សន្និសីទទូទៅ
ព្រះយេស៊ូវគ្រីស្ទ និង​ការចាប់ផ្ដើម​ថ្មី​របស់​បងប្អូន
សន្និសីទ​ទូទៅ ខែ​តុលា ឆ្នាំ​២០២៥


14:20

ព្រះយេស៊ូវគ្រីស្ទ និង​ការចាប់ផ្ដើម​ថ្មី​របស់​បងប្អូន

យើង​ទាំងអស់​គ្នា​អាច​មាន​ការចាប់ផ្ដើម​ថ្មី​មួយ​តាមរយៈ និង​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ។ រួម​ទាំង​បងប្អូន​ផងដែរ ។

សេចក្តី​ថ្លែងការណ៍​ខាងបទគម្ពីរ​ដែល​មិន​ពេញលេញ​មួយ ៖ ព្រះយេស៊ូវ​បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ

ព្រះយេស៊ូវ « បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ » ។ យើង​អាន​របាយការណ៍​ដ៏​សាមញ្ញ​នោះ នៅក្នុង​គម្ពីរ​កិច្ចការ ។ ឱ​នោះ​គឺជា​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​មិន​បង្ហាញ​អត្ថន័យ​ដ៏​អស្ចារ្យ​ឲ្យ​បាន​ពេញលេញ​ឡើយ ! ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​បាន​យាង​ចុះ​ឡើង​ធ្វើ​ការល្អ​ប្រាកដ​មែន ! ទ្រង់​សំខាន់​ខ្លាំង​ណាស់—និង​ជា​ប្រភព—នៃ​សេចក្តីល្អ ! ទ្រង់​បាន​លះបង់​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់​ទាំងមូល​ដើម្បី​ធ្វើ​ការល្អ ។ ទ្រង់ « មាន​ព្រះហឫទ័យ​មេត្តាករុណា ហើយ​ទន់​សន្តោស ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្តី​សប្បុរស ហើយ » មាន​នូវ​សេចក្ដី​ល្អ​ដែល​គ្មាន​ទីបញ្ចប់ និង​សេចក្ដី​មេត្ដាករុណ​ដ៏​អស់កល្ប​អស់កាល​ជានិច្ច​ជា​បរិបូរ ។

រាល់​ការព្យាយាម​នៅក្នុង​ការពិពណ៌នា ឬ​សង្ខេប​នូវ​សេចក្ដីល្អ និង​សេចក្ដី​មេត្ដាករុណា​របស់​ទ្រង់ នោះ​គឺ​ជា​សេចក្ដី​ថ្លែងការណ៍​ដែល​មិន​ពេញលេញ​មួយ ! ជា​ការពិត​ណាស់ ដូច​ដែល​សាវក​យ៉ូហាន​បាន​ព្យាយាម​បង្ហាញ ប្រសិនបើ​យើង​ព្យាយាម​កត់ត្រា​រាល់​ការបើកសម្តែង​ពី​សេចក្តីល្អ​របស់​ព្រះអង្គ​សង្គ្រោះ « នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង » ។

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ដល់​យើង​ម្នាក់ៗ​នូវ​ការចាប់ផ្ដើម​ថ្មី​មួយ

ឧទាហរណ៍​ជាក់លាក់​ដែល​មាន​ជាអមតៈ​នៅក្នុង​ព្រះគម្ពីរ​អំពី​ការយាង​ចុះ​ឡើង​របស់​ព្រះ​យេស៊ូវ​ដើម្បី « ធ្វើ​ការល្អ » ជំរុញ​ឲ្យ​មាន​ការស្ញប់ស្ញែង និង​ភាពអស្ចារ្យ​ជា​ខ្លាំង ជា​ពិសេស​នៅពេល​ដែល​យើង​ពិចារណា​យ៉ាងពិតប្រាកដ​ថា​វា​អាច​នឹង​មាន​អារម្មណ៍​បែបណា​ដើម្បី​នៅ​ទីនោះ ដើម្បី​ធ្វើ​ជា​សាក្សី​ចំពោះ​អព្ភូតហេតុ​របស់​ទ្រង់ ដើម្បី​ទទួល​ការបង្រៀន និង​ទទួល​បាន​បទពិសោធន៍​នៃ​ការព្យាបាល​របស់​ទ្រង់ ។ ទ្រង់​បានសន្ទនា​ជាមួយនឹង​មនុស្ស​ដែល​សង្គម​ពុំ​រាប់​រក ទ្រង់​បាន​ពាល់​មនុស្ស​ដែល​មាន​ជំងឺ និង​មិន​បរិសុទ្ធ ទ្រង់​បាន​នាំ​មក​នូវ​ការលួងលោម​ដល់​អ្នក​ដែល​នឿយព្រួយ ទ្រង់​បានបង្រៀន​សេចក្ដីពិត​ដែល​នាំ​ទៅ​រក​ការប្រោសលោះ ហើយ​ទ្រង់​បានអំពាវនាវ​ឲ្យ​អ្នក​ដែល​មាន​បាប​ធ្វើការ​ប្រែចិត្ត ។ ចំពោះ​មនុស្ស​ឃ្លង់​ម្នាក់ៗ មនុស្ស​ខ្វាក់ និង​ស្ត្រី​ដែល​ផិតក្បត់ ចំពោះ​មនុស្ស​ខ្វិន មនុស្ស​ថ្លង់ និង​មនុស្ស​ល្ងង់ ចំពោះ​ម្តាយ​ដែល​សោកសៅ ឪពុក​ដែល​អស់សង្ឃឹម និង​ស្ត្រី​មេម៉ាយ​ដែល​កាន់ទុក្ខ ចំពោះ​អ្នក​ដែល​ត្រូវ​បាន​គេ​ដាក់​ទោស អ្នក​ដែល​ទទួល​ការ​អាម៉ាស់ និង​អ្នក​ដែល​រងទុក្ខ ចំពោះ​មនុស្ស​ស្លាប់​ខាង​រូបកាយ និង​មនុស្ស​ស្លាប់​ខាង​វិញ្ញាណ អ្វី​ដែល​ទ្រង់​បាន​ធ្វើ​គឺ​ប្រទាន​នូវ​ការចាប់ផ្តើម​ថ្មី ។ ពិតប្រាកដ​ណាស់ នេះ​គឺជា​សេចក្តី​ថ្លែង​ការណ៍​ដែល​មិន​ពេញលេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ផ្សេង​ទៀត !

