២០១៣
ការធំលូតលាស់ក្នុងដីដែលមានជីវជាតិ ៖ យុវវ័យស្មោះត្រង់នៅប្រទេស យូហ្គែនដា
ខែ មេសា 2013


 ការធំលូតលាស់ក្នុងដីមានជីវជាតិ ៖ យុវវ័យស្មោះត្រង់នៅប្រទេស យូហ្គែនដា

សិនឌី ស្ម៊ីធ បានរស់នៅក្នុងប្រទេស យូហ្គែនដា ខណៈដែលប្តីរបស់នាងបានធ្វើការនៅទីនោះ ហើយនៅពេលនេះ ពួកគេបានមករស់នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា. ។

នៅពេលដែលពួកគេទទួលយក និង រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ នោះយុវវ័យនៅក្នុងប្រទេស យូហ្គែនដានេះកំពុងមើលឃើញសេចក្តីជំនឿ និង សេចក្តីសង្ឃឹមដែលរីកចម្រើនជុំវិញពួកគេ ។

រូបភាព

នៅចំកណ្តាលទីតាំងនៃអាហ្វ្រិកខាងកើត ដែលជាប្រទេស យូហ្គែនដា ដ៏ស្រស់ស្អាតនេះមានសម្បូរ ទៅដោយជំរាលភ្នំតូចៗដែលមានទាំងដើមអំពៅ និង ដើមចេកជាច្រើន—ហើយមានមនុស្សវ័យជំទង់ជាច្រើនដែលត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយក និង រស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។

ស្តេកដំបូងគេនៅប្រទេស យូហ្គែនដា ត្រូវបានបង្កើតឡើងនៅឆ្នាំ 2010 ។ សាសនាចក្រកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានយុវជន និង យុវនារីជាច្រើននៅតាមបណ្តាវួដ និង សាខានិមួយៗ ។

ការរៀបចំបទដ្ឋានមួយ ដែលក្លាយជាគំរូមួយ

ពួកយុវនារីនៅក្នុងវួដមួយត្រូវបានបំផុសគំនិតមកពីការបង្រៀនអំពីគុណធម៌ ដោយស៊ិស្ទើរ អេលែន អេស. ដាល់ថុន ជាប្រធានយុវនារីទូទៅដែលមានប្រសាសន៍ថា ៖ « ឥឡូវនេះគឺជាពេលសម្រាប់ពួកយើងម្នាក់ៗដើម្បីក្រោកឈរឡើង ហើយ លើកទង់មួយឡើងទៅកាន់ពិភពលោកនេះដោយអំពាវនាវឲ្យត្រឡប់ទៅរកគុណធម៌វិញ » ។1 ពួកយុវនារីទាំងនេះបានឡើងទៅលើកំពូលភ្នំតូចមួយ ដើម្បីអាចមើលឃើញទីក្រុងរបស់ខ្លួន ហើយដើម្បីលើកបង្ហាញនូវទង់ពណ៌មាសទាំងឡាយ ដែលជានិមិត្តរូបនៃការសន្យារបស់ពួកគេដើម្បីធ្វើជាគំរូទាំងឡាយអំពីគុណធម៌ ។ ពួកគេបានច្រៀងរួមគ្នា « នៅលើកំពូលភ្នំខ្ពស់ » ( ទំនុកតម្កើងទំព័រ 30 )។

ពួកយុវនារីទាំងនេះបានលើកឡើងនូវបទដ្ឋាននៃសេចក្តីសុចរិតផ្ទាល់ខ្លួនរបស់ពួកគេ ។ ការគោរពប្រតិបត្តិរបស់ពួកគេបានពង្រឹងទីបន្ទាល់របស់ពួកគេ ហើយបានជះឥទ្ធិពលដល់អ្នកដទៃទៀត ។ ស៊ិស្ទើរ ដាល់ថុន មានប្រសាសន៍ថា ៖ « មិនគួរបន្ទាបបន្ថោកអំណាចនៃឥទ្ធិពលសុចរិតរបស់អ្នកឡើយ » ។2ហើយគំរូនៃពួកនារីទាំងអស់នេះ គឺដូចជាទង់មួយដែលកំពុងតែលើកគ្រវីឲ្យពិភពលោកទាំងមូលឃើញ ។

