សន្និសីទទូទៅ
តើ​បងប្អូន​ដឹង​ទេ​ថា ហេតុ​អ្វី​ក្នុង​នាម​ជា​គ្រីស្ទាន​ខ្ញុំ​ជឿ​លើ​ព្រះ​គ្រីស្ទ ?
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


តើ​បងប្អូន​ដឹង​ទេ​ថា ហេតុ​អ្វី​ក្នុង​នាម​ជា​គ្រីស្ទាន​ខ្ញុំ​ជឿ​លើ​ព្រះ​គ្រីស្ទ ?

ព្រះយេស៊ូវគ្រីស្ទ​ត្រូវ​រងទុក្ខ សុគត ហើយ​មាន​ព្រះជន្មរស់ឡើង​វិញ ដើម្បី​លោះ​មនុស្ស​ទាំងអស់​ពី​សេចក្តីស្លាប់ ខាង​សាច់ឈាម និង​ដើម្បី​ផ្តល់​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​ជា​មួយ​ព្រះ ។

កាលប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ នា​ល្ងាច​មួយពេល​ចេញ​ពី​ធ្វើ​ការ ខ្ញុំ​បាន​ជិះ​រថ​យន្ត​ក្រុង​ដូច​សព្វ​មួយ​ដង ​ពី ញ៉ូវ យ៉ក ទៅ​ផ្ទះ​នៅ ញ៉ូវ ជើស៊ី ។ ស្ត្រី​​ដែល​អង្គុយ​ក្បែរខ្ញុំ សង្កេត​ឃើញ​អ្វី​ដែល​ខ្ញុំ​កំពុង​សរសេរ​ក្នុង​កុំព្យូទ័រ រួចបាន​សួរ​ថា « តើ​លោក​ជឿ​លើ…ព្រះគ្រីស្ទ​ឬ ? » ខ្ញុំ​បាន​តប​ថា ​« បាទ​ខ្ញុំ​ជឿ ! » ពេល​យើង​និយាយ​គ្នា ខ្ញុំ​បាន​ដឹង​ថា គាត់​ទើប​តែផ្លាស់​ពី​ប្រទេស​អាស៊ី​ដ៏​ស្រស់​ស្អាត មក​ធ្វើការក្នុង​វិស័យ​ព័ត៌មានវិទ្យា​ដែល​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​នៅ​ទី​ក្រុង ញ៉ូវ យ៉ក ។

រួច​ខ្ញុំសួរ​គាត់​ថា « តើ​ប្អូន​ដឹង​​ថា ហេតុ​អ្វី​ក្នុង​នាម​ជា​គ្រីស្ទាន​ខ្ញុំ​ជឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទឬទេ ? » គាត់​ក៏​បាន​តប​មក​ខ្ញុំវិញ​ដោយ​សាមញ្ញ ហើយសូម​ខ្ញុំ​ឲ្យ​ប្រាប់​គាត់ ។ ប៉ុន្តែ​ពេល​ខ្ញុំ​ហៀប​និយាយ​ ពេលនោះស្រាប់តែ​មាន​យោបល់​ជា​ច្រើន​បាន​ផុស​ឡើង​ក្នុង​គំនិត​​ខ្ញុំ​ ។ នោះ​ជា​លើក​ដំបូង​ហើយ ដែល​ខ្ញុំ​ពន្យល់​ពី « មូល​ហេតុ » របស់​គ្រីស្ទាន ទៅកាន់​អ្នក​មិន​ស្គាល់​ពី​គ្រីស្ទាន ហើយ​ជា​អ្នក​មាន​បញ្ញា​ខ្ពស់ ។ ខ្ញុំ​មិន​អាច​គ្រាន់តែនិយាយ​ថា « ខ្ញុំ​ធ្វើ​តាម​ព្រះ​យេស៊ូវ​គ្រីស្ទ ដោយសារ​ទ្រង់​បាន​ស្ម័គ្រ​ព្រះទ័យ​រងទុក្ខ ហើយ​សុគត​សម្រាប់​អំពើ​បាប​​ខ្ញុំ » ទេ ។ គាត់​អាច​ឆ្ងល់​ថា « តើ​ព្រះយេស៊ូវ​ត្រូវ​តែ​សុគត​ឬ ? ចុះហេតុអ្វីក៏​ព្រះ​មិន​អភ័យទោស និង​សម្អាត​យើង​ពី​អំពើ​បាប បើ​យើង​ទូល​សូម​ឲ្យ​ទ្រង់​ធ្វើ​ដូច្នោះ​ទៅ ? »

