ឆ្នាំ ២០១០-២០១៩
អំណាច​បព្វជិតភាព​ក្នុង​ក្មេង​ប្រុស
ខែ មេសា 2013


អំណាច​នៃ​បព្វជិតភាព​នៅ​ក្នុង​ក្មេង​ប្រុស

បព្វជិតភាព​ក្នុង​ក្មេង​ប្រុស​ម្នាក់​ គឺមាន​ឥទ្ធិពល​ដូចជា​បព្វជិត​ភាព​ក្នុង​បុរស​ម្នាក់​ដែរ ពេល​អនុវត្ត​ក្នុង​សេចក្ដី​សុចរិត ។

ក្នុង​ឆ្នាំ 1878 ជីតា​តួត​ខ្ញុំ ចច អេហ្វ រីឆាត មាន​អាយុ 17 ឆ្នាំ ។ ដោយកាលៈទេសៈចាំបាច់ គាត់​ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ ។ មាន​ថ្ងៃ​អាទិត្យ​មួយ ​ម្ដាយគាត់​​បាន​ស្រែក​ដោយ​សារ​​​ឈឺចាប់​ខ្លាំង​ពេក ។​ ដោយ​សារ​ឪពុក​គាត់​មិន​ទំនេរ នោះ​ប៊ីស្សព និង​មនុស្សបួនប្រាំ​​​នាក់​ផ្សេងទៀត​​ត្រូវ​បាន​អញ្ជើញ ​ដើម្បី​ធ្វើ​ការ​ប្រសិទ្ធពរ​ដល់​គាត់ តែ​មិន​បាន​ធូរ​ស្រាល​សោះ ។ ដូច្នេះ​គាត់​ក៏​ងាក​មក​រក​កូន​ប្រុស​គាត់ឈ្មោះ ចច ហើយ​បាន​សុំ​ឲ្យ​ដាក់​ដៃ​លើ​ក្បាល​គាត់ ។ គាត់​បាន​សរសេរ​ក្នុង​កំណត់ហេតុ​គាត់​ថា « ក្នុង​ពេល​សម្រក់ទឹក​ភ្នែក​ ដោយ​ការ​​រងទុក្ខ​របស់​ម្ដាយ​ខ្ញុំ ហើយ​ការ​ធ្វើ​ការ​បម្រើ​មួយ​ ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ពី​មុន ខ្ញុំបាន​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​ទៀត​ ជាទី​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទាំង​ទឹក​ភ្នែក​ » ។

ពេល​គាត់​សម្រួលចិត្តបាន​ហើយ គាត់​បាន​ដាក់​ដៃ​លើ​ក្បាល​ម្ដាយគាត់ ហើយ​បាន​ផ្ដល់ការ​ប្រសិទ្ធពរ​មួយ​ដ៏​សាមញ្ញ ។ ក្រោយ​មក​គាត់​បាន​សង្កេត​​​ថា « ម្ដាយ​ខ្ញុំ​បាន​ឈប់​ថ្នូរ ហើយ​បាន​ធូរ​ស្រាល​ពី​ការ​ឈឺចាប់​របស់​គាត់ ខណៈដែល​ខ្ញុំ​ដាក់​ដៃ​លើ​ក្បាល​គាត់នៅឡើយ » ។ រួច​គាត់បាន​កត់ទុក​ក្នុង​កំណត់​ហេតុ​គាត់​ពី​ការ​សង្កេត​មើល​ដ៏​សំខាន់​បំផុត​នេះ ។​ គាត់​បាន​និយាយ​ថា ​គាត់​តែង​មាន​អារម្មណ៍​ថា ហេតុផល​ដែល​ម្ដាយ​គាត់​មិន​បាន​ធូរស្រាល​មក​ពី​ការ​ប្រសិទ្ធពររបស់​ប៊ីស្សពនោះ ពុំ​មែន​ដោយសារ​ព្រះអម្ចាស់​មិន​ទទួល​យក​ការ​ប្រសិទ្ធពរ​របស់​ប៊ីស្សព​នោះទេ តែ​ដោយសារ​ព្រះអម្ចាស់​បាន​រក្សា​ទុក​ការប្រសិទ្ធពរ​នេះ​សម្រាប់​ក្មេង​ប្រុស​ម្នាក់ ដើម្បី​បង្រៀន​គាត់​ពី​មេរៀន​មួយថា បព្វជិតភាព​ក្នុង​ខ្លួន​ក្មេង​ប្រុស​នោះ​គឺ​ មាន​ឥទ្ធិពល​ដូចគ្នា​នឹង​បព្វជិតភាព​នៃបុរស​ម្នាក់​ដែរ ពេល​អនុវត្ត​ដោយ​សុចរិត​នោះ ។

