រៀបចំ​ខ្លួន​សម្រាប់​ព្រះដំណាក់​របស់​ព្រះអម្ចាស់

បង្កើត​បទពិសោធន៍​របស់​អ្នក​ឲ្យកាន់តែ​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន និង​មាន​អត្ថន័យ

រៀបចំ​ខ្លួន​សម្រាប់​ការទៅ​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក

ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ផ្លូវ​នៃ​សេចក្តី​សញ្ញា

« ព្រះវិហារ​បរិសុទ្ធ​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ការពង្រឹង​សេចក្តី​ជំនឿ និង​ភាពរឹងមាំ​ខាង​វិញ្ញាណ​របស់​យើង ពីព្រោះ​ព្រះអង្គ​សង្រ្គោះ និង​គោលលទ្ធិ​របស់​ទ្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ព្រះវិហារ​បរិសុទ្ធ ។ អ្វីៗ​គ្រប់យ៉ាង​ដែល​បាន​បង្រៀន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តាមរយៈ​ការណែនាំ និង​តាមរយៈ​ព្រះវិញ្ញាណ នឹង​បង្កើន​ការយល់​ដឹង​របស់​យើង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ​ដ៏​ចាំបាច់​ទាំងឡាយ​របស់ទ្រង់​ចងភ្ជាប់​យើង​ទៅនឹង​ទ្រង់ តាមរយៈ​សេចក្តី​សញ្ញា​ដ៏​ពិសិដ្ឋ​នៃ​បព្វជិតភាព ។ បន្ទាប់មក នៅពេល​យើង​រក្សា​សេចក្តីសញ្ញា​របស់​យើង នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្ដា​នៃការ​ព្យាបាល ព្រះចេស្ដា​នៃ​ការពង្រឹង​របស់​ទ្រង់ មក​ដល់​យើង » ។ ( ប្រធាន រ័សុល អិម ណិលសុន « ព្រះវិហារ​បរិសុទ្ធ និង​គ្រឹះ​ខាង​វិញ្ញាណ​របស់​បងប្អូន » សន្និសីទ​ទូទៅ ខែ តុលា ឆ្នាំ ២០២១ )

ការទទួល​បាន​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ការគោរព​តាម​សេចក្ដីសញ្ញា​ទាំងឡាយ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការតាំងចិត្ត​របស់​អ្នក​ក្នុង​ការធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ។ វា​ក៏​ជួយ​អ្នក​ឲ្យ​ត្រៀមខ្លួន​ត្រឡប់​ទៅវិញ ហើយ​រស់នៅ​ជាមួយ​ទ្រង់ និង​ព្រះវរបិតាសួគ៌​របស់​យើង​នៅ​ថ្ងៃ​ណាមួយ​ផងដែរ ។ អ្នក​អាច​ធ្វើ​បាន​យ៉ាងច្រើន​ដើម្បី​ធានា​ឲ្យ​បាន​ថា អ្នក​ត្រៀមខ្លួន​ជា​ស្រេច ។ វា​គួរតែ​រួមមាន​នូវ​ការសិក្សា​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការអនុវត្ត​តាម​ការបង្រៀន​ទាំងនោះ​ក្នុង​ជីវិត​របស់​អ្នក ។ ការគោរព​តាម​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​រួច​ហើយ គឺជា​គន្លឹះ​នៃ​ការត្រៀម​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជា​ស្រេច​របស់​អ្នក ។

ព្រះយេស៊ូវ​បាន​បង្រៀន​ថា « តែ​ឯ​ទ្វារ​ដែល​នាំ​ទៅ​ឯ​ជីវិត នោះ​តូច ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ » ( ម៉ាថាយ ៧:១៤ ) ។ ទ្វារ ដែល​យើង​ចូល​គឺជា​ពិធីបុណ្យ​ជ្រមុជទឹក ហើយ ផ្លូវ ដែល​យើង​ដើរ​តាម​គឺជា​ដំណឹងល្អ​របស់​ទ្រង់ ។ ពិធី​បុណ្យ​ជ្រមុជទឹក​គឺជា​ពិធីបរិសុទ្ធ​ទីមួយ​នៃ​ដំណឹងល្អ និង​ជា​ជំហាន​ចាំបាច់​មួយ​នៅលើ​ផ្លូវ​នៃ​សេចក្តីសញ្ញា​ដើម្បី​ត្រឡប់​ទៅកាន់​ព្រះ​វិញ ។

