សន្និសីទទូទៅ
ចិត្ត​ខ្ញុំ​នឹក​គិត​ទៅ​លើ​រឿង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


ចិត្ត​ខ្ញុំ​នឹក​គិត​ទៅ​លើ​រឿង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ពេល​បងប្អូន​បន្ត​យក​ចិត្ត​ទុកដាក់​នឹក​គិត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ខ្ញុំ​សន្យា​ថា បងប្អូន​មិន​ត្រឹមតែ​ទទួល​បាន​ការណែនាំ​ប៉ុណ្ណោះ​ទេ បងប្អូន​ថែម​ទាំង​ទទួល​បាន​ព្រះចេស្តា​ពី​សួគ៌ា​ផង​ដែរ ។

នៅ​ក្នុង​រដូវ​បុណ្យអ៊ីស្ទើរ​ដ៏​ស្រស់ស្អាត​នេះ ខ្ញុំ​បន្ទរ​ការអធិស្ឋាន​នៃ​ទំនុកតម្កើង​ដ៏​មាន​អានុភាព​នេះ « ឱ ! សូម​នាំ​យើង​ព្រះយេហូវ៉ា » ។​

រឿង​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន​តំណាល​ប្រាប់​ពី​យុវជន​ម្នាក់ ​មក​ពីគ្រួសារ​ខ្ពង់ខ្ពស់មួយ ឈ្មោះ​អាលម៉ា ដែល​ព្រះ​គម្ពីរ​បាន​ពិពណ៌នា​ថា ជា​អ្នក​ឥត​ជំនឿ ដែល​ថ្វាយបង្គំ​រូប​ព្រះ ។ លោក​ពូកែ​និយាយ និង​ធ្វើ​ឲ្យ​គេជឿ ដោយ​ប្រើ​ពាក្យ​បញ្ជោរ​បញ្ចុះ​បញ្ចូល​អ្នក​ដទៃ​ឲ្យ​ដើរ​តាម​លោក ។ គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ណាស់ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ​ដល់​អាលម៉ា និង​មិត្ត​ភក្តិ​លោក ។ អាលម៉ា​បាន​ដួល​ទៅ​លើ​ដី ហើយ​ទន់ដៃជើង រហូត​ដល់​គេ​បាន​សែង​លោក​ទៅ​ផ្ទះ​ឪពុក ។ លោក​បាន​ភ្លឹក​អស់​រយៈ​ពេល​បី​ថ្ងៃ ។ ក្រោយ​មក លោក​បាន​ពន្យល់​ថា អំឡុង​ពេល​លោក​សន្លប់​នៅ​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ នោះ​គំនិត​​លោក​ជ្រួលច្របល់ណាស់រហូត​ដល់​ព្រលឹង​​លោក​សោកសៅ ដោយ​គិត​អំពី​ជីវិត​​លោក​ដែល​មិន​បាន​គោរព​តាម​ព្រះ​បញ្ញត្តិ ។ លោក​បាន​ពិពណ៌នា​ពី​ចិត្ត​របស់​លោក​ថា « កើត​ទុក្ខ​ដោយ​ការនឹក​ឃើញ​ដល់​អំពើ​បាប​ដ៏​ច្រើន​របស់ [ លោក ]និង « ត្រូវ​ញាំញី​ដោយ​សេចក្តីទុក្ខ​វេទនា​ដ៏​នៅ​អស់​កល្ប​ជានិច្ច » ។

កាល​អស់​សង្ឃឹម​​ខ្លាំង​ នោះ​លោក​បាននឹក​ចាំ​ការបង្រៀនកាល​លោកនៅ​យុវវ័យ​អំពី « ការ​យាង​មក​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដើម្បី​មក​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ។ បន្ទាប់​មក​លោក​បាន​ថ្លែង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ៖ « នៅ​ពេល​ដែល​ឪពុក​នឹក​គិត​ទៅ​លើ​រឿង​នេះ នោះ​ឪពុក​បាន​យំ​នៅ​ក្នុង​ចិត្ត​ថា ៖ ឱ​ព្រះ​យេស៊ូវ​អើយ ព្រះ​អង្គជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ សូម​ព្រះ​អង្គ​មាន​សេចក្ដី​មេត្តាករុណា​មក​លើ​ទូលបង្គំ​ផង » ។ នៅ​ពេល​លោក​បាន​អំពាវនាវ​ទូល​សូម​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អព្ភូតហេតុ​បាន​កើត​ឡើង ៖ លោក​បាន​ថ្លែង​ថា « នៅ​ពេល​ដែល​ឪពុក​កំពុងតែ​គិត​យ៉ាង​នេះ នោះ​ឪពុក​ក៏​ឈប់​នឹក​ឃើញ​ការ​ឈឺ​ចាប់​ទៀត » ។ រំពេច​នោះ​លោក​បាន​ទទួល​អារម្មណ៍​នៃ​ភាពសុខសាន្ត និង​ពន្លឺ ។ លោក​បាន​ប្រកាស​ថា ៖ « គ្មាន​អ្វី [ ជ្រួត​ជ្រាប ] ហើយ​ផ្អែម​ល្ហែម​ឲ្យ​ស្មើ​នឹង​សេចក្ដី​អំណរ​របស់​ឪពុក​បាន​ឡើយ » ។