រាត្រី​នេះ ខ្ញុំ​ចង់​និយាយ​ពី​អំណាច​នោះ ។ ទោះ​ជា​យ៉ាង​ណាក្ដី ខ្ញុំ​នឹង​លើក​ឡើង​ទៅ​កាន់​ប្រធាន​កូរ៉ុម​ឌីកុន​អំ​ពី​គោលការណ៍​ដែល​បាន​ពិភាក្សា ដែល​អនុវត្ត​ដល់​យុវជន​នៃ​បព្វជិតភាព​អើរ៉ុនគ្រប់រូប និង ​អ្នក​ដឹកនាំ​ពួកគេ រួម​ទាំង​ប្រធាន​កូរ៉ុមគ្រូ និង​ជំនួយការ​ប្រធានកូរ៉ុមសង្ឃរបស់យើង​។

កាល​បម្រើ​ជា​ប្រធាន​បេសកកម្ម ខ្ញុំ​បាន​សង្កេត​ឃើញ​ថា មាន​​ការ​កើន​ឡើង​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជំនាញ​ខាង​វិញ្ញាណ និង ​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន​ នៅ​ក្នុង​ពេល​បេសកកម្ម​របស់​ពួកគេ ។ ទោះ​ជា​យ៉ាង​ណា បើ​យើង​អាច​ដាក់​កម្រិត​ចំនួន​ទាំង​នេះ​ទៅ​លើបព្វជិតភាព​អើរ៉ុន និង ​ឆ្នាំ​នៃ​បេសកកម្ម នោះ​ប្រហែល​ជា វា​មើល​ទៅ​ដូច​ជា​បន្ទាត់​ដែល​អ្នក​មើល​ឃើញ​នៅ​ក្នុងក្រាហ្វិក​នេះ ( សូម​មើល​រូប​ភាព 1 ) ។ ក្នុង​គំនិត​ខ្ញុំ ​យ៉ាង​ហោច​ណាស់​មាន​កត្តា​បីយ៉ាង ​ដែល​​ចូល​រួម​ចំណែក​ក្នុង​ការ​លូតលាស់​ដ៏​ធំក្នុង​បេសកកម្មនេះ ៖ (1) យើង​ទុកចិត្ត​លើ​យុវជន​ទាំងនេះ​លើស​ពីមុន (2) យើង​មាន​ការ​រំពឹង​ទុក​ខ្ពស់ តែ​យើង​ស្រឡាញ់​ពួកគេ រួច (3) យើង​បង្ហាត់​ពួកគេ​​ហើយ​បង្ហាត់​ទៀត ដើម្បី​ពួកគេ​អាច​បំពេញ​ការ​រំពឹងទុក​ទាំងនោះ​បាន​យ៉ាង​ល្អ។

មនុស្ស​ម្នាក់​អាច​នឹង​សួរ​ដោយ​គួរ​សម​ថា « ហេតុអ្វី​បាន​ជា​គោលការណ៍​ដូចគ្នា​នេះ​មិន​យក​ទៅ​ប្រើ​ជាមួយ​ប្រធាន​កូរ៉ុម​ឌីកុន ? » បើ​ការ​ណ៍នេះ​ត្រូវ​បាន​ធ្វើ​ឡើង ប្រហែល​ការ​រីកចម្រើន​នោះ​ នឹង​ចាប់ផ្តើម​តាំង​ពី​ដំបូង ហើយ​មាន​រូបរាង​ដូច​នេះ ។ ឥឡូវ ខ្ញុំ​សូម​លើក​ឡើង​ពីរបៀប​ដែល​គោលការណ៍​​ទាំងនេះ​ អាច​អនុវត្ត​ចំពោះ​ប្រធានកូរ៉ុម​ឌីកុន​ម្នាក់ ។

ទីមួយ ---គឺ​ទុកចិត្ត ។ យើងអាចទុក​ចិត្ត​លើ​ប្រធាន​កូរ៉ុម​ឌីកុន​យើង ជាមួយ​នឹង​ការ​ទទួល​ខុសត្រូវ​ដ៏​ធំ ។ ព្រះអម្ចាស់ពិត​ជា​ប្រគល់​ឲ្យ --- ជាការ​បង្ហាញ​នូវ​ព្រះ​ឆន្ទៈ​របស់​ទ្រង់​ដើម្បីប្រគល់​កូនសោ​ឲ្យ​ដល់​ពួក​គេ ដែល​មាន​​ន័យ​ថា ពួក​គេ​មាន​សិទ្ធិ​ដើម្បីដឹកនាំ និង ​ណែនាំ​កិច្ចការ​នៅ​ក្នុង​កូរ៉ុម​របស់​ខ្លួន ។ ព្រោះ​តែ​​​ភស្តុតាង​នៃ​ទំនុក​ចិត្ត​នេះ នោះ​យើង​ហៅ​បម្រើ​​ដល់​កូរ៉ុមប្រធាន​​ឌីកុន​ដោយ​ វិវរណៈ មិន​មែនដោយអំណាច ឬ ​កត្តា​អ្វី​ផ្សេង​ក្រៅ​ពី​នោះ​ទេ ។ អ្នក​ដឹកនាំ​គ្រប់​រូប​នៅ​ក្នុង​សាសនា​ចក្រ​នេះ ដោយ​រួម​ទាំង​ប្រធាន​កូរ៉ុម​ឌីកុន មាន​សិទ្ធិ​ដើម្បីស្គាល់ និង​គួរ​តែ​ស្គាល់​ថា ​ខ្លួន​ត្រូវ​បាន​ហៅ​ដោយ​វិវរណៈ ។ ការ​ធានា​នេះ​ជួយ​ដល់​គាត់​ដឹង​ថា ព្រះ​មាន​ទំនុក​ចិត្ត និង​ គាំ​ទ្រ​ដល់​គាត់ ។