ពិធីបរិសុទ្ធ​ផ្សេង​ទៀត​ក៏​នឹង​ដឹកនាំ​អ្នក​នៅលើ​ផ្លូវ​នោះ​ដែរ ។ ទាំងនេះ​រួម​មាន​ការទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ការតែងតាំង​ឲ្យ​មាន​បព្វជិតភាព​ម៉ិលគីស្សាដែក ( សម្រាប់​បុរស ) ការទទួល​អំណោយទាន​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង​ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដ៏​ពិសិដ្ឋ​ទាំងនេះ​នាំ​ទៅរក​ពរជ័យ​ដ៏​មហិមា​បំផុត ដែល​ព្រះវរបិតាសួគ៌​របស់​យើង​ប្រទាន​ឲ្យ​បុត្រា​បុត្រី​របស់​ទ្រង់—គឺ​អំណរ​នៃ​ការរស់នៅ​ជាមួយ​ទ្រង់ និង​ក្រុមគ្រួសារ​របស់​យើង​បន្ទាប់ពី​ជីវិត​នៅលើ​ផែនដី​នេះ ។

អ្នក​ប្រហែល​ជា​មាន​អារម្មណ៍​មិន​ប្រាកដ​ប្រជា ឬ​ថែម​ទាំង​លើសលប់​ទៀតផង នៅ​ពេល​ដែល​អ្នក​ត្រៀមខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ មុន​ពេល​អ្នក​ទៅ​ជា​លើក​ដំបូង វា​ជា​រឿង​ធម្មតា​ទេ​ដែល​អ្នក​ងឿងឆ្ងល់​ថា តើ​ពិធីការ​ទាំងឡាយ​នៅ​ព្រះវិហារ​បរិសុទ្ធ​នឹង​មាន​លក្ខណៈ​បែប​ណា ។ រឿង​មួយ​ចំនួន​នឹង​ថ្មី​ចំពោះ​អ្នក ប៉ុន្តែ​អ្វី​ដែល​កើត​ឡើង​ភាគច្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​គួរតែ​មាន​អារម្មណ៍​ដូចជា​ធ្លាប់ដឹង​រួច​ទៅហើយ ព្រោះ​អ្វីៗ​ទាំងអស់​ផ្តោត​ទៅលើ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

អ្នក​មិន​ចាំបាច់​ដឹង ឬ​ចងចាំ​អ្វីៗ​ទាំងអស់​នៅពេល​ដែល​អ្នក​ទៅ​ព្រះវិហារ​បរិសុទ្ធ​នោះ​ទេ ។ អ្នកធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​តែងតែ​នៅ​ទីនោះ​ដើម្បី​ជួយ​អ្នក​ជានិច្ច ។ អ្នកស្ម័គ្រចិត្ត​ទាំងនេះ​គឺ​ពេញ​ដោយ​ក្ដីស្រឡាញ់ និង​មាន​ចិត្ត​សប្បុរស ។ ពួកគេ​នៅ​ទីនោះ​ដើម្បី​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ស្វាគមន៍ និង​មាន​ផាសុកភាព​នៅក្នុង​ព្រះដំណាក់​របស់​ព្រះ​អម្ចាស់ ។

