ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន
ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ


« ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ ( ឆ្នាំ ២០២៣ )

« ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ » ជំនាញ​អភិវឌ្ឍន៍​គ្រូបង្រៀន ៖ ផ្តោត​លើ​ព្រះយេស៊ូវគ្រីស្ទ

ជួយ​សិស្ស​ឲ្យ​មក​កាន់​ព្រះយេស៊ូវគ្រីស្ទ

ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

ជំនាញ

សេចក្តី​ថ្លែងការណ៍​ដែល​ជួយ​សិស្ស​ឲ្យ​ដឹង និង​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
សិស្ស​នៅ​ក្នុង​ថ្នាក់​រៀន

កំណត់​និយមន័យ

នៅ​គ្រប់​មេរៀន​ទាំងអស់ អ្នក​មាន​ឱកាស​ជាច្រើន​ដើម្បី​ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។ ឱកាស​ដ៏ល្អ​បំផុត​មួយ​ចំនួន​កើត​មាន​ឡើង បន្ទាប់ពី​សិស្ស​បាន​ចែកចាយ​នូវ​ការយល់ដឹង ឬ​អារម្មណ៍​របស់​ពួកគេ ។ ក្នុង​ពេល​នោះ គ្រូបង្រៀន​អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​ផ្តោត​លើ​សេចក្តី​ស្រឡាញ់ និង​គុណ​លក្ខណៈ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

សេចក្តី​ថ្លែងការណ៍​ទាំងនេះ​នឹង​ជួយ​សិស្ស​ឲ្យ​ស្គាល់​ពី​ព្រះទ័យ​របស់​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​មាន​ចំពោះ​ពួកគេ អារម្មណ៍​របស់​ពួកគេ​ចំពោះ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ឬ​ទាំងពីរ ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នេះ អ្នក​អាច​សង្កត់ធ្ងន់ ថ្លែង​ទី​បន្ទាល់ ឬ​ភ្ជាប់​នូវ​អ្វី​ដែល​សិស្ស​ទើប​បាន​ចែកចាយ​ទាក់ទង​នឹង​គុណលក្ខណៈ ឬ​សេចក្តី​ពិត​អំពី​សេចក្តី​ស្រឡាញ់​របស់​ព្រះ និស្ស័យ​នៃ​ព្រះ និង​ព្រះទ័យ​របស់​ព្រះ​ចំពោះ​បុត្រា​បុត្រី​របស់​ទ្រង់ ។ សេចក្តី​ថ្លែងការណ៍​ទាំងនេះ​បង្កើត​នូវ​ឱកាស​បន្ថែម​ទៀត​ដើម្បី​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​សាក្សី​ដល់​សិស្ស ប្រាប់​អំពី​តម្លៃ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ចំពោះ​ព្រះវបិតា​របស់​ពួកគេ​ដែល​គង់​នៅ​ស្ថានសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ ។

គំរូ

  • មែហ្គី ចែកចាយ​ថា នាង​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​នាង ។ បន្ទាប់​មក គ្រូបង្រៀន​ធ្វើ​ការតាមដាន​ជាមួយ​សេចក្តី​ថ្លែងការណ៍​នេះ « បទពិសោធន៍​នោះ​គឺជា​ភស្តុតាង​ថា ព្រះវរបិតាសួគ៌​ស្គាល់​ប្អូន​ថា​ជា​នរណា » ។

  • ចេដ៏ ចែកចាយ​ថា នាង​មាន​អារម្មណ៍​ថា ព្រះវិញ្ញាណ​ស្តីបន្ទោស​នាង​អំឡុង​សន្និសីទ​ដែល​មិន​បាន​អាន​ព្រះគម្ពីរ​របស់​នាង​បន្ថែម​ទៀត ។ បន្ទាប់​មក គ្រូបង្រៀន​ឆ្លើយ​តប​ថា « សូម​អរគុណ​ប្អូន​ដែល​បាន​រំឭក​យើង​ទាំង​អស់​គ្នា​ថា ទ្រង់​ចង់​ចូលរួម​ក្នុង​ជីវិត​របស់​យើង » ។

  • ហេ ស៊ូ ចែកចាយ​នូវ​ការយល់ដឹង​ដែល​គាត់​ទទួល​បាន នៅពេល​កំពុង​អាន​ព្រះគម្ពីរ​របស់​គាត់ ។ គ្រូបង្រៀន​ឆ្លើយ​តប​ថា « គំនិត​យោបល់​របស់​ប្អូន​បាន​បង្រៀន​យើង​ឲ្យដឹង​ថា ព្រះ​មាន​ព្រះទ័យ​សប្បុរស និង​ទន់ភ្លន់​ខ្លាំង​ណាស់ » ។

