ការ ផ្សាយ ប្រចាំ ឆ្នាំ
« ហួស​ពី​អស់​ទាំង​អ្វីៗ​ទៅ​ទៀត »


« ហួស​ពី​អស់​ទាំង​អ្វីៗ​ទៅ​ទៀត »

ការចាក់ផ្សាយ​ការបំពាក់​បំប៉ន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ• ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ • អគារ​ការិយាល័យ​សាសនាចក្រ​សាលប្រជុំ​ជាន់​ផ្ទាល់​ដី

ដំបូង ខ្ញុំ​ក៏​សូម​អរគុណ​បងប្អូន​ម្នាក់ៗ​សម្រាប់​កិច្ចខិតខំ​ជាពិសេស​របស់​បងប្អូន​ក្នុង​ការផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ​ជា​ផ្នែក​សំខាន់​នៃ​ការសិក្សា និង​ការបង្រៀន​ដំណឹងល្អ​របស់​បងប្អូន ។ នៅពេល​ខ្ញុំ​សង្កេត​នៅក្នុង​ថ្នាក់រៀន និង​មើល​បងប្អូន និង​សិស្ស​របស់​បងប្អូន​ស្គាល់​គោរមងារ និង​តួនាទី​របស់​ទ្រង់ សិក្សា​ពី​គុណលក្ខណៈ និង​គុណសម្បត្តិ​របស់​ទ្រង់ ហើយ​រៀន​ពី​គំរូ​ដ៏​ឥតខ្ចោះ​របស់​ទ្រង់នោះ​ខ្ញុំ​ដឹង​ពីអំណរគុណដែល​ព្រះវរបិតាសួគ៌ មានចំពោះ​បងប្អូន​ កាល​ដែល​បងប្អូន​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ ។ នៅពេល​បងប្អូន​ធ្វើតាម​ការប្រឹក្សា​របស់​អែលឌើរ​ក្លាក ក្នុង​ការជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​រៀន​ស្គាល់ទ្រង់ និង​រៀន​ពីទ្រង់ នោះ​ខ្ញុំ​បាន​ឃើញ​កំណើន​នៃការ​មាន​​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ការបង្រៀន និង​ការអញ្ជើញ​របស់​បងប្អូន ។ ដូច​ដែល​គ្រូបង្រៀន​ម្នាក់​បាន​ពោល​មក​ខ្ញុំ​ថ្មីៗ​នេះ​ថា « ការដាក់​ព្រះយេស៊ូវ​ជា​សំខាន់​នៅក្នុង​​ការបង្រៀន​របស់​ខ្ញុំ បាន​នាំ​ឲ្យ​មាន​ក្ដីអំណរ​មកកាន់​ថ្នាក់រៀន​ខ្ញុំ​ ។ ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឲ្យ​បងប្អូន​បន្ដ​ស្វែងរក​ការបំផុស​គំនិត​អំពី​របៀប​ធ្វើ​ការណ៍​នេះ​រាល់ថ្ងៃ​ឲ្យមាន​ប្រសិទ្ធភាព​បំផុត ។

ថ្ងៃ​នេះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ស្ថាបនា​កិច្ចខិតខំ​របស់​បងប្អូន​ក្នុង​ការជួយ​សិស្ស​ឲ្យ​ឃើញ​ព្រះអង្គ​សង្គ្រោះ មិន​គ្រាន់តែ​នៅក្នុង​ការសិក្សា​បទគម្ពីរ​របស់​គេ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​នៅក្នុង​បងប្អូន​ផងដែរ—កាល​បងប្អូន​ខិតខំ​ធ្វើតាម​គំរូ និង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។ បងប្អូន​អាច​ចាំ​ពី​គំនិត​នេះ​មកពី​ប្រធាន ប៊យដ៍ ឃេ ផាកកឺ ដែល​ខ្ញុំ​ឃើញ​មាន​អត្ថន័យ​រំជួល​ចិត្ត​ផង និង​អស្ចារ្យ​ផង ៖

« ជម្រើស​តែ​មួយ​របស់​ខ្ញុំ ដើម្បី​ទទួល​ស្គាល់​លក្ខណៈ​ដែល​មាន​នៅក្នុង​ខ្លួន​បងប្អូន​ប្រុស​ស្រី​គឺ​គ្មាន​អ្វី​ក្រៅ​ពី​លក្ខណៈ​នៃ​គ្រូបង្រៀន​ដ៏​ឆ្នើម​ដែល​បង្ហាញ​ចេញ​តាមរយៈ​បងប្អូន​ឡើយ ។ ខ្ញុំ​ជឿ​ថា កម្រិត​ដែល​បងប្អូន​ធ្វើ​ទៅ​តាម​ឧបសគ្គ និង​ការគ្រប់គ្រង​ដែល​បងប្អូន​មាន​នោះ ព្រះភក្រ្ត​របស់​ព្រះគ្រីស្ទ​បាន​ឆ្លាក់​នៅលើ​ទឹកមុខ​របស់​បងប្អូន ។ ហើយ​រាល់​គោលបំណង​ពិត​ប្រាកដ​ទាំងអស់ នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ពេល​នោះ និង​នៅក្នុង​ការបង្ហាញ និង​ដោយ​ការបំផុស​គំនិត​នោះ បងប្អូន​គឺ​ជា​ទ្រង់ ហើយ​ទ្រង់​គឺ​ជា​បងប្អូន » ។

ស្ដីពី​គុណលក្ខណៈ​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ​សង្គ្រោះ អ្វី​មួយ​ដែល​មើល​ទៅ​ហាក់​ផ្ដល់​ទាំង​ការជំរុញ​ទឹកចិត្ត និង​មូលដ្ឋាន​សម្រាប់​អ្វី​ផ្សេង​ទៀត​ទាំងអស់ គឺ​សេចក្ដី​ស្រឡាញ់​ដ៏​ឥតខ្ចោះ​របស់​ទ្រង់—ក្ដី​ស្រឡាញ់​ទ្រង់​សម្រាប់​ព្រះវរបិតាសួគ៌​ទ្រង់ និង​ក្ដី​ស្រឡាញ់​ទ្រង់​សម្រាប់​យើង​ម្នាក់ៗ ។

សាវក​ប៉ុល​បាន​សរសេរ​ថា « បើ​ខ្ញុំ​ចេះ​អធិប្បាយ ហើយ​ស្គាល់​អស់​ទាំង​សេចក្តី​អាថ៌​កំបាំង និង​គ្រប់​ទាំង​ចំណេះ​វិជ្ជា ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​សេចក្តី​ជំនឿ​ល្មម​… តែ​គ្មាន​សេចក្តី​ស្រឡាញ់​នោះ​ខ្ញុំ​មិន​ជា​អ្វី​ទេ » ។ ចំពោះ​ក្រុម​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន ប៉ុល​អាច​និយាយ​ថា « បើ​ខ្ញុំ​មាន​អំណោយទាន​ដ៏​មាន​អំណាច ហើយ​យល់​ពី​មូលដ្ឋាន​នៃ​ការបង្រៀន និង​ការរៀនសូត្រ និង​គរុកោសល្យ​ទាំងអស់ ហើយ​ទោះជា​ខ្ញុំ​ពិតជា​មាន​មេរៀន​ដោយ​ប្រើ​វត្ថុ​ដ៏​អស្ចារ្យ​ក្ដី ប៉ុន្ដែ​បើ​គ្មាន​សេចក្តី​ស្រឡាញ់​នោះ ខ្ញុំ​មិន​ជា​អ្វី​ទេ » ។ ឥឡូវ សូម​កុំ​ប្រើ​ប្រយោគ​នោះ​ជា​ការដោះសារ​មួយ ហើយ​មិន​ខំ​ធ្វើការ​ដើម្បី​ក្លាយជា​គ្រូ​ដ៏​មាន​ជំនាញ​ខ្លាំង​ម្នាក់​នោះ​ឡើយ ។ ប៉ុន្ដែ​សូម​ចាំ​ថា នៅពេល​យើង​អធិស្ឋាន​សូម​ការយល់ដឹង ចំណេះដឹង និង​សូម្បី​សេចក្ដីជំនឿ​ក្ដី បើ​យើង​មិន​បន្ថែម​សេចក្តី​ស្រឡាញ់​ទេ នោះ​យើង​នឹង « ត្រឡប់​ដូចជា​លង្ហិន ដែល​ឮ​ខ្ទរ ឬ​ដូចជា​ឈឹង​ដែល​ឮ​ទ្រហឹង​ប៉ុណ្ណោះ » ។

« សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស »

សាវក​ប៉ុល​ក៏​បាន​សរសេរ​ថា « សេចក្តី​ស្រឡាញ់​តែង​តែ​អត់ធ្មត់ ហើយ​ក៏​សប្បុរស » ។

គំរូ​មួយ​នៃ​សេចក្ដី​សប្បុរស​របស់​ព្រះអង្គ​សង្គ្រោះ​ត្រូវបាន​កត់​ទុក​ក្នុង លូកា ១៩ ។ លោក​សាខេ ជា​បុរស​អ្នក​មាន​ម្នាក់​ក្នុង​ការបម្រើ​របស់​លោក​ដល់​ពួករ៉ូម ប៉ុន្ដែ​ត្រូវ​ពួកសាសន៍​យូដា​ស្អប់​ដោយសារ​ពួកគេ​មាន​អារម្មណ៍​ថា​ត្រូវ​ក្បត់​ដោយ​ការប្រមូល​ពន្ធ​របស់​លោក ។ ថ្ងៃ​មួយ លោក​សាខេ​បាន​ខំ​រកមើល​ព្រះយេស៊ូវ ប៉ុន្ដែ​មិន​ឃើញ​សោះ ដោយ​ព្រោះ​គាត់​តូច​ទាប ហើយ​មិន​អាច​ដើរ​រក​កាត់​មនុស្ស​សន្ធឹក​ណាស់ ដែល​មិន​ចង់​ជួយ​លោក​ឡើយ ។ ដូច្នេះ​លោក​សាខេ​បាន​រត់​ចេញ​ពី​កន្លែង​ដែល​ព្រះយេស៊ូវ​បាន​យាង​មក ហើយ​ឡើង​ដើម​ឧទុម្ពរ​ឲ្យ​បាន​ឃើញ​ទ្រង់ នៅពេល​ទ្រង់​យាង​កាត់ ។

រូបភាព
សាខេ​នៅលើ​ដើម​ឈើ

ព្រះគម្ពីរ​ចែង​ថា « កាល​ព្រះយេស៊ូវ​យាង​មក​ដល់ នោះ​ទ្រង់​ងើប​ព្រះនេត្រ​ឡើង​ឃើញ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក ។

គាត់​ក៏​ចុះ​មក​ជា​ប្រញាប់ ហើយ​ទទួល​ទ្រង់​ដោយ​អំណរ » ។

តើ​បងប្អូន​អាច​ស្រមៃ​ថា តើ​វា​មាន​ន័យ​យ៉ាង​ណា​ដល់​លោក​សាខេ​ដែរ​ទេ ដែល​ទ្រង់​បាន​ឃើញ​លោក​នោះ ហើយ​ការអញ្ជើញ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​នរណា​ម្នាក់​ដែល​ស៊ាំ​នឹង​ការត្រូវ​គេ​មិន​រាប់​រក​នោះ ? ទង្វើ​នៃ​សេចក្ដី​សប្បុរស​តូចតាច​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ខ្លាំង ។

សិស្ស​របស់​យើង​ត្រូវការ​ការអត់ធ្មត់ និង​សេចក្ដី​សប្បុរស​របស់​យើង ។ អាកប្បកិរិយា​មិន​ល្អ ការរំខាន និង​ឥរិយាបថ​មិន​ល្អ​អាច​ធ្វើឲ្យ​ការបង្រៀន​កាន់តែ​ពិបាក​ពេលខ្លះ ។ ប៉ុន្ដែ​ក្នុង​គ្រា​ទាំងនោះ ខ្ញុំ​សូម​ទទូច​ឲ្យ​បងប្អូន​មើល​ហួស​ពី​អាកប្បកិរិយា​នេះ ហើយ​មើល​ទៅ​បុគ្គល​នោះ ។ សូម​ឈប់​មួយ​សន្ទុះ​ធំ​ហើយ​សួរ​ថា « តើ​មាន​អ្វី​ផ្សេង​ទៀត​ដែល​អាច​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា ឬ​ឥរិយាបថ​នេះ ? »

ដូច​ដែលអែលឌើរ ជែហ្វ្រី អរ ហូឡិន បាន​បង្រៀន « បើសិន​កុមារ​​ទាំងនោះ​ព្រងើយ​កន្តើយ ប្រហែលជា​បងប្អូន​មិន​អាច​បង្រៀន​ពួកគេ​នៅ​ឡើយ ប៉ុន្តែ​បងប្អូន​អាច​ស្រឡាញ់​ពួកគេ​វិញ ។ ហើយ​បើសិនជា​បងប្អូន​ស្រឡាញ់​គេ​ថ្ងៃនេះ ប្រហែលជា​អ្នក​អាច​បង្រៀន​គេ​នៅ​ថ្ងៃស្អែក ។

… គ្មាន​អ្វី​អាស្រ័យ​លើ​គេ​ឡើយ ។ យើង​អាច​ស្រឡាញ់​ពួកគេ​ពី​ដើម​ទី​ដល់​ចុង​បញ្ចប់ ហើយ​អព្ភូតហេតុ​នឹង​កើតឡើង » ។

ប៉ុន្ដែ តើ​បងប្អូន​ធ្វើ​ការណ៍​នោះ​យ៉ាង​ដូចម្ដេច ជាពិសេស​ពេល​សិស្ស​ខ្លះ​ពិបាក​នឹង​ស្រឡាញ់​នោះ ? អែលឌើរ​ហូឡិន​ក៏​បាន​ជួយ​យើង​ត្រង់​នោះ​ដែរ កាល​លោក​ពោល​ថា « បងប្អូន​អាច​ចាប់ផ្ដើម​ដោយ​ការស្រឡាញ់​ព្រះ ។ រួច​បងប្អូន​អាច​សូម​ឲ្យ​ទ្រង់​ជួយ​បងប្អូន​ពង្រីក​ក្ដី​ស្រឡាញ់​របស់​បងប្អូន​សម្រាប់​ទ្រង់​ដល់​មនុស្ស​ដទៃ ដែល​ត្រូវការ​ក្ដីស្រឡាញ់​របស់​បងប្អូន » ។ បងប្អូន​អាច « អធិស្ឋាន​ដល់​ព្រះវរបិតា​ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ » ។១០ បងប្អូន​អាច​អធិស្ឋាន​ដើម្បី​មើល​ទៅ​ពួកគេ​ដូច​ដែល​ព្រះ​ទត​ទៅ​ពួកគេ ។ បងប្អូន​អាច​ស្ដាប់ ហើយ​ព្យាយាម​យល់​ពី​ពួកគេ ។ ហើយ​ដូច​ប្រធាន ហិនរី ប៊ី អាវរិង បាន​បន្ថែម​ថា « បម្រើ​ពួកគេ ស្វែងរក​រឿង​តូចតាច ហើយ​ធ្វើ​សម្រាប់​ពួកគេ ។ បង់​ថ្លៃ​នៃ​ការបម្រើ ហើយ​ព្រះ​នឹង​ផ្ដល់​តម្លៃ​ដល់​ការណ៍​នេះ ។ ខ្ញុំ​សូម​សន្យា​ការណ៍​នោះ​នឹង​បងប្អូន ។ សូម​កុំ​បារម្ភ បើ​សិស្ស​របស់​បងប្អូន​មិន​គួរ​ឲ្យ​ស្រឡាញ់​ពេល​ខ្លះ​នោះ ។ គ្រាន់តែ​ធ្វើ​អ្វីមួយ​សម្រាប់​ពួកគេ ហើយ​ពួកគេ​នឹង​មើល​ទៅ​គួរ​ឲ្យ​ស្រឡាញ់​ជាងមុន​បន្ដិច​ចំពោះ​បងប្អូន ។ វា​នឹង​ជា​អំណោយទាន​ពី​ព្រះ » ។១១

ចំពោះ​បងប្អូន​ទាំងអស់​ដែល​ចូលរួម​បទបង្ហាញ​តន្ដ្រី និង​ព្រឹត្តិការណ៍​កីឡា​របស់​សិស្ស​បងប្អូន ឬ​ដែល​រក​មើល​របៀប​ស្ងៀមស្ងាត់​ផ្សេង​ទៀត​ដើម្បី​បង្រៀន​ពួកគេ ខ្ញុំ​សូម​អរគុណ ។ ទោះជា​ពួកគេ​មិន​បាន​ឃើញ​បងប្អូន ពួកគេ​នឹង​មាន​អារម្មណ៍​ថា ក្ដីស្រឡាញ់​របស់​បងប្អូន​ចំពោះ​ពួកគេ​ចេះ​តែ​កើនឡើង ដោយសារ​ព្រះអម្ចាស់​នឹង​ប្រទានពរ​បងប្អូន​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់ ដោយសារ​បងប្អូន​បាន​បម្រើ​ពួកគេ ។១២

