ចូរឲ្យបានជាមេត្រីនឹងព្រះចុះ
ការមានមេត្រីនឹងព្រះ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នាំមកនូវសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួន ។
នៅពេលខ្ញុំសិក្សាព្រះគម្ពីរ ខ្ញុំបានជួបនឹងពាក្យពេចន៍ដែលបានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំ មូលហេតុចម្បងនោះគឺដោយសារពាក្យទាំងនោះមាននូវអត្ថន័យពិសេស ដែលជាលទ្ធផលនៃបទពិសោធន៍ដែលខ្ញុំបានមាននៅក្នុងជីវិតរបស់ខ្ញុំ ។ ខ្ញុំបានចំណាយពេលក្នុងអាជីពការងាររបស់ខ្ញុំ ធ្វើជាអ្នកជំនាញស៊ើបអង្កេតកំណត់ត្រាហិរញ្ញវត្ថុ ។ ដោយមានបទពិសោធន៍ផ្នែកនោះ ពាក្យ មេត្រី បានទាក់ទាញចំណាប់អារម្មណ៍ខ្ញុំ កាលខ្ញុំអានព្រះគម្ពីរ ។ ការងាររបស់ខ្ញុំគឺផ្ទៀងផ្ទាត់នូវចំនួនហិរញ្ញវត្ថុដែលបានរាយការណ៍ ជាមួយនឹងកំណត់ត្រាហិរញ្ញវត្ថុដោយការអនុវត្ដជំនាញគណនេយ្យ សវនកម្ម និងស៊ើបអង្កេត ។ ក្នុងន័យមួយទៀត គោលដៅរបស់ខ្ញុំគឺផ្ទៀងផ្ទាត់ភាពស៊ីសង្វាក់គ្នារវាងរបាយការណ៍ហិរញ្ញវត្ថុជាមួយនឹងឯកសារគាំទ្រហិរញ្ញវត្ថុ ដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវ និងសុពលភាព ។ ខ្ញុំបានខ្នះខ្នែងយ៉ាងឧស្សាហ៍ព្យាយាមក្នុងការដោះស្រាយនូវភាពមិនស៊ីសង្វាក់គ្នាទាំងនោះ ហើយវាជារឿងធម្មតាទេ ដែលត្រូវការពេលវេលាច្រើនក្នុងការដោះស្រាយ សូម្បីតែមានភាពមិនស៊ីសង្វាក់តូចមួយក្ដី ។
សាវកប៉ុលបានអង្វរទៅកាន់ពួកកូរិនថូសថា ចូរ « ឲ្យបានជាមេត្រីនឹងព្រះចុះ » ។ ចូរឲ្យបានជាមេត្រីនឹងព្រះ មានន័យថា មកឲ្យមានភាពសុខដុមរមនាជាមួយនឹងព្រះវិញ ឬស្ដារឡើងវិញនូវទំនាក់ទំនងជាមួយនឹងព្រះ ដែលបានដាច់ឆ្ងាយ ឬបែកបាក់ដោយសារតែអំពើបាប ឬសកម្មភាពរបស់យើង ។ ដោយសាមញ្ញ ចូរឲ្យបានជាមេត្រីនឹងព្រះ នោះមានន័យថា ការតម្រង់ឆន្ទៈ និងសកម្មភាពរបស់យើងជាមួយនឹងព្រះឆន្ទៈរបស់ព្រះ ឬការទុកឲ្យព្រះឈ្នះនៅក្នុងជីវិតរបស់យើង ដូចដែលបានបង្រៀនដោយព្យាការីជាទីស្រឡាញ់របស់យើង ប្រធាន រ័សុល អិម ណិលសុន ។
ដូចដែលបានបង្រៀននៅក្នុងព្រះគម្ពីរ យើងមានសេរីភាពដើម្បីធ្វើអ្វីៗសម្រាប់ខ្លួនយើង « ដើម្បីរើសយកផ្លូវទៅឯសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច ឬក៏ផ្លូវទៅឯជីវិតដ៏នៅអស់កល្បជានិច្ច » ។ ប៉ុន្ដែបើយើងមិនឧស្សាហ៍ព្យាយាមនោះទេ សេរីភាពដើម្បីធ្វើអ្វីៗសម្រាប់ខ្លួនយើងនេះ អាចនាំទៅរកការបាត់បង់ភាពឯកភាពគ្នាជាមួយនឹងឆន្ទៈរបស់ព្រះ ។