អាលម៉ា « បាន​នឹកគិត​ទៅលើ​រឿង​នេះ » អំពី​សេចក្តីពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​យើង​ប្រើ​ពាក្យ « នឹក​គិត​ទៅលើ » ក្នុង​ន័យ​ខាង​សាច់​ឈាម យើង​អាច​និយាយ​បាន​ថា « លោក​បាន​នឹក​គិត​ទៅលើ​ផ្លូវ​ដែល​លោក​បាន​វង្វេង​ធ្លាក់​ចេញ » មាន​ន័យ​ថា លោក​បាន​ឈោង និង​ចាប់​តោង​យ៉ាង​ជាប់ភ្លាម ទៅ​នឹង​អ្វី​ដែល​រឹង​មាំ​ជា​គ្រឹះដ៏​មាន​សុវត្ថិភាព​មួយ ។

ក្នុង​ករណី​របស់​អាលម៉ា គឺ​គំនិត​របស់​លោក​បានឈោង​ទៅ​​ភ្ជាប់​នឹង​សេចក្ដី​ពិត​ដ៏​មាន​ឥទ្ធិ​ពលនៃពលិកម្ម​ដ៏​ធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ការធ្វើ​សកម្មភាព​ដោយ​សេចក្ដីជំនឿទៅ​លើ​សេចក្ដីពិត​នោះ និងតាមរយៈ​ព្រះចេស្តា និង​ព្រះគុណ​នៃ​ព្រះ នោះ​លោក​ត្រូវ​បាន​សង្គ្រោះ​ពី​ក្តី​អស់​សង្ឃឹម ហើយ​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សង្ឃឹម ។

ទោះបី​ជា​បទ​ពិសោធន៍​របស់​យើង អាច​នឹង​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដូច​អាលម៉ា​ក្តី ក៏​បទពិសោធន៍​ទាំង​នោះ​មាន​សារៈ​សំខាន់​អស់កល្ប​ជានិច្ច​ដែរ ។ ចិត្ត​របស់​យើង​ក៏ « នឹក​គិត​ទៅ​លើ​រឿង​នេះ » គឺ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ការ​ពលិកម្ម​ដោយ​ក្តី​មេត្តាករុណា​របស់​ទ្រង់ ហើយ​ព្រលឹង​យើង​បាន​ទទួល​អារម្មណ៍​នៃ​ពន្លឺ និង​អំណរ​ដែល​កើត​ឡើង​ក្រោយ​មក ។

ការធានា​នូវ​គំនិត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

ការអធិស្ឋាន​របស់​ខ្ញុំ​នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ​គឺ​ថា យើង​នឹង​កាន់​តែ​ផ្តោត​ចិត្ត​ទុកដាក់ ពង្រឹង និង​ភ្ជាប់​គំនិត​ដ៏​សំខាន់​អំពី​ព្រះយេស៊ូវគ្រីស្ទ​ទៅ​ក្នុង​ព្រលឹង​របស់​យើង១០ដែល​អនុញ្ញាត​ឲ្យ​វា​ចាក់ស្រោច​ចូល​ទៅ​ក្នុង​គំនិត​យើង ដឹកនាំ​យើង​ក្នុង​កិច្ចការ​ដែល​យើង​គិត និង​ធ្វើ ហើយ​នាំ​មក​ជានិច្ច​នូវ​អំណរ​ដ៏​ផ្អែមល្ហែម​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ ។១១