គំរូ​មួយ​ទៀត​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​មាន​នៅក្នុង​គម្ពីរ​ម៉ាកុស ជំពូក​ទី ៥ ។

រូបភាព
ព្រះយេស៊ូវ​ព្យាបាល​ស្ត្រី​ដែល​បាន​បញ្ហា​ធ្លាក់ឈាម

សូម​គិត​មួយ​ភ្លែត​អំពី​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ធ្វើ​សម្រាប់​ស្រ្ដី​ដែល​មាន​បញ្ហា​ឈាម ។ ទ្រង់​បាន​ធ្វើ​អ្វី​ជាច្រើន ជាង​ការគ្រាន់តែ​ព្យាបាល​រូបកាយ​នាង ។ នាង​បាន​អស់​កម្លាំង​ដោយសារ​ការឈឺចាប់ ការបដិសេធ​ពី​សង្គម និង​បញ្ហា​ហិរញ្ញវត្ថុ ។ ដូច្នេះ​ពេល​ព្រះយេស៊ូវ​បាន​ជ្រាប​ថា កម្លាំង​បាន​ចេញ​បាត់​ពី​ទ្រង់​ហើយ ទ្រង់​បាន « ងាក​ទតទី​ជុំវិញ និង​រក​អ្នក​ណា​ដែល​បាន​ធ្វើ​ការ​នោះ » ។១៣ ការព្យាបាល​ខាង​រូបកាយ​បាន​កើតឡើង​រួច​ហើយ ។ ព្រះយេស៊ូវ​ត្រូវ​យាង​ទៅ​បំពេញ​តម្រូវការ​សំខាន់​ផ្សេង​ទៀត ប៉ុន្ដែ​ទ្រង់​បាន​ឈប់ ។ ទ្រង់​បាន​ទទួល​ស្គាល់​សេចក្ដីជំនឿ​របស់​នាង ហើយ​ទ្រង់​បាន​ហៅ​នាង​ដោយ​ស្រទន់​ថា « កូនស្រី » ។១៤ ព្រះអង្គ​សង្គ្រោះ​បាន​ទត​ឃើញ​នាង មិនមែន​ជំងឺ​របស់​នាង​ទេ ។ ទ្រង់​បាន​ទត​បុគ្គល ដែល​ត្រូវការ​ក្ដី​ស្រឡាញ់ និង​ការលើក​ស្ទួយ មិនមែន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ ឬ​កិច្ចការ​ដែល​ត្រូវ​បំពេញ​ឡើយ ។១៥

មិន​ថា​អ្នក​ត្រូវ​សម្រេច​កិច្ចការ​អ្វី​នោះ​ទេ មិន​ថា​អ្នក​ត្រូវ​រៀបចំ ឬ​បង្រៀន​មេរៀន​អ្វី​ឡើយ មិន​ថា​អ្នក​អាច​ជួប​នឹង​បញ្ហា​វិន័យ​យ៉ាង​ណា​ទេ វា​នឹង​ជា​ឱកាស​ដើម្បី​លើក​ស្ទួយ​មនុស្ស​ជានិច្ច ។

ហើយ​ខ្ញុំ​សង្ឃឹម​ថា សេចក្ដី​ស្រឡាញ់​របស់​យើង​នឹង​មាន​ដល់​អស់​អ្នក​ដែល​មិន​ចុះ​ឈ្មោះ ឬ​មិន​មក​ថ្នាក់​រៀន ។ មាន​សិស្ស​ជាច្រើន​ដូចជា​លោកសាខេ និង​ស្ដ្រី​នេះ​ដែល​រង់ចាំ​ពី​ក្រោយ​ហ្វូង​មនុស្ស ។ ដូច្នេះ​ការធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ត្រូវ​ទៅ​រក​ពួកគេ ។១៦ សូម​ប្រកប​ដោយ​ការអធិស្ឋាន និង​ប្រឹក្សា​គ្នា កាល​បងប្អូន​ស្វែងរក​ការបំផុស​គំនិត ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​យុវវ័យ​ថែម​ទៀត​ឲ្យ​រៀន​អំពី​ព្រះអង្គ​សង្គ្រោះ និង​ការបង្រៀន​របស់​ទ្រង់ ។ ការចុះ​ឈ្មោះ និង​កិច្ចខិតខំ​បញ្ចប់​ការសិក្សា​គួរតែ​ជា​អាទិភាព​មួយ និង​ការជម្រុញ​ចិត្ត​ក្នុង​ការងារ​របស់​យើង ដើម្បី​ផ្តល់​ពរ​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌​កាន់តែ​ច្រើន ។

« ហើយ​ហួស​ពី​អស់​ទាំង​អ្វីៗ​ទៅ​ទៀត ចូរ​បំពាក់​ខ្លួន​ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស ដូច​ជា​ដោយ​ស្បៃ »

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅ​ព្យាការី​យ៉ូសែប ស្ម៊ីធ​ថា « ហើយ​ហួស​ពី​អស់​ទាំង​អ្វីៗទៅ​ទៀត ចូរ​បំពាក់​ខ្លួន​ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស ដូច​ជា​ដោយ​ស្បៃ ដែល​ជា​ចំណង​នៃ​សេចក្ដី​ល្អ​ឥត​ខ្ចោះ និង​សេចក្ដី​សុខសាន្ត » ។១៧ តើ​ការពាក់​ខ្លួន​ដោយ​ចំណង​នៃ​សេចក្ដី​សប្បុរស​អាច​មើល​ទៅ​ដូច​អ្វី ?

រូបភាព
ស្ត្រី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ការ​ប្រព្រឹត្ត​អំពើកំផឹត

នៅ​ក្នុង យ៉ូហាន ៨ យើង​អាន​អំពី​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​នាំ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ហើយ​បង្ហាញ​ដល់​ព្រះយេស៊ូវ​ដោយ​ពួកសាសន៍​ផារិស៊ី ។ ពួកគេ​បាន​ពោល​ទៅ​កាន់​ព្រះអង្គ​សង្គ្រោះ​ថា ៖

« លោក​គ្រូ ស្ត្រី​នេះ​គេ​ចាប់​បាន កំពុង​ដែល​សហាយស្មន់​នឹង​គ្នា ។

រីឯ​ក្នុង​ក្រឹត្យវិន័យ លោក​ម៉ូសេ​បាន​បង្គាប់ឲ្យ​យើង​ខ្ញុំ​ចោល​ស្ត្រី​យ៉ាង​នេះ​នឹង​ថ្ម ដូច្នេះ តើ​លោក​គិត​ដូច​ម្តេច ? »

ព្រះយេស៊ូវ​ទ្រង់​ឈ្ងោកព្រះភ័ក្ត្រចុះ យកដៃ​​ទៅ​សរសេរ​នៅលើ​ដី ហាក់​ដូចជា​ទ្រង់​មិន​បាន​ឮ​ពួកគេ​ដូច្នោះ ។ នៅពេល​ពួកគេ​បន្ដ​សួរ ទ្រង់​បាន​ងើបព្រះភ័ក្ត្រ​ឡើង​មាន​ព្រះបន្ទូល​ថា « អ្នក​ណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជា​មុន​គេ​ចុះ » ។ រួច​ទ្រង់​ក៏​ឈ្ងោក​ព្រះភ័ក្ត្រចុះ យកដៃ​​​សរសេរ​នៅលើ​ដី​ម្តង​ទៀត ។

កាល​ពួកផារិស៊ី​បាន​ចាប់ផ្ដើម​មាន​បញ្ញា​ចិត្ត​គេ ដោយ​បាន​ចោទ​ប្រកាន់​ទោស​ខ្លួន នោះ​គេ​ក៏​ថយ​ចេញ​ទៅ​ម្តងៗម្នាក់​ ។ កាល​ព្រះយេស៊ូវ និង​ស្ដ្រី​នោះ​នៅ​តែ​ពីរ​នាក់ ទ្រង់​បាន​សួរ​ដោយ​ស្រទន់​ថា « នាង​អើយ ពួក​ដែល​ចោទ​ប្រកាន់​នាង តើ​នៅ​ឯ​ណា គ្មាន​អ្នក​ណា​កាត់​ទោស​នាង​ទេ​ឬ​អី ?

នាង​ទូល​ឆ្លើយ​ថា គ្មាន​ទេ​លោក​ម្ចាស់ ។ រួច​ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ។១៨

នៅពេល​បងប្អូន​ពិចារណា​ពី​ព្រឹត្តិការណ៍​នេះ តើ​បងប្អូន​នឹង​គិត​ដល់​មេរៀន​បី​ក្នុង​ចំណោម​មេរៀន​ជាច្រើន ដែល​យើង​អាច​រៀន​ពី​គំរូ​ដ៏​ឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ​ទេ ?

