លម្អដោយគុណធម៌នៃការចេះសង្កត់ចិត្ត
ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាដោយស្មោះអស់ពីចិត្តឲ្យលម្អគំនិត និងដួងចិត្តរបស់យើង ដោយនូវគុណធម៌ដូចព្រះគ្រីស្ទនៃការចេះសង្កត់ចិត្ត ។
នៅខែឧសភា ឆ្នាំ២០២១ ខណៈពេលកំពុងមើលការងារជួសជុលព្រះវិហារបរិសុទ្ធ សលត៍ លេក ។ ប្រធាន រ័សុល អិម ណិលសុន បានស្ញប់ស្ញែងនឹងកិច្ចខិតខំរបស់អ្នកត្រួសត្រាយផ្លូវ ដែលមិនសូវមានធនធាន តែមានសេចក្ដីជំនឿដ៏ឥតងាករេ ដើម្បីសាងសង់អគារដ៏ពិសិដ្ឋ ជាស្នាដៃឯកខាងវិញ្ញាណ និងខាងសាច់ឈាមដែលឈរយ៉ាងមាំមួនរាប់រយឆ្នាំ ។ ប៉ុន្ដែលោកក៏បានសង្កេតឃើញផលប៉ះពាល់នៃការសឹកច្រេះផងដែរ ដែលយូរៗទៅវាបណ្តាលឲ្យមានប្រហោងនៅចន្លោះថ្មគ្រឹះដើមរបស់ព្រះវិហារបរិសុទ្ធ និងអស្ថិរភាពនៅក្នុងឥដ្ឋ និងកំបោរស៊ីម៉ង់ ដែលជាសញ្ញាយ៉ាងច្បាស់ពីតម្រូវការនៃការពង្រឹងរចនាសម្ព័ន្ធឡើងវិញ ។
បន្ទាប់មក ព្យាការីជាទីស្រឡាញ់របស់យើងបានបង្រៀនយើងថា ដូចដែលវាចាំបាច់ដើម្បីចាត់វិធានការសំខាន់ៗដើម្បីពង្រឹងគ្រឹះនៃព្រះវិហារបរិសុទ្ធ ដើម្បីឲ្យវាទប់ទល់នឹងកម្លាំងធម្មជាតិបានដែរ យើងក៏ចាំបាច់ត្រូវចាត់វិធានការពិសេស—ប្រហែលជាវិធានការដែលយើងមិនធ្លាប់ធ្វើពីមុនមក—ដើម្បីពង្រឹងគ្រឹះខាងវិញ្ញាណរបស់យើងផ្ទាល់នៅលើព្រះយេស៊ូវគ្រីស្ទ ។ នៅក្នុងសារលិខិតដ៏គួរឲ្យចងចាំរបស់លោក លោកបន្សល់ឲ្យយើងនូវសំណួរដ៏ស៊ីជម្រៅពីរសម្រាប់ការគិតពិចារណាផ្ទាល់ខ្លួន ៖ « តើគ្រឹះរបស់បងប្អូន រឹងមាំប៉ុនណាដែរ ? ហើយតើបងប្អូនត្រូវការការពង្រឹងទីបន្ទាល់ឡើងវិញ និងការយល់ដឹងពីដំណឹងល្អអ្វីខ្លះ ? »
ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទផ្តល់មធ្យោបាយដ៏បំផុសគំនិតមកពីព្រះ និងដ៏មានប្រសិទ្ធភាព ដើម្បីឲ្យយើងការពារខ្លួនពីការសឹកខាងវិញ្ញាណនៅក្នុងព្រលឹងរបស់យើង ពង្រឹងគ្រឹះរបស់យើងឡើងវិញប្រកបដោយអានុភាព និងជួយយើងកុំឲ្យមានប្រហោងនៅក្នុងសេចក្ដីជំនឿរបស់យើង និងកុំឲ្យមានអស្ថិរភាពទាំងនៅក្នុងទីបន្ទាល់ និងការយល់ដឹងរបស់យើងអំពីសេចក្ដីពិតដ៏ពិសិដ្ឋនៃដំណឹងល្អ ។ គោលការណ៍មួយដែលពាក់ព័ន្ធជាពិសេសដើម្បីសម្រេចបានគោលបំណងនេះ គឺនៅក្នុងកណ្ឌទី ១២ នៃព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ជាវិវរណៈដែលបានផ្តល់ឲ្យតាមរយៈព្យាការី