អំពី​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ

អំណោយ​ផ្ទាល់ខ្លួន​របស់​អ្នក​មកពី​ព្រះ

ប្រធាន រ័សុល អិម ណិលសុន បាន​រំឭក​យើង​ថា « រាល់​សកម្មភាព រាល់​មេរៀន​ទាំងអស់​ដែល​យើង​ធ្វើ​នៅក្នុង​សាសនាចក្រ គឺ​នាំ​ទៅរក​ព្រះអម្ចាស់ និង​ព្រះដំណាក់​ដ៏បរិសុទ្ធ​របស់​ទ្រង់ ។ កិច្ច​ខិតខំ​ប្រឹង​របស់​យើង​ដើម្បី​ប្រកាស​ដំណឹងល្អ ការ​ធ្វើឲ្យ​ពួកបរិសុទ្ធ​បាន​ល្អ​ឥតខ្ចោះ និង​ការ​ប្រោសលោះ​មរណជន គឺ​ដឹកនាំ​ទៅរក​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់ ។ ព្រះវិហារ​បរិសុទ្ធ​ដ៏ពិសិដ្ឋ​នីមួយៗ​ឈរ​ជា​និមិត្ត​សញ្ញា​មួយ​នៃ​សមាជិកភាព​របស់​យើង​នៅក្នុង​សាសនាចក្រ ជា​ទីសម្គាល់​មួយ​នៃ​សេចក្ដី​ជំនឿ​របស់​យើង​ទៅលើ​ជីវិត​បន្ទាប់ពី​សេចក្ដី​ស្លាប់ និង​ជា​ជំហាន​ដ៏ពិសិដ្ឋ​មួយ​ឆ្ពោះ​ទៅកាន់​សិរីល្អ​ដ៏​អស់កល្ប​ជានិច្ច​សម្រាប់​ពួកយើង និង​ក្រុមគ្រួសារ​របស់​យើង » ( « Personal Preparation for Temple Blessings » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៣២; Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៣៧ ) ។

មាន​តែ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ប៉ុណ្ណោះ ទើប​យើង​អាច​ធ្វើ​សេចក្ដីសញ្ញា​ដ៏​ពិសិដ្ឋ​ ​រួមមានទាំង​ការសន្យា​អំពី​ជីវិត​ដ៏​អស់កល្ប​ជានិច្ច​នៅក្នុង​នគរ​ព្រះ ដែល​ជា « អំណោយទាន​ដ៏​មហិមា​បំផុត​នូវ​គ្រប់​អំណោយទាន​ទាំងឡាយ​នៃ​ព្រះ » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ១៤:៧ ) ។ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​តែងតែ​មាន​ចំណែកនៅក្នុង​​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងនោះ​ពង្រឹង​ដល់​ទំនាក់ទំនង​ដ៏​ទេវភាព ហើយ​ជួយ​យើង​ឲ្យ​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ ដង្វាយធួន​របស់​ទ្រង់ និង​ការប្តេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់ ។

ការទទួល​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​អ្នក​គឺជា​បទពិសោធន៍​ផ្ទាល់ខ្លួន​បំផុត​មួយ ។ ការរៀបចំ​ខ្លួន​សម្រាប់​អំណោយទាន​ពិសិដ្ឋ​នឹង​ធ្វើឲ្យ​វា​កាន់តែមាន​អត្ថ​ន័យ ។ សមាជិក​សាសនាចក្រ​ជាច្រើន​រូប​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ មុនពេល​ចេញ​បេសកកម្ម ឬ​រៀប​អាពាហ៍ពិពាហ៍ ។ សមាជិក​ផ្សេងទៀត​មាន​បំណង​ប្រាថ្នា​យ៉ាង​មុតមាំ ដើម្បី​ឈាន​ទៅមុខ​នៅលើ​​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ប៊ីស្សព និង​ប្រធាន​សាខា​គួរតែ​លើក​ទឹកចិត្ត និង​ប្រឹក្សា​ជាមួយ​សមាជិក​មជ្ឈិមវ័យ​ទាំងឡាយ ដែល​មាន​បំណង​ចង់​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ ។ វា​សំខាន់​ណាស់ដើម្បី​ដឹង​ថា អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​គឺ​វាលើសពី​ការបោះ​ជំហាន​​ទៅ​មុខ វាគឺ​ជា​ផ្នែក​ដ៏​ចាំបាច់ និង​ដ៏​រុងរឿង​មួយ​នៃ​ដំណើរ​ដ៏​អស់កល្ប​ជានិច្ច​របស់​អ្នក ។

