អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស

តើ​ពិធីបុណ្យ​ជ្រមុជទឹក​ជំនួស​គឺជា​អ្វី ?

ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​គឺ​ចាំបាច់

មាត្រា​ទីបួន​នៃ មាត្រា​នៃ​សេចក្តីជំនឿ ចែង​ថា ពិធីបរិសុទ្ធ​ដំបូង​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​គឺ « បុណ្យ​ជ្រមុជទឹក ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់​បាប » និង « ការ​ដាក់​ដៃ​លើ​សម្រាប់​អំណោយទាន​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។ ព្រះយេស៊ូវ​បាន​បង្រៀន​ថា ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​គឺ​ចាំបាច់​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ចង់​ធ្វើតាម​ទ្រង់ ហើយ​ត្រឡប់​ទៅ​ឯ​ព្រះវរបិតាសួគ៌​របស់​យើង​វិញ​បន្ទាប់ពី​ជីវិត​នេះ ។ ដូច្នេះហើយ ពិធីបុណ្យ​ជ្រមុជទឹក គឺជា​ច្រក​ទៅកាន់​ផ្លូវ​នៃ​សេចក្តីសញ្ញា ដែលនាំ​ទៅរក​ការទទួល​ពរជ័យ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​របស់យើង​សព្វព្រះទ័យ​ប្រទាន​ឲ្យ​យើង ។ វា​ក៏ជា​ច្រកផ្លូវ​ដើម្បី​បាន « ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ព្រះ​គ្រីស្ទ » ( មរ៉ូណៃ ១០, ៣២, ៣៣ ) នៅពេល​យើង​ទទួល​យក​ដំណឹងល្អ​របស់​ទ្រង់​ទាំងស្រុង ។

នៅពេល​ចាប់ផ្ដើម​ការងារ​បម្រើ​របស់​ទ្រង់ ព្រះ​យេស៊ូវ​បានយាង​ពី​ស្រុក​កាលីឡេ​ទៅ​ទន្លេ​យ័រដាន់ ក្នុង​ស្រុក​យូដា ។ យ៉ូហាន​បាទីស្ទ នៅ​ទីនោះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ប្រែចិត្ត ហើយ​ទទួលបុណ្យ​ជ្រមុជទឹក ។ ព្រះ​យេស៊ូវ​បាន​បង្គាប់​ឲ្យ យ៉ូហាន​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​ទ្រង់ ប៉ុន្តែ យ៉ូហាន មានចិត្ត​ស្ទាក់ស្ទើរ​ដោយសារ​លោក​ដឹង​ថា ព្រះ​យេស៊ូវ​គ្មាន​បាប​ទេ ។ ព្រះអង្គសង្រ្គោះ​បាន​ពន្យល់​ថា ទ្រង់​ត្រូវ​ទទួល​បុណ្យជ្រមុជទឹក​ដើម្បី « សម្រេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ( ម៉ាថាយ ៣:១៥ ) ហើយ​ត្រូវ​គោរព​ប្រតិបត្តិ​តាម​ព្រះបញ្ញត្តិ​នៃ​ព្រះវរបិតាសួគ៌​របស់​យើង​ផង ។ ដូច្នេះ ព្រះយេស៊ូវ​គ្រីស្ទ​បាន​ធ្វើជា​គំរូ​សម្រាប់​យើង​ទាំងអស់គ្នា នៅពេល​ទ្រង់​យាង​ចូល​ក្នុង​ទឹក ហើយ​យ៉ូហាន​បាន​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ទ្រង់ ( សូមមើល នីហ្វៃទី២ ៣១:៥ ) ។យ៉ូហាន ក៏​បាន​ទទួល​សាក្សី​ផ្ទាល់ខ្លួន​អំពី​បទពិសោធន៍​ដ៏​ពិសិដ្ឋ​នោះ​ផងដែរ ៖

« កាល​ព្រះយេស៊ូវ​បាន​ទទួល​បុណ្យ​ជ្រមុជ​ហើយ នោះ​ទ្រង់​យាង​ឡើង​ពី​ទឹក​ភ្លាម ស្រាប់​តែ​មេឃ​ក៏​របើក​ឡើង ឲ្យ​ទ្រង់​ឃើញ​ព្រះវិញ្ញាណ​នៃ​ព្រះ យាង​ចុះ​មក​ដូច​ជា​សត្វ​ព្រាបស ក៏​សណ្ឋិត​លើ​ទ្រង់ ៖

« នោះ​មាន​ឮ​សំឡេង​ចេញ​ពី​មេឃ​ថា នោះ​ជា​កូន​ស្ងួនភ្ងា​របស់​យើង ជា​ទី​ពេញ​ចិត្ត​យើង​ណាស់ » ( ម៉ាថាយ ៣:១៦–១៧ ) ។

យ៉ូហាន​បាទីស្ទ និង​ព្រះយេស៊ូវ​នៅ​ទន្លេ យ័រដាន់ ។
យ៉ូហាន​បាទីស្ទ និង​ព្រះ​យេស៊ូវ នៅក្នុង​ទន្លេ​យ័រដាន់ ។

ក្រោយមក អ្នក​គ្រប់គ្រង​សាសន៍​យូដា​ម្នាក់​ឈ្មោះ​នីកូដេម​បាន​មក​ឯ​ព្រះ​យេស៊ូវ​នៅ​ពេល​យប់ ។ ការទទួល​ស្គាល់​ថា​ព្រះយេស៊ូវ​គឺ​ជា « គ្រូ​មក​ពី​ព្រះ​ពិត » ( យ៉ូហាន ៣:២ ) ហើយ​លោក​ចង់​រៀន​បន្ថែម​ទៀត ។ ព្រះយេស៊ូវ​បាន​បង្រៀន​គាត់​ថា ទាំង​ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ​តាមរយៈ​ពិធីបញ្ជាក់​គឺ​ចាំបាច់​សម្រាប់​សេចក្ដីសង្គ្រោះ ៖

« ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា បើ​មិន​បាន​កើត​អំពី​ទឹក ហើយ​អំពី​ព្រះវិញ្ញាណ នោះ​គ្មាន​អ្នកណា​អាច​នឹង​ចូល​ទៅក្នុង​នគរ​ព្រះ​បាន​ទេ » ( យ៉ូហាន ៣:៥ ) ។

ការ កើត​អំពី​ទឹក សំដៅ​ទៅ​លើ​ពិធីបុណ្យ​ជ្រមុជទឹក ។ ការ កើត​អំពី​ព្រះវិញ្ញាណ សំដៅ​ទៅលើ​ការទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ( ហៅបាន​ផង​ដែរ​ថា ព្រះវិញ្ញាណ​បរិសុទ្ធ ) តាមរយៈ​ពិធីបញ្ជាក់ ។ ពិធី​បរិសុទ្ធ​ទាំង​នេះ​គឺ​ពិសិដ្ឋ ហើយ​យើង​ធ្វើ​សេចក្ដី​សញ្ញា​ដ៏​ឧឡារិក នៅពេល​យើង​ទទួល​វា ។ យើង​សន្យា​ថា យើង​មាន​ឆន្ទៈ​លើកដាក់​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មក​លើ​ខ្លួន​យើង ចងចាំ​ទ្រង់​ជានិច្ច ហើយ​គោរពតាម​ព្រះបញ្ញត្តិ​របស់​ព្រះ ។ នៅពេល​យើង​រក្សា​ការសន្យា​ទាំងនេះ យើង​បង្ហាញ​ពី​សេចក្តីជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង​ឆន្ទៈ​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់ ។

បន្ទាប់ពី​ការរស់​ឡើង​វិញ​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​បានបង្រៀន​ម្តងទៀត​អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក ។ ទ្រង់​បាន​ចាត់​ពួក​សាវក​ឲ្យ​ចេញ​ទៅ​ផ្សព្វផ្សាយ​ដំណឹងល្អ​របស់​ទ្រង់​ដល់​មនុស្ស​ទាំង​អស់ ដោយ​មាន​បន្ទូល​ថា « អ្នក​ណា​ដែល​ជឿ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក នោះ​នឹង​បាន​សង្គ្រោះ តែ​អ្នក​ណា​ដែល​មិន​ព្រម​ជឿ នោះ​នឹង​ត្រូវ​ទោស​វិញ » ( ម៉ាកុស ១៦:១៦ ) ។

នៅពេល​ព្រះអង្គ​សង្គ្រោះ​បានស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ទ្រង់​បាន​បង្រៀន​ម្តង​ទៀត​ថា ពិធីបុណ្យ​ជ្រមុជទឹក​នៅតែ​ត្រូវការ​ជា​ចាំបាច់ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២២:៤ ) ។ ទ្រង់​ក៏​បានបើក​សម្តែង​នូវ​ពិធីបុណ្យ​ជ្រមុជទឹក​ដ៏​ត្រឹមត្រូវ​ផងដែរ ។ ទ្រង់​បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ពិធីបុណ្យ​ជ្រមុជទឹក​ត្រូវតែ​ធ្វើ​ឡើង​ដោយ​ការពន្លិច និង​ដោយ​សិទ្ធិអំណាច​បព្វជិតភាព​ត្រឹមត្រូវ ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ២០:៧៣–៧៤ ) ។

ព្រះ​ស្រឡាញ់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់

មនុស្ស​គ្រប់​រូប​គឺជា​បុត្រ​របស់​ព្រះ ។ មនុស្ស​ទាំងអស់​មាន​តម្លៃ​ចំពោះ​ទ្រង់ ។ ទ្រង់​ស្គាល់​ពួកគេ ហើយ​ទ្រង់​ស្រឡាញ់​ពួកគេ ។ ទ្រង់​បាន​ប្រកាស​ថា « ដ្បិត​មើល​ចុះ នេះ​ហើយ​ជា​កិច្ចការ​របស់​យើង និង​សិរី​ល្អ​របស់​យើង—គឺ​ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ ១:៣៩ ) ។ ទ្រង់​បានប្រទាន​ផ្លូវ​មួយ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់​គ្រប់រូប​ដើម្បី​ត្រឡប់​មក​ទ្រង់​វិញ​បន្ទាប់ពី​ជីវិត​នេះ ។ ផ្លូវ​នោះ​គឺជា​ដំណឹងល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ។

មនុស្ស​ជា​ច្រើន​មាន​ឱកាស​ទទួល​យក​ដំណឹងល្អ ហើយ​ទទួល​បុណ្យ​ជ្រមុជទឹក​ក្នុង​ជីវិត​នេះ ។ ចុះតើ​មនុស្ស​ដែល​បាន​ទទួល​មរណភាព​ទៅ ដោយ​មិន​បាន​ទទួល​ពិធីបុណ្យជ្រមុជទឹក ឬ​មិន​បាន​ដឹង​អំពី​ព្រះយេស៊ូវ​នោះ​វិញ ? តើ​ពួកគេ​អាច​ត្រូវ​បាន​សង្គ្រោះ​តាម​របៀបណា ? ព្រះ​មិន​បាន​បំភ្លេច​ពួកគេ​នោះ​ទេ !

សេចក្តីស្លាប់​មិនមែន​ជា​ទីបញ្ចប់​នៃ​ជីវិត​ទេ ប៉ុន្តែ​ជា​ជំហាន​មួយ​ក្នុង​ដំណើរ​របស់​យើង​ដើម្បី​ត្រឡប់​ទៅរក​ព្រះវិញ ។ ពេល​យើង​ស្លាប់ វិញ្ញាណ​របស់​យើង​ចាកចេញ​ពី​រូបកាយ​របស់​យើង​ជា​បណ្ដោះ​អាសន្ន ។ យើង​ចូល​ទៅក្នុង​ពិភព​វិញ្ញាណ ហើយ​ចូលរួម​ជាមួយ​សមាជិក​គ្រួសារ និង​អ្នក​ផ្សេង​ទៀត​ដែល​បាន​ទទួល​មរណភាព​ផងដែរ ។ នៅ​ទីនោះ យើង​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ដ៏​អស្ចារ្យ​នោះ នៅពេល​យើង​រស់​ឡើងវិញ ហើយ​វិញ្ញាណ​របស់​យើង​នឹង​ត្រូវ​បាន​រួបរួម​ជា​មួយ​នឹង​រូបកាយ​ដ៏​ល្អ​ឥតខ្ចោះ​វិញ ។ ពេល​នោះ​យើង​នឹង​រួចផុត​ពី​ជំងឺ ការឈឺ និង​ពិការភាព និង​ភាពទន់ខ្សោយ​ទាំងអស់​ដែល​យើង​កំពុង​តែ​ស៊ូទ្រាំ​នាពេល​ឥឡូវ​នេះ ។ នៅក្នុង​ពិភព​វិញ្ញាណ អស់​អ្នក​ដែល​បានស្លាប់​ដោយ​គ្មាន​ឱកាស​រៀន​អំពី​ដំណឹងល្អ​នៅក្នុង​ជីវិត​នេះ ត្រូវ​បាន​បង្រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​នៅ​ទីនោះ ( ពេត្រុស ទី១ ៣:១៨–២០; គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៨:១៦–១៩ ) ។រួចហើយ​ពួកគេ​អាច​ជ្រើសរើស​ទទួល​យក​ដំណឹងល្អ ហើយ​ប្រែចិត្ត ។ប៉ុន្តែ​ពួកគេ​មិន​អាច​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ទីនោះ​បាន​ទេ ដោយសារ​ពួកគេ​គ្មាន​រូបកាយ ។ ព្រះវរបិតាសួគ៌​ដែល​មាន​ព្រះទ័យ​សណ្ដោសប្រណី​បានប្រទាន​មធ្យោបាយ​ផ្សេងទៀត​សម្រាប់​ពួកគេ​ដើម្បី​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ យើង​អាច​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​ឲ្យ​អស់​អ្នក​ដែល​បាន​ស្លាប់​ដោយ​ពុំ​បាន​ទទួល​ឱកាស​នោះ ។ ម្យ៉ាង​ទៀត យើង​អាច​តំណាង​ឲ្យ​ពួកគេ ហើយ​ធ្វើ​សកម្មភាព​ជំនួស​ពួកគេ​បាន ។ ពិធីបរិសុទ្ធ​ដែល​បាន​ធ្វើ​សម្រាប់​អ្នកដទៃ​ត្រូវបាន​ហៅថា ពិធីបរិសុទ្ធ ជំនួស ( ឬ​ពិធីបរិសុទ្ធ តំណាង ) ។ សាវក​ប៉ុល​បាន​បង្រៀន​ពួក​កូរិនថូស​ថា ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​មនុស្ស​ស្លាប់​ត្រូវ​បាន​អនុវត្ត ដោយសារ​តែ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​បាន​រស់ឡើងវិញ​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ( កូរិនថូស ទី១ ១៥:២៩, ៥៥–៥៧ ) ។

គោលលទ្ធិ​នៃ​ពិធីបរិសុទ្ធ​តំណាង​តែងតែ​ជា​ផ្នែកមួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។ តាមពិត ដង្វាយធួន​របស់​ទ្រង់​គឺ​ជា​ទង្វើ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ។ តាមរយៈ​ការពលិកម្ម​របស់ទ្រង់ ទ្រង់​បានធ្វើពលិកម្ម​សម្រាប់​មនុស្ស​ទាំងអស់​ជា​អ្វី​ដែល​យើង​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​យើង ។ ដោយសារ​ទ្រង់ នោះ​យើង​នឹង​រស់​ឡើងវិញ ។ មនុស្ស​ទាំង​អស់គ្នា​នឹង​បានឮ​ដំណឹងល្អ ហើយ​មនុស្ស​ទាំងអស់​គ្នា​នឹង​មាន​ឱកាស​ត្រឡប់​ទៅ​រក​ព្រះវរមាតា​បិតា​សួគ៌​របស់​យើង​វិញ ។

ពិធីបុណ្យ​ជ្រមុជទឹក​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ពិធីបញ្ជាក់ ដែល​បាន​ធ្វើ​សម្រាប់​អ្នក​ដែល​បានស្លាប់​គឺជា​អំណោយទាន​ដែល​ផ្តល់​ឲ្យ​ដោយ​ក្ដី​ស្រឡាញ់ ។ ហើយ​ដោយសារ​យើង​ជឿ​ថា​ជីវិត​បន្ត​បន្ទាប់ពី​សេចក្ដី​ស្លាប់ យើង​ក៏​ជឿ​ថា​អ្នក​ដែល​បាន​ស្លាប់​គឺ​បាន​ដឹង​អំពី​ពិធី​បរិសុទ្ធ​ផងដែរ ។ បន្ទាប់មក​ពួកគេ​អាច​ជ្រើសរើស​ថា​តើ​ត្រូវ​ទទួល​យក ឬ​មិន​ទទួល​យក​ពិធីបរិសុទ្ធ​ទាំងនោះ ។

អាងជ្រមុជទឹក ( ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន យូថាហ៍ )
អាងជ្រមុជទឹក ( ព្រះវិហារ​បរិសុទ្ធ អូហ្គឌិន យូថាហ៍ )

អ្នក​អាច​បម្រើ​អ្នកដទៃ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ

នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ​នីមួយៗ​មាន​កន្លែង​ធ្វើបុណ្យ​ជ្រមុជទឹក​ដែល​មាន​អាងជ្រមុជទឹក​មួយ​យ៉ាង​ធំ ។ អាងជ្រមុជទឹក​នេះ​ដាក់​នៅ​ពី​លើ​ខ្នង​រូប​សំណាក​គោ​ដប់​ពីរ​ក្បាល ដែល​តំណាង​ឲ្យ​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​នៃ​អ៊ីស្រាអែល ។ កិច្ចការ​នេះ​ធ្វើ​តាម​ទំនៀម​ទម្លាប់​មួយ​នា​សម័យកាល​ព្រះវិហារ​បរិសុទ្ធ​របស់​សាឡូម៉ូន​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( សូមមើល របាក្សត្រ ទី២ ៤:២–៤ ) ។ គោ​ក៏​តំណាង​ឲ្យ​កម្លាំង និង​ព្រះចេស្ដា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ផងដែរ ។

សមាជិក​សាសនាចក្រ​ដ៏​ស្មោះត្រង់​អាច​នឹង​ទទួល​បានប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ចាប់ពី​ខែមករា​នៃ​ឆ្នាំ​ដែល​ពួកគេ​ចូល​ដល់​អាយុ ១២ ឆ្នាំ ។ ដើម្បី​ទទួល​បានប័ណ្ណ​ព្រះវិហារបរិសុទ្ធ សូម​ដាក់​កាលវិភាគ​ទទួល « ការសម្ភាសន៍​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ » ជាមួយ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​អ្នក ។ ពេល​នោះ អ្នក​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជទឹក ហើយ​ពិធីបញ្ជាក់​ឲ្យ​អ្នក​​ស្លាប់​បាន ។

ដូចគ្នា​នឹង​ពិធីបុណ្យ​ជ្រមុជទឹក​ផ្ទាល់ខ្លួន​របស់អ្នក​ដែរ អ្នក​នឹង​មាន​កន្លែង​ប្តូរ​សម្លៀកបំពាក់​ឯកជន ដែល​អ្នក​នឹង​ប្តូរ​ទៅ​ជា​សម្លៀក​បំពាក់​ពណ៌​ស ដើម្បី​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក​សម្រាប់​អ្នក​ស្លាប់ ។ បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក អ្នក​នឹង​ត្រឡប់​ទៅ​កន្លែង​ប្តូរ​សម្លៀកបំពាក់​របស់​អ្នក​វិញ ហើយ​ផ្លាស់ទៅ​សម្លៀក​បំពាក់​ស្ងួត ។ បន្ទាប់មក​អ្នក​នឹង​ទៅ​បន្ទប់​ទទួល​ពិធី​បញ្ជាក់​ដែល​នៅដាច់​ដោយ​ឡែក​មួយ​នៅក្នុង​កន្លែង​ធ្វើ​បុណ្យ​ជ្រមុជទឹក​នោះ ។ អ្នក​កាន់​បព្វជិតភាព​នឹង​ដាក់​ដៃ​លើ​ក្បាល​របស់​អ្នក ហើយ​ផ្ដល់​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​សម្រាប់​អស់​អ្នក​ដែល​បាន​ស្លាប់ ។ នៅពេល​ដែល​ពិធីបរិសុទ្ធ​ទាំងនេះ​ត្រូវ​បាន​ធ្វើ​រួចរាល់​ហើយ នោះ​ពួកគេ​អាច​សម្រេចចិត្ត​ថា​តើ​ពួកគេ​ចង់​ទទួលយក​ពិធីទាំងនោះ ឬ​អត់ ។ ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធីបញ្ជាក់​ជំនួស​ត្រូវ​បាន​អនុវត្ត​តែ​នៅក្នុង​ព្រះវិហារបរិសុទ្ធ​ប៉ុណ្ណោះ ។

បន្ទប់​ធ្វើ​ពិធីបញ្ជាក់ ( ព្រះវិហារ​បរិសុទ្ធ មើរីឌាន អៃដាហូ )
បន្ទប់​ធ្វើ​ពិធីបញ្ជាក់ ( ព្រះវិហារ​បរិសុទ្ធ មើរីឌាន អៃដាហូ )

នៅក្នុង​ព្រះវិហារបរិសុទ្ធ អ្នក​ក៏​អាច​មាន​ឱកាស​ពិសេស​ដើម្បី​ជ្រមុជទឹក​សម្រាប់​សមាជិក​គ្រួសារ​ ដែល​បាន​ស្លាប់របស់​អ្នក​ផ្ទាល់​ផងដែរ ។ នៅពេល​អ្នក​ស្រាវជ្រាវ​ពង្សប្រវត្តិ​របស់អ្នក នោះ​អ្នក​នឹង​រកឃើញ​បុព្វការីជន​ជាច្រើន ។ ការទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​បុណ្យជ្រមុជទឹក និង​ពិធី​បញ្ជាក់​សម្រាប់​ពួកគាត់ អាច​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ផ្ទាល់ខ្លួន​មួយ ។

អ្នក​អាច​ផ្តល់​ការបម្រើ​នេះ​សម្រាប់​ឪពុកម្តាយ ជីដូន​ជីតា បងប្អូន មីង ពូ បងប្អូន​ជីដូន​មួយ និង​អ្នកដទៃ​ទៀត ។ ក្រុម​គ្រួសារ​អាច​ត្រូវ​បានពង្រឹង​តាមរយៈ​ទង្វើ​សប្បុរស​នេះ ។ អ្នក​អាច​មាន​អារម្មណ៍​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​គ្រួសារ​របស់អ្នក ហើយ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹងព្រះ ។ អារម្មណ៍​នៃ​ការមាន​ចំណែក​នេះ​អាច​ផ្តល់​ឲ្យ​អ្នក​នូវ​កម្លាំង ការណែនាំ និង​ទំនុកចិត្ត ហើយ​នឹង​ផ្ដល់ពរ​ដល់​អ្នក​តាម​វិធី​ជាច្រើន​រាប់​មិន​អស់ ។ អ្នក​អាច​ស្វែងរក​ភាព​សុខសាន្ត និង​ការយល់ដឹង​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន​របស់អ្នក នៅពេល​អ្នក​ស្វែងរក និង​បម្រើ​ដល់​បុព្វការីជន​របស់​អ្នក ។ អ្នក​នឹង​យល់ ហើយ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​កាន់តែ​ច្បាស់ នៅពេល​អ្នក​ធ្វើ​ឲ្យ​អ្នក​ដទៃ​នូវ​អ្វី​ដែល​ពួកគេ​មិន​អាច​ធ្វើ​សម្រាប់​ខ្លួន​ពួកគេ​បាន​ផងដែរ ។

ការសន្យា​ពិសេស​សម្រាប់​អ្នក

អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍ ៖ « ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​សិក្សា ស្វែងរក​ជីដូនជីតា​របស់​អ្នក ហើយ​រៀបចំ​ខ្លួន​អ្នក​ដើម្បី ធ្វើ​បុណ្យ​ជ្រមុជ​ទឹក​ជំនួស​នៅ​ក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​សម្រាប់ មរណជន របស់​អ្នក ។ នៅពេល​អ្នក​ឆ្លើយតប​ដោយ​សេចក្តី​ជំនឿ​ចំពោះ​ការអញ្ជើញ​នេះ នោះ​ចិត្ត​របស់​អ្នក​នឹង​បាន​បង្វែរ​មក​រក​ពួកឪពុក ។ សេចក្ដីសន្យា​ទាំងឡាយ​ដែល​បាន​ធ្វើ​ដល់ អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប នឹង​ត្រូវ​បាន​បណ្ដុះ​នៅក្នុង​ចិត្ត​របស់​អ្នក ។​… សេចក្ដី​ស្រឡាញ់ និង​អំណរគុណ​របស់​អ្នក​សម្រាប់​បព្វការីជន​​នឹង​កើនឡើង ។ ទីបន្ទាល់ និង​ការផ្លាស់​ប្រែចិត្ត​ជឿ​របស់​អ្នក​ទៅ​លើ​ព្រះអង្គ​សង្គ្រោះ​នឹង​កាន់តែ​ស៊ីជម្រៅ ហើយកាន់​ខ្ជាប់​កាន់តែ​ខ្លាំង ។ ហើយ​ខ្ញុំ​សូម​សន្យា​នឹង​អ្នក​ថា អ្នក​នឹង​ត្រូវបាន​ការពារ​ពី​ឥទ្ធិពលដ៏​ខ្លាំងក្លា​របស់​ពួក​មារសត្រូវ ។ នៅពេល​អ្នក​ចូលរួម និង​ស្រឡាញ់​កិច្ចការ​ដ៏​បរិសុទ្ធ​នេះ នោះ​អ្នក​នឹង​ត្រូវបាន​ការពារ … ពេញមួយ​ជីវិត​របស់​អ្នក » ( « The Hearts of the Children Shall Turn » EnsignLiahona ខែ វិច្ឆកា ឆ្នាំ ២០១១ ទំព័រ ២៦–២៧ ) ។