បង្វែរដួងចិត្តរបស់បងប្អូនទៅរកព្រះយេស៊ូវគ្រីស្ទ ៖ តន្រ្តីអង្គការបឋមសិក្សាជាអំណោយដ៏ពិសិដ្ឋ
ចម្រៀងអង្គការបឋមសិក្សាទាំងនោះគឺជាទេសនកថាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ទីបន្ទាល់ចំពោះសេចក្តីពិតនៃដំណឹងល្អដែលបានស្តារឡើងវិញ និងជាការអធិស្ឋានដែលបានបង្កើតជាតន្ត្រី ។
ពរជ័យមួយក្នុងចំណោមពរជ័យទាំងឡាយនៃការបម្រើរបស់ខ្ញុំនៅក្នុងអង្គការបឋមសិក្សាគឺថា ដួងចិត្តរបស់ខ្ញុំបានរៀនស្រឡាញ់នៅក្នុងភាសាដែលខ្ញុំមិនចេះនិយាយ ។ ខ្ញុំបានរកឃើញសេចក្តីអំណរក្នុងការប្រាស្រ័យទាក់ទងជាមួយបងប្អូនពួកបរិសុទ្ធ តាមរយៈភាសានៃតន្ត្រីដ៏ពិសិដ្ឋដែលបានចែកចាយ ។ ហើយជាពិសេសតាមរយៈបទចម្រៀងសាមញ្ញៗរបស់អង្គការបឋមសិក្សា ព្រះវិញ្ញាណបរិសុទ្ធបានធ្វើឲ្យខ្ញុំអាចយកឈ្នះឧបសគ្គខាងភាសា ហើយបានបំពេញដួងចិត្តខ្ញុំដោយការទទួលអារម្មណ៍ និងការខ្សឹបប្រាប់របស់ទ្រង់ ។ នៅពេលកុមារច្រៀង នោះសេចក្តីស្រឡាញ់របស់ព្រះ និងព្រះរាជបុត្រារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ត្រូវបានប្រកាសដោយសេចក្តីពិតយ៉ាងច្បាស់ ចាក់ចូលទៅក្នុងដួងចិត្ត ។
ទោះបីជាខ្ញុំមិនបានធំឡើងនៅក្នុងអង្គការបឋមសិក្សាក៏ដោយ ក៏ព្រះវិញ្ញាណបានបង្រៀនខ្ញុំយ៉ាងឆាប់រហ័សអំពីភាពពិសិដ្ឋនៃបទចម្រៀងនោះ ហើយបទចម្រៀងទាំងនោះបានក្លាយជាផ្នែកមួយនៃការថ្វាយបង្គំផ្ទាល់ខ្លួនរបស់ខ្ញុំ ។ បទចម្រៀងអង្គការបឋមសិក្សាបានមានឥទ្ធិពលដ៏បរិសុទ្ធនៅក្នុងជីវិតរបស់ខ្ញុំ ហើយបានលើកព្រលឹងរបស់ខ្ញុំឡើង បង្រៀនខ្ញុំអំពីសេចក្តីពិតដ៏អស់កល្បជានិច្ច ហើយបាននាំខ្ញុំឲ្យខិតកាន់តែជិតព្រះអង្គសង្គ្រោះ និងដំណឹងល្អរបស់ទ្រង់ ។
ប្រធាន ដាល្លិន អេក អូក ធ្លាប់បានបង្រៀនថា « ការច្រៀងទំនុកតម្កើងគឺជាវិធីដ៏ល្អបំផុតមួយ ដើម្បីរៀនពីគោលលទ្ធិនៃដំណឹងល្អដែលបានស្តារឡើងវិញ » ។ ប្រសាសន៍ទាំងនោះគឺពិតសម្រាប់យើងទាំងអស់គ្នា ហើយក៏កាន់តែពិសេសសម្រាប់កុមារផងដែរ ។ តន្ត្រីអង្គការបឋមសិក្សាគឺជាឧបករណ៍ដ៏ទន់ភ្លន់បំផុតមួយរបស់ព្រះ សម្រាប់ជួយបណ្តុះគ្រាប់ពូជនៃទីបន្ទាល់ក្នុងដួងចិត្តសិស្សវ័យក្មេងរបស់ព្រះអង្គសង្គ្រោះ ។ មាតាបិតា ថ្នាក់ដឹកនាំ និងគ្រូបង្រៀនទាំងឡាយផ្តល់នូវការចិញ្ចឹមបីបាច់ទៅដល់គ្រាប់ពូជនោះ នៅពេលដែល ពួកគេថ្លែងទីបន្ទាល់ និង អញ្ជើញកុមារឲ្យថ្លែងទីបន្ទាល់ អំពីគ្រប់ការណ៍ទាំងឡាយដែលពួកគេកំពុងមកស្គាល់ អំពីព្រះវរបិតាសួគ៌ ព្រះរាជបុត្រាគឺព្រះយេស៊ូវគ្រីស្ទ និងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនៃការបម្រើរបស់ខ្ញុំ ខ្ញុំបានចំណាយពេលច្រៀង និងរៀនពីតន្ត្រីអង្គការបឋមសិក្សា ខណៈពេលគិតពិចារណាអំពីសំណួរមួយចំនួន ៖
-
តើបទចម្រៀងអង្គការបឋមសិក្សាដែលបានរៀននៅកុមារភាព អាចក្លាយជាភាសាខាងវិញ្ញាណដែលកុមារអាចប្រើដើម្បី ថ្លែងទីបន្ទាល់ ពេញមួយជីវិតរបស់ពួកគេដោយរបៀបណា ?
-
តើការច្រៀងពីសេចក្តីពិតនៃដំណឹងល្អ ជួយឲ្យកុមារ ចងចាំ ព្រះអម្ចាស់ដែលជាផ្នែកមួយនៃសេចក្តីសញ្ញារបស់ពួកគេ និងរៀបចំខ្លួនពួកគេសម្រាប់ពិធីបរិសុទ្ធទាំងឡាយរបស់ទ្រង់ដោយរបៀបណា ?។
-
តើបទចម្រៀងអង្គការបឋមសិក្សាអាចជួយ ចារឹកក្រឹត្យវិន័យរបស់ព្រះទុកក្នុងចិត្តរបស់កុមារទាំងនេះបានដោយរបៀបណា ?
នៅពេលចាប់ផ្តើមបង្កើតអង្គការបឋមសិក្សាក្នុង ឆ្នាំ១៨៧៨ ប្រធានដំបូងរបស់អង្គការនេះឈ្មោះ អូរ៉ាល់លៀ ស្ពែនសើរ រ៉ជើរ បានសង្កេតឃើញថា « ការច្រៀងគឺចាំបាច់ខ្លាំងណាស់ » ។ តន្ត្រីតែងតែជាចំណុចដ៏សំខាន់ក្នុងការបង្រៀនកុមារអំពីដំណឹងល្អ ។ បទចម្រៀងអង្គការបឋមសិក្សាអាចក្លាយជាភាសាខាងវិញ្ញាណដំបូងគេបង្អស់របស់កុមារ ដោយសារទំនុកភ្លេងដ៏សាមញ្ញ និងងាយចងចាំធ្វើឲ្យយល់ច្បាស់អំពីសេចក្តីពិតនៃដំណឹងល្អដែលមានក្នុងចម្រៀងទាំងនោះ ។ ចម្រៀងទាំងនេះមានឥទ្ធិពលនៅជាមួយកុមារពេញមួយជីវិត ដោយការក្លាយជាផ្នែកមួយនៃភាពជាសិស្សរបស់ពួកគេ និងជាវិធីសាមញ្ញមួយសម្រាប់ពួកគេដើម្បីធ្វើទីបន្ទាល់អំពីព្រះអង្គសង្គ្រោះ ។
ការបង្រៀនគោលលទ្ធិរបស់ព្រះយេស៊ូវគ្រីស្ទតាមរយៈបទចម្រៀង
ចម្រៀងអង្គការបឋមសិក្សាក៏អាចជាឧបករណ៍បង្រៀនគោលការណ៍ដ៏មានឥទ្ធិពលផងដែរ ។ ចម្រៀងខ្លះប្រាប់ពីដំណើររឿងនៃជីវិត និងការងារបម្រើរបស់ព្រះអង្គសង្គ្រោះ ។ ចម្រៀងខ្លះទៀតបង្រៀនអំពីគុណលក្ខណៈរបស់ទ្រង់ ដូចជាសេចក្តីជំនឿ សេចក្តីសង្ឃឹម និងសេចក្តីសប្បុរសរបស់ទ្រង់ ។ ហើយចម្រៀងដ៏ពិសិដ្ឋបំផុតថ្លែងទីបន្ទាល់អំពីដង្វាយធួនដ៏និរន្តររបស់ទ្រង់ និងសេចក្តីស្រឡាញ់ដែលហូរចេញមកពីទង្វើនៃសេចក្តីសង្គ្រោះនោះ ។