ពីព្រោះ​អ្នក​បាន​ជ្រមុជ​ទឹក​រួចហើយ នោះ​អ្នក​បាន​ដឹង​អ្វីមួយ​អំពី​ពិធីបរិសុទ្ធ និង​សេចក្ដី​សញ្ញា​រួច​ទៅហើយ ។ អ្នក​ដឹង​ថា វា​មាន​អត្ថន័យ​ជា​និមិត្តរូប និង​ខាង​វិញ្ញាណ ។ ជាឧទាហរណ៍ អ្នក​បាន​រៀន​ថា ពិធី​បុណ្យ​ជ្រមុជទឹក​តំណាង​ឲ្យ​ការសម្អាត និង​ការកើតឡើង​វិញ ។ អ្នកស្លៀកពាក់​ពណ៌​ស ហើយ​ចូល​ទៅ​ក្នុង​ទឹក ។ អ្នកកាន់​បព្វជិតភាព​ម្នាក់​លើក​ដៃ​ឡើង ហើយ​ពោល​ពាក្យ​នៃ​ពិធីបរិសុទ្ធ​នេះ ។ បន្ទាប់មក អ្នក​ត្រូវបាន​ពន្លិច ( ជ្រមុជ ) ទៅក្នុង​ទឹក ហើយ​បាន​ងើប​ឡើង​ជា​មនុស្ស​ថ្មី ។ អ្នក​មាន​ភាពស្អាតស្អំ និង​បរិសុទ្ធ ហើយ​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​រស់នៅ​ក្នុង​ជីវិត​របស់​អ្នក​ជា​សិស្ស​ដ៏​ស្មោះ​ត្រង់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់ពី​អ្នក​បាន​ជ្រមុជ​ទឹក​ហើយ អ្នក​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​ដាក់​ដៃ​លើ​ក្បាល​របស់​អ្នក ។

នៅពេល​អ្នក​ទទួល​បុណ្យ​ជ្រមុជទឹក អ្នក​ចុះ​សេចក្តីសញ្ញា​មួយ​ជាមួយ​ព្រះ ។ អ្នក​បាន​សន្យា​ថា អ្នក​ព្រម​លើក​ដាក់​មក​លើ​ខ្លួន​អ្នក​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ចងចាំ​ទ្រង់​ជានិច្ច គោរព​តាម​បទបញ្ញត្តិ​របស់​ទ្រង់ ហើយ​បម្រើ​ទ្រង់​ដល់​ទីបញ្ចប់ ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​របស់​ទ្រង់ អ្នក​រំឭក​សេចក្ដី​សញ្ញា​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​របស់​អ្នក និង​សេចក្ដីសញ្ញា​ផ្សេងទៀត​ទាំងអស់​ឡើងវិញ​ជា​និមិត្តរូប នៅពេល​អ្នក​ទទួល​ទាន​សាក្រាម៉ង់ ។

ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​តាម​លំនាំ​ស្រដៀង​គ្នា​នេះ ។ អ្នក​នឹង​ស្លៀក​ពាក់​ពណ៌‑ស ទទួល​ការបង្រៀន​អំពី​ផែនការ​របស់​ព្រះ ហើយ​ចូលរួម​ក្នុង​ពិធីការ​ដែល​ពិសិដ្ឋ និង​ជា​និមិត្តរូប ។ អ្នក​ក៏​នឹង​ទទួល​បាន​ការសន្យា​នូវ​ពរជ័យ​ជាច្រើន​ផងដែរ នៅពេល​អ្នក​ចុះ​សេចក្ដី​សញ្ញា​ដើម្បី​ធ្វើតាម​ការបង្រៀន និង​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ចាំ​ថា អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ចង្អុល​បង្ហាញ​យើង​ទៅកាន់​ព្រះអង្គ​សង្រ្គោះ និង​ព្រះវរបិតាសួគ៌​របស់​យើង ។ អ្វីៗ​គ្រប់យ៉ាង​មាន​គោលបំណង​ដើម្បី​លើក​កម្ពស់ និង​បំផុស​គំនិត ។

ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ

នៅ​ក្នុង​គម្ពីរ​ទំនុកដំកើង យើង​ត្រូវ​បាន​សួរ​ថា « តើ​អ្នក​ណា​នឹង​ឡើង​ទៅ​ឯ​ភ្នំ​នៃ​ព្រះយេហូវ៉ា តើ​អ្នក​ណា​នឹង​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ទ្រង់​បាន ? គឺ​ជា​អ្នក​ដែល​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ( ទំនុក​ដំកើង ២៤:៣–៤ ) ។ ភ្នំ នៃ​ព្រះយេហូវ៉ា​គឺជា​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់ ។ គុណសម្បត្តិ​ពីរ​យ៉ាង​ត្រូវ​បាន​លើក​ឡើង​ដើម្បី​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ—គឺ​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ ។

