ឆ្នាំ ២០១០-២០១៩
ងារ​ទាំងបួន
ខែ មេសា 2013


ងារ​ទាំង​បួន

ខ្ញុំចង់លើកឡើងនូវងារបួនយ៉ាង…ជាងារដែលអាចជួយយើងឲ្យស្គាល់ពីតួនាទីយើងម្នាក់ៗក្នុងផែនការអស់កល្បរបស់ព្រះ និងសក្ដានុពលយើងក្នុងនាមជាអ្នកកាន់បព្វជិតភាព ។

បងប្អូន​ និង​មិត្ត​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ចិត្ត​ខ្ញុំពោរពេញ​ដោយ​ការ​ដឹង​គុណ និង​អំណរ​ដោយ​បាន​ជួប​អ្នក ។ ខ្ញុំ​សូម​សរសើរ​ដល់​ឪពុក និង​ជីតា​ដែល​បាន​នាំ​កូន ឬ​ចៅ​ប្រុស​របស់​ខ្លួន​មក ។​ ខ្ញុំ​សូម​អបអរ​ដល់​យុវជន​ដែល​បាន​ជ្រើស​រើស​មក​ទីនេះ​នា​ថ្ងៃ​​នេះ ។ នេះ​ជា​កន្លែង​ដែល​អ្នក​ត្រូវ​មក ។ ខ្ញុំ​សង្ឃឹម​ថា​អ្នក​អាច​មាន​អារម្មណ៍​នៃភាព​ជា​បងប្អូន​ប្រុស​ដែល​​បង្រួប​បង្រួម​យើង ហើយ​ខ្ញុំ​អធិស្ឋាន​ថា​ក្នុង​ចំណោម​បងប្អូន​ប្រុស​អ្នក​នៅ​ទីនេះ អ្នក​នឹង​រក​ឃើញ​ការ​គាំទ្រ និង​មិត្តភាព ។​

ពេល​ខ្លះ​យើង​ជា​បុរស​បង្ហាញ​ខ្លួន​ឲ្យ​គេ​ស្គាល់​តាមរយៈ​ងារ ។ ភាគ​ច្រើន​យើង​មាន​ងារ​លើស​ពី​មួយ ហើយ​ងារ​នីមួយៗ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​​អត្តសញ្ញាណ​យើង ។​​​ ឧទាហរណ៍ ងារ​ខ្លះ​រៀបរាប់​ពី​តួនាទី​យើង​ក្នុង​គ្រួសារ ដូចជា​កូនប្រុស បងប្អូន​ប្រុស ស្វាមី និង​ឪពុក ។ ងារ​ផ្សេងទៀត​រៀបរាប់​ពី​ការ​ងារ​យើង​ក្នុង​ពិភព​លោក​នេះ ដូចជា​វេជ្ជបណ្ឌិត ទាហាន ឬ​សិល្បករ ។ ហើយ​មាន​ខ្លះ​ទៀត​រៀបរាប់​ពី​មុខងារ​យើង​ក្នុង​សាសនាចក្រ ។​

ថ្ងៃ​នេះ​ខ្ញុំ​ចង់​លើក​ឡើង​នូវ​ងារ​បួន​យ៉ាង​ដែល​ខ្ញុំ​ជឿ​ថា​វា​អនុវត្ត​ដល់​ពួក​អ្នក​កាន់​បព្វជិតភាព​ជុំវិញ​ពិភពលោក ---​ជា​ងារ​ដែល​អាច​ជួយ​យើង​ឲ្យ​ស្គាល់​ពី​តួនាទី​យើង​ម្នាក់ៗ​ក្នុង​ផែនការ​អស់​កល្ប​របស់​ព្រះ និង​សក្ដានុពល​យើង​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។

បុត្រា​នៃ​ព្រះវរបិតា​សួគ៌

ងារ​មួយ​ដែល​កំណត់​លក្ខណៈ​យើង​គ្រប់​គ្នា​ តាម​របៀប​ដ៏​សំខាន់​បំផុត​គឺ « បុត្រា​នៃ​ព្រះវរបិតា​សួគ៌ » ។ មិន​ថា​យើង​មាន​ ឬ​ធ្វើអ្វី​ផ្សេង​ក្នុង​ជីវិត​ទេ យើង​មិន​ត្រូវ​ភ្លេច​ថា​យើង​ជា​កូនចៅ​វិញ្ញាណ​របស់​ព្រះ​ឡើយ ។ យើង​ជា​កូនចៅ​ទ្រង់​ពី​មុន​យើង​មក​ផែនដី​នេះ ហើយ​​យើង​នឹង​ក្លាយ​ជា​កូន​ចៅ​ទ្រង់​ជា​រៀង​រហូត ។ សេចក្ដី​ពិត​ដ៏​សំខាន់​នេះនឹង​ផ្លាស់ប្ដូរ​របៀប​ដែល​យើង​មើលឃើញ​ខ្លួន​ឯង បងប្អូន​ប្រុស​ស្រី​យើង និង​នៃជីវិត ។