បុគ្គលិក​លក្ខណៈ​ទីពីរ និង ​ទីបី​គឺ ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ --- មាន​ការ​រំពឹង​ទុក​ដ៏​ខ្ពស់ ហើយ​ទាក់​ទង​នឹង​ការ​បំពាក់​បំប៉នដើម្បី​បំពេញបុគ្គលិក​លក្ខណៈ​នេះ ។ ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​តំបន់​បម្រើ​បេសកកម្មថា ៖ ពួក​អ្នក​ផ្សព្វ​ផ្សាយ​សាសនា​​ជា​ទូទៅ រីក​ចម្រើន ឬ​ ធ្លាក់​ចុះតាម​កម្រិត​រំពឹង​ទុក​របស់​ប្រធាន​បេសកកម្ម ហើយ​ការណ៍​នោះ ក៏​ដូច​គ្នា​នឹង​ប្រធាន​កូរ៉ុម​ឌីកុន​ដែរ ។ ប្រសិន​បើ ពួក​គាត់​គ្រាន់​តែ​រំពឹង​ទុកថា ​ធ្វើ​ការ​ដឹកនាំ​ការ​ប្រជុំ​កូរ៉ុម ហើយ​ចូល​រួម​ការ​ប្រជុំ​គណៈកម្មការយុវវ័យ​របស់​គណៈ​ប៊ីស្សព នោះ​ហើយ​ជា​អ្វី​ដែល​ពួក​គេ​នឹង​ធ្វើ ។ ប៉ុន្តែ​ក្នុង​នាម​អ្នក​ជា​អ្នក​ដឹកនាំ អ្នក​អាច​ផ្តល់​ឲ្យ​ពួក​គេ​នូវ​​ទស្សនវិស័យដ៏​មហិមា​ជាងនេះ --- ជា​ទស្សនវិស័យ​របស់​ព្រះ​អម្ចាស់ ។ ហើយ​ថា​តើ​ហេតុ​អ្វី​បាន​ជា​ទស្សនវិស័យ​មាន​សារៈ​សំខាន់ ? ពីព្រោះ​កាលណា​មាន​ទស្សនវិស័យ​កើន​ឡើង នោះ​ការ​តាំង​ចិត្ត​ក៏​កើន​ឡើង​ដែរ ។

កាល​ណា​បាន​ទទួល​ការ​ហៅ​ឲ្យ​បម្រើ​នៅ​ក្នុង​សាសនា​ចក្រ​នេះ គឺ​គេ​មាន​សិទ្ធិ​ដើម្បី​ទទួល​វិវរណៈ​ហើយ ។ ហេតុ​ដូច្នេះ​ហើយ ប្រធាន​កូរ៉ុម​ឌីកុន​ទាំង​នេះ ត្រូវ​ដឹង​ថា​ពួក​គេ​មាន​សិទ្ធិ ​ដើម្បី​ទទួល​វិវរណៈ ដើម្បី​ផ្តល់​អនុសាសន៍​ក្នុង​ការ​រើស​ទីប្រឹក្សា​របស់​ខ្លួន សិទ្ធិ​ដើម្បី​ទទួល​វិវរណៈ​ទាក់​ទង​នឹង​ការ​សង្រ្គោះ​ដល់​ជន​ដែល​បាត់​បង់ និង​ សិទ្ធិ​ដើម្បី​ទទួល​វិវរណៈក្នុង​ការ​បំពាក់​បំប៉នសមាជិក​កូរ៉ុម​ នៅ​ក្រោម​ករណី​កិច្ច​របស់​ខ្លួន ។