កាល​និយាយ​អំពី​វគ្គ​បទគម្ពីរ​នេះ អែលឌើរ ដេវីឌ អេ បែដណា បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំសូម​ណែនាំ​ថា ដៃ​ទាំងឡាយ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្អាត​ស្អំ​តាមរយៈ​ដំណើរការ​នៃ​ការសម្រាត​ចោល​ភាព​ជា​មនុស្ស​ខាង​សាច់ឈាម និង​ដោយ​យក​ឈ្នះ​លើ​អំពើបាប និង​ឥទ្ធិពល​អាក្រក់​នៅក្នុង​ជីវិត​របស់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ ដួងចិត្ត​ទាំងឡាយ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ នៅពេល​យើង​ទទួល​ព្រះចេស្ដា​ដ៏រឹង​មាំ​របស់​ទ្រង់​ដើម្បី​ធ្វើ​ល្អ ហើយ​ប្រែក្លាយ​កាន់តែ​ប្រសើរ ។ រាល់​បំណងប្រាថ្នា​ដ៏​ស័ក្ដិសម និង​កិច្ចការ​ល្អ​របស់​យើង ទោះ​វា​ចាំបាច់​យ៉ាង​ណា​ក្ដី ក៏​មិន​អាច​បង្កើត​ឲ្យ​មាន​ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ​បាន​ឡើយ ។ មាន​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​ផ្ដល់​ទាំង ​ព្រះចេស្ដា​លាង​សម្អាត និង​ប្រោសលោះ ដែល​ជួយ​យើង​ឲ្យ​យក​ឈ្នះ​អំពើ​បាប និង ព្រះចេស្ដា​បន្សុទ្ធ និង​ពង្រឹង ដែល​ជួយ​យើង​ឲ្យ​ប្រែក្លាយ​កាន់តែ​ប្រសើរ​ជាង​យើង​ពីមុន ដោយ​ការពឹងផ្អែក​តែ​លើ​កម្លាំង​របស់​យើង​ផ្ទាល់ ។ ដង្វាយធួន​ដ៏​មហិមា​នេះ​គឺ​សម្រាប់​ទាំង​អ្នកមាន​បាប និង​សម្រាប់​អ្នកបរិសុទ្ធ​នៅក្នុង​ចំណោម​យើង​គ្រប់គ្នា » ( « Clean Hands and a Pure Heart » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ៨២ ) ។

នៅពេល​អ្នក​រៀបចំខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ អ្នក​នឹង​ទៅ​ជួប​ប៊ីស្សព​របស់​អ្នក ។ អ្នក​ក៏​នឹង​ជួប​ជាមួយ​ប្រធាន​ស្តេក​របស់​អ្នក​ផង​ដែរ ប្រសិន​បើ​អ្នក​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក ឬ​ធ្វើ​ការផ្សារភ្ជាប់ ។ ពួកគាត់​ម្នាក់ៗ​នឹង​ធ្វើ ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ អ្នក​នឹង​អាច​ចែកចាយ​គំនិត និង​អារម្មណ៍​របស់​អ្នក​ជាមួយ​ពួកគាត់ ហើយ​ពួកគាត់​នឹង​ផ្ដល់​ដំបូន្មាន​ដ៏​បំផុស​គំនិត ។ នៅពេល​អ្នក​ឆ្លើយ​សំណួរ​របស់​ពួកគាត់ អ្នក​ក៏​នឹង​បញ្ជាក់​ថា អ្នក​មាន « ដៃ​ស្អាត និង​ចិត្ត​បរិសុទ្ធ » ផងដែរ ។ និយាយ​ម្យ៉ាង​ទៀត អ្នក​នឹង​បញ្ជាក់​ថា អ្នក​មាន​ភាពស័ក្តិសម និង​ស្ម័គ្រចិត្ត​ចូល​ទៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ និង​គោរពតាម​សេចក្ដី​សញ្ញា​របស់​អ្នក ។