តើ​បងប្អូន​នឹង​ឆ្លើយ​តប​យ៉ាង​ដូចម្ដេច ​ក្នុង​រយៈ​ពេល​តែ​ពីរ​បី​នាទី​នោះ ? តើ​បងប្អូន​នឹង​ពន្យល់​រឿងនេះ​ដល់​មិត្តភក្តិ​​យ៉ាង​ដូចម្តេច ? កុមារ និង​យុវវ័យ ៖ សូម​ក្មួយៗ​សួរ​ឪពុក​ម្ដាយ ឬ​អ្នក​ដឹកនាំ​​នៅ​ពេល​ក្រោយ​ថា « ហេតុ​អ្វី​ព្រះយេស៊ូវ​ត្រូវតែ​សុគតដូច្នេះ ? » បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​សារភាព​ថា ៖ ទោះ​ជា​ខ្ញុំ​បាន​គិត​ថា ខ្ញុំ​បាន​ដឹង​អំពី​គោលលទ្ធិ ប្រវត្ដិសាស្ដ្រ គោល​នយោបាយ និង​អ្វីៗ​ផ្សេង​ក្តី ក៏​ចម្លើយ​ចំពោះ​សំណួរ​ដ៏​សំខាន់​អំពី​សេចក្ដី​ជំនឿ​របស់​យើង ពុំ​បាន​កើត​ឡើង​ដោយ​ងាយ​​នោះ​ដែរ ។ ថ្ងៃ​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្តោត​​ខ្លាំង​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​ចំពោះ​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច ។

មែនហើយ ខ្ញុំ​បាន​ប្រាប់​មិត្ត​ថ្មី​​ខ្ញុំ ថាក្រៅ​ពី​រូបកាយ យើង​ក៏​មាន​វិញ្ញាណ​ផងដែរ ហើយ​ព្រះ​ជា​ព្រះវរបិតា​ខាង​វិញ្ញាណ​របស់​យើង ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា យើង​បាន​រស់​នៅ​ជាមួយ​ព្រះវរបិតា​សួគ៌​ ពីមុន​យើង​កើត​មក​ក្នុង​ពិភព​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។ ដោយ​សារ​ទ្រង់​ស្រឡាញ់​គាត់ និង​បុត្រាបុត្រី​ទាំង​អស់​របស់​ទ្រង់ នោះ​ទ្រង់​បាន​បង្កើត​ផែនការ​មួយ​ឲ្យ​យើង ​ទទួល​បាន​រូបកាយ​តាម​រូបអង្គ​​ដ៏​រុងរឿងនៃ​ទ្រង់កើត​ក្នុង​គ្រួសារមួយហើយ​ត្រឡប់​ទៅ​​វត្តមាន​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ដើម្បី​រីករាយ​នឹង​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​ជាមួយ​ក្រុម​គ្រួសារ​​យើងដូចគ្រួសារ​ទ្រង់​​ផងដែរ ។ ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ចម្បង​ពីរ​នៅ​ក្នុង​ពិភព​លោក​​ធ្លាក់ចុះ​នេះ ៖ ( ១ ) សេចក្តីស្លាប់​ខាង​សាច់ឈាម—គឺ​វិញ្ញាណ​យើង​បែកចេញ​ពី​រូបកាយ​របស់​យើង ។ ពិត​ណាស់ គាត់​បាន​ដឹង​ថា យើង​ទាំង​អស់​គ្នា​នឹង​ស្លាប់ ។ និង ( ២ ) សេចក្ដី​ស្លាប់​ខាង​វិញ្ញាណ—គឺ​យើង​បែក​ចេញ​ពី​ព្រះ ដោយសារ​អំពើ​បាប កំហុស និង​ការធ្វើ​ខុស​ក្នុង​ជីវិត​រមែង​ស្លាប់ ធ្វើ​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ គាត់​យល់​ថា រឿង​នេះ​ក៏​ទាក់ទង​នឹង​គាត់​ដែរ ។

ខ្ញុំ​បាន​ប្រាប់​គាត់​ថា នេះ​គឺ​ជា​ឥទ្ធិពល​នៃ​ក្រឹត្យវិន័យ​នៃ​សេចក្តី​យុត្តិធម៌ ។ ក្រឹត្យវិន័យ​ដ៏​អស់​កល្ប​ជានិច្ចនេះ​ទាមទារ​ឲ្យ​មាន ទណ្ឌកម្ម​ដ៏​អស់កល្ប​ដែលត្រូវតែ​បង់​សង​ដល់​គ្រប់​អំពើ​បាប​ ឬ​ការបំពាន​លើ​ក្រឹត្យវិន័យ ឬ​សេចក្ដី​ពិត​របស់​ព្រះ ឬ​យើង មិនអាច​ត្រឡប់​មក​រស់​នៅ​ក្នុង​វត្តមាន​ដ៏​បរិសុទ្ធ​របស់​ទ្រង់​វិញ​បាន​ឡើយ ។១០ វា​នឹងជា​រឿង​អយុត្តិធម៌ ហើយ​ព្រះ « ពុំ​អាច​បដិសេធ​សេចក្តី​យុត្តិធម៌​បាន​ឡើយ » ។១១ គាត់​យល់​ពី​រឿង​នេះ ហើយ​ថែម​ទាំង​​យល់​ថា ព្រះ​ក៏​មានក្តី​មេត្តា​ករុណា ស្រឡាញ់ និង​សព្វ​ព្រះទ័យ​នាំ​មក​នូវ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​យើង​ផងដែរ ។ ១២ ខ្ញុំ​បាន​ប្រាប់​មិត្ត​ខ្ញុំ​ថា យើង​ក៏​មាន​មារសត្រូវ​ដ៏​មាន​ឧបាយកល និង​​ឥទ្ធិពល​ផង​ដែរ—វាគឺ​ជា​ប្រភព​នៃ​អំពើ​អាក្រក់ និង​ការ​កុហក—​ប្រឆាំង​នឹង​យើង ។ ១៣ ហេតុ​ដូច្នេះ​ ចាំបាច់​ត្រូវ​មានព្រះ​មួយ​អង្គ​ដែល​មាន​ព្រះចេស្តា​នៃ​ព្រះ ដ៏​និរន្តរ៍ ដែល​ឈ្នះ​លើ​ការ​ប្រឆាំង និង​ឧបសគ្គ​ទាំង​អស់​នេះ មក​សង្គ្រោះ​យើង ។ ១៤