អ្វី​គ្រប់​យ៉ាង​ដែល​ទ្រង់​បាន​មាន​បន្ទូល និង​បានធ្វើ​បាន​ប្រទាន​នូវ​ការចាប់ផ្តើម​ថ្មី​សម្រាប់​អ្នក​ទាំងឡាយ​ណា​ដែល​ទ្រង់​បានប្រោស ប្រទាន​ពរ បង្រៀន និង​រំដោះ​ពី​បាប ។ ទ្រង់​មិន​បាន​ដក​ព្រះកាយ​ចេញ​ពី​ពួកគេ​ទេ ហើយ​ទ្រង់​ប្រាកដ​ជា​មិន​ដក​ព្រះកាយ​ចេញ​ពី​បងប្អូន​ដែរ ។ សូម​ស្រមៃ​គិត​ថា នៅ​គ្រា​នេះ​កំពុង​ស្ដាប់​ឮ​ពាក្យ​ផ្ដល់​ជីវិត​ទាំង​នេះ​ពី​ទ្រង់ ៖

« កូន​អើយ បាប​របស់​ឯង​បាន​អត់​ទោស​ឲ្យ​ឯង​ហើយ » ។

« កូន​ស្រី​អើយ យើង​ប្រាប់​ឲ្យ​ឯង​ក្រោក​ឡើង » ។

« ចូរ​ឲ្យ​ជា​ស្អាត​ចុះ » ។

« ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ។

« កូន​ស្រី​អើយ ដ្បិត​សេចក្តី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ​សាន្ត​ចុះ » ។

ព្រះ​បន្ទូល​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​បុគ្គល​ទាំងនេះ​គឺ​ខ្លី ប៉ុន្តែ​ជាមួយ​ពាក្យ​ទាំងនេះ​ទ្រង់​បាន​ពិពណ៌នា​ពី​ព្រះចេស្តា​នៃ​ដង្វាយធួន និង​ការបង្រៀន​របស់​ទ្រង់​ដើម្បី​ផ្ដល់​នូវ​ការអត់ទោស ការព្យាបាល ការស្ដារឡើងវិញ សេចក្តីសុខសាន្ត និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ហើយ​ដំណឹង​ដ៏​អស្ចារ្យ​គឺ ទ្រង់​បាន​ប្រទាន​ការចាប់ផ្តើម​ថ្មី​ដូច​គ្នា​ដល់​បងប្អូន និង​ចំពោះ​រូប​ខ្ញុំ ។ យើង​ទាំងអស់​គ្នា​អាច​មាន​ការចាប់ផ្ដើម​ថ្មី​មួយ​តាមរយៈ និង​ដោយសារ​ព្រះយេស៊ូវគ្រីស្ទ ។ រួម​ទាំង​បងប្អូន​ផងដែរ ។ ការចាប់ផ្ដើម​ថ្មី​គឺជា​ចំណុច​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។ នេះ​គឺជា​សាសនាចក្រ​នៃ​ការចាប់ផ្ដើម​ថ្មី ! នេះ​គឺជា​សាសនាចក្រ​នៃ​ការចាប់ផ្ដើម​ថ្មី​ដ៏​ស្រស់ស្រាយ !

នេះ​គឺជា​សាសនាចក្រ​នៃ​ការចាប់ផ្ដើម​ជា​ថ្មី

ជាមួយ​ពិធីបុណ្យ​ជ្រមុជ​ដោយ​ទឹក និង​ដោយ​ព្រះវិញ្ញាណ យើង​អាច « បាន​កើត​ជា​ថ្មី » ហើយ​អាច « បាន​ដើរ​ក្នុង​ជីវិត​បែប​ថ្មី » ។ តើ​ការចាប់ផ្ដើម​ថ្មី​នោះ​ផ្ដល់​សេចក្ដីសង្ឃឹម​ដល់​អ្នក​ដែល​បាន​ដើរ​ឆ្លងកាត់​បន្ទុក​នៃ​អំពើ​បាប​ដ៏​លំបាក ឬ​ឈឺចាប់​ដោយ​ឥទ្ធិពល​នៃ​ជីវិត​ដែល​មាន​បញ្ហា និង​ទំនាក់ទំនង​ដែល​មិន​ដំណើរការ​ប៉ុនណា​ទៅ ? ព្រះយេស៊ូវ​ទ្រង់ផ្ទាល់​មិនបាន​ត្រូវការ​ការអត់ទោស​ដល់​អំពើបាប ឬ​ការចាប់ផ្តើម​ថ្មី​ក្នុង​ជីវិត​នោះទេ ប៉ុន្តែ​ទ្រង់​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដោយ​បង្ហាញ​ឲ្យ​យើង​ឃើញ​យ៉ាង​ច្បាស់​ពី​ផ្លូវ​ទៅកាន់​ការចាប់ផ្តើម​ថ្មី ដែល​ទ្រង់​បានធ្វើ​ឲ្យ​កើតមាន​ឡើង​សម្រាប់​យើងម្នាក់ៗ ។

