពួកគេដោយផ្ទាល់ តែយើងនៅតែរាប់ថាពួកគេជាមិត្តរបស់យើង ។

នៅក្នុងបរិបទនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក្យថា « មិត្ត » ត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បីពិពណ៌នាអំពីមនុស្សដែលយើងអាចទាក់ទងជាជាងមនុស្សដែលយើងទំនាក់ទំនង ។អ្នកមានសមត្ថភាពដើម្បីផ្ញើសារលិខិតទៅមិត្តទាំងឡាយរបស់អ្នក ប៉ុន្តែនេះមិនមែនដូចគ្នាទៅនឹង ការមានទំនាក់ទំនងជាមួយមនុស្សម្នាក់និងមនុស្សម្នាក់ទៀតនោះទេ ។

ពេលខ្លះកង្វល់របស់យើងគឺការមានមិត្តភក្តិច្រើន ។ ប្រហែលជាយើងគួរតែផ្តោតលើការធ្វើជាមិត្តភក្តិម្នាក់ ។

ពាក្យថាមិត្តភក្តិគឺមានអត្ថន័យច្រើនយ៉ាង ។ ខ្ញុំនឹងមិនដែលបំភ្លេចការនិយាយរបស់អែលឌើររ៉ូបឺត ឌី. ហែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ អំពី អត្ថន័យដើម្បីធ្វើជាមិត្តភក្តិ និង ឥទ្ធិពលយ៉ាងខ្លាំងក្លារបស់មិត្តភក្តិដែលមានអំណាចទៅលើជីវិតរស់នៅរបស់យើង ។ ការពន្យល់របស់គាត់បានជះឥទ្ធិពលមកលើជីវិតរស់នៅរបស់ខ្ញុំជាយូរមកហើយ ។ គាត់បានមានប្រសាសន៍ថា « មិត្តភក្តិគឺជាមនុស្សទាំងឡាយណាដែលធ្វើឲ្យយើងកាន់តែងាយស្រួលដើម្បីរស់នៅតាមដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ » ។1 នៅក្នុងន័យនេះ ការខ្វល់ខ្វាយចំពោះសុខមាលភាពរបស់មនុស្សណាម្នាក់គឺជាខ្លឹមសារនៃមិត្តភក្តិពិតប្រាកដ ។ វាគឺជការយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់មនុស្សណាម្នាក់មុននឹងខ្លួនយើង ។ វាប្រព្រឹត្តឡើងដោយភាពស្មោះត្រង់ ភក្តីភាព និង បរិសុទ្ធភាពយ៉ាងច្បាស់លាស់នូវរាល់ទង្វើទាំងអស់ ។ ប្រហែលវាគឺជាពាក្យថាការតាំងចិត្តដែលជួយយើងឲ្យយល់នូវអត្ថន័យពិតនៃមិត្តភាព ។

នៅពេលដែលកូនស្រីរបស់ខ្ញុំឈ្មោះ អ៊ិមមី មានអាយុ 15 ឆ្នាំ នាងបានធ្វើការសម្រេចិត្តពីមិត្តប្រភេទណាដែលនឹងសេពគប ។ នៅព្រឹកមួយ ខ្ញុំអង្កេតឃើញថា នាងបានអានព្រះគម្ពីរមរមននៅត្រង់ អាលម៉ា 48 ។នាងបានគូសចំណាំខគម្ពីរនោះដែលពិពណ៌នាអំពីមេទ័ពមរ៉ូណៃ ៖ « មរ៉ូណៃជាបុរសដ៏មានកម្លាំង ហើយ ខ្លាំងក្លា លោកជាមនុស្សម្នាក់ដែលប្រកបទៅដោយយោបល់ដ៏ឥតខ្ចោះ ។ … មែនហើយ ហើយលោកជាមនុស្សម្នាក់ដែលរឹងប៉ឹងនៅក្នុងសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ » (  ខគម្ពីរទី 11, 13 ) ។ នៅគែមព្រះគម្ពីរ នាងបានសរសេរថា « ខ្ញុំចង់មានការណាត់ដើរលេង និង រៀបការជាមួយបុរសម្នាក់ដូចជាមរ៉ូណៃ » ។ ខណៈដែលខ្ញុំបានឃ្លាំមើល អ៊ីមមី និង ប្រភេទបុរសទាំងឡាយដែលនាងបានទាក់ទងជាមួយ ហើយក្រោយមកបានណាត់ដើរលេងជាមួយ នៅពេលនាងបានឈានដល់អាយុ 16 ឆ្នាំ ខ្ញុំបានយល់ឃើញថា នាងកំពុងព្យាយាមមានគុណសម្បត្តិទាំងអស់នោះ ហើយកំពុងជួយអ្នកដទៃឲ្យបំពេញតាមតួនាទីរបស់ពួកគេ ក្នុងនាមជាបុត្រាទាំងឡាយរបស់ព្រះ ជាអ្នកកាន់បព្វជិតភាព និង ជាឪពុក ហើយជាអ្នកដឹកនាំនាពេលអនាគត ។