ការបំពេញ​គំនិត​របស់​យើង​នូវ​ព្រះចេស្តា​របស់​ព្រះយេស៊ូវគ្រីស្ទ ពុំ​មាន​ន័យ​ថា ទ្រង់​ជា​គំនិត​តែ​មួយ​គត់ដែល​យើង​មាន​​នោះ​ទេ ។ ប៉ុន្តែ វា​មាន​ន័យ​ថា គំនិត​ទាំងអស់​របស់​យើង​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ នៅក្នុង​សេចក្ដី​ស្រឡាញ់ ព្រះជន្ម និង​ការបង្រៀន​របស់​ទ្រង់ ព្រមទាំង​ពលិកម្ម​ដ៏​ធួន និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ ព្រះយេស៊ូវ​មិន​ត្រូវ​បាន​បំភ្លេច​ចោល​នោះ​ទេ ព្រោះ​គំនិត​របស់​យើង​មាន​វត្តមាន​ទ្រង់​ជានិច្ច ហើយ « សូម​ឲ្យ [ យើង​បាន​សព្វ​ព្រះទ័យ] ! »​១២ យើង​អធិស្ឋាន និង​ថ្លែង​ឡើង​វិញ​នៅក្នុង​ចិត្ត​​អំពី​បទពិសោធន៍ ដែល​បាន​នាំ​យើង​ឲ្យ​ខិត​កាន់តែ​ជិត​ទ្រង់ ។ យើង​ស្វាគមន៍​រូបភាព​ដ៏​ទេវភាព ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ទំនុកតម្កើង​ដ៏​បំផុស​គំនិត​មក​ក្នុង​ចិត្ត​យើង ដើម្បី​សម្រាល​គំនិត​តានតឹង​រាប់​មិន​អស់​ប្រចាំ​ថ្ងៃ ក្នុង​ជីវិត​ដ៏​មមាញឹក​របស់​យើង ។ សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ពុំ​អាច​រារាំង​យើង​ពី​ភាព​សោកសៅ និង​ទុក្ខព្រួយ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​បាន​ទេ ប៉ុន្តែ​សេចក្ដីស្រឡាញ់​នេះ​អនុញ្ញាត​ឲ្យ​យើង ហែល​ឆ្លង​កាត់​ឧបសគ្គ​នានា​ដោយ​កម្លាំង​មួយដែលលើស​ពី​សមត្ថភាព​យើង​ផ្ទាល់ ។

ព្រះយេស៊ូវ​អើយ​គ្រាន់តែ​នឹក​ឡើង

នោះ​ចិត្ត​ខ្ញុំ​អរ​ពេក​ពន់

តែ​កាលណា​ឃើញ​ព្រះភក្ត្រ​ថ្កុំថ្កើង

ចិត្ត​នឹង​អរ​យ៉ាង​លើស​លន់ ។១៣

សូម​ចាំ​ថា បងប្អូន​គឺ​ជា​បុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ​វរបិតា​សួគ៌ ។ ដូច​សាវក​ប៉ុល​ពន្យល់​ថា យើង​គឺ​ជា « ពូជ​ព្រះ » ។១៤ បងប្អូន​បាន​រស់​នៅ​ក្នុង​អត្តសញ្ញាណ​ផ្ទាល់​​ខ្លួន​ជា​យូរ​មក​ហើយ តាំងពី​មុន​មក​កាន់​ផែនដី​នេះ ។ ព្រះវរបិតា​សួគ៌​បាន​បង្កើត​ផែនការ​ដ៏​ល្អ​ឥតខ្ចោះ​មួយ​សម្រាប់​យើង​ឲ្យ​មក​កាន់​ផែនដី ដើម្បី​រៀនសូត្រ និង​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ។ ទ្រង់​បាន​បញ្ជូន​បុត្រា​ស្ងួន​ភ្ងា​ឲ្យមក ហើយ​តាមរយៈ​អំណាច​នៃ​ដង្វាយធួន​ដ៏​និរន្តរ៍ និង​ការ​មានព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ នោះ​យើង​នឹង​រស់ឡើងវិញ ហើយ​នៅពេល​យើង​មាន​ឆន្ទៈ​អនុវត្ត​ជំនឿ​ទៅលើ​ទ្រង់ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង១៥នោះ​យើង​ត្រូវ​បាន​អភ័យទោស ហើយ​ទទួល​បាន​សេចក្ដីសង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ។១៦

