« នាងរស់ ៖ ‹ នាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា ( ឆ្នាំ២០២៦ )
« នាងរស់ ៖ ‹ នាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា › » សៀវភៅសិក្សាព្រះគម្ពីរសញ្ញាចាស់ សម្រាប់គ្រូបង្រៀនថ្នាក់សិក្ខាសាលា
នាងរស់; សាំយូអែល ទី១ ១–៧ ៖ មេរៀនទី ៦៨
នាងរស់
« នាងបានទទួលបំណាច់ដ៏ពោរពេញ ពីព្រះយេហូវ៉ា »
ដោយសារតម្លៃនៃសេចក្ដីសង្គ្រោះខ្ពស់ពេកចំពោះយើងដើម្បីបង់ថ្លៃតែម្នាក់ឯង នោះយើងម្នាក់ៗចាំបាច់ត្រូវទទួលបានសេចក្ដីប្រោសលោះ ។ ដំណើររឿងរបស់នាងរស់ ន៉ាអូមី និងបូអូសនៅក្នុងព្រះគម្ពីរសញ្ញាចាស់គឺជាដំណើររឿងនៃការប្រោសលោះខាងសាច់ឈាម ដែលតំណាងឲ្យតួនាទីរបស់ព្រះយេស៊ូវគ្រីស្ទជាព្រះប្រោសលោះរបស់យើងផ្ទាល់ ។ មេរៀននេះមានគោលបំណងជួយសិស្សឲ្យកាន់តែមានបំណងទុកចិត្តលើព្រះយេស៊ូវគ្រីស្ទនិងព្រះចេស្ដានៃការប្រោសលោះរបស់ទ្រង់ខ្លាំងឡើង ។
ការរៀបចំសិស្ស ៖ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីមូលហេតុដែលព្រះបរមងារមួយរបស់ព្រះយេស៊ូវគ្រីស្ទ គឺព្រះដ៏ប្រោសលោះ ។ សូមលើកទឹកចិត្តពួកគេឲ្យជញ្ជឹងគិតអំពីរបៀបដែលព្រះយេស៊ូវគ្រីស្ទប្រោសលោះយើងពីសេចក្តីស្លាប់ខាងសាច់ឈាម និងខាងវិញ្ញាណ ។ ( ពួកគេអាចមើល « ប្រោសលោះ, បានប្រោសលោះ, សេចក្ដីប្រោសលោះ » នៅក្នុងសេចក្តីណែនាំដល់បទគម្ពីរទាំងឡាយដើម្បីទទួលបានជំនួយ ) ។ សូមលើកទឹកចិត្តពួកគេឲ្យមករៀនដោយបានត្រៀមខ្លួនដើម្បីចែកចាយគំនិតរបស់ពួកគេជាមួយមិត្តរួមថ្នាក់ ។
សកម្មភាពរៀនសូត្រដែលអាចមាន
តើឃ្លាថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះរបស់យើងមានន័យដូចម្ដេច ?
អ្នកប្រហែលជាចាប់ផ្ដើមថ្នាក់ដោយបង្ហាញរូបភាពខាងក្រោមអំពីព្រះយេស៊ូវគ្រីស្ទ ឬជម្រើសផ្សេងទៀតរបស់អ្នក ហើយសរសេរ ពាក្យ ព្រះប្រោសលោះ នៅលើក្ដារខៀន ។
សូមបង្ហាញសម្រង់សម្ដីពីអែលឌើរ គ្រីស្តូហ្វឺសិន និងអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងពីរនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ ៖
ក្នុងចំណោមព្រះបរមងារដ៏សំខាន់បំផុតរបស់ព្រះយេស៊ូវគ្រីស្ទ គឺព្រះប្រោសលោះ ។… ពាក្យ ប្រោសលោះ មានន័យថាការបង់សងលើកាតព្វកិច្ច ឬបំណុលមួយ ។ ប្រោសលោះក៏អាចមានន័យផងដែរថា សង្គ្រោះ ឬធ្វើឲ្យមានសេរីភាព ។ ( « Redemption » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ១០៩ )
-
តើអ្នក និងអ្នកដទៃទៀតអាចត្រូវការការប្រោសលោះដោយព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?
-
តើអ្នកចង់ទុកចិត្តលើព្រះចេស្ដាប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទក្នុងជីវិតរបស់អ្នកកម្រិតណា ? ហេតុអ្វី ?
