សន្និសីទទូទៅ
បន្ទាប់​ពី​ថ្ងៃ​ទី​បួន
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២៣


បន្ទាប់​ពី​ថ្ងៃ​ទី​បួន

ពេល​យើង​បន្ត​ទៅ​មុខ​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ថ្ងៃ​ទី​បួន​នឹង​តែងតែ​កើត​ឡើង ។ ទ្រង់​នឹង​តែងតែ​មក​ជួយ​យើង ។

ដូច​យើង​ត្រូវ​បាន​រំឭក​កាល​ពី​ព្រឹក​មិញ​ថា ថ្ងៃ​នេះ​គឺ​ជា​ថ្ងៃ​អាទិត្យ​ធាងចាក ជា​ថ្ងៃ​គូស​ចំណាំ​អំពី​ការយាងចូលក្រុង​យេរូសាឡិម​ដោយ​ជោគជ័យ​របស់​ព្រះ​អង្គ​សង្គ្រោះ និង​ជា​ថ្ងៃ​ចាប់ផ្តើម​សប្តាហ៍​ដ៏​បរិសុទ្ធ​ ពីមុន​ដង្វាយធួន​ដ៏​មហិមា​របស់​ទ្រង់​រួម​មាន​ការរងទុក្ខ ការឆ្កាង និង​ការមាន​ព្រះជន្ម​រស់​ឡើង​វិញ​របស់​ទ្រង់ ។

មិន​យូរ​ប៉ុន្មាន​ពី​មុន​ការព្យាការណ៍​​អំពី​ការយាង​ចូល​ទីក្រុងរបស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ​ការងារ​បម្រើ​យ៉ាង​សកម្ម កាល​ទ្រង់​បាន​​ឮ​​មិត្ត​របស់​ទ្រង់​គឺ ម៉ារា និង ម៉ាថា ប្រាប់​ថា ​ឡាសារ ប្អូន​ប្រុស​របស់​ពួកគេឈឺ ។

បើ​ទោះបី​ជា​ជំងឺ​របស់​ឡាសារ ​មាន​សភាព​ធ្ងន់ធ្ងរ​ក្តី ក៏ព្រះអម្ចាស់ « គង់​នៅ​កន្លែង​ដដែល​ពីរ​ថ្ងៃ​ទៀត ។ ក្រោយ​​មក ទ្រង់​មាន​បន្ទូល​ទៅ​ពួកសិស្ស​ថា ចូរ​យើង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ » ។ ពី​មុន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​មិត្ត​របស់​ទ្រង់​នៅ​ភូមិ​បេថានី « ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​[ សិស្ស​របស់ទ្រង់ ]​យ៉ាង​ច្បាស់​ថា ឡាសារ​ស្លាប់​ហើយ » ។

ពេល​ព្រះយេស៊ូវ​យាង​ទៅ​ដល់​ភូមិ​បេថានី ក៏​បាន​ជួប​ម៉ាថា​មុន បន្ទាប់​មក​ម៉ារា—ប្រហែលជាមកពីការមួរម៉ៅ​ចំពោះការមក​យឺត​របស់​ទ្រង់—នោះពួកគេ​បាន​ជម្រាប​សួរ​ទ្រង់​​ថា « ព្រះអម្ចាស់​អើយ បើ​សិន​ជា​ទ្រង់​បាន​គង់​នៅ​ទី​នេះ នោះ​ប្អូន​ខ្ញុំ​ម្ចាស់​មិន​បាន​ស្លាប់​ទេ » ។ ម៉ាថា​បាន​បន្ត​ថា « ខ្មោច​នេះ​ធុំ​ក្លិន​ហើយ ព្រោះ​ស្លាប់​កន្លង​មក​បាន​៤​ថ្ងៃ » ។

រយៈពេល​បួន​ថ្ងៃ​នេះ​គឺ​មាន​សារៈសំខាន់​ដល់​ម៉ារា និង​ម៉ាថា​ណាស់ ។ បើ​តាម​គំនិត​របស់​សាសន៍​យូដា​មួយ​ចំនួន គេ​ជឿ​ថា វិញ្ញាណ​នៃ​មនុស្ស​មួយ​ចំនួន​ដែល​បាន​ស្លាប់​ទៅ បន្ត​នៅ​ក្នុង​រាងកាយ​ចំនួន​បី​ថ្ងៃ ដែល​ផ្តល់​សេចក្តី​សង្ឃឹម​ថា អាច​នៅ​រស់រាន​មាន​ជីវិត ។ ប៉ុន្តែ​ដល់​ថ្ងៃ​ទី​បួន សេចក្តី​សង្ឃឹម​នោះ​ត្រូវ​បាត់បង់ ប្រហែល​ដោយ​សារ​រាងកាយ​នឹង​ចាប់​ផ្តើម​រលួយ និង « ធុំ​ក្លិន​ហើយ » ។