ផ្តល់​ការយកចិត្ត​ទុកដាក់​ជា​ពិសេស​ចំពោះ​ចិត្ត និង​វិញ្ញាណ​របស់​យើង

ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ចិត្ត និង​វិញ្ញាណ​​យើង ​ត្រូវការការយក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស ។១៧ ចិត្ត​របស់​យើង​អនុញ្ញាត​ឲ្យ​យើង​រស់​នៅ ជ្រើស​រើស និង​ញែក​ដឹង​សេចក្ដី​ល្អ និង​អាក្រក់ ។១៨ វិញ្ញាណ​របស់​យើង​ទទួល​សាក្សី​បញ្ជាក់​ថា ព្រះ​គឺ​ជា​ព្រះវរបិតា​ ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ ហើយ​ថា ការបង្រៀន​របស់​ទ្រង់​ទាំង​ទ្វេ​គឺ​ជា​មគ្គុទ្ទេសក៍​របស់​យើង​ឆ្ពោះ​ទៅកាន់​សុភមង្គល​នៅ​លើ​ផែនដី​នេះ និង​ជីវិត​អស់​កល្ប​ជានិច្ច​បន្ទាប់​ពី​សេចក្តីស្លាប់ ។

ចិត្ត​របស់​អាលម៉ា​បាន​នឹក​គិត​ទៅ​លើ​រឿង​នេះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​បាន​ផ្លាស់ប្ដូរ​ជីវិត​លោក ។ សន្និសីទ​ទូទៅ​គឺ​ជា​ឱកាស​ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ឲ្យ​បងប្អូ​ធ្វើ​និង​ក្លាយ​ជា ។ វា​ក៏​ជា​ពេល​វេលា​មួយ​ដើម្បី​មើល​លើ​ការរីក​ចម្រើន​របស់​យើង ។ ការ​ចាត់​តាំង​របស់​ខ្ញុំ​បាន​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក ខ្ញុំ​បាន​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​កម្លាំង​ខាង​វិញ្ញាណ​នៅ​ក្នុង​សមាជិក​សាសនាចក្រ​ដ៏​សុចរិត និង​លះបង់​ទាំងឡាយ ។

ប្រាំ​ឆ្នាំ​មុន យើង​ត្រូវ​បាន​ស្នើសុំ​ឲ្យដាក់​ព្រះអង្គ​សង្គ្រោះ​ផ្ដោត​សំខាន់​នៅក្នុងកិច្ចការ​ដែល​យើង​ធ្វើ ដោយ​ប្រើ​ឈ្មោះ​ពិតប្រាកដ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។១៩ យើង​កំពុង​និយាយ​ពី​ព្រះនាម​ទ្រង់​កាន់​តែ​ស្មោះត្រង់

កាល​ពី​បួន​ឆ្នាំ​មុន ដោយ​កាត់​បន្ថយ​ពេលវេលា​សម្រាប់​ការប្រជុំ​សាក្រាម៉ង់​របស់​យើង យើង​បាន​បង្កើន​ការផ្តោត​របស់​យើង​លើ​ការទទួលទាន​សាក្រាម៉ង់​របស់​ព្រះអម្ចាស់ ។ យើង​កំពុង​គិត​ច្រើន​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​កាន់​តែ​ខ្លាំងក្លា​បន្ថែម​ទៀតក្នុង​ការសន្យា​របស់​យើង​ដើម្បី​ចងចាំ​ទ្រង់​ជា​និច្ច២០

ពេល​មាន​ការ​នៅ​ដាច់​ពី​គ្នា​ដោយសារ​តែ​ជំងឺ​រាតត្បាត​ទូទាំង​ពិភព​លោក តែ​ដោយ​មាន​ជំនួយ​មក​ពី​សៀវភៅ ចូរ​មក​តាម​ខ្ញុំ នោះ​ការ​បង្រៀន​អំពី​ព្រះអង្គសង្គ្រោះ​ប្រែក្លាយ​ជា​រឿង​យ៉ាង​សំខាន់​ក្នុង​ផ្ទះ​របស់​យើង ជួយ​ការ​ថ្វាយបង្គំ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ក្នុង​អំឡុង​សប្តាហ៍ ។

ដោយ​ធ្វើ​តាម​សេចក្តី​ណែនាំ​របស់​ប្រធាន រ័សុល អិម ណិលសុន ឲ្យ « ស្ដាប់ទ្រង់ » ២១ នោះ​យើង​កំពុង​កែលម្អ​ចំពោះ​សមត្ថភាព​របស់​យើង​ក្នុង​ការទទួលស្គាល់​ចំពោះ​ការខ្សឹប​ប្រាប់​ពី​ព្រះវិញ្ញាណបរិសុទ្ធ និង​ដើម្បី​មើល​ឃើញ​ព្រះហស្ត​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង ។