បន្ទាប់​មក ខ្ញុំ​បាន​ចែកចាយ​ដំណឹងល្អនឹងគាត់​—គឺ « ដំណឹង​ល្អ​ពី​​អំណរ​យ៉ាង​អស្ចារ្យ … សម្រាប់​បណ្តាជន​ទាំង​អស់​គ្នា »១៥—ថា « ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​លោក ដល់​ម៉្លេះ​បានជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ​មួយ ដើម្បី​ឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់កល្ប​ជានិច្ច​វិញ » ។១៦ ខ្ញុំ​បាន​ថ្លែង​ទីបន្ទាល់​ដល់​មិត្ត​​ខ្ញុំ ហើយ​​ធ្វើ​ជា​សាក្សី​ដល់​បងប្អូន​ថា ព្រះ​យេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះ​អង្គ​សង្រ្គោះ ថា​ទ្រង់ ត្រូវ រង​ទុក្ខ សុគត ហើយ​មាន​ព្រះជន្ម​រស់​ឡើង​វិញ—គឺ​ជា​ដង្វាយធួន ដ៏​និរន្តរ៍ របស់​ទ្រង់—ដែលប្រោសលោះ​មនុស្ស​ជាតិ​ទាំង​អស់​ពី​សេចក្ដី​ស្លាប់​ខាង​សាច់ឈាម១៧ ហើយ​ផ្តល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច១៨ ដល់ អស់​អ្នក ដែល​នឹង​ដើរ​តាម​ទ្រង់ ឲ្យ​នៅ​ជាមួយ​ព្រះ និង​ក្រុម​គ្រួសារ​​យើង ។ ព្រះ​គម្ពីរ​មរមន​ប្រកាស​ថា « ម្ល៉ោះ​ហើយ ព្រះ​ទ្រង់ … បាន​ឈ្នះ​លើ​សេចក្ដី​ស្លាប់ ដោយ​បាន​ប្រទាន​ព្រះ​ចេស្ដា​ដល់​ព្រះ​រាជ​បុត្រា​សម្រាប់​អង្វរ​ជំនួស​កូន​ចៅ​មនុស្ស … ដោយ​មាន​ចិត្ត [ ក្ដួល​មេត្តា និង ] ពោរ​ពេញ​ទៅ​ដោយ​ចិត្ត​ប្រោសប្រណី … ដោយ​បាន​ផ្ដាច់​ចំណង​ទាំង​ឡាយ​នៃ​សេចក្ដី​ស្លាប់ បាន​ទទួល​មក​លើ​អង្គ​ទ្រង់​នូវ​អំពើ​ទុច្ចរិត​របស់​គេ និង​អំពើ​រំលង​ទាំង​ឡាយ​របស់​គេ បាន​ប្រោស​លោះ​ពួក​គេ ហើយ​បាន​បំពេញ​ការ​ទាមទារ​ទាំង​ឡាយ​នៃ​សេចក្ដី​យុត្តិធម៌ » ។ ១៩

ជំហាន​ទាំងឡាយដែល​ព្រះ​បាន​បើក​សម្តែង​ ដែល​យើង​ត្រូវតែ​ធ្វើ​តាម​ព្រះ​យេស៊ូវ ហើយ​ទទួល​បាន​ជីវិត​ដ៏​អស់​កល្ប​ជានិច្ចនោះ ត្រូវ​បាន​ហៅ​ថា គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ ។ ជំហាន​ទាំង​នោះ​រួម​មាន « សេចក្តីជំនឿ​លើ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ការ​ប្រែ​ចិត្ត ពិធីបុណ្យជ្រមុជទឹក [ ចូល​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ] ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត » ។ ២០ ខ្ញុំ​បាន​ចែក​ចាយ​ជំហាន​ទាំង​នេះ​ជាមួយ​មិត្ត​ខ្ញុំ ប៉ុន្តែ​នេះ​គឺ​ជា​វិធី​មួយ​ចំនួន​ដែល​ព្យាការី និង​សាវក ទើប​តែ​បាន​បង្រៀន​នាពេល​ថ្មីៗ​នេះ អំពី​របៀប​ដែល​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​អាច​ផ្តល់​ពរ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ណែនាំ ៖ « គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​ដ៏​បរិសុទ្ធ​គឺ​មាន​អានុភាព​ណាស់ ។ វា​ផ្លាស់ប្តូរ​ជីវិត មនុស្ស​គ្រប់គ្នា ដែល​យល់​ពី​គោលលទ្ធិ​នេះ ហើយ​ព្យាយាម​អនុវត្ត​តាម​គោលលទ្ធិ​នេះ​នៅក្នុង​ជីវិត​របស់​ពួកគេ » ។ ២១