ម៉ារី និង ម៉ាថា ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹម ។ « នៅ​ពេល​ព្រះយេស៊ូវ​បាន​ឃើញ​[ ម៉ារី ]​កំពុង​យំ « ទ្រង់​មាន​សេចក្តី​រំជួល​ក្នុង​ព្រះទ័យ ហើយ …ព្រះ​កន្សែង

« ហើយ​មាន​ព្រះបន្ទូល​សួរ​ថា អ្នក​រាល់​គ្នា​បាន​យក​រូប​បុគ្គល​ទៅ​ទុក​ឯ​ណា ? គេ​ទូល​ឆ្លើយ​ថា ព្រះអម្ចាស់​សូម​យាង​ទៅ​ទត​មើល » ។

នៅ​គ្រា​នេះ​ហើយ ដែល​យើង​ឃើញ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នៃ​អព្ភូតហេតុ​ជា​ច្រើន​អំឡុង​ការងារ​បម្រើ​ក្នុង​ព្រះជន្ម​រមែង​ស្លាប់​របស់​ទ្រង់ ។ ដំបូង​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « ចូរ​យក​ថ្ម​ចេញ » ។ បន្ទាប់​ពី​អរគុណ​ព្រះវបិតា​ទ្រង់​រួច « ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក ។

នោះ​អ្នក​ដែល​បាន​ស្លាប់ ក៏​ចេញ​មក មាន​ទាំង​សំពត់ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ » ។

ដូច​ម៉ារា និង ម៉ាថា ដែរ យើង​មាន​ឱកាស​ទទួល​បទពិសោធន៍​អំពី​ជីវិត​រមែង​ស្លាប់​ទាំងអស់ សូម្បី​តែ​ទុក្ខព្រួយ១០ និង​ភាពទន់​ខ្សោយ ។១១ ពួកយើង​ម្នាក់ៗ​នឹង​ជួប​ការឈឺចាប់ ​ពេល​បាត់បង់​មនុស្ស​ដែល​យើង​ស្រឡាញ់ ។ ដំណើរ​ជីវិត​រមែង​ស្លាប់​របស់​យើង​ អាច​រួម​មាន ជំងឺ​ផ្ទាល់ខ្លួន ឬ​ជំងឺធ្ងន់ធ្ងរ​នៃ​មនុស្ស​ជាទី​ស្រឡាញ់ ជំងឺ​បាក់​ទឹក​ចិត្ត ជំងឺថប់បារម្ភ ឬ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ផ្សេងៗ​ទៀត ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ការផិតក្បត់ អំពើបាប ។ ហើយ​ពេល​ខ្លះ​បញ្ហា​ទាំងនេះ​កើតឡើង​ដំណាល​គ្នានឹង​អារម្មណ៍​​អស់​សង្ឃឹម ។ ខ្ញុំ​ក៏​មិន​ខុស​ពី​បងប្អូន​ទាំងអស់​គ្នា​ដែរ ។ ក៏​ដូច​ជា​បងប្អូន​ដែរ ខ្ញុំ​បាន​ជួប​នឹង​បញ្ហា​ជា​ច្រើន ដែល​រំពឹងថា​នឹង​មាន​នៅក្នុងជីវិត​នេះ ។ ខ្ញុំ​ចូល​ចិត្ត​ដំណើរ​រឿង​នេះ​អំពី​ព្រះអង្គសង្គ្រោះ និង​អ្វី​ដែល​វា​បង្រៀន​ខ្ញុំ​អំពី​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ ។

អំឡុង​ការ​ព្រួយបារម្ភ​ដ៏​ធំ​​របស់​យើង យើង​ក៏​ដូច​ជា​ម៉ារា និងម៉ាថា​ដែរ គឺ​ស្វែងរក​ព្រះអង្គសង្គ្រោះ ឬ​សូម​ឲ្យ​ព្រះវរបិតា​ប្រទាន​​ការអន្តរាគមន៍​ដ៏​ទេវភាព​របស់​ទ្រង់ ។ ដំណើរ​រឿង​អំពី​ឡាសារ​បង្រៀន​យើង​នូវ​គោលការណ៍​នានា ដែល​យើង​អាច​អនុវត្ត​ក្នុង​ជីវិត​​យើង​ផ្ទាល់ នៅ​ពេល​យើង​ប្រឈម​នឹងឧបសគ្គ​រៀងៗ​ខ្លួន ។

