២០១៣
សេចក្ដីស្លាប់ និង ជីវិត ៖ ទស្សនវិស័យរបស់អ្នកត្រួសត្រាយ អំពីដំណើររស់ឡើងវិញ
ខែ មេសា 2013


សេចក្ដីស្លាប់ និង ជីវិត

ទស្សនវិស័យរបស់អ្នកត្រួសត្រាយ អំពីដំណើររស់ឡើងវិញ

ពេលដែលអ្នកប្រែចិត្តជឿដល់សាសនាចក្រពីជំនាន់មុន បានធ្វើដំណើរទៅភាគខាងលិចនៃសហរដ្ឋ ដើម្បីប្រមូលផ្ដុំគ្នាជាមួយពួកបរិសុទ្ធ នោះពួកគេបានជួបប្រទះនឹងសេចក្តីស្លាប់ ប៉ុន្តែត្រូវបានគាំទ្រដោយសេចក្ដីជំនឿថ្មីថ្មោងរបស់ពួកគេ នៅក្នុងដំណឹងល្អដែលបានស្ដារឡើងវិញ ។ ខាងក្រោមនេះជាសេចក្ដីដកស្រង់ពីបញ្ជីប្រវត្តិរបស់អ្នកត្រួសត្រាយ ដែលបង្ហាញពីសេចក្ដីសង្ឃឹមរបស់ពួកបរិសុទ្ធក្នុងដំណើររស់ឡើងវិញ ជាមួយនឹងការបង្រៀនដែលប្រកបដោយការលួងលោមពីប្រធានសាសនាចក្រប្រាំនាក់ដំបូង ។

ដំណើររឿងមួយរបស់ឪពុកជាពួកបរិសុទ្ធជនជាតិស្កេនឌីណាវៀ ដែលគេមិនស្គាល់ឈ្មោះម្នាក់ ដែលមានកូនប្រុសពៅបានស្លាប់ ក្នុងការធ្វើដំណើរពីទីក្រុង នូវយ៉ោក ទៅរដ្ឋ យូថាហ៍ ក្នុងឆ្នាំ 1866 ថា ៖

« ដោយបានជំនួយពីមិត្តម្នាក់ នោះគេបានជីកផ្នូរតូចមួយ ហើយសាកសពត្រូវបានបញ្ចុះនៅទីនោះ ។ កូនតូចនោះស្លាប់ដោយសារជំងឺឆ្លងម៉្យាង ពុំមានការប្រមូលផ្ដុំអ្នកកាន់ទុក្ខ ពុំមានពិធីជាផ្លូវការអ្វីនោះទេ ពុំមានផ្កា ពុំមានចម្រៀងខាងវិញ្ញាណ ពុំមានពាក្យសសើរតម្កើងឡើយ ។ ប៉ុន្តែពីមុនពេលដែលឪពុកដ៏មានទុក្ខចាកចេញទៅ គាត់បានបន្លឺការអធិដ្ឋានដ៏ខ្លីមួយ ជាភាសាកំណើតរបស់គាត់ ( ភាសាដាណឺម៉ាក ) ដូចតទៅនេះ ៖ …

« ‹ ព្រះវរបិតាសួគ៌ ៖ ទ្រង់បានប្រទានដល់កូននូវរតនៈសម្បត្តិដ៏តូចនេះ—ជាកូនប្រុសជាទីស្រឡាញ់នេះ ហើយឥឡូវនេះទ្រង់បានហៅគេទៅវិញ ។ សូមទ្រង់ប្រទានពរថា សាកសពរបស់គេអាចនៅទីនេះដោយពុំមានការរំខាន រហូតដល់ព្រឹកនៃដំណើររស់ឡើងវិញ ។ សូមព្រះទ័យទ្រង់បានសម្រេច ។ អាម៉ែន › ។

