សន្និសីទទូទៅ
ពរជ័យ​អយ្យកោ​របស់​បងប្អូន—ជាការដឹកនាំ​ដ៏​បំផុស​គំនិត​មកពី​ព្រះវរបិតាសួគ៌
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ពរជ័យ​អយ្យកោ​របស់​បងប្អូន—ជាការដឹកនាំ​ដ៏​បំផុស​គំនិត​មកពី​ព្រះវរបិតាសួគ៌

ពរជ័យអយ្យកោ​របស់​ខ្ញុំបាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​អត្តសញ្ញាណ​ពិត​ដ៏​អស់កល្ប​ជានិច្ច—ថា​ខ្ញុំ​ជា​នរណា ហើយ​ខ្ញុំ​អាច​ក្លាយ​ជានរណា ។

ខ្ញុំ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្ដាយ​ដ៏ល្អ​ដែល​ស្រឡាញ់ និង​បាន​បង្រៀន​ដំណឹងល្អ​​ដល់កូនៗ​ដោយ​ស្មោះ​ត្រង់ ។ តែគួរ​ឲ្យ​​ស្តាយ​ឳពុក​ម្តាយ​ជាទីស្រឡាញ់​របស់ខ្ញុំ​រកាំរកូស​ក្នុង​ចំណង​អាពាហ៍​ពិពាហ៍​ជាច្រើន​ឆ្នាំ ។ កាល​នោះ​ខ្ញុំ​នៅ​តូច ពេល​ខ្ញុំ​បាន​ដឹង​ថា​ពួក​គាត់​អាច​នឹង​លែង​លះ​គ្នា​នៅ​ថ្ងៃ​ណា​មួយ ហើយខ្ញុំ​នឹង​ត្រូវ​ជ្រើស​រើស​ថា ​រស់នៅ​តាម​ឪពុក ឬ​ម្ដាយ ។ ជា​លទ្ធិផល ខ្ញុំ​ថប់​បារម្ភ​យ៉ាង​ខ្លាំង​អស់​មួយ​រយៈ​ពេល​ធំ ប៉ុន្តែ​អំណោយ​ទាន​មួយ​មកពី​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ បាន​ជួយ​ផ្លាស់​ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​—នោះ​គឺ​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ ។

កាល​អាយុ ១១ ឆ្នាំ ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំងអំពី​ទំនាក់​ទំនង​របស់​ឪពុក​ម្តាយ​ខ្ញុំ ខ្ញុំ​ប្រាថ្នា​ចង់​បាន​ពរជ័យ​អយ្យកោ​ខ្លាំងណាស់ ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ស្គាល់​ខ្ញុំ​យ៉ាង​ឥតខ្ចោះ និងជ្រាបដឹង​ពី​កាលៈទេសៈ​ខ្ញុំយ៉ាងច្បាស់ ។ ហើយ​ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា​ខ្ញុំ​នឹង​បានទទួល​ពីទ្រង់​ដោយ​ផ្ទាល់ ។ ពេល​ខ្ញុំ​មាន​អាយុ ១២ ឆ្នាំ ភ្លាម ខ្ញុំ​បាន​ទទួល​ពរជ័យ​អយ្យកោ​របស់​ខ្ញុំ ។ រឿង​នេះ​បាន​កើត​ឡើង​ជាង​កន្លះ​សតវត្សរ៍​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​ចាំ​យ៉ាង​ច្បាស់​នូវ​ការលម្អិត​ពី​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នោះ ។

អរ​គុណ​ណាស់ ដែល​យើង​បាន​ទទួល​ការណែនាំ​ដ៏​បំផុស​គំនិត​មកពីពរជ័យ​អយ្យកោ​នៅ​ក្នុង ក្បួនខ្នាត​ទូទៅ របស់​សាសនា​ចក្រ ៖

« រាល់​សមាជិក​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជ​ទឹក និង​មាន​ភាពស័ក្តិសម​គ្រប់រូប​មាន​សិទ្ធិ​ទទួល​ពរជ័យអយ្យកោ ដែល​ផ្តល់​ការដឹកនាំ​ដ៏​បំផុស​គំនិត​មកពី​ព្រះវរបិតាសួគ៌ » ។

