២០១៣
សិក្សាពីសុន្ទរកថាសន្និសីទជាមួយគ្នា
ខែ មេសា 2013


សៀវភៅកត់ចំណាំពីសន្និសីទសម្រាប់ខែ មេសា

សិក្សាពីសុន្ទរកថាសន្និសីទជាមួយគ្នា

ហ្គ្រេក បេតធី រស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។

ការផ្លាស់ប្ដូររបៀបរបស់យើងក្នុងការរៀនឡើងវិញពីសន្និសីទ បានបង្កើនការពិភាក្សារបស់យើងយ៉ាងអស្ចារ្យអំពីដំណឹងល្អ ក្នុងនាមជាគ្រួសារមួយ ។

អស់ជាច្រើនឆ្នាំ យើងបានមានការរីករាយក្នុងការអានសន្និសីទពីដើមដល់ចប់ ជាក្រុមគ្រួសារ មួយអត្ថបទម្ដងៗ ។ ជាធម្មតា ពេលយើងចាប់ផ្ដើម យើងប្រមូលផ្ដុំគ្នា ជុំវិញតុ ហើយដាក់វេនគ្នាអានឮៗ ម្នាក់មួយកថាខណ្ឌៗ ។ ប៉ុន្តែ យើងឃើញថា យើងអានវាគ្រាន់តែដើម្បីឲ្យចប់ ដោយមិនបានឈប់ ដើម្បីគិតឲ្យបានល្អិតល្អន់ពីសារលិខិតនោះទេ ។

ដើម្បីរៀនឲ្យបានកាន់តែច្រើនចេញពីអ្វីដែលយើងអាន ប្រពន្ធខ្ញុំ និង ខ្ញុំ បានទិញច្បាប់សន្និសីទសម្រាប់សមាជិកគ្រួសារ ម្នាក់មួយច្បាប់ៗ ហើយបានដាក់ផែនការ ថាតើសុន្ទរកថាប៉ុន្មានដែលយើងត្រូវសិក្សាក្នុងមួយសប្ដាហ៍ ដើម្បីយើងអាចអានវាទាំងអស់ ពីមុនដល់ពេលសន្និសីទបន្ទាប់ទៀតចាប់ផ្ដើម ។ នៅសប្ដាហ៍ខ្លះ យើងនឹងអានមួយសុន្ទរកថា និង សប្ដាហ៍ខ្លះទៀត យើងអានពីរ ប៉ុន្តែគ្រប់គ្នាត្រូវសិក្សាសុន្ទរកថា ហើយគូសចំណាំផ្នែកទាំងឡាយដែលពួកគេចូលចិត្ត ។ បន្ទាប់មក សម្រាប់រាត្រីជួបជុំក្រុមគ្រួសារ យើងនឹងបង្រៀនគ្នាទៅវិញទៅមក ពីកន្លែងដែលយើងគូសចំណាំ ។

ជាញឹកញាប់ កូនៗរបស់យើងមានសំណួរនានា ដែលបានបើកឱកាសសម្រាប់ការពិភាក្សារបស់យើង ឬ ប្រពន្ធខ្ញុំ និង ខ្ញុំបានសួរសំណួរពីការសិក្សារបស់យើង ។ យើងផ្ដល់តម្លៃយ៉ាងខ្ពស់ក្នុងការស្ដាប់ពីកូនៗរបស់យើងដែលជាយុវវ័យ ពន្យល់ចម្លើយរបស់ពួកគេដល់សំណួរទាំងនោះ ចែកចាយអ្វីៗដែលពួកគេបានរៀនក្នុងថ្នាក់សិក្ខាសាលា នៅព្រះវិហារ ឬ នៅក្នុងការសិក្សាផ្ទាល់ខ្លួនរបស់ពួកគេ ។ ការណ៍នេះបានក្លាយជារបៀបដ៏អស្ចារ្យ ក្នុងការឮពីទីបន្ទាល់សាមញ្ញៗរបស់គ្នាទៅវិញទៅមក អំពីអ្វីដែលជាមូលដ្ឋានទូទៅ ក្នុងបរិយាកាសដ៏ស្រួល និង ធូរស្រាល ។

មិនយូរប៉ុន្មាន យើងឃើញថា ការសិក្សាព្រះគម្ពីរពេលព្រឹករបស់យើង ក៏បានធ្វើតាមរបៀបដូចគ្នានោះដែរ ។ ថ្ងៃខ្លះ ពេលវេលាដើរទៅលឿនណាស់ ហើយយើងសិក្សាបានតែពីរបីខប៉ុណ្ណោះ ពីការពិភាក្សាអំពីខទាំងនោះ និង ពីរបៀបដែលខទាំងនោះត្រូវទៅនឹងអ្វីដែលកំពុងកើតឡើងក្នុងជីវិតរបស់យើង ។

ឥឡូវនេះ ពេលព្រឹករបស់យើងពេញទៅដោយការសន្ទនា សំណើច និង សាមគ្គីភាព ពីមុនពេលយើងម្នាក់ៗបែកគ្នាចេញទៅធ្វើកិច្ចការរៀងៗខ្លួន ។ យើងមានទីបន្ទាល់យ៉ាងរឹងមាំពីដំបូន្មានរបស់ព្យាការីរបស់យើង ដែលឲ្យយើងសិក្សា និង អធិស្ឋានជាមួយគ្នាជារៀងរាល់ថ្ងៃ ។ ក្រុមគ្រួសាររបស់យើងបានប្រែទៅជាគ្រួសារមួយ ដែលរៀន និង ពង្រឹងគ្នាទៅវិញទៅមក ។ ទាំងអស់នេះគឺជាលទ្ធផល ដែលបានមកពីការចង់រៀនថែមបន្ដិចទៀតចេញពីសន្និសីទ ។

រូបថតដោយ អូប៊្រី ស្តាធីន © IRI