« ហើយពេលក្រោកឡើងពីដី ពាក្យសម្ដីបែកគ្នារបស់គាត់គឺ ៖

« ‹ លាសិនហើយ ហានស៍ដ៏តូចជាទីស្រឡាញ់របស់ឪពុក—កូនប្រុសដ៏ស្រស់ស្អាតរបស់ឪពុកអើយ › ។ បន្ទាប់មក ដោយក្បាលឱនចុះ និង ដួងចិត្តឈឺចាប់ គាត់បានបន្តដំណើរដោយក្លាហានទៅកាន់កន្លែងបោះជំរុំ » ។1

ប្រធាន យ៉ូសែប ស្ម៊ីធ ( 1805–44 ) ៖

« ពេលដែលពួកគេត្រូវតែចាកចេញពីស្វាមី ភរិយា ឪពុក ម្ដាយ កូន ឬ សាច់ញាតិជាទីស្រឡាញ់ដោយសារសេចក្ដីស្លាប់ ឱ ! ជាការលួងលោមយ៉ាងណាទៅដែលដឹងថា ទោះបីជារូបកាយសាច់ឈាមត្រូវបានកប់ និង រលាយទៅ ក៏ពួកគេនឹងរស់ឡើងវិញម្ដងទៀត ដើម្បីនៅចំពោះការឆេះដ៏នៅអស់កល្បជានិច្ច ក្នុងសិរីល្អដ៏អមតៈ ពុំមានព្រួយ ការរងទុក្ខ ឬ ស្លាប់ទៀតឡើយ ប៉ុន្តែពួកគេនឹងក្លាយជាអ្នកគ្រងមរតកនៃព្រះ និង ជាអ្នកគ្រងមរតកជាមួយព្រះយេស៊ូវគ្រីស្ទដែរ » ។2

យ៉ូសែប វេតសុន យ៉ង់ ( 1828–73 ) ក្មួយប្រុសរបស់ព្រិកហាំ យ៉ង់ ដែលបានធ្វើដំណើរពីប្រទេស អង់គ្លេស ទៅសហរដ្ឋក្នុងឆ្នាំ 1853 ៖

« វាជារឿងដ៏សោកសង្រេងណាស់ ដែលត្រូវកប់សាកសពនៅក្នុងសមុទ្រនារាត្រីដ៏ងងឹតដោយមានសាក្សីតែពីរបីនាក់នោះ ។ … គាត់គ្មានសាច់ញាតិនៅលើកប៉ាល់ ឬ នរណាម្នាក់ដែលកាន់ទុក្ខសម្រាប់គាត់ឡើយ លើកលែងតែអ្នកបម្រើដែលមកជាមួយម្នាក់ ។ ទាំងនេះជាសេចក្ដីសង្ឃឹមដ៏គួរឲ្យរីករាយបំផុតរបស់ធម្មជាតិមនុស្ស ដែលត្រូវបានបំផ្លាញភ្លាមមួយរំពេច ។ បុរសវ័យក្មេងនេះ បានលះបង់ចោលអ្វីៗទាំងអស់ ដើម្បីទៅកាន់ក្រុងស៊ីយ៉ូន ហើយដួងចិត្តរបស់គាត់ត្រូវបានបំពេញដោយក្ដីសង្ឃឹមថានឹងមានអនាគតមួយដែលពេញដោយការរីករាយ និង ការរំភើប ដោយគ្រាន់តែបានគិតបន្ដិតបន្តួចប៉ុណ្ណោះថា គាត់ប្រហែលត្រូវបោះរូបកាយសាច់ឈាមរបស់គាត់ទៅក្នុងរលកដ៏ស្រេកឃ្លាននោះ ។ ទោះជាយ៉ាងណា គាត់ពុំបានស្លាប់ទៅដូចជាពួកអ្នកទាំងឡាយដែលបានស្លាប់ទៅទាំងគ្មានក្ដីសង្ឃឹមនោះទេ ត្បិតសេចក្ដីសុខសាន្តរបស់គាត់បានជាប់នៅជាមួយនឹងព្រះរបស់គាត់ ហើយគាត់បានមានការធានាអះអាងដ៏ពេញលេញថា នឹងបានការរស់ឡើងវិញដ៏មានសិរីរុងរឿង នាពេលព្រឹកនៃមនុស្សសុចរិត » ។3