  • ព្រិកហាំ បង្ហាញ​ពី​អារម្មណ៍​ខកចិត្ត​របស់​គាត់ ព្រោះ​គាត់​មិនមាន​ពេល​គ្រប់គ្រាន់​ក្នុង​ការអាន​ព្រះគម្ពីរ​របស់​គាត់ ។ បន្ទាប់​មក គ្រូបង្រៀន​ឆ្លើយ​តប​ថា « យើង​អាច​ដឹង​បាន​ថា ប្អូន​ស្រឡាញ់​ទ្រង់​ប៉ុណ្ណា ដោយសារតែ​បំណង​ប្រាថ្នា​របស់​ប្អូន​ដើម្បី​ធ្វើតាម​ទ្រង់ » ។

  • អេដាលីន ចែកចាយ​អារម្មណ៍​របស់​នាង​បន្ទាប់​ពី​ការអាន គោលលទ្ធិ និង​សេចក្តីសញ្ញា ១៨:១០ ។ បន្ទាប់​មក គ្រូបង្រៀន​និយាយ​ថា « ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា ព្រលឹង​របស់​ប្អូន​គឺ​មហិមា​ណាស់​ចំពោះ​ទ្រង់ » ។

អនុវត្ត

សូម​បង្កើត​សេចក្តី​ថ្លែងការណ៍​មួយ ដែល​អាច​ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ទទួល​អារម្មណ៍​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

  • ប៉្រូកឃ្លីន ចែកចាយ​ថា វគ្គ​មួយ​ក្នុង​ចំណោម​វគ្គ​ដែល​នាង​ចូលចិត្ត​ក្នុង​បទ « ខ្ញុំ​ដឹង​ថា​ព្រះប្រោស​លោះ​ខ្ញុំ​នៅ​រស់ » គឺ « ទ្រង់​រស់​ដើម្បី​ជូត​ទឹកភ្នែក​ខ្ញុំ » ។

  • ថូម៉ាស ចែកចាយ​ថា ពីមុន​ការលែងលះ​របស់​ឪពុក​ម្តាយ​គាត់ គ្រួសារ​របស់​គាត់​មាន​ការឈ្លោះ​គ្នា​ជាច្រើន​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ ។ នៅពេល​ដែល​គាត់​អធិស្ឋាន នោះ​គឺ​ជា​ពេល​តែ​មួយ​គត់​ដែល​គាត់​នឹង​មាន​អារម្មណ៍​សុខសាន្ត និង​ការលួងលោម ។

  • បន្ទាប់​ពី​អាន​អំពី​ការញែក​សមុទ្រ​ក្រហម​ជា​ពីរ​ហើយ ព្រីសៀលឡា និយាយ​ថា « ខ្ញុំ​គិតៗ​ទៅ វា​អស្ចារ្យ​ណាស់​ដែល​ព្រះ​បាន​ធ្វើ​បែប​នោះ​សម្រាប់​ម៉ូសេ និង​កូនចៅ​អ៊ីស្រាអែល » ។

ពិភាក្សា ឬ​សញ្ជឹងគិត

  • តើ​មាន​តម្លៃ​អ្វីខ្លះ​ក្នុង​ការធ្វើ​សេចក្តី​ថ្លែងការណ៍​ដែល​ជួយ​ឲ្យ​សិស្ស​ទទួល​អារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ?

  • ហេតុអ្វី​បានជា​ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ប្រភេទ​ទាំងនេះ​ទុកជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​ការរៀន​សូត្រ ?

រួម​បញ្ចូល

  • សូម​ចំណាយ​ពេល ៥ នាទី​បន្ទាប់​ពី​ថ្នាក់​នីមួយៗ​ដែល​អ្នក​បង្រៀន​សម្រាប់​សប្តាហ៍​បន្ទាប់ ហើយ​សរសេរ​សេចក្តី​ថ្លែងការណ៍​ដែល​អ្នក​អាច​និយាយ​បាន​ដោយ​ផ្អែក​លើ​អ្វី​ដែល​សិស្ស​បាន​ចែកចាយ ។ សម្រាប់​សប្តាហ៍​ក្រោយ សូម​ព្យាយាម​ធ្វើ​សេចក្តី​ថ្លែងការណ៍​ស្រដៀង​គ្នា​នេះ​អំឡុង​មេរៀន ។

តើ​ចង់​បាន​បន្ថែម​ទៀត​ទេ ?

  • « ផ្ដោត​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ » ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ( ឆ្នាំ ២០២២ ) ទំព័រ ៥–៩

  • ឆាដ អេច វិប « Above All Things » ( ការ​ចាក់ផ្សាយ​អំពី​ការបំពាក់បំប៉ន​​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន​សាសនា​ប្រចាំឆ្នាំ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។