សូមអញ្ជើញសិស្សឲ្យពិចារណាថាតើពួកគេមានទំនុកចិត្តយ៉ាងណានៅក្នុងចម្លើយរបស់ពួកគេ និងអ្វីដែលពួកគេអាចនឹងចង់យល់កាន់តែច្បាស់ ឬទទួលអារម្មណ៍អំពីព្រះអង្គសង្គ្រោះ និងព្រះចេស្ដាប្រោសលោះរបស់ទ្រង់ ។
អ្នកគួរតែសង្ខេបកថាខណ្ឌបន្ទាប់តាមពាក្យសម្តីរបស់អ្នកផ្ទាល់ ។ អ្នកក៏គួរតែសរសេរពាក្យសេចក្ដីពិតឲ្យដិតនៅលើក្ដារខៀនក្បែរពាក្យ ព្រះប្រោសលោះ ផងដែរ ។
សេចក្តីប្រោសលោះ គឺជាប្រធានបទដ៏លេចធ្លោមួយនៅក្នុងដំណើររឿងរបស់នាងរស់ ។ នៅពេលអ្នកសិក្សាដំណើររឿងរបស់នាងរស់ សូមពិចារណាអំពីរបៀបដែលការប្រដូចដំណើររឿងនេះមកខ្លួនយើងអាចជួយយើងឲ្យស្វែងយល់ថា ប្រសិនបើយើងមករកព្រះយេស៊ូវគ្រីស្ទ ទ្រង់នឹងប្រោសលោះយើង ។ ស្វែងរកជំនួយពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹងពីរបៀបដែលយើងដូចជានាងរស់ ហើយត្រូវការការប្រោសលោះ និងរបៀបដែលបូអូសប្រៀបដូចជាព្រះអង្គសង្គ្រោះ ព្រះយេស៊ូវគ្រីស្ទ ហើយប្រោសលោះយើង ។
ដំណើររឿងរបស់នាងរស់
អ្នកអាចអាន ឬពន្យល់សេចក្ដីសង្ខេបខាងក្រោមនេះ ។
ក្នុងគ្រាទុរ្ភិក្ស ស្ត្រីសាសន៏អ៊ីស្រាអែលម្នាក់ឈ្មោះន៉ាអូមី ប្ដីរបស់នាង និងកូនប្រុសពីរនាក់របស់នាងបានផ្លាស់ពីភូមិបេថ្លេហិមទៅស្រុកម៉ូអាប់ ដែលជាស្រុកជិតខាងដែលមានវប្បធម៌ និងជំនឿសាសនាខុសគ្នា ។ កាលនៅទីនោះ កូនប្រុសម្នាក់ៗបានរៀបការនឹងស្ត្រីសាសន៍ម៉ូអាប់ ឈ្មោះនាងរស់ និងអ័រប៉ា ។
គួរឲ្យសោកស្តាយ ស្វាមីរបស់ន៉ាអូមី និងកូនប្រុសពីរនាក់បានស្លាប់ ដោយបន្សល់ទុកស្ត្រីមេម៉ាយបីនាក់ ។ ន៉ាអូមីបានជ្រើសរើសត្រឡប់ទៅភូមិបេថ្លេហិមវិញ ។ ដោយមិនអាចមើលថែកូនប្រសាស្រីរបស់នាង ន៉ាអូមីបានលើកទឹកចិត្តពួកគេឲ្យត្រឡប់ទៅគ្រួសាររបស់់ពួកគេនៅស្រុកម៉ូអាប់វិញ ។ អ័រប៉ាបានត្រឡប់ទៅគ្រួសាររបស់នាងវិញ ។
សូមអាន នាងរស់ ១:៨–៩, ១៤–១៧ ដោយរកមើលការឆ្លើយតបរបស់នាងរស់ទៅកាន់ន៉ាអូមី ។
-
តើភាពមិនប្រាកដប្រជានិងការលំបាកណាខ្លះដែលនាងរស់អាចជួបប្រទះដោយការទៅភូមិបេថ្លេហិមជាមួយន៉ាអូមី ?
បន្ទាប់ពីបានឮអ្វីដែលសិស្សចែកចាយ អ្នកអាចពន្យល់ចំណុចខ្លះៗដូចខាងក្រោម ៖
-
ដោយធ្វើដំណើរទៅជាមួយន៉ាអូមី នាងរស់នឹងចាកចេញពីគ្រួសារនៅស្រុកម៉ូអាប់ ។
-
នាងរស់នឹងក្លាយជាជនប្លែកមុខនៅក្នុងដែនដីមួយដែលមិនស្គាល់ ដោយមានវប្បធម៌ខុសគ្នា ។
-
ដោយគ្មានស្វាមីរបស់ពួកគេ នាងរស់ និងន៉ាអូមីនឹងប្រឈមមុខនឹងភាពក្រីក្រខ្លាំង ។
-
ការជ្រើសរើសរបស់នាងរស់បានបង្ហាញពីឆន្ទៈរបស់នាងក្នុងការថ្វាយបង្គំ និងពឹងផ្អែកលើព្រះយេហូវ៉ា ( ព្រះយេស៊ូវគ្រីស្ទ ) មិនមែនព្រះក្លែងក្លាយរបស់សាសន៍ម៉ូអាប់ទេ ។ ( អ្នកអាចអញ្ជើញសិស្សឲ្យគូសចំណាំឃ្លាថា « ព្រះរបស់អ្នកម្តាយនឹងបានជាព្រះរបស់ខ្ញុំដែរ » នៅក្នុង ខទី ១៦ ) ។
-
-
ដោយដឹងពីស្ថានភាពរបស់នាងរស់ តើអ្វីទៅដែលអ្នកបានកត់សម្គាល់អំពីការឆ្លើយតបរបស់នាង ?