នៅ​ពេល​ព្រះអង្គសង្រ្គោះ​បាន​មក​ដល់​ភូមិ​បេថានី ទាំងអស់​គ្នា​បាន​អស់​សង្ឃឹម​ថា ឡាសារ​អាច​ត្រូវបាន​ជួយ​សង្គ្រោះ​ឲ្យ​រស់​ទៀតហើយ—រយៈពេល​បួន​ថ្ងៃហើយ ​គាត់​បាន​ស្លាប់​បាត់​ហើយ ។ ពេល​ខ្លះ​អំឡុង​ពេល​មាន​ឧសគ្គ​ផ្ទាល់ខ្លួន យើង​អាច​នឹង​មាន​អារម្មណ៍​ថា ព្រះគ្រីស្ទ​ហាក់​ដូច​ជា​មក​យឺត​ពេក​ហើយ សេចក្តី​សង្ឃឹម និង​សេចក្តី​ជំនឿ​របស់យើង​មានអារម្មណ៍​ថា​មាន​ភាព​ដុនដាប ។ សាក្សី និង​ទីបន្ទាល់​របស់​ខ្ញុំ​គឺ​ថា ពេល​យើង​បន្ត​ទៅ​មុខ​ដោយមាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ថ្ងៃ​ទី​បួន​នឹង​តែង​តែ​កើត​ឡើង ។ ទ្រង់​នឹង​តែងតែ​មក​ជួយ​យើង ឬ​នាំ​យើង​ឲ្យ​មាន​សេចក្តីសង្ឃឹម​ឡើង​វិញ ។ ទ្រង់​បាន​សន្យា ៖

« កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ » ។១២

« ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ » ។១៣

​ពេល​ខ្លះ វា​ហាក់​ដូច​ជា​ទ្រង់​ពុំយាងមក​រក​យើង​ទេ ​រហូត​ដល់​ថ្ងៃ​ទី​បួន បន្ទាប់​ពី​សេចក្តី​សង្ឃឹម​ទាំងអស់ ​ដូច​ជា​​បាត់បង់អស់​ហើយនោះ ។ ប៉ុន្តែ​ហេតុ​អ្វី​ក៏យឺត​ម្ល៉េះ ? ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​ថា « ព្រះវបិតាសួគ៌​យើង ដែល​ប្រទាន​ពរជ័យ​ច្រើន​ដល់​យើង​ឲ្យ​រីករាយ​ក៏​ជ្រាប​ដែរ​ថា យើង​រៀន និង​រីកចម្រើន ហើយ​កាន់តែ​រឹងមាំ​ពេល​យើង​ប្រឈម ហើយ​រស់​ក្នុង​ការសាកល្បង​ដែល​យើង​ត្រូវ​ឆ្លងកាត់ » ។១៤

សូម្បី​តែ​ព្យាការី យ៉ូសែប ស៊្មីធ ក៏​បាន​ជួប​នឹង​បទពិសោធន៍​ថ្ងៃ​ទី​បួន​ដ៏​ខ្លាំងក្លា​នេះ​ដែរ ។ តើ​បងប្អូន​ចាំ​ពី​ការអង្វរករ​របស់​លោក​ទេ ? « ឱ ព្រះអង្គអើយ តើព្រះអង្គ​គង់នៅទីណា ? ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្រប​បាំង​ទីបំពួន​ទ្រង់​នៅ​ទី​ណា ? »១៥ នៅ​ពេល​យើង​ទុកចិត្ត​ទ្រង់ យើង​អាច​រំពឹង​ចាំ​ចម្លើយ​មួយ​ដូច​នេះថា « បុត្រ [ ឬ​បុត្រី ] យើង​អើយ ចូរ​មាន​សេចក្ដី​សុខសាន្ត​ដល់​ព្រលឹង​បុត្រ​ចុះ សេចក្ដី​ទំនាស់ និង​សេចក្ដី​ទុក្ខ​លំបាក​របស់​អ្នក នោះ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ » ។១៦