អ្នក​ដឹកនាំ​ដ៏​ឈ្លាស​វៃម្នាក់​នឹង​បង្រៀន​ប្រធាន​កូរ៉ុម​ឌីកុន នូវ​គោលការណ៍​ទាំង​ឡាយ​ណា​ដែល​នឹង​ជា​ប្រយោជន៍​នៅ​ក្នុង​ការ​ទទួល​បាន​វិវរណៈ ។ គាត់​អាច​បង្រៀន​ពីសេចក្តី​សន្យា​ដ៏​ច្បាស់​លាស់​របស់​ព្រះ​អម្ចាស់​ថា ៖ « បើ​សិន​ជា​អ្នក​សូម នោះ​អ្នក​នឹង​បាន​ទទួល​វិវរណៈ​ថែម​ទៅ​លើ​វិវរណៈ ( គ. និង ស. 42:61 ) ។​ ព្រះ​អម្ចាស់​មាន​ព្រះ​ទ័យ​សប្បុរស​បំផុត​នៅ​ក្នុង​ការ​ប្រទាន​ឲ្យ​នូវ​វិវរណៈ ។ តើ​ទ្រង់​មិន​បាន​រំឭក​ដល់​យ៉ូសែប ស្ម៊ីធ និង ​អូលីវើរ​ ខៅឌើរី ទេ​ឬ​អី​ថា « ដរាប​ណា​អ្នក​សូមជា​ញឹកញាប់ នោះ​អ្នក​នឹងបាន​ទទួល​ការ​បង្គាប់​ពីព្រះ​វិញ្ញាណ​របស់​យើង (គ. និង ស. 6:14  ) » ? ហើយ​ការណ៍​នេះ​ក៏​អាច​មានចំពោះ​អ្នកផងដែរ​​ប្រធាន​កូរ៉ុម​ឌីកុនអើយ ។ ព្រះ​អម្ចាស់​ស្រឡាញ់​អ្នក ហើយ​មាន​ព្រះ​ទ័យ​បើក​សម្តែង​ដល់​អ្នក​នូវ​គំនិត និង​ ព្រះ​ឆន្ទៈ​របស់​ទ្រង់ ។ តើ​អ្នក​ធ្លាប់​ស្រម៉ៃ​ថា ព្រះ​អម្ចាស់​ជួប​ប្រទះ​នឹង​បញ្ហា ដែល​ទ្រង់​មិន​អាច​ដោះ​ស្រាយ​ដែរ​ឬ​ទេ ? ខ្ញុំ​មិន​អាច​ស្រម៉ៃ​ចេញ​នោះ​ទេ ។ ពីព្រោះ​អ្នក​មាន​សិទ្ធិ​ទទួល​វិវរណៈ ទ្រង់​អាច​ជួយ​អ្នក​ដោះ​ស្រាយ​កង្វល់​ដែល​អ្នក​មាន ក្នុង​នាម​ជា​ប្រធាន​នៃ​កូរ៉ូម​របស់​អ្នក ​បើ​អ្នក​នឹង​ស្វែង​រក​ជំនួយ​របស់​ទ្រង់ ។

អ្នក​ដែល​ជា​ អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ ​អាច​បង្រៀនប្រធាន​កូរ៉ុម​ឌីកុន​រូប​នេះ​ថា វិវរណៈមិន​មែន​ជា​ការ​ជំនួស​ឲ្យ​ការ​ព្យាយាម និង ការ​ខិត​ខំ​ផ្ទាល់​ខ្លួន​នោះ​ទេ ។ មាន​គ្រា​មួយ ប្រធាន ហិនរី ប៊ី អាវរិង បាន​សួរ​ប្រធាន ហារ៉ូល ប៊ី លី ថា « តើ​ខ្ញុំ​អាច​ទទួល​វិវរណៈ​យ៉ាង​ដូច​ម្តេច​ទៅ ? » ប្រធាន​ លី បាន​ឆ្លើយ​ថា « ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​វិវរណៈ សូម​ធ្វើការ​ខិត​ខំ​ផ្ទាល់​ខ្លួន​​របស់​អ្នក​​សិន » ។1 អ្នក​ដឹកនាំ​ដ៏​ឈ្លាស​វៃ​ អាច​ពិភាក្សា​ជា​មួយ​នឹង​ប្រធាន​កូរ៉ុម​ឌីកុន​រូប​នេះ នូវ​កិច្ចការ​ខាង​វិញ្ញាណ ដែល​គាត់​អាច​ធ្វើ​​ក្នុង​ការ​រៀប​ចំ​ដើម្បី​ឲ្យ​អនុសាសន៍​រើស​ទីប្រឹក្សា​របស់​គាត់ ។ គាត់​អាច​ត្រូវ​សួរ និង​ ឆ្លើយ​នូវ​សំណួរ​ដូច​ជា ៖ តើ​នរណា​អាច​ធ្វើ​ជា​គំរូ​ល្អ​ ដែល​អាច​ជួយ​ដល់​យុវជន​ដទៃ​ទៀត ? ឬ ​ថា​តើ​នរណា​ដែល​ឆាប់​ស្គាល់​នូវ​សេចក្តី​ត្រូវការ​របស់​អ្នក​ទាំង​ឡាយ​ណា​ ដែល​ប្រឈម​មុខ​នឹង​ឧបសគ្គ​ពិសេសៗ ? ឬ ​ថា​តើ​នរណា​ដែល​អាច​នាំ​មក​នូវ​វិញ្ញាណ​សាមគ្គីភាព​ដល់​គណៈ​ប្រធាន ?

