២០១៣
សារៈសំខាន់នៃមិត្តល្អ
ខែ មេសា 2013


ការបង្រៀនដើម្បីកម្លាំងនៃយុវជន

សារៈសំខាន់នៃមិត្តល្អ

មិត្តភក្ដិមានឥទ្ធិពលដ៏ខ្លាំងក្លាមួយ ទៅលើសកម្មភាពរបស់យើង ជាពិសេសនៅក្នុងភាពជាយុវវ័យរបស់យើង ។ « ពួកគេនឹងជះឥទ្ធិពលទៅលើការគិត និង ការប្រព្រឹត្តរបស់អ្នក ហើយថែមទាំងជួយកំណត់អ្នកឲ្យក្លាយទៅជាមនុស្សម្នាក់ដែលអ្នកនឹងប្រែក្លាយទៀតផង » ។1 ហើយពេលដែលអ្នកជ្រើសរើសមិត្តល្អ « ពួកគេនឹងក្លាយជាកម្លាំង និង ជាពរជ័យដ៏អស្ចារ្យដល់អ្នក ។ … ពួកគេនឹងជួយអ្នកឲ្យក្លាយជាមនុស្សម្នាក់ដែលកាន់តែប្រសើរឡើង ហើយនឹងធ្វើឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការរស់នៅតាមដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ » ។2

នៅទំព័រ 52–53 នៃច្បាប់នេះ អេលែន អេស. ដាល់ថុន ប្រធានយុវនារីទូទៅ បង្រៀនពីសារៈសំខាន់ក្នុងការស្វែងរកមិត្តល្អ និង ការធ្វើជាមិត្តល្អម្នាក់ ។ គាត់បានមានប្រសាសន៍ថា « ការស្វែងរកគុណសម្បត្តិដ៏ខ្ពង់ខ្ពស់បំផុតរបស់មនុស្សម្នាក់ផ្សេងទៀត គឺជាការចាំបាច់នៃមិត្តភាពដ៏ពិត » ។

ការសាងមិត្តភាពដោយផ្អែកលើគោលការណ៍ទាំងនេះ នឹងជួយយុវវ័យកសាងទំនាក់ទំនងដ៏យូរអង្វែង និង ជំនាញខាងសង្គម ដែលលើសពីការគ្រាន់តែក្លាយជា « មិត្តភក្ដិ » នៅលើបណ្ដាញសង្គមលើអ៊ិនធើរណិតទៅទៀត ។ ក្នុងនាមជាឪពុក ឬ ម្ដាយម្នាក់ អ្នកអាចជួយកូនៗរបស់អ្នក ឲ្យយល់ពីសារៈសំខាន់នៃការធ្វើជាមិត្តល្អ និង ការជ្រើសរើសមិត្តភក្ដិដែលនឹងលើកទឹកចិត្តពួកគេឲ្យរស់នៅតាមដំណឹងល្អ ។ យោបល់ខាងក្រោមនេះអាចមានប្រយោជន៍ ។

យោបល់ទំាងឡាយសម្រាប់បង្រៀនយុវវ័យ

  • ចូរស្រាវជ្រាវព្រះគម្ពីរជាមួយក្រុមគ្រួសារ រកមើលគំរូទាំងឡាយពីមិត្តល្អ ។ ចូរពិភាក្សាពីគុណសម្បត្តិអ្វីខ្លះ ដែលបានធ្វើឲ្យមិត្តភាពទាំងនោះបានរឹងមាំ ។ សូមពិចារណាពី ដេវីឌ និង យ៉ូណាថាន ( សូមមើល សាំយូអែល ទី1 18–23 ), នាងរស់ និង ន៉ាអូមី ( សូមមើល នាងរស់ 1–2), និង អាលម៉ា និង បុត្រាទាំងឡាយនៃម៉ូសាយ ( សូមមើល ម៉ូសាយ 27–28; អាលម៉ា 17–20 ) ។3