រូបភាព

សាន់ដ្រា

ដូចជាពួកយុវនារីនៅក្នុងប្រទេស យូហ្គែនដា ដែរ មាននារីម្នាក់ឈ្មោះ សាន់ដ្រា ដើរទៅកាន់ព្រះវិហារដែលមានចម្ងាយផ្លូវជាង 1500 ម៉ែត្រ ដើម្បីទៅជួយសំអាតសាលាប្រជុំនៅរាល់ថ្ងៃសុក្រ និង ចូលរៀនថ្នាក់សិក្ខាសាលានៅរាល់ថ្ងៃសៅរ៍ ។ អំឡុងពេលពេញមួយសប្តាហ៍ នាងភ្ញាក់នៅមុនម៉ោង 5:00 ព្រឹក ដើម្បីអានសៀវភៅដែលរៀននៅសាលា ហើយបន្ទាប់មកនាងដើរទៅសាលា ហើយត្រឡប់មកផ្ទះវិញនៅក្រោយម៉ោង 6:00 ល្ងាច ។ នាងមិនបានទៅរៀនអស់រយៈពេលមួយឆ្នាំ ដោយសារវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែប្រឈមមុខនឹងឧបសគ្គទាំងឡាយរបស់នាងជាមួយនឹងអាកប្បកិរិយាវិជ្ជមានថា ៖ « ដំណឹងល្អពិតជាបានជួយខ្ញុំឲ្យបន្តខ្ជាប់ខ្ជួន និង ឥតបែរចិត្ត » ។

នាងសាន់ដ្រាគឺជាសមាជិកសាសនាចក្រតែម្នាក់គត់នៅក្នុងផ្ទះរបស់នាង ប៉ុន្តែឪពុកម្តាយរបស់នាងគាំទ្រនាងចំពោះការបម្រើក្នុងសាសនាចក្រ ដូចជាការជួយ នៅពេលវួដបានបោសសំអាតទីធ្លាមណ្ឌលកុមារកំព្រានៅតាមមូលដ្ឋាន ។ គ្រួសាររបស់នាងមើលឃើញរបៀបដែលដំណឹងល្អបានជួយនាងឲ្យរឹងមាំ សូម្បីតែនៅពេលដែលប្រឈមមុខនឹងបញ្ហាទាំងឡាយដែលមិនទាន់ដោះស្រាយ ។ សូមសញ្ចឹងគិតអំពីប្រភពនៃកំលាំងនោះ សាន់ដ្រានិយាយថា « នៅពេលខ្ញុំទៅព្រះវិហារ ខ្ញុំមានអារម្មណ៍ដូចជាកំពុងពាក់គ្រឿសឹករបស់ព្រះ » ( សូមមើល អេភេសូរ 6:11–17 )។

ស៊ូសាន ជាអ្នកប្រែចិត្តជឿថ្មីម្នាក់ទៀតដែលស្រលាញ់សាសនាចក្រ ។ មកពីប្រទេស ស៊ូដង់ភាគខាងត្បូង គ្រួសាររបស់នាងបានភៀសខ្លួនចេញពីសេចក្តីវេទនា ហើយត្រូវបានប្រទានពរឲ្យជួបជាមួយពួកអ្នកផ្សព្វផ្សាយសាសនានៅក្នុងប្រទេស យូហ្គែនដា ។ នៅពេលដែលនាងនៅក្នុងជំរុំភៀសខ្លួនមួយ នាងបានរកឃើញសន្តិភាព និង ការការពារនៅក្នុងដំណឹងល្អ ។នៅរាល់ថ្ងៃអាទិត្យ នាងនឹងនាំប្អូនៗបង្កើតរបស់នាងទៅព្រះវិហារ ព្រមទាំងនាំក្មេងដប់នាក់ផ្សេងទៀតដែលមិនមែនជាសមាជិកទៅជាមួយដែរ ។បន្ទាប់ពីការស្លាប់ដោយយថាហេតុនៃសមាជិកគ្រួសារម្នាក់ នោះនាងបានត្រឡប់ទៅប្រទេស ស៊ូដង់ភាគខាងត្បូងវិញ ដែលជាកន្លែងដែលនាងរង់ចាំឲ្យគេបង្កើតសាសនាចក្រសាសនាចក្រមួយនៅក្នុងតំបន់របស់នាង ។ទាំងស៊ូសាន និង សាន់ដ្រា ប្រឈមមុខនឹងឧបសគ្គទាំងឡាយ ប៉ុន្តែពួកគេពឹងផ្អែកលើព្រះ និង អររីករាយនឹងផលផ្លែនៃការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ( សូមមើល អាលម៉ា 32:6–8,43 ) ។