ជាមួយ​នឹង​ការ​ប្រកាស និង​ការ​បញ្ចប់​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​មួយ​ចំនួន យើង​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ព្រះ​អម្ចាស់កាន់តែ​ញឹកញាប់ ហើយ​ទទួល​ពរ​ជ័យដែល​បាន​សន្យា​របស់​ទ្រង់​ ។ យើង​កំពុង​មាន​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​ភាពស្រស់ស្អាត​ដ៏​អស្ចារ្យ​នៃ​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោស​លោះ​របស់​យើង ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « គ្មាន​អ្វី​ដែល​ងាយ​ស្រួល ឬ​បាន​មក​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ក្លាយ​ជា [ សិស្ស ] [ ម្នាក់ដ៏​មាន​ឥទ្ធិពល​នោះ​ទេ ] ។ ការ​ផ្ដោត​របស់​យើង​ត្រូវ​តែ​ផ្អែក​យ៉ាង​រឹងមាំ​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំខ្លាំង​ខាង​សតិអារម្មណ៍​ដើម្បី​មើល​ទៅ​ទ្រង់ គ្រប់គំនិត » ទាំងអស់ ។២២

តាមរយៈ​ការផ្ដោត​ចិត្ត​របស់​យើង​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​អ្វីៗដែលនៅជុំវិញយើង—ដែល​កំពុង​មាន​វត្តមាន—ត្រូវ​បាន​មើល​ឃើញ​ដោយ​ក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ទ្រង់ ។ ការ​រំខាន​ដែល​មិន​សូវ​សំខាន់​ត្រូវ​សាបសូន្យ ហើយ​យើង​ដក​រឿង​ដែល​មិន​ស្រប​ទៅ​នឹង​ពន្លឺ និង​បុគ្គលិក​លក្ខណៈ​របស់​ទ្រង់​ចេញ ។ ពេល​បងប្អូន​បន្ត​យក​ចិត្ត​ទុកដាក់​នឹក​គិត​អំពី​ព្រះ​យេស៊ូវ​គ្រីស្ទ ទុក​ចិត្ត​លើ​ទ្រង់ ហើយ​គោរព​បទបញ្ញត្តិ​ទ្រង់ ខ្ញុំ​សន្យា​ថា បងប្អូន​មិន​ត្រឹមតែ​ទទួល​បាន​ការ​ណែនាំ​ពី​សួគ៌ា​ប៉ុណ្ណោះ​ទេ តែបងប្អូន​នឹង​ទទួល​បាន​ព្រះចេស្តា​ពី​សួគ៌ា​ផង​ដែរ—ពោល​គឺ​ព្រះចេស្តា​ដែលពង្រឹង​ដល់​សេចក្តីសញ្ញា​របស់​បងប្អូន ភាពសុខសាន្ត​ក្នុងគ្រាលំបាក​ និង​អំណរ​នៅក្នុង​ពរជ័យ​របស់​បងប្អូន ។

ការចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ

ពីរ​បី​សប្តាហ៍​កន្លង​ទៅ ខាធី និង​ខ្ញុំ​បាន​ទៅ​លេង​ផ្ទះ​របស់​ម៉ាត និង សារ៉ា ចនសុន ។ នៅ​លើ​ជញ្ជាំង​ផ្ទះ​ពួកគេ​មាន​ព្យួររូបថត​គ្រួសារ​ដ៏​មាន​តម្លៃ​របស់​ពួកគេ រូបភាព​ព្រះអង្គ​សង្គ្រោះ​ដ៏​ស្រស់​ស្អាត និង​រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ ។

កូន​ស្រី​បួន​នាក់​របស់​ពួក​គេ​គឺ ម៉ាតឌី , រ៉ូប៊ី ,ក្លែ និង ជូន បាន​ថ្លែង​យ៉ាង​រីករាយ​អំពី​សេចក្តី​ស្រឡាញ់​របស់​ពួក​គេចំពោះ​ម្តាយ​ ។

អស់​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ សារ៉ា​បាន​ដាក់​កាល​វិភាគ​ជា​ទៀងទាត់​នៅ​ថ្ងៃ​សៅរ៍​សម្រាប់​គ្រួសារ​ចូល​រួម​ព្រះ​វិហារ​បរិសុទ្ធជាមួយ​គ្នា ដើម្បី​ឲ្យ​ក្មេង​ស្រី​ទាំង​នោះ​អាច​ធ្វើបុណ្យ​ជ្រមុជ​ទឹក​សម្រាប់​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់ ។