ប្រធាន ព្រិកហាំ យ៉ង់ ( 1801–77 ) ៖

« ឱ ! វាជាជ្រលង និង ជាស្រមោលដ៏ងងឹតយ៉ាងណាទៅ ដែលយើងហៅវាថាជាសេចក្ដីស្លាប់នោះ ! និយាយពីរូបកាយរមែងស្លាប់ ដើម្បីឆ្លងកាត់ពីស្ថានភាពនៃជីវិតរស់នៅនេះ ទៅក្នុងស្ថានភាពនៃការចុះទន់ខ្សោយដោយការខ្វះអាហារ [ ស្ថានភាពទទេ ] ឱ ! វាចម្លែកម្ល៉េះ ! ឱ ! ជ្រលងនេះងងឹតម៉្លេះ ! ឱ ! ផ្លូវនេះអីក៏អាថ៌កំបាំងម្ល៉េះ ហើយយើងត្រូវតែធ្វើដំណើរតាមផ្លូវនេះតែមួយប៉ុណ្ណោះ ។ ខ្ញុំចង់និយាយទៅកាន់អ្នក មិត្តភក្ដិ និង បងប្អូនរបស់ខ្ញុំអើយ ថា ប្រសិនបើយើងអាចមើលឃើញអ្វីៗ ដូចដែលវាមានបែបនោះ និង ដូចដែលយើងនឹងឃើញ និង យល់ពីវានោះ នោះស្រមោល និង ជ្រលងដ៏ងងឹតនេះ គឺគួរឲ្យរំខានណាស់ ដែលយើងនឹងងាក និង មើលត្រឡប់ក្រោយវិញ ហើយគិត គឺពេលដែលយើងបានស្លាប់ទៅនោះ ពិតណាស់នេះជាប្រយោជន៍ដ៏ធំបំផុតក្នុងមួយជីវិតខ្ញុំ ត្បិតខ្ញុំបានឆ្លងផុតពីស្ថានភាពនៃទុក្ខព្រួយ សេចក្ដីសោកសៅ យំយែក វេទនា ទុគ៌ត ឈឺចាប់ ការថប់បារម្ភ និង ការខកចិត្ត ទៅក្នុងស្ថានភាពនៃស្ថេរភាព កន្លែងដែលខ្ញុំអាចរីករាយក្នុងជីវិតដល់អស់ពីលទ្ធភាព តាមដែលអាចធ្វើបានដោយមិនបាច់មានរូបកាយ ។4

ឌេន ចូនស៍ ( 1811–62 ) អ្នកប្រែចិត្តជឿជនជាតិវេលស៍ ដែលបានធ្វើដំណើរតាមកប៉ាល់មកកាន់សហរដ្ឋក្នុងឆ្នាំ 1849 ជាមួយលោកស្រី វីល្លៀមស៍ និង សមាជិកសាសនាចក្រដទៃទៀត ៖