ទីមួយ ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​អនុញ្ញាត​ឲ្យ​យើង​រៀន​ពី​កំហុស​របស់​យើង ហើយ​តាមរយៈ​ការប្រែចិត្ត នោះមិនផ្ដន្ទា​​ទោស​ពី​កំហុស​នោះ​ឡើយ ។ នៅក្នុង​ថ្នាក់​របស់​យើង មាន​សិស្ស​ដែល​ប្រព្រឹត្ត​ខុស ។ កាល​យើង​បង្រៀន​ដោយ​ក្ដី​មេត្តា​អំពី​ព្រះទ័យ​របស់​ព្រះវរបិតាសួគ៌​យើង​ដើម្បី​អភ័យទោស និង​អំពី​អំណរ​នៃ​ការប្រែចិត្ត១៩ នោះ​យើង​ជួយ​សិស្ស ( និង​កូនចៅ​របស់​យើង ) ឲ្យ​ជឿ​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អនុវត្ត​បាន​ចំពោះ​ពួកគេ—ដោយសារ​វា​ពិតមែន ។

ហើយ​មិន​តែ​ប៉ុណ្ណោះ ការប្រឹក្សា​នេះ​អនុវត្ត​ស្មើគ្នា​ចំពោះ​យើង​ម្នាក់ៗ ។ យើង​ក៏​ត្រូវការ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ជួយ​យើងឲ្យ ​ទទួល​បាន​ការអភ័យទោស និង​ព្យាបាល​ដែរ ។ បន្ទាប់មក​​នៅពេល​យើង​ដកពិសោធន៍​ពីអំណរ​នៃ​ការប្រែចិត្ត​ផ្ទាល់ខ្លួន នោះ​យើង​នឹង​អាច​បំផុស​គំនិត​សិស្ស​របស់​យើង​ឲ្យ​ងាក​ទៅ​រក​ព្រះអង្គ​សង្គ្រោះ ដោយសារ​ការអញ្ជើញ​នោះ​នឹង​កើត​ពី​ដួងចិត្ត​ដែល​បាន​ប្រែ​ដោយ​ខ្លួន​យើង ។

ទី​ពីរ សេចក្ដី​ស្រឡាញ់​គឺជា​អ្នក​ជំរុញ​ដ៏​ខ្លាំង​ក្នុង​ការជួយ​យើង​ឲ្យ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ។ អែលឌើរ ឌេល ជី រិនឡាន់ បាន​មានប្រសាសន៍​ថា « ប្រាកដណាស់ ព្រះអង្គសង្គ្រោះ​ពុំ​កាត់ទោស​អំពើកំផឹត​នោះទេ ។ ប៉ុន្តែ​ទ្រង់​ក៏​ពុំ​កាត់​ទោស​ស្ត្រី​នោះ​ដែរ ។ ទ្រង់​បាន​លើក​ទឹកចិត្ត​នាង​ឲ្យ​កែ​ប្រែ​ជីវិត​នាង​សារ​ជា​ថ្មី ។ នាង​មាន​ការជំរុញ​ចិត្ត​ឲ្យ​ផ្លាស់ប្តូរ ដោយសារ​តែ​ក្តី​អាណិត​មេត្តា និង​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ ។ ការបក​ប្រែ​របស់​យ៉ូសែប ស្ម៊ីធ​នៃ​ព្រះគម្ពីរ​ប៊ីប​បង្ហាញ​ឲ្យ​ឃើញ​ពី​លទ្ធផល​រួម​នៃ​ភាព​ជា​សិស្ស​របស់​នាង ៖ ‹ ហើយ​ស្ត្រី​នោះ​បាន​សរសើរ​ដល់​ព្រះ និង​ជឿ​លើ​ព្រះនាម​ទ្រង់​តាំង​ពី​ពេល​នោះ​មក › [ យ៉ូហាន ៨:១១២០

ក្នុងនាម​ជា​គ្រូបង្រៀន ឬ​ជា​ឪពុក​ម្ដាយ យើង​អាច​ត្រូវ​ល្បួង​ឲ្យ​ទប់​ការបង្ហាញ​សេចក្ដី​ស្រឡាញ់​ដ៏​ចាំបាច់ ដោយសារ​យើង​បារម្ភ​ថា វា​អាច​ភាន់ច្រឡំ​នឹង​ការដោះសារ​អំពើបាប ឬ​ការអភ័យ​អាកប្បកិរិយា​មិន​ល្អ ។ ជាធម្មតា​សិស្ស និង​កូនចៅ​របស់​យើង​ដឹង​រួច​ហើយ​ថា តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​ព្រះអម្ចាស់ និង​បទបញ្ញត្តិ​របស់​ទ្រង់ ។ អ្វី​ដែល​ពួកគេ​ត្រូវការ​ជារឿយៗ​នោះ​គឺ ការអះអាងថា​យើង​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ពួកគេ ។ សេចក្ដី​ស្រឡាញ់ និង​សង្ឃឹម​ដែល​ស្ដ្រី​នេះ​បាន​មាន កាល​នាង​ទទួល​ពរ​ពី « ចំណង​នៃ​សេចក្ដី​សប្បុរស » របស់​ព្រះអង្គ​សង្គ្រោះ​នោះ​ គឺ​ជា​អ្វី​ដែល​យើង​សង្ឃឹម​ឲ្យ​សិស្ស​របស់​យើង​ទាំងអស់​គ្នា​នឹង​ទទួលអារម្មណ៍ផង​ដែរ នៅពេល​ពួកគេ​រៀន​ពី​ទ្រង់ និង​​ដំណឹងល្អ​របស់​ទ្រង់ ។

ទី​បី ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​គោលលទ្ធិ​របស់​ព្រះវរបិតា ប៉ុន្ដែ​មិន​ដែល​ប្រើ​វា​ជា​ក្លិប​មួយ​ទេ ។ ពួកផារិស៊ី​បាន​ដឹង​ច្បាស់ ហើយ​ថែម​ទាំង​បាន​យោង​ច្បាប់​ម៉ូសេ​ផង ដោយ​ដកស្រង់​ទាំង​ច្បាប់ និង​លទ្ធផល​របស់​វា ។ ប៉ុន្ដែ​សូម្បី​តែ​អ្នក​បង្កើត​ច្បាប់​ផ្ទាល់ ដែល​មាន​បេសកកម្ម « ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេង ហើយ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ពួក​ឈ្លើយ »២១ ក៏​បាន​ជ្រើសរើស​បង្ហាញ​ក្ដី​មេត្តា​ដែរ ។ ទ្រង់​បាន​ការពារ​ស្ដ្រី​នោះ​ពី​ដៃ និង​ចិត្ត​ចោទ​ប្រកាន់​របស់​ពួកផារិស៊ី ខណៈ​ដែល​ផ្ដល់​ដល់​ពួកគេ​ វិញនូវ​ការពិចារណា និង​ការដឹង​​ខ្លួន​​ដ៏​ចាំបាច់​ថា ពួកគេ​ផ្ទាល់​ត្រូវ​ផ្លាស់ប្ដូរ ។

ពេលខ្លះ​យើង​មាន​សិស្ស និង​គ្រូបង្រៀន​ដែល​បាន​ប្រើ​គោលលទ្ធិ​តាម​របៀប​មួយ ដែល​អញ្ជើញ​ឲ្យ​មាន​វិញ្ញាណ​នៃ​ការចោទ​ប្រកាន់ និង​ការដាក់​ទោស ។ ជាជាង​ការលើក​ទឹកចិត្ត និង​ការស្អាង​គ្នា វិធីសាស្ដ្រ​នេះ​បន្ទាប​បន្ថោក ហើយ​ថែម​ទាំង​អាច​បំផ្លាញ​ទៀត​ផង ។ ការធ្វើតាម​គំរូ​របស់​លោក​ចៅហ្វាយ​គឺ ត្រូវ​បង្រៀន​តាម​របៀប​មួយ​ដែល​នាំ​ឲ្យ​មាន​សង្ឃឹម និង​ព្យាបាល​ដួងចិត្ត​ដែល​ប្រេះឆា ។