ព្យាការីម្នាក់របស់ព្រះអម្ចាស់គឺ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា « [ តន្ត្រី ] អាចបន្តមានឥទ្ធិពលសម្រាប់សេចក្តីល្អ លើសពីពេលវេលាដែលកុមារនៅតូចទៅទៀត ។ … « [ តន្ត្រី ] [ មាន ] អំណាចដើម្បីផ្ដល់ការបីបាច់ខាងវិញ្ញាណ ។ តន្ត្រីមានអំណាចដើម្បីព្យាបាល ។ តន្ត្រីមានអំណាចដើម្បីសម្របសម្រួលការថ្វាយបង្គំ តន្ត្រីអនុញ្ញាតឲ្យយើងជញ្ជឹងគិតអំពីដង្វាយធួន [ របស់ព្រះអង្គសង្រ្គោះ ] និងការស្ដារឡើងវិញនៃដំណឹងល្អ ជាមួយនិងគោលការណ៍ដ៏សង្គ្រោះ ព្រមទាំងពិធីបរិសុទ្ធដ៏លើកតម្កើងរបស់វា ។ តន្ត្រីផ្ដល់នូវអំណាចសម្រាប់យើងដើម្បីបង្ហាញគំនិតដែលប្រកបដោយការអធិស្ឋាន ហើយថ្លែងទីបន្ទាល់អំពីសេចក្ដីពិតដ៏ពិសិដ្ឋ » ។
ក្នុងនាមជាមាតាបិតា ថ្នាក់ដឹកនាំ និងគ្រូបង្រៀន កិច្ចខិតខំរបស់យើងរួមមានការជួយកុមារឲ្យទទួលបានពរជ័យដែលបានសន្យាទាំងនេះ តាមរយៈការបង្រៀនដោយចេតនាពីសេចក្តីពិតនៃដំណឹងល្អដែលមាននៅក្នុងតន្ត្រី ។ ប្រធាន ណិលសុន ក៏បានបង្រៀនផងដែរថា « កុមារអាចរៀនគោលលទ្ធិបានច្រើននៅពេលដែលពួកគេរៀនច្រៀងដូចការរៀនគោលលទ្ធិនៅក្នុងថ្នាក់រៀនផងដែរ » ។ បទចម្រៀងទាំងនេះអាចផ្តល់នូវអាងស្តុកនៃទេសនកថាពោរពេញដោយសេចក្តីជំនឿ ដែលចង្អុលបង្ហាញកុមារទៅកាន់ព្រះអង្គសង្គ្រោះ និងជួយពួកគេឲ្យបង្កើតជាការតាំងចិត្តចំពោះដំណឹងល្អរបស់ទ្រង់ ។
ព្រះគម្ពីរបង្រៀនថា បទចម្រៀងនៃពួកសុចរិតដែលចេញពីចិត្ត គឺជាសេចក្ដីត្រេកអរចំពោះព្រះអង្គសង្រ្គោះ ។ ខ្ញុំរំភើបជាខ្លាំងចំពោះភាពរីករាយដែលសំឡេងសិស្សវ័យក្មេងរបស់ព្រះអង្គសង្គ្រោះបន្លឺឡើង ។ ខ្ញុំដឹងថាបទចម្រៀងប្រកបដោយការអធិស្ឋានរបស់ពួកគេបានបន្លឺទៅដល់ស្ថានសួគ៌ ដែលជាការសម្តែងនូវសេចក្តីជំនឿដែលយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ឲ្យបញ្ជាក់ពីសេចក្តីពិតដ៏អស់កល្ប និងដ៏ទន់ភ្លន់ ហើយអញ្ជើញអ្នកដទៃដោយទន់ភ្លន់ឲ្យទទួលយកការហៅរបស់ព្រះអង្គសង្រ្គោះរបស់យើង ដើម្បីធ្វើតាមទ្រង់ និងត្រឡប់មកផ្ទះវិញ ។ ដូចអែលឌើរ ហែនរី ប៊ី អាវរិង បានរំឮកយើងថា គឺនៅក្នុងគ្រានោះហើយដែលការទទួលអារម្មណ៍ពីព្រះវិញ្ញាណ បង្ហាញភស្តុតាងដល់យើងពីដង្វាយធួនរបស់ព្រះអង្គសង្គ្រោះថាកំពុងដំណើរការនៅក្នុងជីវិតរបស់យើង ។