ការលះបង់ដើម្បីបម្រើបេសកកម្ម

យុវជននៅក្នុងប្រទេស យូហ្គែនដា ចាប់ផ្តើមលេងបាល់ទាត់តាំងពីពួកគេនៅក្មេងតូចៗមកម្ល៉េះ ដោយប្រើបាល់មួយដែលធ្វើអំពីមែកឈើដែលចាក់ស្រេះចូលគ្នាឲ្យក្លាយជាបាល់ ។ ចាប់តាំងពី ឌែននីសនៅក្មេង គាត់មានទេពកោសល្យខាងលេងកីឡា ហើយវិទ្យាល័យរបស់គាត់បានផ្តល់ប្រាក់ឧបត្ថម្ភដល់គាត់ដើម្បីលេងកីឡានេះនៅក្នុងក្រុមរបស់ពួកគេ ។ បន្ទាប់ពីគាត់បានរៀនចប់នៅវិទ្យាល័យ មានក្រុមកីឡាវិជ្ជាជីវៈមួយក្រុមបានឲ្យលុយ និង ផ្តល់ទីជំរកដល់គាត់ ។ ក្តីសុបិនរបស់គាត់បានក្លាយជាការពិត ប៉ុន្តែ ឌែននីស បានដឹងថា ការណ៍នេះទំនងជារារាំងផែនការណ៍របស់គាត់ដើម្បីចេញបម្រើបេសកកម្មនៅក្នុងឆ្នាំខាងមុខនេះ ។

រូបភាព

Dennis

ឌែននីស មានបំណងប្រាថ្នាយ៉ាងខ្លាំង ដើម្បីធ្វើតាមអ្វីដែលព្រះវរបិតាមានព្រះទ័យចង់ឲ្យគាត់ធ្វើ ដែលធ្វើឲ្យគាត់ពុំមានបំណងត្រូវបានទាញល្បួង ដើម្បីបន្តនៅក្នុងក្រុមនេះនៅពេលដែលការបម្រើបេសកកម្មនឹងមកដល់សម្រាប់គាត់ ។ មានមនុស្សជាច្រើនបានឆ្ងល់នឹងជម្រើសរបស់គាត់ ប៉ុន្តែ ឌែននីស ដឹងយ៉ាងប្រាកដថា គាត់បានជ្រើសរើសត្រឹមត្រូវសម្រាប់ខ្លួនគាត់ និង អ្នកដទៃ ។ គាត់បាននិយាយថា « ប្អូនប្រុសពីរនាក់ និង ប្អូនសម្នាក់របស់ខ្ញុំទើបតែបានទទួលបុណ្យជ្រមុជទឹក » ។ « ខ្ញុំមិនដែលគិតថា ប្អូនស្រីរបស់ខ្ញុំនឹងស្តាប់តាមដំណឹងល្អនោះទេ ។ នៅពេលខ្ញុំមើលឃើញព្រះកំពុងបង្ហាញអព្ភូតហេតុនៅក្នុងគ្រួសាររបស់ខ្ញុំ នោះវាផ្តល់ក្តីសង្ឈឹមដ៏ភ្លឺចិញ្ចែងចិញ្ចចសម្រាប់អនាគតរបស់ខ្ញុំ » ។