ព្យាការីយ៉ាកុបបានបង្រៀនថា នៅពេលយើងឃើញថា ខ្លួនរបស់យើងស្ថិតនៅក្នុងភាពមិនឯកភាពគ្នា ឬមិនចុះចូលជាមួយនឹងព្រះ នោះរបៀបតែមួយគត់ដែលយើងអាចសម្រេចបាននូវមេត្រីភាពគឺ ការ « ស្រុះស្រួលនឹង[ ព្រះ ] តាមរយៈដង្វាយធួននៃព្រះគ្រីស្ទ » ។ យើងត្រូវតែដឹងថា ការមានមេត្រីគឺពឹងផ្អែកទៅលើសេចក្ដីមេត្ដាករុណា មានន័យថាការធ្វើដង្វាយធួនដ៏មហិមារបស់ព្រះយេស៊ូវគ្រីស្ទ ធ្វើឲ្យមេត្រីភាពអាចកើតមានឡើងបាន ។
នៅពេលបងប្អូនជញ្ជឹងគិតពីជីវិតរបស់បងប្អូនផ្ទាល់ សូមគិតអំពីគ្រាមួយដែលបងប្អូនមានអារម្មណ៍ថា នៅឆ្ងាយពីព្រះវរបិតាសួគ៌ដោយសារបងប្អូនបានចាកចេញឆ្ងាយពីទ្រង់ ។ ឧទាហរណ៍ ប្រហែលបងប្អូនមានភាពឧស្សាហ៍តិចជាងមុននៅក្នុងការអធិស្ឋានរបស់បងប្អូនទៅកាន់ទ្រង់ ឬនៅក្នុងការកាន់តាមបទបញ្ញត្ដិរបស់ទ្រង់ ។ នៅពេលយើងជ្រើសរើសចាកចេញឆ្ងាយពីព្រះ នោះយើងត្រូវតែជ្រើសរើសផ្ដួចផ្ដើមការខិតខំប្រឹងប្រែងដើម្បីឲ្យមានមេត្រីនឹងទ្រង់វិញ។ ព្រះអម្ចាស់បានសង្កត់ធ្ងន់លើទំនួលខុសត្រូវរបស់យើង នៅពេលទ្រង់បានមានព្រះបន្ទូល ៖ « ចូរចូលមកជិតយើង នោះយើងនឹងចូលទៅជិតអ្នក ចូរព្យាយាមស្វែងរកយើង នោះអ្នករាល់គ្នានឹងបានជួបយើង ចូរសូម នោះអ្នករាល់គ្នានឹងបានទទួល ចូរគោះ នោះតែងនឹងបានបើកឲ្យអ្នក » ។
តើព្រះអង្គសង្គ្រោះជួយយើងឲ្យស្ដារ និងផ្សះផ្សាទំនាក់ទំនងដ៏សំខាន់នេះដោយរបៀបណា ? សម្រាប់ខ្ញុំ ខ្ញុំបានធ្វើឲ្យដំណើររបស់ខ្ញុំមានភាពរីកចម្រើនយ៉ាងខ្លាំងដើម្បីមានមេត្រីនឹងព្រះ នៅពេលខ្ញុំធ្វើតាមការទូន្មានរបស់ប្រធាន ណិលសុន ហើយប្រែចិត្ដជារៀងរាល់ថ្ងៃ ។ ហេតុផលនោះគឺដោយសារការមានមេត្រីភាពបង្ហាញនូវការស្ដារឡើងវិញនូវទំនាក់ទំនងដែលបែកបាក់ ជាពិសេសរវាងព្រះ និងមនុស្សជាតិ តាមរយៈការយកចេញនូវរនាំងនៃអំពើបាប ។
ការមានមេត្រីដ៏អស្ចារ្យមួយដែលយើងបានអាននៅក្នុងព្រះគម្ពីរគឺអំពីអេណុស ។ មានអ្វីមួយនៅក្នុងជីវិតរបស់គាត់មិនស្របនឹងព្រះនោះទេ ។ គាត់ជាឧទាហរណ៍នៃការពឹងផ្អែកលើដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ដើម្បីចុះចូលនឹងព្រះ ។ គាត់បានពណ៌នានូវបំណងប្រាថ្នារបស់គាត់នៅក្នុងការប្រែចិត្ដ ភាពរាបសារបស់គាត់ ការផ្ដោតរបស់គាត់ និងការតាំងចិត្ដរបស់គាត់ ។ មេត្រីភាពរបស់គាត់ជាមួយនឹងព្រះ បានបញ្ជាក់នៅពេលមានសំឡេងមួយបន្លឺមករកគាត់ ដោយមានព្រះបន្ទូលថា « អេណុស បាបទាំងឡាយរបស់អ្នកត្រូវបានអត់ទោសឲ្យហើយ ហើយអ្នកនឹងបានពរ » ។ អេណុសបានទទួលស្គាល់នូវឥទ្ធិពលនៃការប្រែចិត្ដ និងមេត្រីភាពដែលបានមានមកលើគាត់ នៅពេលគាត់បាននិយាយថា « ហើយខ្ញុំ អេណុស ដឹងថា ព្រះពុំកុហកឡើយ ហេតុដូច្នោះហើយ ទោសរបស់ខ្ញុំបានបំបាត់ចោលទៅ » ។
មេត្រីភាពមិនត្រឹមតែនាំមកនូវភាពធូរស្បើយពីអារម្មណ៍ខុសឆ្គងនោះទេ ប៉ុន្ដែក៏នាំមកនូវភាពសុខសាន្ដនៅក្នុងខ្លួនយើង និងជាមួយអ្នកដទៃផងដែរ ។ វាផ្សះផ្សាទំនាក់ទំនង បន្ទន់ដួងចិត្ដ និងពង្រឹងភាពជាសិស្សរបស់យើង ដោយនាំឲ្យមានការកើនឡើងនូវទំនុកចិត្ដនៅចំពោះមុខព្រះ ។ អ្វីមួយដែលនាំមកនូវក្ដីសង្ឃឹមដ៏ធំ និងទំនុកចិត្ដមកដល់ខ្ញុំនោះគឺ ផលផ្លែមួយផ្សេងទៀតនៃមេត្រីភាព ដែលបានពិពណ៌នាដោយអេណុស នៅពេលគាត់បាននិយាយថា « ហើយបន្ទាប់ពីខ្ញុំ អេណុស បានឮពាក្យទាំងនេះរួចហើយ នោះសេចក្ដីជំនឿរបស់ខ្ញុំ ក៏ខ្ជាប់ខ្ជួនទៅលើព្រះអម្ចាស់ » ។
កាលខ្ញុំនៅក្មេង ជីដូនខាងម្ដាយខ្ញុំមានចម្ការដើមសេរីហ្សដ៏ធំមួយ ។ ខ្ញុំបានមានឱកាសទៅធ្វើការនៅក្នុងចម្ការនោះ ភាគច្រើនគឺនៅរដូវក្ដៅជាអំឡុងពេលប្រមូលផលផ្លែសេរីហ្ស ។ នៅជាក្មេងតូច អ្វីដែលខ្ញុំអាចធ្វើបានគឺបានយកធុងមួយ ហើយឡើងលើដើមសេរីហ្សដើម្បីបេះផ្លែនោះ ។
ការប្រមូលផលផ្លែសេរីហ្សបានផ្លាស់ប្ដូរជាខ្លាំង នៅពេលដែលជីតារបស់ខ្ញុំបានទិញម៉ាស៊ីនមួយដែលហៅថា ម៉ាស៊ីនអង្រួនដើមសេរីហ្ស ។ ម៉ាស៊ីននេះចាប់គល់របស់ដើមសេរីហ្ស ហើយអង្រួនវា ធើ្វឲ្យផ្លែសេរីហ្សធ្លាក់ពីដើមចូលទៅក្នុងសំណាញ់ដែលប្រើសម្រាប់ប្រមូលផ្លែសេរីហ្ស ។ ខ្ញុំបានកត់សម្គាល់ថា នៅពេលម៉ាស៊ីនអង្រួននោះចាប់ផ្ដើមអង្រួនដើមសេរីហ្ស ភាគច្រើននៃផ្លែសេរីហ្សធ្លាក់ចេញពីដើមក្នុងរយៈពេលពីរបីវិនាទី ។ ខ្ញុំក៏កត់សម្គាល់ផងដែរថា វាមិនសំខាន់ទេថា ដើមឈើនោះត្រូវបានអង្រួនរយៈពេល១០វិនាទី ឬមួយនាទីពេញ ផ្លែសេរីហ្សខ្លះនៅតែមិនធ្លាក់មកដដែល ។ ផ្លែទាំងនោះគឺនៅតែជាប់នឹងដើម ។
ការអង្រួនផ្លែសេរីហ្សចេញពីដើមគឺអាចទៅរួចបានដោយការបញ្ចេញនូវសារធាតុអេទីឡែន ។ អរម៉ូននេះបណ្ដាលឲ្យស្រទាប់នៃកោសិការវាងទងសេរីហ្ស និងដើមសេរីហ្សចុះខ្សោយ ។ ដូចនោះហើយ ទងនៃផ្លែសេរីហ្សទុំងាយនឹងដាច់ចេញពីដើម ដោយសារតែទំនាក់ទំនងចុះខ្សោយ ។