ហើយ​ការចាប់ផ្ដើម​ថ្មី​របស់​យើង​មិន​មែន​កើតឡើង​តែ​ម្តង​នោះ​ទេ ។ យើង​មាន​ទំនោរ​គិត​ថា ពិធីបុណ្យ​ជ្រមុជទឹក​របស់​យើង គឺជា​ឱកាស​នៃ​ការចាប់ផ្ដើម​ថ្មី​ដែល​មាន​តែ​ម្តង ។ វា​មិនមែន​ដូច្នោះ​ទេ ។ យើង​ពុំ​មែន​មាន​ឱកាស​តែ​ម្តង​នោះ​ទេ ។ ការចាប់ផ្ដើម​ថ្មី​នេះ​អាច​កើតឡើង​ជា​រៀងរាល់​ថ្ងៃ ! ហើយ​ប្រាកដណាស់ ជា​រៀង​រាល់​សប្តាហ៍ នៅពេល​ដែល​យើង​ទទួលទាន​នំប៉័ង​មួយ​ដុំ​តូច និង​ផឹក​ទឹក​មួយ​ពែង​តូច ដើម្បី​រំឭក​ដល់​អំណោយ​របស់​ព្រះអង្គ​សង្គ្រោះ​ដ៏​ល្អ​ឥតខ្ចោះ​របស់​យើង ដែល​បានសុគត​ក្នុង​គោលបំណង​ប្រទាន​ឲ្យ​យើង​នូវ​ការចាប់ផ្តើម​ថ្មី​ជា​ច្រើន​តាម​ដែល​យើង​ត្រូវការ ! ព្រះយេស៊ូវ​ប្រទាន​ឲ្យ​យើង​នូវ​ការចាប់ផ្ដើម​ជា​ថ្មី​ជាច្រើន​តាម​ដែល​យើង​ត្រូវការ ។

ដោយមាន​ការតាំងចិត្ដ និង​ការអររីករាយ​ចំពោះ​ជីវិត​ថ្មី​ក្នុង​ព្រះគ្រីស្ទ នោះ​យើង​អាច​ក្លាយ​ជា​មនុស្ស​« កើត​ជា​ថ្មី »​ដែល​រឿង​ចាស់​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ក៏​ក្លាយ​ទៅ​ជា​ថ្មី ។ តើ​ការ​បន្ធូរបន្ថយ​អ្វីខ្លះ​ដែល​ប្រភេទ​នៃ​ថ្ងៃរះ​ថ្មី​នោះ​នាំ​មក​ឲ្យ​ព្រលឹង​មួយ​ដែល​បន្ត​ព្យាយាម តាមរយៈ​ការ​បន្ត​ជ្រើសរើស​សេចក្តី​ជំនឿ​លើ​ព្រះចេស្ដា​របស់​ព្រះ​ប្រោសលោះ​របស់​យើង​ដើម្បី​ព្យាបាល និង​ស្ដារ​ឡើង​វិញ ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​រស់​នៅ​ក្នុង​ពិភព​មួយ​ដែល​ធ្លាក់​ចុះ​ក៏​ដោយ​នោះ ? ព្រះអង្គ​សង្គ្រោះ​មិន​ដែល​បោះបង់​ការតាំងចិត្ត​របស់​ទ្រង់​ដើម្បី​បំពេញ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា ហើយ​បញ្ចប់​បេសកកម្ម​ធួន​ដ៏​ទេវភាព​របស់ទ្រង់​ទេ សូម្បីតែ​ឆ្លងកាត់​ការឈឺចាប់​ដែល​បណ្តាល​ឲ្យ​ទ្រង់ញ័រ ហូរលោហិត​ចេញពី​គ្រប់​រន្ធ​ញើស រងទុក្ខ​ទាំង​រូបកាយ និង​វិញ្ញាណ ហើយ​អធិស្ឋាន​សូម​ឲ្យ​ពែង​ល្វីង​នោះ​អាច​ត្រូវបាន​ដកចេញ ។ ជា​ថ្មី​ម្តង​ទៀត ទ្រង់​បាន​បង្ហាញ​ឲ្យ​យើង​ឃើញ​នូវ​អ្វី​ដែល​ជា​ការ​ស៊ូទ្រាំ​ដ៏​ស្មោះ​ត្រង់​ជាមួយ​នឹង​ព្រះ ។

ជាមួយ​នឹង​រាល់​សេចក្ដី​សញ្ញា​ដែលយើង​ធ្វើ និង​រាល់​កិច្ចខិតខំ​ដែល​យើង​លះបង់​ដើម្បី​រក្សា​សេចក្ដី​សញ្ញា​នោះ យើង​អាច​ទទួល​បាន​« ចិត្ត​ថ្មី » និង​រង្វាស់​ពេញលេញ​មួយ​នៃ​« វិញ្ញាណ​ថ្មី » ។ បន្តិចម្ដងៗ កាលណា​យើង​អញ្ជើញ​សេចក្ដីល្អ​របស់​ទ្រង់​មកក្នុង​ដួងចិត្ត​យើង​កាន់តែ​ច្រើន ហើយ​បណ្ដេញ​គំនិត ឬ​ជំនឿ​បែប​អវិជ្ជមាន​ខាងក្នុង​ចេញ នោះ​យើងកាន់តែ​ក្លាយជា​រាស្ដ្រ​របស់​ទ្រង់ ដោយសារ​យើង​ពិតជា​ធ្វើឲ្យ​ទ្រង់​ក្លាយជា​ព្រះរបស់​យើង ។ ព្រះ​យេស៊ូវ​មាន​ព្រះទ័យ​ចង់​ធ្វើ​ជា​ស្ដេច​របស់​យើង និង​ជា​អ្នក​គង្វាល​របស់​យើង និង​ជា​ព្រះ​នៃ​មេត្រីភាព​របស់​យើង ហើយ​យើង​អាច​ជ្រើសរើស​ធ្វើ​ឲ្យ​ទ្រង់​ដើរ​តួនាទី​ទាំងនោះ​ក្នុង​ចិត្ត និង​គំនិត​របស់​យើង​ផ្ទាល់ ។

