អាពាហ៍ពិពាហ៍ ៖ មើល ហើយរៀន
ការសន្យារបស់ព្រះអម្ចាស់ បានមានដល់មនុស្សទាំងអស់ដែលធ្វើតាមគំរូនៃជីវិត ដែលស្ថាបនាទំនាក់ទំនងអាពាហ៍ពិពាហ៍រីករាយ និង បរិសុទ្ធ ។
នារសៀលមួយកាលពីច្រើនឆ្នាំកន្លងទៅ ភរិយាខ្ញុំ និង ខ្ញុំបានទៅផ្ទះកូនប្រុសម្នាក់របស់យើង ភរិយា និង កូនៗរបស់គាត់ ដើម្បីបរិភោគអាហារពេលល្ងាច ។ វាជាព្រឹត្តការសាមញ្ញមួយ សម្រាប់គ្រួសារដែលមានកូនតូចៗ ៖ គឺមានសម្លេងអ៊ូរអរ និង កាន់តែសប្បាយ ។ មិនយូរប៉ុន្មានបន្ទាប់ពីអាហារពេលល្ងាច ចៅស្រីអាយុបួនឆ្នាំរបស់យើង ឈ្មោះ អេណា និង ខ្ញុំបន្ដអង្គុយនៅតុអាហារ ។ នាងដឹងថា ដើម្បីឲ្យខ្ញុំយកចិត្តទុកដាក់តែលើរូបនាង នោះនាងបានក្រោកឈរឡើយនៅលើកៅអី ហើយសំឡឹងមកខ្ញុំ ។ នៅពេលនាងដឹងថាខ្ញុំមើលនាង នាងបានបញ្ជាខ្ញុំយ៉ាងអង់អាចថា « មើល ហើយរៀន » ។ បន្ទាប់មកនាងរាំ និងច្រៀងចម្រៀងសម្រាប់ខ្ញុំ ។
ការបង្រៀនរបស់ អេណា ថាឲ្យ « មើល ហើយ រៀន » គឺជាប្រាជ្ញាដោយនូវមាត់កូនក្មេង ។ យើង អាច រៀនច្រើនតាមរយៈការមើល រួចហើយពិចារណាអំពីអ្វីដែលយើងបានមើលឃើញ និង ទទួលអារម្មណ៍ ។ ដោយគិតពីរឿងនោះ ខ្ញុំសូមចែកចាយជាមួយអ្នកនូវគោលការណ៍មួយចំនួន ដែលខ្ញុំបានសង្កេតតាមរយៈការមើល និងការរៀនពីអាពាហ៍ពិពាហ៍ស្មោះត្រង់អស្ចារ្យ ។ គោលការណ៍ទាំងនេះ ស្ថាបនាអាពាហ៍ពិពាហ៍រឹងមាំ និង ពេញចិត្ត ដែលត្រូវនឹងគោលការណ៍ស្ថានសួគ៌ ។ ខ្ញុំអញ្ជើញអ្នកឲ្យមើល ហើយរៀនជាមួយខ្ញុំ ។
ទីមួយ ខ្ញុំបានសង្កេតថា នៅក្នុងអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលបំផុត ទាំងស្វាមី និង ភរិយា គិតថាទំនាក់ទំនងរបស់ពួកគេគឺ មានតម្លៃថ្លៃជាងគុជ ជារតនៈសម្បត្តិដ៏មានតម្លៃ ។ ពួកគេទាំងពីរនាក់បានចាកចេញពីឪពុកម្ដាយ ហើយបានរៀបចំផែនការជាមួយគ្នាដើម្បីស្ថាបនាអាពាហ៍ពិពាហ៍មួយ ដែលនឹងរីកចម្រើនដ៏អស់កល្បជានិច្ច ។ ពួកគេយល់ថា ពួកគេដើរលើផ្លូវដែលបានតែងតាំងដ៏ទេវភាពមួយ ។ ពួកគេដឹងថា គ្មានទំនាក់ទំនងណាផ្សេងទៀត អាចនាំមកនូវក្ដីអំណរដ៏ច្រើន បង្កើតសេចក្ដីល្អ ឬ បង្កើតឲ្យមានការរីកចម្រើនផ្ទាល់ខ្លួនច្រើននោះទេ ។ បើអ្នកមើលទៅអាពាហ៍ពិពាហ៍មានជោគជ័យ នោះអ្នកនឹងរៀនថា ៖ ដៃគូអាពាហ៍ពិពាហ៍ដ៏ល្អបំផុត គោរពអាពាហ៍ពិពាហ៍របស់ពួកគេថា មានតម្លៃពុំអាចកាត់ថ្លៃបាន ។