« លោកស្រី វីល្លៀមស៍ ពីក្រុងវ៉ាយនីស៊ីប៊ុនថ៍ នៅជិតក្រុងទ្រេហ្ការុន [ ប្រទេស វេលស៍ ] សុខភាពរបស់គាត់ចុះខ្សោយយ៉ាងឆាប់រហ័ស ហើយមានសញ្ញាថា គាត់ពុំអាចរស់នៅបានយូរទេ ។ … គាត់បាននិយាយថា កិត្តិយសដ៏ធំបំផុតដែលគាត់ទទួល គឺជាការដែលអាចក្លាយជាសមាជិកនៃសាសនាចក្រដ៏ពិតនៃព្រះរាជបុត្រានៃព្រះ ថាពុំមានសេចក្ដីភ័យខ្លាចនៅក្នុងទ្រូងគាត់ដែលទាក់ទងទៅនឹងជីវិតផ្សេងទៀត និង ថាឥឡូវនេះ សាសនារបស់គាត់បានបង្ហាញពីកម្លាំងរបស់សាសនានេះខ្លាំងជាងពេលពីមុនទាំងអស់ ។ … គាត់បានផ្ដល់ដំបូន្មានដ៏រឹងមាំដល់កូនប្រុសទាំងឡាយរបស់គាត់ ឲ្យបន្តស្មោះត្រង់រហូតដល់ស្លាប់ ដើម្បីពួកគេអាចបានទទួលនូវដំណើររស់ឡើងវិញដ៏កាន់តែប្រសើរមួយ ជាមួយគាត់ ។ … គាត់បានបន្តនិយាយយ៉ាងច្បាស់លាស់អស់ពេញមួយរាត្រី ហើយនៅម៉ោងបួន និង ដប់ប្រាំនាទី ព្រឹកបន្ទាប់នោះ វិញ្ញាណរបស់គាត់បានចាកចេញទៅដោយសេចក្ដីសុខសាន្ត ដោយសន្សល់នូវស្នាមញញឹមនៅលើបបូរមាត់គាត់ »។5

ប្រធាន យ៉ូហាន ថេលើរ ( 1808–87 ) ៖

« ឱ ! វាជាការលួងលោមអ្វីម៉្លេះ ដល់ពួកអ្នកដែលត្រូវទួញសោកដោយសារការបាត់បង់មិត្តជាទីស្រឡាញ់ដោយការស្លាប់ ដែលដឹងថា យើងនឹងបានរួបរួមជាមួយពួកគេម្ដងទៀតនោះ ! ឱ ! ជាការលើកទឹកចិត្តអ្វីម៉្លេះ ដល់អ្នកទាំងអស់ដែលរស់នៅតាមគោលការណ៍នៃសេចក្ដីពិតដែលបានបើកសម្ដែង ប្រហែលជាពិសេសគឺដល់ពួកអ្នកដែលរស់នៅជិតដល់ទីបញ្ចប់នៃជីវិតគេទៅហើយនោះ ដែលបានទ្រាំទ្រនឹងកំដៅ និង បន្ទុកនៃជីវិតគេ ដែលដឹងថា មិនយូរប៉ុន្មានយើងនឹងបានក្រោកឡើងពីផ្នូរ និង ក្លាយជាព្រលឹងដ៏នៅរស់ និង អមតៈ ដើម្បីបានរីករាយនឹងការរួបរួមជាមួយមិត្តភក្ដិដែលបានទទួលការសាកល្បង និង បានទុកចិត្ត ពុំត្រូវរងទុក្ខវេទនានឹងសេចក្ដីស្លាប់ទៀតឡើយ និង ដើម្បីបញ្ចប់កិច្ចការដែលព្រះវរបិតាបានប្រទានឲ្យយើងធ្វើ ! »6

អែនឌ្រូវ ជិនសុន ( 1850–1941 ) អ្នកអន្ដោប្រវេសន្តជនជាតិដាណឺម៉ាក ដែលបានធ្វើដំណើរក្នុងក្រុមរទេះ អែនឌ្រូវ អេច. ស្កត់ ពីរដ្ឋ នេប្រាស្កា ស.រ.អា. ទៅរដ្ឋ យូថាហ៍ ក្នុងឆ្នាំ 1866 ៖