ការចាប់ផ្ដើម​ថ្មី​មួយ​នៅក្នុង​របៀប​ដែល​យើង​មើលទៅ​ការប្រែចិត្ត

ការប្រែចិត្ត​បើក​ទ្វារ​ទៅកាន់​ការចាប់ផ្ដើម​ថ្មី ការចាប់ផ្ដើម​ឡើង​វិញ និង​ឱកាស​ទីពីរ​របស់​យើង ។ ការ​បង្រៀន​របស់​ប្រធាន រ័សុល អិម ណិលសុន ជាទីស្រឡាញ់​របស់​យើង​បាន​បំភ្លឺ​ការយល់​ច្រឡំ​អំពី​អំណោយទាន​ដ៏​ទេវភាព​នៃ​ការប្រែចិត្ត ហើយ​ខ្ញុំគិត​ថា នៅទីបំផុត​យើង​កំពុង​ចាប់ផ្ដើម​យល់វា​ហើយ ។

វា​គួរឲ្យ​រំភើប​ដើម្បី​ស្ដាប់​ឮ​យុវវ័យ​របស់​យើង​ពិពណ៌នា​ពី​អត្ថន័យ​នៃ​ការប្រែចិត្ត​ចំពោះ​ពួកគេ ។ ថ្មីៗនេះ ខ្ញុំបាន​ឮ​យុវនារី​ម្នាក់​និយាយ​ទាំង​ស្នាម​ញញឹម​ថា « នៅពេល​ខ្ញុំ​គិត​អំពី​ការប្រែចិត្ត ការប្រែចិត្ដ​ជា​ប្រចាំ​ថ្ងៃ ខ្ញុំ​មាន​អំណរ និង​សេចក្ដី​សង្ឃឹម​យ៉ាងខ្លាំង ។ ខ្ញុំទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់ និង​សុភមង្គល​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​ខ្ញុំ ។ ខ្ញុំ​មិន​ខ្លាច​នឹង​មក​ឯ​ព្រះវរបិតា​សួគ៌​នៅក្នុង​ការអធិស្ឋាន ហើយ​ទូល​សូម​ជំនួយ​របស់​ទ្រង់​ជាមួយ​នឹង​អ្វីៗ​ដែល​ខ្ញុំ​កំពុង​ជួប​បញ្ហា​ឡើយ ។ ខ្ញុំ​ដឹង​ថា ទ្រង់​ទាំង​ទ្វេ​មិន​ព្យាយាម​ចាប់​កំហុស​របស់​ខ្ញុំ​នោះទេ ។ ព្រះហស្ដ​របស់​ទ្រង់​ទាំងទ្វេ​លាត​សន្ធឹងចាំ ។ នាង​និយាយ​ថា « នេះ​គឺជា​ការប្រែចិត្ត​ចំពោះ​ខ្ញុំ » ។ យុវនារី​ម្នាក់​នេះ​យល់​ថា ដោយសារ​តែ​ព្រះយេស៊ូវ​គ្រីស្ទ នាង​អាច​មាន​ការចាប់ផ្ដើម​ថ្មី !

ការចាប់ផ្ដើម​ថ្មី​មួយ គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា គ្រប់ពេលវេលា

តើ​បងប្អូន​ត្រូវការ​ចាប់ផ្ដើម​ថ្មី​មួយ​ដែរទេ ? តើ​បងប្អូន​អាច​ធ្វើ​ការចាប់ផ្ដើម​ឡើងវិញ​បានទេ ? សូម​គិត​ពី​មនុស្ស​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ​ការងារបម្រើ​ដល់—មនុស្ស​ដែល​ទ្រង់​បាន​បង្រៀន បាន​ព្យាបាល បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ បាន​អភ័យទោស និង​បាន​ស្ដារឡើង​វិញ ។ តើ​ទ្រង់​បាន​ជ្រើសរើស​ពួកគេ​ចេញ​តាម​វណ្ណៈ ឬ​ប្រវត្តិ​ផ្នែក​សេដ្ឋកិច្ច​ជាក់លាក់​ដែរទេ ? តើ​ទ្រង់​បាន​បែងចែក​រវាង​អ្នក​សុចរិត និង​អ្នក​មាន​បាប​ដែរទេ ? តើ​ទ្រង់​បាន​ជ្រើសរើស​មនុស្ស ដោយសារ​តែ​ពួកគេ​ស័ក្ដិសមជាង ឬ​គួរឲ្យ​ស្រឡាញ់​ជាង​ដែរទេ ? ទេ ។

មនុស្ស​ខ្លះ​បាន​មករក​ទ្រង់​ដោយ​មាន​នូវ​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ ដោយ​ជឿ​លើ​អំណាច​របស់​ទ្រង់​ដើម្បី​បាន​ជាសះស្បើយ—​ដូច​ស្ត្រី​ដែល​មាន​បញ្ហា​ធ្លាក់ឈាម មេទ័ព​រ៉ូម​ដែល​អ្នក​បម្រើ​របស់​គាត់​ហៀប​នឹង​ស្លាប់ មនុស្ស​ឃ្លង់ យ៉ៃរ៉ុស និង​មនុស្ស​ខ្វាក់​ឈ្មោះ​បារទីមេ ។ ពួកគេ​ម្នាក់ៗ​ដាក់​សេចក្ដី​ជំនឿ​របស់​ខ្លួន​ដើម្បី​ទទួល​ការសាកល្បង ដោយ​សង្ឃឹម​ថា សេចក្ដីល្អ និង​ព្រះចេស្ដា​របស់​លោកគ្រូ​មកពី​ស្រុក​ណាសារ៉ែត​នឹងផ្លាស់ប្ដូរ​ជីវិត​របស់​ពួកគេ និង​ការរំពឹង​ទុក​របស់​ពួកគេ ។ ហើយ​ទ្រង់​ពិតជា​បាន​ធ្វើ​រឿងនោះ​មែន ។ ទ្រង់​បាន​ប្រើ​អំណាច​នៃ​ការព្យាបាល​របស់​ទ្រង់ ។