សារ​មួយ​ទៀត ដែល​យើង​អាច​រៀន​ពី​ដំណើរ​រឿង​របស់​ឡាសារ គឺ​តួនាទី​របស់​យើង​ផ្ទាល់​នៅ​ក្នុង​ការអន្តរាគមន៍​ដ៏​ទេវភាព ដែល​យើង​ស្វែងរក ។ ពេល​ព្រះយេស៊ូវ​បាន​ទៅ​ដល់​ផ្នូរ ទីមួយ ទ្រង់​បាន​មាន​បន្ទូល​ទៅ​កាន់​អ្នកទាំងឡាយ​ដែល​នៅ​ទីនោះ​ថា « ចូរ​យក​ថ្ម​ចេញ » ។១៧ តាម​ព្រះចេស្តា​ដែល​ព្រះអង្គ​សង្គ្រោះ​មាន តើ ទ្រង់ មិន​អាច​ប្រើ​អព្ភូតហេតុ​យក​ថ្ម​ចេញ​ដោយ​មិនចាំ​បាច់​ប្រឹង​ទេ​ឬអី ? ការណ៍​នេះ​​ពិត​ជាគួរ​ឲ្យ​ចាប់​អារម្មណ៍​ដើម្បី​មើលឃើញ និងមាន​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន ដែល​ទ្រង់​បាន​មាន​បន្ទូល​ទៅ​អ្នកដទៃ​ថា « ចូរ​យក​ថ្ម​ចេញ » ។

ទីពីរ ព្រះអម្ចាស់ « ក៏​បន្លឺ​វាចា​ថា ឡាសារ​អើយ ចូរ​ចេញ​មក » ។១៨ តើ​វា​មិន​កាន់តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទេឬ​អី បើ​ព្រះអម្ចាស់​ផ្ទាល់​ប្រើ​អព្ភូតហេតុ​ដាក់ឲ្យ​ឡាសារ​ឈរនៅ​ច្រកចូល​ផ្នូរ ​ឲ្យ​ហ្វូង​មនុស្ស​មើលឃើញ​គាត់​ភ្លាម ​នៅ​ពេល​ដែល​គេ​យក​ថ្ម​ចេញនោះ ?

ទីបី ពេល​ឡាសារ​បាន​ចេញ​មក គាត់​ចេញ​មក​ទាំង​មាន « សំពត់ស្នប​រុំ​ជាប់​នៅ​ជើង​ដៃ​ផង ហើយ​មាន​កន្សែង​គ្រប​មុខ​ដែរ ។ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ » ។១៩ ខ្ញុំ​ប្រាកដ​ចិត្ត​ថា ព្រះអម្ចាស់​មាន​សមត្ថភាព​ក្នុង​ការធ្វើ​ឲ្យ​ឡាសារ​ឈរ​នៅ​ច្រកចូល​ផ្នូរ ទាំង​ស្អាត​បាត​ជា​ស្រេច ហើយ​អាច​ចូល​ទៅ​ជិត​បាន ដោយ​សំពត់​ស្នប​រុំ​បាន​បត់​ទុក​យ៉ាង​ស្អាត ។

តើ​ចំនុច​សំខាន់នៃ​ទិដ្ឋភាព​នេះ​មាន​អ្វី​ខ្លះ ? ចំណុច​ទាំង​បី​នេះ​មាន​អ្វី​មួយ​ដូច​គ្នា—គឺ​គ្មាន​ចំណុច​ណា​មួយ​តម្រូវ​ឲ្យ​ប្រើ​ព្រះចេស្តា​ដ៏​ទេវភាព​របស់​ព្រះគ្រីស្ទ​ទេ ។ ចំណុច​ណា​ដែល​ពួកសិស្ស​របស់​ទ្រង់​អាច​ធ្វើបាន នោះ​ទ្រង់ត្រាស់​បង្គាប់ ពួកគេ ឲ្យ​ធ្វើ ។ ​​ ពួកសិស្ស​ពិត​ជា​មាន​លទ្ធភាព​ក្នុង​ការយក​ថ្ម​ចេញ​បាន​ដោយ​ខ្លួន​ឯង ឡាសារ​ បន្ទាប់​ពី​បាន​ជួយ​ឲ្យ​រស់ គាត់​មាន​លទ្ធភាព​ឈរ និង​បង្ហាញ​ខ្លួន​គាត់​នៅ​ច្រក​ចូល​ផ្នូរ​បាន ហើយ​អ្នក​ទាំងឡាយ​ដែល​ស្រឡាញ់ ​ឡាសារ ​ពិត​ជា​អាច​ជួយ​គាត់​យក​សំពត់​ស្នប​រុំ​ចេញ​បាន ។

ទោះ​ជា​យ៉ាង​ណា មាន​តែ​ព្រះគ្រីស្ទ​ប៉ុណ្ណោះ​ដែល​មាន​ព្រះចេស្តា និង​សិទ្ធិអំណាច​ដើម្បី​ធ្វើ​ឲ្យ​ឡាសារ​រស់​ពី​ស្លាប់​ឡើង​វិញ​បាន ។ ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​គឺ​ថា ព្រះអង្គសង្គ្រោះ​រំពឹង​ឲ្យ​យើង​ខំ​ធ្វើឲ្យ​អស់​ពី​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​បាន រួចទ្រង់​នឹង​ធ្វើ​នូវ​អ្វី​ដែល មាន​តែ​ទ្រង់​ប៉ុណ្ណោះ អាច​ធ្វើ​បាន ។២០