យ៉ូសែប ស៊្មីធ ដល់ យ៉ូសែប ណៃត៍ ដែលជាបុរសដ៏សុចរិតដែលព្យាយាមយល់ពីព្រះទ័យរបស់ព្រះដោយសុទ្ធចិត្ត មិនមែនដើម្បីគ្រាន់តែផ្លាស់ប្តូរខាងក្រៅនោះទេ ប៉ុន្តែដើម្បីឈរយ៉ាងឥតងាករេក្នុងភាពជាសិស្សរបស់លោក—រឹងមាំដូចជាសសរនៃផ្ទៃមេឃ ។ ព្រះអម្ចាស់បានប្រកាស ៖
« មើលចុះ យើងមានបន្ទូលទៅកាន់អ្នក ហើយដល់អស់អ្នកណាដែលមានសេចក្ដីប៉ងប្រាថ្នាចង់នាំ និងតាំងកិច្ចការនេះឡើង
ហើយគ្មានអ្នកណាអាចជួយក្នុងកិច្ចការនេះបានឡើយ លើកលែងតែអ្នកនោះនឹងបន្ទាបខ្លួន ហើយពោរពេញទៅដោយសេចក្ដីស្រឡាញ់ ដោយមានសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ដោយសង្កត់ចិត្តក្នុងកិច្ចការគ្រប់យ៉ាង ដែលនឹងផ្ទុកផ្ដាក់ឲ្យគេថែរក្សា » ។
ការណែនាំរបស់ព្រះអង្គសង្គ្រោះ ដូចបានកត់ត្រានៅក្នុងវិវរណៈដ៏ពិសិដ្ឋនេះ រំឭកយើងថា ការចេះសង្កត់ចិត្តគឺជាការពង្រឹងឡើងវិញដ៏សំខាន់មួយសម្រាប់គ្រឹះដ៏មាំមួននៅលើព្រះយេស៊ូវគ្រីស្ទ ។ វាគឺជាគុណធម៌ដែលខានមិនបានមួយ មិនត្រឹមតែសម្រាប់អ្នកដែលត្រូវបានហៅឲ្យបម្រើនោះទេ ប៉ុន្ដែក៏សម្រាប់មនុស្សទាំងអស់ដែលបានចុះសេចក្ដីសញ្ញាដ៏ពិសិដ្ឋជាមួយព្រះអម្ចាស់ និងព្រមដើរតាមទ្រង់ដោយចិត្តស្មោះត្រង់ផងដែរ ។ ការចេះសង្កត់ចិត្តចុះសម្រុងគ្នា និងពង្រឹងដល់គុណលក្ខណៈដូចព្រះគ្រីស្ទផ្សេងទៀត ដូចបានលើកឡើងនៅក្នុងវិវរណៈនេះ ៖ ការបន្ទាបខ្លួន សេចក្ដីជំនឿ សេចក្ដីសង្ឃឹម សេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់ដ៏សុទ្ធសាធដែលហូរចេញពីទ្រង់មក ។ លើសពីនេះទៅទៀត ការរៀនចេះសង្កត់ចិត្តគឺជារបៀបដ៏មានអត្ថន័យមួយ ដើម្បីការពារព្រលឹងយើងប្រឆាំងនឹងការសឹកខាងវិញ្ញាណជាប្រចាំ ប៉ុន្ដែសឹងមើលមិនឃើញ ដោយសារឥទ្ធិពលខាងលោកិយ ដែលអាចធ្វើឲ្យគ្រឹះរបស់យើងលើព្រះយេស៊ូវគ្រីស្ទចុះខ្សោយ ។
ក្នុងចំណោមគុណសម្បត្តិដែលតែងលម្អសិស្សដ៏ពិតរបស់ព្រះគ្រីស្ទ ការចេះសង្កត់ចិត្តគឺជាការឆ្លុះបញ្ចាំងពីព្រះអង្គសង្គ្រោះផ្ទាល់ ជាផលផ្លែដ៏មានតម្លៃនៃព្រះវិញ្ញាណ ដែលមានសម្រាប់មនុស្សទាំងអស់ដែលបើកចិត្តទទួលឥទ្ធិពលដ៏ទេវភាព ។ វាគឺជាគុណធម៌ដែលនាំមកនូវភាពសុខដុមរមនាដល់ដួងចិត្ត តម្រែតម្រង់បំណងប្រាថ្នា