ប៉ុន្តែ​ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ពរ​ដល់​អស់អ្នក​ដែល​មាន​សេចក្ដី​ជំនឿ​ងាករេ​ដែរ ដូចជា ឪពុក​ដែល​មាន​កូន​ឈឺ​ដែល​ស្រែក​យំ ប្រហែល​ដូចជា​បងប្អូន​ដែរ​ថា« លោក​ម្ចាស់​អើយ សូម​ជួយ​ចំពោះ​សេចក្តី​ណា​ដែល​ខ្ញុំ​មិន​ជឿ​ផង » ។ ហើយ​ទ្រង់​ថែមទាំង​បាន​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដល់​អស់​អ្នក​ដែល​មិន​បាន​ស្វែងរក​ទ្រង់​សោះ ដូចជា​ស្ត្រី​ដែល​ប្រព្រឹត្ត​សហាយ​ស្មន់ ស្ត្រី​មេម៉ាយ​នៅ​ក្រុង​ណាអ៊ីន បុរស​ពិការ​នៅ​ឯ​ស្រះ​បេថែសដា និង​បុរស​ពិការ​ពី​កំណើត ។ តើ​បងប្អូន​ធ្លាប់​មានអារម្មណ៍​ថា​ទ្រង់​កំពុង​ចេញទៅ​ធ្វើ​ការល្អ​នៅក្នុង​ជីវិត​របស់​បងប្អូន សូម្បីតែ​ពេល​ដែល​បងប្អូន​មិន​បាន​ស្វែងរក​ទ្រង់ ឬ​ធ្វើតាម​ទ្រង់​ដែរទេ ?

ចំពោះ​តួអង្គ​នៅក្នុង​ព្រះគម្ពីរ​ម្នាក់ៗ​ទាំងនេះ និង​ចំពោះ​អស់​អ្នក​ដែល​ស្ដាប់ ហើយ​ឆ្លើយតប ទ្រង់​បាន​ប្រទាន​ការចាប់ផ្ដើម​ថ្មី​មួយ មិនថា​វា​ជា​ការចាប់ផ្ដើម​ជីវិត​ថ្មី​មួយ​តាមរយៈ​ការអត់ទោស​ពី​អំពើបាប ឬ​ជីវិត​ថ្មី​ដែល​បាន​ព្យាបាល​ពី​ជំងឺ ឬ​ជីវិត​ថ្មី​ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​ស្លាប់​យ៉ាងណា​នោះទេ ។

តើ​ការណ៍​នេះ​មាន​ន័យ​យ៉ាង​ចំពោះ​បងប្អូន និង​ចំពោះ​ខ្ញុំ ? សេចក្ដីល្អ និង​សេចក្ដី​មេត្តា​ករុណា និង​ព្រះទ័យ​គួរឲ្យស្រឡាញ់​របស់​ទ្រង់​គ្មាន​ដែនកំណត់​ឡើយ ។ ការចាប់ផ្ដើម​ថ្មី​គឺជា​ចំណុច​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា ! ការចាប់ផ្ដើម​ឡើងវិញ​គឺជា​បេសកកម្ម​របស់​ព្រះរាជ​បុត្រា ! ថ្ងៃរះថ្មី ជំពូកថ្មី និង​ឱកាសថ្មី គឺជា​ស្នូល​ដ៏​សាមញ្ញ​នៃ​ដំណឹងល្អ !

ដូច្នេះ​តើ​បងប្អូន​បាន​នៅ​ឆ្ងាយ​ពី​សេចក្ដី​សញ្ញា​របស់​បងប្អូន​យូរ​ពេក​ដែល​ពិបាក​ទទួល​បាន​ការចាប់ផ្ដើម​ថ្មី​មួយ​ឬ ? អត់ទេ ! តើ​បងប្អូន​បាន​ធ្វើរឿង​នេះ ឬ​រឿងនោះ​ច្រើន​ដងពេក​ដែល​ពិបាក​ទទួល​បាន​ឱកាស​ថ្មី​មួយ​ទៀត​ឬ ? អត់ទេ ! តើ​បងប្អូន​ឃ្លាត​ឆ្ងាយ​ពី​ព្រះគ្រីស្ទ​ខ្លាំង​ពេក​ដែល​ពិបាក​ឲ្យ​ទ្រង់​ជួយ​បងប្អូន​សរសេរ​ដំណើរ​រឿង​ថ្មី​មួយ​ពី​ត្រង់​ចំណុច​នោះឬ ? អត់ទេ ! មារសត្រូវ​គឺជា​បុគ្គល​តែម្នាក់​គត់​ដែល​ទទួល​ប្រយោជន៍​មក​ពី​គំនិត​ដែល​ថា បងប្អូន​បរាជ័យ​ហើយ ។ បងប្អូន​មិន​បរាជ័យ​ទេ ។

ហើយ​ការចាប់ផ្ដើម​ថ្មី​គឺ​លើស​ពី​អំពើបាប និង​កំហុស​យើង​ទៅទៀត ។ តាមរយៈ​សេចក្ដី​ល្អ និង​ព្រះគុណ​របស់​ព្រះអង្គ​សង្គ្រោះ យើងអាច​មាន​ការចាប់ផ្ដើម​ឡើងវិញ​ដែល​ជំរុញ​ការផ្លាស់ប្តូរ​នៅក្នុង​ផ្នត់គំនិត​ចាស់ ទម្លាប់​អាក្រក់ អាកប្បកិរិយា​រអ៊ូរទាំ អាកប្បកិរិយា​អវិជ្ជមាន អារម្មណ៍​នៃ​ការគ្មាន​អំណាច និង​ទំនោរ​ក្នុង​ការស្តី​បន្ទោស​អ្នកដទៃ និងការចៀសវាង​ពី​ការទទួល​ខុសត្រូវ​ផ្ទាល់ខ្លួន ។ បងប្អូន​ពិតជា​អាច​ផ្លាស់ប្ដូរ​អ្វីៗ​អំពី​ខ្លួនឯង​ដែល​ធ្វើឲ្យ​បងប្អូន​ចុះ​ខ្សោយ​ជាច្រើន​មកហើយ​នោះបាន ។ បងប្អូន​អាចចាប់ផ្ដើម​ម្ដងទៀត​តាមរយៈ​កម្លាំង​របស់​លោក​ចៅហ្វាយ​នៃ​ការចាប់ផ្ដើម​ថ្មី ។ ទ្រង់​មិន​ដែល​នឿយណាយ​នៅក្នុង​ការ​ប្រទាន​ការចាប់ផ្ដើម​ទាំងនោះ​មក​ដល់​យើង​ឡើយ ។