សេចក្តីពិតដក់ជាប់ក្នុងដួងចិត្ត
តន្ត្រីអង្គការបឋមសិក្សាអាចជាអព្ភូតហេតុមួយនៅជាប់ពេញមួយជីវិតក្នុងដំណើរនៃភាពជាសិស្សរបស់កុមាររបស់យើង ។ បទចម្រៀងដែលរៀននៅអាយុប្រាំមួយឆ្នាំមានឥទ្ធិពលនៅជាមួយយើង—ហើយអាចត្រឡប់មកវិញជាច្រើនទសវត្សរ៍ក្រោយនៅក្នុងគ្រានៃការសម្រេចចិត្ត ការល្បួង ទុក្ខព្រួយ ឬក្នុងក្តីអំណរ ។ ប្រហែលជាប៉ុន្មានឆ្នាំក្រោយមក ទំនុកច្រៀងនៃបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » អាចធ្វើជាយុថ្កាខាងវិញ្ញាណដែលបន្លឺសំឡេងបន្ទរនៃទីបន្ទាល់របស់សាវកប៉ុល អំពីភាពប្រាកដប្រជានៃសេចក្តីសន្យារបស់ព្រះចំពោះយើង ។ ឬវាអាចរំឭកយើងថា ដោយសារតែព្រះរក្សាសេចក្តីសន្យារបស់ទ្រង់ នោះសេចក្តីសញ្ញារបស់ទ្រង់ផ្តល់នូវការលួងលោមយ៉ាងខ្លាំង និងជាទីជម្រក ហើយអញ្ជើញយើងឲ្យដាក់ក្តីសង្ឃឹម និងការធានារបស់យើងយ៉ាងខ្ជាប់ខ្ជួនទៅលើព្រះយេស៊ូវគ្រីស្ទ និងទៅលើព្រះចេស្តាដ៏ធួនរបស់ទ្រង់ ។
សមាជិកទូទាំងពិភពលោក នៅក្នុងពេលមានការលំបាក តែងតែចងចាំ និងងាកទៅរកបទចម្រៀងអង្គការបឋមសិក្សាដែលពួកគេបានរៀនកាលពីកុមារ ។ សម្រាប់សមាជិកភាគច្រើន បទចម្រៀងទាំងនេះបានគាំទ្រការអភិវឌ្ឍន៍ដំបូងនៃសេចក្តីជំនឿរបស់ពួកគេទៅលើព្រះយេស៊ូវគ្រីស្ទ ហើយជាញឹកញាប់ជាកន្លែងដំបូងដែលការប្រែចិត្តជឿលើដំណឹងល្អរបស់ទ្រង់បានចាប់ផ្តើម ។ ឪពុកម្តាយ ថ្នាក់ដឹកនាំ និងគ្រូបង្រៀនទាំងឡាយបានចិញ្ចឹមបីបាច់សេចក្តីជំនឿនោះអស់រយៈពេលជាច្រើនឆ្នាំ តាមរយៈការបង្រៀន ការច្រៀង និងការថ្លែងទីបន្ទាល់ទៅកាន់កុមារដោយយកចិត្តទុកដាក់ ។
បងស្រីម្នាក់បានចែកចាយជាមួយខ្ញុំថា គាត់ស្រឡាញ់តន្ត្រីអង្គការបឋមសិក្សាណាស់ ហើយ ២០ឆ្នាំក្រោយមកគាត់បានឲ្យតម្លៃលើរឿងនោះ ព្រោះវាបានជម្រុញល្បឿននៃការបន្តការប្រែចិត្តជឿរបស់គាត់ទៅលើដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ សមាជិកម្នាក់ទៀតបានធ្វើបន្ទាល់ថា