សមាជិក​ម្នាក់​គួរ​តែ « មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​ដើម្បី​យល់​ពី​សារៈសំខាន់ និង​លក្ខណៈ​ពិសិដ្ឋ​នៃ​ពរជ័យ » និង « យល់​ពី​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹងល្អ » ។

« ជា​ការប្រសើរ​បំផុត​នោះ សមាជិក​គួរតែ​មាន​វ័យ​ក្មេង​ល្មម និង​មាន​ការសម្រេច​ចិត្ត​សំខាន់ៗ​ជាច្រើន​ក្នុង​ជីវិត​នៅ​ចំពោះ​មុខ​នៅឡើយ ។… ថ្នាក់ដឹកនាំ​បព្វជិតភាព​មិន​គួរ​កំណត់​អាយុ​តិច​បំផុត​សម្រាប់​សមាជិក​មួយ​រូប​ក្នុង​ការទទួល​ពរ​របស់​លោក​អយ្យកោ​នោះ​ទេ ។ …

រាល់​ពរ​របស់​លោកអយ្យកោ​នីមួយៗ​គឺ​ពិសិដ្ឋ សម្ងាត់ និង​ផ្ទាល់ខ្លួន ។ …

« បុគ្គល​ដែល​ទទួល​ពរជ័យ​អយ្យកោ​គួរតែ​ឲ្យតម្លៃ​ដល់​ពាក្យពេចន៍​ក្នុង​ពរជ័យ​នេះ សញ្ជឹងគិត​ពី​ពរ​ជ័យ​នេះ ហើយ​រស់នៅ​ឲ្យ​មាន​ភាព​ស័ក្តិសម​តាម​ការសន្យា​នៃពរ​ជ័យ​នេះ​នៅក្នុង​ជីវិត​នេះ និង​ភាព​អស់កល្ប​ជានិច្ច » ។

ប្រធាន រ័សុល អិម ណិលសុន​ជា​ទីស្រឡាញ់​របស់​យើង បាន​បង្រៀន​ដដែលៗ​អំពី​សារៈ​សំខាន់​នៃ​ពរជ័យអយ្យកោដែល​ផ្តល់​ឲ្យ​អ្នក​ទទួល​ម្នាក់ៗ​នូវ​« ការ​ប្រកាស​អំពី​ពូជពង្ស​ត្រឡប់​ទៅរហូតដល់ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប »និង​ពរជ័យ​នីមួយៗ​ថា « ជា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​សម្រាប់​បងប្អូន » ។

ពរ​ជ័យ​អយ្យកោ​ខ្ញុំ​សំខាន់​ណាស់​ចំពោះ​ខ្ញុំ​ពេល​ខ្ញុំ​នៅ​ក្មេង​ ព្រោះតែ​ហេតុផល​ជា​ច្រើន ។ ទីមួយ តាមរយៈ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ពរជ័យអយ្យកោ​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​យល់​ពី​អត្តសញ្ញាណ​ពិត​ដ៏​អស់កល្ប​ជានិច្ច—ថា​ខ្ញុំ​ជា​នរណា ហើយ​ខ្ញុំ​អាច​ក្លាយ​ជានរណា ។ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹងដូច ប្រធាន ណិលសុន បាន​បង្រៀន​ថា ខ្ញុំ​គឺ​ជា « បុត្រារបស់​ព្រះ » ជា « [ បុត្រ ]នៃ​សេចក្តី​សញ្ញា » និង​ជា « សិស្សរបស់​ព្រះ​យេស៊ូវ​គ្រីស្ទ » ។ ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​ស្គាល់ និង​ស្រឡាញ់​ខ្ញុំ ហើយ​ទ្រង់​ទាំងទ្វេ​ទាក់ទងនឹង​ជីវិត​របស់​ខ្ញុំផ្ទាល់ ។ រឿងនេះ បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​បំណង​ចង់​ខិត​ទៅ​ជិត​ទ្រង់ ហើយ​បង្កើន​សេចក្ដី​ជំនឿ និង​ការ​ទុក​ចិត្ត​ខ្ញុំ​លើ​ទ្រង់​ទាំងទ្វេ ។