ចំពោះ​អ្នក​ដែល​តស៊ូ​នឹង​អំពើ​បាប ឬ​ការ​ធ្លាក់​ចុះ​ដដែលៗ​ម្តង​ហើយ​ម្តង​ទៀត សូម​បងប្អូន​បន្ត​ដំណើរ​ទៅ​មុខ ។ ទ្រង់​មិនបាន​ដាក់​ថ្ម​ជំពប់​នៅពីមុខ​បងប្អូន​ទេ ។ ទ្រង់​មិន​បាន​ដាក់​ការកំណត់​មួយ​ចំពោះ​ឱកាស​ទីពីរ​របស់​បងប្អូន​ទេ ។ សូម​បងប្អូន​ឆ្ពោះ​ទៅមុខ ។ ចូរ​បងប្អូន​បន្ដ​ខិតខំ ។ ចូរ​បងប្អូន​បន្ត​រក​ជំនួយ​ពី​មនុស្ស​ជុំវិញ​ខ្លួន ។ ហើយ​សូម​បងប្អូន​ទុកចិត្ត​លើ​ការចាប់ផ្ដើម​ថ្មី​ដែល​មាន​នៅទីនោះ​សម្រាប់​បងប្អូន​គ្រប់ពេល​ដែល​បងប្អូន​ងាក​ត្រឡប់​មករក​ព្រះវរបិតា​របស់​បងប្អូន​វិញ​ដោយ​ដួងចិត្ដ​ស្មោះសរ ។ ចូរ​លះបង់ចោល​នូវ​អំពើបាប​ដោយចេតនា ការនិយាយ​ដដែលៗ និង​ការបះបោរ​ដោយ​ភាពឆ្មើងឆ្មៃ ។ បងប្អូន​មិន​ចាំបាច់​ធ្វើ​ជា​មនុស្ស​ដូចកាល​ពីមុន​ទៀតទេ ។ សូម​ឱបក្រសោប​នឹង​ការចាប់ផ្ដើម​ឡើងវិញ​របស់​បងប្អូន ជាឱកាស—ទីពីរ ឬ​ទីបី ឬទី​បួន—ឬ​ទីមួយរយ​របស់​បងប្អូន ដែល​បាន​ប្រទាន​ដល់​បងប្អូន​តាមរយៈ​ព្រះលោហិត​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​មាន​អំណរគុណ​លើសពី​ការពិពណ៌នា​សម្រាប់​ការចាប់ផ្តើម​ថ្មី​ទាំងនោះ ដែល​បាន​ប្រទាន​ដល់​ខ្ញុំ និង​អស់​អ្នក​ដែល​ខ្ញុំ​មិន​ទាន់​បាន​ផ្តល់​ឲ្យ ។

សេចក្ដី​បញ្ចប់

ព្រះអង្គសង្គ្រោះ​របស់​យើង​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មិន​ពេញ​លេញ​ចុងក្រោយ​មួយ ដែល​បើ​មិន​ដោយសារ​ការណ៍​នោះទេ គឺគ្មាន​ហេតុផល​ណាមួយ​សម្រាប់​ក្តីសង្ឃឹម ឬ​ភាពរីករាយ​នៅ​ថ្ងៃ​នេះ​ឡើយ ។ បន្ទាប់ពី​ការឈឺចាប់​នៅ​គែតសេម៉ានី និង​នៅពេល​បញ្ចប់​នៃ​ការធ្វើ​ទារុណកម្ម​លើ​ឈើ​ឆ្កាង ទ្រង់​មាន​បន្ទូល​យ៉ាង​សាមញ្ញ​ថា « ការ​ស្រេច​ហើយ » ។ ការព្យាករ​របស់​ព្រះមែស៊ី​ត្រូវ​បានបំពេញ ហើយ​ការបង់​ថ្លៃ​ពេញលេញ​សម្រាប់​អំពើ​បាប និង​ការរងទុក្ខ​របស់​មនុស្ស​លោក​ក៏​បានបង់​រួចរាល់ ។ ទ្រង់​បាន​ប្រកាស​ថា​« ការស្រេច​ហើយ »​ដែល​ជា​ពលិកម្ម​ដ៏​និរន្តរ៍ និង​អស់កល្បជានិច្ច​របស់​ទ្រង់ ។ ប៉ុន្តែ ដង្វាយធួន​របស់​ទ្រង់​នឹង​មិន​ពេញលេញ​ទេ រហូត​ដល់​ទ្រង់​ផ្ទាល់​បានដកពិសោធ​នូវ​ជីវិត​ថ្មី​នៅ​ថ្ងៃ​ទី​បី ដែល ជា ការចាប់ផ្តើម​ថ្មី​ក្នុង​នាម​ជា​អង្គ​ដែល​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវរបិតា ។