ហើយ​នៅ​ទីបំផុត អ្នក​ដឹកនាំ​ដ៏​ឈ្លាស​វៃ​រូប​នេះ អាច​បង្រៀន​គាត់​ពី​របៀប ដើម្បី​ស្គាល់ និង ​ធ្វើ​តាម​វិវរណៈ នៅ​ពេល​ដែល​វា​ត្រូវ​បាន​ប្រទាន​ឲ្យ ។ យើង​រស់​នៅ​ក្នុង​ពិភព​លោក​ដែលពោរ​ពេញ​ដោយ​ការ​ប្រញាប់​ប្រញាល់ ទង្វើរ​ដ៏​គួរ​ឲ្យ​រំជើប​រំជួលដែល​ពន្លឺ​ភ្លើង​ពណ៌ និង​ សំឡេង​កង​រំពង​គឺ​ជា​រឿង​ធម្មតា ។ ប៉ុន្តែ យុវជន​រូប​នេះ​ត្រូវ​ដឹង​ថា នេះ​គឺ​ជា​មាគ៌ា​របស់​លោកិយ​ទេ មិន​មែន​ជា​មាគ៌ា​របស់ព្រះ​អម្ចាស់​ឡើយ ។ ព្រះ​អង្គ​សង្រ្គោះបាន​ប្រសូតនៅក្នុង​​ស្នូក​ដែល​គ្មាន​នរណា​ស្គាល់ ទ្រង់​បាន​ធ្វើ​នូវ​ទង្វើរ​ដ៏​មហាអស្ចារ្យ ដែល​​មិន​អាច​ប្រៀបប្រដូច​បាន នៅ​គ្រប់​សម័យកាល​ទាំង​អស់ នៅ​ឯ​សួន​ច្បារ​ដ៏​សែន​ស្ងាត់ ហើយ ​យ៉ូសែប បាន​ទទួល​ការនិមិត្ត​ដំបូង​របស់​គាត់​នៅ​ក្នុងព្រៃ​ដ៏​ឆ្ងាយ​មួយ ។ ចម្លើយ​របស់​ព្រះ​ត្រូវ​ប្រទាន​ឲ្យ​ដោយ​ស្ងប់​​ស្ងាត់ និង ​សំឡេង​តូច​រហៀង --- ជា​អារម្មណ៍​នៃ​សេចក្តី​សុខសាន្ត ឬ ​ការ​លួង​លោម​ចិត្ត អារម្មណ៍​ចង់​ធ្វើ​ល្អ ការ​បំភ្លឺ --- ពេល​ខ្លះ​ការ​បំផុស​គំនិត​នោះ​វា​តូច​ដូច​ជា​គ្រាប់​ពូជ​តូច​មួយ តែ​បើ​យើង​មើល​ថែ​ វា​នឹង​ដុះ​លូត​លាស់​ទៅ​ជា​ដើម​វិញ្ញាណ​ដ៏​ធំ ។ ពេល​ខ្លះ​អារម្មណ៍ ឬ ​គំនិត​ទាំង​នេះអាច​នាំ​ឲ្យ​អ្នក​ជា​ប្រធាន​កូរ៉ុម​ឌីកុន ​ចេញ​អនុសាសន៍​ដល់​ទីប្រឹក្សា ឬ​ផ្តល់​ការ​ចាត់​តាំង​ដល់​យុវជន​ ដែល​ពុំ​សូវ​សកម្ម​នៅ​ពេល​បច្ចុប្បន្នក៏​ថា​បាន ។

ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​ហើយ ក្នុង​នាម​ជា​គណៈ​ប្រធាន​ស្តេក​ យើង​មាន​ចំណាប់​អារម្មណ៍​មួយ ឲ្យ​ហៅ​បុរស​ល្អ​ម្នាក់​ធ្វើ​ជា​ស្មៀន​ប្រចាំ​ស្តេក ។ ជួន​កាលគាត់មាន​​បញ្ហា​នៅ​ក្នុង​ការ​មក​ព្រះ​វិហារ​ជា​ប្រចាំ ។ ទោះ​ជា​យ៉ាង​ណា​ក្តី យើង​បាន​ដឹង​ថា ប្រសិន​បើ​គាត់​ព្រម​ទទួល​យកការ​ហៅ​បម្រើ គាត់​នឹង​ធ្វើ​ការងារ​នេះ​បាន​ដ៏​អស្ចារ្យ ។

យើង​បាន​ប្រគល់​ការ​បម្រើ​នោះ​ដល់​គាត់ ប៉ុន្តែ​គាត់​បាន​ឆ្លើយ​តប​ថា ៖ « ទេ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​អាច​ធ្វើការងារ​នេះ​បាន​ទេ » ។

បន្ទាប់​មក​ក៏​មាន​អារម្មណ៍​មួយ​ផុស​ឡើង ។ ខ្ញុំ​បាន​និយាយ​ថា ៖ « បើ​ដូច្នោះ ខ្ញុំ​គិត​ថា ស្តេក គ្លែលដេល មិន​អាច​មាន​ស្មៀន​បាន​ទេ » ។

ដោយ​ការ​ភ្ញាក់​ផ្អើល គាត់​បាន​ឆ្លើយ​ថា ៖ « តើ​លោក​កំពុង​មាន​ន័យ​ដូច​ម្តេច ? លោក​ត្រូវ​ការ​ស្មៀន​ម្នាក់​ប្រចាំ​ស្តេក » ។

ខ្ញុំ​បាន​ឆ្លើយ​ថា ៖ « តើ​ប្អូន​ចង់​ឲ្យ​ខ្ញុំ​ផ្តល់​ការ​បម្រើជា​ស្មៀន​ស្តេក​នេះ​ដល់​នរណា​ម្នាក់​ផ្សេង​ទៀត នៅ​ពេល​ដែល​ព្រះ​អម្ចាស់​ផ្តល់​ការ​បំផុស​គំនិត​ឲ្យ​យើង​ហៅ​ដល់​ប្អូនហើយ​​នោះឬ ? »

គាត់​បាន​ឆ្លើយ​ថា ៖ « យល់​ព្រម ខ្ញុំ​នឹង​ធ្វើ​ការ​នេះ » ។

ហើយ​គាត់​ពិត​ជា​ធ្វើ​ការ​នេះ ។ មិនមែន​មាន​តែ​បុរស​ជា​ច្រើន​នោះ​ទេ ប៉ុន្តែ​ក៏​នឹង​មាន​យុវជន​ជា​ច្រើន​ដែល​នឹង​ឆ្លើយ​តប​ចំពោះ​ការ​ហៅ​បម្រើ​មួយ នៅ​ពេល​ដែល​ពួក​គេ​ដឹង​ថា ព្រះ​អម្ចាស់​​កំពុង​តែ​ហៅ​ពួក​គេ​ ហើយ​ថា​ព្រះ​អម្ចាស់​កំពុង​ត្រូវ​ការ​ពួក​គេ ។

បន្ទាប់​មក អ្នក​អាច​ឲ្យប្រធាន​កូរ៉ុម​​ឌីកុន​រូប​នេះដឹង​ថា ព្រះ​អម្ចាស់​រំពឹង​រឿង​មួយ​​ពី​គាត់​គឺ​ ដើម្បី​សង្រ្គោះ​ដល់​អ្នក​ដែល​បាត់​បង់​ ទាំង​អ្នក​មិន​សូវ​សកម្ម ហើយ​អ្នក​មិន​មែន​ជា​សមាជិក ។ ព្រះ​អម្ចាស់​បាន​ប្រកាស​នូវ​បេសកកម្ម​ដ៏​សំខាន់​របស់​ទ្រង់​នៅ​ក្នុង​ខគម្ពីរ​នេះ​ថា ៖ « ត្បិត​កូន​មនុស្ស​បាន​មក ដើម្បី​នឹង​ជួយ​សង្រ្គោះ​អ្នក​ណា​ដែល​បាត់​បង់ » (ម៉ាថាយ 18:11 ) ។ ​បើសិន​វាជា​អាទិភាព​ដំបូង​ចាំបាច់​សម្រាប់​ព្រះ​អង្គ​សង្រ្គោះ ដើម្បី​សង្រ្គោះ​ដល់​អ្នក​ដែល​បាត់​បង់ ​បើសិន​វា​ជា​អាទិភាព​ដំបូង​របស់​ប្រធាន ថូម៉ាស អេស. ម៉នសុន ដើម្បី​ធ្វើ​បែប​នេះ ដូច​ដែល​បង្រៀន​ពេញ​មួយ​ជីវិត​គាត់​ តើ​វា​មិន​គួរ​គប្បី​សម្រាប់​អ្នក​ដឹកនាំ​គ្រប់​រូប ប្រធាន​កូរ៉ុម​ឌីកុន​គ្រប់​រូប​នៅ​ក្នុង​សាសនា​ចក្រ​នេះឲ្យ​ធ្វើ​ដូច្នោះ​ដែរ​ទេ​ឬ​អី ? ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ធំ​បំផុត​​របស់​អ្នក​ដឹកនាំ​យើង ដែល​ជា​ចំណុច​សំខាន់​នៅ​ក្នុង​ការ​បម្រើ​របស់​យើង គួរ​តែ​ជា​ការ​មានចិត្ត​អន្ទៈសារ​ចេញ​ទៅ ដោយ​មិន​អែ​អង់ ​ដើម្បី​ទៅ​រក​ជន​ដែល​បាត់​បង់ ហើយ​នាំ​ពួក​គេ​ត្រឡប់​មក​វិញ ។