មិត្ត​ជាទី​ស្រឡាញ់​ម្នាក់​ដែល​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​កាល​ជា​យុវមជ្ឈិមវ័យ បាន​ចែកចាយ​ថា ៖ « ពេល​លោក​អយ្យកោ​បាន​ដាក់​ដៃ​លើ​ក្បាល​ខ្ញុំ ហើយ​ហៅ​ឈ្មោះ​ខ្ញុំ នោះ​អ្វីៗ​បាន​ផ្លាស់​ប្ដូរ…មិន​ត្រឹម​តែ​ពេល​នោះ​ទេ​តែ​ពេញ​មួយ​ជីវិត​ខ្ញុំ ។ រំពេច​នោះ​ខ្ញុំយល់ភ្លាម​ថា—តាមរយៈ​អំណាច​ដែល​លោក​ថ្លែង—គឺលោក​បាន​ស្គាល់​ខ្ញុំ​ខ្លាំងភ្លាមៗតែម្ដង ។ ពាក្យ​ដែល​លោក​បាន​ថ្លែង បាន​ជ្រាប​ចូល​ទៅ​ក្នុង​រូប​កាយ​ខ្ញុំ​ទាំង​មូល ។ ខ្ញុំ​ដឹង​ថា​ព្រះវរបិតាសួគ៌​ស្គាល់​ខ្ញុំ ទាំង​ចិត្ត និង​រូបកាយ​ខាង​ក្រៅ » ។

ការ​ដឹង​ថា​ខ្ញុំ​ជានរណា​ពិតប្រាកដ បាន​ជួយ​ខ្ញុំ​ឲ្យ​យល់ និង​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​អ្វី​ដែល​ព្រះ​បាន​រំពឹង​ទុក​ពី​ខ្ញុំ ។

រឿង​នេះ​បាន​នាំ​ខ្ញុំ​ឲ្យ​សិក្សា​អំពី​សេចក្ដី​សញ្ញា ដែល​ខ្ញុំ​បាន​ធ្វើ និង​ពរជ័យ​ដែល​បាន​សន្យា​នៅ​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះ​ជាមួយ​អ័ប្រាហាំ ។ វា​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​ទស្សនៈ​វិស្ស័យ​ដ៏​អស់​កល្ប​ជានិច្ច ដែល​បាន​បំផុស​គំនិត​ខ្ញុំ​ឲ្យ​រក្សា​សេចក្ដី​សញ្ញា​របស់​ខ្ញុំ​ឲ្យ​បាន​កាន់តែ​ពេញ​លេញ ។

ខ្ញុំ​បាន​សិក្សា​ពរ​ជ័យ​អយ្យកោ​របស់​ខ្ញុំ​ជា​ញឹកញាប់ ហើយ​ក្នុង​នាម​ជា​យុវវ័យ​ម្នាក់ រាល់​ថ្ងៃ វា​ជួយ​ខ្ញុំ​ឲ្យ​ទទួល​ការលួង​លោម ដឹកនាំ​ដោយ​ឥទ្ធិពល​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​បាន​ជួយ​កាត់​បន្ថយ​ការថប់បារម្ភ​របស់​ខ្ញុំ ​នៅ​ពេល​ខ្ញុំ​ធ្វើ​តាម​ការ​បំផុស​គំនិត​របស់​ទ្រង់ ។ រឿង​នេះ​បាន​បង្កើន​បំណង​ប្រាថ្នា​ខ្ញុំ​ឲ្យ​អញ្ជើញ​ពន្លឺ សេចក្ដី​ពិត និង​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាង​សកម្ម ដោយ​ការ​សិក្សា​ព្រះគម្ពីរ និង​ការអធិស្ឋាន​រាល់​ថ្ងៃ ព្រមទាំងធ្វើ​ការ​ព្យាយាម​ឲ្យ​កាន់​តែ​ឧស្សាហ៍ក្នុង​ការសិក្សា និង​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្យាការី និង​សាវក​របស់​ព្រះ ។ ពរ​ជ័យ​អយ្យកោ​របស់​ខ្ញុំ ក៏​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​បំណង​ប្រាថ្នា​ចុះ​ចូល​ទៅ​នឹង​ឆន្ទៈ​របស់​ព្រះវបិតា​សួគ៌កាន់​តែ​ច្រើន ហើយ​ការ​ផ្តោត​អារម្មណ៍​នោះ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​អំណរ​ដ៏​អស្ចារ្យ ទោះបី​ជាស្ថានភាព​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​យ៉ាង​ណា​ក្ដី ។