នៅក្នុងសាខារបស់ ឌែននីស យុវជនទាំងឡាយសិក្សាប្រកាសដំណឹងល្អទ្រង់ នៅសប្តាហ៍នីមួយៗ ពួកគេបានក្លាយដូចជាក្រុមមួយ ដោយធ្វើការរួមគ្នាជាមួយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង និង នាំមិត្តភក្តិទៅកាន់ការប្រជុំថ្ងៃអាទិត្យ និង សកម្មភាពផ្សេងៗទាំងឡាយ ព្រមទាំងលេងបាល់បោះ និង បាល់ទាត់នៅអំឡុងពេលថ្ងៃប្រចាំសប្តាហ៍ផងដែរ ។ ពួកសង្ឃបានធ្វើបុណ្យប្រមុជទឹកឲ្យមិត្តភក្តិ និង អ្នកដទៃទៀត ពួកគេបានជួយបង្រៀនជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ អស់រយៈពេលពីរបីឆ្នាំក្រោយមក ក្រុមយុវជននេះបានពង្រឹងសាខាទាំងមូល ហើយពួកគេទាំងបួននាក់ ដោយមានរួមទាំង ឌែននីស ផង បានទទួលការហៅបម្រើបេសកកម្ម នៅក្នុងបេសកកម្មនៃប្រទេស កិនយ៉ា ណៃរ៉ូប៊ី ។

ពួកគេបានធ្វើតាមពាក្យទូន្មានរបស់អែលឌើរ ដេវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដើម្បី « ក្លាយជាពួកអ្នកផ្សព្វផ្សាយសាសនាយ៉ាងយូរមុនអ្នកដាក់ទម្រង់បែបបទសុំបម្រើបេសកកម្មរបស់អ្នក » ។3 ពួកគេបានធ្វើបែបនេះដោយការធ្វើការរួមគ្នាជាកូរ៉ុម ដែលជាក្រុមមួយដ៏ប្រសើរជាងក្រុមផ្សេងទៀត ។

ពួកអ្នកផ្សព្វផ្សាយសាសនាទាំងបួននាក់នេះបានឈ្នះលើឧបសគ្គទាំងឡាយដើម្បីបម្រើ ។ លោក វិលប៊ឺហ្វ័ស៍បានពន្យល់ថា « ខ្ញុំស្ទើរតែអស់សង្ឈឹមក្នុងការចេញទៅបម្រើបេសកកម្ម [ដោយសារការចំណាយច្រើន] ប៉ុន្តែបន្ទាប់ពីខ្ញុំបានអានម៉ាថាយ 6:19–20 ៖ ‘ កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួនលើផែនដី … ប៉ុន្តែត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួន នៅឯស្ថានសួគ៌វិញ ’ ។ ដូច្នេះដោយមានការឧស្សាហ៍ព្យាយាម និង ការតាំងចិត្ត ខ្ញុំអាចសម្រេចបាននូវគោលដៅរបស់ខ្ញុំក្នុងការចេញបម្រើបេសកកម្មពេញម៉ោង ។ ខ្ញុំស្រឡាញ់ការបម្រើបេសកកម្ម ។ គ្មានអ្វីដែលប្រសើរជាងការស្វែងរកនគរស្ថានសួគ៌ជាមុននោះទេ » ។