នៅក្នុងព្រះគម្ពីរ យើងរៀនថា គល់របស់អ៊ីសាយគឺប្រៀបប្រដូចនឹងព្រះមែស៊ី ព្រះយេស៊ូវគ្រីស្ទ ជាអង្គដែលត្រូវបានព្យាករថា មកពីពូជពង្សអ៊ីសាយ ជាឪពុករបស់ស្ដេចហ្លួងដាវីឌ ។ ដូចដែលសារធាតុអេទីឡែនធ្វើឲ្យទំនាក់ទំនងរបស់ទងសេរីហ្សទុំចុះខ្សោយ នោះការមិនគោរពប្រតិបត្ដិ ភាពសង្ស័យ និងភាពភ័យខ្លាចអាចធ្វើឲ្យទំនាក់ទំនងរបស់យើងជាមួយនឹងគល់របស់អ៊ីសាយ ឬព្រះយេស៊ូវគ្រីស្ទចុះខ្សោយ ដែលអនុញ្ញាតឲ្យយើងងាយនឹងញាប់ញ័រ ហើយបែកចេញពីទ្រង់ ។ មិនថាយើងស្មោះត្រង់ប៉ុនណានោះទេ យើងត្រូវតែទប់ស្កាត់ការចុះខ្សោយនៃទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។
នៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា សូម្បីតែអ្នកស្មោះត្រង់ក៏ត្រូវបានព្រមាន ៖ « ប៉ុន្ដែមានផ្លូវដែលមនុស្សអាចធ្លាក់ចេញពីព្រះគុណ ហើយបោះបង់ព្រះដ៏មានព្រះជន្មរស់នៅ » ។ ព្រះអម្ចាស់បន្ដមានព្រះបន្ទូល « មែនហើយ … ចូរឲ្យអស់អ្នកណាដែលបានញែកចេញជាបរិសុទ្ធប្រយ័ត្នផងចុះ » ។ ដើម្បីចៀសវាងការធ្លាក់ ព្រះអម្ចាស់ទូន្មាន « ហេតុដូច្នេះហើយ ចូរឲ្យសាសនាចក្រប្រយ័ត្ន ហើយអធិស្ឋានជានិច្ច ក្រែងពួកគេធ្លាក់ទៅក្នុងសេចក្ដីល្បួង » ។
មនុស្សម្នាក់អាចគិតថា ស្ថានភាពនៃការងាយញាប់ញ័រគឺដូចគ្នាទៅនឹងអ្វីដែលព្រះគម្ពីរពិពណ៌នាថា បានទុំចំពោះការបំផ្លិចបំផ្លាញដែលនឹងមកដល់ ដែលជាលទ្ធផលនៃសកម្មភាពរបស់ពួកគេ ។ ឃ្លានេះក៏អាចប្រើបានយ៉ាងទូលំទូលាយ ដើម្បីចង្អុលបង្ហាញពីស្ថានភាពផុយស្រួយ ពុករលួយ ឬចុះខ្សោយដែលធ្វើឲ្យអ្វីមួយងាយនឹងរលំ ឬរងការបំផ្លិចបំផ្លាញ ។
តើការទុំនេះតំណាងឲ្យអ្វី ? តើវាមានន័យថា យើងនឹងទៅដល់ចំណុចមួយដែលយើងមិនអាចផ្លាស់ប្ដូរបានឬ ? ទេ ខ្ញុំគិតថាវាមានន័យថា យើងអាចទៅដល់ចំណុចមួយ នៅក្នុងពេលមួយដែលយើងមិនមានឆន្ទៈដើម្បីផ្លាស់ប្ដូរ ។ ថ្នាំបន្សាបសម្រាប់ការក្លាយជាទុំចំពោះការបំផ្លិចបំផ្លាញ គឺការធ្វើកិច្ចការទាំងនោះដែលនឹងពង្រឹងទំនាក់ទំនងរបស់យើងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ ។ ដូចដែលបានលើកឡើង ការប្រែចិត្ដបាននាំអេណុសទៅកាន់ចំណុចនៃសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួន ។ មានកម្លាំងនៅក្នុងការប្រែចិត្ដ—ការប្រែចិត្ដជាទៀងទាត់ ភ្លាមៗ និងញឹកញាប់ ។ ដូចដែលប្រធាន ណិលសុន បានបង្រៀនយើង ៖ « គ្មានអ្វីដែលមានសេរីភាព ប្រពៃ ឬសំខាន់ចំពោះការរីកចម្រើនរបស់យើងម្នាក់ៗ ជាជាងការផ្ដោតទៅលើការប្រែចិត្តជាទៀងទាត់ និងប្រចាំថ្ងៃនោះទេ » ។