សេចក្តីសញ្ញា​ពិសិដ្ឋ​មាន​លក្ខណៈ​ផ្ទាល់ខ្លួន និង​អានុភាព

នៅពេល​អ្នក​រីកចម្រើន​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ នោះ​អ្នក​នឹង​ចាប់ផ្ដើម​ដឹងគុណ​ចំពោះ​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​ពិសិដ្ឋ​ក្នុង​ជីវិត​របស់​អ្នក​កាន់តែ​ច្រើន​ឡើង ។ នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​ត្រូវ​ពិចារណា​អំពី​សារៈសំខាន់​នៃ​សេចក្ដី​សញ្ញា ៖

១. សេចក្តី​សញ្ញា​ទាំងឡាយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​កាន់តែ​ស៊ីជម្រៅ ។

ជា​ញឹកញាប់ សេចក្តី​សញ្ញា​គឺជា​ការសន្យា​ដ៏​ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ ទោះ​ជា​និយមន័យ​នេះ​ត្រឹមត្រូវ​ក៏​ដោយ ក៏​វា​មិន​ទាន់​ពេញលេញ​​ដែរ ។ សេចក្តី​សញ្ញា​គឺ​លើស​ពី​កិច្ចសន្យា​ទៅ​ទៀត ។ វា​ជា​ការតាំងចិត្ត​ផ្ទាល់ខ្លួន​មួយ​ដែល​កំណត់ និង​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ព្រះ​កាន់តែ​ស៊ីជម្រៅ ។ សេចក្តីសញ្ញា​បង្កើត​ជា​ចំណង​ដ៏​ពិសិដ្ឋ​មួយ​រវាង​ព្រះ និង​បុត្រា​បុត្រី​របស់​ទ្រង់ ។ វា​រំឭក​ខាង​វិញ្ញាណ​របស់​យើង ផ្លាស់ប្តូរ​ដួងចិត្ត​របស់​យើង និង​ជួយ​យើង​ឲ្យ​មាន​សាមគ្គីភាព​ជាមួយ​ទ្រង់ ។ នៅពេល​អ្នក​ស្មោះត្រង់​នឹង​សេចក្ដី​សញ្ញា​របស់​អ្នក នោះ​ភក្ដីភាព​របស់​អ្នក​ចំពោះ​ព្រះ​វរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​រីកចម្រើន​ឡើង ។ អារម្មណ៍​នៃ​ការដឹងគុណ​របស់​អ្នក​នឹង​កើន​ឡើង ។ សមត្ថភាព​របស់​អ្នក​ក្នុង​ការស្រឡាញ់ និង​បម្រើ​អ្នកដទៃ​នឹង​រីកចម្រើន ។ ហើយ​ពរជ័យ​ដែល​បាន​សន្យា​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​ហូរ​ចូល​ទៅក្នុង​ជីវិត​របស់​អ្នក ។

២. សេចក្តី​សញ្ញា​ទាំងឡាយ​ជួយ​អ្នក​ឲ្យ​ផ្ដោត​អារម្មណ៍​លើ​រឿង​ដែល​សំខាន់​បំផុត ។

ក្នុង​អំឡុងពេល​ជីវិត​របស់​អ្នក អ្នក​នឹង​ប្រឈមមុខ​នឹង​ជម្រើស​ដែល​ទាមទារ​ពេលវេលា​របស់​អ្នក ថាមពល និង​ធនធាន​របស់អ្នក ។ ជម្រើស​ល្អៗ​ជា​ច្រើន​នឹង​ប្រកួត​ប្រជែង​ជាមួយ​ជម្រើស​ដែល​មាន​តម្លៃ​ផ្សេង​ទៀត ។ តើ​អ្នក​ជ្រើសរើស​ដោយ​របៀប​ណា ?