យើង​ដឹង​ថា « សេចក្តីជំនឿ [ លើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ] គឺ​ជា​គោលការណ៍​នៃ​សកម្មភាព »២១ ហើយ « អព្ភូតហេតុ​មិន​ធ្វើ​ឲ្យ​មាន​សេចក្ដី​ជំនឿ​ទេ ប៉ុន្តែ​សេចក្ដី​ជំនឿ​ដ៏រឹងមាំ គឺ​កើតមាន​ឡើង​ តាមរយៈ​ការ​គោរព​តាម​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ ។ ម្យ៉ាង​ទៀត សេចក្ដី​ជំនឿ​កើតមាន​មក​ដោយ​សារ​សេចក្ដី​សុចរិត » ។២២ នៅ​ពេល​យើង​ព្យាយាម​ធ្វើ​សកម្មភាព​ដោយ​សុច្ចរិត តាមរយៈការចុះ និង​ការរក្សា​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នានា ហើយ​អនុវត្ត​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ​នៅ​ក្នុង​ជីវិត​នោះ​សេចក្តីជំនឿ​របស់​យើង​នឹង​មិន​ត្រឹមតែ​គ្រប់គ្រាន់​ដើម្បី​នាំ​យើង​ឆ្លង​ផុត​ថ្ងៃ​ទី​បួន​ប៉ុណ្ណោះ​ទេ យើង​ក៏​ថែម​ទាំង​អាច​យក​ថ្ម​ដែល​នៅ​លើ​ផ្លូវ​របស់​យើង​ចេញ​ផងដែរ ងើប​ចេញ​ពី​អ្វី​ដែល​អស់​សង្ឃឹម និង​រំដោះ​ខ្លួន​យើង​ចេញ​ពី​អ្វី​ដែល​ចង​ក្រៀក​យើង តាមរយៈ​ជំនួយ​របស់​ព្រះអម្ចាស់ ។ ពេល​ព្រះអម្ចាស់​រំពឹង​យើង​ឲ្យ « ប្រព្រឹត្ត​ការណ៍​ទាំង​នេះ ដែល​នៅ​ក្នុង​អំណាច​យើង »២៣ នោះ​សូម​ចាំ​ថា ទ្រង់​នឹង​ប្រទាន​ជំនួយ​ដែល​ត្រូវការ​ក្នុង​កិច្ចការ​ទាំងនេះ នៅ​ពេល​យើង​ទុក​ចិត្ត​ទ្រង់ ។

តើ​យើង​អាច​យក​ថ្ម​ចេញ ហើយ​សង់​គ្រឹះ​នៅ​លើ​ថ្ម​របស់​ទ្រង់​យ៉ាង​ដូចម្ដេច ?២៤ យើង​អាច​ធ្វើ​តាម ការទូន្មាន របស់​ពួក​ព្យាការី ។

ឧទាហរណ៍ កាល​ពី​ខែ​តុលា ប្រធាន រ័សុល អិម ណិលសុន បាន​អង្វរ​​យើង​ឲ្យមើល​ខុសត្រូវ​លើ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​យើង​អំពី​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ហើយខិតខំ​ទទួល​បាន​ទីបន្ទាល់​នោះ និង​ចិញ្ចឹម​បីបាច់​ទីបន្ទាល់​ទាំង​នោះ ផ្តល់​សេចក្តីពិត​ដល់​ទីបន្ទាល់​ ហើយ​ចៀសវាង​ការបំពុល​ទីបន្ទាល់​ទាំង​នោះ​ដោយ​ទស្សនវិជ្ជា​ខុស​ឆ្គង​របស់​អ្នក​មិន​ជឿ ។ លោក​បាន​សន្យា​ដល់​យើង​ម្នាក់ៗ​ថា « ពេល​បងប្អូន​ដាក់អាទិភាព​ខ្ពស់បំផុត​ ដើម្បីបន្ត​ពង្រឹង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ នោះ​សូម​ចាំ​មើល​អព្ភូតហេតុ​ដែល​នឹង​កើត​មាន​នៅក្នុង​ជីវិត​របស់​បងប្អូន » ។២៥

យើង​អាច​ធ្វើ​ដូចនេះ​បាន !