អង្គការបឋមសិក្សាបានដាំគ្រាប់ពូជតូចមួយនៃសេចក្តីជំនឿនៅពេលដែលគាត់នៅក្មេង ហើយនោះជាលទ្ធផលដែលគាត់អាចត្រឡប់មកសាសនាចក្ររបស់ព្រះអម្ចាស់វិញក្នុងវ័យ ៣០ឆ្នាំ ។ ព្រះអង្គសង្រ្គោះបានសន្យាថា « ព្រះដ៏ជាជំនួយ … នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី » ។ តន្ត្រីអង្គការបឋមសិក្សាអាចជាវិធីមួយដែលការសន្យានោះត្រូវបានបំពេញ ។
ចម្រៀងអង្គការបឋមសិក្សាជាទីស្រឡាញ់មួយទៀតពិពណ៍នាអំពីអំណាចនៃសេចក្តីជំនឿសាមញ្ញ និងទីបន្ទាល់ដ៏យូរអង្វែង ៖
នៅពេលដែលកុមារច្រៀង នោះពួកគេកំពុងបង្ហាញពីបំណងប្រាថ្នារបស់សិស្ស និងកំពុងរៀនតាមលំនាំនៃការរស់នៅតាមសេចក្តីសញ្ញា ។ ព្រះវិញ្ញាណអាចប្រើតន្ត្រីដើម្បីចារឹកសេចក្តីពិតដ៏អស់កល្បជានិច្ចនៅលើចិត្តដ៏ទន់ភ្លន់របស់ពួកគេ ។ ហើយនៅពេលវេលាមកដល់ កុមារអាចជ្រើសរើសដើម្បីនាំយក និងបង្វែរ ដួងចិត្ត និងជីវិតរបស់ពួកគេឆ្ពោះទៅរកព្រះយេស៊ូវគ្រីស្ទ តាមរយៈការធ្វើ និងការរក្សាសេចក្តីសញ្ញាដ៏ពិសិដ្ឋជាមួយនឹងទ្រង់ ។
ការចងចាំសេចក្តីសញ្ញា និងការរៀបចំខ្លួនសម្រាប់ពិធិបរិសុទ្ធ
តន្ត្រីដ៏ពិសិដ្ឋអាចជួយចារឹកគោលលទ្ធិរបស់ព្រះគ្រីស្ទទុកនៅក្នុងព្រលឹង និងរៀបចំយើងដើម្បីទទួលបានពិធីបរិសុទ្ធរបស់ទ្រង់ ។ តន្ត្រីដ៏ពិសិដ្ឋនោះភ្ជាប់គោលលទ្ធិរបស់ព្រះអង្គសង្គ្រោះទៅក្នុងការចងចាំរបស់យើង ហើយការចងចាំនោះភ្ជាប់ទៅនឹងភាពជាសិស្សរបស់យើងនៅក្នុងទ្រង់ ។
ក្នុងនាមជាថ្នាក់ដឹកនាំអង្គការបឋមសិក្សា យើងមានឱកាស និងការទទួលខុសត្រូវដ៏ពិសិដ្ឋ ដើម្បីធានាថា តន្ត្រីនៅក្នុងអង្គការបឋមសិក្សាត្រូវបានបង្រៀនដោយសេចក្តីអំណរ ជាមួយនឹងការយល់ដឹងអំពីគោលលទ្ធិ និងដោយព្រះវិញ្ញាណ ។ ការណ៍នេះរួមបញ្ចូលទាំងការអញ្ជើញកុមារឲ្យកត់សម្គាល់ពីអ្វីដែលពួកគេទទួលអារម្មណ៍នៅពេលពួកគេច្រៀង និងការជួយពួកគេឲ្យស្គាល់ថា អារម្មណ៍ទាំងនោះមកពីព្រះវិញ្ញាណបរិសុទ្ធ ។ កិច្ចខិតខំទាំងនេះជួយរៀបចំកុមាររបស់យើងសម្រាប់ពិធីបរិសុទ្ធដ៏ពិសិដ្ឋដូចជា ពិធីបុណ្យជ្រមុជទឹក និងពិធីបញ្ជាក់ ព្រមទាំងការបំផុសគំនិតឲ្យចងចាំអំពីសេចក្តីសញ្ញារបស់ពួកគេ នៅពេលពួកគេបន្តការសន្យារបស់ពួកគេចំពោះព្រះជាប្រចាំ ។