និងសតិអារម្មណ៍ដោយមានប្រាជ្ញា និងចិត្តស្ងប់ ។ នៅក្នុងព្រះគម្ពីរ ការចេះសង្កត់ចិត្តត្រូវបានបង្ហាញថាជាផ្នែកដ៏សំខាន់មួយនៃការរីកចម្រើននៅលើដំណើរខាងវិញ្ញាណរបស់យើង ដែលនាំយើងទៅរកការមានចិត្តអំណត់ ភាពជាព្រះ និងសេចក្ដីមេត្តាករុណា ខណៈដែលរៀនបន្សុទ្ធអារម្មណ៍ ពាក្យសម្ដី និងសកម្មភាពរបស់យើង ។
សិស្សរបស់ព្រះគ្រីស្ទដែលខិតខំបណ្ដុះគុណលក្ខណៈដូចព្រះគ្រីស្ទនេះ មានការបន្ទាបខ្លួនកាន់តែខ្លាំងឡើង និងពោរពេញដោយសេចក្តីស្រឡាញ់ ។ កម្លាំងចិត្តដ៏ស្ងប់ដុះឡើងនៅក្នុងខ្លួនគេ ហើយពួកគេអាចទប់កំហឹង ចេះអត់ធ្មត់ និងប្រព្រឹត្តចំពោះអ្នកដទៃដោយចិត្តអត់ឱន ការគោរព និងសេចក្តីថ្លៃថ្នូរបានកាន់តែខ្លាំងឡើង ទោះបីជាខ្យល់នៃទុក្ខលំបាកបក់បោកយ៉ាងខ្លាំងក៏ដោយ ។ ពួកគេខិតខំចៀសមិនធ្វើសកម្មភាពទាំងកំរោលទេ ប៉ុន្តែជ្រើសរើសធ្វើសកម្មភាពដោយប្រាជ្ញាខាងវិញ្ញាណ ដឹកនាំដោយភាពស្លូតបូត និងឥទ្ធិពលដ៏ទន់ភ្លន់នៃព្រះវិញ្ញាណបរិសុទ្ធវិញ ។ តាមរបៀបនេះ ពួកគេមិនសូវរងការសឹកខាងវិញ្ញាណពេក ព្រោះដូចដែលសាវកប៉ុលបានបង្រៀនអ៊ីចឹង ពួកគេដឹងថា ពួកគេអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចម្រើនកម្លាំងដល់ពួកគេ សូម្បីតែពេលប្រឈមមុខនឹងការសាកល្បង ដែលអាចធ្វើឲ្យទីបន្ទាល់របស់ពួកគេអំពីទ្រង់រង្គោះរង្គើក៏ដោយ ។
នៅក្នុងសំបុត្ររបស់លោកទៅកាន់ទីតុស ប៉ុលបានផ្ដល់ដំបូន្មានដ៏ពិសិដ្ឋទាក់ទងនឹងលក្ខណៈសម្បត្តិរបស់មនុស្ស ដែលមានបំណងចង់តំណាងឲ្យព្រះអង្គសង្គ្រោះ និងធ្វើតាមព្រះទ័យរបស់ទ្រង់ដោយសេចក្តីជំនឿ និងការលះបង់ ។ លោកបានថ្លែងថា ពួកគេត្រូវមានចិត្តចៅរ៉ៅ មានចិត្តធ្ងន់ធ្ងរ សុចរិត និងបរិសុទ្ធ—ជាគុណសម្បត្តិដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឥទ្ធិពលនៃការចេះសង្កត់ចិត្ត ។
ប៉ុន្ដែប៉ុលបានព្រមានថា ពួកគេ « មិនត្រូវមានចិត្តមានះ ឆាប់ខឹង … [ និង ] ស៊ីសំណូកឡើយ » ។ បុគ្គលិកលក្ខណៈបែបនេះគឺផ្ទុយទៅនឹងព្រះរាជគំនិតរបស់ព្រះអង្គសង្គ្រោះ និងរារាំងការរីកចម្រើនខាងវិញ្ញាណដ៏ពិតប្រាកដ ។ នៅក្នុងបរិបទព្រះគម្ពីរនេះ « មិនត្រូវមានចិត្តមានះ » គឺជាបុគ្គលដែលមិនព្រមធ្វើសកម្មភាពដោយភាពក្រអឺតក្រទម និងអំនួត « មិនឆាប់ខឹង » គឺជាបុគ្គលដែលចៀសវាងពីសន្ទុះចិត្តពីធម្មជាតិឲ្យខឹង និងគ្មានអំណត់ ហើយ « មិនស៊ីសំណូក » សំដៅទៅលើបុគ្គលដែលបដិសេធឥរិយាបថទាស់ទែងគ្នា ប្រទូសរ៉ាយ និងឃោរឃៅទាំងខាងពាក្យសម្ដី រាងកាយ និងសតិអារម្មណ៍ ។ នៅពេលយើងខិតខំផ្លាស់ប្តូរឥរិយាបថរបស់យើងដោយមានសេចក្តីជំនឿ និងការបន្ទាបខ្លួន យើងអាចបោះយុថ្កាយ៉ាងរឹងមាំទៅនឹងសិលាដ៏រឹងមាំនៃព្រះគុណរបស់ទ្រង់ ហើយក្លាយជាគ្រឿងឧបករណ៍ដ៏បរិសុទ្ធ និងកែច្នៃនៅក្នុងព្រះហស្ដដ៏បរិសុទ្ធរបស់ទ្រង់ ។
ពេលពិចារណាពីតម្រូវការដើម្បីបណ្ដុះគុណធម៌នៃការចេះសង្កត់ចិត្ត ខ្ញុំចាំដល់ពាក្យរបស់នាងហាណា ជាម្តាយរបស់ព្យាការីសាំយូអែល—ជាស្ត្រីដែលមានសេចក្តីជំនឿដ៏មហិមា សូម្បីតែបន្ទាប់ពីការសាកល្បងយ៉ាងខ្លាំងក្ដី ក៏នាងបានថ្វាយបទចម្រៀងនៃការដឹងគុណដល់ព្រះអម្ចាស់ដែរ ។ នាងបានថ្លែងថា « កុំឲ្យពោលពាក្យអំនួតដ៏លើសលុបដូច្នេះទៀត កុំឲ្យមានសេចក្តីឃ្នើសឃ្នងចេញពីមាត់ឯងឡើយ ពីព្រោះព្រះយេហូវ៉ាទ្រង់ជាព្រះដែលជ្រាបទាំងអស់ គឺទ្រង់ហើយ ដែលថ្លឹងអស់ទាំងអំពើ » ។ បទចម្រៀងរបស់នាងគឺលើសពីការអធិស្ឋានទៅទៀត—វាគឺជាការអញ្ជើញដែលនាងផ្ដល់ឲ្យខ្លួនឯង ដើម្បីធ្វើសកម្មភាពដោយការបន្ទាបខ្លួន ការចេះគ្រប់គ្រងខ្លួនឯង និងអព្យាក្រឹត្យ ។ ហាណារំឭកយើងថា កម្លាំងខាងវិញ្ញាណដ៏ពិតមិនបង្ហាញឡើងតាមរយៈប្រតិកម្មដោយកំរោល ឬពាក្យសម្ដីក្រអឺតក្រទមនោះទេ ប៉ុន្ដែដោយអាកប្បកិរិយាចេះសង្កត់ចិត្ត ចេះគិតគូរវែងឆ្ងាយ ហើយស្របនឹងព្រះបញ្ញាញាណរបស់ព្រះអម្ចាស់ ។
ជារឿយៗ ពិភពលោកនេះតម្កើងឥរិយាបថដែលកើតពីការប្រទូសរ៉ាយ ភាពក្រអឺតក្រទម ការគ្មានចិត្តអំណត់ និងភាពហួសកម្រិត ជារឿយៗដោយការដោះសាអាកប្បកិរិយាបែបនោះថាជាសម្ពាធនៃជីវិតប្រចាំថ្ងៃ ហើយមានទំនោរទៅកាន់ការបញ្ជាក់ថាត្រឹមត្រូវ និងប្រជាប្រិយភាព ។ នៅពេលយើងងាកចេញពីគុណធម៌នៃការចេះសង្កត់ចិត្ត ហើយព្រងើយកន្ដើយនឹងឥទ្ធិពលដ៏ទន់ភ្លន់ និងមិនពុះកញ្ជ្រោលនៃព្រះវិញ្ញាណបរិសុទ្ធ ពេលយើងធ្វើសកម្មភាព និងនិយាយស្ដី នោះយើងងាយនឹងធ្លាក់ទៅក្នុងអន្ទាក់របស់សត្រូវ ដែលនាំយើងឲ្យចៀសមិនរួចពីការប្រើពាក្យសម្ដី និងបញ្ចេញអាកប្បកិរិយាដែលយើងនឹងសោកស្តាយយ៉ាងខ្លាំង មិនថានៅក្នុងទំនាក់ទំនងខាងសង្គម គ្រួសារ ឬសូម្បីតែក្នុងសាសនាចក្រក្ដី ។ ដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទអញ្ជើញយើងឲ្យអនុវត្តគុណធម៌នេះ ជាពិសេសនៅពេលជួបនឹងឧបសគ្គ ព្រោះវាជាក់ច្បាស់នៅក្នុងឱកាសទាំងនេះ ដែលចរិតលក្ខណៈពិតរបស់បុគ្គលម្នាក់ៗបង្ហាញចេញមក ។ ដូចដែល ម៉ាទីន លូធើរ ឃីង ជុញ្ញ័រ ធ្លាប់មានប្រសាសន៍ថា « រង្វាស់ចុងក្រោយរបស់មនុស្សម្នាក់ គឺមិនមែននៅកន្លែងដែលគាត់ឈរក្នុងគ្រាមានការលួងលោម និងភាពងាយស្រួលនោះទេ ប៉ុន្តែនៅកន្លែងដែលគាត់ឈរក្នុងគ្រាមានឧបសគ្គ និងការជំទាស់គ្នា » ។
ក្នុងនាមជារាស្ដ្រនៃសេចក្ដីសញ្ញា យើងត្រូវបានហៅឲ្យរស់នៅដោយមានដួងចិត្តចាក់ឫសយ៉ាងរឹងមាំនៅលើសេចក្ដីសន្យាដ៏ពិសិដ្ឋ ដែលយើងបានធ្វើជាមួយព្រះអម្ចាស់ ដោយការធ្វើតាមគំរូដែលទ្រង់បានដាក់មកយ៉ាងប្រុងប្រយ័ត្ន តាមរយៈគំរូដ៏ល្អឥតខ្ចោះរបស់ទ្រង់ ។ ជាថ្នូរមកវិញ ទ្រង់បានសន្យាថា « ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នេះគឺគោលលទ្ធិរបស់យើង ហើយអស់អ្នកណាដែលសង់នៅលើគោលលទ្ធិនេះ គឺសង់នៅលើថ្មដារបស់យើង ហើយទ្វារទាំងឡាយនៃស្ថាននរក នឹងពុំអាចឈ្នះលើអ្នកទាំងនោះបានឡើយ » ។
Let Not Your Heart Be Troubled [ កុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឡើយ ]ដោយ ហោវើត លីយ៉ន រូបភាពទទួលអាជ្ញាប័ណ្ណពី Havenlight
ការងារបម្រើរបស់ព្រះអង្គសង្គ្រោះនៅលើផែនដី ត្រូវបានសម្គាល់ដោយគុណធម៌នៃការចេះសង្កត់ចិត្តនៅគ្រប់ទិដ្ឋភាពទាំងអស់នៃចរិតលក្ខណៈរបស់ទ្រង់ ។ តាមរយៈគំរូដ៏ឥតខ្ចោះរបស់ទ្រង់ ទ្រង់បានបង្រៀនយើងឲ្យ « មានចិត្តអត់ធន់ក្នុងការឈឺចាប់ ចូរកុំជេរប្រមាថពួកអ្នកណាដែលជេរប្រមាថឡើយ » ។ ដូចដែលទ្រង់បានបង្រៀនថា យើងមិនចុះចាញ់កំហឹង ដោយសារតែជម្លោះ និងការទាស់ទែងគ្នាឡើយ ទ្រង់បានប្រកាសថា « អ្នកត្រូវតែប្រែចិត្ត ហើយក្លាយទៅដូចជាកូនក្មេង » ។ ទ្រង់ក៏បានបង្រៀនផងដែរថា មនុស្សទាំងអស់ដែលចង់មករកទ្រង់ ដោយមានគោលបំណងពេញលេញក្នុងចិត្ត ត្រូវតែស្រុះស្រួលជាមួយអ្នកដែលពួកគេខឹង ឬជាមួយអ្នកដែលមានអ្វីមួយប្រឆាំងនឹងពួកគេ » ។ ដោយមានឥរិយាបថចេះសង្កត់ចិត្ត និងដួងចិត្តពេញដោយក្ដីមេត្តាករុណា នោះទ្រង់បានធានាយើងថា នៅពេលគេប្រព្រឹត្តដាក់យើងដោយភាពឃោរឃៅ ចិត្តអាក្រក់ គ្មានការគោរព ឬការមើលស្រាល នោះសេចក្ដីសប្បុរសរបស់ទ្រង់នឹងមិនដែលឃ្លាតបាត់ពីយើងឡើយ ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់ទ្រង់ក៏មិនត្រូវរើចេញពីយើងដែរ ។