តើ​យើង​អាច​ក្រោក​ឡើង ហើយ​ចេញ​មក​ដោយ​របៀបណា ? យើង​អាច​ប្រែចិត្ត​ដោយ​អំណរ ហើយ​ជ្រើសរើស​គោរព​តាម បទបញ្ញត្តិ​ទាំងឡាយ ។ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​មាន​បញ្ញត្តិ​របស់​ខ្ញុំ ហើយ​កាន់​តាម គឺ​អ្នក​នោះ​ហើយ​ដែល​ស្រឡាញ់​ខ្ញុំ ឯ​អ្នក​ណា​ដែល​ស្រឡាញ់​ខ្ញុំ នោះ​ជា​ទី​ស្រឡាញ់​នៃ​ព្រះវរបិតា​ខ្ញុំ​ហើយ ខ្ញុំ​នឹង​ស្រឡាញ់​អ្នក​នោះ​ដែរ ក៏​នឹង​សម្ដែង​ខ្លួន​ឲ្យ​អ្នក​នោះ​ស្គាល់​ផង » ។២៦ យើង​អាច​ព្យាយាម​ប្រែចិត្ត​រាល់​ថ្ងៃ ហើយ​បន្ត​ទៅ​មុខ​ដោយ​អំណរ​ទាំងដួងចិត្ត​​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ចំពោះ​ព្រះអម្ចាស់ ។

យើង​អាច​ធ្វើ​ដូចនេះ​បាន !

ដោយ​មាន​ជំនួយ​ពី​ព្រះអម្ចាស់ តើ​យើង​អាច​ដោះ​ខ្លួន​​ពី​ចំណង​​ដែល​ចង​យើង​ដោយ​រៀបណា ? យើង​អាច​ចង​ភ្ជាប់​ខ្លួនទៅ​នឹង​ព្រះវបិតាសួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ​តាម​រយៈ សេចក្តី​សញ្ញា​ដោយ​ចេតនា​ពិត ។ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​បង្រៀន​ថា « តើ​អ្វី​ទៅ​ជា​ប្រភព​នៃ​អំណាច​ខាងសីលធម៌ និង​ខាងវិញ្ញាណ [ របស់​យើង ] ហើយ​តើ​យើង​ទទួល​បាន​វា​តាម​របៀប​ណា ? ប្រភពនោះ​គឺជា​ព្រះ ។ សិទ្ធិ​របស់​យើង​ដើម្បី​ទទួល​បាន​អំណាច​នោះ​គឺ​តាមរយៈ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ទ្រង់ ។ … នៅ​ក្នុង​កិច្ចព្រមព្រៀង​ដ៏​ទេវភាព​ទាំងនេះ ព្រះបាន​សន្យា​ថា​គាំទ្រ ញែក​ឲ្យ​បរិសុទ្ធ និង​លើកតម្កើង​យើង ជា​ការឆ្លើយ​តប​ចំពោះ​ការតាំង​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​ទ្រង់ ហើយ​រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ » ។២៧ យើង​អាច​ចុះ និង​គោរព​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ​ ។

យើង​អាច​ធ្វើ​ដូចនេះ​បាន !

« ចូរ​យក​ថ្ម​ចេញ » ។ « ចូរ​ចេញ​មក » ។ « ចូរ​ស្រាយ​គាត់​ឲ្យ​ទៅ​ចុះ » ។

ការទូន្មាន ព្រះបញ្ញតិ្ត និង​សេចក្តី​សញ្ញា ។ យើង​អាច​ធ្វើ​ដូចនេះ​បាន !

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​សន្យា​ថា « ពរជ័យ​ខ្លះ​កើត​ឡើង​លឿន ខ្លះ​មក​យឺត ហើយ​ខ្លះ​មិន​កើត​មាន​ឡើយ​រហូត​ដល់​នៅ​ឯ​ស្ថានសួគ៌ ប៉ុន្ដែ​សម្រាប់​អស់​អ្នក​ដែល​ឱប​ក្រសោប​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ វា​នឹង​កើត​ឡើង » ។២៨

ហើយ​ចុង​ក្រោយ « ហេតុ​ដូច្នោះ​ហើយ ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ គង់នៅ​ជាមួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ។២៩

នេះ​ជា​សាក្សី និង​ទីបន្ទាល់​របស់​ខ្ញុំ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​អង្គ​ដែល​តែងតែ​នឹង​យាង​មក​គឺ​ព្រះយេស៊ូវគ្រីស្ធ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូម​មើល យ៉ូហាន ១១:៣ ។