អំណោយទាន​ពិសិដ្ឋ គឺ​ជា « អំណោយ » ដ៏​ពិតប្រាកដ ។ នៅក្នុង​បរិបទ​នេះ អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​អំណោយ​នៃ​ពរជ័យ​ដ៏​ពិសិដ្ឋ​មកពី​ព្រះ​ដល់​ពួកយើង​ម្នាក់ៗ ។ អំណោយទាន​ពិសិដ្ឋ​អាច​ទទួល​បាន​តែ​តាម​របៀប​របស់​ទ្រង់ និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ទ្រង់​ប៉ុណ្ណោះ ។ អំណោយទាន​មួយ​ចំនួន​ដែល​អ្នក​ទទួល​បាន​តាមរយៈ​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​រួម​មាន ៖

  1. ចំណេះដឹង​ដ៏​អស្ចារ្យ​អំពី​ព្រះរាជ​បំណង និង​ការបង្រៀន​របស់​ព្រះអម្ចាស់ ។

  2. អំណាច​ដើម្បី​ធ្វើ​រឿង​គ្រប់យ៉ាង​ដែល​ព្រះ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ ។

  3. ការណែនាំ និង​ការការពារ​របស់​ព្រះ នៅពេល​យើង​បម្រើ​ព្រះអម្ចាស់ ក្រុមគ្រួសារ​យើង និង​មនុស្ស​ដទៃ ។

  4. សេចក្ដី​សង្ឃឹម ការលួងលោម​ចិត្ត និង​ភាព​សុខសាន្ត​កើនឡើង ។

  5. ពរជ័យ​ដែល​បាន​សន្យា​នៅពេល​នេះ និង​ជា​និរន្តរ៍ ។

សមាជិក​សាសនាចក្រ​ដែល​មាន​អាយុ​យ៉ាង​តិច ១៨ ឆ្នាំ ( ហើយ​ឈប់​រៀន​នៅ​វិទ្យាល័យ ឬ​អនុវិទ្យាល័យ ) អាច​នឹង​ទទួល​អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​បាន ប្រសិនបើ​ពួកគេ​ស្មោះត្រង់ និង​ត្រៀមខ្លួន​រួច​ជាស្រេច​នោះ ។ ដោយសារ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺ​ពិសិដ្ឋ និង​មាន​សារៈសំខាន់​ដ៏​អស់កល្ប​ជានិច្ច នោះ​ព្រះអម្ចាស់​បាន​កំណត់​បទដ្ឋាន​សម្រាប់​អស់​អ្នក​ដែល​ចង់​ទទួល​បាន​វា ។ សមាជិក​ក៏​ត្រូវតែ​អាច​យល់ពី​កាតព្វកិច្ច​ដ៏មុតមាំ ដែល​ពួកគេ​នឹង​ទទួល​យក នៅពេល​ពួកគេ​ចុះ​សេចក្តីសញ្ញា​ជាមួយ​នឹង​ព្រះ​ផងដែរ ។

ការរៀបចំ​ខ្លួន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​នឹង​រួមមាន​ការធ្វើតាម​ការបង្រៀន​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ការខិតខំ​រក្សា​សេចក្ដីសញ្ញា​ដែល​អ្នក​បាន​ធ្វើ​នៅឯ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ អ្នក​រំឭក​សេចក្ដីសញ្ញា​របស់​អ្នក នៅ​គ្រប់​ពេល​ដែល​អ្នក​ទទួលទាន​សាក្រាម៉ង់ ។ អ្នក​នឹង​មាន​ឱកាស​ជួប​ជាមួយ​ប៊ីស្សព​របស់​អ្នក ហើយ​បន្ទាប់​មក​ប្រធាន​ស្ដេក​របស់​អ្នក​សម្រាប់ ការសម្ភាស​ទទួល​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ ។ បទដ្ឋាន​នៃ​ការចូល​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​នឹង​ត្រូវបាន​ពិភាក្សា​នៅ​អំឡុង​ពេល​សម្ភាសន៍ ។ ពួកគាត់​នឹង​សួរ​អ្នក​នូវ​សំណួរ​ទាំងឡាយ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ព្យាការី​ដែល​នៅរស់​របស់​ទ្រង់ និង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ទ្រង់ ។ ចម្លើយ​របស់​អ្នក​នឹង​បញ្ជាក់​ថា អ្នក​កំពុង​ខិតខំ​គោរពព្រះបញ្ញត្តិ​របស់​ព្រះ ហើយ​ធ្វើតាម​ព្រះយេស៊ូវ​គ្រីស្ទ ។ បន្ទាប់​មក ប្រធាន​ស្ដេក​របស់​អ្នក​នឹង​អាច​ចេញ​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​ជូន​ឲ្យអ្នក ដែល​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​ទទួល​បាន​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក ។