បន្ទាប់ទៀត គឺសេចក្ដីជំនឿ ។ អាពាហ៍ពិពាហ៍អស់កល្បដ៏ជោគជ័យ ស្ថាបនានៅលើគ្រឹះនៃសេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងការគោរពប្រតិបត្តិដល់ការបង្រៀនរបស់ទ្រង់ ។ 1 ខ្ញុំបានសង្កេតឃើញថា គូស្វាមីភរិយា ដែលបានធ្វើឲ្យអាពាហ៍ពិពាហ៍ដ៏មានតម្លៃគ្មានអ្វីផ្ទឹមរបស់ពួកគេ អនុវត្តនូវគំរូនៃសេចក្ដីជំនឿ ៖ ពួកគេចូលរួមការប្រជុំសាក្រាម៉ង់ និង ការប្រជុំដទៃទៀតជារៀងរាល់សប្ដាហ៍, មានរាត្រីជួបជុំក្រុមគ្រួសារ, អធិស្ឋាន និង សិក្សាព្រះគម្ពីរជាមួយគ្នា និង ជាបុគ្គល ហើយថ្វាយដង្វាយមួយភាគដប់ដោយស្មោះត្រង់ ។ បេសកកម្មរួមរបស់ពួកគេគឺត្រូវគោរពប្រតិបត្តិ និង ធ្វើល្អ ។ ពួកគេពុំគិតថា បទបញ្ញត្តិគឺជាអាហារប៊ូហ្វេ ដែលគេអាចជ្រើសរើស ហើយយកតែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះទេ ។
សេចក្ដីជំនឿ គឺជាគ្រឹះនៃគ្រប់គុណធម៌ ដែលពង្រឹងដល់អាពាហ៍ពិពាហ៍ ។ ពេលពង្រឹងដល់សេចក្ដីជំនឿ នោះវាពង្រឹងដល់អាពាហ៍ពិពាហ៍ ។ សេចក្ដីជំនឿរីកចម្រើន នៅពេលយើងរក្សាបទបញ្ញត្តិ ហើយក៏មានភាពសុខដុម និង ក្ដីអំណរក្នុងអាពាហ៍ពិពាហ៍ផងដែរ ។ ដូច្នេះ ការរក្សាបទបញ្ញត្តិ គឺជាគ្រឹះដើម្បីស្ថាបនាអាពាហ៍ពិពាហ៍អស់កល្បដ៏រឹងមាំ ។ ចូរមើល ហើយរៀនថា ៖ សេចក្ដីជំនឿទៅលើព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ គឺជាគ្រឹះនៃអាពាហ៍ពិពាហ៍រីករាយដ៏អស់កល្បជានិច្ច ។
ទីបី ការប្រែចិត្ត ។ ខ្ញុំបានដឹងថា អាពាហ៍ពិពាហ៍រីករាយ អាស្រ័យលើអំណោយទាននៃការប្រែចិត្ត ។ វាគឺជាធាតុសំខាន់មួយ នៃទំនាក់ទំនងអាពាហ៍ពិពាហ៍ល្អទាំងអស់ ។ ស្វាមីភរិយា ដែលធ្វើការត្រួតពិនិត្យខ្លួនឯងដោយស្មោះត្រង់ជាទៀងទាត់ ហើយទទួលយកជំហានចាំបាច់ដើម្បីប្រែចិត្តភ្លាមៗ ជួយពង្រីកនូវបទពិសោធន៍ផ្សះផ្សានៅក្នុងអាពាហ៍ពិពាហ៍របស់ពួកគេ ។ ការកែប្រែចិត្ត ជួយស្ដារ និង ថែរក្សាភាពសុខុដុម និង ភាពសុខសាន្ដ ។