ដោយសារ​ទ្រង់​តែង​ធ្វើ​ការ ដែល​គាប់​ដល់​ព្រះហឫទ័យ​របស់​ព្រះវរបិតា​ទ្រង់​ជា​ដរាប ហើយ​ដោយសារ​ទ្រង់​« បាន​ស៊ូទ្រាំ​តាម​ព្រះ​ហឫទ័យ​នៃ​ព្រះ​វរបិតា​ចំពោះ​គ្រប់​ការណ៍​ទាំង​អស់ » នោះ​បងប្អូន និង​ខ្ញុំ​អាច​មាន​ការចាប់ផ្ដើម​ថ្មី ។ សូម​ទទួល​យក​ការចាប់ផ្តើម​ថ្មី​របស់​បងប្អូន នៅ​ថ្ងៃ​នេះ ពេល​នេះ ។ ព្រះយេស៊ូវគ្រីស្ទ​គឺជា​មេផ្ដើម ហើយ​ជា​មេ​សម្រេច​នៃ​សេចក្តីជំនឿ​របស់​យើង ដោយ​បាន​និពន្ធ​ជំពូក​ថ្មី​ជាច្រើន​រាប់​មិន​អស់​ជាមួយ​យើង ។ ទ្រង់​គឺជា​ដើម ហើយ​ជា​ចុង—ជា​ទីបញ្ចប់​នៃ​សេចក្តីអាម៉ាស់ និង​ការរងទុក្ខ​របស់​យើង ហើយ​ការចាប់ផ្តើម​ជីវិត​ថ្មី​នៅក្នុង​ទ្រង់ អនុញ្ញាត​ឲ្យ​យើង​ទទួល​ព្រះគុណ​របស់ទ្រង់ បោះចោល​អតីតកាល ហើយ​ចាប់ផ្តើម​ម្តង​ទៀត​ជាមួយនឹង​ថ្ងៃ​រះ​ថ្មី​ជាច្រើន​ដង​តាម​ដែល​យើង​ត្រូវការ ។ ពិតប្រាកដ​ណាស់ « សេចក្តី​សប្បុរស និង​សេចក្តី​មេត្តាករុណា​នឹង​ជាប់​តាម [ យើង ] រាល់​តែ​ថ្ងៃ ដរាប​ដល់​អស់​មួយ​ជីវិត [ របស់​យើង ] » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. កិច្ចការ ១០:៣៨ សូមមើល​ផងដែរ « The Living Christ: The Testimony of the Apostles » នៅក្នុងបណ្ណាល័យ​ដំណឹង​ល្អ ។

  2. សូម​មើល មរ៉ូណៃ ៧:១២–១៣ ។

  3. សូមមើល និក្ខមនំ ៣៤:៥–៧ ។

  4. យ៉ូហាន ២១:២៥ ។

  5. ម៉ាកុស ២:៥ ។

  6. ម៉ាកុស ៥:៤១ ។

  7. ម៉ាថាយ ៨:៣ ។

  8. យ៉ូហាន ៨:១១ ។

  9. លូកា ៨:៤៨ ។

  10. សូមមើល សាយអាន អែម បូវែន « Because I Live, Ye Shall Live Also » Liahona ខែវិច្ឆិកា ឆ្នាំ២០១២ ទំព័រ ១៥–១៧ ។

  11. យ៉ូហាន ៣:៣; ម៉ូសាយ ២៧:២៥ ។

  12. រ៉ូម ៦:៤ ។

  13. សូមមើល ​មរ៉ូណៃ ៦:៨ ។

  14. កូរិនថូស ទី២ ៥:១៧ ។

  15. សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:១៦–១៩ ។

  16. សូមមើល អេសេគាល ៣៦:២៦–២៨ ។

  17. « សេចក្តី​ជំនឿ​របស់​យើង​លើ​ព្រះគ្រីស្ទ និង​សេចក្តី​ស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ដឹកនាំ​យើង​ឲ្យ​ប្រែចិត្ត ឬ​ផ្លាស់ប្តូរ​គំនិត ជំនឿ និង​ឥរិយាបថ​របស់​យើង​ដែល​ពុំស្រប​នឹង​ឆន្ទៈ​របស់​ទ្រង់ ។ ការប្រែចិត្ដ​រួមមាន​ការបង្កើត​នូវ​ទស្សនៈ​ថ្មី​មួយ​អំពី​ព្រះ ខ្លួនយើង និង​ពិភពលោក » ( ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសន៍​ស្តីពី​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា [ ឆ្នាំ២០២៤ ] ទំព័រ ៦២ ) ។

    « គោលលទ្ធិ​នៃ​ការ​ប្រែចិត្ត គឺ​ធំទូលំទូលាយ​ជាង​និយម​ន័យ​ក្នុង​វចនានុក្រម ។ នៅពេល​ព្រះយេស៊ូវ​បានមានបន្ទូលថា ‹ ប្រែចិត្ត › នោះ​ពួកសិស្ស​ទ្រង់​បាន​កត់ត្រា​បញ្ជា​នោះ​ជាភាសា​ក្រិក​ជាមួយ​នឹង​កិរិយាសព្ទ metanoeo ។ ពាក្យ​ដ៏មាន​អំណាច​នេះ គឺ​សំខាន់ណាស់ ។ នៅក្នុងពាក្យ​នេះ បុព្វបទmetaមានន័យថា ‹ ផ្លាស់ប្ដូរ › ។ បច្ច័យបទ​ទាក់ទង​ទៅនឹង​ពាក្យ​ក្រិក​សំខាន់បួន​គឺ ៖nous មានន័យ​ថា ‹ ចិត្ត › gnosis មានន័យ​ថា ‹ ចំណេះដឹង › pneuma មានន័យថា ‹ វិញ្ញាណ › និង pnoe មានន័យ​ថា ‹ ដង្ហើម › » ( រ័សុល អិម ណិលសុន « Repentance and Conversion » Liahona ខែឧសភា ឆ្នាំ២០០៧ ទំព័រ ១០៣ ) ។

    « គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការរីកចម្រើន​របស់​យើង​ម្នាក់ៗ ជាង​ការផ្ដោត​ទៅលើ​ការប្រែចិត្ត​ជា​ទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ ការប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើត​មាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត ។ នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដី​ជំនឿ នោះ​ការប្រែចិត្ត​បើក​ច្រកទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