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា ៖ « គ្រាន់តែ​ដោយសារតែ​អ្វី​ដែល ល្អ មិនមែន​ជា​ហេតុផល​គ្រប់គ្រាន់​សម្រាប់​ធ្វើវា​នោះ​ទេ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​ប្រសើរ​ជាង​ការ​គ្រាន់​តែ​ល្អ ហើយ​រឿង​ទាំង​នេះ​គួរតែ​ជា​រឿង​ដែល​បញ្ជា​ឲ្យ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​នៅ​ក្នុង​ជីវិត​របស់​យើង ។ … ការប្រើប្រាស់​ពេលវេលា​បុគ្គល និង​គ្រួសារ​មួយ​ចំនួន​គឺ​ប្រសើរ ហើយ​ការប្រើប្រាស់​ផ្សេងទៀត​គឺ​ល្អ​បំផុត ។ យើង​ត្រូវតែ​លះបង់​អ្វីៗ​ដែល​ល្អ ដើម្បី​ជ្រើសរើស​អ្វីៗ​ដែល​ល្អ​ជាង ឬ​ល្អ​បំផុត ពីព្រោះ​អ្វីៗ​ទាំងនោះ​អភិវឌ្ឍ​សេចក្ដី​ជំនឿ​នៅលើ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពង្រឹង​ក្រុមគ្រួសារ​របស់​យើង » ( « Good, Better, Best » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០០៧ ទំព័រ ១០៤, ១០៧ ) ។

តាមរយៈ​សេចក្ដីសញ្ញា ព្រះ​ជួយ​យើង​ឲ្យ​យល់​ពី​គោលការណ៍ ការអនុវត្ត និង​ការសន្យា​ដែល​ទ្រង់​ជ្រាបដឹង​ថា​ល្អ​បំផុត​សម្រាប់​យើង ។ យើង​អាច​ទទួល​បាន​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​អាទិភាព និង​ធ្វើ​ការជ្រើសរើស​ដ៏​ឈ្លាស​វៃ​ជាង​មុន នៅពេល​យើង​ផ្តោត​ជា​មុន​ទៅលើ​ការប្តេជ្ញា​ចិត្ត​ដ៏​ពិសិដ្ឋ​ទាំងនោះ​ដែល​យើង​បាន​ធ្វើ​ជាមួយ​ព្រះ ។

៣. ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​ផ្តល់​ពរជ័យ​ដល់​អ្នក និង​អ្នកដទៃ ។

នៅពេល​អ្នក​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក ឬ​ផ្សារភ្ជាប់​ជាមួយ​ស្វាមី​ភរិយា ឬ​គ្រួសារ​របស់​អ្នក នោះ​អ្នក​នឹង​ចាក​ចេញពី​ព្រះវិហារ​បរិសុទ្ធ​ដោយ​មាន​សេចក្តីសន្យា​ពី​ព្រះអម្ចាស់​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នក ។ វា​មិន​ត្រឹម​តែ​ជា​សេចក្តីសន្យា​ដែល​បាន​ធ្វើ​ឡើង​ចំពោះ​ព្យាការី ឬ​ប្រជាជន​ពី​បុរាណ​មួយ​ចំនួន​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​ជា​សេចក្តី​សន្យា​ដែល​បាន​ធ្វើ​ចំពោះ​អ្នក ។ អ្នក​គួរតែ​ខិតខំ​ស្វែងយល់​ពី​វា និង​អត្ថន័យ​របស់​វា​ក្នុង​ជីវិត​របស់​អ្នក ។

បន្ទាប់ពី​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​សម្រាប់​ខ្លួន​អ្នក​ហើយ អ្នក​អាច​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ជំនួស​អ្នកដទៃ​ដែល​បាន​ស្លាប់​ទៅ ។ អ្នក​មាន​ការទទួល​ខុសត្រូវ​ពិសេស​ដើម្បី​ស្វែងរក​បុព្វការីជន​របស់​អ្នក និង​ធានា​ឲ្យ​បាន​ថា ពួកគាត់​បាន​ទទួល​ពិធីបរិសុទ្ធ​ទាំងឡាយ ។ ការបម្រើ​របស់​អ្នក​នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ពួកគាត់ ហើយ​រំឭក​អ្នក​ពី​កិច្ចសន្យា និង​ពរជ័យ​ផ្ទាល់ខ្លួន​របស់​អ្នក ។