ពីរបីឆ្នាំមុន ភរិយាខ្ញុំ និងខ្ញុំមានអភ័យឯកសិទ្ធិដ៏ពិសិដ្ឋក្នុងការជួបជាមួយសមាជិកដ៏ស្មោះត្រង់មួយចំនួនក្នុងសាសនាចក្រនៅទីក្រុងម៉ិកស៊ីកូ ។ ពួកគេជាច្រើននាក់ ទាំងដោយផ្ទាល់ ឬតាមរយៈមនុស្សជាទីស្រឡាញ់របស់ពួកគេ បានរងការសាកល្បងជាច្រើនដែលមិនអាចរៀបរាប់បាន រួមទាំងការចាប់ជំរិត ឃាតកម្ម និងសោកនាដកម្មដ៏សោកសៅផ្សេងៗទៀត ។
នៅពេលយើងមើលមុខរបស់ពួកបរិសុទ្ធទាំងនោះ យើងមិនបានឃើញកំហឹង ការតូចចិត្ត ឬបំណងចង់សងសឹកវិញនោះទេ ។ ផ្ទុយទៅវិញ យើងឃើញការបន្ទាបខ្លួនដ៏ស្ងប់ស្ងាត់ ។ ទឹកមុខរបស់ពួកគេ ទោះជាដក់ស្លាកស្នាមដោយសារទុក្ខសោកក្ដី ក៏បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះសរចង់បានការព្យាបាល និងការលួងលោមដែរ ។ ទោះជាដួងចិត្តរបស់ពួកគេប្រេះស្រាំដោយសារការរងទុក្ខក៏ដោយ ក៏ពួកបរិសុទ្ធទាំងនេះបានឆ្ពោះទៅមុខដោយសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទ ដោយការជ្រើសរើសមិនអនុញ្ញាតឲ្យទុក្ខលំបាករបស់ពួកគេក្លាយជាចន្លោះប្រហោងនៅក្នុងសេចក្ដីជំនឿរបស់ពួកគេ ឬបណ្តាលឲ្យមានអស្ថិរភាពនៅក្នុងទីបន្ទាល់របស់ពួកគេអំពីដំណឹងល្អឡើយ ។
នៅចុងបញ្ចប់នៃការជួបជុំដ៏ពិសិដ្ឋនោះ យើងបានចាប់ដៃពួកគេម្ដងម្នាក់ៗ ។ រាល់ការចាប់ដៃ រាល់ការឱប បានក្លាយជាទីបន្ទាល់ដ៏ស្ងប់ស្ងាត់មួយ ហើយដោយមានជំនួយពីព្រះអម្ចាស់ យើងអាចជ្រើសរើសឆ្លើយតបដោយការសង្កត់ចិត្តចំពោះចិត្តអន្ទះសា និងឧបសគ្គនានាក្នុងជីវិត ។ គំរូដ៏ស្ងប់ស្ងាត់ និងមិនចេះអួតអាងរបស់ពួកគេ គឺជាការអញ្ជើញដ៏ទន់ភ្លន់មួយឲ្យដើរតាមមាគ៌ារបស់ព្រះអង្គសង្គ្រោះ ដោយចេះសង្កត់ចិត្តក្នុងគ្រប់ការណ៍ទាំងអស់ ។ យើងទទួលអារម្មណ៍ថា យើងហាក់ដូចស្ថិតនៅក្នុងវត្តមានរបស់ទេវតា ។