ខ្ញុំ​បាន​ទទួល​កម្លាំង​ខាង​វិញ្ញាណ​រាល់​ពេល​ដែល​ខ្ញុំ​បាន​សិក្សា​ពរ​ជ័យអយ្យកោ​របស់​ខ្ញុំ ។ នៅ​ទីបំផុត ពេល​ដែល​ឪពុក​ម្តាយ​ខ្ញុំ​បាន​លែង​លះគ្នា នោះ​គឺ​ដូច​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន ពរជ័យ​អយ្យកោ​របស់​ខ្ញុំ​កាន់​តែ​ក្លាយ​ជា « រតនៈ​សម្បត្តិ​ផ្ទាល់​ខ្លួន​ដ៏​មាន​តម្លៃ និង​មិន​អាច​កាត់ថ្លៃ » ហើយ​ដូចជា « លីអាហូណា​ផ្ទាល់​ខ្លួន » ។

ឥឡូវ​នេះ​សូម​កុំ​យល់​ច្រឡំ ។ ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​ទេ ។ ខ្ញុំ​មាន​កំហុស​គ្រប់​យ៉ាង ។ ដៃគូ​ដ៏​អស់កល្ប​របស់​ខ្ញុំ​នឹង​បញ្ជាក់​ថា​ខ្ញុំ​នៅ​តែ​ធ្វើ ។ ប៉ុន្តែ​ពរ​ជ័យ​អយ្យកោ​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ ហើយ​នៅ​តែ​បន្ត​ជួយ​ខ្ញុំ​ឲ្យ​មាន​បំណង​ប្រាថ្នា​ចង់​ធ្វើ​ល្អ ហើយ​ជា​មនុស្ស​ប្រសើរ​ជាង​មុន ។១០ ការ​សិក្សា​ពរ​ជ័យអយ្យកោ​របស់​ខ្ញុំ​ជា​ញឹកញាប់​បាន​បង្កើន​បំណង​ប្រាថ្នា​ខ្ញុំ​ឲ្យ​ទប់​ទល់​នឹង​ការ​ល្បួង ។ វា​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​បំណង និង​ភាពក្លាហាន​ដើម្បី​ប្រែ​ចិត្ត ហើយ​ការប្រែ​ចិត្ត​រឹត​តែ​ក្លាយជា​ដំណើរការ​ដ៏​រីករាយ​មួយ ។

វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ដើម្បី​ទទួល​បាន​ពរជ័យ​អយ្យកោ​តាំង​ពី​ក្មេង​ខណៈ​ដែល​ទីបន្ទាល់​របស់​ខ្ញុំ​កំពុង​តែ​លូតលាស់ ។ ហើយ​ខ្ញុំ​មាន​អំណរគុណ​ជា​រៀង​រហូត​ដែល​ឪពុក​ម្ដាយ និង​ប៊ីស្សព​របស់​ខ្ញុំ​យល់​ថា បំណង​ប្រាថ្នា​របស់​ខ្ញុំ​បាន​បង្ហាញ​ថា ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច ។

កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ពិភព​លោក​នេះ​មិន​សូវ​ច្របូកច្របល់ និង​រំខាន​ដូច​ពិភពលោក​សព្វ​ថ្ងៃ​នេះ​ទេ ។ ប្រធាន ណិលសុន បាន​ពិណ៌នា​ពិភព​លោក​សព្វ​ថ្ងៃ​ថា​ជា « គ្រា​មួយ​ដែល​ស្មុគស្មាញ​ខ្លាំង​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ » ជា​ពិភព​លោក​ដែល « មាន​អំពើ​បាប​ដ៏ជោគជាំ » និង « អត្មានិយម » ។១១ សំណាង​ល្អ​ដែល​យុវវ័យ​យើង​សព្វ​ថ្ងៃ​នេះ​មាន​ភាព​ចាស់​ទុំ​ច្រើន​ជាង​កាល​ខ្ញុំ​អាយុ ១២ ឆ្នាំ ហើយ​ពួក​គេ​ក៏​មាន​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់ៗ ខណៈ​នៅ​ពេល​ពួក​គេ​នៅ​ក្មេង​នៅឡើយ ! ពួក​គេ​ក៏​ត្រូវ​ដឹង​ថា​ពួក​គេ​ជា​នរណា​ពិតប្រាកដ ហើយ​ថា​ព្រះ​ស្រឡាញ់​ពួក​គេ ហើយ​ស្គាល់​ពួកគេ​យ៉ាង​ច្បាស់ !

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​មាន​បំណង​ចង់​បាន​ពរ​ជ័យអយ្យកោ​របស់​ខ្លួន​ពេល​នៅ​ក្មេង​ដូច​ជា​ខ្ញុំទេ ។ ប៉ុន្តែ ខ្ញុំ​សូម​អធិស្ឋាន​ថា សមាជិក​ដែល​មិន​ទាន់​បាន​ទទួល​ពរជ័យ​អយ្យកោ នឹង​ស្វែងរក​ដោយ​ការអធិស្ឋាន​ដើម្បី​ដឹង​ថា​តើពេលណា​ពួកគេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ។ ខ្ញុំ​សន្យា​ថា បើ​បងប្អូន​រៀបចំ​ខាង​វិញ្ញាណ នោះ​បង​ប្អូន​នឹង​មាន​បទ​ពិសោធន៍​ដូច​ខ្ញុំ ដែលវា​ពិសិដ្ឋ​ចំពោះ​បងប្អូន ។ ខ្ញុំ​ក៏​សូម​អធិស្ឋាន​ផង​ដែរ​ថា អស់​អ្នក​ដែល​បាន​ទទួល​ពរ​ជ័យ​អយ្យកោ ហើយ នឹង​សិក្សា ហើយ​ទុក​វា​ជាវត្ថុ​ដ៏​មាន​តម្លៃ ។ ការ​ស្រឡាញ់​ពរ​ជ័យ​អយ្យកោ​របស់​ខ្ញុំ​តាំង​ពីក្មេង​បានផ្ដល់​ពរជ័យ​ដល់​ខ្ញុំ​ជាមួយ​នឹង​សេចក្តី​ក្លាហាន​ពេល​ខ្ញុំ​បាក់​ទឹកចិត្ត វា​បាន​លួងលោម​ខ្ញុំ​ពេល​ខ្ញុំ​ភ័យ​ខ្លាច វានាំ​សេចក្ដី​សុខសាន្ត​ដល់​ខ្ញុំ​ពេល​ខ្ញុំ​ថប់បារម្ភ វានាំ​ក្តី​សង្ឃឹម​ពេល​ខ្ញុំ​អស់​សង្ឃឹម និង​មាន​អំណរ​ពេល​ព្រលឹង​ខ្ញុំ​ត្រូវការ​វា​បំផុត ។ ពរ​ជ័យ​អយ្យកោ​ខ្ញុំ​បាន​ជួយ​បង្កើន​សេចក្ដី​ជំនឿ និងទុកចិត្ត​លើ​ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្រ្គោះ​ ។ វា​ក៏​បង្កើន​សេចក្តីស្រឡាញ់​របស់​ខ្ញុំ​សម្រាប់​ទ្រង់​ទាំងទ្វេរ—ហើយ​នៅ​តែ​បន្ត​ជួយ​ដល់ខ្ញុំ ។​១២