ព្យាយាម​ចងចាំ ហើយ​ត្រឡប់​ទៅ​វិញ

នៅពេល​អ្នក​រៀបចំខ្លួន​ចូលរួម​ក្នុង​ពិធី​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ សូម​ចងចាំ​ថា ព្រះ​គឺជា​ព្រះវរបិតា​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក ហើយ​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះប្រោសលោះ​របស់​អ្នក ។ ទ្រង់​ទាំងទ្វេ​ស្គាល់​អ្នក​ដោយ​ផ្ទាល់ ។ ទ្រង់​ទាំងទ្វេ​ស្រឡាញ់​អ្នក​ខ្លាំង​ណាស់ ។ នៅពេល​អ្នក​គោរពតាម​សេចក្ដីសញ្ញា​របស់​អ្នក អ្នក​នឹង​ទទួល​បាន​ពរជ័យ​ក្នុង​ជីវិត​នេះ និង​ជីវិត​បន្ទាប់​ទៀត ។

តើ​អ្នក​អាច​ចងចាំ​គ្រា​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែរ​ឬ​ទេ ? អារម្មណ៍​ទាំង​នោះ​នឹង​រីកចម្រើន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ញែកចេញ​ពី​ការរំខាន ភាពតានតឹង និង​ឥទ្ធិពល​អវិជ្ជមាន​ទាំងឡាយ​នៃ​ជីវិត ។ នៅ​កន្លែង​ដ៏​បរិសុទ្ធ​នេះ អ្នក​ត្រូវ​បាន​រំឭក​ថា អ្នក និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក​នៅ​ទីនេះ​នៅ​លើ​ផែនដី​នេះ​សម្រាប់​គោលបំណង​ដ៏​ធំ និង​ថ្លៃថ្នូរ​មួយ ។ អ្នក​នឹង​រកឃើញ​សេចក្តី​សុខសាន្ត ការលួងលោម និង​សេចក្តី​សង្ឃឹម​កាន់តែ​ខ្លាំង​ឡើង ។

អ្នក​ក៏​នឹង​រកឃើញ​ថា ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នឹង​ចូល​ទៅក្នុង​ចិត្ត​របស់​អ្នក ហើយ​លើក​ព្រលឹង​អ្នក​ឡើង ។ សូម​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ។ នៅពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​នឹង​យល់​កាន់តែ​ច្រើន​អំពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​មាន​សម្រាប់​អ្នក និង​មនុស្ស​ទាំង​អស់ ។ ទោះបីជា​ក្រោយពី​អ្នក​ចេញពី​ព្រះវិហារ​បរិសុទ្ធ​ហើយ​ក្ដី ក៏​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​បន្ត​បង្រៀន​អ្នក​ដែរ ។ ទ្រង់​នឹង​រំឭក​អ្នក​ពី​អ្វី​ដែល​អ្នក​បាន​ដក​ពិសោធន៍ អ្វី​ដែល​អ្នក​ទទួល​អារម្មណ៍ និង​របៀប​ដែល​អ្នក​អាច​រស់នៅ​ដូច​ព្រះ​ចង់​បាន ។

នៅពេល​អ្នក​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​បរិសុទ្ធ សូម​ចាំ​ថា ព្រះ​ចង់​ឲ្យ​អ្នក​នៅ​ជិត​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​ជា​កន្លែង​ពិសេស​មួយ ដើម្បី​នៅ​ជិត​ទ្រង់ ។ អំណរ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​អ្នក ក៏ជា​អំណរ​របស់​ទ្រង់​ផងដែរ ។ ទ្រង់​ប្រទាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​យើង​ដើម្បី​ដឹកនាំ​យើង​ត្រឡប់​ទៅ​វិញ ។ សូម​ទូល​សុំ​ជំនួយ​របស់​ទ្រង់ នៅពេល​អ្នក​រៀបចំ​ខ្លួន និង​ចែកចាយ​ការធ្វើ​ដំណើរ​របស់អ្នក​ជាមួយ​ទ្រង់ ។ ទ្រង់​នឹង​ដឹកនាំ​អ្នក ។ ទ្រង់​នឹង​បំផុស​គំនិត​ដល់​អ្នក ។ ហើយ​ទ្រង់​នឹង​ជួយ​អ្នក​នៅតាម​ផ្លូវ​នោះ ។