បន្ថែមពីលើការប្រែចិត្ដ ព្យាការីយ៉ាកុបបានបង្រៀនថា ការដឹងថាមានព្រះហស្ថរបស់ព្រះនៅក្នុងជីវិតរបស់យើង ការស្វែងរក និងទទួលវិវរណៈ និងការស្ដាប់ព្រះនៅពេលទ្រង់មានព្រះបន្ទូល ការណ៍ទាំងអស់នេះជួយយើងមិនឲ្យញាប់ញ័រ ។ យ៉ាកុបក៏បានបង្រៀនផងដែរថា « ហេតុដូច្នោះហើយ យើងពិចារណាមើលសេចក្ដីព្យាករណ៍នៃពួកព្យាការី ហើយយើងមានវិវរណៈទាំងឡាយ និងវិញ្ញាណនៃការព្យាករណ៍ ហើយដោយមានទីបន្ទាល់អស់ទាំងនេះ ទើបយើងមានសេចក្ដីសង្ឃឹម ហើយសេចក្ដីជំនឿរបស់យើងក៏ឥតញាប់ញ័រដែរ » ។ ការស្ដាប់ និងការធ្វើសកម្មភាពតាមប្រសាសន៍ និងការអញ្ជើញរបស់ព្យាការី និងពួកសាវកអាចបំពេញដល់យើងនូវសេចក្ដីសង្ឃឹម ទំនុកចិត្ដ និងកម្លាំង ដែលនាំឲ្យសេចក្ដីជំនឿរបស់យើងឥតញាប់ញ័រ ។
ខ្ញុំបានរៀនថា បំណងប្រាថ្នាដើម្បីបានជាមេត្រីនឹងព្រះ ត្រូវតែមានមកជាមួយនូវបំណងប្រាថ្នាដើម្បីប្រែចិត្ដ ។ ការប្រែចិត្ដ និងការដកពិសោធន៍នូវពរជ័យនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នាំមកសេចក្ដីជំនឿដែលឥតញាប់ញ័រ ។ សេចក្ដីជំនឿដ៏ឥតញាប់ញ័រនាំមកនូវបំណងប្រាថ្នាដែលចង់បានជាមេត្រីនឹងព្រះជានិច្ច ។ នេះគឺជាលំនាំវិលជុំ ឬដដែលៗ ។
បងប្អូនប្រុសស្រី ខ្ញុំសូមអញ្ជើញបងប្អូនឲ្យបានជាមេត្រីនឹងព្រះ តាមរយៈដង្វាយធួននៃព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ការចុះ និងការរក្សាសេចក្ដីសញ្ញាទាំងឡាយ ធ្វើឲ្យទំនាក់ទំនងរបស់យើងនឹងព្រះអង្គសង្គ្រោះរឹងមាំ ដូចនេះហើយចូរចៀសវាងពីការក្លាយជាទុំសុសចំពោះការបំផ្លិចបំផ្លាញ ។ ខ្ញុំថ្លែងទីបន្ទាល់ថា ការមានមេត្រីនឹងព្រះ តាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នាំមកនូវសេចក្ដីជំនឿដ៏ខ្ជាប់ខ្ជួន ។
ខ្ញុំដឹងថា ព្រះវរបិតាសួគ៌ស្រឡាញ់បងប្អូន និងខ្ញុំ ហើយទ្រង់បានចាត់ព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទ ឲ្យមកធ្វើជាព្រះអង្គសង្គ្រោះ ព្រះប្រោសលោះ និងអ្នកផ្សះផ្សាដ៏អស្ចារ្យរបស់យើង ។ ខ្ញុំថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ហើយធ្វើកិច្ចការនេះ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