នៅ​ខែ​វិច្ឆិកា​ឆ្នាំ​មុន សារ៉ា​បាន​ដាក់​កាលវិភាគ​ចូលរួម​ព្រះ​វិហារ​បរិសុទ្ធ​ជា​គ្រួសារ នៅ​សប្តាហ៍​ចុង​ក្រោយ​ក្នុង​ខែ​ធ្នូ នៅ​ថ្ងៃ​ព្រហស្បតិ៍ ជំនួស​ឲ្យ​ថ្ងៃ​សៅរ៍ ។ នាង​បាន​និយាយ​ទៅ​កាន់​ម៉ាត​ថា « អូន​សង្ឃឹម​ថា បង​យល់​ស្រប​នឹង​កាលវិភាគនោះ » ។

សារ៉ា​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា មាន​ជំងឺ​មហារីក ប៉ុន្តែ​វេជ្ជបណ្ឌិត​ប្រាប់​ថា នាង​នឹង​រស់​នៅ​បាន​ពីរ ឬ​បី​ឆ្នាំ​ទៀត ។ អំឡុង​ពេល​ប្រជុំ​សាក្រាម៉ង់​មួយ សារ៉ា​បាន​ចែកចាយ​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​របស់​នាង ដោយ​ពោល​ថា ទោះ​ជា​មាន​លទ្ធផល​អ្វី​​កើត​ឡើង​ចំពោះ​នាង ក៏​នាង​នៅតែ​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​ដោយ​អស់​ពី​ចិត្ត ហើយ​ថាទ្រង់ « បាន​ឈ្នះ​លើ​សេចក្តីស្លាប់ » ។ ពេល​ដល់​ខែ​ធ្នូ សុខភាព​របស់​សារ៉ា​បាន​ចុះ​ដុនដាប​យ៉ាង​លឿន​ដោយ​ពុំ​បាន​រំពឹង​ទុក ហើយ​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ ធ្នូ នាង​បាន​ចែកឋានទៅ​យ៉ាង​ស្ងប់សុខ ។ ម៉ាត​បាន​នៅ​ក្បែរ​សារ៉ា​ពេញ​មួយ​យប់​នោះ ។

ដោយ​ចិត្ត​សោកសៅ និង​អស់​កម្លាំង​យ៉ាងខ្លាំង ​ទាំង​ខាង​រាង​កាយ និង​សតិ​អារម្មណ៍ គាត់​បាន​មក​ដល់​ផ្ទះ​វិញ​ទាំង​សោកសៅ​ជាមួយ​កូន​ស្រី​របស់​គាត់ ។ ពេល​ម៉ាត​សម្លឹង​មើល​ទូរសព្ទ​របស់​គាត់ គាត់​បាន​សម្គាល់​ឃើញ​ការ​រំឭក​អំពី​ការ​ណាត់ទៅ​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែលខុស​ប្រក្រតី​នោះ ដែល​សារ៉ា​បាន​ដាក់​កាលវិភាគ​សម្រាប់​ពេល​ក្រោយ​នៅ​ថ្ងៃ​នោះ ។ ម៉ាត​បាន​និយាយ​ថា ៖ « ដំបូង​ពេល​ខ្ញុំ​ឃើញ​កាលវិភាគ​នោះ ខ្ញុំ​បាន​គិត​ថា ធ្វើ​វា​មិន​កើត​ទេ » ។

ប៉ុន្តែ​ក្រោយ​មក ចិត្ត​របស់​ម៉ាត់​បាន​នឹក​គិត​ទៅ​លើ​រឿង​ ៖ « ព្រះអង្គ​សង្គ្រោះ​មាន​ព្រះជន្ម​រស់​នៅ ។ គ្មាន​កន្លែង​ណា​ដែល​យើង​ចង់​នៅ​ជាមួយ​គ្រួសារ ជា​ជាង​នៅ​ក្នុង​ដំណាក់​ដ៏​បរិសុទ្ធ​របស់​ទ្រង់​នោះ​ទេ » ។