បន្ថែម​លើ​អំពើបាប ដួងចិត្ត​ដែល​ឈឺចាប់​កើត​ពី​កាលៈទេសៈ​ខុសៗ​គ្នា ។ សិស្ស​ជាច្រើន​មក​ពី​ស្ថានភាព​ពិបាក ឬ​រង​សោកនាដកម្ម ដែល​បន្សល់​ឲ្យ​ពួកគេ​មាន​មន្ទិល​ថា ​តើ​ពួកគេ​ត្រូវ​គេ​ស្រឡាញ់ និង​ឲ្យ​តម្លៃ​ឬ​អត់ ។ សិស្ស​ខ្លះ​តស៊ូ​នឹង​ឧបសគ្គ​ ការថប់​បារម្ភ ឬ​ការឥត​ខ្ចោះ ដែល​បណ្ដាល​ឲ្យ​ពួកគេ​ស្ដាប់​ឮ​ការដាក់​ទោស​ជាជាង​ក្ដី​សង្ឃឹម ។ សិស្ស​ផ្សេង​ទៀត​មាន​អារម្មណ៍​ថា​គេ​មិន​ត្រូវការ​ខ្លួន ដោយសារ​គេ​ប្រឈម​នឹង​ការល្បួង ឬ​ឧបសគ្គ​ទាក់ទង​នឹង​អត្តសញ្ញាណ​ផ្លូវ​ភេទ ហើយ​មាន​អារម្មណ៍​ជាប់​អន្ទាក់ និង​ព្រួយ​ថា ពួកគេ​គ្មាន​កន្លែង ឬ​អនាគត​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

ក្នុង​នាម​ជា​គ្រូបង្រៀន យើង​ត្រូវ​ស្វែង​យល់​ដឹង​ពី​អ្វី​ដែល​បទពិសោធន៍​ទាំងនេះ​អាច​កើត​មាន​សម្រាប់​សិស្ស​របស់​យើង ។ ខ្ញុំ​សូម​ចែកចាយ​នឹង​អ្នក​នូវ​ឧទាហរណ៍​មួយ​ចេញ​មកពី​ទស្សនវិស័យ​របស់អតីត​សិស្ស​មួយ​រូប ដែល​ពន្យល់​អំពី​បទពិសោធន៍​របស់​គាត់​នៅ​ក្នុង​ថ្នាក់​សិក្ខាសាលា ។ គាត់​បាន​ថ្លែង​ថា ៖ « បទបញ្ញត្តិ​ គឺឲ្យ​ស្រឡាញ់​អ្នកជិត​ខាង​ខ្លួន ប៉ុន្ដែគាត់​មាន​អារម្មណ៍ ថា មនុស្ស​គិត​ថា គេ​ត្រូវ​ស្រឡាញ់​អ្នកជិត​ខាងគេ បើអ្នកនោះពុំមែន​ជា​មនុស្ស​ខ្ទើយ ។ សារលិខិត​ដ៏​សំខាន់​នោះ​គឺ ថា រឿង​ដ៏​អាក្រក់​បំផុត ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​អាច​មាន​តម្លៃ​ផ្ទាល់ខ្លួន​ដោយ​របៀប​ណា ហើយ​ថា​តើ​ព្រះវរបិតាសួគ៌​អាច​ស្រឡាញ់​ខ្ញុំ​ដោយ​របៀប​ណា ? »

ទោះបី​បញ្ហា​ផ្ទាល់​ខ្លួន​អ្វី​ក៏​ដោយ​ដែល​សិស្ស​អាច​ជួប យើង​ត្រូវ​ស្ដាប់​ដើម្បី​យល់ ហើយ​បញ្ចេញ​យោបល់​ដោយ​ការអាណិត និង​ក្ដី​ស្រឡាញ់​ដ៏​ស្មោះត្រង់ ។ យើង​ត្រូវ​បង្កើត​ថ្នាក់រៀន ដែល​ស្វាគមន៍​សំណួរ ហើយ​បញ្ហា​នានា​ត្រូវបាន​ពិភាក្សា​ដោយ​ការគោរព និង​ការចេះ​គិតគូរ ។ យើង​ត្រូវ​បង្រៀន​សេចក្ដីពិត​ឲ្យ​ច្បាស់លាស់ ហើយ​ជួយ​សិស្ស​គ្រប់រូប​ឲ្យ​ស្គាល់​អត្តសញ្ញាណ​ដ៏​អស់កល្ប​របស់​គេ ថា​ជា​បុត្រាបុត្រី​របស់​ព្រះវរបិតា​មាតា​ជា​ទី​ស្រឡាញ់​ដែល​គង់​នៅ​ស្ថានសួគ៌ ។២២ ហើយ​យើង​ត្រូវ​ជួយ​សិស្ស​ឲ្យ​ដឹង​ថា ពួកគេ​មិន​នៅ​តែឯង​ទេ ។ ការបង្ហាញ​ពួកគេ​នូវ​ក្ដី​ស្រឡាញ់ និង​ការយោគ​យល់​បន្ថែម​ទៀត​នឹង​អញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ បង្កើន​ការរៀនសូត្រ ហើយ​ព្យាបាល​ដួងចិត្ត​ដែល​ប្រេះឆា ។២៣

ប្រធាន ដាល្លិន អេក អូក បាន​បង្រៀន​ថា « យើង​មាន​កាតព្វកិច្ច​មួយ​ដើម្បី ‹ រែក​បន្ទុក​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ឲ្យ​បន្ទុក​នោះ​បាន​ស្រាល › [ ម៉ូសាយ ១៨:៨] ។ ខណៈ​យើង​មិន​អាច​ផ្លាស់ប្ដូរ​គោលលទ្ធិ​របស់​ព្រះអម្ចាស់​បាន យើង​ចង់​ឲ្យ​សមាជិក​យើង និង​គោលនយោបាយ​យើង​គិត​ដល់​អ្នក​ដែល​ពិបាក​នឹង​ឧបសគ្គ​នៃ​ជីវិត​រមែង​ស្លាប់​នេះ » ។ លោក​ក៏​បាន​បន្ថែម​ថា « កិច្ច​ខិតខំ​របស់​សមាជិក​យើង​ដើម្បី​បង្ហាញ​ការយោគយល់​បន្ថែម ក្ដី​មេត្តា និង​ក្ដី​ស្រឡាញ់​គួរតែ​បង្កើន​ការគោរព និង​យោគយល់​ដល់​គ្នា … [ ហើយ ] កាត់​បន្ថយ​ការស្អប់ និង​ការទាស់ទែង​គ្នា​ដែល​មាន​ទូទៅ​នា​សព្វថ្ងៃ​នេះ ។​… នោះ​ជា​បំណង​ប្រាថ្នា​ដ៏​ពិត​របស់​យើង ហើយ​យើង​ស្វែងរក​ជំនួយ​ពី​សមាជិក​របស់​យើង និង​អ្នកផ្សេង​ទៀត​ឲ្យ​រក្សា​វា » ។២៤

វា​សំខាន់​ថា គ្រូបង្រៀន​គ្រប់​រូប​យល់​ពី​គោលលទ្ធិ ដឹង​ពី​អ្វី​ដែល​ព្យាការី​របស់​ព្រះអម្ចាស់​កំពុង​ថ្លែង​អំពី​ប្រធានបទ​ទាំងនេះ ហើយ​ដឹង​ពី​របៀប​ឆ្លើយតប​តាម​របៀប​ដ៏​មាន​ប្រយោជន៍ និង​ដោយ​ក្ដី​មេត្តា ។២៥ យើង​បេ្ដជ្ញាចិត្ត​ យ៉ាង​មុតមាំ ​ដើម្បី​មាន​ការរីកចម្រើន​លើ​បញ្ហា​ទាំងនេះ ហើយ​នឹង​ផ្ដល់​ការបំពាក់​បំប៉ន និង​ធនធាន​បន្ថែម​ទៀត​ដើម្បី​ជួយ​បងប្អូន ។

ប្រសិនបើ​មាន​ពេល​ណា​មួយ ដែល​បងប្អូន ឬ​សិស្ស​បាន​និយាយ​អ្វី​ដែល​អាច​បណ្ដាល​ឲ្យ​នរណា​ម្នាក់​មាន​អារម្មណ៍​អន់​ចិត្ត តើ​បងប្អូន​នឹង​អធិស្ឋាន​សូម​កម្លាំង និង​ការយល់ដឹង​ពី​របៀប​ដែល​បងប្អូន​អាច​ជួយ​បន្ថយ​ការចោទ​ប្រកាន់​នេះ​ទេ ? សូម​ជួយ​សិស្ស​របស់​បងប្អូន​ឲ្យ​ចាំ​ថា ពួកយើង​គ្រប់គ្នា​រៀន​បន្ដ​ទៀត ហើយ​ត្រូវការ​ក្ដី​មេត្តា​របស់​ព្រះអង្គ​សង្គ្រោះ ។ គឺ​លូស៊ីហ្វើរ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​អ្នកចោទ​ប្រកាន់​ដែល « ចោទ​ពី [ យើង ] នៅ​ចំពោះ​ព្រះ​ទាំង​យប់​ទាំង​ថ្ងៃ » ។២៦ ជា​ការប្រៀបធៀប ម្រាមដៃ ដៃ និង​ក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់​នៅតែ​លាត​សន្ធឹង ។