« ពេលយើងបានឃើញសាកសពខាងសាច់ឈាមរបស់គេ [ អ្នកដែលធ្វើដំណើរជាមួយយើង ] ត្រូវបានកប់នៅក្នុងដី នៅក្នុងទីវាលរហោស្ថាន យើងទាំងអស់គ្នាស្រក់ទឹកភ្នែក ឬ មានមានអារម្មណ៍ដូចស្រក់ទឹកភ្នែក ត្បិតការគិតពីការកប់អ្នកជាទីស្រឡាញ់ក្នុងរបៀបនេះ គឺពេលដែលមិត្តភក្ដិ និង សាច់ញាតិ ត្រូវតែប្រញាប់ចេញដំណើរទៅមួយរំពេច ដោយគ្មានក្ដីសង្ឃឹមថានឹងបានមកកន្លែងដែលកប់សាច់ញាតិដែលស្លាប់របស់គេម្ដងទៀតនោះ គឺជារឿងសោកសៅ និង លំបាកជាទីបំផុត ។ … ប៉ុន្តែផ្នូររបស់ពួកគេនឹងត្រូវបានរកឃើញ នៅពេលដែលទេវតាកាព្រីយ៉ែលបន្លឺសម្លេងត្រែរបស់ទ្រង់ នៅព្រឹកនៃដំណើររស់ឡើងវិញលើកទីមួយ ។ អ្នកដែលបានឃ្លាតទៅទាំងនេះ បានផ្ដេករូបកាយគេចុះ ដូចជាពួកគេកំពុងធ្វើដំណើរទៅកាន់ក្រុងស៊ីយ៉ូនដែរ ។ ព្រះអម្ចាស់បានហៅពួកគេត្រឡប់ទៅផ្ទះ ពីមុនពេលដែលពួកគេបានទៅដល់ទីផ្ដាច់ព្រ័ត្ររបស់គេ ពួកគេមិនត្រូវបានអនុញ្ញត្តឲ្យបានឃើញក្រុងស៊ីយ៉ូននៅពេលជាសាច់ឈាម ប៉ុន្តែពួកគេនឹងបានទទួលសិរីល្អ និង រីករាយចាប់ពីពេលនេះតទៅ ពួកគេបានស្លាប់ខណៈដែលកំពុងខំប្រឹងប្រែងដើម្បីគោរពព្រះ និង រក្សាបទបញ្ញត្តិរបស់ទ្រង់ ហើយពួកគេត្រូវបានប្រទានពរដោយបានស្លាប់ក្នុង [ ព្រះអម្ចាស់ ] » ។7

ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ( 1807–98 ) ៖

« បើគ្មានដំណឹងល្អនៃព្រះគ្រីស្ទ នោះការបែកបាក់ដោយសេចក្ដីស្លាប់ គឺជាប្រធានបទមួយនៃប្រធានបទដ៏អាប់អួរបំផុតទាំងឡាយ ដែលវាអាចត្រូវយកមកសញ្ជឹងគិត ប៉ុន្តែភ្លាមៗពេលដែលយើងទទួលបានដំណឹងល្អ និង រៀនពីគោលការណ៍នៃដំណើររស់ឡើងវិញ នោះភាពអាប់អួរ ទុក្ខព្រួយ និង ការរងទុក្ខ ដែលបណ្ដាលមកពីសេចក្ដីស្លាប់ ត្រូវបានដកចេញភាគច្រើនបំផុត ។ … ដំណើររស់ឡើងវិញនៃអ្នកស្លាប់ បង្ហាញខ្លួនវានៅពីមុខគំនិតដែលត្រូវបានបំភ្លឺរបស់មនុស្ស ហើយគេមាននូវគ្រឹះសម្រាប់វិញ្ញាណរបស់គេបានសម្រាក ។ នោះគឺជាឥរិយាបថរបស់ពួកបរិសុទ្ធសព្វថ្ងៃនេះ ។ យើងមិននៅក្នុងទីងងឹតទេចំពោះបញ្ហានេះ យើងពិតជាដឹងដោយខ្លួនយើងថា ព្រះបានបើកសម្ដែងវាដល់យើង ហើយយើងពិតជាយល់ពីគោលការណ៍នៃដំណើររស់ឡើងវិញនៃអ្នកស្លាប់ ហើយថា ដំណឹងល្អនាំមកនូវជីវិត និង ភាពអមតៈមកកាន់ពន្លឺ » ។8

វិល្លៀម ដ្រាយវើរ ( 1837–1920 ) ជាអ្នកត្រួសត្រាយ ដែលបានធ្វើដំណើរពីប្រទេសអង់គ្លេសមករដ្ឋ នូវយ៉ោក ស.រ.អា. ក្នុងឆ្នាំ 1866 ៖