រូបភាព
គ្រួសារ ចនសុន

ម៉ាត, ម៉ាតឌី, រ៉ូប៊ី, ក្លែ និង ជូន បាន​ទៅ​ដល់​ព្រះវិហារ​បរិសុទ្ធ​តាម​កាលវិភាគ​ដែល​សារ៉ា​បាន​គ្រោង​ទុក​សម្រាប់​ពួក​គេ​នោះ ។ ម៉ាត​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជាមួយ​កូន​ស្រី​ទាំងឡាយ​របស់​គាត់ ទាំង​ទឹក​ភ្នែក​ស្រក់​លើ​ថ្ពាល់ ។ ពួក​គេ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ និង​ចំណង​ដ៏​អស់​កល្ប​ជានិច្ច​ជាមួយ​សារ៉ា ហើយ​ពួក​គេ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ធំ​ធេង និង​ការ​លួងលោម​ដ៏​សុខសាន្ត​របស់​ព្រះអង្គ​សង្គ្រោះ ។ ម៉ាត​បាន​ចែកចាយ​យ៉ាង​ទន់ភ្លន់​ថា « ពេល​ខ្ញុំ​មាន​អារម្មណ៍​សោកសៅ និង​ទុក្ខ​ព្រួយ​យ៉ាង​ខ្លាំង ខ្ញុំ​ស្រែក​យំ​ដោយ​អំណរ​ដោយ​ដឹង​ពី​ផែនការ​នៃ​សេចក្តីសង្រ្គោះ​ដ៏​អស្ចារ្យ​របស់​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ » ។

នៅ​រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​បាន​ឃើញ​សេចក្ដី​ពិត​ទាំង​ស្រុង និង​ពេញលេញ​អំពី​ការពលិកម្ម​ដ៏​ធួន​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​របស់​ព្រះអង្គ​សង្គ្រោះ និង​ការ​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ដ៏​រុងរឿង​របស់​ទ្រង់ ។ នៅពេល​ចិត្ត​របស់​បងប្អូន​នឹក​គិត​យ៉ាង​រឹង​ប៉ឹង និង​ជា​រៀង​រហូត​ទៅ​លើ​រឿង​នេះ​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​នៅ​ពេល​បងប្អូន​បន្ត​ផ្តោត​ជីវិត​កាន់​តែ​ពេញលេញ​លើ​ព្រះអង្គ​សង្គ្រោះ ខ្ញុំ​សន្យា​នឹង​បងប្អូន​ថា បងប្អូន​នឹង​ទទួល​អារម្មណ៍​ថា មាន​សេចក្ដី​សង្ឃឹម ភាព​សុខសាន្ត និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. « ឱ ! សូម​នាំ​យើង​ព្រះយេហូវ៉ា » ទំនុក​តម្កើងល.រ. ៣៥ ។

  2.  សូមមើល ម៉ូសាយ ២៧:៨ ។

  3. សូមមើល អាលម៉ា ៣៦:១០ ។

  4. អាលម៉ា ៣៦:១៧ ។

  5. អាលម៉ា ៣៦:១២ ។

  6. អាលម៉ា ៣៦:១៧ ។

  7. អាលម៉ា ៣៦:១៨ ។ មានគ្រា​មួយ​ទៀត​ពាក្យ « នឹក​គិត » ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ព្រះ​គម្ពីរ​មរមន គឺ​រៀបរាប់​អំពី​អស់​អ្នក​ដែល « ចាប់​ចុង​ដំបង​ដែក » ( នីហ្វៃ​ទី​១ ៨:២៤, ៣០ ) ។

  8. អាលម៉ា ៣៦:១៩ ។

  9. អាលម៉ា ៣៦:២១ ។

  10. « សង្គ្រាម​ដ៏​ធំ​បំផុត​នៃ​ជីវិត​គឺ​ការប្រយុទ្ធ​នៅក្នុង​ភាពស្ងបស្ងាត់​នៃ​ព្រលឹង​ផ្ទាល់​របស់​អ្នក » ( ដាវីឌ អូ ម៉ាកខេ នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៦៧ ទំព័រ ៨៤ ) ។

  11. « [ គំនិត ] នាំ​ទៅរក​សកម្មភាព​ទាំងអស់ ។ គំនិត​របស់​យើង​គឺជា​កុង​តាក់​ ដែល​ជា​ផ្ទាំង​គ្រប់គ្រង​សកម្មភាព​របស់​យើង ( ប៊យ ឃេ ផាគឺ That All May be Edifiedឆ្នាំ ១៩៨២ ] ទំព័រ ៣៣ ) ។

