ការ ផ្សាយ ប្រចាំ ឆ្នាំ
ពួក​ទេវតា និង​សេចក្ដី​អស្ចារ្យ


ពួក​ទេវតា និង​សេចក្ដី​អស្ចារ្យ

ការចាក់ផ្សាយ​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ឆ្នាំ ២០១៩ • ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០១៩ • សាលប្រជុំ​នៃ​អគារ​ការិយាល័យ​សាសនាចក្រ​ជាន់​ផ្ទាល់​ដី

នៅ​ក្នុង​ការ​អធិស្ឋាន​បើករបស់បងប្រុសភីទើរសុន គាត់ប្រើ​ពាក្យ « គ្រួសារ » ហើយ​វា​រំជួល​ចិត្ត​ខ្ញុំទាំង​ពេល​នោះ និង​ពេល​នេះ​ផងដែរ ។ ខ្ញុំ​រីករាយ​ណាស់​ដើម្បី​នៅ​ជា​មួយ​នឹង​អ្នក​នៅ​ក្នុង​ព្រឹត្តការណ៍​ប្រចាំ​ឆ្នាំ​នេះ វាគឺ​ជា​គ្រួសារ​សម្រាប់​ខ្ញុំ ។ ខ្ញុំ​បាន​ទទួល​ការបំផុសគំនិត​ពី​គ្រប់​ពាក្យ​របស់​បងប្រុស​វេប, ស៊ីស្ទើរ ប៊ីងហាំ និង​អែលឌើរ​ក្លាក​ដែល​បាន​ថ្លែង ។ ហើយ​ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​ខ្ញុំ​អាច​ថ្លែង​ត្រូវគ្នា​នឹង​អ្វី​ដែល​អ្នក​ទាំង​បី​បាន​ថ្លែង ។

នៅពេល​ខ្ញុំ​ជម្រាប​សួរ​អ្នក​នៅ​ទីនេះ​ក្នុង​ការ​គោរព​ចំពោះ​បងប្រុស​ភីទើរសុន​ គំនិត​អំពី គ្រួសារ នេះ គឺមាន​ច្បាស់លាស់ ហើយ​ជា​អារម្មណ៍​របស់​ខ្ញុំ​ពិត​អំពី​អ្នក ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​ជឿ​ដូច្នោះ ។ ខ្ញុំ​ដឹង​ថា វា​ពិត​ជា​មក​ពី​ក្រុមប្រឹក្សាភិបាល​ផងដែរ ប៉ុន្តែ​តាម​របៀប​ដ៏​ពិសេស​បំផុត​មួយ​មក​ពី​ខ្ញុំ ។

ផាត និង​ខ្ញុំ​បាន​ចុះ​ហត្ថលេខា​កិច្ចសន្យា​ ស៊ី.អ៊ី.អែស ដំបូង​របស់​យើង​កាល​ពី ៥៤ ឆ្នាំ​កន្លង​ទៅ​ក្នុង​រដូវ​ក្ដៅ​នេះ ហើយ​យើង​បាន​ចូលរួម​នឹង​អ្នក​តាម​របៀប​មួយ ឬ​របៀប​ផ្សេងទៀត ស្ទើរ​តែ​រាល់​ឆ្នាំ​នៅ​ក្នុង​ជីវិត​របស់​យើង ចាប់តាំង​ពី​ពេលនោះ—​តាម​របៀប​ណា​មួយ​នោះ ។ នៅពេល​នាង និង​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​ មាគ៌ា និង​ការរស់នៅស្រប​តាម​ថ្នាក់សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថានរបស់​យើង នោះ​យើង​ពុំ​ដឹង​ថា​នឹង​មាន​ចំណង​រឹងមាំ អចិន្ត្រៃយ៍​មួយ​នឹង​កើត​មាន​ចំពោះ​យើង​នោះទេ ។ ដោយ​សារ​យើង​ពុំ​ច្បាស់ បើ​ពុំ​មាន​មិត្តភាព និង​ក្តីស្រឡាញ់​ពិត​នៃ​ភាព​ជា​បងប្អូន​ប្រុស​ស្រី​ដែល​គ្រូបង្រៀន អ្នក​គ្រប់គ្រង អភិបាល និង​មនុស្ស​ដទៃ​ទៀត​បាន​ផ្តល់​ដល់​យើង​នៅ​ក្នុង​ឆ្នាំ​ដំបូងៗ​របស់​យើង​ទេ នោះ​ខ្ញុំ​គិត​ថា យើង​ពុំ​អាច​មាន​ទំនុកចិត្ត​បន្ត​ទៅ​មុខ​បាន​ទេ ។ ចំណង​ដែល​មាន​តាំង​ពី​គ្រា​ដំបូង​របស់យើង​ក្នុង​កម្មវិធីនេះ​នៅ​តែជា​មិត្តភាព​ដ៏​ផ្អែមល្ហែម ដែល​​ឥឡូវ​នេះ​យើង​មាន​វា​រយៈពេល​ជាង​ហាសិប​ឆ្នាំ​មក​ហើយ ។ មែន​ហើយ មិន​មែន​និយាយ​អំពី​សិស្ស​រាប់រយ​នាក់​នោះទេ—ហើយ​ខ្ញុំ​ស្មាន​ថា​វា​មាន​ប្រហែលជា​រាប់ពាន់នាក់—ដែល​យើង​បាន​បង្រៀន និង​ស្រឡាញ់​នោះ ។ ខ្ញុំ​អធិស្ឋាន​ទូល​សូម​កុំ​ឲ្យ​យើង​បាត់​បង់​អារម្មណ៍​នៃ​ភាព​ជា​គ្រួសារ​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​នេះ​ឡើយ ។ វា​គឺ​ជា​មូលហេតុ​មួយ​ដែល​យើង​ចង់​បម្រើ​នៅ​ទី​នេះ ។

ហើយ​ដោយ​មាន​សេចក្ដីស្រឡាញ់​នោះ​ចំពោះ​អ្នក អ្វី​មួយ​ដែល​ខ្ញុំ​ចង់បង្ហាញ​បងប្អូន​នៅ​ថ្ងៃ​នេះ​គឺថា ពួកអ្នកមានសិទ្ធិអំណាចទូទៅ​ និង​អ្នក​កាន់តំណែង​ទូទៅ ទាំងអស់​គ្នា ស្រឡាញ់​បងប្អូន ហើយ​ពឹង​ផ្អែក​លើ​បងប្អូន​ផងដែរ ។ នៅ​ក្នុង​ក្រុម​ប្រឹក្សា និង​គណៈ​កម្មការ​របស់​យើង យើង​ចំណាយ​ពេល​យ៉ាង​ច្រើន ដូច​បាន​បង្ហាញ ជា​ថ្មី​ម្ដង​ទៀត​ថាហេតុអ្វី​អ្នក​កាន់តំណែង​អង្គការ​ជំនួយ​ទូទៅ​របស់​យើង​ជា​ច្រើន​នៅ​ទីនេះ​ក្នុង​ថ្ងៃ​នេះ យើង​ធ្វើ​កិច្ចការ​នេះ​ ជាមួយ​គ្នា ។ ខ្ញុំ​ពុំ​ដឹង​ថា​យើង​ចំណាយពេល​ទាំង​អស់​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្ញុំ​ស្មាន​ថា ( ពួកគេ​អាចកែ​ខ្ញុំ​ពេលក្រោយ ) វា​អាចនឹង ៣០ ឬ ៣៥ ភាគរយ​នៃ​ពេល​វេលា​ដែល​ពួក​អ្នក​កាន់​តំណែង​អង្គការ​ជំនួយ​ទូទៅ​ទាំងអស់​បាន​ចំណាយ​ពេល តាម​របៀប​ផ្សេងៗ ថ្លែង​អំពី​យុវវ័យ​របស់​សាសនាចក្រ— ជា​ក្រុម​វ័យ ដែល​និយាយ​ជា​ទូទៅ​ថា អ្នក​កំពុង​ធ្វើ​ការ​ជាមួយ ដែល​អ្នក​ត្រូវ​បាន​ផ្ដល់​កម្រៃ​ឲ្យ​បង្រៀន ថែមទាំង​អ្នកទាំងឡាយ​ដែល​ត្រៀម​ខ្លួន​ដើម្បី​មក​រក​អ្នក​ផងដែរ ។ យើង​ថ្លែង​អំពី​ពិភពលោក​ដែល​ពួកគេ​រស់នៅ បញ្ហា​ដែល​ពួកគេ​ប្រឈម​មុខ ភាព​ពិត​ជា​ពិសេស​ទាំងឡាយ​ដែល​ហាក់​ដូចជា​កើតមាន​ដល់​មនុស្ស​វ័យ​ក្មេង​របស់​យើង​តាំង​ពី​នៅ​វ័យ​ក្មេង​ខ្ចី ។ ឥឡូវ មិនមែន​គ្រប់​ភាព​ពិត​ទាំង​នោះ​អាក្រក់​ទេ ប៉ុន្តែ​មាន​មួយ​ចំនួន​វា​អាក្រក់ ។ យុវវ័យ​ទាំង​នោះ​ត្រូវការ​ជំនួយ​ទាំងអស់​ដែល​ពួកគេ​អាច​ទទួល​បាន ហើយ​សំណាង​ល្អ ពួកគេ អាច ទទួល​វា​បាន ។ ព្រះ​គង់​នៅ​ឯ​ចង្កូត​នាវា​នេះ ហើយ​វា​​នឹង​ទៅ​ដល់​ផែ​ដោយ​សុវត្ថិភាព ។ ទ្រង់​បាន​រៀបចំ​គ្រប់​អ្វី​ដែល​ចាំបាច់​សម្រាប់​រឿង​នោះ ។

រូបភាព
យ៉ូសែប ស្ម៊ីធ​ និង​ការនិមិត្ត​ដំបូង

ឧទាហរណ៍ ខ្ញុំ​ពុំ​គិត​ថា វា​ជា​រឿង​ចៃដន្យ​ដែល​យើង​ផ្តើមឲ្យ​​សិស្ស​យើង​នៅក្នុង​កម្មវិធី​ថ្នាក់​សិក្ខាសាលា​នៅ​អាយុដូច យ៉ូសែប ស៊្មីធ ពេល​លោក​ទទួល​ការនិមិត្ត​ដំបូងនោះ​ទេ ។ ខ្ញុំ​គិត​ថា ព្រះវរបិតាសួគ៌​របស់យើង​ញាណ​ដឹង​ថា នៅ​អាយុ ១៤ ឆ្នាំ យ៉ូសែប​ឈាន​ចូល​ដល់​វ័យ​ចាស់​ទុំ​ល្មម ដើម្បី​លោក​អាច​​ចាប់ផ្តើម​ដើរ​លើ​ផ្លូវ​នៃ​បេសកកម្ម​ដ៏អស្ចារ្យ​នៃ​ភាព​ជា​ព្យាការី​របស់​លោក​បាន​ហើយ ។ តើ​យើង​អាច​សន្មត់​ថា នោះ​វា​ជា​រឿង​ទូទៅ​ដែល​យុវវ័យ​ផ្សេង​ទៀត​អាច​ចាប់ផ្តើម​មាន​ភាព​ចាស់ទុំ​ខាងទីបន្ទាល់​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដោយ​មើល​ទីបន្ទាល់នោះ​អភិវឌ្ឍ​ឡើង ( យើង​សង្ឃឹម​ថា​អញ្ចឹង ) នាពេល​អនាគត ក្លាយ​ជា​កម្លាំង​ណែនាំ​ដ៏​មាន​អានុភាព​មួយ ដែល​វា​គួរតែ​មាន​ក្នុង​ភាពអស់កល្ប​ជានិច្ច​ដែរ​ឬ​ទេ ?

រូបភាព
យុវវ័យ​កំពុង​ដើរ

ប្រាកដ​ណាស់ នោះ​ជា​មូលហេតុ​ដែល​ព្រះអម្ចាស់​បាន​បំផុស​កម្មវិធីយើង​​ឲ្យ​មាន​រចនាសម្ព័ន្ធដូច្នេះ—ជះ​ឥទ្ធិពល​ដល់​ចិត្ត​របស់​យុវជន ឬ​យុវនារី ពេលពួកគេ​ឈាន​ដល់​ភាព​ចាស់​ទុំ បង្កើន​ការទាក់ទង​របស់​យើង​ជាមួយ​ពួកគេ ផ្តល់​​បទពិសោធន៍​ដ៏​រឹងប៉ឹងនៅ​កណ្តាល​សប្តាហ៍​ ជាជាង​ពឹងផ្អែក​តែ​ទៅលើ​បទពិសោធន៍​នៅ​ថ្នាក់​រៀន​នៅ​ថ្ងៃ​អាទិត្យ​តែ​មួយ​ប៉ុណ្ណោះ​នោះ ។ ពេល​សាសនាចក្រ​រំកិល​ខិត​កាន់តែ​ខ្លាំង​ទៅលើ​​កម្មវិធី​សិក្សា​ដំណឹងល្អ​នៅ​ផ្ទះ គាំទ្រ​ដោយ​សាសនាចក្រ នោះយើង​អាច​មាន​មោទនភាព​ថា ថ្នាក់ ស៊ី.អ៊ី.អេស. ជាមួយ​នឹង​ការផ្តោត​ចិត្ត​ទុកដាក់​ជា​ប្រចាំ​ថ្ងៃ និង​ការសិក្សា​នៅ​ផ្ទះ​​គឺ​ត្រូវបាន​ចង្អុល​បង្ហាញ​យូរ​មកហើយ ។ ការកែសម្រួល​​បច្ចុប្បន្ន​នេះ​ជំរុញ​ឲ្យ​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន ខិត​ទៅកាន់តែ​ជិត​នឹង​​កម្មវិធី​សិក្សា​ចម្បង​​ដែល​ជា​កិច្ចខិតខំ​របស់​សាសនាចក្រ ជាង​ពេល​មុនៗ​ក្នុង​ប្រវត្តិ​សាស្ត្រ ។

ដោយសារ​ខ្ញុំ​និយាយ​ពី​រឿង​នេះ ខ្ញុំសូម​លើក​សរសើរ​ដល់​បងប្អូនប្រុស​ដែល​គ្រប់​គ្រង​នៅ​ទីនេះ​បាន​ធ្វើ ក្នុងការសុំ​ឲ្យ​យើង​មាន​កម្មវិធី​សិក្សា​ថ្នាក់​សិក្ខា​សាលា​ឲ្យ​ទាក់ទង​គ្នា​ជាមួយ​កម្មវិធី​សិក្សា​ព្រះគម្ពីររបស់​សាសនាចក្រ​តាមកាលវិភាគឆ្លាស់​វេន​បួន​ឆ្នាំ​ម្តង ។ វា​គឺជា​រឿង​មួយ​ដែល​យើង​ទទួល​បាន​ការសរសើរ​នោះ តែ​ជាពិសេស​វា​ជា​រង្វាន់​ដែលមាន​ប្រធាន​នៃ​គណៈកម្មការ​យើង​​បង់ថ្លៃ​វា ។ ខ្ញុំ​សូម​រំឭក​ដល់​អ្នក​គណៈភិបាល​របស់យើង ។ នេះ​គឺ​ជា​អ្វី​ដែល​ប្រធាន​ណិលសុន បាន​មាន​ប្រសាសន៍​ប្រកាស​អំពី​ការ​អភិវឌ្ឍ​នេះ ៖

« ដើម​ឆ្នាំ ២០២០ វគ្គ​សិក្សា​ថ្នាក់សិក្ខាសាលា​នឹងប្ដូរ​ទៅ​តាម​ប្រតិទិន​ប្រចាំ​ឆ្នាំ ។ ថ្នាក់​ទាំងឡាយ​នឹង​សិក្សា​បទគម្ពីរ​ដូចគ្នា ​ដែល​បាន​ប្រើប្រាស់​​សម្រាប់​សៀវភៅកម្មវិធីសិក្សា ​​ចូរ​មក​តាម​ខ្ញុំ ។ ការកែប្រែនេះ​នឹង​ពង្រីក​មធ្យោបាយ​ទ្រទ្រង់​ដល់ការ​សិក្សា​ដំណឹងល្អ​នៅ​ឯ​គេហដ្ឋាន ដោយ​មាន​ការ​គាំទ្រ​ពី​សាសនាចក្រ តាមរយៈ​ការសិក្សា​រួម​គ្នា​ទាំងនៅតាម​គេហដ្ឋាន ថ្នាក់សាលា​ថ្ងៃអាទិត្យ និង​ថ្នាក់សិក្ខាសាលា ។

« នៅពេល​បងប្អូន​ពិចារណា​អំពី​ការ​ផ្លាស់ប្ដូរ​នេះ ខ្ញុំ​សូមអញ្ជើញបងប្អូន​​ឲ្យ​ពិចារណា​អំពី​អនាគត​របស់បងប្អូន​ ។ សក្ដានុពល​របស់បងប្អូន​ដើម្បី​ជះឥទ្ធិពល​កាន់តែ​ខ្លាំង​ទៅលើ​ពិភព​លោក​ជាង​ជំនាន់ណាៗ​ទាំងអស់ គឺ​អាស្រ័យទាំងស្រុង​ទៅលើ​កម្រិត​នៃ​ការ​លះបង់​របស់បងប្អូន​​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ បងប្អូន​ម្នាក់ៗ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ជួយ​បង្រៀន​ដំណឹងល្អ​របស់​ទ្រង់​នៅក្នុង​ផ្ទះ​របស់​បងប្អូន​ដល់​អស់​អ្នក​ដែល​បងប្អូន​រស់នៅ​ជា​មួយ ។ ថ្នាក់​សិក្ខា​សាលា និង​វិទ្យាស្ថាន​នឹង​ជួយ​បងប្អូន​ដើម្បី​កែលម្អ​​ផ្ទះ​របស់​បងប្អូន​ឲ្យ​ក្លាយ​ជា​ទីពិសិដ្ឋ​នៃ​សេចក្ដី​ជំនឿ—ជា​កន្លែង​មួយ​ដែល​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ត្រូវបាន​បង្រៀន រៀន រស់នៅ​តាម និង​ស្រឡាញ់ » ។

ខ្ញុំ​ពុំ​ប្រាកដ​អំពី​អ្នកទេ ប៉ុន្តែ​ខ្ញុំ​បាន​នៅ​ជាប់​ក្នុង​កម្មវិធី​យូរ​មក​ហើយ ហើយ​វា​មានរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ចាប់​តាំង​ពី​ខ្ញុំ​គិត​ថា យើង​មាន​ប្រធាន​សាសនាចក្រ​ម្នាក់​ថ្លែង​មក​កាន់​យើង​យ៉ាង​ច្បាស់ និង​ដោយ​ការ​លើក​ទឹកចិត្ត​ចំពោះ​រឿង​នោះ ហើយ​ថ្លែង​មក​កាន់​យើង​ដោយ​ផ្ទាល់ ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​រឿង​នោះ​ប្រធាន ណិលសុន ។ ឥឡូវ​ចូរ​យើង​និយាយ​ថា តាមរយៈ​ការកែសម្រួល​ធំ និង​តូច​ពេល​​បច្ចុប្បន្ន​នេះ ពួកបងប្អូនប្រុស​បាន​ពិភាក្សា បាន​គិត​កាន់តែច្រើន ហើយ​បាន​ទាក់ទង​ផ្ទាល់​ជាមួយ​បុគ្គលិក​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន និង​គោលនយោបាយ ជាង​ពេលណាៗ​ទាំងអស់ ដែល​ខ្ញុំ​អាច​ចាំ​ក្នុង​ការបម្រើ​នៅផ្នែក ស៊ី.អ៊ី.អេស. នេះ ។ ឱ​នេះ​វា​ជា​ពេល​ដ៏​រំភើប​ណាស់​ដើម្បី​នៅក្នុង​គ្រួសារ​ប្រព័ន្ធ​អប់រំ​នៃ​សាសនាចក្រ​នេះ ។

ឥឡូវ ខ្ញុំ​សូម​ចូល​ទៅ​កាន់​កម្មវត្ថុ​នៃ​រឿង​ទាំងអស់​នេះ មូលហេតុ​ដែល​មាន​ការ​ប្រជុំ​របស់​យើង​នៅ​ថ្ងៃនេះ និង​មូលហេតុ​សម្រាប់​ការ​បង្រៀន​ប្រចាំ​ថ្ងៃ និង​ប្រចាំ​សប្ដាហ៍​របស់​យើង— សិស្ស​គឺ​ជាចំណុច​ចម្បង​នៃ​ការ​យកចិត្ត​ទុកដាក់ និង​សេចក្ដីស្រឡាញ់​ ។

រូបភាព
កុមារី​កំពុង​សិក្សា

ដោយសារ​ពិភពលោក​នេះ​​ប្រែ​កាន់តែ​អាក្រក់​ឡើង នោះ​យើង​ត្រូវ​ដឹង​ពី​របៀប​ ដើម្បី​ធ្វើ​ជា​ប្រយោជន៍ និង​គំរូ​ដល់​យុវជន និង​យុវនារី​យើង ដែល​ការពារ​សេចក្តីជំនឿ​ពួកគេ ពេល​រស់នៅ​ក្នុង​វប្បធម៌​មួយ​ដែល​ជារឿយៗ​​បដិសេធ​វា ឬ​កាន់តែ​អាក្រក់នោះ​គឺ​បន្ទាបបន្ថោក​វា ។ ចន្លោះ​ប្រហោង​រវាង​​​យុវវ័យ​ដ៏​ស្មោះត្រង់​របស់យើង និង​ពិភពលោក​ដែល​ផ្ទុយ ដែល​ហ៊ុម​ព័ទ្ធ​ពួកគេ​នេះកំពុង​​កើនឡើង​រៀង​រាល់​ថ្ងៃ យ៉ាង​ហោច​ណាស់​​នៅពេល​និយាយ​ជាទូទៅ ។ ប្រាកដ​ណាស់ វា​គឺ​ជា​ការព្យាករ « ដែល​បាន​ដឹង » នៅ​ថ្ងៃ​ចុងក្រោយ ប៉ុន្តែ​វា​ពុំមែន​​ជា​អ្វី​ដែល​រីករាយ​ដើម្បីពិភាក្សា ឬ​ជា​រឿង​សប្បាយ​ដើម្បី​ជួបនោះ​ទេ ។​ នៅក្នុង​ពិភពលោក​ដ៏​តូច​មួយ​នេះ សិស្ស​យើង​​ត្រូវបាន​ហៅ​ថា​ជា​ជំនាន់​​ស្ស៊ី ដោយសារ​លក្ខណៈ​ជាក់លាក់​មួយ​ចំនួន ។ លក្ខណៈ​ទាំង​នេះ​គូស​បញ្ជាក់​ពី​ឧបសគ្គ​​មួយ​ចំនួន​របស់យើង​ក្នុងការ​បង្រៀន ៖

រូបភាព
កុមារាពាក់​កាស​ត្រចៀក
  • ពួកគេ​តែងតែ​ប្រើប្រាស់​អ្វី​មួយ ។ « ពួកគេ​ពុំ​ធ្លាប់​ស្គាល់​ពិភពលោក​មួយ​ដែល​គ្មាន​អ៊ិនធើរណែត ឬ​ទូរសព្ទ​ដៃ [ ឬ​កាស​ដាក់​ត្រចៀក ] ទេ ។… មាន Google ជានិច្ច [ សម្រាប់​ពួកគេ ] » ។ ពួកគេ​ពុំ​ធ្លាប់​ឃើញ​ទូរសព្ទ​បង្វិលលេខ​ដើម្បី​តេ ឬ​ទូរសព្ទ​ដោយ​ប្រើ​អ្វី​មួយ​ដែល​ហៅ​ថា​ទូរទូរសព្ទ​នោះ​ទេ ។ តែ​វា​មិន​អី​ទេ ដោយសារ​ក្រុមនេះ​ចូលចិត្ត​ផ្ញើ​សារ​ជាង ។

  • តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិច​នៅ​គ្រប់​ទីកន្លែង​នេះ ពួកគេ​បាន​ជួប​នឹង​អ្វី​ដែល​អសីលធម៌ ការណ៍អាសគ្រាម​ដ៏​បំផ្លិចបំផ្លាញ​តាំង​តែ​ពី​ក្មេង​មក ។

  • ពួកគេ​មាន​ទំនោរ « [ គាំទ្រ ] អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា និង​សិទ្ធិ​អ្នក​ប្តូរ​ភេទ… [ ទុកជា ] ផ្នែកនៃ​ជីវិត​ប្រចាំ​ថ្ងៃ ។ វា​កម្រ​ណាស់​ដែល​ក្មេង​ជំនាន់​ស្ស៊ី គ្មាន មិត្ត​ភក្ដិ​ម្នាក់​ពី​សហគមន៍​ពួក​ខ្ទើយ​នោះ » ។ ដោយសារតែ​សង្គម​បែប​នេះ នោះ​ភាព​ខុស​គ្នាបន្តិចបន្តួច​រវាង​មិត្តភាព និង​ឥរិយាបថ​នៃការ​អត់​ទោស​ចាប់ផ្តើម​ស្រវាំង និង​ពិបាក​ដើម្បី​ខិត​ទៅជិត ។

  • « ពួកគេ​ជា​ពួក​ក្រោយជំនាន់​គ្រីស្ទាន ។ ស្ទើរ​តែ​មួយភាគ​បួន » ( ទាំង​នេះ​ពុំ​មែនជា​សិស្ស​អិល. ឌី.អេស. ​យើង​ទេ ប៉ុន្តែ​តាម​ពិត​ទៅ​ពួកគេ​នៅក្នុង​ពិភពលោក​ដែល​យើង​កំពុង​មើល​ទៅ​នោះ), « ស្ទើរ​តែ​មួយភាគ​បួន ( ២៣ ភាគរយ) នៃ​មជ្ឈិមវ័យ​របស់​អាមេរិក—និងមួយ​ភាគ​បី​នៃពួក​សហសវត្សរ៍—គឺ ‹ គ្មាននរណា​ម្នាក់ › ប្រកាស​អំពី​អត្តសញ្ញាណ​សាសនា​ទាល់​តែ​សោះ ។ មាន​ពួក​ជំនាន់​ស្ស៊ី​ជា​ច្រើន​ដែល​ធំ​ឡើង​នៅក្នុង​ផ្ទះ​គ្មាន​សាសនា ពុំ [ ផ្តល់​បទពិសោធន៍ ] ដល់​ពួកគេ [ ឬ​បរិបទ ] នៃ​សាសនា​ឡើយ » នៅក្នុង​ជីវិត​របស់​ពួកគេ​ផ្ទាល់ ។

  • ការសិក្សា​ថ្មី​មួយ​ស្តីពី​អត្តចរិត​ពួក​យុវវ័យ​អូស្ត្រាលី​​ចំពោះ​សាសនា​បង្កើត​ជា​ប្រធាន​បទ​សម្រាប់​រកឃើញ​ក្នុង​ការសិក្សា​នោះ​ថា ៥២ ភាគរយ​ក្នុង​ចំណោម​ពួកគេ​ពុំ​កាន់​សាសនា​ណា​មួយ​ឡើយ ហើយ​មាន​តែ ៣៧ ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿ​លើ​ព្រះ ។

  • គ្រូគង្វាល និង​អ្នក​និពន្ធ​ឈ្មោះ ជេម អ៊ីមើរី វ៉ាយ បាន​សរសេរ​ច្រើន​ពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ពួកគេ ។ គាត់​បាន​សរសេរ​ថា « ដំបូង​ពួកគេ​បាន​វង្វេង ។ ពួកគេ​ពុំ​រស់នៅ ហើយ​ពុំ​ត្រូវបាន​សម្រួច​សម្រាំង​ដោយ​បរិបទ​​នៃ​វប្បធម៌​ពួក​​ជំនាន់​ក្រោយ​គ្រីស្ទាន​​ទេ ។ ពួកគេ​ថែមទាំង​ពុំ​ចាំ​ពី​ដំណឹង​ល្អ [ ឬ​បរិបទ​ដំណឹងល្អ ] ទេ ។ កម្រិត​នៃ​ភាពអវិជ្ជា​ខាង​វិញ្ញាណ​គឺខ្លាំង​ណាស់ ។… [ ទីពីរ ] ពួកគេ​គ្មាន​អ្នកដឹកនាំ ។ ការដឹកនាំ​តិចតួច​ក្នុង​ជីវិត​គឺ​កើត​មក​ពី​គ្រួសារ​ពួកគេ ហើយ​ការដឹកនាំ​កាន់តែ​តិច​នោះ​គឺ​កើត​មក​ពី​ការព្យាយាម​ស្វែងរក​ការណែនាំ​ពី​អ៊ិនធើរណែត » ។​

  • យោង​តាម​អត្ថបទ​មួយ​បោះពុម្ព​នៅក្នុង​ទស្សនាវដ្ដី USA Today ជំនាន់​ស្ស៊ី​គឺ​ជា​ក្រុម​រង​មួយ​ដែល​ឯកោ​ខ្លាំង​បំផុត ។ អត្ថបទនោះ​បាន​ដកស្រង់​ការសិក្សា​របស់​សាលា​ ប៊ី.វ៉ាយ.យូ. ឆ្នាំ ២០១០ ដែល​បាន បញ្ចប់​ដោយ​( ពាក្យ​ដក​ស្រង់ ) ថា « ភាព​ឯកោ​មាន​ឥទ្ធិពល​ដូច​គ្នា​ទៅលើ​ជីវិត​រមែង​ស្លាប់ ដូច​នឹង​ការជក់​បារី ១៥ ដើម​ក្នុង​មួយ​ថ្ងៃ ដែល​វា​មាន​គ្រោះថ្នាក់​ច្រើន​ជាង​ជំងឺ​ធាត់​ទៅ​ទៀត » ។​

  • ក្នុង​ចំណោម ៥៣ ភាគ​រយ​នៃ​យុវនារី​អាមេរិកកាំង​អាយុ ១៣ ឆ្នាំ ពុំ​សប្បាយ​ចិត្ត​នឹង​រាងកាយ​របស់​ពួកគេ​ឡើយ ។ ចំនួននេះ​បាន​កើន​ឡើង​ដល់​ទៅ ៧៨ ភាគ​រយ​ពេល​យុវនារី​នោះ​ឈាន​ដល់​អាយុ ១៧ ឆ្នាំ ។ ច្រើន​ជាង ៥០ ភាគរយ​នៃ​យុវនារី និង ៣០ ភាគ​រយ​នៃ​យុវជន​​ប្រើប្រាស់​ឥរិយាបថ​បញ្ចុះ​ទម្ងន់​មិន​ល្អ​ដូច​ជា រំលង​ការបរិភោគ​អាហារ តមអាហារ ជក់​បារី ធ្វើ​ឲ្យ​ខ្លួនក្អួត និង​ផឹក​ថ្នាំឲ្យ​​រាគ ។១០

  • ចុង​ក្រោយនោះ ពួកគេ​មាន​ការផ្ចង់​អារម្មណ៍​ខ្លី ។ អ្នក​ខ្លះ​រាយ​ការណ៍​​ពី​មធ្យមភាគ​នៃការ​ផ្ចង់​អារម្មណ៍​របស់​ពួក​ជំនាន់​ស្ស៊ី​​ថា មានតែ​ប្រាំបី​វិនាទី​ប៉ុណ្ណោះ ។១១ ខ្ញុំ​បាន​បាត់​ពួកគេ​នៅក្នុង​ចំណុច​​បី​ដំបូង​ដែល​យើង​បាន​បង្ហាញ​នៅ​ទីនេះ ។

មែនហើយ គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា និង​ថ្នាក់វិទ្យាស្ថាន​នឹង​ពុំ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​ភ្លាមៗ​ទេ តែ​ពួក​បងប្អូនប្រុស​ពិត​ជា​មើល​ទៅ​អ្នក​ថា ជា​អ្នក​មាន​ចំណេះ​ដឹង​ល្អ បាន​រៀបចំ​ល្អ ស្គាល់​រឿង​ខាង​វិញ្ញាណ ហើយ​អាច​ដោះស្រាយ​សំណួរ​​នានា ពេល​វា​កើត​មាន​ បើ​អ្នក​ស្ថិត​នៅ​ក្នុង​ពេល​ជាក់​ស្ដែង​នោះ ។ ក្នុង​ការទាក់ទង​របស់​អ្នក​នៅ​ក្នុងពាក់កណ្តាល​សប្តាហ៍ អ្នក​អាច​ដឹង​ពី​សិស្ស​ច្រើន​ជាង​គ្រូ​បង្រៀន​ផ្សេង​ទៀត​ក្នុង​សាសនាចក្រ​ ដូច្នេះ​សូម​មាន​ភាព​ឆ្លាត​វៃ​ក្នុង​ការធ្វើ​រឿង​នេះ តែ​សូម​ប្រាកដ​ថា ពួកបងប្អូនប្រុស​ពិត​ជា​ចង់បាន ហើយ​រំពឹង​​ចង់​បាន​ជំនួយ​អ្នក —ទាំង​ផ្លូវ​ការ និង​ក្រៅ​ផ្លូវការ ក្នុង​ថ្នាក់ និង​ក្រៅ​ថ្នាក់—ក្នុង​ការបង្រៀន​ពី​គោលនយោបាយ ការអនុវត្ត និង​គោលលទ្ធិ​នៃ​សាសនាចក្រ ។

ជាពិសេស—សូម​ស្តាប់ សូម​ស្ដាប់​តាម​ព្រះវិញ្ញាណ ។ សូម​ទុកពេល​បន្ថែម​សម្រាប់​រៀបចំ​ផែនការ​មេរៀន​របស់​អ្នក ។ ប្រសិនបើ​អ្នក​ត្រូវរៀបចំ​មេរៀន​ខ្លី​បន្តិច​ដើម្បី​ថ្លែង​ទីបន្ទាល់​របស់​អ្នក ហើយ​ភ្ញោច​ឲ្យ​មាន​ការពិភាក្សា​មួ​យ​ស្តី​ពី​​បញ្ហា​សម័យ​ទំនើប​នេះ សូម​ធ្វើ​វា​ពេល​មាន​ការបំផុស​គំនិត​ និង​ការ​ប្រាប់​ពី​ព្រះវិញ្ញាណ​ដោយ​ត្រឹមត្រូវ ។

ប្រាកដ​ណាស់​អ្នក​ត្រូវ​ធ្វើ​វា ដោយ​ពុំ រំលង​តួនាទី​អ្នក​ដឹក​នាំ​បព្វជិតភាព ឬ​អង្គការជំនួយ​ដែល​ពុំមែន​ជា​តួនាទី​របស់​អ្នក​នោះឡើយ ។ ការធ្វើបែប​នោះ​គឺ​ជា​ឧបសគ្គ​មួយ​ក្នុង​ប្រព័ន្ធ​របស់​យើង​ចាប់តាំង​ពី​ដំបូង​មក ហើយ​វា​បន្ត​នៅ​ដូច្នេះ​ត​ទៅ ។ វា​ត្រូវ​ធ្វើ​ការ​វិនិច្ឆ័យ​ល្អ ហើយ​នឹង​ការ​ដឹកនាំ​ពី​ព្រះវិញ្ញាណ​ដើម្បី​ដើរ ប៉ុន្តែ​វា​ជា​ឧបសគ្គ​មួយ​ដែល​មាន​តម្លៃ​ដើម្បី​ទទួល​យក ហើយ​ពួក​បងប្អូនប្រុស​សរសើរដល់​ការ​ខិតខំរបស់​អ្នក ។ អ្វីៗ​ទាំងអស់​គឺ​ចាំបាច់ ហើយ​សារ​លិខិត​នៅ​គ្រប់​កម្រិត​ត្រូវតែ​ច្បាស់​លាស់ និង​ខ្ជាប់ខ្ជួន ។

« ឯ​ត្រែ​ក៏​ដូច​គ្នា បើ​ឮ​សូរ​មិន​ច្បាស់ នោះ​តើ​នឹង​មាន​អ្នក​ណា​ប្រុងប្រៀប​ខ្លួន​ទៅ​ច្បាំង​បាន ?… នោះ​ត្រូវ​ស្វែង​រក ឲ្យ​បាន​កាន់​តែ​ច្រើន​ចុះ ដើម្បី​នឹង​ស្អាង​ចិត្ត​ពួក​ជំនុំ​ឡើង » ។១២

ប្រាកដ​ណាស់​ជាមួយ​នឹង​កម្លាំង​ដ៏​អស្ចារ្យ​នេះ​នៅ​កន្លែង​ការងារ​ក្នុង​​ជំនាន់​យើង វា​តម្រូវ​ឲ្យ​ការបង្រៀន​ដំណឹងល្អ​មាន​ឥទ្ធិពល ដែល​គ្មាន​អ្វី​អាច​អង្រួន​​សេចក្តីជំនឿ ឬ​បង្វែរ​ផ្លូវ​របស់​យុវវ័យ​យើង ពេល​ពួកគេ​ដើរ​ចេញ​ពី​ថ្នាក់ ហើយ​ត្រឡប់​ទៅក្នុង​ពិភពលោក​នោះ​ទេ ។ ការ​បង្រៀន​ប្រភេទ​នោះ គឺ​ងាយ​ស្រួល​ដើម្បី​និយាយ​ជាង​ធ្វើ ខ្ញុំ​សន្យា​នឹង​អ្នក ហើយ​អ្នកដឹង​រឿង​នោះ ប៉ុន្តែ​យើង​ម្នាក់ៗ​អាច​ធ្វើ​បាន​កាន់តែ​ល្អ​ប្រសើរ ។ ពេល​ខ្លះ​យើង​អាច​ជា​គ្រូបង្រៀន​កាន់តែ​មាន​អានុភាព​ជាង​យើង​បង្រៀនឥឡូវ​នេះ ។ ដើម្បី​សម្រេច​បាន​កិច្ចការ​បែប​នោះ សូម​ចាំ​ពី​កិច្ចការ​មួយ​មក​ពី​គ្រា​ដែល​អ្នក​មាន​ជាមួយ​ខ្ញុំ​នា​ថ្ងៃ​នេះ—ចាំ​ថា សិស្ស​ពុំ​មែន​ជា​ថូ​មួយ​ដើម្បី​ចាក់​បំពេញ​ទេ តែ​សិស្ស​គឺ​ជា​ភ្លើង​មួយ​ដែល​ត្រូវ​ដុត​ឲ្យ​ឆេះ​សន្ធោរសន្ធៅ ។

រូបភាព
ប្រអប់​ទទេរស្អាត
រូបភាព
គម្រប​ត្រូវ

ក្នុង​នាមជា​គ្រូបង្រៀន​ដំណឹងល្អ យើង​ជា​អ្នក​បង្កើតអគ្គិសភ័យ​ខាង​វិញ្ញាណ ។ មេរៀន​របស់​យើង​គឺ​ត្រូវ​ឲ្យ​ដំបូន្មាន​អំពី​ការ​បង្កើត​អគ្គិសភ័យ ។ យើង​គឺជា​អ្នក​ដែល​ចង់​បង្កើត​ភ្លើង ដកពាក្យ « អ្នក​ចង់​បង្កើត » ចេញ—នៅសល់តែ​ពាក្យ​ « ភ្លើង » ។ ឥឡូវ ខ្ញុំ​សូម​ពន្យល់ពាក្យ​​នេះ​ពី​មុន​អ្នក​រាយការណ៍ពី​ខ្ញុំ​ទៅ​ពួកបងប្អូន​ប្រុស ប៉ូលីស អូ៎ខេ?

ខ្ញុំ​តែងតែ​ស្ងើច​សរសើរ​ដែល​ស្ថានភាព​បង្រៀន​សំខាន់ៗ​នៅ​ក្នុង​គម្ពីរ​មរមន ឃ្លា​ដែល​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​គ្រា​នោះ គឺ​ថា​បុគ្គល​ម្នាក់ៗ​បាន​បង្រៀន​ដោយ « អំណាច និង​សិទ្ធិអំណាច » ១៣ ។ នោះ​គឺ​ជា​បំណង​ប្រាថ្នា​ដ៏​ធំបំផុត​របស់​ខ្ញុំ​នៅ​ក្នុង​ការ​បង្រៀន​ផ្ទាល់ខ្លួន ហើយ​ខ្ញុំ​សង្ឃឹម​ថា​វា​មាននៅ​ក្នុង​ខ្លួន​អ្នក ។

សូម​កុំ​យល់​ខុស ។ ខ្ញុំ​មិន​កំពុង​និយាយ​អំពី​ការ​តម្លើង​សំឡេង​របស់​អ្នក​ឲ្យ​ខ្លាំង ដូច​ការ​លេង​ល្ខោន​នៅ​ក្នុង​បទបង្ហាញទេ ជាពិសេស ខ្ញុំ​មិន​និយាយ​អំពី​អារម្មណ៍​ខុស​ឆ្គង​នោះ​ទេ ។ ខ្ញុំ​កំពុង​និយាយ​អំពី​អ្វី​មួយ​ដែល​ជា​រឿង​ចាំបាច់​ដោយ​សាមញ្ញ និង​ដោយ​សាមញ្ញ​ខាង​វិញ្ញាណ ជា​វិញ្ញាណ​ដែល​នឹង​បង្ហាញ​តាម​របៀប​ផ្សេងៗ​ជា​ច្រើន ក៏ដូចជា​អ្នក​រាល់​គ្នា​ម្នាក់ៗ​ខុសៗ​គ្នា​ដែរ ។ អ្នក​ត្រូវ​ធ្វើ​ជា​ខ្លួន​អ្នក ។ អ្នក​ពុំ​អាច​ធ្វើជា ប្រ៊ូស ម៉ាក់ខនគី ឬ ប៊យខេ ផាកកឺ ឬ រ័សុល អិម ណិលសុន បានទេ យើង​ថែមទាំង​នឹង​សួរ​ខ្លួន​ឯង​ផងដែរ​ថា ហេតុអ្វី​គ្រូបង្រៀន​ទាំង​នោះ​ជះឥទ្ធិពល​មក​លើ​យើង​តាម​របៀប​ដែល​ពួកគេ​ធ្វើ​នោះ ។ សូម​រៀន​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អ្នក​អាច​រៀន​បាន​ពី​គ្រូបង្រៀន​ដ៏​ល្អៗ ( ទាំង​អតីតកាល និង​បច្ចុប្បន្នកាល) ប៉ុន្តែ​នៅ​ទីបំផុត អ្នក​ត្រូវ​បង្រៀន​ដោយ​សាមញ្ញ អ្នក​ត្រូវ​បង្រៀន​តាម​វិធី​របស់​អ្នក ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ មិន​ថា​តាមម​ធ្យោបាយ​ណា​នោះទេ លទ្ធផល​គួរ​តែ​ជា​ការ​បង្រៀន​ប្រកប​ដោយ​អានុភាព និង​ដោយ​សិទ្ធិអំណាច ។

ខ្ញុំ​សូម​ប្រើឧទាហរណ៍​មួយ​ចំនួន​ដែល​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​មរមន ។ ហេលេមិន ៥ គូស​ចំណាំ​អំពី​រឿង​នីហ្វៃ និង​លីហៃ ដែល​ដាក់​ឈ្មោះ​តាម​ជីដូនជីតា​របស់ពួកគេ ដែល​ទទួល​បាន​ភារៈកិច្ច​ដើម្បី​បង្រៀន​ពួក​សាសន៍​លេមិន​នៅក្នុង​ដែនដី​សារ៉ាហិមឡា ។ បន្ថែម​ទៅ​លើ​ការ​បង្រៀន​ដល់​ក្រុម​ដ៏​ពិបាក នីហ្វៃ និង​លីហៃ ក៏​បាន​ទៅកាន់ « ពួក​បំបែក​ខ្លួន » សាសន៍​នីហ្វៃ​ដែល​ក្បត់សាសនា ដែល​បាន​ទៅ​ចូលរួម​នឹង​ពួក​សាសន៍​លេមិន​នៅ​ក្នុង​ការ​ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ព្រះ ។ ខ្ញុំ​មិន​ដឹងថា​អ្នក​យ៉ាងណាទេ ប៉ុន្តែ​ក្រុម​ទាំង​ពីរ​នោះ តំណាង​ឲ្យ​ប្រភេទ​អ្នក​​ចូលចិត្ត​បង្ក​រឿង ដែល​ខ្ញុំ​ពុំ​ចង់​ជួប​ដំបូង​គេ​នៅ​ព្រឹក​ថ្ងៃ​ចន្ទឡើយ ។ នៅ​ត្រង់​ចំណុច​នេះ ពួកសាសន៍លេមិន​បង្ករឿង ខឹង ហើយ​​​ពេញ​ដោយការតាំង​ចិត្ត​ដើម្បី​ធ្វើ​ទោស​​ពួក​សាសន៍​នីហ្វៃ​ដោយ​ការ​ឈ្លោះ​ប្រកែក​ពី​ដើម​កំណើត​ដែល​ពួកគេ​បាន​ភ្លេច​មក​ជា​យូរ ។ បន្ទាប់​មក បើ​ពុំ​គ្រប់គ្រាន់ទេ អ្នក​ទទួល​បាន​ពួក​មរមន​ចាស់​សម្រាប់​ព្រះយេស៊ូវ ( នោះ​ជា​ការ​ប្រើ​ពាក្យ « មរមន » របស់​ពួកគេ ពុំ​មែន​ខ្ញុំ​ទេ ) ជា​ពួក​ក្បត់​សាសនា​ក្នុង​ស្រុក​ដែល​មាន​ម្ដង​នោះ​នៅ​ក្នុង​កូរ៉ុម​សង្ឃ ដែល​នៅ​ក្នុង​ករណីមួយ ឬ​ពីរ​អាច​បាន​បម្រើ​បេសកកម្ម​ដ៏​ស្មោះត្រង់​តែ​ឥឡូវ​ត្រូវ​ធ្លាក់​ចេញ​ពី​ផ្លូវ ។ ម្ដង​នោះ ពួកគេ​បាន​បង្រៀន​សម្រាប់​យើង ហើយ​ឥឡូវ​ពួកគេ​បង្រៀន ទាស់​នឹង យើង ទាស់​នឹង​នគរ​នៃ​ព្រះ ។

ទោះជា​យ៉ាងណា ចំពោះ​ក្រុម​ដែល​មាន​បញ្ហា​នោះ បទគម្ពីរ​បាន​និយាយ​អំពី​នីហ្វៃ និង​លីហៃ « ពួក​គេ​បាន​ផ្សាយ​ដោយ​អំណាច​ដ៏​ធំ ដរាប​ដល់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​បែកបាក់​ទាំង​ឡាយ​ជ្រប់​មុខ ដែល​បាន​បែក​ចេញ​ពី​ពួក​សាសន៍​នីហ្វៃ ។… ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នីហ្វៃ និង​លីហៃ​បាន​ផ្សាយ​ដល់​ពួក​សាសន៍​លេមិន ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ដ៏​ខ្លាំង ព្រោះ​ពួក​គេ​មាន​អានុភាព និង​សិទ្ធិ​អំណាច ដែល​បាន​ប្រទាន​ដល់​គេ ដើម្បី​ឲ្យ​គេ​អាច​និយាយ ហើយ​ពួក​គេ​ក៏​មាន​ដែរ នូវ​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​និយាយ​ដែល​បាន​ប្រទាន​ដល់​គេ » ។១៤ ឥឡូវ សូម​ផ្អាក​ជាមួយ​ខ្ញុំ​មួយ​សន្ទុះសិន ។ សូម​ផ្អាក​មួយ​សន្ទុះ​ដើម្បី​នឹកគិត​អំពី​រឿង​ល្អ​មួយ​បើ​គ្រូបង្រៀន​គ្រប់រូប​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​សាសនាចក្រ​—ឬ​នៅ​ក្នុង​សាសនាចក្រ— អាច​ដឹង​រឿង​ទាំង​ពីរ​នេះ— គឺ​របៀប​ដើម្បី​និយាយ និង​អ្វី​ត្រូវ​និយាយ​នៅពេល​អ្នក​ធ្វើ ។ នោះ​នឹង​ជា​អំណោយទាន​ខាង​ភាសា​ដ៏ពិត ទោះ​ជា​ភាសា​កំណើត​របស់​អ្នក ។ ហើយ​នៅពេល​ខ្ញុំ​យល់​អំពី​វា នោះ​គឺ​ជា​អំណោយទាន ដែល​របស់ទាំងពីរ​នេះ​ត្រូវ​បាន​ផ្ដល់​ឲ្យ​នៅពេល​ពួកគេ​បាន​បង្រៀន ។ ពួកគេ​មាន « អានុភាព និង​សិទ្ធិ​អំណាច ដែល​បាន​ប្រទាន​ដល់​គេ ដើម្បី​ឲ្យ​គេ​អាច​និយាយ ហើយ…​អ្វីៗ​ដែល​ពួក​គេ​ត្រូវ​និយាយ​… ។ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​និយាយ ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​អស្ចារ្យ​ ដល់​ពួក​សាសន៍​លេមិន​ជា​ខ្លាំង » ។១៥

តើ​ពាក្យ សេចក្ដីអស្ចារ្យ នាំ​មក​នូវ​ការចងចាំ​យ៉ាង​ណា​ខ្លះ​ចំពោះ​អ្នក​មកពី​ដំណើរ​រឿង​នៅ​ក្នុង​ព្រះគម្ពីរមរមន​កាល​ពី​មុន ? សូម​ពិចារណា ម៉ូសាយ ២៧ ត្រង់​កន្លែង​ដែល​អាលម៉ា និងពួក​បុត្រា​របស់​ម៉ូសាយ « កំពុង​បះបោរ​ទាស់​នឹង​ព្រះ » ។ នៅ​ក្នុង​ខទី ១១ « ទេវតា​នៃ​ព្រះ​អម្ចាស់​បាន​លេច​ខ្លួន​ដល់​គេ ហើយ​ទេវតា​នោះ​ហាក់​បី​ដូច​ជា​ចុះ​មក​ពីលើ​ពពក ហើយ​លោក​បាន​និយាយ ហាក់​បី​ដូច​ជា​សូរផ្គរ​លាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅ​ត្រង់​កន្លែង​ដែល​ពួក​គេ​ឈរ » ។១៦

រូបភាព
ទេវតាបាន​លេច​ចេញមក​ជួប​អាលម៉ា

សូម​អភ័យទោស​ខ្ញុំ បើ​ខ្ញុំ​ទាញ​អ្នក​ទៅ​ក្នុង​មតិ​វិចារណកថា​ភ្លាមៗពេក ។ តើអ្នកគិត​ថា វា​គឺជា​ការរញ្ជួយ​ដី​ទាំង​មូលពិត​មែនឬ ? តើ​អ្នក​គិត​ថា អ្នកមាន​ឧបករណ៍​វាស់ការ​រញ្ជួយដី​ដែល​ដាក់​ជម្រៅ ៤០ ហ្វីត ដែល​វា​នឹង​ដាក់​ប្រាំ ឬ​ប្រាំ​មួយ ឬ​ប្រាំ​បី ឬ​ប្រាំ​បួន​រិចទ័រ ដែល​បណ្ដាល​ឲ្យ​មាន​រលក​យក្យ​នៅ​ក្នុង​ជម្រៅ​ដ៏​ជ្រៅ ហើយ​ផ្ទៃ​នៃ​ផែនដី​ទាំងមូល​ផ្លាស់ប្ដូរ​នៅលើ​ដី​គោក​ឬទេ ? មែនហើយ អាចដែរ ។ ប្រហែលជា​ពេលខ្លះ។ វា​ប្រាកដ​ជា​អាច ប៉ុន្តែ​នៅ​ក្នុង​ករណី​ពិសេស​នេះ ( ផ្ដល់​ជា​បរិបទ ) ខ្ញុំ​មាន​ទំនោរ​មកគិត​ថា វាមិន​មែនទេ ។ ខ្ញុំ​គិត​ថា​នេះ​គឺជា​រញ្ជួយ​ដី​ផ្ទាល់ខ្លួន​មួយ ដែល​ព្រះអម្ចាស់​បញ្ជូន​ទៅ​ដល់​បុគ្គល​ម្នាក់ៗ ដោយ​រៀបគ្រោង​ឡើង ។ ខ្ញុំ​គិត​ថា​ផែនដី​រញ្ជួយ​សម្រាប់​អាលម៉ា និង​ពួកបុត្រា​របស់​ម៉ូសាយ ប៉ុន្តែ​វា​អាច​នឹង​រញ្ជួយ​ដល់​មនុស្ស​ផ្សេងទៀត​ផងមិន​ដឹង ។

ប្រាកដណាស់ ប្រាកដ​ណាស់ អ្នក​មាន​បទពិសោធន៍​ការ​បង្រៀន​ក្នុង​ថ្នាក់​មួយ ។ អ្វី​ដែល​អ្នក​និយាយ​មានឥទ្ធិពល​​ដល់​សិស្ស​ម្នាក់​យ៉ាង​មាន​អានុភាព​ដែល​គាត់ប្រែ​ជាស្លេកស្លាំង ​ទឹកភ្នែក ឬទាំងពីរ រំជួល​ក្នុង​ព្រលឹង​ពួកគេ ដែល​សិស្ស​នៅ​ខាង​ឆ្វេង និង​ខាង​ស្ដាំ​ដៃ​ពួកគេ​ហាក់​ដូចជា​ពុំ​មាន​រងឥទ្ធិពល​ជាក់លាក់​អ្វី​សោះ ។ រឿង​នោះ​កើត​ឡើង​នៅ​ក្នុង​តំបន់​បេសកកម្ម​គ្រប់​ពេល ។ អ្នក​ដឹង​ថា អ្នក​បាន​ធ្វើ​រឿង​នោះ ! ភាព​ជា​ដៃគូ​កំពុង​បង្រៀន​គ្រួសារ​មួយ​នៅ​ក្នុង​ផ្ទះ​មួយ ។ ពួកគេ​មាន​មេរៀន​ដ៏​រំជួលចិត្ត ផ្លាស់ប្ដូរ​ដួងចិត្ត ជាមួយ​នឹង​គូស្វាមីភរិយា​មួយ​ដែល​លើកផ្ទះ​លេខ ១០៦ ចេញ​ពី​គ្រឹះ​វា ប៉ុន្តែ​មនុស្ស​នៅ​ជិត​ខាង​ក្នុង​ផ្ទះលេខ ១០៥ ពួកគេ​កំពុង​មើល កម្មវិធី​អាមេរិកកាំងអាយដល ដោយ​រីករាយ ហើយ​អ្នក​ជិតខាង​នៅ​ផ្ទះលេខ ១០៧ កំពុង​ស្វែងរក​ពិន្ទុ​ល្បែង Green Bay Packers/San Francisco 49er របស់​ពួកគេ​ទៅវិញ ។ បើ​និយាយជា​ភូមិវិទ្យា ខ្ញុំ​មិន​ដឹង​ថា​ឧបករណ៍ រញ្ជួយ​ដី​អាច​ត្រូវ​បាន​សន្យាទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ព្រះអម្ចាស់ និង​បទគម្ពីរ​តែងតែ​សន្យា​នឹង​អ្នក​អំពី​ការ​រញ្ជួយ​ដី​ផ្ទាល់ខ្លួន​ដែលផ្លាស់ប្ដូរ​សិស្ស​ចូល​ទៅ​ក្នុងទីស្នូល​ក្នុង​ខ្លួន​ពួកគេ ដែលផែនដី​នឹង​ញ័រ​នៅ​ចំពោះ​ជើង​ពួកគេ ។ ប៉ុន្តែ​សូមអភ័យទោស​ខ្ញុំ​ផង— ខ្ញុំ​ពុំ​ចាក​ប្រធានទេ!

សូម​បន្ដ​ទៅ​ខទី ១២ ក្នុង ម៉ូសាយ ២៧ ៖

« ហើយ​ពួក​គេ​មាន សេចក្ដី​អស្ចារ្យ ជា​ខ្លាំង » អាលម៉ា និង​ពួក​បុត្រា​របស់​ម៉ូសាយ « ហើយ​ពួកគេ​មាន សេចក្ដី​អស្ចារ្យ ជា​ខ្លាំង រហូត​ដល់​គេ​ដួល​ចុះ​ទៅ​លើ​ដី ហើយ​ពុំ​យល់​ពាក្យ​ពេចន៍ ដែល​លោក​និយាយ​មក​កាន់​គេ​សោះ។…

« …ហើយ​ឥឡូវ​នេះ អាលម៉ា និង​ពួក​អ្នក​ដែល​នៅ​ទី​នោះ​ជាមួយ​គាត់ ក៏​ដួល​ទៅ​លើ​ដី​ទៀត ព្រោះ​សេចក្ដី​អស្ចារ្យរបស់​គេ​មាន​ទំហំ​ធំ​ដ៏​ក្រៃលែង ព្រោះ​គេ​បាន​ឃើញ​ទេវតា​នៃ​ព្រះ​អម្ចាស់​ដោយ​ភ្នែក​គេ​ផ្ទាល់ ហើយ សំឡេង​របស់​ទេវតា​នោះ ប្រៀប​ដូច​ជា​ផ្គរលាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​កក្រើក ហើយ​ពួក​គេ​ដឹង​ថា គ្មាន​អ្វី​ក្រៅ​ពី​ព្រះ​ចេស្ដា​នៃ​ព្រះ​ឡើយ ដែល​អាច​អង្រួន​ផែនដី ហើយ​ធ្វើ​ឲ្យ​ផែនដី​ញ័រ ហាក់​បីដូច​ចង់​បែក​ចេញ​ដូច្នោះ។

« … ហើយ​ឥឡូវ​នេះ សេចក្ដី​អស្ចារ្យរបស់​អាលម៉ា​មាន​ទំហំ​ធំ​ដ៏​ក្រៃលែង រហូត​ដល់​គាត់​បាន​ក្លាយ​ទៅ​ជា​គ ហើយ​គាត់​មិន​អាច​ហើប​មាត់​គាត់​បាន​ឡើយ មែន​ហើយ គាត់​បាន​ក្លាយ​ទៅ​ជា​អស់​កម្លាំង គឺ​គាត់​មិន​អាច​កម្រើក​ដៃ​របស់​គាត់​បាន​ឡើយ » ។១៧

អ្វី​ដែល​ខ្ញុំពិតជា​គិត​​អធិស្ឋាន និង​សង្ឃឹម​ដើម្បី​ឲ្យ​រឿង​នោះ​អាច​កើត​មាន​ចំពោះ​ប្រព័ន្ធ​អប់រំ​សាសនាចក្រ គឺ​​ជា​ការ​បង្រៀន​ដ៏​អស្ចារ្យ។ យើង​ចាំបាច់​ត្រូវ​មាន​សេចក្ដីអស្ចារ្យ​ដល់​សិស្ស​ទាំងឡាយ ហើយ​ធ្វើ​វា​ដោយ « ព្រះចេស្ដា និង​សិទ្ធិអំណាច​នៃ​ព្រះ » ១៨ ដែល​ត្រូវ​បាន​ប្រទាន​ដល់​គ្រូបង្រៀន— ទាំង​វិជ្ជាជីវៈ និង​ស្ម័គ្រចិត្ត— ដែល​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ​មុតមាំ និង​ទៀងត្រង់ ។ តើ​អ្នក​ស្គាល់​ពាក្យ​ឬស​សម្រាប់​ពាក្យ សេចក្ដីអស្ចារ្យ ឬទេ ? ខ្ញុំ​គ្មាន​យោបល់​អ្វី​ដែល​កែ​ពាក្យ​អេស៊ីព្ទ ឬ​ហេព្រើរទេ ប៉ុន្តែ​នៅ​ក្នុងភាសា​អង់គ្លេស វា​ដក​ចេញ​មក​ពី​ពាក្យ​ឬស « tonare »—មានន័យ​ថា​ផ្គរលាន់ ។១៩

តើ​វា​ជួយ​អ្នក​យល់​​ពីហេតុអ្វី​ក៏​បន្ទាប់ពី​ការសន្ទនា​នេះ អាលម៉ា​នឹង​និយាយ​ថា ៖ « ឱ បើសិន​ជា​ខ្ញុំ​បាន​ទៅ​ជា​ទេវតា​មួយ ហើយ​អាច​បំពេញ​បំណង​ចិត្ត​ខ្ញុំ គឺ​ឲ្យ​ខ្ញុំ​អាច​ទៅ​និយាយ​ដោយ​ត្រែ​នៃ​ព្រះ ដោយ​សំឡេង​ដែល​ធ្វើ​ឲ្យ​ញ័រ​ផែនដី ហើយ​ស្រែក​ហៅ​ឲ្យ​មាន​ការប្រែចិត្ត​ដល់​មនុស្ស​គ្រប់​រូប​ឬ​ទេ !

« មែន​ហើយ ខ្ញុំ​នឹង​ប្រកាស​ដល់​មនុស្ស​គ្រប់​រូប ដូច​ជា​សូរផ្គរ​លាន់ នូវ​ការ​ប្រែ​ចិត្ត និង​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ​ថា គេ​ត្រូវ​តែ​ប្រែ​ចិត្ត ហើយ​មក​រក​ព្រះ​នៃ​យើង​វិញ ដើម្បី​កុំ​ឲ្យ​មាន​ការ​សោកសៅ​នៅ​លើ​ផ្ទៃ​ផែនដី​ទៀត​ឡើយ » ។២០

មែនហើយ មិត្ត ស៊ី. អ៊ី. អេស. ​ជា​ទីស្រឡាញ់​អើយ វា​ជាក់ស្ដែង​ណាស់​ថា ហេតុអ្វី​អាលម៉ា​ចង់​បាន​ឥទ្ធិពល​ទេវតា សំឡេង​ផ្គរលាន់​ដែល​ឮ​សំឡេង​ដូចជា​ត្រែ​នៃ​ព្រះ ហើយ​រញ្ជួយ​ផែនដី ។ វា​សាមញ្ញទេ—វា​មាន​ប្រសិទ្ធភាព​ចំពោះ​គាត់ នោះ​វា​អាច​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នកដទៃ ! សិស្ស​ដាក់​ខ្នង​ដេក​ប្រែ​ចិត្ត​រយៈពេល​បី​ថ្ងៃ ជាការ​បន្សុទ្ធ​យ៉ាង​ល្អ​ដើម្បី​ពួកគេ​ពុំអាច និង​មិន​អាច​វង្វេង​ចេញ​ពី​ឥទ្ធិពល​វា រស់នៅ​ដោយ​ការលះបង់​ទាំង​ស្រុង​ដើម្បី​ស្ថាបនា​នគរ​នៃ​ព្រះជា​រៀងរហូត​តទៅ ។ ឥឡូវ​នោះគឺជា​ការ​បង្រៀន​ដ៏​មាន​អានុភាព ។ យើង​នឹង​ដឹង​ដូចជា​អាលម៉ា​បាន​ដឹង​ថា យើង​ពុំ​មែន​ជា​ទេវតា ហើយ​យើង​ពុំ​មាន​ឥទ្ធិពល​នោះ​គ្រប់ពេល​ដែល​យើង​ជួប​នឹង​ក្រុម​សិស្ស​នោះទេ ។ ប៉ុន្តែ​រឿង​អស្ចារ្យ​អំពី​ការហៅ​បម្រើ ស៊ី. អ៊ី. អេស. និង​វិជ្ជាជីវៈ​របស់​យើង គឺថា​យើង​មាន​ឱកាស​ដើម្បី សាកល្បង ធ្វើ​វា ជា​ពាក្យ​ប្រៀបធៀប​គឺថា យើង​មាន​ទីតាំង​ថ្នាក់រៀន​ដដែលៗ​ដើម្បី​យើងអាច​សាកល្បង ។

រូបភាព
នីហ្វៃ និង លីហៃ កំពុង​ផ្សព្វផ្សាយ​នៅក្នុង​ចំណោម​ពួក​សាសន៍​លេមិន

ឥឡូវ ត្រឡប់​ទៅ ហេលេមិន ៥ វិញ ។ សូម​ចងចាំ​ថា នីហ្វៃ និង​លីហៃ ពុំ​មែនជា​ពួក​ទេវតាទេ ពួកគេ​គ្រាន់តែ​ជា​គ្រូ​ល្អ និង​ខាង​សាច់ឈាម​ប៉ុណ្ណោះ​ដែល​មាន​បេសកកម្ម និង​សារលិខិត​មួយ ដែល​បាន​បង្រៀន​ដោយ « អានុភាព និង​សិទ្ធិ​អំណាច » ។ អ្នកទាំងនេះ​បាន​មើល​ឃើញ​ពួក​សាសន៍​លេមិន ៨០០០ នាក់ « បាន​ជ្រមុជទឹក​ទៅ​រក​ការ​ប្រែចិត្ត » ហើយ​មក​រក​សាសនាចក្រ​នៃ​ព្រះ ។ ២១ អ្នក​ចាំ​រឿង អណ្ដាត​ភ្លើង​ធ្លាក់មក​ពី​លើ​មេឃ ដែល​មាន​អណ្ដាត​ភ្លើង​នៃ​ព្រះវិញ្ញាណ​ឆេះសន្ធៅសន្ធៅ​នៅ​ក្នុង​នោះឬទេ រឿង​នេះ​ប្រមូលផ្ដុំ « ពួកសិស្ស » បើ​អ្នក​នឹង​ធ្វើដូច្នោះ ព្រលឹង​របស់​ពួកគេ​នឹង​ទទួល​ឥទ្ធិពល​សេចក្ដីពិត ។ នៅ​ក្នុង​បទពិសោធន៍​ខ្ញុំ ៨០០០ នាក់​នឹង​ក្លាយជា​របាយការណ៍​ប្រចាំ​សប្ដាហ៍​ដ៏​ល្អ​មួយ​មកពី​ដៃគូនានា​នៅ​ក្នុង​តំបន់​បេសកកម្ម​នៅ​គ្រប់​កន្លែង​ក្នុង​ពិភពលោក ។

តើ​អ្នក​មិន​ទើសទាល់​ទេ​ឬអី​បើ​ខ្ញុំ​និយាយ​បន្ថែម​ទៀត​អំពី​គ្រូបង្រៀន​ម្នាក់​ទៀត​ដែល​មិន​គ្រាន់តែ​មាន​ព្រលឹង​បញ្ឆេះ​ជាភ្លើង​ប៉ុណ្ណោះទេ ប៉ុន្តែ​បាន​បង់ថ្លៃ​ចុង​បញ្ចប់​ចំពោះ​ការ​បម្រើ​របស់​ខ្លួន​ដោយ​ការ​ដាក់​ខ្លួន​ជាអ្នក​បង្កើត​​ភ្លើង។

តាំងពី​នៅ​យុវវ័យ​អ័ប៊ីណាដៃ គឺ​ជា​ព្យាការី​ដែល​ខ្ញុំ​កោតសរសើរ​បំផុត​នៅ​ក្នុង​គម្ពីរ​របស់​យើង​ទាំងមូល ។ អ័ប៊ីណាដៃ​បាន​បង្ហាញ​ឡើង​ថា​ពុំ​មាន​គេស្គាល់ ពុំ​ប្រកាស​អំពី​កេរតំណែល​ជា​ព្យាការី ទាំង​ពុំ​បង្ហាញ​ពី​ខ្សែ​ស្រឡាយ​គ្រួសារ​ល្បីល្បាញ​នោះទេ ។ ដោយ​សារ​រឿង​អាក្រក់​មាន​នៅ​ក្នុង​ចំណុះស្រុក​នៃ​មេដឹកនាំ​របស់​ស៊ីនីព្វ អ័ប៊ីណាដៃ​ត្រូវ​បាន​ហៅ​ឲ្យ​ប្រកាស​ពីការ​ប្រែចិត្ត​ដល់​បុត្រា​របស់​ស៊ីនីព្វ និង​អ្នក​ស្នង​ដែល​រំភើបចិត្ត គឺ​ស្ដេច​ណូអេ ។ បងប្អូន​ដឹង​រឿង​នោះ​ហើយ ។

ណូអេ​បានប្រកាស​ឲ្យ​ដេញ​តាម​សម្លាប់​ភ្លាម ហើយ​អ័ប៊ីណាដៃ​ត្រូវ​បង្ខំ​ឲ្យ​រត់ភៀសខ្លួន ។ បន្ទាប់ពី​ការ​លាក់​ខ្លួន​រយៈពេល​ពីរ​ឆ្នាំ អ័ប៊ីណាដៃ បាន​បោះជំហាន​ទៅ​បង្រៀន និង​ថ្លែង​ទីបន្ទាល់​សារជាថ្មី ។ ខ្ញុំ​សូម​ផ្អាក​នៅ​ត្រង់នេះ​ដើម្បី​ញញឹម​ចំពោះ​ភាព​ស្លូតត្រង់​ដូចជា​កុមារ​តូចៗ​របស់​ព្យាការី​នៅ​គ្រប់​រឿងនេះ ។ គាត់​បាន​រស់នៅ​តែ​ឯកឯង​រយៈពេល ២៤ ខែ ឥឡូវ​ពាក់​សម្លៀក​បំពាក់​ក្លែង​ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់ ប៉ុន្តែ​នៅពេល​ឃ្លា​ដំបូង​ដែល​ចេញ​មក​ពី​មាត់​របស់​គាត់​ពេល​គាត់​ត្រឡប់មកវិញ​គឺ « ព្រះអម្ចាស់​បាន​បង្គាប់​ខ្ញុំ ដោយ​មាន​បន្ទូល​ថា​—​អ័ប៊ីណាដៃ ចូរ​ចេញ​ទៅ ហើយ​ព្យាករណ៍ » ។២២ ត្រង់​ចំណុច​នេះ ខ្ញុំ​ងឿង​ឆ្ងល់​អំពី​ប្រសិទ្ធភាព​នៃ​ការ​ក្លែង​ខ្លួន ប៉ុន្តែ​យើង​ពុំ​ងឿង​ឆ្ងល់​អំពី​ជំនឿ និង​ការ​តាំង​ចិត្ត​របស់​គាត់​ទេ ។

ការ​ព្យាករណ៍​យ៉ាង​មុតមាំ​ទាស់​នឹង​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ស្ដេច​ណូអេ និង​ពួកចៅក្រម​របស់​ស្ដេច នោះ​អ័ប៊ីណាដៃ​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ទីបំផុត​ត្រូវ​បាន​នាំ​ទៅ​ជំនុំជម្រះ ដែលគាត់​ត្រូវ​បាន​ផ្ដន្ទាទោស ។ ក្រុមប្រឹក្សានេះ​បាន​កាត់ទោស​ដោយ​ព្រៃផ្សៃ ព្យាការី​ដ៏​មហិមា « លោក​បាន​ឆ្លើយតប​ពួក​គេ​ដោយ​ក្លាហាន ហើយ​បាន​ឆ្លើយ​បាន​គ្រប់​ទាំង​សំណួរ​របស់​ពួក​គេ…ហើយ​បាន​ផ្ទាញ់​ផ្ទាល់​ពួក​គេ​គ្រប់​អស់​ទាំង​ពាក្យ​របស់​គេ​ផង » ។២៣ ​បន្ទាប់មក​ប្ដូរ​ពី​ការពារ​ក្ដី ទៅ​ជា​កាត់ទោស​ក្ដី លោក​បាន​ចាប់ផ្ដើម​គោលលទ្ធិ​ប្រាំ​ជំពូក​កន្លះ​ដែល​មាន​លំដាប់​ជាច្រើន​នៅ​ក្នុង​ចំណោម​គោលលទ្ធិ​ដ៏​មាន​អានុភាព​បំផុត​នៅ​ក្នុង​គម្ពីរមរមន​ទាំង​មូល ។ លោក​ទើប​នឹង​ចាប់ផ្ដើម ពេល​ណូអេ​បាន​ទុំជោរ​ក្នុង​អំពើបាប និង​អំពើ​គួរ​ស្អប់ខ្ពើម បាន​ប្រកាស​ឲ្យ​សម្លាប់​គាត់​ចោល ។

រូបភាព
អ័ប៊ីណាដៃ​​ថ្លែង​ទីបន្ទាល់​ទៅ​កាន់តុលាការ​​​ស្ដេច​ណូអេ

អ្វីៗទាំង​អស់នោះ​ត្រូវ​បាន​រៀបចំ​សម្រាប់​ការណ៍​នេះ ដែលដិតជាប់​នៅ​ក្នុង​ព្រលឹង​របស់​ខ្ញុំ​ជា​រៀងរហូត ទោះ​វា​ពុំ​ដូចជា​អ្វី​ដែល អាណុល ហ្វ្រីប៊ើហ្គ បាន​បង្ហាញ​នៅ​ក្នុង​គំនូរ​ដ៏​អស្ចារ្យ​របស់គាត់​ក្ដី​ ២៤ប៉ុន្តែ​វា​ស្ទើរតែ​ដូច ។ ក្នុងករណី​ណា​ក៏​ដោយ ក្នុងនាម​ជា​អ្នក​ទោស អ័ប៊ីណាដៃ​ច្បាស់ជា​នឹង​ត្រូវ​បង្ខំ ជាប្រភេទ​នៃ​ការបង្ខំ​ឲ្យ​និយាយ​ស្ដី​ក្នុង​សម័យ​នោះ ។ យើង​មិន​ស្គាល់​អាយុគាត់​នោះ​ទេ ។ ហ្វ្រីប៊ើហ្គ​បាន​គូររូបគាត់​ជា​បុរស​ចំណាស់​ម្នាក់ ( ឬ​ចាស់ជាង ) ប៉ុន្តែ​អត្ថបទ​ពុំ​បាន​និយាយ​ប្រាប់​ទេ ។ ខ្ញុំ​មិន​ដឹង​ថា​លោក​អាយុ​ប៉ុន្មាន​ទេ ។ រឹងមាំ​ខាង​រូបកាយ​ឬទេ ? ខ្ញុំ​ពុំ​ដឹង​ទេ ប៉ុន្តែ​គាត់​គ្រាន់តែ​ចេញមក​រយៈពេល​ពីរ​ឆ្នាំ​ដែល​រស់នៅ​តែឯង​តាម​របៀប​ណា​នោះ ហើយ​នៅទីនោះ​អាច​នឹង​ពុំ​សូវ​មាន​អាហារ ។ ចូរ​គិត​អំពី​អេលីយ៉ា​ដែល​ត្រូវ​បាន​ផ្ដល់​អាហារ​ដោយ​សត្វ​ក្អែក ។ ២៥អ្នកធ្លាប់​ឃើញ​ក្រញ៉ាំ​សត្វ​ក្អែក​ឬទេ ? ខ្ញុំ​ពុំ​គិត​ថា​ដោយសារ​ស្លាប​ដ៏​តូចៗ​របស់​សត្វក្អែក​នឹង​ពាំ​អ្វី​ជាច្រើន​នោះទេ ។ យើង​ពុំ​ដឹង​ទេ ប៉ុន្តែ​ប្រហែលជា​អ័ប៊ីណាដៃ​ស្រេកឃ្លាន ​នឿយហត់ យ៉ាង​ហោចណាស់​ក៏​រូបកាយ​ទន់ខ្សោយ​ក្នុង​ស្ថានភាព​នោះដែរ ។

ស្ដេច​ណូអេ​បាន​ស្រែក​ឡើង​ថា « ចូរ​យក​បុរស​នេះ​ទៅ​សម្លាប់​ចោល​ទៅ ព្រោះ​យើង​មិន​ដឹង​ទុក​គាត់​ធ្វើ​អ្វី​ទេ ព្រោះ​គាត់​ជា​មនុស្ស​ឆ្កួត ។…

«… ហើយ​ពួក​គេ​បាន​ស្ទុះ​មក​បម្រុង​នឹង​ចាប់​លោក តែ​លោក​បាន​ត​នឹង​គេ​វិញ ហើយ​បាន​និយាយ​ទៅ​គេ​ថា ៖

ចូរ​កុំ​ប៉ះ​ខ្ញុំ​ឲ្យ​សោះ ព្រោះ​ព្រះ​ទ្រង់​នឹង​វាយ​អ្នក​រាល់​គ្នា​ជាមិនខាន​ឡើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ដាក់​ដៃ​មក​លើ​ខ្ញុំ ព្រោះ​ខ្ញុំ​ពុំ​ទាន់​បាន​ប្រគល់​សារ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រគល់​នៅ​ឡើយ​ទេ ។…

« …ព្រោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ បាន​សណ្ឋិត​មក​លើ​លោក ហើយ​មុខ​លោក​ភ្លឺ​ចែងចាំង ដូច​ជា​លោក ម៉ូសេ កាល​នៅ​លើ​ភ្នំ​ស៊ីណាយ កំពុង​ទូល​នឹង​ព្រះ​អម្ចាស់​ដូច្នោះ​ហើយ។

ហើយ​លោក​បាន​និយាយ​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ » ។២៦

« អំណាច និង​សិទ្ធិអំណាច »។ គឺ​ពាក្យ​នេះ​ម្ដង​ទៀត​ហើយ ។ នៅ​ពេល​ខ្ញុំ​ចាប់​ផ្ដើម​សរសេរ​សុន្ទរកថា​នេះ ហើយ​ចង់​ប្រើ​អ័ប៊ីណាដៃ ខ្ញុំ​ពុំចាំ ឬ​ប្រហែលជា​ខ្ញុំ​ពុំ​ដឹង​ថា​ដំណើរ​រឿង​របស់​លោក​បាន​បញ្ចប់​ដោយ​ឃ្លា​ដូចគ្នា​នេះ ដែល​គាត់​បាន​បង្រៀន​ដោយ​អំណាច និង​សិទ្ធិអំណាច ។ ​មិត្ត​ទាំងឡាយ វា​គឺ​ជា​រឿង​មួយដើម្បី​អានការសរសេរ​ខ្លះៗ​នៅ​លើ​ទំព័រ​មួយ ប៉ុន្តែ​វា​ជា​រឿង​មួយ​ទៀត​ដើម្បី​មើល​ឃើញ​នៅក្នុង​កែវភ្នែក​គំនិត​របស់​យើង ហើយ​ស្ដាប់​ឮនៅ​ក្នុង​ដួងចិត្ត​ដោយ​សំឡេង​ផ្គរលាន់ « ចូរ​កុំ​ប៉ះ​ខ្ញុំ​ឲ្យ​សោះ ព្រោះ​ព្រះ​ទ្រង់​នឹង​វាយ​អ្នក​រាល់​គ្នា​ជាមិនខាន​ឡើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​ដាក់​ដៃ​មក​លើ​ខ្ញុំ ព្រោះ​ខ្ញុំ​ពុំ​ទាន់​បាន​ប្រគល់​សារ ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ប្រគល់​នៅ​ឡើយ​ទេ » ។២៧ ខ្ញុំពិបាក​អានពាក្យ​ទាំងនោះ​ដោយ​មិន​យំ​ណាស់ ។ ខ្ញុំ​នៅ​តែ​ឮ​ភាព​អស្ចារ្យ ភាព​ក្លាហាន និង​កម្លាំង​ដ៏​ខ្លាំង​ដូច្នេះ​នៅ​ក្នុង​ដួងចិត្ត​ខ្ញុំ ។ គ្មាន​ការ​ប្រាប់​ថា​គាត់​បាន​ស្រែក​នោះទេ ។ គ្មាន​ការ​ប្រាប់​ថា គាត់តម្លើង​សាច់ដុំណា​នោះទេ ។ នៅ​ក្រោម​ការ​ចាប់​ឃុំ និង​ការ​បង្ខាំង នោះ​លោក​មិនអាច​កម្រើក​បានទេ ។ ប៉ុន្តែ​អ្វី​ដែល​លោក​បាន​ថ្លែង និង​របៀប​ដែល​លោក​បាន​ថ្លែង​វា​មានប្រសិទ្ធភាព ។ ខ្ញុំ​និយាយ​ថា « ទំនងជា » ដោយសារ​វា​ពុំ​ប្រាប់​អំពី​អ្វី​ដែល​អ្នកយាម​ទាំងនោះ​បាន​ប្រើ​កម្លាំង​ដើម្បី​ចាប់​លោក ទាំង​ស្ដេច​ណូអេ ឬ​ពួក​សង្ឃ​ណា​មួយ​ទៀត​និយាយ​ពាក្យ​អ្វី​ផ្សេងទៀត​ក្នុង​ជំពូក​បន្ថែម​ទៀត​នោះទេ ។

មែនហើយ យើង​មិន​អាច​នឹកគិត​អំពី​គំរូ​ដ៏អស្ចារ្យ​ទាំងអស់​អំពី​ការ​បង្រៀន​ប្រភេទ​នោះ​នៅ​ក្នុង​ខគម្ពីរ​នោះទេ ប៉ុន្តែ​ការបង្រៀន​បែប​នេះ​មាន​នៅ​គ្រប់​ទីកន្លែង ។ ខ្ញុំ​អញ្ជើញ​ឲ្យ​យើង​ម្នាក់ៗ​ស្វែងរក​វា នឹកគិត​អំពី​វា ហើយ​សួរ​ខ្លួន​យើង​អំពី​ចំណែក​នៃ​អំណោយទាន​ដែល​មាននៅ​ក្នុងការ​ហៅបម្រើ​របស់​យើង​នោះ ។

នេះ​ជា​ប្រភេទ​ការ​បង្រៀន តម្រូវ​ឲ្យ​ធ្វើ ហើយ​វា​ពិបាក​យល់ណាស់ ។ បើ​ខ្ញុំ​ដឹង​របៀប​បង្រៀន​តាម​របៀប​នោះ ខ្ញុំ​ច្បាស់​ជា​កាន់តែ​មាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​វា ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ៖ លុះត្រា​ណា​តែ​អ្នក​មានអារម្មណ៍​អាណិត​អាសូរ​អំពី​អ្វីមួយ បើ​មិនដូច្នោះទេ អ្នក​មិនអាច​ធ្វើ​ឲ្យ​សិស្ស​របស់​អ្នក​មាន​អារម្មណ៍​អាណិតអាសូរ​អំពី​វា​ក្នុង​ពិភពលោក​ដែល​គ្មាន​ទីបញ្ចប់​នោះឡើយ ។ ខ្ញុំ​សូមនិយាយ​ឡើង​វិញបានទេ ? លុះត្រា​ណា​តែ​អ្នក​មានអារម្មណ៍​អាណិត​អាសូរ​អំពី​អ្វីមួយ បើ​មិនដូច្នោះទេ អ្នក​មិនអាច​សង្ឃឹម​ថា​ធ្វើ​ឲ្យ​សិស្ស​របស់​អ្នក​មានអារម្មណ៍​អាណិត​អាសូរ​អំពី​វា​បានទេ ។ ប្រាកដណាស់ ប្រភព​ចុង​ក្រោយ​នៃ​ក្ដីមេត្តា​នោះគឺ​ជា​អ្វី​ដែល​អ័ប៊ីណាដៃ​បាន​ថ្លែង ៖ « ព្រោះ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ បាន​សណ្ឋិត​មក​លើ​លោក ហើយ​មុខ​លោក​ភ្លឺ​ចែងចាំង »។២៨

បើ​ព្រះវិញ្ញាណ គឺជាគន្លឹះ​នាំ​ទៅរកការបង្រៀន​ដ៏អស្ចារ្យ​—ហើយ​វា​គឺជា—ការ​ប្រថុយណាស់​ពេលនិយាយ​ចេញ​ពី​កំណត់ចំណាំ​ចាស់ៗ ឬ​ការ​ប្រើគំរូ​របស់​គ្រូបង្រៀន​របស់​អ្នក​ណា​ម្នាក់ ឬ​ថ្លែង​ដោយ​សំឡេង​រហ៊ឹមៗ​អំពី​សុន្ទរកថា​មកពី​សន្និសីទទូទៅនោះ ។ អ្វីៗ​ទាំង​នោះ​គឺ​ល្អ​នៅ​កន្លែង​របស់​ពួកគេ​ហើយ ហើយវា​អស្ចារ្យ​នៅពេល​វា​ត្រូវ​បាន​ផ្ដល់​ឲ្យ​ពី​ខាង​ដើម ដូច្នេះ​វា​ច្បាស់ជា​ប្រើប្រាស់​អ្វីៗ​ដែលអ្នក​អាច​ធ្វើបាន​នៅគ្រប់ពេល​ដើម្បី​នាំ​ជីវិត និង​ភាព​ផ្សេងៗ​គ្នា​មក​កាន់​ការ​បង្រៀន​របស់​អ្នក។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​បំផុត​នឹង​ជា​របៀប​ដែល​អ្នក ទទួលអារម្មណ៍ នៅពេល​អ្នកនិយាយ​ពាក្យ​ទាំងឡាយ ។ គ្មាន​អ្វី​នឹង​មក​ជំនួស​បាន​ទេ ។ « ឱ បើ​សិនជា​ខ្ញុំ​បាន​ទៅ​ជា​ទេវតា​មួយ…គឺ​ឲ្យ​ខ្ញុំ​អាច​ទៅ​និយាយ…​ដោយ​សំឡេង​ដែលធ្វើ​ឲ្យ​ញ័រ​ផែនដី ! »២៩ សូមចងចាំថា សិស្ស​ម្នាក់​ពុំ​មែន​ជា​ថូមួយ​ដើម្បី​ត្រូវ​ចាក់បំពេញ​នោះទេ ។ សិស្ស​គឺ​ជា​ភ្លើង​ដើម្បី​ឆេះ​សន្ធោរសន្ធៅ ។ បើ​យើង​ធ្វើ​ដូច្នេះ​បាន​យ៉ាង​ល្អ នោះ​យើង​នឹង​ស័ក្ដិសម​នៅ​ថ្ងៃ​មួយ​ដើម្បី​ជួប​នឹង​អ្នកទាំងឡាយ​ដែល​ត្រូវ​បាន​ស្លាប់​ដោយសារ​ភ្លើង​សម្រាប់​សមត្ថភាព​ដូច្នោះ​ដើម្បី​បញ្ឆេះ​លោហៈ ហើយទទួល​បាន​អណ្ដាតភ្លើង។ សូម​ចេញទៅចុះ អ្នក​ជា​ទេវតា​នៃ​សិរីល្អ​នៅ​គ្រប់ទីកន្លែង​ក្នុង​សាកលលោកនេះ—សូម​ស្គាល់​អ្នក​ស្ដាប់​ដែល​អ្នក​កំពុង​ថ្លែង​ទៅកាន់​— សូម​ចេញ​ទៅ ហើយ​ធ្វើ​ឲ្យ​មាន​សេចក្ដីអស្ចារ្យ​ដល់​សិស្ស​របស់អ្នក ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីភាពពិត​អំពី​ការនេះ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ពីការហៅ​បម្រើ​ពី​ព្រះ​របស់​អ្នក ។ បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ នេះ​ជា​កិច្ចការ​នៃ​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ។ ខ្ញុំ​ពុំ​បាន​ប្រគល់​ជីវិត​របស់​ខ្ញុំ​ឲ្យ​រឿង​និទាន​នោះទេ ។ អ្នក និង​ខ្ញុំ​ពុំ​បាន​ប្រគល់​ជីវិត​ឲ្យ​ទៅ​អ្វី​ដែល​ពេត្រុស​និយាយ​ថា យើង​នឹង​ត្រូវ​ជាប់ចោទ ដែល​ទៅ​រក​ភាព​ខុសឆ្គង បោកបញ្ឆោត ហើយ​បណ្ដុះ​សេចក្ដី​ពុំ​ពិត​នោះទេ ។ នេះ​គឺ​ជា​សេចក្តីពិត ។ វា​ពុំ​មែនជា​រឿង​កុហក​បោកបញ្ឆោត​នោះទេ ។ ខ្ញុំ​បាន​លះបង់ជីវិត​ខ្ញុំ អ្នក​កំពុង​លះបង់ជីវិត​អ្នក ជា​មនុស្ស​ល្អ​បំផុត​ដែល​ខ្ញុំ​ស្គាល់​ថា​បាន​លះបង់​ឲ្យ និង​កំពុង​លះបង់ជីវិត​ពួកគេ ។ នេះ​គឺ​ជា​សេចក្ដីពិត​អំពី​ព្រះ​ដ៏​មាន​មហិទ្ធិឬទ្ធិ ហើយ​សូម​ឲ្យ​ទ្រង់​​ប្រទានពរ​អ្នក​ជា​រៀងរហូត​នៅក្នុង​ការ​បង្រៀន​អំពី​សេចក្ដីពិត ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។