គុណលក្ខណៈ​នៃ​ក្ដី​ស្រឡាញ់​ដ៏​ទេវភាព​មួយ​ទៀត​គឺ បំណង​ប្រាថ្នា​របស់​ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​ ឲ្យ​យើង​ក្លាយ​ដូចជា​ទ្រង់ ហើយ​ទទួល​បាន​ពរជ័យ​ទាំងអស់ ដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​បុត្រា​បុត្រី​របស់​ទ្រង់ ។

ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ជា​ព្រះ​ដែល​មាន​ការរំពឹង​ទុក​ខ្ពស់

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ថ្លែង​ថា « ព្រះវរបិតាសួគ៌​របស់​យើង​គឺ​ជា​ព្រះដែល​មាន​ការរំពឹងទុក​ខ្ពស់ » ។២៧ ទ្រង់​ពុំ​បោះបង់​យើង​ចោល​ឡើយ ។ ទ្រង់​ទ្រាំ​ជាមួយ​យើង​កាល​យើង​ស្ទាក់ស្ទើរ សង្ឃឹម​ដល់​យើង​កាល​យើង​កែលម្អ ហើយ​តស៊ូ​ដោយ​អត់ធ្មត់​កាល​យើង​រីកចម្រើន ។ គ្រូបង្រៀន​ម្នាក់​ដែល​ស្រឡាញ់​សិស្ស​ខ្លួន ក៏​មាន​ការរំពឹង​ទុក​ខ្ពស់​ដែរ ហើយ​នឹង​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ការរីកចម្រើន​ដ៏​អស់កល្ប​របស់​ពួកគេ ជាជាង​ទៅលើ​ដំណើរការ​ថ្នាក់រៀន​នៅ​ថ្ងៃនេះ ឬ​ថា​តើ​សិស្ស​ខ្លួន​ចូលចិត្ត​ខ្លួន ​ឬ​អត់​នោះ ។

ព្រះយេស៊ូវ​បាន​យក​ព្រះទ័យ​ទុកដាក់​ខ្លាំង​លើ​ការរីកចម្រើន​របស់​អ្នកដើរតាម​ទ្រង់ ។

រូបភាព
ព្រះយេស៊ូវ និង​ពេត្រុស​កំពុង​ដើរ​លើ​ទឹក

ឧទាហរណ៍ ព្រះយេស៊ូវ​បាន​ឃើញ​ពេត្រុស​នូវ​អ្វី​ដែល​គាត់​មើល​មិន​ឃើញ​ក្នុង​ខ្លួនគាត់ ។ ទ្រង់​បាន​អញ្ជើញ​ពេត្រុស​ឲ្យ​អនុវត្តសេចក្តីជំនឿ នៅពេល​ពេត្រុស​ដួល​ចុះ ព្រះអង្គ​សង្គ្រោះ​បាន​លើក​គាត់ឡើង ហើយ​ផ្ដោត​លើ​មនុស្ស​ដែល​ពេត្រុស​នឹង​ប្រែ​ក្លាយ​នៅ​ទីបំផុត​វិញ ។

ការមាន​ការរំពឹង​ទុក​ខ្ពស់​នឹង​បំផុស​គំនិត​សិស្ស​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេចក្ដី​ជំនឿ ​ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​ដកពិសោធន៍​ពរជ័យ​ដែល​បាន​សន្យា​របស់​ព្រះអម្ចាស់ ។ អែលឌើរ នែល អិល អាន់ឌើរសិន បាន​បង្រៀន​ថា នៅពេល​យើង​ដឹកនាំ និង​បង្រៀន​ដោយ​គ្មាន​សេចក្ដី​ស្រឡាញ់ ហើយ​មាន​ការរំពឹង​ទុក​ទាប នោះ​យើង​លើក​ទឹកចិត្ត​ឲ្យ​មាន​ការ​បះបោរ ។ ការរំពឹង​ទុក​ខ្ពស់​ដោយ​គ្មាន​ក្ដី​ស្រឡាញ់​បង្កើត​ឲ្យ​មាន​ការ​ងាក​ចេញ ។ សេចក្ដី​ស្រឡាញ់​ខ្ពស់ ប៉ុន្ដែ​មាន​ការរំពឹង​ទុក​ទាប​បង្កើត​ឲ្យ​មាន​អារម្មណ៍​នៃ​ភារតភាព ប៉ុន្ដែ​មិនសូវ​មាន​ការរីកចម្រើន​ ។ ប៉ុន្ដែ​សេចក្ដី​ស្រឡាញ់​ខ្ពស់ និង​ការរំពឹង​ទុក​ខ្ពស់​បង្កើត​ឲ្យ​មាន​អព្ភូតហេតុ ។២៨ នោះ​គឺជា​ប្រភេទ​នៃសេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​មាន និង​ជា​ប្រភេទ​នៃ​សេចក្ដី​ស្រឡាញ់​ដែល​យើង​ត្រូវ​មាន ប្រសិនបើ​យើង​ចង់​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​ក្នុង​ជីវិត​របស់​សិស្ស​យើង ។

នៅពេល​ខ្ញុំ​សួរ​សិស្ស​ថ្នាក់​សិក្ខាសាលា និង​វិទ្យាស្ថាន​ថា តើ​ក្ដី​ស្រឡាញ់​របស់​គ្រូបង្រៀន​ពួកគេ​ផ្ដល់​ពរ​ដល់​ពួកគេ​ប៉ុណ្ណា ពួកគេ​ឆ្លើយ​ភ្លាម ហើយ​ពោរពេញ​ដោយ​ការដឹងគុណ ។ នេះ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​ចំនួន​នាពេល​ថ្មី​នេះ​ប៉ុណ្ណោះ ៖

យុវនារី​ម្នាក់​បាន​និយាយ​ថា « ខ្ញុំ​ចូលចិត្ត​ដើរ​ទៅ​ថ្នាក់​សិក្ខាសាលា ហើយ​ឃើញ​គ្រូ​ខ្ញុំ​រីករាយ និង​ញញឹម ។ ខ្ញុំ​មិន​ដឹង​ត្រូវ​និយាយ​យ៉ាង​ដូចម្ដេច​ពី​របៀប​ដែល​ក្ដី​ស្រឡាញ់​របស់​គាត់​បាន​បំពេញ​ដល់​ខ្ញុំ ។ មួយ​រយៈ​កន្លង​ទៅ គាត់​បាន​សរសើរ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ដើរ​ចេញ​ពី​អគារ​នោះ​ដោយ​ទប់​កុំ​ឲ្យ​យំ វា​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ។ ការសរសើរ​ដ៏​សាមញ្ញ​នោះ​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ។ រៀង​រាល់​ថ្ងៃ ខ្ញុំ​រីករាយ​នឹង​ទៅ​ថ្នាក់​សិក្ខាសាលា ។ វា​ជា​ផ្នែក​សំខាន់​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ ។ សេចក្ដី​ស្រឡាញ់​របស់​គ្រូ​ខ្ញុំ​សម្រាប់​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ឲ្យ​ស្រឡាញ់​មនុស្ស​គ្រប់គ្នា​ផ្សេង​ទៀត​ដូចជា​បុត្រា ឬ​បុត្រី​របស់​ព្រះ » ។

សូម​ដកស្រង់​រឿង​មួយ​ទៀត « ថ្នាក់​របស់​យើង​នៅ​ថ្ងៃនេះ​បាន​ផ្លាស់ប្ដូរ​ខ្ញុំ​ខ្លាំងណាស់ ។ ខ្ញុំ​មាន​ចិត្ត​ក្លាហាន​ល្មម​នឹង​សួរ​សំណួរ​ដ៏​ពិបាក​មួយ ហើយ​គ្រូ​ខ្ញុំ​ពិត​ជា​ស្ដាប់ ហើយ​ព្យាយាម​យល់​ពី​ប្រវត្តិ​ខ្ញុំ​មែន ។ រួច​គាត់​បាន​ចំណាយ​ពេល​ឆ្លើយ​សំណួរ​ខ្ញុំ ។ អ្វី​ដែល​គាត់​បាន​និយាយ ពិតជា​បើក​ភ្នែក​ខ្ញុំ​ឲ្យ​ដឹង​ពី​រឿង​មួយ​ចំនួន​ដែល​ខ្ញុំ​មិន​បាន​គិត​ដល់​ពីមុន​មក » ។

ហើយ​ចុង​បញ្ចប់ យុវជន​ម្នាក់​បាន​សរសេរ​ថា « ខ្ញុំ​ចាប់ផ្ដើម​ឆមាស​នេះ​ដោយ​ឥរិយាបថ​អាក្រក់​មួយ ។ ខ្ញុំ​មិន​ខ្វល់​ពី​ដំណឹងល្អ ឬ​ខ្លួន​ខ្ញុំ​ឡើយ ហើយ​ខ្ញុំ​នៅ​សែន​ឆ្ងាយ​ពី​ការរីករាយ ។ ខ្ញុំ​បាន​ប្រាប់​ឪពុក​ម្ដាយ​ខ្ញុំ​ថា ខ្ញុំ​ចង់​ឈប់​រៀន​ថ្នាក់​សិក្ខាសាលា ។ ហើយ​ក្រោយ​មក​ខ្ញុំ​បាន​ទៅ​ថ្នាក់​នោះ ។ ហើយ​គ្រូ​ខ្ញុំ​បាន​ស្គាល់​ឈ្មោះ​ខ្ញុំ ទោះជា​ខ្ញុំ​មិន​ដែល​បាន​ទៅ​ថ្នាក់​ពីមុន​ក្ដី ។ វិញ្ញាណ​នៅក្នុង​ថ្នាក់​របស់​យើង​បាន​បន្លឺ​ពេញ​មួយ​ថ្ងៃ​ដល់​ខ្ញុំ ហើយ​ជីវិត​បានធូរស្បើយ​ជាង​មុន​បន្ដិច ។ ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ទម្លាប់​ខ្ញុំ ចាប់ផ្ដើម​ទៅ​ព្រះវិហារ​ញឹក​ជាង​មុន អាន​ព្រះគម្ពីរ​ខ្ញុំ ហើយ​ចាប់ផ្ដើម​គិត ។ ដោយសារ​ក្ដីស្រឡាញ់​របស់​គាត់​សម្រាប់​យើង និង​សម្រាប់​ដំណឹងល្អ និង​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែល​ខ្ញុំ​បាន​ឃើញ​នៅក្នង​គាត់ ខ្ញុំ​បាន​ព្យាយាម​រក​ពន្លឺ និង​ក្ដីស្រឡាញ់​នោះ ។ ខ្ញុំ​នឹង​បញ្ចប់​ថ្នាក់​សិក្ខាសាលា បម្រើ​បេសកកម្ម ហើយ​ថ្ងៃមួយ​នឹង​រៀបការ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ដោយសារ​គ្រូបង្រៀន​ខ្ញុំ​បាន​យាង​ព្រះវិញ្ញាណ ហើយ​បាន​បង្រៀន​ដោយ​មាន​ទ្រង់​ជា​ដៃគូ​គាត់​រាល់ថ្ងៃ » ។

ឥឡូវ​កាល​បញ្ចប់ ខ្ញុំ​ចង់​សរសើរ​ដល់​ព្រះអម្ចាស់ និង​ដល់​បងប្អូន ។ ខ្ញុំ​មាន​អំណរ​ចំពោះ​ក្ដីស្រឡាញ់​ដែល​ឈ្នះ​អ្វី​ទាំងអស់ និង​ភ្លាមៗ​របស់​ព្រះអម្ចាស់ ។ ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​ការអត់ធ្មត់​របស់​ទ្រង់ ដោយសារ​ខ្ញុំ​ព្យាយាម​រៀន​មេរៀន ដែល​យើង​បាន​ជជែក​នៅ​ថ្ងៃនេះ​ខ្លាំងណាស់ ។ សេចក្ដីស្រឡាញ់ និង​មេត្តា​ករុណា​របស់​ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ក្លាយ​កាន់តែ​ប្រសើរ ។ ហើយ​ខ្ញុំ​ចង់​ឲ្យ​បងប្អូន​ដឹង​ថា យើង​ស្រឡាញ់​បងប្អូន​ប៉ុណ្ណា ។ យើង​ទទួល​ស្គាល់​ការបម្រើ​ដ៏​មិន​ចេះ​នឿយ​ហត់​របស់​បងប្អូន ដល់​អ្នក​ដែល​បងប្អូន​បង្រៀន និង​ជួយ ។ យើង​ដឹង​ថា បងប្អូន​អធិស្ឋាន​ខ្លាំង​សម្រាប់​ពួកគេ និង​ឈឺចាប់​នៅពេល​ពួកគេ​ពិបាក ហើយ​អររីករាយ​នៅពេល​ពួកគេ​ជោគជ័យ ។ យើង​ដឹង​ថា បងប្អូន​រែក​បន្ទុក​ផ្ទាល់ខ្លួន ហើយ​ពឹងផ្អែក​លើ​ព្រះអម្ចាស់​រាល់ថ្ងៃ​សម្រាប់​កម្លាំង​ដល់​បងប្អូន និង​គ្រួសារ​បងប្អូន ។ យើង​សង្ឃឹម​ថា បងប្អូន​ដឹង​ថា យើង​អធិស្ឋាន​សម្រាប់​បងប្អូន ហើយ​ថា​យើង​ស្រឡាញ់​បងប្អូន ។

សូម​ឲ្យ​បងប្អូន​ជួយ​សិស្ស​ម្នាក់ៗ​ឲ្យ​ដឹង និង​ស្រឡាញ់​ព្រះអង្គ​សង្គ្រោះ​តាមរយៈ​ការជួយ​ពួកគេ​ឲ្យ​ឃើញ​ទ្រង់ ទាំង​នៅក្នុង​ការសិក្សា​ព្រះគម្ពីរ​របស់​ពួកគេ—និង​នៅក្នុង​បងប្អូន ។ ការអធិស្ឋាន​របស់​ខ្ញុំ​គឺ​ថា យើង​នឹង​មាន​ចិត្ត​ល្អ មើល​ទៅបុគ្គលម្នាក់ៗ ​មិន​មែន​បញ្ហា​គេទេ ថា​យើង​នឹង​ឈោង​ផ្ដល់​ពរ​បន្ថែម​ទៀត​ដល់​បុត្រា​បុត្រី​របស់​ព្រះវរបិតាសួគ៌ ថា​យើង​នឹង​បន្ថយ​ដៃ​នៃ​ការចោទ​ប្រកាន់ ហើយ​ជួយ​មនុស្ស​គ្រប់គ្នា​ឲ្យ​មាន​អារម្មណ៍​ថា ពួកគេ​មាន​កន្លែង និង​អនាគត​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ថា​យើង​នឹង​លើក​ទឹកចិត្ត​សិស្ស​យើង​ឲ្យ​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអង្គ​សង្គ្រោះ ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ​ពេញ​មួយ​ជិវិត ដោយ​តោង​ជាប់​ផ្លូវ​សេចក្ដីសញ្ញា ដើម្បី​ពួកគេ​អាច​ទទួល​បាន​ពរជ័យ​ទាំងអស់ ដែល​ព្រះវរបិតាសួគ៌​យើង​មាន​សម្រាប់​ពួកគេ ។ សូម​យើង​ជួយ​ពួកគេ​ឲ្យ​មាន​អារម្មណ៍ និង​ពឹង​ផ្អែក​លើ​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង និង​ព្រះរាជបុត្រា​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​សូម​បងប្អូន​កុំ​ភ្លេច​ថា « រូបភាព​របស់​ព្រះគ្រីស្ទ [ អាច ] ឆ្លាក់​នៅលើ​ទឹកមុខ​របស់​បងប្អូន​បាន ។ ហើយ​សម្រាប់​រាល់​គោលបំណង​ពិត​ប្រាកដ​ទាំងអស់ នៅ​ក្នុង​ថ្នាក់​រៀន​នៅ​ពេល​នោះ និង​នៅក្នុង​ការបង្ហាញ និង​ដោយ​ការបំផុស​គំនិត​នោះ បងប្អូន​គឺ​ជា​ទ្រង់ ហើយ​ទ្រង់​គឺ​ជា​បងប្អូន » ។២៩

នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

កំណត់​ចំណាំ

  1. សូមមើល ឆាត អេច វិប « យើង​ថ្លែង​អំពី​ព្រះគ្រីស្ទ យើង​អររីករាយ​ក្នុង​ព្រះគ្រីស្ទ » ( សុន្ទរកថា​ផ្ដល់​ឲ្យ​នៅ​ក្នុង​ការចាក់​ផ្សាយ​ការបំពាក់​បំប៉ន​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៨ ) ។

  2. សូមមើល គីម ប៊ី ក្លាក « រៀន​ពី​យើង » ( ជំនួប​ជាមួយ​នឹង​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០១៨ ) ។

  3. ប៊យ ឃេ ផាកកឺ « The Ideal Teacher » ( សុន្ទរកថា​ថ្លែង​ទៅកាន់​ថ្នាក់​សិក្ខា​សាលា និង​ថ្នាក់​វិទ្យាស្ថាន ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ១៩៦២ ) ទំព័រ ៥–៦ ។

  4. កូរិនថូស ទី​១ ១៣:២ ។

  5. កូរិនថូស ទី​១ ១៣:១ ។

  6. កូរិនថូស ទី​១ ១៣:៤ ។

  7. លូកា ១៩:៥–៦; សូមមើល លូកា ១៩:១–៦ ។

  8. ជែហ្វ្រី អ័រ ហូឡិន « Teaching and Learning in the Church » Ensign ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ១០២; Liahona ខែ មិថុនា ឆ្នាំ ២០០៧ ទំព័រ ៧០ ។

  9. សំបុត្រ​ឆ្លើយឆ្លង​ផ្ទាល់ខ្លួន ។

  10. មរ៉ូណៃ ៧:៤៨ ។

  11. ហិនរី ប៊ី អាវរិង « The Book of Mormon Will Change Your Life » Ensign ខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ១៤; Liahona ខែ កុម្ភៈ ឆ្នាំ ២០០៤ ទំព័រ ១៨ ។

  12. សូមមើល យ៉ូហានទី ១ ៤:១៩ ។

  13. ម៉ាកុស ៥:៣២ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  14. ម៉ាកុស ៥:៣៤ ។

  15. « សូម​កុំ​បណ្តោយ​ឲ្យ​បញ្ហា​ដែល​អាច​ត្រូវ​ដោះ​ស្រាយ​បាន​សំខាន់​ជាង​មនុស្ស​ដែល​ត្រូវ​ស្រឡាញ់​ឲ្យ​សោះ » (ថូម៉ាស អេស ម៉នសុន « Finding Joy in the Journey » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៨៦ ) ។

  16. សូមមើល យ៉ូហាន ៩:១–៣៨ ។

  17. គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១២៥ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  18. យ៉ូហាន ៨:១–១១ ។

  19. « មាន​មនុស្ស​ច្រើនណាស់​គិត​ថា ការប្រែចិត្ត​ជា​ទណ្ឌកម្ម —ជា​អ្វី​មួយ​ដែល​ត្រូវ​ចៀសវាង លើក​លែង​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​ប៉ុណ្ណោះ ។ ប៉ុន្តែ​អារម្មណ៍​នៃ​ការដាក់​ទណ្ឌកម្ម​នេះ គឺ​បណ្ដាល​មក​ពី​សាតាំង ។ វា​ព្យាយាម​រារាំង​យើង​ពី​ការមើល​ឆ្ពោះ​ទៅ​ព្រះយេស៊ូវគ្រីស្ទ ដែល​គង់​ចាំ​ទាំង​ព្រះហស្ត​លាតលា​ដោយ​សង្ឃឹម ហើយ​មាន​ព្រះឆន្ទៈ​ដើម្បី​ព្យាបាល អភ័យទោស សម្អាត ពង្រឹង ធ្វើ​ឲ្យ​បរិសុទ្ធ និង​ញែក​យើង​ជា​បរិសុទ្ធ ។ …

    គ្មាន​អ្វី​ដែល​មាន​សេរីភាព ប្រពៃ ឬ​សំខាន់​ចំពោះ​ការរីកចម្រើន​របស់​យើង​ម្នាក់ៗ ជាង​ការផ្ដោត​ទៅលើ​ការប្រែចិត្ត​ជា​ទៀងទាត់ និង​ប្រចាំ​ថ្ងៃ​នោះ​ទេ ។ ការប្រែ​ចិត្ត​មិន​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើត​មាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត ។ នៅពេល​ផ្គួប​គ្នា​ជាមួយ​នឹង​សេចក្ដីជំនឿ នោះ​ការប្រែចិត្ត​បើក​ច្រក​ទ្វារ​ទៅកាន់​ព្រះចេស្ដា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ( រ័សុល អិម ណិលសុន « យើង​អាច​ធ្វើ​ល្អ​ជាង ហើយ​ជា​មនុស្ស​ប្រសើរ​ជាង » EnsignLiahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧ ) ។

  20. ឌែល ជី រេនឡាន់ « អ្នកគង្វាលល្អ​របស់​យើង » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៣០ ។

  21. អេសាយ ៦១:១ ។

  22. សូមមើល « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  23. អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ បាន​រកឃើញ​មហាវិទ្យាល័យ​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ទាំង​ក្នុង​ការពង្រឹង​ខាង​វិញ្ញាណ និង​ពង្រីក​សំណួរ​ស្ទង់​មតិ​ខាង​បញ្ញា ។ ពួកគេ​បាន​សូម​ឲ្យ​សាស្ដ្រាចារ្យ​ចែកចាយ​ជាក់លាក់​ពី​របៀប​ដែល​ពួកលោក​បង្រៀន និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សិស្ស ។ ចេញ​ពី​អ្វី​ដែល​មហាវិទ្យាល័យ​បាន​ចែកចាយ អ្នកស្រាវជ្រាវ​បាន​បង្កើត​ជា​ការស្ទង់មតិ​មួយ​ដែល​មាន ១៥ សំណួរ ។ រួច​ហើយ​ពួកគេ​បាន​បញ្ជូន​ការស្ទង់​មតិ​នោះ​ទៅកាន់​សិស្ស​ជាច្រើន ហើយ​សូម​ពួកគេ​ឲ្យ​បង្ហាញ​អាកប្បកិរិយា​ក្នុង​មហាវិទ្យាល័យ​ណាមួយ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ការពង្រឹង​ខាង​វិញ្ញាណ និង​ពង្រីក​ខាង​បញ្ញា​ពួកគេ ។ យោងតាម​ការស្ទង់​មតិ សិស្ស​បាន​ឆ្លើយតប​ថា កត្តា​ទីមួយ​ក្នុង​លទ្ធផល​ទាំងនេះ​គឺ​គ្រូបង្រៀន « ដែល​បង្ហាញ​ថា ពួកគេ​ជឿ​លើ​សក្ដានុពល​របស់​សិស្ស » ។ កត្តា​សំខាន់​បំផុត​ចំនួន​ប្រាំមួយ​គឺ​គ្រូបង្រៀន « ដែល​មាន​អារម្មណ៍ និង​បង្ហាញ​កង្វល់ និង​ក្ដីមេត្តា​ដល់​សិស្ស » ។ សម្រាប់​ព័ត៌មាន​បន្ថែម​ស្ដីពី​ការស្ទង់មតិ​នេះ សូមមើល Alan L. Wilkins and A. Jane Birch, « Spiritually Strengthening and Intellectually Enlarging Faculty: What Students Want » Perspective Spring ឆ្នាំ ២០១៧ ទំព័រ ៣០–៣៧ ។

  24. « First Presidency Shares Messages from General Conference Leadership Session » ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ២០១៩ គេហទំព័រ mormonnewsroom.org ។

  25. សូមមើល រ៉ូណាល់ អេ រ៉ាស់បាន « ព្រះយេស៊ូវគ្រីស្ទ​គឺជា​ចម្លើយ » ( ជំនួប​ជាមួយ​អ្នកមាន​សិទ្ធិ​អំណាច​ទូទៅ ថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ); « Suicide—Instructions for Inservice Leaders » ។ គេហទំព័រ​របស់​សាសនាចក្រ « Hope and Help » ផ្ដល់​ធនធាន​ដើម្បី​ជួយ​គ្រូបង្រៀន​លើ​ប្រធានបទ​ជាច្រើន​រួមមាន ៖ ការរំលោភ​បំពាន ការញៀន ការដោះស្រាយ​រឿង​អាសគ្រាម សេចក្ដីស្លាប់ ការទួញសោក និង​ការបាត់បង់ ពិការភាព ការលែងលះ សុខភាព​ផ្លូវ​ចិត្ត និង​ស្មារតី មរមន និង​មនុស្ស​ខ្ទើយ អ្នកពរពោះ និង​អ្នកនៅលីវ ព្រមទាំង​ការធ្វើ​អត្តឃាត ។

  26. វិវរណៈ ១២:១០ ។

  27. ឌី ថត គ្រីស្តូហ្វឺសិន « As Many as I Love, I Rebuke and Chasten » EnsignLiahonaខែ ឧសភា ឆ្នាំ ២០១១ ទំព័រ ៩៧ ។

  28. សូម​មើល នែល អិល អាន់ឌើរសិន « The Faith to Find and Baptize Converts » ( សិក្ខាសាលា​សម្រាប់​ប្រធាន​បេសកកម្ម​ថ្មី ថ្ងៃ​ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៦ ) ។

  29. ប៊យដ៍ ឃេ ផាកកឺ « The Ideal Teacher » ទំព័រ ៦ ។