    ប្រធាន​ដាល្លិន​អេក​អូក​បាន​បង្រៀន​ថា ៖ « យើង​អាច​ទប់ស្កាត់​បំណង​អាក្រក់ ហើយ​ជំនួស​មក​វិញ​នូវ​បំណង​សុចរិត​បាន ។ ការណ៍​នេះ​ទាក់ទង​នឹង​ការ​អប់រំ និង​ការ​អនុវត្ត ។ ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ បាន​បង្រៀន​ថា « ការអប់រំ … អំពី​បំណង​ប្រាថ្នា​របស់​យើង គឺ​មាន​សារៈសំខាន់ខ្លាំង​ណាស់ ( Pure in Heartឆ្នាំ ១៩៨៨ ] ទំព័រ ១៤៩ ) ។

  12. [ « ថ្វាយ​ពរ​ព្រះអម្ចាស់​ដ៏​អស្ចារ្យ » ទំនុក​តម្កើងល.រ. ៣០ ] ។

  13. « ព្រះយេស៊ូវ​អើយ​គ្រាន់តែ​នឹក​ឡើង » ទំនុកតម្កើងល.រ. ៨០ ។

  14. កិច្ចការ ១៧:២៩ ។

  15. សូម​មើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២–៤៣ ។

  16. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៤:៧ ។

  17. ព្រះអម្ចាស់​បាន​ពន្យល់​ថា « គ្មាន​នរណា​ឡើយ​ក្រៅ​ពី​ព្រះ ដែល​ជ្រាប​នូវ​គំនិត​របស់​អ្នក និង​បំណង​ដែល​នៅ​ក្នុង​ចិត្ត​របស់​អ្នកនោះ​ទេ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៦:១៦ ។

  18. « ឯ​មនុស្ស​ល្អ គេ​ក៏​យក​សេចក្តី​ល្អ​ពី​កំណប់​ល្អ ដែល​កប់​ទុក​ក្នុង​ចិត្ត​គេ ហើយ​មនុស្ស​អាក្រក់ ក៏​យក​សេចក្តី​អាក្រក់ ចេញ​ពី​កំណប់​អាក្រក់​ក្នុង​ចិត្ត​ខ្លួន​ដែរ ដ្បិត​មាត់​គេ​ពោល​បញ្ចេញ​សេចក្តី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត​ជានិច្ច » ( លូកា ៦:៤៥ ) ។

  19. សូមមើល រ័សុល អិម ណិលសុន « The Correct Name of the Church »​Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៨ ទំព័រ ៨៧–៨៩ ។

  20. សេចក្តីសញ្ញា​របស់​យើង​រៀងរាល់​សប្តាហ៍​នៅក្នុង​ការអធិស្ឋាន​សាក្រាម៉ង់​គឺ​ថា យើង​នឹង « ចងចាំ​ទ្រង់​ជានិច្ច » ( មរ៉ូណៃ ៤:៣; គោលលទ្ធិ និង​ សេចក្ដី​សញ្ញា ២០:៧៧ ) ។ ព្រះគម្ពីរ​មរមន​លើក​ទឹក​ចិត្ត​យើង ដោយ​ប្រើ​ពាក្យ​នេះ​ពីរ​ដង បន្តបន្ទាប់​គ្នា ៖ « សូម​ចាំ សូម​ចាំ » ( ម៉ូសាយ ២:៤១; អាលម៉ា ៣៧:១៣; ហេលេមិន ៥:៩ ) ។ ការ​ចងចាំ​ខាង​វិញ្ញាណ​បាន​កើត​ឡើង​តាម​រយៈ​ព្រះចេស្តា​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ៖ « ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ » ( យ៉ូហាន ១៤:២៦ ) ។

  21. រ័សុល អិម ណិលសុន « Hear HimLiahonaខែ ឧសភា ឆ្នាំ ២០២០ ទំព័រ ៩០ ។

  22. រ័សុល អិម ណិលសុន « Drawing the Power of Jesus Christ into Our Lives » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤១ ។ ប្រធាន ណិលសុន ក៏​បាន​ថ្លែង​ដែល​ថា « អំណរ​ដែល [ ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ] មាន​នោះ មិនសូវ​ទាក់ទង​នឹង​កាលៈទេសៈ​នៃ​ជីវិត​យើងទេ ប៉ុន្តែ​វា​ទាក់ទង​យ៉ាង​ខ្លាំង​លើ​អ្វី​ដែល​យើង​ផ្តោត​ទៅលើ​នៅក្នុង​ជីវិត​យើង ( « Joy and Spiritual Survival » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨២ ) ។