ឆ្នាំ ២០១០-២០១៩
ព្រឹក​ដ៏​ស្រស់​បំព្រង
ខែ មេសា 2013


ព្រឹកដ៏​ស្រស់បំព្រង

យើង​មិន​ត្រូវ​ខ្លាច​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ឬ​ ស្ទាក់​ស្ទើរ​នៅ​ក្នុង​សេចក្តី​សង្ឃឹម និង ​ការ​រីករាយ​នោះ​​ដែរ ពី​ព្រោះ​ព្រះ​គង់​នៅ​នឹង​យើង ។

នៅ​ល្ងាច​ថ្ងៃ​ ព្រហស្បតិ៍ ​ក្នុង​​ទីក្រុង​​យេរូសាឡិម ព្រះយេស៊ូវ បានជួបជាមួយ​នឹង​ពួក​សិស្ស​របស់​ទ្រង់​​​នៅ​បន្ទប់​ជាន់​លើ​​មួយ​ ដើម្បី​ធ្វើ​បុណ្យ​រំលង ។ បុរស​ដែល​បាន​ចូល​រួម​នឹង​ទ្រង់ មិន​បាន​ដឹង​ថា អាហារ​នៅ​ល្ងាច​នោះ នៅ​ថ្ងៃ​ណា​មួយ​នឹង​ត្រូវ​បាន​ហៅ​ថា អាហារ​យប់​ថ្ងៃ​ចុង​ក្រោយ​នោះ​ទេ ។ បើ​ពួក​គេ​បាន​ដឹង​ដូច្នេះ នឹងបាន​ដឹង​ពី​អត្ថន័យ នោះ​គេ​ប្រាកដ​ជា​ទួញ​យំខ្លាំង​ហើយ ។

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ចៅ​ហ្វាយ​របស់​គេ​បាន​យល់​​យ៉ាង​ច្បាស់​ថា រឿង​នៅ​សួនច្បារ ​គែតសេម៉ានី និង​ គាល់កូថា នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ ។ ភាព​វឹកវរ​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្រ្តនៃ​ពិភព​លោក​ គឺ​ជិត​កើត​ឡើង​ហើយ ទោះ​ជា​យ៉ាង​ណា​ក្តី ព្រះ​យេស៊ូវ ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​គេ​ថា ៖ « នៅ​លោកីយ៍នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ត្បិត​ខ្ញុំ​បាន​ឈ្នះលោកីយ៍​ហើយ » ( យ៉ូហាន 16:33 ) ។

យើង​រស់​នៅ​ ​ក្នុង​យុគ​សម័យ​នៃ​ភាព​ច្របូក​ច្របល់ និង ​រឿង​មិន​ច្បាស់​លាស់ ជា​សម័យ​ដែល​ព្រះ​អម្ចាស់​បាន​ព្យាករណ៍​ដល់ ​អេណុស ដែល​នឹង​ត្រូវ​គូស​ចំណាំ​ដោយ « ថ្ងៃ​នៃ​អំពើ​ទុច្ចរិត និង ​ការ​សង​សឹក » ( ម៉ូសេ 7:60 ) ។ ​ការច្របូក​ច្របល់ និង​ ការ​ពិបាក​អាច​កើត​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ យើង​ក៏​បាន​សេចក្តីអំណរ និង ​ការ​រីក​រាយ​ដែរ ត្បិតយើង​រស់​នៅ​ក្នុង​គ្រា​កាន់​កាប់​ត្រួត​ត្រាចុង​ក្រោយ នៅ​ពេល​ដែល​ទ្រង់​បាន​ស្តារ​សាសនា​ចក្រ និង​ នគរ​ទ្រង់​មក​លើ​ផែន​ដី ដើម្បី​ជា​ការ​រៀប​ចំ​សម្រាប់​ការ​យាង​មក​វិញ​នៃ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ។

មាន​គ្រា​មួយ ប្រធាន ប៊យដ៍ ឃេ ផាកកឺ បាន​មាន​ប្រសាសន៍​ពី​ចៅៗ​របស់​គាត់ និង​ បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ពិភព​លោក ដែល​ពួក​គេ​កំពុង​រស់​នៅ ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ពួក​គេ​នឹង​បាន​ឃើញ​ហេតុការណ៍​ជា​ច្រើន​កើត​ឡើង​ នៅ​ក្នុង​គន្លង​នៃ​ជីវិត​របស់​គេ ។ រឿង​មួយ​ចំនួន​នោះ​គឺ​ជា​ការសាកល្បង​សេចក្តី​ក្លាហាន​របស់​ពួក​គេ និង ​ពង្រីក​សេចក្តី​ជំនឿ​របស់​ពួក​គេ ។ ប៉ុន្តែ​ ប្រសិន​បើ​ពួក​គេ​ស្វែង​រកការ​អធិស្ឋាន​សុំ​ជំនួយ និង ​ការ​ណែនាំ នោះ​ពួក​គេ​នឹង​ត្រូវ​បាន​ផ្តល់​ឲ្យ​ជា​អំណាច​វិញ ។

ហើយបន្ទាប់​មក លោក​បន្ថែម​ថា ៖ « តម្លៃ​សីលធម៌​ដែល​ជា​អារ្យធម៌​របស់​វា ត្រូវ​តែ​ផ្អែក​លើ​​ការ​រីក​ចម្រើន​នូវ​សន្តិភាព ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ខ្ញុំ​មិន​ខ្លាច​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ( « Do Not Fear » Ensign Liahona ខែ ឧសភា ឆ្នាំ 2004 ទំព័រ 77, 78 ) ។

បង​ប្អូន​ប្រុស​ស្រី​ទាំង​ឡាយ យើង​មិន​ត្រូវ​ខ្លាច​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​នោះ​ទេ ឬ​ ស្ទាក់​ស្ទើរ​នៅ​ក្នុង​សេចក្តី​សង្ឃឹម និង​ ការ​រីករាយ​នោះ​​ដែរ ពី​ព្រោះ​ព្រះ​គង់​នៅ​នឹង​យើង ។ នៅ​ក្នុង​កំណត់​ត្រា​ដំបូងៗ​ដែល​ ព្រះ​យេស៊ូវ ​បាន​ប្រទាន​ឲ្យ​ពួក​សាវក​ដែល​ទើប​ហៅ​ដំបូងៗ​របស់​ទ្រង់នៅ​ក្នុងស្រុក កាលីឡេ គឺ​ជា​ពាក្យ​ដាស់​តឿន​បី​ម៉ាត់ ៖ « កុំ​ខ្លាច​អី » ( លូកា 5:10 ) ។ ទ្រង់​បាន​ពោល​ពាក្យ​ដាស់​តឿន​នោះ​ជា​ច្រើន​សារ នៅ​ពេល​ទ្រង់​កំពុង​បម្រើ ។ ចំពោះ​ពួក​បរិសុទ្ធ​របស់​ទ្រង់​ដែល​រស់​នៅ​ក្នុង​សម័យ​យើង ព្រះ​អង្គ​សង្រ្គោះ​បាន​មាន​បន្ទូល​ថា ៖ « ចូរ​សង្ឃឹម​ឡើង ហើយ​ចូរ​កុំ​ខ្លាច​ឡើយ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ គង់​នៅ​ជា​មួយ​នឹង​អ្នក ហើយ​នឹង​ឈរ​នៅ​ក្បែរ​អ្នក » ( គ. និង ស. 68:6 ) ។

ព្រះ​អម្ចាស់​នឹង​គង់​នៅ​ជិត​សាសនា​ចក្រ​ និង​ ប្រជា​រាស្ត្រទ្រង់ ហើយ​រក្សា​ពួក​គេ​ឲ្យ​មាន​សុវត្ថិភាព រហូត​ដល់​ទ្រង់​យាង​មក ។ សន្តិភាព​នឹង​មាន​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូន និង ​ស្តេក​របស់​នាង ត្បិត​ទ្រង់​បាន​ប្រកាស​ថា ៖ « ប្រយោជន៍​ឲ្យ​ការ​ប្រមូល​គ្នា​មក​លើ ​ដែនដី​ ស៊ីយ៉ូន និង មក​លើ​ស្តេក​ទាំង​ឡាយ​របស់​នាង អាច​បាន​ទៅ​ជា​ទី​ការពារ និង​ ជា​ទី​ជ្រកកោន​ពី​ព្យុះសង្ឃរា និង​ ពី​សេចក្តី​ក្រោធ​ដែល​ឥត​លាយ​ក្នុង​កាល​បាន​ចាក់​មក​លើ​ផែន​ដី​ទាំង​មូល » ( គ. និង ស. 115:6 ) ។

សាសនា​ចក្រ​ឈរ​​ជា​គ្រឿង​គាំ​ទ្រ​នៃ​សុវត្ថិភាព​ដល់​សមាជិក​ខ្លួន ។ ទោះជាស្ថានភាព​ក្នុង​លោកិយកាន់​តែ​គួរ​ឲ្យ​ធុញ​ទ្រាន់​យ៉ាង​ណា​ក្ដី ក៏​ពួក​ស្មោះ​ត្រង់​នៃពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នឹង​រក​បាន​ជម្រក​នៅ​ក្នុង ស្តេក​នៃ​ ស៊ីយ៉ូន ដែរ ។ ព្រះ​អម្ចាស់​បាន​ដាក់​បញ្ជា​ថា ថ្ម​ដែល​ដាប់​ផ្តាច់​ចេញ​ពី​ភ្នំ ឥត​ដៃ​ណា​ធ្វើ​នឹង​រមៀល​ចេញ​ទៅ រហូត​ដល់​បាន​ពេញ​ផែន​ដី​ទាំង​មូល ។ ​( សូមមើល ដានីយ៉ែល 12:31–45 ; គោលលទ្ធិ និងសេចក្ដីសញ្ញា 65:2 ) ។ ហើយគ្មាន​អំណាច​របស់​មនុស្ស​ណា​អាច​រារាំង​ការណ៍​នេះ​បាន​ឡើយ ។ ត្បិត​ ព្រះ​គឺ​ជា​​ព្រះ​នៃ​កិច្ចការ​នេះ ហើយ​ព្រះ​យេស៊ូវ​ គឺ​ជាជើង​ជញ្ជាំងដ៏រឹងមាំ ។

ព្យាការី នីហ្វៃ បាន​ឃើញ​នៅ​ក្នុងការ​និមិត្ត​ថា នៅ​ក្នុង​សម័យ​ចុង​ក្រោយ អំណាច​នៃ​កូន​ចៀមនៃព្រះនឹង​ត្រូវ​​ចុះ​មក​សណ្ឋិត « ​លើរាស្រ្ត​​នៃ​​សេចក្តី​សញ្ញា​នៃ​ព្រះ​អម្ចាស់ ដែល [ នឹង ] ខ្ចាត់​ខ្ចាយ​ពាស​ពេញ​លើ​ផ្ទៃ​ផែន​ដី » ហើយ​ពួក​គេ​នឹង « ប្រដាប់អាវុធ​ដោយសេចក្តី​សុចរិត និង​ដោយ​ព្រះ​ចេស្តា​នៃ​ព្រះ ដោយ​សិរី​ល្អ​ដ៏​អស្ចារ្យ » ( នីហ្វៃទី 1 14:14 ) ។

យើង​គ្រប់​គ្នា និង​ ក្រុម​គ្រួសារ​យើង អាច​បំពាក់​ដោយ​អំណាច​នៃ​ព្រះ​ទុក​ជា​គ្រឿង​ការពារ ប្រសិន​បើ​យើង​នឹង​​បន្ត​ដើរ​តាម​សេចក្តី​ពិត​ចំពោះ​​សាសនា​ចក្រ​នៃ​ ព្រះ​យេស៊ូវ​គ្រីស្ទ​ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ហើយ​ទុក​ឲ្យ​ព្រះ​វិញ្ញាណ​ជា​អ្នក​ដឹកនាំ​យើង ។ ឧបសគ្គ​អាច​កើត​មាន​ឡើង ហើយ​យើង​ប្រហែល​ជា​មិន​យល់​ពី​ហេតុ​ផល​ទាំង​អស់​ដែល​កើត​ឡើង​ចំពោះ​យើង និង ​ជុំ​វិញ​យើង​នោះ​ទេ ។ ប៉ុន្តែ​​បើ​យើង​បន្ទាប​ខ្លួន ទុក​ចិត្ត​លើ​ព្រះអម្ចាស់​​ដោយ​ស្ងៀម​ស្ងាត់ ទ្រង់នឹង​ត្រូវ​ប្រទាន​ឲ្យ​យើង​នូវ​​កម្លាំង និង​ការ​ដឹកនាំ​ក្នុង​​ឧបសគ្គ​ទាំង​ឡាយ​ដែលយើងជួបប្រទះ ។ ពេល​យើង​មាន​បំណង​តែ​មួយ​ គឺដើម្បី​គាប់​ព្រះ​ទ័យ​ដល់​ទ្រង់ យើង​នឹង​​ត្រូវ​បាន​ប្រទាន​ពរ​ឲ្យ​នូវ​ក្តី​សុខសាន្ត​យ៉ាង​ជ្រាល​ជ្រៅក្នុង​ចិត្ត ។

នៅ​សម័យ​ដើម​នៃ​ការ​ស្តារ​ឡើង​វិញ សមាជិក​នៃ​សាសនា​ចក្រ​បាន​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជា​ច្រើន ។ ប្រធាន ​ព្រិកហាំ​ យ៉ង់ បាន​មាន​ប្រសាសន៍​ពី​គ្រា​នោះ​ថា ៖ « នៅ​ពេល​ដែល​ត្រូវ​បាន​រុំ​ព័ទ្ធដោយ​ពួក​មនុស្ស​អាក្រក់ មាន​ទាំង​សេចក្តី​ស្លាប់ និង ​ការ​បំផ្លិច​បំផ្លាញ​គំរាម​គំហែង​គ្រប់​ទិដ្ឋភាព ខ្ញុំ​មិនដឹង​ទេ តែ​ចាំ​ថា ខ្ញុំ​មាន​អារម្មណ៍​ថា​រីករាយ [ និង ] សុខ​ស្រួល​នៅ​ក្នុង​វិញ្ញាណ​ខ្ញុំ ដូច​ដែល​ខ្ញុំ​មាន​នៅ​ពេល​ឥឡូវនេះ​ដែរ ។ កាលៈទេសៈ​អាច​កើត​ឡើង​រឿង​មិន​ល្អ និង​ ពិបាក ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ឃើញ​គ្រា​មួយដូច្នេះ​ក្នុង​ដំណឹង​ល្អ​នេះទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ដឹង គឺ​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក្តី វា​គឺ​ជា​ផល​ល្អ​ សម្រាប់​បុព្វ​ហេតុ​នៃ​សេចក្តី​ពិត » ( Teachings of Presidents of the Church: ព្រិកហាំ យ៉ង់ ឆ្នាំ 1997 ], ទំព័រ 357 ) ។

ដៃ​គូរ​ផ្សាយ​សាសនា​របស់​ខ្ញុំ ប៉ុល ជា​មនុស្ស​ដែល​តែង​តែបង្ហាញ​នូវ​ភាព​រីករាយ​ជានិច្ច ។ ក្នុង​នាម​ជា​ឪពុក​វ័យ​ក្មេង​ម្នាក់ គាត់​មាន​ជំងឺ​រឹង​សាច់​ដុំ​ម្យ៉ាង ។ តែ​ថ្វី​បើ​មាន​ការ​លំបាក​យ៉ាង​ណា​ ក៏​គាត់​នៅ​បន្ត​បម្រើ​អ្នក​ដទៃ​ដោយ​អំណរ និង ​ក្ដី​រីករាយ ។ គ្រា​មួយ​គាត់​បាន​ចូលក្នុង​ការិយាល័យ​ខ្ញុំ​ដោយ​អង្គុយ​លើ​រទេះ​រុញជាលើក​ដំបូង ហើយ​បាន​និយាយថា « ជីវិត​ចាប់​ផ្ដើមជាមួយ​នឹងការ​រៀន​ប្រើ​រទេះរុញ ! » ​ខ្ញុំ​ចង​ចាំ​គាត់​ជានិច្ច គាត់​បាន​ស្លាប់​កាល​ពី​ពីរ​បីឆ្នាំ​មុន ដោយ​អង្គុយ​ក្នុង​រទេះរុញ​កាន់​គោមភ្លើង អូឡាំពិក ដោយ​មាន​មនុស្ស​រាប់​រយ​នាក់​អបអរ​សារទរ ។ ដូចជា​ភ្លើង​ឆេះ​គ្មាន​ថ្ងៃ​រលត់​នោះដែរ ក្ដី​ជំនឿ​របស់ ប៉ុល នឹង​មិន​រលត់​ទៅ​ក្នុង​ព្យុះ​ភ្លៀង​នៃ​ជីវិត​ឡើយ ។

កាល​ដែល​ខ្ញុំ​នៅ​រៀន​នៅ ​សាកលវិទ្យាល័យ ​ព្រិក​ហាំ យ៉ង់ ខ្ញុំ​រស់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​នឹង​​យុវជន​មួយ​ចំនួន ។ មិត្តភក្តិ​របស់​ខ្ញុំ ប្រូស ​ជា​មនុស្ស​ដែល​មាន​សុទិដ្ឋិនិយម​បំផុត ដែល​ខ្ញុំ​មិន​ដែល​ជួប ។ យើង​មិន​ដែល​ឮ​គាត់​និយាយ​អ្វី​ដែល​អវិជ្ជមាន​អំពី​មនុស្ស​ណា​ម្នាក់ ឬ​ កាលៈទេសៈ​ណា​មួយ​ម្តង​ណា​ឡើយ ហើយពេល​នៅ​ជិត​គាត់ តែ​ងតែ​មាន​​នូវ​ការ​លើក​ទឹក​ចិត្តពី​គាត់​ជានិច្ច ។ សេចក្តី​ល្អ​របស់​គាត់​បាន​បង្ហាញ​មក​ពី​ការ​មាន​ទំនុក​ចិត្ត​លើ​ព្រះ​អង្គ​សង្រ្គោះ និង​នៅក្នុង​ដំណឹង​ល្អ​របស់​ទ្រង់​ ។

នៅថ្ងៃ​ធ្លាក់​ខ្យល់​ដ៏​ត្រជាក់​មួយ​ មាន​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ ថម បាន​ដើរ​ឆ្លង​កាត់​ទីធ្លា​ សាកលវិទ្យាល័យ ។ វា​ទើប​តែ​ម៉ោង 7:00 ព្រឹក​ប៉ុណ្ណោះ ហើយ​ទីធ្លា​សាលា​មាន​សភាព​ស្ងប់​ស្ងាត់ និង​ងងឹត ។ ​ព្រិល​កំពុង​ធ្លាក់​យ៉ាងខ្លាំង ហើយ​មាន​​ខ្យល់​ដ៏ត្រជាក់​ ។ ថម​ បាន​គិត​ថា « អាកាស​ធាតុ​មិន​ល្អ​ទាល់​តែ​សោះ » ។ ​គាត់​បានដើរ​ទៅ​មុខនៅ​ក្នុង​ភាព​ងងឹង និង​ព្រិល គាត់​បាន​ឮ​សំឡេង​មនុស្ស​ច្រៀង ។

ដូច​ដែល​បាន​គិត ទោះ​ជា​មាន​​ព្យុះ​ព្រិល ក៏​មិត្ត​ភក្តិ​ដ៏​សុទិដ្ឋនិយម​របស់​យើង ប្រូស មក​ដែរ ។ ដោយ​លា​ដៃ​សន្ធឹង​ទៅ​លើ​មេឃ គាត់​បាន​ស្រែក​ច្រៀង​ចម្រៀង​ពីរ​បី​បទ​មក​ពី ប្រ៉តវ៉េ ជា​តន្រ្តី​ អូក្លូហូម៉ា  ៖ « ឱ ! ព្រឹក​ដ៏​ស្រស់​ស្អាត​អើយ ! ឱ ! ថ្ងៃ​ដ៏​ស្រស់​ស្អាត​អើយ ! ខ្ញុំ​មាន​អារម្មណ៍​ល្អ អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង​ថ្ងៃ​នេះ » (Richard Rodgers and Oscar Hammerstein II, “Oh, What a Beautiful Morning” ឆ្នាំ 1943) ។

បន្ទាប់​ពី​មាន​បទ​ពិសោធន៍​នោះ​មក សំឡេង​ប្រពៃ​​នៅ​កណ្តាល​ព្យុះ​ដ៏​ងងឹង​នោះ បាន​ក្លាយ​ទៅ​ជា​សញ្ញា​នៃ​អ្វី​ដែល​ជា​សេចក្តី​ជំនឿ និង​ សង្ឃឹម​ចំពោះ​ខ្ញុំ ។ ទោះ​បី​ជា​នៅ​ក្នុង​ពិភព​លោក​ដ៏​ងងឹតក្ដី ក៏​យើង​ដែល​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ អាច​ច្រៀង​ដោយ​អំណរ ដោយ​ដឹង​ថា អំណាច​នៃ​ស្ថាន​សួគ៌​ គឺ​មាន​នៅ​ក្នុង​សាសនា​ចក្រ និង ​ប្រជា​រាស្រ្ត​របស់​ព្រះ ។ យើង​អាច​រីករាយ​ដោយ​​ដឹង​ថា ព្រឹក​ដ៏​ស្រស់​ស្អាត​នឹង​នៅ​ចំពោះ​មុខ​យើង --- ថ្ងៃ​រះ​នៅ​ថ្ងៃ​សហសវត្សរ៍ នៅ​ពេល​​ព្រះរាជបុត្រា​នៃ​ព្រះ​នឹង​មក​យាង​មក​ពី​ទិស​ខាង​កើត ហើយ​គ្រង់​រាជ្យ​នៅ​លើ​ផែន​ដី​ម្ដង​ទៀត ។

ខ្ញុំ​សូម​លើក​ឡើង​ផង​ដែរ​​ពី​ព្រឹក​ដ៏​ស្រស់​បំព្រង​ចំនួន​ពីរ​ទៀត នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ពិភព​លោក ។ នៅ​និទាឃរដូវ ឆ្នាំ 1820 នៅ​ព្រឹក​ដ៏​ស្រស់​ស្អាត​ ដែល​មាន​ផ្ទៃ​មេឃ​ដ៏​ស្រឡះ​នៅ ​ក្រុង ផាមៃរ៉ា រដ្ឋ​នូវយ៉ោក យុវជន​ម្នាក់​ដែល​មាន​ឈ្មោះ​ថា យ៉ូសែប ស្ម៊ីធ បាន​ចូល​ទៅ​ក្នុង​ព្រៃ​ពិសិដ្ឋ ហើយលុត​ជង្គង់​អធិស្ឋាន ។ ចម្លើយ​ចំពោះ​ការ​អធិស្ឋាន​នោះ​ ក៏​មាន​ការ​យាង​មក​នៃ​ព្រះ​វរបិតា​សួគ៌ និង ​ព្រះ​រាជ​បុត្រា​ បាន​ចាប់​ផ្តើម ការកាន់​កាប់​ត្រួត​ត្រា​ក្នុង​កាល​ដែល​ពេល​ពេញ​កំណត់ និង ​ការ​ស្តារ​ឡើង​វិញ​នូវ​​សាសនា​ចក្រ​នៃ ព្រះយេស៊ូវ​គ្រីស្ទ​នៅ​លើ​ផែន​ដី ។

ពេល​ព្រឹក​ដ៏​ស្រស់​​បំព្រង​មួយ​ទៀត​បាន​ភ្លឺ​ឡើង​ជិត 2,000 ឆ្នាំ​មុន នៅ​ក្រៅ​កំផែង​ទីក្រុង​យេរូសាឡិម ។ ព្រះ​អាទិត្យ​បាន​រះ​ចែង​ចាំងយ៉ាង​ខ្លាំង​នៅ​ព្រឹក​នៃ​ថ្ងៃ ​អ៊ីស្ទើរ ​នោះ ។ មាន​ស្រ្តី​មួយ​ក្រុម បាន​ទៅ​មើល​សួន​ផ្នូរ ដោយ​សង្ឃឹម​ថា​ទៅ​លាង​សំអាត​ព្រះ​អម្ចាស់​ដែល​គេ​បាន​ឆ្កាង​ទ្រង់ ។ មាន​ទេវតា​ពីរ​អង្គ​បាន​ជួប​នឹង​ពួក​គេ ហើយ​បាន​ប្រកាស​ថា ៖ « ហេតុ​អ្វី​បាន​ជា​មក​រក​ព្រះ​អង្គ ដែល​មាន​ព្រះ​ជន្ម​រស់ នៅ​ក្នុង​ទី​ខ្មោច​ស្លាប់​ដូច្នេះ ? ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ មិន​គង់​នៅ​ទីនេះទេ » ( លូកា 24:5–6 ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ពីភាព​​ជោគជ័យ​ដែល ​ព្រះ​យេស៊ូវ​គ្រីស្ទ​ បាន​យក​ឈ្នះ​អំពើ​បាប និង​ សេចក្តី​ស្លាប់ ។ ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី ផែនការ​ដ៏​មេត្តា​ករុណា​នៃ​​ព្រះ​វរបិតា​ដ៏​អស់​កល្ប និង ​សេចក្តី​ស្រឡាញ់​ដ៏​គ្មាន​ទីបញ្ចប់​របស់​ទ្រង់ ។ ពេល​យើង​ក្រោក​ឡើង​ជា​រៀង​រាល់​ព្រឹក សូម​ឲ្យ​យើង​សម្លឹង​ទៅ​ស្ថាន​សួគ៌​ដោយ​ជំនឿ ហើយ​និយាយ​ថា ៖ « ឱ ! ព្រឹក​ដ៏​ស្រស់​បំព្រង​​អើយ » ខ្ញុំ​សូម​​អធិស្ឋាន​នៅ​ក្នុង​ ព្រះ​នាម​នៃ ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។