« វិល្លី កូនជាទីស្រឡាញ់បំផុតរបស់ខ្ញុំ បានឈឺជាទម្ងន់អស់ពេញមួយយប់រហូតដល់ម៉ោង 7:30 នាទី ព្រឹក ពេលដែលគេត្រូវបានដោះលែងពីការរងទុក្ខវេទនារបស់គេ ។ សូមព្រះប្រទានពរដល់ព្រលឹងដ៏ជាទីស្រឡាញ់របស់គេ ។ ឱ ! គេរងទុក្ខយ៉ាងណា ។ គេបានស្លាប់ដោយសាររទេះរបស់លោក ផូលធើរ បានខូចនៅលើទួល សេនថ៍ អាន ក្នុងស្រុកវេនស៍វ៉ស ក្រុង ស៊ើរី ប្រទេស អង់គ្លេស ។ ឱ ! ខ្ញុំទួញយំចំពោះទុក្ខវេទនាដ៏ធំធេងនេះខ្លាំងណាស់ ។ ឱ ! ព្រះអម្ចាស់អើយ សូមជួយកូនដោយព្រះចេស្ដារបស់ទ្រង់ផង ដើម្បីកូនអាចទ្រាំទ្រវាបាន តាមតែព្រះហឫទ័យរបស់ទ្រង់ចុះ ហើយសូមប្រទានកម្លាំងដល់កូន ដើម្បីកូនបម្រើទ្រង់ឲ្យកាន់តែថ្លៃថ្នូ និង កាន់តែស្មោះត្រង់ ហើយសូមឲ្យកូនអាចរស់នៅដើម្បីរៀបចំទៅជួបគេ ក្នុងពិភពដែលកាន់តែរីករាយ និង កាន់តែល្អប្រសើរជាងនេះ ជាមួយនឹងប្អូនស្រីជាទីស្រឡាញ់របស់គេគឺ អេលីស្សាបែត ម៉ារីអាន ហើយនៅឯដំណើររស់ឡើងវិញនៃមនុស្សសុចរិត សូមឲ្យកូនអាចនៅទីនោះដើម្បីជួបពួកគេ » ។9

ប្រធាន ឡូរែនសូ ស្នូ ( 1814–1901 ) ៖

« នៅក្នុងជីវិតក្រោយ យើងនឹងមានរូបកាយដែលមានសិរីរុងរឿង និង គ្មានជំងឺ និង សេចក្ដីស្លាប់ឡើយ ។ គ្មានអ្វីស្រស់ស្អាតដូចជាមនុស្សម្នាក់ដែលនៅក្នុងស្ថានភាពនៃការរស់ឡើងវិញ និង មានសិរីរុងរឿងនោះឡើយ ។ គ្មានអ្វីដែលគួរឲ្យស្រឡាញ់ជាងការនៅក្នុងស្ថានភាពនេះ និង មានភរិយា និង កូនចៅ និង មិត្តភក្ដិរបស់យើងជាមួយយើងនោះទេ » ។10

កំណត់ចំណាំ

  1. Robert Aveson, “Leaves from the Journal of a Boy Emigrant,” Deseret News, ខែ មិនា ។ 12, 1921, 4:7; មាននៅគេហទំព័រ lds.org/churchhistory/library/pioneercompanysearch ។

  2. ការបង្រៀនរបស់ប្រធានសាសនាចក្រ ៖ យ៉ូសែប ស្ម៊ីធ ( ឆ្នាំ 2007 ) ទំព័រ 52 ។

  3. Joseph W. Young, Journal, ថ្ងៃទី 6 ខែ មិនា ឆ្នាំ 1853, Church History Library, Salt Lake City, Utah; មាននៅលើអ៊ិនធើរណិតលើគេហទំព័រ mormonmigration.lib.byu.edu ។