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា [ សៀវភៅ ] ដើម្បី​កម្លាំង​នៃ​យុវជន [ គឺ ] មាន​ការប្រកាស​ដ៏​ចំៗ​អំពី​គោលលទ្ធិ​នៃព្រះគ្រីស្ទ [ ហើយ ] អញ្ជើញ​ក្មួយៗ​ដែល​ជា [ យុវវ័យ ] ឲ្យ​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ផ្អែក​លើ [ សៀវភៅ​នោះ ] » ។២២

អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​បង្រៀន​ថា « យើង​អញ្ជើញ​ឲ្យ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ធ្វើ​អ្វី ដែល​ពួកគេ​សូម​ឲ្យ​មនុស្ស​ដែល​ពួកគេ​បង្រៀន​ធ្វើ​ដែរ ៖ … អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ ដើរ និង​បន្ដ​ដើរ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា » ។ ២៣

គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​ផ្ដល់​អំណាច​ដល់​អស់​អ្នក​ដែល​កំពុង ជួប​ការលំបាក ឬ​មាន​អារម្មណ៍​ថា ពួក​គេ​គ្មាន​ចំណែក​ក្នុង​សាសនាចក្រពីព្រោះ​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​ជួយ​ពួក​គេ ដូច​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ថ្លែង​ថា « សូម​បញ្ជាក់​ថា ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សុគត​ជំនួស​ខ្ញុំ [ ហើយ ] ស្រឡាញ់​ខ្ញុំ » ។ ២៤

មាតាបិតា​អើយបើ​កូន​របស់​បងប្អូន​មាន​ការលំបាក​នឹង​គោលការណ៍​មួយ​នៃ​ដំណឹងល្អ ឬ​​ការបង្រៀន​របស់​ព្យាការី សូមទប់​កុំ​និយាយ​អាក្រក់២៥ឬ​ធ្វើ​សកម្មភាព​តាម​គ្រប់​រូបភាព ប្រឆាំង​នឹង​សាសនាចក្រ ឬ​ថ្នាក់​ដឹកនាំ​របស់​សាសនាចក្រ​ឡើយ ។ វិធី​តូចៗ​ខាង​លោកិយ​ទាំង​នេះ​ដែល​នៅ​ក្រោម​ទង្វើ​របស់​បងប្អូន អាច​បំពុល​ដល់​ភាពស្មោះត្រង់​យូរ​អង្វែង​នៃ​កូន​របស់​បងប្អូន​បាន ។ ២៦ បើ​បងប្អូន​និយាយ​ពីរោះពិសារ នោះ​បងប្អូន​នឹង​ការពារ ឬ​និយាយ​គាំទ្រ​ដល់​កូនៗ​ដ៏​មាន​តម្លៃ​របស់​បងប្អូន ឬ​បង្ហាញ​សញ្ញា​នៃ​សាមគ្គីភាព​ជាមួយ​គាត់ ។ ប៉ុន្តែ​ភរិយា​ខ្ញុំ ជេន និង​ខ្ញុំ​ដឹង​តាម​បទពិសោធន៍​ផ្ទាល់​ខ្លួន​ថា ពេល​បង្រៀន​កូន​ៗជា​ទី​ស្រឡាញ់​របស់​បងប្អូន អំពី​មូលហេតុ​ដែល​យើង​ទាំងអស់​គ្នា​ពិតជា​ត្រូវការ​ព្រះ​យេស៊ូវគ្រីស្ទ និង​របៀប​អនុវត្ត​គោលលទ្ធិ​ដ៏​រីករាយ​របស់​ទ្រង់ វាគឺ​ជា​អ្វី​ដែល​នឹង ពង្រឹង និង​ព្យាបាល​ពួកគេ ។ ចូរ​យើង​បង្វែរ​ពួក​គេ​ទៅ​រក​ព្រះយេស៊ូវ ដែល​ជា​អង្គ​គាំទ្រ​ដ៏​ពិត​របស់​ពួកគេ ជាមួយ​នឹង​ព្រះ​វរបិតា ។ សាវក​យ៉ូហាន​បាន​បង្រៀន​ថា « អ្នក​ណា​ដែល … កាន់​ខ្ជាប់​ក្នុង​សេចក្តី​បង្រៀន​របស់​ព្រះគ្រីស្ទ … នោះ​មាន​ទាំង​ព្រះវរបិតា និង​ព្រះរាជបុត្រា​ផង » ។ បន្ទាប់​មក លោក​ព្រមាន​យើង​ឲ្យ​ប្រុង​ប្រយ័ត្ន « បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្តី​នេះ » ។២៧