ព្រះយេស៊ូវគ្រីស្ទ ជាអង្គដ៏ធំមហិមាបំផុតលើសអ្វីទាំងអស់ បានរងទុក្ខសម្រាប់យើង រហូតដល់ទ្រង់ហូរព្រះលោហិតតាមគ្រប់រន្ធញើស ប៉ុន្ដែទ្រង់មិនដែលអនុញ្ញាតឲ្យកំហឹងដុតបញ្ឆេះព្រះទ័យរបស់ទ្រង់ឡើយ ហើយក៏មិនដែលបញ្ចេញពាក្យប្រទូសរ៉ាយ មើលងាយ ឬប្រមាថចេញពីព្រះឱស្ឋរបស់ទ្រង់ដែរ ទោះជាស្ថិតក្នុងការរងទុក្ខក្ដី ។ ដោយចេះសង្កត់ចិត្តយ៉ាងឥតខ្ចោះ និងមានភាពស្លូតបូតគ្មានអ្វីប្រៀបបាន ទ្រង់មិនដែលគិតអំពីព្រះអង្គទ្រង់ឡើយ គឺគិតដល់តែបុត្រាបុត្រីរបស់ព្រះប៉ុណ្ណោះ—នៅអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ។ សាវកពេត្រុសបានថ្លែងទីបន្ទាល់អំពីឥរិយាបថដ៏អស្ចារ្យរបស់ព្រះគ្រីស្ទ នៅពេលលោកប្រកាសថា « កាលគេបានជេរប្រមាថដល់ទ្រង់ នោះទ្រង់មិនបានជេរតបវិញទេ ខណៈដែលទ្រង់រងទុក្ខ នោះក៏មិនបានគំហកកំហែងដល់គេដែរ គឺបានប្រគល់ព្រះអង្គទ្រង់ទៅព្រះ ដែលជំនុំជម្រះដោយសុចរិតវិញ » ។ សូម្បីតែនៅកណ្តាលការឈឺចាប់ដ៏ខ្លាំងបំផុតរបស់ទ្រង់ ក៏ព្រះអង្គសង្គ្រោះបានបង្ហាញនូវការចេះសង្កត់ចិត្តដ៏ល្អឥតខ្ចោះ និងដ៏ទេវភាពដែរ ។ ទ្រង់ប្រកាសថា « ទោះជាយ៉ាងណាក៏ដោយ សូមព្រះវរបិតាបានសិរីល្អ ហើយយើងបានទទួលទាន និងសម្រេចការរៀបចំរបស់យើងចំពោះកូនចៅមនុស្ស » ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំសូមអញ្ជើញយើងទាំងអស់គ្នាដោយស្មោះអស់ពីចិត្តឲ្យលម្អគំនិត និងដួងចិត្តរបស់យើង ដោយនូវគុណធម៌ដូចព្រះគ្រីស្ទនៃការចេះសង្កត់ចិត្ត ជាការឆ្លើយតបដ៏ពិសិដ្ឋទៅកាន់ការអំពាវនាវរបស់ព្យាការីជាទីស្រឡាញ់របស់យើងគឺប្រធាន រ័សុល អិម ណិលសុន ។ នៅពេលយើងខិតខំដោយសេចក្តីជំនឿ និងការឧស្សាហ៍ព្យាយាមដើម្បីត្បាញការចេះសង្កត់ចិត្តទៅជាសកម្មភាព និងពាក្យសម្តីរបស់យើង ខ្ញុំសូមធ្វើទីបន្ទាល់ថា យើងនឹងពង្រឹង និងបោះយុថ្កាជីវិតរបស់យើងនៅលើគ្រឹះដ៏ពិតប្រាកដរបស់ព្រះប្រោសលោះយើងបានកាន់តែមានសុវត្ថិភាព ។
ខ្ញុំសូមថ្លែងទីបន្ទាល់យ៉ាងមុតមាំថា ការខិតខំជានិច្ចដើម្បីចេះសង្កត់ចិត្ត នឹងបន្សុទ្ធព្រលឹង និងដួងចិត្តរបស់យើងនៅចំពោះព្រះភក្រ្ដព្រះអង្គសង្គ្រោះ ដោយទាញយើងយ៉ាងទន់ភ្លន់ឲ្យខិតកាន់តែជិតទ្រង់ និងរៀបចំពួកយើងសម្រាប់ថ្ងៃដ៏រុងរឿងនោះ ដោយមានសេចក្តីសង្ឃឹម និងសេចក្ដីសុខសាន្ដ នៅពេលយើងនឹងជួបទ្រង់នៅឯការយាងមកជាលើកទីពីររបស់ទ្រង់ ។ ខ្ញុំសូមចែកចាយពាក្យដ៏ពិសិដ្ឋទាំងនេះនៅក្នុងព្រះនាមនៃព្រះអង្គសង្គ្រោះរបស់យើង គឺព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