ជាអកុសល គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​បាន​ពេញលេញ​ស្រប​តាម​អ្វី​គ្រប់យ៉ាង​ដែល​ងារ​នេះ​តម្រូវ​នោះ​ឡើយ « ពីព្រោះ​គ្រប់​គ្នា​ធ្វើ​បាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ » ។ 1

ការ​ដឹង​ថា​ការ​ក្លាយ​ជា​បុត្រា​ម្នាក់​នៃ​ព្រះ​មាន​ន័យ​បែប​ណា តែ​យើង​បរាជ័យ​ក្នុង​ការ​បំពេញ​សក្ដានុ​ភាព​របស់​យើង​ វា​អាច​ជា​រឿង​នាំ​ឲ្យ​បាក់​ទឹកចិត្ត ។ មា​សត្រូវ​ចូលចិត្ត​ឆក់យក​ឱកាស​នៃ​អារម្មណ៍​បែប​នេះ ។ សាតាំង​ចង់​ឲ្យ​អ្នក​កំណត់​ខ្លួន​ឯង​ដោយ​អំពើ​បាប​អ្នក ជំនួស​ឲ្យ​សក្ដានុភាព​អ្នក​ពី​ព្រះ ។​ បងប្អូនប្រុសអើយ, សូម​កុំ​ស្ដាប់​វា ។

យើង​ទាំង​អស់​គ្នា​ធ្លាប់​ឃើញ​ក្មេង​រៀន​ដើរ ។ គាត់​បោះ​ជំហាន​ខ្លីៗ​ទាំង​ឃ្លីងឃ្លោង ។ គាត់​ដួល ។ តើ​យើង​ស្ដី​បន្ទោស​ការ​ខិត​ខំ​បែប​នេះ​ឬ ? ប្រាកដ​ជា​ពុំ​មែន​ហើយ ។ តើ​ឪពុកនឹង​​ដាក់​ទោស​ក្មេង​ដែល​ជំពប់​ជើង​ដួល​អ្វី​ខ្លះ ? យើង​លើក​ទឹកចិត្ត យើង​អបអរ ហើយ​យើង​សរសើរ ដោយសារ​ជំហាន​ខ្លីៗ​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​ក្មេង​ប្រែក្លាយ​ដូចជា​ឪពុកម្ដាយ​ខ្លួន ។​

ឥឡូវ បងប្អូន​ប្រុស បើ​ប្រៀប​នឹង​ភាព​ឥត​ខ្ចោះ​នៃ​ព្រះ យើង​ជា​មនុស្ស​មិន​ខុស​ពី​ក្មេង​ដែល​ចេះ​ដើរ​តេះតះ​នោះ​ទេ ។ តែ​ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់​នៃ​យើង​​ចង់​ឲ្យ​យើង​ប្រែក្លាយ​ដូចជា​ទ្រង់ ហើយ​បងប្អូន​ប្រុស​ជាទី​ស្រឡាញ់​​ នោះ​គួរ​តែ​ជា​គោលដៅ​ដ៏​អស់​កល្ប​របស់​យើង​ផង​ដែរ ។ ព្រះ​ជ្រាប​ថា​យើង​មិន​អាច​ទៅ​ដល់​ទី​នោះ​ភ្លាមៗ​បាន​ឡើយ តែ​ដោយ​​មួយ​ជំហាន​ម្ដង​ៗ ។

ខ្ញុំ​មិន​ជឿ​លើ​ព្រះ​ដែល​​ដាក់​ច្បាប់ និង​បញ្ញត្តិ​សម្រាប់​តែ​ធ្វើ​ឲ្យ​យើង​បរាជ័យ ដើម្បី​គាត់​អាច​ដាក់ទោស​យើង​នោះ​ឡើយ ។ ខ្ញុំ​ជឿ​លើ​ព្រះវរបិតា​សួគ៌​ដែល​ស្រឡាញ់ ហើយ​បារម្ភ ហើយ​ដែល​រីករាយ​គ្រប់​កិច្ច​ខិត​ខំ​របស់​យើង​ដើម្បី​រីកចម្រើន ហើយ​ដើរ​ឆ្ពោះ​ទៅ​រក​ទ្រង់ ។ ​សូម្បី​តែ​ពេល​យើង​ដួល ទ្រង់​ជំរុញ​យើងកុំ​ឲ្យ​បាក់​ទឹកចិត្ត ---​កុំ​ឲ្យ​ចុះចាញ់ ឬ​គេច​ពី​ការ​ទទួល​ខុសត្រូវ​យើង ---​តែ​ត្រូវ​ក្លាហាន ​ស្វែង​រក​ក្ដី​ជំនឿ​យើង ហើយ​បន្ត​ព្យាយាម​ទៀត ។​

ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​បង្រៀន​កូនចៅ​ទ្រង់ ហើយ​ជារឿយៗ​បញ្ជូន​ពួក​ទេវតា​ឲ្យ​ជួយ​ជន​ដែល​ប្រាថ្នា​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ ។