នៅយប់អាហារចុងក្រោយ បន្ទាប់ពីព្រះអង្គសង្គ្រោះបានចាត់តាំងពិធីសាក្រាម៉ង់ ម៉ាថាយកត់ត្រាថា « រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ » ។ ជារៀងរាល់សប្តាហ៍ សមាជិកដែលបានទទួលបុណ្យជ្រមុជទឹក និងពិធិបញ្ជាក់នៃសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអម្ចាស់ រួមទាំងកុមារដែលបានទទួលបុណ្យជ្រមុជទឹកដែលមានអាយុប្រាំបីឆ្នាំ រៀបចំខ្លួនដើម្បីទទួលទានសាក្រាម៉ង់របស់ព្រះអម្ចាស់ ។. តាមរយៈការច្រៀងតន្ត្រីដ៏ពិសិដ្ឋ ក្រុមជំនុំនៃបុត្រាបុត្រីរបស់ព្រះត្រូវបានផ្តល់ឱកាសដើម្បីរៀបចំចិត្តគំនិតរបស់ពួកគេសម្រាប់ពិធីបរិសុទ្ធដ៏ពិសិដ្ឋនោះ ដើម្បីលើកដាក់មកលើខ្លួនគេនូវព្រះនាមនៃព្រះរាជបុត្រារបស់ទ្រង់ ដើម្បីចងចាំទ្រង់ជានិច្ច ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ។
ការថ្លែងទីបន្ទាល់បញ្ចប់
ឱមិត្តជាទីស្រឡាញ់ ខ្ញុំសូមធ្វើទីបន្ទាល់ថា បទចម្រៀងអង្គការបឋមសិក្សាបង្រៀនអំពីសេចក្តីពិត និងគោលលទ្ធិដ៏អស់កល្បជានិច្ច ដែលដឹកនាំយើងទៅរកព្រះយេស៊ូវគ្រីស្ទ និងដំណឹងល្អរបស់ទ្រង់ ។ ខ្ញុំសូមអញ្ជើញបងប្អូនឲ្យពិចារណាថា តើមូលដ្ឋានគ្រឹះនៃសេចក្តីពិតអ្វីខ្លះ ដែលបានចារឹកចូលក្នុងដួងចិត្តរបស់បងប្អូនតាមរយៈ ការបង្រៀនដ៏សាមញ្ញនៃបទចម្រៀងទាំងនេះ និងធ្វើទីបន្ទាល់អំពីសេចក្តីពិតទាំងនោះទៅដល់សិស្សវ័យក្មេងបំផុតរបស់ព្រះអង្គសង្គ្រោះនៅពេលដែលបងប្អូនបង្រៀនពួកគេអំពីដំណឹងល្អនៃព្រះសិក្ខាបទតាមរយៈបទចម្រៀង ។
ខ្ញុំដឹងថាព្រះវរបិតារបស់យើង ដោយសេចក្តីស្រឡាញ់ដ៏អស់កល្បជានិច្ចរបស់ទ្រង់ បានបញ្ជូនព្រះរាជបុត្រាជាទីស្រឡាញ់របស់ទ្រង់មកផែនដី ដើម្បីបង្រៀនយើង ដើម្បីបង្ហាញផ្លូវដល់យើង និងដើម្បីប្រោសលោះយើងតាមរយៈដង្វាយធួនរបស់ទ្រង់ ។
ខ្ញុំដឹងថាជីវិត និងការងារបម្រើរបស់ព្រះអង្គសង្គ្រោះគឺពិតប្រាកដ និងផ្ទាល់ខ្លួន ។ ព្រះគម្ពីរមានពោរពេញទៅដោយដំណើររឿងនៃការព្យាបាល សេចក្តីសប្បុរស និងអព្ភូតហេតុរបស់ទ្រង់ ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ស្តាប់ឮ និងឆ្លើយតបការអធិស្ឋានដោយស្មោះត្រង់របស់បុត្រាបុត្រីរបស់ទ្រង់ មិនថាគេមានអាយុប៉ុន្មាន ស្ថិតក្នុងកាលៈទេសៈបែបណា ឬនិយាយភាសាអ្វីនោះទេ ។ ទ្រង់ស្តាប់ការទូលអង្វរដ៏ស្ងប់ស្ងាត់នៅក្នុងដួងចិត្តរបស់យើង ។