ភាពរាបសារ គឺជាផ្នែកសំខាន់បំផុតនៃការប្រែចិត្ត ។ ភាពរាបសារ គឺពុំគិតពីខ្លួនឯង ពុំអត្មានិយម ។ វាពុំតម្រូវតាមរបៀបរបស់ខ្លួន ឬ និយាយតម្កើងខ្លួន ។ ផ្ទុយទៅវិញ ភាពរាបសារជាការឆ្លើយតបដោយស្រទន់ 2 និង ស្ដាប់ដោយចិត្តល្អដើម្បីយល់ ពុំមែនកែតម្រូវ ។ ភាពរាបសារទទួលស្គាល់ថា គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរនរណាម្នាក់ទៀតបានទេ ប៉ុន្តែដោយសេចក្ដីជំនឿ ការខិតខំ និង ជំនួយពីព្រះយើងអាចទទួលផ្ទាល់ខ្លួនយើងវិញ នូវការផ្លាស់ប្ដូរដួងចិត្តដ៏ធំ។3 ការមានបទពិសោធន៍ការផ្លាស់ប្ដូរដ៏ធំនៃដួងចិត្ត បណ្ដាលឲ្យយើងអាចប្រព្រឹត្តនឹងអ្នកដទៃ ជាពិសេស ស្វាមីភរិយាយើង ដោយស្លូតបូត ។4 ភាពរាបសារមានន័យថា ស្វាមីភរិយាស្វែងរកពរជ័យ ជួយ និង លើកតម្កើងគ្នាទៅវិញទៅមក គិតពីគ្នាថាសំខាន់នៅគ្រប់ការសម្រេចចិត្ត ។ ចូរមើល ហើយរៀន ៖ ការប្រែចិត្ត និង ភាពរាបសារ ស្ថាបនាអាពាហ៍ពិពាហ៍រីករាយ ។
ទីបួន ការគោរព ។ ខ្ញុំបានសង្កេតឃើញថា នៅក្នុងអាពាហ៍ពិពាហ៍រីករាយ និងដ៏ល្អ ស្វាមី និង ភរិយា ប្រព្រឹត្តចំពោះគ្នាជាដៃគូស្មើភាព ។ ចំពោះស្វាមីដែលគ្រប់គ្រងលើភរិយា ឬ ប្រព្រឹត្តនឹងពួកគេដោយរបៀបជាដៃគូថ្នាក់ក្រោមនៅក្នុងអាពាហ៍ពិពាហ៍ មិនថាជានៅទីណា ឬ គ្រាណាទេ គឺពុំរក្សាក្រិត្យវិន័យដ៏ទេវភាពទេ ហើយគួរតែជំនួសដោយគោលការណ៍ និង គំរូនៃឥរិយាបទត្រឹមត្រូវវិញ ។
គូស្វាមីភរិយានៅក្នុងអាពាហ៍ពិពាហ៍ដ៏ល្អ ធ្វើការសម្រេចចិត្តរួមគ្នា ដែលពួកគេម្នាក់ៗ ចូលរួមយ៉ាងពេញលេញ ហើយមានសិទ្ធិនិយាយ និង ជួយធ្វើការសម្រេចចិត្ត ។ 5 ពួកគេ ផ្ដោតទៅលើគេហដ្ឋានជាសំខាន់ និងផ្ដោតលើការជួយគ្នាទៅវិញទៅមកក្នុងការទទួលខុសត្រូវរបស់ពួកគេ ។ 6 អាពាហ៍ពិពាហ៍របស់ពួកគេ ផ្ដោតទៅលើការសហប្រតិបត្តិការ ពុំមែនជាការចរចារគ្នាទេ ។ ម៉ោងអាហារពេលល្ងាចរបស់ពួកគេ និង ពេលវេលាគ្រួសារ ក្លាយជាផ្នែកដ៏សំខាន់មួយក្នុងជីវិតពួកគេ ហើយជាគោលដៅនៃការខិតខំបំផុតរបស់ពួកគេ ។ ពួកគេបិទគ្រឿងអេឡិចត្រូនិច ហើយបញ្ឈប់ការកំសាន្ដផ្ទាល់ខ្លួន ដើម្បីទៅជួយកិច្ចការក្នុងផ្ទះ ។ ពួកគេអានជាមួយនឹងកូនៗជារៀងរាល់យប់ ហើយអ្នកទាំងពីរចូលរួមនៅក្នុងការដាក់ឲ្យកូនតូចៗចូលគេង ។ ពួកគេចូលគេងជាមួយគ្នា ។ បើកាតព្វកិច្ច និង កាលៈទេសៈរបស់ពួកគេអនុញ្ញាត នោះស្វាមី និង ភរិយា ធ្វើកិច្ចការសំខាន់បំផុតគឺការគៀកស្មាគ្នា នោះ--គឺជាកិច្ចការដែលយើងធ្វើនៅក្នុងគេហដ្ឋានយើងផ្ទាល់ ។
កន្លែងណាមានការគោរព កន្លែងនោះក៏មានតម្លាភាពដែរ ដែលវាជាធាតុសំខាន់មួយនៃអាពាហ៍ពិពាហ៍រីករាយ ។ គ្មានអាថ៌កំបាំងទេ អំពីរឿងសំខាន់នៅក្នុងអាពាហ៍ពិពាហ៍ដែលផ្ដោតទៅលើការគោរពគ្នាទៅវិញទៅមក និង តម្លាភាពនោះ ។ ស្វាមី និង ភរិយា ធ្វើការសម្រេចចិត្តទាំងអស់គ្នា អំពីហិរញ្ញវត្ថុ ហើយអ្នកទាំងពីរអាចទទួលបានព័ត៌មានទាំងអស់ ។
ភាពថ្លៃថ្នូរ គឺជាទម្រង់នៃការគោរព ។ ព្យាការីបង្រៀនថា ដៃគូអាពាហ៍ពិពាហ៍ជោគជ័យ គឺមាន « ភក្ដីភាពយ៉ាងខ្លាំង » ចំពោះគ្នាទៅវិញទៅមក ។ 7 ពួកគេត្រូវប្រាកដថានៅបន្ដមានភាពសក្ដិសមគ្រប់វិធី នៅពេលពួកគេមើលព័ត៌មានសង្គមក្តី ។ ពួកគេពុំអនុញ្ញាតឲ្យខ្លួនពួកគេមានបទពិសោធន៍ចូលអ៊ិនធើរណិតដោយអាថ៌កំបាំងទេ ។ ពួកគេចែកចាយជាមួយដៃគូនូវលេខសម្ងាត់បណ្ដាញសង្គមរបស់ពួកគេដោយសេរី ។ ពួកគេពុំមើលប្រវត្តិរូបរបស់អ្នកដទៃតាមអ៊ិនធើរណិត ក្នុងរបៀបណាមួយ ដែលអាចនឹងក្បត់ចំពោះទំនុកចិត្តដ៏ពិសិដ្ឋរបស់ប្ដី ឬ ប្រពន្ធរបស់ពួកគេទេ ។ ពួកគេ ពុំធ្វើ ឬ និយាយអ្វីដែលនាំទៅរកលក្ខណៈពុំត្រឹមត្រូវ ទោះជាដោយជាក់ស្ដែង ឬ ខាងរូបកាយ ។ ចូរមើល ហើយរៀនថា ៖ អាពាហ៍ពិពាហ៍អស្ចារ្យ គឺមាននូវការគោរព តម្លាភាព និង ភក្ដីភាពទាំងស្រុង ។
ទីប្រាំ សេចក្ដីស្រឡាញ់ ។ អាពាហ៍ពិពាហ៍រីករាយបំផុត ដែលខ្ញុំធ្លាប់ឃើញបំភ្លឺថាការគោរព ប្រតិបត្តិជាបទបញ្ញត្តិមួយដ៏រីករាយបំផុត -- ដែលយើង «រស់នៅជាមួយគ្នាដោយនូវក្ដីស្រឡាញ់ » ។ 8 ព្រះអម្ចាស់បានបញ្ជាដល់ស្វាមីថា « ត្រូវស្រឡាញ់ ប្រពន្ធ ខ្លួន ឲ្យ អស់ អំពីចិត្ត ហើយត្រូវនៅជាប់នឹងនាង ហើយគ្មាននរណាផ្សេងទៀតឡើយ» ។ 9 ក្បួនខ្នាតសាសនាចក្របង្រៀនថា ៖ « ពាក្យនៅជាប់ មានន័យថាជាការលះបង់ ហើយស្មោះត្រង់ទាំងស្រុង ចំពោះនរណាម្នាក់ ។ គូស្វាមីភរិយាដែលបានរៀបការនៅជាប់ នឹងព្រះ និងនៅជាប់នឹងគ្នាតាមរយៈការបម្រើ និង ចេះស្រឡាញ់គ្នាទៅវិញទៅមក ព្រមទាំងតាមការគោរពសេចក្តីសញ្ញាទាំងឡាយ ដោយមានភក្តីភាពទាំងស្រុងចំពោះគ្នា និងចំពោះព្រះ » ។ ទាំងស្វាមី និង ភរិយា « បានទុកជីវិតផ្ទាល់ខ្លួនរបស់ពួកគេមួយឡែក ហើយស្ថាបនាអាពាហ៍ពិពាហ៍ [ របស់ពួកគេ ] ជាអាទិភាពទីមួយ ... ។ ពួកគេមិនអនុញ្ញាតឲ្យមនុស្សម្នាក់ទៀត ឬ ចំណាប់អារម្មណ៍ផ្សេងទៀតមានអាទិភាព... ច្រើនជាងការគោរពតាមសេចក្តីសញ្ញា ដែលពួកគេបានធ្វើជាមួយព្រះ និងចំពោះគ្នានោះទេ » ។ 10 ចូរមើល ហើយរៀន ៖ គូស្វាមីភរិយាជោគជ័យ ស្រឡាញ់គ្នាទៅវិញទៅមកដោយមានការលះបង់ទាំងស្រុង ។
មានមនុស្សមួយចំនួន ដែលមានអាពាហ៍ពិពាហ៍ពុំសប្បាយដូចដែលពួកគេចង់បាន ក៏ដូចគ្នាផងដែរមានអ្នកខ្លះពុំធ្លាប់រៀបការ មានអ្នកខ្លះលែងលះគ្នា ខ្លះជាឪពុក ឬ ម្ដាយទោល ឬ ដោយមូលហេតុផ្សេងៗ ពុំស្ថិតក្នុងកន្លែងមួយដែលរីករាយសោះ ។ ស្ថានភាពទាំងនេះ អាចជាឧបសគ្គ និង ជាការខូចចិត្តទាំងស្រុង ប៉ុន្តែវាពុំចាំបាច់មាននៅរហូតនោះទេ ។ ចំពោះអ្នកដែលស្ថិតក្នុងស្ថានភាពដូច្នោះ មិនថាយ៉ាងណាទេ « ចូរប្រព្រឹត្តការណ៍ទាំងនេះ ដែលនៅក្នុងអំណាច [ អ្នក ] ដោយមានចិត្តរីករាយ »11 ខ្ជាប់ខ្ជួនចុះ សូមឲ្យស្ថានសួគ៌ប្រទានពរដល់អ្នកជាបរិបូរ » ។ ចូរស្វែងរកគំរូដ៏ល្អក្នុងការបង្កើតអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច រួមមានទាំងដោយការព្យាយាម ឬ ការរៀបចំខ្លួនដើម្បីធ្វើជាស្វាមី ឬ ភរិយាមានភាពសក្ដិសម ។ ចូររក្សាបទបញ្ញត្តិ ហើយទុកចិត្តលើព្រះអម្ចាស់ និង ក្ដីស្រឡាញ់ដ៏ឥតខ្ចោះរបស់ទ្រង់ចំពោះអ្នក ។ នោះថ្ងៃមួយ ពរជ័យទាំងអស់ដែលបានសន្យាអំពីអាពាហ៍ពិពាហ៍ នឹងជារបស់អ្នក ។ 12
ខដ៏ផ្អែមល្ហែមបំផុតមួយក្នុងគម្ពីរមរមន បានថ្លែងដោយសាមញ្ញថា « ហើយពួកគេបានរៀបការ ហើយទទួលការរៀបការ ហើយបានទទួលពរជាច្រើនប្រការ ដែលព្រះអម្ចាស់ទ្រង់បានសន្យានឹងពួកគេ » ។ 13 ការសន្យារបស់ព្រះអម្ចាស់ បានមានដល់មនុស្សទាំងអស់ដែលធ្វើតាមគំរូនៃជីវិត ដែលស្ថាបនាទំនាក់ទំនងអាពាហ៍ពិពាហ៍រីករាយ និង បរិសុទ្ធ ។ ពរជ័យដូច្នោះ ចេញពីលទ្ធផលដ៏មនោរម្យ ហើយដែលអាចដឹងជាមុន តាមរយៈការរស់នៅតាមដំណឹងល្អនៃ ព្រះយេស៊ូវគ្រីស្ទ ដោយស្មោះត្រង់ ។
ខ្ញុំមានអំណរគុណចំពោះភរិយាដ៏អស្ចារ្យរបស់ខ្ញុំ ខាធី ដែលជាទីស្រឡាញ់នៃជីវិតរបស់ខ្ញុំ ។
អាពាហ៍ពិពាហ៍ គឺជាអំណោយទានមួយមកពីព្រះដល់យើង ហើយគុណភាពនៃអាពាហ៍ពិពាហ៍របស់យើង គឺជាអំណោយទានមួយពីយើងថ្វាយទៅទ្រង់ ។ ខ្ញុំថ្លែងទីបន្ទាល់អំពី ផែនការដ៏អស្ចារ្យរបស់ព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់យើង ដែលបានប្រទានឲ្យនូវអាពាហ៍ពិពាហ៍ដ៏អស់កល្បជានិច្ច និង អស្ចារ្យ ។ នៅក្នុងព្រះនាមនៃ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។