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ពរ​ជ័យ​អយ្យកោ​របស់​ខ្ញុំ ផ្ដល់​នូវ​ការដឹកនាំ​ដ៏​បំផុស​គំនិត​មក​ពី​ព្រះវរបិតាសួគ៌ ។ ខ្ញុំ​សូម​ធ្វើ​ជាសាក្សី​អំពី​ភាពពិត​នៃ​ការ​មាន​ព្រះជន្ម​រស់​របស់​ព្រះវបិតា​ដែល​គង់​នៅ​ស្ថាន​សួគ៌ និង​ព្រះរាជ​បុត្រា​ទ្រង់—​គឺ ព្រះអង្គសង្គ្រោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ —ដែល​ទ្រង់​ស្គាល់ ទ្រង់​ស្រឡាញ់​និងមាន​ព្រះទ័យ​ចង់​ប្រទាន​ពរ​ដល់​យើង ។ ខ្ញុំ​ក៏​ដឹង​យ៉ាង​ច្បាស់​ដែរ​ថា ប្រធាន រ័សុល អិម ណិលសុន គឺជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី​សព្វ​ថ្ងៃ​នេះ ។ ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅ​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ,១៨.១៧១៨.១៧.១នៅ​លើ​គេហទំព័រ ChurchofJesusChrist.org ។

  2. សូមមើល រ័សុល អិម ណិលសុន « Thanks for the Covenant »​( Brigham Young University devotional, ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ១៩៨៨ ) នៅលើ​គេហទំព័រ speeches.byu.edu « A More Excellent Hope »​( Brigham Young University devotional, ថ្ងៃទី ៨ ខែ មករា ឆ្នាំ ១៩៩៥ ) នៅលើ​គេហទំព័រ speeches.byu.edu​« Identity, Priority, and Blessings »​( Brigham Young University devotional, ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០០០ ) នៅលើ​គេហទំព័រ speeches.byu.edu​« Roots and Branches »​Liahonaខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ២៧–២៩ « Covenants »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៨៦–៨៩ « Youth of the Noble Birthright: What Will You Choose? » ។ ( Brigham Young University–Hawaii devotional ថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៣ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org« The Book of Mormon, the Gathering of Israel, and the Second Coming »Ensignខែ កក្កដា ឆ្នាំ ២០១៤ ទំព័រ ២៦–៣១ Liahona, ខែ កក្កដា ឆ្នាំ ២០១៤, ២៤–២៩« Let God Prevail »​Liahona​ខែ វិច្ឆិកា ឆ្នាំ ២០២០ ទំព័រ ៩២–៩៥ « សេចក្តីសញ្ញាដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច »​លីអាហូណាខែ តុលា ឆ្នាំ ២០២២ ទំព័រ ១–៦ ។

  3. រ័សុល អិម ណិលសុន « Covenants » ទំព័រ ៨៨ ។

  4. រ័សុល អិម ណិលសុន « Thanks for the Covenant »​នៅលើ​គេហទំព័រ speeches.byu.edu

  5. រ័សុល អិម ណិលសុន « Choices for Eternity »​worldwide devotional for young adults, ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២ ) នៅលើ​គេហទំព័រ ChurchofJesusChrist.orgបាន​គូសបញ្ជាក់​បន្ថែម ។

  6. សូម​មើល រ័សុល អិម ណិលសុន « Covenants » ទំព័រ ៨៦–៨៩ ។

  7. សូម​មើល លោកុប្បត្តិ ១៧:១–១០សូម​មើល​ផងដែរ រ័សុល អិម ណិលសុន « Children of the Covenant » Ensignខែ ឧសភា ឆ្នាំ ១៩៩៥ ទំព័រ ៣២–៣៤ ។

  8. សូម​មើល រ័សុល អិម ណិលសុន « Joy and Spiritual Survival » Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨១–៨៤ ។

  9. ថូម៉ាស អេស ម៉នសុន « Your Patriarchal Blessing: A Liahona of Light » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨៦ ទំព័រ ៦៥–៦៦ ។

  10. សូមមើល រ័សុល អិម ណិលសុន « We Can Do Better and Be BetterLiahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧–៦៩ ។

  11. រ័សុល អិម ណិលសុន « ឈ្នះ​លោកិយ ហើយ​បាន​សេចក្តី​សម្រាក » លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៥–៩៦ ។

  12. បាន​បំផុស​គំនិត​ដោយ ជែមស៍ អ៊ី ហ្វោស្ត « Priesthood Blessings » Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៦២–៦៤ ។