សិស្ស​នៃ​ព្រះយេស៊ូវគ្រីស្ទ

ហើយ​ការណ៍​នោះ​នាំ​យើង​ទៅ​រក​ងារ​បន្ទាប់​ទៀត​ដែល​យើង​មាន​ទាំងអស់​គ្នា ៖ ជន​ដែល​ព្យាយាម​ដើរ​តាម​ព្រះគ្រីស្ទ​ដោយ​ស្មោះត្រង់​ត្រូវ​បាន​ហៅ​ថាសិស្ស​ទ្រង់ ។ ទោះ​ជា​យើង​ដឹងថា​យើង​មិន​ល្អ​ឥត​ខ្ចោះក្តី ។ យើង​មិន​ប្រើ​គំនិត​នេះ​ជា​ពាក្យ​ដោះសា​ដើម្បី​បន្ទាប​ការ​រំពឹង​ទុក​យើង ដើម្បី​រស់​នៅ​ក្រោម​អភ័យ​ឯកសិទ្ធិ​យើង ដើម្បី​ពន្យារ​ថ្ងៃ​ប្រែចិត្ត​យើង ឬ​ដើម្បី​បដិសេធ​ការ​រីកចម្រើន​ជា​សិស្ស​ដ៏​ប្រពៃ​នៃ​លោក​ចៅហ្វាយ​ និងស្តេចនៃយើង​ឡើយ ។

ចូរចាំ​ថា​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយនេះ​ពុំ​មែន​ស្ថាបនា​ឡើង​សម្រាប់បុរស​ស្ត្រី​ឥត​ខ្ចោះ ឬ​មិន​បាន​​​ទទួល​រង​ការ​ល្បួង​ក្នុង​ជីវិត​នេះ​នោះ​ទេ​ ​តែ​ផ្ទុយទៅ​វិញ វា​ស្ថាបនា​ឡើង​សម្រាប់​មនុស្ស​ដូច​អ្នក និង​ខ្ញុំ ។ ហើយ​វា​ត្រូវ​បាន​ស្ថាបនា​ឡើង​លើ​ថ្ម​ដារ​នៃ​ព្រះ​ប្រោស​លោះ​យើង ជា​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ 2 ដែល​តាមរយៈ​ដង្វាយ​ធួន​ទ្រង់​យើង​អាច​ជ្រះ​ស្អាត ហើយ​ក្លាយ​ជា « ជាតិ​តែ​មួយ​នឹង​ពួក​បរិសុទ្ធ ជា​ពួក​ដំណាក់​ព្រះ​វិញ » ។ 3

បើ​គ្មាន​ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ទេ ជីវិត​នឹង​ក្លាយជា​ផ្លូវទាល់​មួយ​ដែល​គ្មាន​ក្ដី​សង្ឃឹម ឬ​អនាគត ។ ដោយ​មាន​ដង្វាយ​ធួន ជីវិត​ជា​ដំណើរ​ខាង​វិញ្ញាណ​ដ៏​បំផុស​គំនិត​មួយ​នៃ​ការ​រីកចម្រើន និង​ការ​អភិវឌ្ឍ​ដែល​នាំ​ទៅ​រក​ជីវិត​អស់​កល្ប​ក្នុង​វត្តមាន​នៃ​ព្រះវរបិតាសួគ៌​យើង ។

តែ​ទោះជា​ដង្វាយ​ធួន​មាន​គោលបំណង​ដើម្បី​ជួយ​យើង​ទាំងអស់​គ្នា​ប្រែក្លាយ​ដូចជា​​ព្រះគ្រីស្ទ​ក្ដី វា​ពុំ​មាន​គោលបំណង​ដើម្បី​ធ្វើឲ្យ​យើង​បាន​ដូចគ្នា​នោះ​ទេ ។ ពេល​ខ្លះ​យើង​មាន​ការ​ភ័ន្ត​ច្រឡំ​ពី​ភាព​ខុសគ្នា​ក្នុង​បុគ្គលិក​លក្ខណៈ​ និង​អំពើ​បាប ។ យើង​ថែម​ទាំង​អា​ច​ធ្វើ​ខុស​ដោយ​គិត​ថា ដោយសារ​ជន​ម្នាក់​ខុស​ប្លែក​ពី​យើង វា​មាន​ន័យ​ថា​ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​សព្វ​ព្រះទ័យ​ឡើយ ។ ការ​គិត​បែប​នេះ​នាំ​មនុស្ស​មួយ​ចំនួន​ឲ្យ​ជឿ​ថា សាសនាចក្រ​ចង់​បង្កើត​ឲ្យ​សមាជិក​មាន​លក្ខណៈ​ដូចគ្នា ---​ថា​សមាជិក​ម្នាក់ៗ​គួរ​មាន​ភិនភាគ អារម្មណ៍ គំនិត និង​ឥរិយាបថ​ដូច​នឹង​សមាជិក​ដទៃ​ទៀត ។ ការណ៏​នេះ​នឹង​ផ្ទុយ​ពីព្រះបញ្ញាញ្ញាណនៃ​ព្រះ ដែល​បាន​បង្កើត​មនុស្ស​គ្រប់​រូប​ខុស​ពី​បង​ប្អូន​ប្រុស​របស់​ខ្លួន កូន​ប្រុស​គ្រប់​រូប​ខុស​ពី​ឪពុក​ខ្លួន ។ សូម្បី​តែ​កូន​ភ្លោះ​ដូច​បេះ​បិទ​គឺ​ពុំ​មែន​ដូចគ្នា​ទាំង​បុគ្គលិក​លក្ខណៈ និង​អត្តសញ្ញាណ​ខាង​វិញ្ញាណ​នោះ​ឡើយ ។​​

វា​ក៏​ផ្ទុយ​ពី​ចេតនា និង​បំណង​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ ដែល​ទទួល​ស្គាល់ ហើយ​ការពារ​ដល់​សិទ្ធិ​សេរីភាព​ខាង​សីលធម៌ ---​ជាមួយ​នឹង​លទ្ធផល​ដ៏​សំខាន់​​របស់​ខ្លួន ---​នៃ​កូនចៅ​ម្នាក់ៗ និង​កូន​ចៅ​គ្រប់​រូប​របស់​ព្រះ ។ ក្នុងនាម​ជា​សិស្ស​នៃ​ព្រះយេស៊ូវ​គ្រីស្ទ យើង​ត្រូវ​បាន​រួបរួម​ក្នុង​ទីបន្ទាល់​យើង​ពី​ដំណឹងល្អ​ដែល​បាន​​ស្ដារ​ឡើង​វិញ និង​ការ​តាំង​ចិត្ត​យើង​ដើម្បី​គោរព​តាម​បញ្ញត្តិ​ព្រះ ។ តែ​យើង​ខុស​ប្លែក​ពី​គ្នា​នៅ​ក្នុង​វប្បធម៌ សង្គម និង​ការ​ចូលចិត្ត​ខាង​នយោបាយ ។​

សាសនាចក្រ​នេះ​ត្រូវ​បាន​ពង្រឹង​ពេល​យើង​ក្ដាប់​យក​ឱកាស​នៃ​ភាព​ផ្សេង​គ្នា​នេះ ហើយ​លើក​ទឹកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​អភិវឌ្ឍ ហើយ​ប្រើ​ទេពកោសល្យ​យើង​ដើម្បី​លើកកម្ពស់ ហើយ​ពង្រឹង​ដល់​សិស្ស​ដទៃ​ទៀត ។

បងប្អូន​ប្រុស ភាព​ជា​សិស្សគឺជា​ដំណើរ​ដើរ​តាម​ព្រះអង្គ​សង្គ្រោះ​យើង​​ដ៏​វែង​ឆ្ងាយ ។ តាម​ផ្លូវ​យើង​ពី បេថ្លេហិម ទៅ គាល់កូថា យើង​នឹង​មាន​ឱកាស​ច្រើន​ដើម្បី​បោះបង់​ការ​ធ្វើ​ដំណើរ​យើង ។​ ពេល​ខ្លះ នៅ​លើ​ផ្លូវ​នោះ​ហាក់​ដូចជា​តម្រូវ​លើស​ពី​អ្វី​ដែល​យើងប្រាថ្នា​ចង់បាន ។ តែ​ក្នុង​នាម​ជា​បុរស​នៃ​បព្វជិតភាព យើង​ត្រូវ​ក្លាហាន​ដើម្បី​ដើរ​តាម​ព្រះអង្គ​ប្រោស​លោះ​យើង​ ទោះ​ជា​ពេល​ឈើឆ្កាង​យើង​ធ្ងន់​ពិបាក​ទ្រ​ក្ដី ។

ជាមួយ​នឹង​គ្រប់​ជំហាន​ដែល​យើង​ដើរ​តាម​ព្រះរាជបុត្រា​នៃ​ព្រះ យើង​នឹង​ទទួល​ការ​រំឭក​ថា យើង​មិន​ទាន់​បាន​ឥត​ខ្ចោះ​នៅ​ឡើយ​ទេ ។ តែ​ចូរ​យើង​ធ្វើ​ជា​សិស្ស​​ដ៏​រឹង​មាំ​ ហើយ​ខ្ជាប់​ខ្ជួន ។ ចូរ​យើង​កុំ​ចុះចាញ់ ។ ចូរ​យើង​មាន​ភក្ដីភាព​ចំពោះ​សេចក្ដី​សញ្ញា​យើង ។​ ចូរ​យើង​មើល​ទៅ​​ព្រះអង្គ​គាំទ្រ និង​ព្រះ​ប្រោស​លោះ​យើង​ជានិច្ច ពេល​យើង​ដើរ​ទៅ​រក​ទ្រង់ ដោយ​ជំហាន​មិន​ល្អ​ឥត​ខ្ចោះ មួយ​ជំហាន​ម្ដង​ៗ ។

អ្នក​ព្យាបាល​ដួង​ព្រលឹង

បង​ប្អូន​ប្រុស បើ​យើង​ពិត​ជា​​ដើរ​តាម​ព្រះអម្ចាស់របស់​យើង​ព្រះយេស៊ូវ​គ្រីស្ទ យើង​ឱប​ក្រសោប​នូវ​ងារ​ទីបី ៖ អ្នក​ព្យាបាល​ដួង​ព្រលឹង ។ យើង​ដែល​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​បព្វជិតភាព​នៃ​ព្រះ​ត្រូវ​បាន​ហៅ​ឲ្យ​ព្យាបាល​ដល់​អ្នក​ដទៃ ។ 4

វា​ជា​ការងារ​យើង​ដើម្បី​ស្ថាបនា ជួសជុល ពង្រឹង លើកកម្ពស់ ហើយ​ធ្វើ​ឲ្យ​សះស្បើយ ។ កិច្ចការ​យើង​គឺ​ដើរ​តាម​គំរូ​ព្រះអង្គ​សង្គ្រោះ ហើយ​ជួយ​ជន​ដែល​រងទុក្ខ ។ យើង « ទួញ​យំ​ជាមួយ​នឹង​អ្នក​ណា​ដែល​ទួញ​យំ ...​កំសាន្ត​ទុក្ខ​ដល់​អស់​អ្នក​ណា​ដែល​កំពុង​ត្រូវការ​កំសាន្ត​ទុក្ខ » ។5យើង​រុំ​របួស​ដល់​ជន​ដែល​រង​ទុក្ខ ។ យើង « ជួយ​អ្នក​ទន់​ខ្សោយ​ លើក​ដៃ​ដែល​រោយ ហើយ​ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង » ។6

ក្នុង​នាម​ជា​គ្រូ​បង្រៀន​តាម​ផ្ទះ យើង​ជា​អ្នក​ព្យាបាល ។ ក្នុង​នាម​ជា​អ្នក​ដឹកនាំ​បព្វជិតភាព យើង​ជា​អ្នក​ព្យាបាល ។ ក្នុង​នាម​ជា​ឪពុក កូនប្រុស បងប្អូន​ប្រុស និង​ស្វាមី យើង​គួរ​មាន​ការ​តាំង​ចិត្ត ហើយ​ឧទ្ទិស​ក្នុងនាមជា​អ្នក​ព្យាបាល ។ យើង​កាន់​នៅ​ក្នុង​ដៃ​ម្ខាង​​នូវ​ដប​ប្រេង​ដែល​ឧទ្ទិស​សម្រាប់​ការ​ប្រសិទ្ធ​ដល់​អ្នក​ឈឺ ហើយ​ក្នុង​ដៃ​ម្ខាង​ទៀត យើង​កាន់​ចំណិត​នំប៉័ង​ដើម្បី​​ផ្ដល់​ដល់​ជន​ស្រេក​ឃ្លាន ហើយ​ក្នុង​ចិត្ត​យើង​​យើង​ផ្ដិត​ជាប់​នូវ​បន្ទូល​ដ៏​សុខសាន្ត​នៃ​ព្រះ « ដែល​ធ្វើ​ឲ្យ​ជា​ស្បើយ​ដល់​ព្រលឹង​ដែល​មាន​របួស​ឈឺចាប់ » ។7

នេះ​ជា​ការ​ទទួល​ខុសត្រូវ​ដំបូង​បង្អស់​របស់​យើង​ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់ ---​ហើយ​វា​អនុវត្ត​ទាំង​អ្នក​កាន់​បព្វជិតភាព​​​អើរ៉ុន និង​មិលគីស្សាដែក ។​ ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ​ប្រទាន​ពរ​ដល់​ជីវិត​ពុំ​មែន​​ត្រឹមតែ​ពេល​ដែល​យើង​ជឿ​នោះ​ទេ ---តែ​វា​នឹ​ង​ប្រទាន​ពរ​យ៉ាង​ច្រើន​ថែម​ទៀត​ពេល​យើង​រស់​នៅ​តាម ។​ បុគ្គល​ម្នាក់​បាន​ទទួល​ការ​លើក​ទឹកចិត្ត ហើយ​គ្រួសារ​បាន​ទទួល​នូវ​ការ​ពង្រឹង​ដោយ​ស្ថិត​នៅ​លើ​ការ​អនុវត្ត​គោលការណ៍​នៃ​ដំណឹងល្អ ។ វា​ជា​អភ័យ​ឯក​សិទ្ធិ និង​ការ​ទទួល​ខុសត្រូវ​យើង ដោយ​ពុំ​គ្រាន់តែ​និយាយ​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ផង​ដែរ ។

ព្រះ​អង្គ​សង្គ្រោះ​ជា​អ្នក​បង្កើត​នូវ​អព្ភូតហេតុ ។ ទ្រង់​ជា​អ្នក​ព្យាបាល​ដ៏​អស្ចារ្យ ។ ទ្រង់​ជា​គំរូ​ ជា​ពន្លឺ​របស់​យើង ទោះ​ជា​ស្ថិត​ក្នុង​គ្រា​ដ៏​ខ្មៅ​ងងឹត​ក្ដី ហើយ​ទ្រង់​បង្ហាញ​យើង​ពី​ផ្លូវ​ត្រូវ ។

ចូរ​យើង​ដើរ​តាម​ទ្រង់ ។ ចូរ​យើង​បំពេញ​តួនាទី​យើង ហើយ​ក្លាយ​ជា​អ្នក​ព្យាបាល​ដោយ​ការ​បម្រើ​ព្រះ និង​បងប្អូន​ប្រុស​របស់​យើង ។

អ្នក​​គ្រង​​មរតក​នៃ​ជីវិត​អស់​កល្ប​

ងារ​ទី​បួន​ដែល​យើង​​ទាំងអស់​ចែក​រំលែក​នាំ​យើង​ត្រលប់​ទៅ​រក​ងារ​ទី​មួយ​ក្នុង​តារាង​យើង​វិញ ។ ក្នុង​នាម​ជា​បុត្រា​នៃ​ព្រះវរបិតា​សួគ៌​យើង យើង​ជា​អ្នក​គ្រង​មរតក​នូវ​​អ្វីៗ​គ្រប់​យ៉ាង​ដែល​ទ្រង់​មាន ។

« ព្រះវិញ្ញាណ​ទ្រង់​ក៏​ធ្វើ​ទីបន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ៖

« បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរតក​ដែរ គឺជា​អ្នក​គ្រង​មរតក​នៃ​ព្រះ​ជាមួយ​នឹង​ព្រះ​គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រងទុក្ខ​ជាមួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជាមួយ​នឹង​ទ្រង់​ដែរ » ។8

បងប្អូន​ប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សូម​គិត​ពី​ចំណុច​នេះ ។ យើង​ជា​អ្នក​គ្រង​មរតក​ជាមួយ​នឹង​ព្រះគ្រីស្ទ !

ដូច្នេះ​តើ​វា​​សម​ហេតុ​ផល​​ដែរ​ឬទេ ដែល​យើង​ភាគ​ច្រើន​ចំណាយ​ពេលវេលា​ដ៏​មាន​តម្លៃ គំនិត មធ្យោបាយ និង​កម្លាំង​របស់​យើង ​ដើម្បី​ព្យាយាម​ទទួល​បាន​នូវ​កិត្យានុភាព ឬ​ទ្រព្យ​សម្បត្តិ ឬ​ដើម្បី​ទទួល​ការ​កម្សាន្ត​នឹង​គ្រឿង​អេឡិចត្រូនិក​ថ្មី​ ហើយ​ល្អ​បំផុត​នោះ ?

ព្រះអម្ចាស់​បាន​ដាក់​ការ​សន្យា​ដ៏​ទេវភាព​នៅ​ពីមុខ​យើង​ថា « អស់​អ្នក​ណា​ដែល​ស្មោះត្រង់​ក្នុង​កាល​បាន​បព្វជិតភាព​ទាំង​ពីរ​នេះ … ដំកើង​ការ​ហៅ​របស់​ខ្លួន … [ នឹង ] ទទួល​យើង​ដែរ ព្រះអម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​ដូច្នោះ … ហើយ​អ្នក​ដែល​ទទួល​យើង ឈ្មោះ​ថា​ទទួល​ព្រះវរបិតា​យើង​ដែរ ...​ហេតុ​ដូច្នេះ​ហើយ​គ្រប់​អ្វី​ៗ​ទាំងអស់​ដែល​ព្រះវរបិតា​យើង​មាន នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់​អ្នកនោះ​ដែរ » ។9

ខ្ញុំ​មិន​អាច​ស្រមើ​រស្រម៉ៃ​ឃើញ​ពីអ្វីៗ​គ្រប់​យ៉ាង​ដែល​ការសន្យា​នេះ​ផ្ដល់ឲ្យ​ឡើយ ។ តែ​ខ្ញុំ​ដឹង​យ៉ាង​ច្បាស់​ថា​​វា​អស្ចារ្យ ទេវភាព អស់​កល្ប ហើយ​មាន​តម្លៃ​សក្ដិសម​នឹង​រាល់​ការ​ខិតខំ​យើង​ក្នុង​ជីវិត ។

ដោយ​ដឹង​ពី​ការណ៍​នេះ តើ​យើង​អាច​​មិន​ចូល​រួម​ចំណែក​ក្នុង​ការ​បម្រើ​ព្រះអម្ចាស់ និង​ប​ង​ប្អូន​យើង ហើយ​បំពេញ​ការ​ទទួល​ខុសត្រូវ​យើង​ដោយ​រីករាយ​ក្នុង​បព្វជិតភាព​នៃ​ព្រះ​យ៉ាង​ដូចម្តេច​ទៅ ?

នេះ​ជា​ការ​ងារ​ដ៏​ថ្លៃ​ថ្នូរ​បំផុត​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​យើង​ជួប​ឧបសគ្គ​នៅ​គ្រប់​ផ្លូវ ហើយ​ត្រូវ​ឲ្យ​យើង​ប្រើ​សមត្ថភាព​យើង​ទាំងអស់ ។ តើ​យើង​ចង់​ឃើញ​ស្ថាន​សួគ៌​បើក​ឡើង ហើយ​ធ្វើ​ជា​សាក្សី​ដល់​ការ​បំផុស​គំនិត​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្នុង​ការ​បង្ហាញ​ផ្លូវ​ដល់​យើង​ដែរ​ទេ ? ដូច្នេះ​យើង​គួរ​ចាប់​ផ្ដើម​​ធ្វើ​ការ ហើយ​ប្រឹង​ឲ្យ​អស់​ពី​លទ្ធភាព​យើង​ក្នុង​កិច្ចការ​ដ៏​ធំ​នេះ --- បុព្វហេតុ​មួយ​​ធំ​ជាង​ខ្លួន​យើងជាច្រើន​ទៅទៀត ។

ការ​បម្រើ​ព្រះ និង​បងប្អូន​យើង​នឹង​ធ្វើ​ឲ្យ​យើង​ជួប​ការ​លំបាក ហើយ​ប្រែ​យើង​ទៅ​ជា​អ្វី​មួយ​ដែល​អស្ចារ្យ​លើស​ពី​អ្វី​ដែល​យើង​ធ្លាប់​គិត ។

ប្រហែល​ជា​អ្នក​អាច​គិត​ថា អ្នក​មិន​បាន​គេ​ត្រូវ​ការ ថា​អ្នក​ត្រូវ​បាន​គេ​មើល​រំលង ថា​អ្នក​ជា​មនុស្ស​មិន​សំខាន់ ។

ខ្ញុំ​ធ្វើ​ការ​សុំទោស​ដោយ​ស្មោះ​បើ​មាន​អ្នក​កាន់​បព្វជិតភាព​ណា​ម្នាក់​ទទួល​អារម្មណ៍​បែប​នេះ ។ ពិតណាស់ អ្នក​មិន​ត្រូវ​បាន​ព្រះវរបិតា​សួគ៌​​មើល​រំលង ឬ​មិន​ត្រូវការ​នោះ​ឡើយ ។ ទ្រង់ស្រលាញ់អ្នក ។ ហើយ​ខ្ញុំ​ប្រាប់​អ្នក​ដោយ​ប្រាកដ​ថា សាសនាចក្រ​នេះ​ត្រូវការ​អ្នក ។

តើ​អ្នក​មិន​ដឹង​ថា « ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងី​ល្ងើ​នៅ​លោកិយ​នេះ​ដើម្បី​នឹង​ធ្វើ​ឲ្យអ្នក​ប្រាជ្ញ​ [ មាន​សេចក្ដី​ខ្មាស់ ] វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកិយ​នេះ ដើម្បីនឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ [ មាន​សេចក្ដី​ខ្មាស់ ] ទេ​ឬ​​អី ? » 10

ប្រហែល​វា​ជា​ការ​ពិត​ណាស់​ដែល​យើង​មាន​ភាព​ទន់ខ្សោយ ។ ប្រហែល​ជា​យើង​មិន​ឆ្លាត ឬ​ពូកែ ។ តែ​ពេល​ព្រះ​គង់​ជាមួយ​យើង គ្មាន​នរណា​ម្នាក់​អាច​ឈរ​ទាស់​នឹង​យើង​បាន​ឡើយ ។11

នេះ​ជា​ហេតុផល​ដែល​អ្នក​សំខាន់ ។ អ្នក​មាន​ការ​បរិច្ចាគ​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ធ្វើ ហើយ​ព្រះ​អាច​តម្កើង​ការ​បរិច្ចាគ​នោះ​តាម​របៀប​មួយ​ដ៏​អស្ចារ្យ ។ សមត្ថភាព​អ្នក​ក្នុង​ការ​បរិច្ចាគ​ពុំ​មែន​អាស្រ័យ​លើ​ការ​ហៅ​ក្នុង​សាសនាចក្រ​នោះ​ទេ ។ ឱកាស​បម្រើ​សម្រាប់​អ្នក​គឺ​មិន​ចេះ​ចប់​ឡើយ ។ បើ​អ្នក​ពុំ​ទាន់​ចូល​រួម​ក្នុង​កិច្ចការ​របស់​ព្រះ​នា​ពេល​នេះ ខ្ញុំ​លើក​ទឹក​ចិត្ត​អ្នកឲ្យ​ចូលរួម​ធ្វើ​វា ។

កុំ​រង់ចាំ​ការ​ហៅ​ជាក់លាក់​មួយ​ពី​មុន​អ្នក​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ស្ថាបនា​នគរ​ព្រះ​ឡើយ ។ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព​ម្នាក់ អ្នក​ត្រូវ​បាន​ហៅ​ឲ្យ​ធ្វើ​ការងារ​នេះ​រួចជាស្រេច​ហើយ ។ សូម​សិក្សា​ព្រះ​បន្ទូល​ព្រះ​រាល់ថ្ងៃ សូម​អធិស្ឋាន​ទៅ​ព្រះវរបិតា​សួគ៌​រាល់ថ្ងៃ សូម​ធ្វើ​ឲ្យ​គោលការណ៍​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ជីវិត​អ្នក សូម​ថ្លែង​អំណរគុណ​ដល់​ព្រះ ហើយ​ទូលសុំ​ការ​ដឹកនាំ​របស់​ទ្រង់ ។ បន្ទាប់​មក សូម​រស់នៅ​តាម​អ្វី​ដែល​អ្នក​បានរៀន ដំបូង​គឺ​នៅ​ក្នុង​គ្រួសារ​អ្នក តែ​ក៏​នៅ​រាល់​កាលៈទេសៈ​នៃ​ជីវិត​អ្នក​ផង​ដែរ ។

នៅ​ក្នុង​បទ​របស់​អ្នកនិពន្ធ​ដ៏​អស្ចារ្យ អ្នក​លេង​នូវ​ផ្នែក​របស់​អ្នកផ្ទាល់ ---ច្រៀង​នូវ​ផ្នែក​របស់​អ្នក ។ ទោះ​ជា​អ្នក​មិន​អាច​ធ្វើ​វា​បាន បទភ្លេង​នោះ​នៅ​តែ​ប្រគំ​បន្ត​ទៀត ។ តែ​បើ​អ្នក​បំពេញ ហើយ​ចូល​រួម​ក្នុង​ក្រុម​ចម្រៀង​នោះ ហើយ​អនុញ្ញាត​ឲ្យ​អំណាច​នៃ​ព្រះ​ធ្វើ​ការ​ជាមួយ​នឹង​អ្នក អ្នក​នឹង​ឃើញ « ទ្វារ​ស្ថានសួគ៌ » បើក ហើយ​ទ្រង់​នឹង « ចាក់​ព្រះពរ​មក​លើ​អ្នក​ដែល​​នឹង​គ្មាន​កន្លែង​ល្មម​ទុក​បាន​ទេ » ។12 សូម​បំពេញ​សក្ដានុភាពដ៏​ពិត​អ្នក​ក្នុងនាម​ជា​បុត្រា​ម្នាក់​នៃ​ព្រះ ហើយ​អាច​ក្លាយ​ជា​កម្លាំង​មួយ​សម្រាប់​ការ​ណ៏ល្អ​ក្នុង​គ្រួសារ​ ​ផ្ទះ ​សហគមន៍​ ប្រទេស ហើយ​ពិត​ណាស់​គឺ​នៅក្នុង​ពិភពលោក​នេះ ។​

ហើយ​ក្នុង​ដំណើរ​ការ​នេះ ពេល​អ្នក « បាត់ ជីវិត [ អ្នក ] » ក្នុង​ការ​បម្រើ​អ្នក​ដទៃ 13 អ្នក​នឹង​រីកចម្រើន​រហូត​ដល់​អ្នក​ឈាន​ដល់ « ខ្នាត​កំពស់​នៃ​សេចក្ដី​ពោរពេញ​ផង​ព្រះគ្រីស្ទ » ។14 ហើយអ្នកនឹងត្រូវបានរៀបចំ​គ្រងមរតក​ជាមួយព្រះគ្រីស្ទ នូវគ្រប់អ្វីៗដែលព្រះវរបិតាមាន។​

អ្នក​សំខាន់​​ណាស់​ចំពោះ​ព្រះ

បងប្អូន​ប្រុស​ជាទីស្រឡាញ់​របស់​ខ្ញុំ ​​មិត្តជាទីស្រលាញ់ អ្នក​សំខាន់​ណាស់ ។ អ្នក​មាន​គេ​ស្រឡាញ់ ។ អ្នក​មាន​គេ​ត្រូវការ ។ កិច្ចការ​នេះ​ពិត ។ បព្វជិតភាព​ដែល​អ្នក​មាន​ឯកសិទ្ធិ​កាន់​គឺ​ពិត​ជា​របស់​ផង​ព្រះ ។

ខ្ញុំ​សូម​អធិស្ឋាន​ថា ពេល​អ្នក​សញ្ជឹង​គិត​ពី​ងារ​ជាច្រើន​នៃ​អ្នក​កាន់​បព្វជិតភាព​ម្នាក់​ដ៏​សក្ដិសម អ្នក​នឹង​រក​ឃើញ​ខ្យល់​ដ៏​ទេវភាព ដែល​លើក​អ្នក​ឡើង​ឆ្ពោះ​ទៅ​រក​មរតក​ ដែល​ព្រះវរបិតា​សួគ៌​បាន​​រក្សា​ទុក​សម្រាប់​អ្នក ។ ខ្ញុំ​សូម​បន្សល់​ទុក​ពរជ័យ​នេះ និង​ទីបន្ទាល់​ខ្ញុំ​ក្នុង​ព្រះនាមដ៏ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។