សេចក្តីសង្ឈឹមសម្រាប់ពេលអនាគត

យុវវ័យរបស់ប្រទេស យូហ្គែនដា កំពុងកសាងនគរនៃព្រះនៅទីនេះ ដោយមានសេចក្តីសង្ឈឹមសម្រាប់ពេលអនាគត ។ បើទោះជាមិនទាន់មានព្រះវិហារបរិសុទ្ធនៅក្នុងភូមិភាគអាហ្វ្រិកភាគខាងកើតក៏ដោយ ក៏យុវវ័យទាំងអស់នោះកំពុងរង់ចាំដោយរីករាយថា នឹងមានពេលណាមួយដែលពួកគេនឹងរៀបការនៅក្នុងព្រះវិហារបរិសុទ្ធដ៏ឆ្ងាយ ។ មានសកម្មភាពមួយនៅក្នុងស្តេកដែលបាននិយាយផ្តោតទៅលើការរៀបចំខ្លួនដើម្បីចូលព្រះវិហារបរិសុទ្ធ ហើយនៅចុងបញ្ចប់ សមាជិកម្នាក់នៃគណៈប្រធានស្តេកបានថ្លែងទីបន្ទាល់របស់គាត់ថា ៖ « ព្រះស្រលាញ់អ្នក ។ អ្នកគឺជាអនាគតនៃសាសនាចក្រនៅក្នុងប្រទេស យូហ្គែនដា នេះ » ។ យុវវ័យដែលសុចរិតទាំងនេះមានឥទ្ធិពលដ៏រឹងមាំរួចទៅហើយ ។

យុវជន និង យុវនារីរបស់ប្រទេស យូហ្គែនដា កំពុងលះបង់រឿងខាងលោកកិយទាំងឡាយ ដើម្បីទទួលពរជ័យដែលនឹងនៅស្ថិតស្ថេរជាមួយពួកគេជារៀងរហូត ។ ពួកគេបានដាំគ្រាប់ពូជនៃសេចក្តីជំនឿ ហើយថែទាំវាដោយថ្នាក់ថ្នម ( សូមមើលអាលម៉ា 32:33–37 ) ។ ដូចជាដើមមួយដែលសម្បូរទៅដោយផ្លែជាច្រើន ( សូមមើល អាលម៉ា 32:42 ) យុវវ័យទាំងនេះចែករំលែកនូវសេចក្តីអំណរនៃដំណឹងល្អនៅលើដីដែលមានជីវជាតិនេះ ។

កំណត់ចំណាំ

  1. អេលែន អេស. ដាល់ថុន « A Return to Virtue » លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 80 ។

  2. អេលែន អេស. ដាល់ថុន លីអាហូណាខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 80 ។

  3. ដេវីឌ អេ. បែដណា « ការក្លាយខ្លួនជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ »លីអាហូណាខែ វិច្ឆិកា ឆ្នាំ 2005 ទំព័រ 45 ។

ខាងលើ ៖ យុវវ័យចូលរួមក្នុងការប្រជុំពិសេសរួមគ្នានៅក្នុងស្តេកមួយ ។

ខាងលើ ៖ ស៊ូសាន ( កណ្តាល ) ជាជនភៀសខ្លួនម្នាក់នៅក្នុងប្រទស យូហ្គែនដា បានរកឃើញសេចក្តីសុខសាន្តនៅក្នុងដំណឹងល្អ ហើយនៅពេលនេះ កំពុងដឹកនាំបងប្អូនបង្កើតទាំងឡាយរបស់នាង និង កូនក្មេងដទៃទៀតទៅព្រះវិហារ ។

កណ្តាល ៖ យុវនារីនៅក្នុងវួដនេះអររីករាយនឹងការប្រព្រឹត្តិតាមកម្មវិធីការអភិវឌ្ឍន៍ខ្លួនរបស់ក្រុមយុវនារី ។

ខាងស្តាំ ៖ ឌែននីស បានបោះបង់ឱកាសក្លាយជាសមាជិកម្នាក់នៅក្នុងក្រុមបាល់ទាត់អាជីព ដើម្បីទៅផ្សព្វផ្សាយដំណឹងល្អ ។ គាត់ និង យុវជនដទៃទៀតនៅក្នុងកូរ៉ុមសង្ឃបានលះបង់ ហើយបានយកឈ្នះលើឧបសគ្គទាំងឡាយដើម្បីបម្រើបេសកកម្ម ។

ថតរូបដោយ ខិនឌី ស្ម៊ីធ