យុវជន​ម្នាក់​ដែល​មាន​សមាជិក​កូរ៉ុម​របស់​គាត់​​បាន​មកលេង បាន​និយាយថា ៖ « ថ្ងៃ​នេះ​វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​ពេល​​មនុស្ស 30 នាក់​បាន​មក​ផ្ទះ​ខ្ញុំ... ។ វាធ្វើ​ឲ្យ​ខ្ញុំចង់​ទៅ​ព្រះវិហារ​នៅ​ពេល​នេះ » ។ ឱ តើ​​យុវវ័យ​ម្នាក់​អាច​បដិសេធ​ការ​ស្រឡាញ់ និង ការ​​យកចិត្ត​ទុកដាក់​ដូចនោះបាន ដោយ​របៀប​ណា​ទៅ ?

ខ្ញុំ​មាន​ចិត្ត​រំភើប ​ពេល​ខ្ញុំ​ឮ​រឿង​ជាច្រើន​អំ​ពី​ប្រធាន​កូរ៉ុម​ឌីកុន ​ដែល​​ចាប់​បាន​នូវ​ទស្សនវិស័យ ហើយ​ម្ដងម្កាល​កំពុង​បង្រៀន​ផ្នែក​ទាំង​មូល ឬ​ផ្នែក​ខ្លះ​នៃ​មេរៀន​ក្នុង​ការ​ប្រជុំ​កូរ៉ុម​របស់​ខ្លួន ។ ប៉ុន្មាន​សប្ដាហ៍​មុន​ខ្ញុំ​បាន​ចូលរួម​ក្នុង​ថ្នាក់​កូរ៉ុម​ឌីកុន​មួយ ។ មាន​ក្មេង​ប្រុស​ម្នាក់​អាយុ 12 ឆ្នាំ​បាន​បង្រៀន​មេរៀន 25 នាទីអំ​​ពី​ដង្វាយធួន ។ គាត់​បាន​ចាប់ផ្ដើម​ដោយ​សួរ​ឌីកុនផ្សេងទៀត​ តើ​ពួកគេ​គិត​ថា​ដង្វាយ​ធួន​ជា​អ្វី ។ រួច​មក​គាត់​បាន​ចែក​បទគម្ពីរ​ដ៏​សំខាន់​មួយ​ចំនួន ហើយ​បាន​សួរ​សំណួរ​ដ៏​ល្អដែ​លធ្វើ​ឲ្យ​ពួកគេ​សញ្ជឹង​គិតឆ្លើយតប ។ ដោយ​ដឹង​ថា​ នៅ​សល់​ពេល​ច្រើនក្នុងមេរៀន ទោះបីជាយ៉ាងណាក៏ដោយគាត់មាន​ប្រាជ្ញា​គ្រប់គ្រាន់ ហើយ​ប្រហែល​ជា​បាន​ទទួល​ការ​ណែនាំ​ជាមុន​ពី​ឪពុក​គាត់ នោះ​គាត់​ឲ្យ​សួរ​អ្នក​ដឹកនាំ​ដែល​មាន​វត្តមាន​អំពី​សំណួរ​ដែល​ពួកគេ​បាន​សួរ​អំពី​ដង្វាយធួន​ ក្នុង​បេសកកម្ម និង​ ចម្លើយ​ពួកគេ ។ រួច​គាត់​បញ្ចប់​ដោយ​ថ្លែង​ទីបន្ទាល់ ។ ខ្ញុំ​បាន​ស្ដាប់​ទាំង​ភ្ញាក់ផ្អើល ។ ​ខ្ញុំ​បាន​គិត​ខ្លួន​ឯង​ថា « ខ្ញុំ​មិន​ចាំ​ថា​ខ្ញុំ​ធ្លាប់​បង្រៀន​មេរៀនដ៏​សំខាន់​ កាល​ខ្ញុំ​ជា​បព្វជិតភាព​អើរ៉ុន​ឡើយ ។ « យើង​អាច​លើក​កម្ពស់ និង​ទស្សនៈវិស័យ​សម្រាប់​យុវជន​ទាំងនេះ ហើយ​ពួកគេ​នឹង​ឆ្លើយ​តប ។