ខ្ញុំសូមធ្វើទីបន្ទាល់ថា នៅក្នុងសួនច្បារគែតសេម៉ានី ព្រះយេស៊ូវគ្រីស្ទបានទទួលបន្ទុកនៃអំពើបាប ទុក្ខព្រួយ និងការឈឺចាប់របស់យើង ។ ទ្រង់បានស្ម័គ្រព្រះទ័យរងទុក្ខដោយសារតែសេចក្តីស្រឡាញ់របស់ទ្រង់ចំពោះយើង ហើយបានធ្វើឲ្យយើងទទួលបានការលើកលែងទោស និងត្រឡប់ទៅផ្ទះវិញ ។
ខ្ញុំដឹងថាយើងគឺជាបុត្រាបុត្រីរបស់ព្រះ ដែលត្រូវបានបង្កើតឡើងតាមរូបអង្គទ្រង់ ដោយប្រទានឲ្យនូវសក្តានុពលដ៏ទេវភាព និងបានអញ្ជើញឲ្យត្រឡប់ទៅរស់នៅជាមួយនឹងទ្រង់វិញ ប្រសិនបើយើងជ្រើសរើសធ្វើតាមព្រះយេស៊ូវគ្រីស្ទ ។
ខ្ញុំដឹងថាព្រះយេស៊ូវគ្រីស្ទគឺជាគំរូដ៏ល្អឥតខ្ចោះរបស់យើង ហើយនៅពេលយើងធ្វើតាមទ្រង់តាមរយៈការបម្រើ ការអភ័យទោស និងការស្រឡាញ់អ្នកដទៃ នោះយើងប្រែក្លាយកាន់តែដូចជាទ្រង់ពីមួយថ្ងៃទៅមួយថ្ងៃ ។
ហើយខ្ញុំដឹងថា ព្រះវិហារបរិសុទ្ធរបស់ព្រះអម្ចាស់ គឺជាដំណាក់របស់ទ្រង់នៅទីនេះនៅលើផែនដី ។ នៅក្នុងព្រះវិហារបរិសុទ្ធទាំងនេះ យើងធ្វើសេចក្តីសញ្ញាដ៏ពិសិដ្ឋ ទទួលបានពរជ័យដ៏អស់កល្បជានិច្ច និងរៀនបន្ថែមពីទ្រង់ និងទទួលអារម្មណ៍កាន់តែច្រើនអំពីវត្តមានរបស់ទ្រង់ ។ ព្រះវិហារបរិសុទ្ធគឺជាកន្លែងនៃការរៀនសូត្រ ភាពសុខសាន្ត និងជាទីនៃការរៀបចំខ្លួនសម្រាប់ជីវិតរបស់យើង ។
ខ្ញុំសូមថ្លែងទីបន្ទាល់ថា ការខិតខំប្រឹងប្រែងដែលយើងធ្វើដើម្បីបង្រៀន និងច្រៀងបទចម្រៀងអង្គការបឋមសិក្សាទាំងនេះទៅដល់កុមាររបស់យើង មិនមែនគ្រាន់តែជាផ្នែកដ៏ល្អនៃទំនៀមទម្លាប់នៃសាសនារបស់យើងប៉ុណ្ណោះទេ ។ ទាំងនោះគឺជាទេសនកថាសម្រាប់សិស្សរបស់ព្រះយេស៊ូវគ្រីស្ទ ទីបន្ទាល់ចំពោះសេចក្តីពិតនៃដំណឹងល្អដែលបានស្តារឡើងវិញ និងជាការអធិស្ឋានដែលបានបង្កើតជាតន្ត្រី ។ តន្ត្រីដ៏ពិសិដ្ឋអាចបំភ្លឺពន្លឺនៃព្រះគ្រីស្ទដល់អ្នកស្តាប់ និងអាចជ្រាបចូលក្នុងបេះដូងរបស់អ្នកច្រៀង ។ មិត្តភក្តិជាទីស្រឡាញ់ ព្រះយេស៊ូវសព្វព្រះទ័យឲ្យយើងធ្វើជាពន្លឺ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ដូច្នោះ នៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