មិត្តពិតប្រាកដមានឥទ្ធិពលលើអ្នកទាំងឡាយណាដែលពួកគេសេពគប់ជាមួយដើម្បី « លើកគ្នាឡើងទៅរកកម្រិតខ្ពស់បន្តិច [ ហើយ ] ប្រសើរឡើងបន្តិច » ។2 អ្នកអាចជួយគ្នាទៅវិញទៅមក ជាពិសេស គឺជួយយុវជនដើម្បីរៀបចំខ្លួន ហើយបម្រើបេសកកម្មប្រកបដោយកិត្តិយស ។ អ្នកអាចជួយគ្នាទៅវិញទៅមកឲ្យបន្តមានភាពស្អាតស្អំខាងសីលធម៌ ។ ឥទ្ធិពលសុចរិត និង មិត្តភាពអាចមានអនុភាពដ៏អស់កល្បជានិច្ច មិនត្រឹមតែទៅលើជិវិតរស់នៅរបស់អ្នកទាំងឡាយណាដែលអ្នកសេពគប់នោះទេ ប៉ុន្តែក៏មានអនុភាពទៅលើជំនាន់ក្រោយៗទៀតដែរ ។

ព្រះអង្គសង្គ្រោះបានហៅសាវកទាំងឡាយរបស់ទ្រង់ថាជាមិត្តរបស់ទ្រង់ ។ ទ្រង់បានមានព្រះបន្ទូលថា ៖

នេះគឺជាសេចក្តីបញ្ញាត្តិរបស់ខ្ញុំ គឺឲ្យអ្នករាល់គ្នាស្រលាញ់ដល់គ្នាទៅវិញទៅមក ដូចជាខ្ញុំបានស្រលាញ់អ្នករាល់គ្នាដែរ ។

« គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ធំជាងនេះ គឺដែលអ្នកណានឹងប្ដូរជីវិត ជំនួសពួកសម្លាញ់របស់ខ្លួននោះទេ ។

« បើអ្នករាល់គ្នាធ្វើតាមសេចក្តីដែលខ្ញុំបង្គាប់ នោះអ្នករាល់គ្នាជាសម្លាញ់ខ្ញុំហើយ ។

« ខ្ញុំមិនហៅជាអ្នកបម្រើទេ ពីព្រោះអ្នកបម្រើគេមិនដឹងថាចៅហ្វាយធ្វើអ្វីទេ គឺខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ខ្ញុំ ៖ ពីព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក » ( យ៉ូហាន 15:12–15 បញ្ជាក់បន្ថែម ) ។

នៅពេលអ្នករស់នៅតាម ហើយចែកចាយដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះអ្នកនឹងទាក់ទាញចិត្តពួកគេឲ្យមករកអ្នក ដែលនឹងចង់ចងមិត្តជាមួយអ្នក—មិនគ្រាន់តែជាអ្នកដែលអ្នកទាក់ទងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ តែក៏ដូចជាសម្លាញ់ដែលព្រះអង្គសង្គ្រោះបានបង្ហាញជាគំរូ តាមរយៈព្រះបន្ទូល និង គំរូរបស់ទ្រង់ផងដែរ ។ នៅពេលអ្នកព្យាយាមចងមិត្តជាមួយអ្នកដ៏ទៃ ហើយបណ្តោយឲ្យពន្លឺរបស់អ្នករាល់គ្នាបានភ្លឺឡើង នោះឥទ្ធិពលរបស់អ្នករាល់គ្នានឹងផ្តល់ជាពរដល់ជីវិតរស់នៅរបស់មនុស្សជាច្រើន ដែលអ្នកសេពគប់ជាមួយ ។ខ្ញុំដឹងថា នៅពេលអ្នកផ្តោតលើការចងមិត្តជាមួយអ្នកដទៃដូចជាអ្វីដែលពួកព្យាការី និង គំរូទាំងឡាយនៅក្នុងបទគម្ពីរបានពន្យល់ប្រាប់អំពីមិត្ត នោះអ្នកនឹងសប្បាយរីករាយ ហើយអ្នកនឹងក្លាយជាឥទ្ធិពលមួយសម្រាប់សេចក្តីល្អនៅក្នុងពិភពលោកនេះ ហើយថ្ងៃណាមួយ អ្នកនឹងទទួលបានការសន្យាដ៏រុងរឿងមួយដែលពិពណ៌នានៅក្នុងព្រះគម្ពីរអំពីមិត្តភាពពិតប្រាកដថា ៖ « ហើយទំនាក់ទំនងដែលមានក្នុងចំណោមយើងនៅទីនេះយ៉ាងណា នោះក៏នឹងមានក្នុងចំណោមយើងនៅទីនោះយ៉ាងនោះដែរ គ្រាន់តែរួបរួមដោយសិរីល្អដ៏នៅអស់កល្បជានិច្ច » ( គ. និង ស.130:2 ) ។

រូបភាព

រចនារូបភាពទាំងឡាយ © iStockphoto.com/Fonikum និង ដោយ ឡេស នីលសាន់

កំណត់ចំណាំ

  1. រ៉ូបឺត ឌី. ហែល « This Is the Way; and There Is None Other Way » នៅក្នុងBrigham Young University 1981–82 Speeches ( ឆ្នាំ 1982 ) ទំព័រ 67 ។

  2. ហ្គរដុន ប៊ី. ហ៊ិងគ្លី « The Quest for Excellence » លីអាហូណា ខែ កញ្ញា ឆ្នាំ 1999 ទំព័រ 8 ។