ទិដ្ឋភាព​ទូទៅ​នៃ​អំណោយទាន​ពិសិដ្ឋ

នៅពេល​អ្នក​ចូលរួម​ក្នុង​សាសនាចក្រ នោះ​អ្នក​បាន​ទទួល​ពិធីបរិសុទ្ធ​ចំនួន​ពីរ—គឺ​ពិធី​បុណ្យ​ជ្រមុជ​ទឹក និង​ពិធី​បញ្ជាក់ ។ ដូចគ្នា​នេះ​ដែរ អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ក៏​ទទួល​ជា​ពីរ​ផ្នែក​ផងដែរ ។

នៅក្នុង​ផ្នែក​ទីមួយ អ្នក​នឹង​ទទួល​បាន​អ្វី​ដែល​ហៅថា ពិធីបរិសុទ្ធ​លាង​ជម្រះ ដែល​មាន​លក្ខណៈ​ឯកជន និង​ផ្ទាល់ខ្លួន ។ ពិធីបរិសុទ្ធ​ទាំងនេះ​រួមមាន​នូវ​ពរជ័យ​ពិសេស​នានា ដែល​ទាក់ទង​នឹង​កេរដំណែល និង​សក្តានុពល​ដ៏​ទេវភាព​របស់​អ្នក ។ ជា​ផ្នែក​មួយ​នៃ​ពិធីបរិសុទ្ធ​ទាំងនេះ អ្នក​ក៏​នឹង​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​ពាក់​សម្លៀក​បំពាក់​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​ពិសិដ្ឋ និង​ទទួល​បាន​ការណែនាំ​អំពី​របៀប​ស្លៀកពាក់​វា​ពេញ​មួយ​ជីវិត​របស់​អ្នក​ផងដែរ ។

នៅ​ផ្នែក​ទីពីរ អ្នក​នឹង​ទទួល​បានអ្វីៗ​ផ្សេងទៀត​ទាក់ទង​នឹង​អំណោយទាន​ពិសិដ្ឋ​របស់​អ្នក​នៅក្នុង​មជ្ឈដ្ឋាន​ជា​ក្រុម​មួយ ។ ការណ៍​នេះ​ធ្វើឡើង​នៅក្នុង​បន្ទប់​ណែនាំ​មួយ​ជាមួយ​អ្នកដទៃ​ទៀត ដែល​កំពុង​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ ។ អំណោយទាន​ពិសិដ្ឋ​មួយ​ចំនួន​ត្រូវបាន​បង្ហាញ​តាមរយៈ​វីដេអូ ហើយ​អំណោយទាន​មួយ​ចំនួន​ទៀត​ត្រូវបាន​បង្ហាញ​ដោយ​អ្នកធ្វើ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ នៅ​អំឡុង​ពិធីបរិសុទ្ធ នឹង​មាន​បង្ហាញ​ព្រឹត្តិការណ៍​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ វា​រួមមាន​ការបង្ក​បង្កើត​ពិភពលោក ការធ្លាក់​របស់​លោក​អ័ដាម និង​នាង​អេវ៉ា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ការក្បត់​សាសនា និង​ការស្តារ​ឡើងវិញ ។ អ្នក​ក៏​នឹង​រៀន​បន្ថែម​ទៀត​អំពី​របៀប​ដែល​មនុស្ស​ទាំងអស់​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះអម្ចាស់​វិញ​ផងដែរ ។

ព្រះវិហារ​បរិសុទ្ធ គិលបឺត អារីហ្សូណា បន្ទប់​អំណោយទាន​ពិសិដ្ឋ

នៅ​អំឡុង​ពិធីបរិសុទ្ធ​អំណោយទាន​ពិសិដ្ឋ​ទាំងនេះ អ្នក​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចុះ​សេចក្ដីសញ្ញា​មួយ​ចំនួន​ជាមួយ​នឹង​ព្រះ ។ សេចក្ដីសញ្ញា​ទាំងនេះ​រួមមាន ៖

  • ក្រឹត្យវិន័យ​នៃ​ការគោរព​ប្រតិបត្តិ ដែល​រួមមាន​ការខិតខំ​ដើម្បី​រក្សា​ព្រះបញ្ញត្តិ​របស់​ព្រះ ។

  • ក្រឹត្យវិន័យ​នៃ​យញ្ញបូជា ដែល​មាន​ន័យ​ថា ការធ្វើ​អ្វីៗ​ទាំងអស់​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​គាំទ្រ​ដល់​កិច្ចការ​របស់​ព្រះអម្ចាស់ និង​ការប្រែចិត្ត​ដោយ​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់ទាប ។

  • ក្រឹត្យវិន័យ​នៃ​ដំណឹងល្អ គឺ​ជា​ក្រឹត្យវិន័យ​ជាន់ខ្ពស់ ដែល​ទ្រង់​បាន​បង្រៀន​ កាល​ទ្រង់​គង់​នៅលើ​ផែនដី​នេះ ។

  • ក្រឹត្យវិន័យ​នៃ​​ព្រហ្មចារីភាព ដែលមាន​ន័យ​ថា យើង​មាន​ទំនាក់ទំនង​ផ្លូវភេទ​តែ​ជាមួយ​នឹង​មនុស្ស​ដែល​ពួកយើងបាន​រៀបការ​ពេញ​ច្បាប់ និង​ស្របតាម​ក្រឹត្យវិន័យ​របស់​ព្រះ​ប៉ុណ្ណោះ ។

  • ក្រឹត្យវិន័យ​នៃ​ការថ្វាយ ដែល​មាន​ន័យ​ថា ជាការថ្វាយ​ពេលវេលា ទេពកោសល្យ និង​អ្វីៗ​ទាំងអស់​របស់​យើង ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​យើង ដើម្បី​ស្ថាបនា​សាសនាចក្រ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅលើ​ផែនដី​នេះ ។

សេចក្តីសញ្ញា​ទាំងអស់​ជាមួយ​នឹង​ព្រះ​មាន​បំណង​ដើម្បី​ចងភ្ជាប់ ។ នៅពេល​អ្នក​រក្សា​សេចក្ដីសញ្ញា​របស់​អ្នក ហើយ​ប្រែចិត្ត​ពី​ភាពមិន​ល្អ​ឥតខ្ចោះ​របស់​អ្នក នោះ​ទំនាក់ទំនង​របស់​អ្នក​ជាមួយ​ទ្រង់​នឹង​រឹងមាំ​ឡើង ហើយ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក​កាន់តែ​ពេញលេញ​ថែមទៀត ។ ទំនាក់ទំនង​របស់​អ្នក​ជាមួយ​នឹង​ព្រះអង្គ​សង្គ្រោះ​ក៏​កាន់តែ​ជិតស្និទ្ធ និង​កាន់តែ​មាន​អត្ថន័យ​ផងដែរ ។ អ្នក​ដែល​រក្សា​សេចក្ដីសញ្ញា​ទទួល​បាន​នូវ​អំណាច​របស់​ព្រះ​ និង​សេចក្ដី​ស្រឡាញ់ ភាព​សុខសាន្ដ ការលួងលោម ព្រមទាំង​អំណរកាន់តែ​ខ្លាំង​ឡើង​ផងដែរ ។ ព្រះ​សន្យា​ថា អស់​អ្នក​ដែល​រក្សា​សេចក្ដីសញ្ញា​របស់​ខ្លួន នឹង​មាន​ឱកាស​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​នឹង​ទ្រង់​វិញ​ជារៀង​រហូត ។

ប្រធាន រ័សុល អិម ណិលសុន ពន្យល់​ថា « ការចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះ​ផ្លាស់ប្តូរ​ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់​ជារៀង​រហូត ។ វា​ផ្តល់​ពរ​ដល់​យើង​នូវ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​ករុណា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៀត ។ វា​ជះ​ឥទ្ធិពល​លើ​យើង និង​របៀប​ដែល​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ប្រែក្លាយ​ជា​បុគ្គល​ដែល​យើង​អាច​ប្រែក្លាយ » ។ ដោយសារ​តែ​សេចក្ដី​សណ្ដោស​ដ៏ពេញ​ដោយ​ក្ដីស្រឡាញ់​ដល់អស់​អ្នក​ដែល​បាន​ចុះ​សេចក្តីសញ្ញា​ជាមួយ​ទ្រង់ « នោះ​ទ្រង់​នឹង​ស្រឡាញ់​ពួកគេ ។ ទ្រង់​នឹង​បន្ត​ធ្វើការ​ជាមួយ​ពួកគេ ហើយ​ប្រទាន​ឱកាស​ឲ្យ​ពួកគេ​ផ្លាស់ប្តូរ ។ ទ្រង់​នឹង​អភ័យទោស​ដល់​ពួកគេ នៅពេល​ពួកគេ​ប្រែចិត្ត ។ ហើយ​នៅពេល​ពួកគេ​វង្វេងផ្លូវ ទ្រង់​នឹង​ជួយ​ពួកគេ​រកផ្លូវ​ត្រឡប់​ទៅកាន់​ទ្រង់​វិញ » ( « សេចក្តីសញ្ញា​ដ៏​នៅ​អស់កល្ប​អស់កាល​ជានិច្ច » លីអាហូណា ខែ តុលា ឆ្នាំ ២០២២ ) ។

នៅ​ចុង​បញ្ចប់​នៃ​អំណោយទាន​ពិសិដ្ឋ នៅពេល​ពួកគេ​ចូល​ទៅក្នុង​បន្ទប់​សេឡេស្ទាល វាតំណាងឲ្យអ្នកចូលរួម​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះអម្ចាស់​វិញ ។ នៅ​ទីនោះ អ្នក​អាច​ចំណាយ​ពេលវេលា​ដើម្បី​ពិចារណា អធិស្ឋាន អាន​ព្រះគម្ពីរ ឬ​ចែកចាយ​គំនិត​របស់​អ្នក​ដោយ​ស្ងៀមស្ងាត់​ជាមួយ​គ្រួសារ និង​មិត្តភក្តិ ។ វា​ជា​កន្លែង​មួយ​នៃ​ភាព​សុខសាន្ត ដែល​អ្នក​អាច​ទទួល​បាន​ការលួងលោម និង​ការណែនាំ​ពី​ព្រះ​ផងដែរ ។

មនុស្ស​ទាំងអស់​ដែល​ចូលរួម​ក្នុង​ពិធី​អំណោយទាន​ពិសិដ្ឋ ត្រូវបាន​លើក​ទឹកចិត្ត​ឲ្យ​យកចិត្ត​ទុកដាក់​លើ​អ្វី​ដែល​កំពុង​បង្រៀន ។ បទពិសោធន៍​របស់​អ្នក​នឹង​មានកាន់តែ​ពេញ​លេញ នៅពេល​អ្នក​ទៅ​ដោយ​មាន​បំណង​ដើម្បី​ទទួល​ការបង្រៀន​មកពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​កុំ​បារម្ភ​ថា​ត្រូវ​ចង​ចាំ ឬ​ការយល់អំពី​អ្វីៗ​ទាំងអស់​នៅលើក​ដំបូង​ឡើយ ។ អ្នកធ្វើការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នឹង​នៅ​ទីនោះដើម្បី​ជួយ​ដល់​អ្នក​ជានិច្ច​ ។ វា​មិន​មែន​ជា​ការប្រឡង​នោះ​ទេ ប៉ុន្តែ​វា​ជា​ឱកាស​ដើម្បី​មាន​អារម្មណ៍​កាន់តែ​ជិតស្និទ្ធ​នឹង​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ផ្ដោតលើ​អំណរ​នៃ​ការស្ថិត​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ​ដែល​អ្នក​ទទួលនៅទីនោះ ។

ព្រះវិហារ​បរិសុទ្ធ ហ្វត ឡឌើរដេល ហ្លូរីដា បន្ទប់​អំណោយទាន​ពិសិដ្ឋ

ការខិត​ទៅ​កាន់តែ​ជិតនឹង​ព្រះអម្ចាស់

អំណោយទាន​ពិសិដ្ឋ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​គឺជា​ជំហាន​ដ៏​ចាំបាច់​មួយ ដើម្បី​ឆ្ពោះ​ទៅរក​សេចក្ដី​សង្គ្រោះ និង​ត្រឡប់​ទៅកាន់​ព្រះវរបិតា​សួគ៌​វិញ ។ វា​ក៏​ជា​ពេលវេលា​ដើម្បី​ចូលទៅ​កាន់តែ​ជិត​នឹងព្រះយេស៊ូវ​គ្រីស្ទ—ដើម្បី​ស្គាល់​ទ្រង់​កាន់តែ​ច្បាស់ ហើយ​ធ្វើតាម​គំរូ​របស់​ទ្រង់​ផងដែរ ។ ពិត​ណាស់ ពរជ័យ​ដែល​បាន​សន្យា​ទាំងអស់​នៃ​អំណោយទាន​ពិសិដ្ឋ គឺ​អាស្រ័យ​ទៅលើ​ភាពស្មោះត្រង់​របស់​យើង ។

បន្ទាប់ពី​អ្នក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​ផ្ទាល់ខ្លួន​របស់​អ្នក​ហើយ សូម​ត្រឡប់​ទៅ​ព្រះវិហារ​បរិសុទ្ធ​វិញ​ឲ្យបាន​ញឹកញាប់​តាម​ដែល​អ្នក​អាច​ធ្វើទៅ​បាន ។ នៅពេល​អ្នក​ធ្វើ​ដូច្នោះ អ្នក​អាច​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​លាង​ជម្រះ និង​អំណោយទាន​ពិសិដ្ឋ​សម្រាប់​បុព្វការីជន និង​អ្នកដទៃ​ទៀត​ដែល​បាន​ទទួល​មរណភាព ។ ដូច​ពិធីបរិសុទ្ធ​ផ្សេងទៀត​ទាំងអស់​ដែល​បាន​ធ្វើ​ឡើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ដែរ អ្នក​ដែល​បាន​ទទួល​មរណភាព​ហើយ នឹង​ដឹងពី​ការបម្រើ​របស់​អ្នក ហើយ​អាច​ជ្រើសរើស​ថា តើ​ត្រូវ​ទទួល​យក​អ្វី​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ពួកគាត់​ដែរ​ឬក៏​អត់ ។

ការចូលរួម​របស់​អ្នក​ក៏​អនុញ្ញាត​ឲ្យ​អ្នក​មាន​ឱកាស​ស្តាប់​នូវ​ពរជ័យ ការណែនាំ និង​សេចក្ដីសញ្ញា​ម្ដងទៀត​ផងដែរ ។ នៅពេល​អ្នក​ចូលរួម​ក្នុង​ព្រះវិហារ​បរិសុទ្ធ អ្នក​នឹង​កត់​សម្គាល់​ឃើញ​របៀប​បន្ថែម​ទៀត ដែល​អំណោយទាន​ពិសិដ្ឋ​ទាក់ទង​ទៅនឹង​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ហើយ​ប្រទាន​ពរ​ដល់​ជីវិត​របស់​អ្នក ។ អ្វី​ដែល​អ្នក​រៀន និង​មាន​អារម្មណ៍ នឹង​បង្ហាញ​កាន់តែ​ច្បាស់​ឡើង និង​មាន​តម្លៃ​កាន់តែ​ខ្លាំង​ឡើង​ចំពោះ​អ្នក ក្នុង​កាលដែល​​ពេលវេលា​កន្លង​ទៅ ។ នៅពេល​អ្នក​មក​ចូលរួម អ្នក​នឹង​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ហើយ​ទទួល​បាន​ការរំឭក​អំពី​អ្វី​ដែល​សំខាន់​បំផុត ។