  4. Teachings of Presidents of the Church: Brigham Young ( ឆ្នាំ 1997 ) ទំព័រ 273 ។

  5. « សំបុត្រមកពីនាយក្រុមនាវា D. Jones ទៅអ្នកកែសម្រួលនៃ Udgorn Seion, » នៅក្នុង Ronald D. Dennis, The Call of Zion: The Story of the First Welsh Mormon Emigration, vol. 2 ( ឆ្នាំ 1987 ), ទំព័រ 164–65; មាននៅគេហទំព័រ mormonmigration.lib.byu.edu ។

  6. Teachings of Presidents of the Church: John Taylor ( ឆ្នាំ 2001 ) ទំព័រ 50–51 ។

  7. កំណត់ហេតុនៃអែនឌ្រូវ ជិនសុន ថ្ងៃទី 20 ខែ សីហា ឆ្នាំ 1866 នៅក្នុង Journal History of The Church of Jesus Christ of Latter-day Saints, Oct. 8, 1866, Church History Library, Salt Lake City, Utah, ទំព័រ 6; មាននៅគេហទំព័រ lds.org/churchhistory/library/pioneercompanysearch ។

  8. Teachings of Presidents of the Church: Wilford Woodruff ( ឆ្នាំ 2004 ), ទំព័រ 82–83 ។

  9. Frank Driver Reeve, ed., London to Salt Lake City in 1866: The Diary of William Driver ( ឆ្នាំ 1942 ), ទំព័រ 42; មាននៅគេហទំព័រ mormonmigration.lib.byu.edu ។

  10. ឡូរែនសូ ស្នូ នៅក្នុង Conference Report ខែ តុលា ឆ្នាំ 1900 ទំព័រ 63 ។

រចនារូបភាពដោយ មៃឃើល ធី. ម៉ម និង ផ្ទាំងខាងក្រោយដោយ វែលឌិន ស៊ី. អេនឌើរសិន © IRI

ខាងឆ្វេង ៖ ប្រធាន ព្រិកហាំ យ៉ង់ ។ ខាងលើ ៖ យ៉ូសែប វេតសុន យ៉ង់ ។

ខាងស្ដាំ ៖ ប្រធាន យ៉ូហាន ថេលើរ ។ ខាងលើ ៖ ឌេន ចូនស៍ ។

នៅក្នុងរូបភាព ៖ ព្រិកហាំ យ៉ង់ ដោយ ចន វីលឡាដ ខ្លសុន រូប យ៉ូសែប វេតសុន យ៉ង់ ដោយបានការអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាស្រ្តសាសនាចក្រ រូប ឌេន ចូនស៍ © IRI; យ៉ូហាន ថេលើរ ដោយ អេ. វេសថ៍វូដ ដោយបានការអនុញ្ញាតជាផ្លូវការពីសារមន្ទីរប្រវត្តិសាស្រ្តសាសនាចក្រ

ខាងឆ្វេង ៖ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ។ ខាងលើ ៖ អែនឌ្រូវ ជិនសុន ។

ខាងស្ដាំ ៖ ប្រធាន ឡូរែនសូ ស្នូ ។ ខាងលើ ៖ វិល្លៀម ដ្រាយវើរ ។

នៅក្នុងរូបភាព ៖ វិលហ្វូឌ វូឌដ្រុព្វ ដោយ អេច. អ៊ី. ភិតធើរសុន © IRI រូប អែនឌ្រូវ ជិនសុន ដោយ ហារូដ ហូវែល ជិនសុន ដោយបានការអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាស្រ្តសាសនាចក្រ រូប វិល្លៀម ដ្រាយវើរ ដោយបានការអនុញ្ញាតជាផ្លូវការពីបណ្ណាល័យប្រវត្តិសាស្រ្តសាសនាចក្រ ឡូរែនសូ ស្នូ ដោយ លូវីស រេមស៊ី ដោយបានការអនុញ្ញាតជាផ្លូវការពីសារមន្ទីរប្រវត្តិសាស្រ្តសាសនាចក្រ © IRI