អ្នក​រាល់គ្នា​ដែល​ជា​អ្នកដឹកនាំ​​ ជួយ​ប្រធាន​កូរ៉ុម​ឌីកុន​ទាំងនេះ​បាន​យ៉ាង​ល្អ​ ពេល​អ្នក​ឲ្យ​ពួកគេដឹកនាំ ហើយ​អ្នក​ដកខ្លួន​ថយ​ចេញ​នោះ ។ អ្នក​បាន​ពង្រីក​ការ​ហៅ​អ្នក​បាន​យ៉ាងល្អ ​ពុំ​មែន​ពេល​អ្នក​ផ្ដល់​មេរៀន​មួយ​ល្អទេ តែ​ជា​ពេល​ដែ​លអ្នក​ជួយ​ពួកគេ​ផ្ដល់​មេរៀន​មួយ​យ៉ាង​ល្អវិញ វា​ពុំ​មែន​ពេល​ដែល​អ្នក​ត្រូវ​សង្គ្រោះ​មនុស្ស​ម្នាក់​ទេ តែ​ជា​ពេល​អ្នក​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ដូច្នោះវិញ ។

មាន​ពាក្យ​ចាស់​ពោលថា ៖ កុំ​ស្លាប់ពី​មុន​អ្នក​បំពេញ​សក្ដានុភាពអ្នក ។ ដូចគ្នា​នេះ​ដែរ ខ្ញុំ​សូម​និយាយ​ទៅ​អ្នក​ដែល​ជាអ្នក​ដឹកនាំ​យុវ​វ័យថា ចូរ​កុំ​សុំ​ដោះ​លែង​ដោយ​មិន​បាន​បំពេញ​សក្ដានុភាព​អ្នក ។ សូម​បង្រៀន​យុវវ័យ​យើង​គ្រប់​ឱកាស​ទាំងអស់ សូម​បង្រៀន​ពួកគេ​ពី​របៀប​រៀបចំ​​របៀប​វារៈ​មួយ, របៀប​ដឹកនាំ​ការ​ប្រជុំដោយ​មាន​ការគោរព និង ភាព​កក់ក្ដៅ, ​របៀប​សង្គ្រោះ​មនុស្ស​ម្នាក់, ​របៀប​រៀបចំ ហើយ​បង្រៀន​មេរៀន​មួយ​ដែល​បំផុស​គំនិត និង​ ​របៀប​ទទួល​វិវរណៈ ។ នេះ​នឹង​ក្លាយ​ជា​រង្វាស់​នៃ​ភាព​ជោគជ័យ​អ្នក ---គឺជា​មរតក​នៃ​ភាព​ជា​អ្នកដឹកនាំ និង​ ជីវិត​ខាង​វិញ្ញាណ​ដែល​អ្នក​បន្សល់​ទុក​ក្នុង​ចិត្ត និង​ គំនិត​នៃ​យុវជន​ទាំងនេះ ។

បើ​អ្នក​ជា​ប្រធានកូរ៉ុម​ឌីកុនដែល​​ពង្រីក​ការ​ហៅ​របស់​ខ្លួន នោះ​អ្នក​នឹង​ក្លាយ​ជា​ឧបករណ៍​ក្នុង​ព្រះហស្ត​ព្រះ ​សូម្បី​តែ​ពេល​នេះ ព្រោះ​បព្វជិតភាព​ក្នុង​ក្មេង​ប្រុស​ម្នាក់​ គឺមាន​ឥទ្ធិពល​ដូចជា​បព្វជិត​ភាព​ក្នុង​បុរស​ម្នាក់​ដែរ ពេល​អនុវត្ត​ក្នុង​សេចក្ដី​សុចរិត ។ រួចមក ពេល​អ្នក​ធ្វើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ក្លាយ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា និង​អ្នក​ដឹកនាំ​នា​ពេលអនាគត​នៃ​សាសនាចក្រ​នេះ នោះ​អ្នក​នឹង​ដឹង​ពី​របៀប​ដើម្បី​ទទួល​វិវរណៈ របៀប​ដើម្បីសង្គ្រោះ​មនុស្ស​ម្នាក់ និង​ របៀប​ដើម្បី​បង្រៀន​ពី​គោលលទ្ធិ​នៃ​នគរ​ដោយ​អំណាច​ និង​សិទ្ធិអំណាច ។ បន្ទាប់​មក​អ្នក​នឹង​ក្លាយ​ជា​យុវវ័យ​ដែល​មាន​សិទ្ធិ​កំណើត​ថ្លៃថ្នូរ ។ ខ្ញុំ​សូម​ថ្លែង​ពី​ការ​ណ៍​​នេះ ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ដែល​ជា​ព្រះអង្គ​សង្គ្រោះ និង ​ព្រះប្រោស​លោះ​នៃ​ពិភពលោក អាម៉ែន ។

កំណត់ចំណាំ

  1. នៅក្នុង ហិនរី ប៊ី អាវរិង « Waiting upon the Lord » នៅ​ក្នុង Brigham Young University 1990–91 Devotional and Fireside Speeches ( ឆ្នាំ 1991 ), 17 ។