  • សូមរំឭកពីផ្នែកដែលនិយាយពីមិត្តភក្ដិនៅក្នុងដើម្បីកម្លាំងនៃយុវជន ។ សូមចែកចាយជាមួយយុវវ័យរបស់អ្នក ពីរបៀបដែលមិត្តភាពជះឥទ្ធិពលដល់ជីវិតរបស់អ្នក ។ សូមអញ្ជើញពួកគេឲ្យចែកចាយពីរបៀបដែលពួកគេជះឥទ្ធិពលដល់ និង ទទួលឥទ្ធិពលពីមិត្តភក្ដិរបស់ពួកគេ ។•

  • សូមអានអត្ថបទរបស់បងស្រី ដាល់ថុន នៅក្នុងច្បាប់នេះ ។ សូមនិយាយអំពីគោលដៅដែលកូនស្រីរបស់គាត់ អេមី បានដាក់ដើម្បីស្វែងរកមិត្តល្អ ។ សូមជួយដល់កូនៗរបស់អ្នកឲ្យដាក់គោលដៅ អំពីប្រភេទមិត្តភក្ដិដែលពួកគេចង់ស្វែងរក និង ចង់ក្លាយជា ។•

  • សូមពិចារណាអំពីការធ្វើរាត្រីជួបជុំក្រុមគ្រួសារ ដើម្បីចែកចាយគំនិតទាំងឡាយ ក្នុងការកសាងមិត្តភាព ដូចជា ៖ « ដើម្បីមានមិត្តល្អ ដើម្បីធ្វើជាមិត្តល្អ ។ ចូរបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដទៅដល់អ្នកដទៃទៀត ចូរញញឹម និង ធ្វើឲ្យពួកគេដឹងថាអ្នកខ្វល់ខ្វាយពីពួកគេ ។ ចូរប្រព្រឹត្តដល់មនុស្សគ្រប់រូបដោយសុភាពរាបសារ និង ការគោរព ហើយចៀសវាងពីការកាត់សេចក្ដី និង ការរិះគន់អ្នកទាំងឡាយដែលនៅជុំវិញអ្នក » ។4

យោបល់ទំាងឡាយដើម្បីបង្រៀនកូនចៅ•

  • ការធ្វើជាមិត្តម្នាក់ គឺរួមបញ្ចូលទាំងការជួយដល់អ្នកដទៃទៀត ។ សូមអាន « ក្រោកឈរឡើងដើម្បីខេលិប » នៅក្នុង លីអាហូណា ខែ មិនា ឆ្នាំ 2009 ហើយនិយាយជាមួយកូនចៅរបស់អ្នក អំពីរបៀបទាំងឡាយដែលពួកគេអាចប្រព្រឹត្តិល្អដល់មនុស្សគ្រប់គ្នាដែលពួកគេជួប ។

  • ក្នុងគ្រប់ស្ថានភាពទាំងអស់ យើងត្រូវតែធ្វើការសម្រេចចិត្ត ថាតើយើងនឹងធ្វើជាមិត្តភក្ដិបែបណា ។ សូមច្រៀងបទ “I’m Trying to Be Like Jesus”5 ជាមួយគ្នា ហើយបន្ទាប់មកនិយាយជាមួយកូនៗរបស់អ្នក អំពីរបៀបដែលពួកគេអាចជ្រើសរើសដើម្បីធ្វើជាមិត្តល្អម្នាក់តាមរបៀបផ្សេងៗ ដូចជាព្រះអង្គសង្គ្រោះបានធ្វើដែរ ។

កំណត់ចំណាំ

  1. ដើម្បីកម្លាំងនៃយុវជន ( កូនសៀវភៅ ឆ្នាំ 2011 ) ទំព័រ 12 ។

  2. ដើម្បីកម្លាំងនៃយុវជន ទំព័រ 12 ។

  3. សូមមើល ជែហ្វ្រី អ័រ. ហូឡិន « Real Friendship »New Era, ខែ មិថុនា ឆ្នាំ 1998, ទំព័រ 62–66 ។

  4. ដើម្បីកម្លាំងនៃយុវជន ទំព័រ 12 ។

  5. “I’m Trying to Be Like Jesus,” Children’s Songbook, ទំព័រ 78–79 ។

រចនារូបថតដោយ ថាអៀ ម៉លី