    « …សូម​ទទួល​បទពិសោធន៍​នៃ​ការ​ពង្រឹង​អំណាច​នៃ​ការ​ប្រែចិត្ត​ប្រចាំ​ថ្ងៃ—ក្នុង​ការ​ធ្វើ ឬ​ធ្វើជា​មនុស្ស​ប្រសើរ​ជាង​បន្ដិច​ម្ដងៗ​ជា​រៀងរាល់ថ្ងៃ ។

    នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត នោះ​យើង​ជ្រើសរើស​ដើម្បី​ផ្លាស់ប្ដូរ ! យើង​អនុញ្ញាត​ឲ្យ​ព្រះអង្គសង្គ្រោះ​ផ្លាស់ប្រែ​យើង​ទៅ​កំណែថ្មី​ដ៏​ល្អ​បំផុត​នៃ​ខ្លួន​យើង ។ យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការប្រោសលោះ​នៅ​ក្នុង​ទ្រង់ ។ នៅពេល​យើង​ជ្រើសរើស​ប្រែចិត្ត យើង​ជ្រើសរើស​ប្រែក្លាយ​ដូចជា​ព្រះយេស៊ូវ​គ្រីស្ទ ! » ( រ័សុល អិម ណិលសុន « We Can Do Better and Be Better » Liahona ខែ​ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។

    « ស្វែងរក អំណរ នៃ​ការប្រែចិត្ត​ជារៀង​រាល់​ថ្ងៃ ។

    « តើ​ការប្រែចិត្ត​សំខាន់​យ៉ាងដូចម្ដេច ? អាលម៉ា​បាន​បង្រៀន​ថា យើង​គួរតែ ‹ កុំ​ផ្សាយ​សាសនា​ពី​អ្វី​ឡើយ ក្រៅពី​ការប្រែចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះអម្ចាស់ › ។[ ម៉ូសាយ ១៨:២០ ] ។ ការប្រែចិត្ត​ គឺ​តម្រូវ​ឲ្យ​មាន​ពី​មនុស្ស​ដែល​មានទំនួល​ខុសត្រូវ​គ្រប់រូប ដែល​ចង់​បាន​សិរីល្អ​ដ៏អស់កល្ប ។ គ្មាន​ករណី​លើកលែង​នោះ​ឡើយ ។ …

    « ការដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នឹង​បង្កើន​សន្ទុះ​វិជ្ជមាន​ខាងវិញ្ញាណ » ( រ័សុល អិម ណិលសុន « អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ » លីអាហូណា ខែឧសភា ឆ្នាំ២០២២ ទំព័រ ៩៩ ) ។

  18. សូមមើល ម៉ាកុស ៥:២៥–៣៤ ។

  19. សូមមើល ម៉ាថាយ ៨:៥–១៣ ។

  20. សូមមើល ម៉ាថាយ ៨:១–៤ ។

  21. សូមមើល ម៉ាកុស ៥:២២–៤៣ ។

  22. សូមមើល ម៉ាកុស ១០:៤៦–៥២ ។

  23. សូមមើល ម៉ាកុស ៩:១៧–២៧ ។

  24. សូមមើល យ៉ូហាន ៨:៣–១១ ។

  25. សូមមើល លូកា ៧:១២–១៥ ។

  26. សូមមើល យ៉ូហាន ៥:១–៩ ។

  27. សូម​មើល យ៉ូហាន ៩:១–៧ ។

  28. យ៉ូហាន ១៩:៣០

  29. សូមមើល អាលម៉ា ៣៤:១៤–១៦ ។

    « នៅពេល​ព្រះអង្គសង្គ្រោះ​មាន​បន្ទូល​ថា ‹ ការស្រេច​ហើយ › ទ្រង់​សំដៅ​លើ​បទពិសោធន៍​រមែងស្លាប់​របស់​ទ្រង់ ដោយ​ការឆ្កាង​របស់​ទ្រង់​ត្រឹមតែ​ជា​ការសម្គាល់​នៃ​ការរីកចម្រើន​នៅក្នុង​អំណាច​ដ៏​លាតសន្ធឹង​របស់​ទ្រង់​ប៉ុណ្ណោះ »( ស្ពែនសើរ ដបុលយូ ឃឹមបឹល នៅក្នុង​របាយការណ៍​សន្និសីទ ខែមេសា ឆ្នាំ១៩៤៦ ទំព័ ៤៩ ) ។

    « ព្រះអង្គសង្គ្រោះ​មិនបាន​សម្រេច​កិច្ចការ​របស់​ទ្រង់​នៅពេល​ទ្រង់​សុគត​លើ​ឈើឆ្កាង នៅ​ពេល​ទ្រង់​ស្រែក​ថា ‹ ការស្រេច​ហើយ › នោះទេ ។ នៅក្នុង​ព្រះបន្ទូល​ទាំងនោះ ទ្រង់​មិនបាន​យោង​ទៅលើ​បេសកកម្ម​ដ៏​មហិមា​របស់​ទ្រង់​នៅលើ​ផែនដី​នោះទេ ប៉ុន្ដែ​គ្រាន់តែ​ជា​ការប្រាប់​ពី​ការឈឺចាប់​ដ៏​ខ្លាំង​ដែល​ទ្រង់​បាន​រងទុក្ខ​ប៉ុណ្ណោះ » ( យ៉ូសែប អេហ្វ ស្ម៊ីធ Gospel Doctrine ការបោះពុម្ព​លើកទី៥ [ ឆ្នាំ១៩៣៩ ] ទំព័រ ៤៤៩–៤៥០ ) ។

  30. សូមមើល យ៉ូហាន ៨:២៩ ។

  31. នីហ្វៃទី៣ ១១:១១ ។

  32. ទំនុកដំកើង ២៣:៦ ។