  2. យ៉ូហាន ១១:៦–៧ ។

  3. យ៉ូហាន ១១:១៤ ។

  4. យ៉ូហាន ១១:២១, ៣២ ។

  5. យ៉ូហាន ១១:៣៩ ។

  6. « បើតាម​ជំនឿ​របស់​សាសន៍​យូដា វិញ្ញាណ​នឹង​វិលវល់​នៅ​ជិត​រាងកាយ​រយៈ​បី​ថ្ងៃ​បន្ទាប់​ពី​បាន​ចាកចេញ​ពី​រាងកាយ ។ បើតាម​ជំនឿស៊ុប​របស់​សាសន៍​យូដា ជាលទ្ធផល ការរស់ឡើងវិញ​នៃ​អ្នក​ដែល​បាន​ស្លាប់​គឺ​មិន​អាច​កើត​ឡើង​បាន​ទេ​នៅ​ថ្ងៃ​ទី​បួន​នោះ ពីព្រោះ​វិញ្ញាណ​នឹង​មិន​ត្រឡប់​ចូល​ទៅ​ក្នុង​រាងកាយ​ម្តង​ទៀត​ទេ បន្ទាប់​ពី​រូបកាយ​នោះបាន​ផ្លាស់​ប្តូរ​ទីតាំង ។ វា​គឺ​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​ទៀត​សម្រាប់​សាក្សី​ទាំង​អស់​នៃ​អព្ភូតហេតុ ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ឡាសារ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បួន​នោះ ។ ថ្ងៃ​ទី​បួន​មាន​អត្ថន័យ​ពិសេស​នៅ​ត្រង់នេះ ហើយ​ត្រូវ​បាន​ប្រើ​ដោយ​ចេតនា​ពី​អ្នកអធិប្បាយ​សម្រាប់​ប្រើប្រាស់​ទាក់ទង​នឹង​អព្ភូតហេតុ​ដ៏​អស្ចារ្យ​បំផុត​នៃ​ការរស់​ឡើង​វិញ​ដែល​អាច​កើត​មាន » ( Ernst Haenchen John 2: A Commentary on the Gospel of John, Chapters 7–21បាន​កែសម្រួល ។ រ៉ូប៊ឺត ដាប់ប៊លយូ ហ្វឹងឃ៍ និង យូលរីកឆ៍ ឆ្លង​ទំព័រ ។ រ៉ូប៊ឺត ដាប់ប៊លយូ ហ្វឹងឃ៍​[ ឆ្នាំ ១៩៨៤ ], ទំព័រ ៦០–៦១ ) ។

  7. យ៉ូហាន ១១:៣៣–៣៤ ។

  8. យ៉ូហាន ១១:៣៩ ។

  9. យ៉ូហាន ១១:៤៣–៤៤ ។

  10. សូមមើល ម៉ូសេ ៤:២២–២៥ ។

  11. សូមមើល អេធើរ ១២:២៧ ។

  12. យ៉ូហាន ១៤:១ ។

  13. យ៉ូហាន ១៤:១៨ ។

  14. ថូម៉ាស អេស ម៉នសុន « I Will Not Fail Thee, nor Forsake Thee » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៨៧ ។ ប្រធាន ម៉នសុន បាន​ពន្យល់​បន្ត​ទៀត​ថា ៖ « យើង​ដឹង​ថា​ពេល​ខ្លះ យើង​នឹង​ជួប​ទុក្ខព្រួយ​ដ៏​ខ្លាំងក្លា ជា​ពេល​ដែល​យើង​សោកសៅ ជា​ពេល​ដែល​យើង​អាច​នឹង​ត្រូវ​បាន​សាកល្បង​នឹង​ភាពអំណត់​របស់​យើង ។ តែ​ការលំបាក​បែប​នោះ​អនុញ្ញាត​ឲ្យ​យើង​ផ្លាស់ប្ដូរ​សម្រាប់​ភាពល្អ​ប្រសើរ​ឡើង ដើម្បី កសាង​ជីវិត​របស់​យើង​តាម​របៀប​ដែល​ព្រះវបិតាសួគ៌​របស់​យើង​បង្រៀន ហើយ​ប្រែក្លាយ​ជា​អ្វី​មួយ​ដែល​ខុស​ពី​មុន—គឺ​កាន់​តែ​ល្អ​ប្រសើរ​ជាង យល់​កាន់តែ​ច្បាស់​ជាង យល់​ចិត្ត​កាន់​តែ​ខ្លាំង​ជាង ជាមួយ​និង​ទីបន្ទាល់​កាន់តែ​រឹងមាំ​ជាង​កាល​ពី​មុន » ។ ( « I Will Not Fail Thee, Nor Forsake Thee » ទំព័រ ៨៧ ) ។ សូម​មើល​ផង​ដែរ គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:១១៩ ៖ « ដ្បិត​យើង​ជា​ព្រះអម្ចាស់ បាន​ដាក់​ព្រះហស្ត​របស់​យើង ដើម្បី​បញ្ចេញ​អំណាច​ពី​ស្ថានសួគ៌ អ្នករាល់គ្នា​មិន​អាច​មើល​ឃើញ​អំណាច​នោះ​នៅ​ពេល​នេះ​បាន​ឡើយ តែ​នៅ​បន្តិច​ទៀត ហើយ​អ្នករាល់​គ្នា​នឹង​មើល​ឃើញ​អំណាច​នោះ ហើយ​ស្គាល់​ថា យើង​ជា​ព្រះ ហើយ​ថា​យើង​នឹង​យាង​មក ហើយ​សោយរាជ្យ​នៅ​ជាមួយ​នឹង​រាស្ត្រ​យើង » ។

    សូមមើល​ផងដែរ ម៉ូសាយ ២៣:២១–២៤ ។

    « ក៏​ប៉ុន្តែ ព្រះ​អម្ចាស់​ទ្រង់​យល់​ឃើញ​ថា​ល្មម​ប្រដៅ​រាស្ត្រ​ទ្រង់ មែន​ហើយ ទ្រង់​បាន​សាកល្បង​សេចក្ដី​អត់ធន់ និង​សេចក្ដី​ជំនឿ​របស់​ពួក​គេ ។

    « ក៏​ប៉ុន្តែ—អស់​អ្នក​ណា​ដែល​ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ទ្រង់ អ្នក​នោះ​ហើយ​ដែល​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ ។ មែន​ហើយ ចំពោះ​រាស្ត្រ​នេះ គឺ​ដូច្នោះ​ឯង ។

    « ដ្បិត​មើល​ចុះ ខ្ញុំ​នឹង​បង្ហាញ​ដល់​អ្នក​ថា ពួក​គេ​ត្រូវ​បាន​នាំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សេវក​ភាព ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ដោះ​ពួក​គេ​បាន​ឡើយ លើក​លែងតែ​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​ប៉ុណ្ណោះ មែន​ហើយ គឺជា​ព្រះ​នៃ​អ័ប្រាហាំ និង​អ៊ីសាក និង​យ៉ាកុប ។

    « ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ្រង់​បាន​ដោះ​លែង​ពួក​គេ ហើយ​ទ្រង់​បាន​បង្ហាញ​នូវ​ព្រះ​ចេស្ដា​ដ៏​ឥទ្ធិ​ឫទ្ធិ​របស់​ទ្រង់​ដល់​គេ ហើយ​គេ​មាន​សេចក្ដី​សោមនស្ស​ជា​អនេក » ។

  15. គោលលទ្ធិ និង សេចក្ដីសញ្ញា ១២១:១ ។

  16. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២១:៧ ។

  17. យ៉ូហាន ១១:៣៩ ។

  18. យ៉ូហាន ១១:៤៣ ។

  19. យ៉ូហាន ១១:៤៤ ។

  20. ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា ៖ « ជារឿយៗ ទីប្រឹក្សា​ខ្ញុំ និង​ខ្ញុំ​មាន​អារម្មណ៍​ក្តុកក្តួល កាល​យើង​ឃើញ​ទ្រង់​ជួយ​សម្រុះសម្រួល​ក្នុង​កាលៈទេសៈ​ដែល​ពិបាក​បំផុត ដែល​យើង​បាន​ធ្វើ​អស់​ពី​លទ្ធភាព​ហើយ ប៉ុន្តែ​នៅតែ​មិន​អាច​ធ្វើ​អ្វី​បាន​នោះ ។ យើង​ទាំង​អស់គ្នា​ពិត​ជា​ឆ្ងល់​យ៉ាង​អស្ចារ្យ » ( « Welcome Message » Liahona ខែ ឧសភា ឆ្នាំ ២០២១ ទំព័រ ៦ ) ។

  21. Bible Dictionary « Faith » ។

  22. សេចក្ដីណែនាំ​ដល់​បទគម្ពីរទាំងឡាយ « សេចក្តី​ជំនឿ » scriptures.ChurchofJesusChrist.org ។

  23. គោលលទ្ធិ និងសេចក្ដី​សញ្ញា ១២៣:១៧ ។

  24. សូមមើល នីហ្វៃ​ទី​៣ ១១:៣២–៣៩ ។

  25. Russell M. Nelson, « Overcome the World and Find Rest » Liahonaខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ៩៧ ។

  26. យ៉ូហាន ១៤:២១ ។

  27. ឌី ថត គ្រីស្តូហ្វឺសិន « The Power of Covenants » Liahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ២០ ។

  28. ជែហ្វ្រី អ័រ ហូឡិន « An High Priest of Good Things to Come » Liahonaខែ មករា ឆ្នាំ ២០០០ ទំព័រ ៤៥ ។

  29. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៨:៦ ។