ថ្មីៗ​នេះ ជេន និង​ខ្ញុំ​បាន​ទៅ​លេង​ទី​រហោស្ថាន​ដែល​ម៉ូសេ​បាន​លើក​ពស់​លង្ហិន​ឡើង នៅ​ចំពោះ​មុខ​កូនចៅ​របស់​អ៊ីស្រាអែល​ដែល​ដើរ​រសាត់​ព្រាត់ ។ ព្រះ​អម្ចាស់​បាន​សន្យា​ថា ព្យាបាល​អស់​អ្នក​ដែល​ពស់​អសិរ​ពិស​នោះ​ចឹក បើ​​ពួក​គេ​គ្រាន់តែ​សម្លឹង​មើលវា​ប៉ុណ្ណោះ ។២៨ ​ការបង្រៀន​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​នៅ​ចំពោះ​មុខ​យើង នោះ​ព្យាការី​របស់​ព្រះ​អម្ចាស់​កំពុង​ធ្វើ​ដូច​គ្នា « ដើម្បី​ឲ្យ​លោក​អាច​ព្យាបាល​ទាំង​សាសន៍ » ។២៩ មិន​ថា​​យើង​ជួប​ប្រទះ​ការ​សាកល្បង ឬ​សេចក្តីវេទនា ឬ​ការ​លំបាក​អ្វី​ក៏​ដោយ​ នៅ​ក្នុង​ទី​រហោស្ថាន​នៃ​ជីវិត​រមែង​ស្លាប់​នេះ ចូរ​យើង​កុំ​ធ្វើ​ដូច​មនុស្ស​ពី​បុរាណ និង​បច្ចុប្បន្ន ដែល​គេអាចនឹង​ត្រូវ​បាន​ព្យាបាល ប៉ុន្តែ​បែរជា « មិន​ព្រម​សម្លឹង​មើល … មក​ពី​ពួក​គេ​មិន​ជឿ​ថា វា​នឹង​ព្យាបាល​គេ​ឲ្យ​ជានោះ​ឡើយ » ។ ៣០ ព្រះគម្ពីរ​មរមន​បញ្ជាក់​ថា ៖ « មើល​ចុះ … នេះ​គឺជា​ផ្លូវ ហើយ​គ្មាន​ផ្លូវ​ឯណា​ទៀត​ទេ ឬ​ក៏​ឈ្មោះ​ណា​ទៀត​នៅ​ក្រោម​មេឃ​នេះ ដែល​មនុស្ស​អាច​បាន​សង្គ្រោះ​នៅ​ក្នុង​នគរ​នៃ​ព្រះ​ឡើយ ។ ហើយ​ឥឡូវ​នេះ​មើល​ចុះ ​នេះ​គឺ​ជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ » ។៣១

នៅ​រដ្ឋ ញ៉ូវ ជើស៊ី នា​ល្ងាច​នោះ​ ការ​ចែកចាយ​ពី​មូលហេតុ​ដែល​យើង​ត្រូវការ​ព្រះយេស៊ូវ​គ្រីស្ទ និង​គោលលទ្ធិ​របស់​ទ្រង់ បាន​ផ្តល់​ឲ្យ​ខ្ញុំ​មាន​ប្អូនស្រី​ថ្មី​ម្នាក់ ហើយ​​គាត់មាន​បង​ប្រុស​ថ្មី​ម្នាក់ ។ យើង​ទទួល​អារម្មណ៍​ភាព​សុខ​សាន្ត ដែល​ជា​សាក្សី​បញ្ជាក់​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ រួច ខ្ញុំ​សុំ​ព័ត៌មាន​ទាក់​ទង​ទៅ​គាត់ ហើយ​អញ្ជើញ​គាត់​ឲ្យ​បន្ត​ការ​សន្ទនា​ជាមួយ​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​របស់​យើង ។ គាត់​រីករាយ​នឹងជួប​ពួកគេ ។

ព្រះ​គម្ពីរ​មរមន​ប្រកាស​ថា « ហេតុ​ដូច្នោះ​ហើយ គឺ​ជា​ការ​សំខាន់​បំផុត ដើម្បី​ធ្វើ​ឲ្យ​ការណ៍​ទាំង​នេះ​បាន​ដឹង​ដល់​បណ្ដាជន​នៅ​លើ​ផែនដី »—ដើម្បី​ស្រឡាញ់ ចែកចាយ និង​អញ្ជើញ៣២នៅ​ពេល​យើង​ប្រមូល​សាសន៍​អ៊ីស្រាអែល​នៅក្នុង​សហគមន៍ និង​ក្រុម​គ្រួសារទាំងអស់​របស់​យើង—« ដើម្បី​ឲ្យ​ពួក​គេ​អាច​ដឹង​ថា គ្មាន​សាច់ឈាម​ណា​អាច​រស់នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​បាន​ឡើយ លើក​លែង​តែ​ដោយ​បុណ្យ​គុណ និង​សេចក្ដី​មេត្តាករុណា និង​ព្រះ​គុណ [ និង​គោលលទ្ធិ ] នៃ​ព្រះ​មែស៊ី​ដ៏​បរិសុទ្ធ » ប៉ុណ្ណោះ ។៣៣ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. ខ្ញុំ​បាន​ជ្រើស​រើស​មិន​បញ្ចេញ​ឈ្មោះ​មិត្ត​របស់​ខ្ញុំ​ជា​សាធារណៈ ឬ​ប្រើ​ឈ្មោះ​ប្រឌិត​មួយ​ឡើយ ។

  2. សូមមើល រ៉ូម ៨:១៥–១៧; ហេព្រើរ ១២:៩; គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:១៥ ។

  3. សូមមើល យេរេមា ១:៤–៥; គោលលទ្ធិ និង​ សេចក្តី​សញ្ញា ១៣៨:៥៥–៥៦; អ័ប្រាហាំ ៣:២២–២៣,២៦សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ជីវិត​មុន​ឆាក​ជីវិត​នេះ »​នៅ ក្នុង​scriptures.ChurchofJesusChrist.org; « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាសដំណឹងល្អរបស់​យើង ( ឆ្នាំ ២០១៩ ) ទំព័រ ៤៨ ។

  4. សូមមើល « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាសដំណឹង​ល្អ​របស់​យើងទំព័រ ៤៨ ។

  5. ផែនការ​ដ៏​ល្អឥតខ្ចោះ​របស់​ព្រះវរបិតា​ដែល​ហៅ​ថា ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ផែនការ​នៃ​សេចក្តី​ប្រោសលោះ ក្នុង​ចំណោម​សេចក្ដី​យោង​ផ្សេង​ទៀត —ត្រូវ​បាន​រៀបចំ​ឡើង​ដូច្នេះថា មនុស្ស​គ្រប់​គ្នា​ដែល​កើត​មក​ក្នុង​ជីវិត​រមែង​ស្លាប់ ចាំបាច់​ត្រូវ​ធ្វើ​បែប​នេះ​នៅ​ក្នុង​គ្រួសារ ហើយ​មនុស្ស​គ្រប់​គ្នា​គឺ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ ។ ពិតណាស់ មិនមែន​គ្រប់​កាលៈទេសៈក្នុង​គ្រួសារ​ទាំងអស់​សុទ្ធតែ​ល្អ​ប្រសើរ ឬ​ត្រូវ​នឹង​ទស្សន​វិស័យ​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​របស់​ព្រះវរបិតា​យើង សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់​នោះ​ទេ ហើយ​កាលៈទេសៈ​ក្នុង​គ្រួសារ​មួយ​ចំនួន​ជា​សោកនាដ​កម្ម ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ពេល​យើង​រស់​តាម​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ នោះ​ព្រះយេស៊ូវ​គ្រីស្ទ​ជួយ​យើង​ឲ្យ​ទទួល​បាន​ពរជ័យ​ទាំង​អស់ ដែល​ព្រះ​វរបិតា​មាន​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ តាម​រយៈ​ផែនការ​ដ៏​មេត្តា​ករុណា និង​ទូលំទូលាយ​របស់​ទ្រង់ ។ សូមមើល កំណត់ចំណាំ​បញ្ចប់​ទី ៦ ​ផងដែរ។

  6. ការសន្យា​ដ៏​មហិមា​មួយ​ដែល​ព្រះ​បាន​ធ្វើ​ចំពោះ​បុត្រាបុត្រី​របស់​ទ្រង់ ក៏​ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយ​ទាន​ទាំង​ឡាយ​របស់​ទ្រង់​ចំពោះ​យើង​ផង​ដែរ ៖ ការលើកតម្កើង ឬ​ជីវិត​អស់កល្ប​ជានិច្ច ដែល​ត្រូវ​រស់​នៅ​អស់កល្ប​ជានិច្ច « ក្នុង​វត្តមាន​របស់​ព្រះ និង​បន្ត​ជា​ក្រុម​គ្រួសារ » ( Gospel Topics « Eternal Life » topics.ChurchofJesusChrist.org សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៤:៧ ) ។ « ក្រុម​គ្រួសារ » រួមមានស្វាមី ភរិយា និងកូន ព្រមទាំង​សាច់​ញាតិ​ដែល​នៅរស់ និង​បាន​ស្លាប់​របស់​យើង ដែល​ទទួល និង​រស់នៅ​តាម​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ។ សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​រួច​ទៅ​ហើយ​នៅ​ក្នុង​ពិភព​វិញ្ញាណ ដែល​មិន​អាច​ឱប​ក្រសោប​គោលលទ្ធិ​នៃ​ព្រះ​គ្រីស្ទ​ក្នុង​ជីវិត​នេះ អាច​ធ្វើ​បាន​នៅ​ក្នុង​ពិភព​វិញ្ញាណ​ជាពិធីបរិសុទ្ធ​នានា​ដូច​ជា ពិធី​បុណ្យ​ជ្រមុជ​ទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ និង​ពិធីបរិសុទ្ធ​ផ្សេង​ទៀត ដែល​ជួយ​យើង​ឲ្យ កាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ត្រូវបាន​ធ្វើ​ឡើងជំនួស​ដោយ​ក្ដី​ស្រឡាញ់ ដោយ​សាច់ញាតិ​ដែល​នៅរស់​ក្នុង​ព្រះវិហារ​បរិសុទ្ធ ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ លើស​ពី​នេះ​ទៀត ការ​សន្យា​អំពី​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​គឺ​មិន​មែន​គ្រាន់​តែ​សម្រាប់​អ្នក​ដែល​បាន​រៀបការ​ក្នុង​ជីវិត​នេះ​នោះ​ទេ ។ ប្រធាន អិម រ័សុល បាឡឺដ បាន​បង្រៀន « ព្រះ​គម្ពីរ និង​ពួកព្យាការី​ថ្ងៃ​ចុង​ក្រោយ​បញ្ជាក់​ថា មនុស្ស​គ្រប់​គ្នាដែល​ស្មោះ​ត្រង់​ក្នុង​ការ​រក្សា​សេចក្ដី​សញ្ញា​នៃ​ដំណឹង​ល្អ នឹង​មាន​ឱកាស​សម្រាប់​ភាព​លើក​តម្កើង » ( « Hope in Christ » ) Liahonaខែ ឧសភា ឆ្នាំ ២០២១ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។ ដោយ​លើក​ឡើង​ពី​ប្រធាន រ័សុល អិម ណិលសុន និង​ប្រធាន ដាល្លិន អេក អូក នោះ​ប្រធាន​បាឡឺដ បាន​បន្ត​ថា « ពេលវេលា និង​របៀប​ជាក់លាក់​ដែល​ពរជ័យ​នៃ​ភាពលើក​តម្កើង​ត្រូវបាន​ប្រទាន​មក​នោះ ពុំទាន់​បាន​បើក​សម្ដែង​អស់​នៅឡើយ ប៉ុន្ដែ​វា​ត្រូវ បាន​ធានាថា​មាន » ​( « Hope in Christ » ទំព័រ ៥៥ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « តាម​របៀប និង​ពេលវេលា​របស់​ព្រះអម្ចាស់​ផ្ទាល់ នោះ​ពុំមាន​ពរជ័យ​ណា​ដែល​នឹងត្រូវ​ដក​ចេញ​ពី​ពួកបរិសុទ្ធ​ដ៏​ស្មោះត្រង់​របស់​ទ្រង់​នោះទេ ។ ព្រះអម្ចាស់​នឹង​ជំនុំជម្រះ ហើយ​ប្រទាន​រង្វាន់​ដល់​បុគ្គល​ម្នាក់ៗ​ស្របតាម​បំណង​ប្រាថ្នា​ដ៏​ស្មោះសរ​ និង​ទង្វើ​របស់​គេ » ( « Celestial Marriage » Liahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ) ។ ហើយ​ប្រធាន អូក បាន​ពន្យល់​ថា « ការ​ខ្វះខាត​ដ៏​សំខាន់​បំផុត​ជាច្រើន​នៃ​ជីវិត​រមែង​ស្លាប់​នឹង​ត្រូវ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​សហស្សវត្សរ៍ ដែល​ជា​ពេល​វេលា​សម្រាប់​បំពេញ​នូវ​អ្វីៗ​ទាំងអស់​ដែល​មិន​ពេញលេញ​ក្នុង​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា សម្រាប់​បុត្រាបុត្រី​ស័ក្ដិសម​របស់​ព្រះវរបិតា​យើង​ទាំងអស់ » ( « The Great Plan of Happiness » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣ ) សូមមើល កំណត់ចំណាំ​បញ្ចប់​ទី ៥ ផងដែរ ) ។ សូមមើល កំណត់ចំណាំ​បញ្ចប់​ទី ៥ ផងដែរ ។

  7. សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « ផែនការ​នៃ​សេចក្តីប្រោសលោះ »​សូមមើល​ផងដែរ Gospel Topics « Plan of Salvation » topics.ChurchofJesusChrist.org និង « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាសដំណឹងល្អរបស់​យើងទំព័រ ៤៨–៥០, ៥៣ ។

  8. សូមមើល « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាស​ដំណឹងល្អ​របស់​យើងទំព័រ ៤៩ ។

  9. សូមមើល « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាស​ដំណឹងល្អ​របស់​យើងទំព័រ ៤៧–៥០ ។

  10. សូមមើល « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាស​ដំណឹងល្អ​របស់​យើងទំព័រ ៤៧–៥០ ។

  11. ម៉ូសាយ ១៥:២៧ ។ សេចក្តីយុត្តិធម៌​ដ៏​អស់កល្ប​ជានិច្ច ឬ​សេចក្តីយុត្តិធម៌​របស់​ព្រះមាន​ច្រើន​នៅក្នុង​ព្រះគម្ពីរ ប៉ុន្តែ​សូមមើល អាលម៉ា ៤១:២–៨និង អាលម៉ា ៤២ជាពិសេស ។

  12. សូមមើល អាលម៉ា ៤២:១៤–២៤; ម៉ូសេ ១:៣៩ ។

  13. សូមមើល « មេរៀន​ទី ២ ៖ ផែនការ​នៃ​សេចក្តី​សង្គ្រោះ » ប្រកាស​ដំណឹងល្អ​របស់​យើងទំព័រ ៤៧–៥០ ។

  14. សូមមើល អាលម៉ា ៣៤:១០, ៩–១៣ សូមមើល​ផងដែរ ម៉ូសាយ ១៣:២៨, ៣៤–៣៥;១៥:១–៩អាលម៉ា ៤២:១៥ ។

  15. លូកា ២:១០ ។

  16. យ៉ូហាន ៣:១៦ ។

  17. សូមមើល ហេលេមិន ១៤:១៥–១៧; មរមន ៩:១២–១៤ ។

  18. សូមមើល កំណត់​ចំណាំ​បញ្ចប់​ទី ៥ និង ៦ ។

  19. ម៉ូសាយ ១៥:៨–៩ ។

  20. « What Is My Purpose as a Missionary? » ប្រកាស​ដំណឹងល្អ​របស់​យើង, ១; សូមមើល​ផង​ដែរ « មេរៀន​ទី​៣ ៖ ដំណឹងល្អ នៃ​ព្រះយេស៊ូវ​គ្រីស្ទ » ប្រកាស​ដំណឹងល្អ​របស់​យើង, ទំព័រ ៦៣ ។

  21. រ័សុល អិម ណិលសុន «Pure Truth, Pure Doctrine, and Pure Revelation » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២១ ទំព័រ ៦ បាន​បញ្ជាក់​បន្ថែម ។

  22. ឌៀថើរ អេហ្វ អុជដូហ្វ « ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​កម្លាំង​នៃ​យុវជន » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២២ សូមមើល​ផងដែរ ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​សម្រាប់​ការធ្វើ​ការជ្រើសរើស​( ឆ្នាំ ២០២២ ) ទំព័រ ៤ ។

  23. Dale G. Renlund, « Lifelong Conversion of Missionaries » ( សុន្ទរកថា​ដែល​បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ថ្នាក់​ដឹកនាំ​បេសកកម្ម, ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០២១ ), ១, បណ្ណាល័យ ប្រវត្តិសាសានាចក្រ នៅទីក្រុង សលត៍ លេក ។

  24. ឌី ថត គ្រីស្តូហ្វឺសិន « The Doctrine of Belonging » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២២ សូមមើល​ផងដែរ ឌី ថត គ្រីស្តូហ្វឺសិន « The Joy of the Saints » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

  25. សូមមើល យ៉ាកុប ៤:១១; គោលលទ្ធិ និង​សេចក្ដីសញ្ញា ២០:៥៤សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ « Evil Speaking »​នៅ​ក្នុង​scriptures.ChurchofJesusChrist.org ។

  26. សូមមើល Ahmad S. Corbitt « Activism vs » Discipleship: Protecting the Valiant” (address given at the chaplains’ seminar, Oct. 2022), cdn.vox-cdn.com/uploads/chorus_asset/file/24159863/Brother_Corbitt_Chaplain_seminar.pdf; video: media2.ldscdn.org/assets/general-authority-features/2022-chaplain-training-seminar/2022-10-1000-activism-vs-discipleship-1080p-eng.mp4.

  27. យ៉ូហានទី២ ១:៩–១០ ។

  28. សូម​មើល ជនគណនា ២១:៥–៩ ។

  29. នីហ្វៃទី​២ ២៥:២០ ។

  30. អាលម៉ា ៣៣:២០ ។

  31. នីហ្វៃទី​២ ៣១:២១ ។

  32. សូម​មើល « ​ការផ្សាយបន្តផ្ទាល់ ឆ្នាំ ២០២១ ៖​គោលការណ៍​នៃ សេចក្តីស្រឡាញ់ ស្រឡាញ់ ចែកចាយ និង អញ្ជើញ » នៅ​លើ​គេហទំព័រ broadcasts.ChurchofJesusChrist.org; សូមមើល​ផងដែរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន,« ស្រឡាញ់ ចែកចាយ អញ្ជើញ » Liahona, ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៨៤–៨៧ ។

  33. នីហ្វៃ​ទី​២ ២:៨ ។