បូអូសប្រោសលោះនាងរស់
ដើម្បីបន្តដំណើររឿងរបស់នាងរស់ អ្នកអាចអញ្ជើញសិស្សឲ្យបញ្ចប់សំណៅមេរៀន « នាងរស់ និងន៉ាអូមីត្រូវបានប្រោសលោះ » ។ សិស្សអាចធ្វើការជាគូ ដើម្បីសរសេរព័ត៌មានលម្អិតសំខាន់ៗនៃរឿងនេះ ។ ជម្រើសមួយទៀតគឺផ្តល់ឲ្យសិស្សនូវបណ្តុំខគម្ពីរនៃសំណៅមេរៀន ហើយឲ្យពួកគេសង្ខេបខគម្ពីរតាមពាក្យពេចន៍របស់ពួកគេផ្ទាល់ជាមួយដៃគូ ។
បន្ទាប់ពីសិស្សបញ្ចប់សំណៅមេរៀនហើយ អ្នកអាចពន្យល់ពីការណ៍មួយដូចខាងក្រោមដែលអ្នកគិតថានឹងមានប្រយោជន៍ ៖
-
ជាផ្នែកមួយនៃក្រឹត្យវិន័យរបស់លោកម៉ូសេ ប្រជាជនអ៊ីស្រាអែលត្រូវបានតម្រូវឲ្យទុកកួរស្រូវដែលមិនទាន់ប្រមូលផលនៅក្នុងស្រែដើម្បីមើលថែជនក្រីក្រ ( សូមមើល លេវីវិន័យ ១៩:៩–១០ ) ។
-
ន៉ាអូមីបានប្រាប់នាងរស់ថា បូអូសគឺជា « អ្នកដែលមានច្បាប់នឹងលោះ » របស់ពួកគេ ( សូមមើល នាងរស់ ២:២០ ) ឬសាច់ញាតិជិតដិត ។ ពាក្យ « អ្នកដែលមានច្បាប់នឹងលោះ » មកពីពាក្យភាសាហេព្រើរ go-el ដែលមានន័យថា « អ្នកប្រោសលោះ » ។ « អ្នកដែលមានច្បាប់នឹងលោះ » ត្រូវបានគេរំពឹងថានឹងមើលថែ ( ឬសូម្បីតែរៀបការ ) ស្ត្រីមេម៉ាយនៅក្នុងគ្រួសាររបស់ពួកគេដើម្បីស្ដារពួកគេឲ្យមានសុខសុវត្ថិភាព ។
-
ដោយសារមានអ្នកដែលមានច្បាប់នឹងលោះម្នាក់ទៀតដែលមានទំនាក់ទំនងជិតស្និទ្ធជាងដែលមានសិទ្ធិរៀបការជាមួយនាងរស់ នោះបូអូសបានទិញសិទ្ធិពីគាត់ ( សូមមើល នាងរស់ ៣:១២–១៣ ) មុនពេលរៀបការជាមួយនាងរស់ ( សូមមើល នាងរស់ ៤:៩–១០, ១៣ ) ។
វាអាចមានប្រយោជន៍ក្នុងការបង្កើតគំនូសតាងដែលមានជួរឈរពីរនៅលើក្តារខៀន ។ សូមដាក់ឈ្មោះជួរឈរទីមួយថា នាងរស់/យើង និងជួរឈរទីពីរថា បូអូស/ព្រះយេស៊ូវគ្រីស្ទ ។ សិស្សអាចសរសេរនៅលើក្ដារខៀននូវអ្វីដែលពួកគេរកឃើញ ។
-
តើយើងអាចដូចនាងរស់តាមរបៀបណាខ្លះ ?
ប្រសិនបើសិស្សពិបាកឆ្លើយ សូមពិចារណាសុំពួកគេឲ្យគិតអំពីរបៀបដែលពួកគេប្រហែលជាមិនមានសមត្ថភាពគ្រប់គ្រាន់ ឬមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើការណ៍មួយដោយខ្លួនឯង ។ ( ការណ៍នេះអាចរួមបញ្ចូលទាំងការមិនមានសេចក្តីសុចរិត ឬការគោរពប្រតិបត្តិគ្រប់គ្រាន់ មិនមានកម្លាំងគ្រប់គ្រាន់ដើម្បីយកឈ្នះលើអំពើបាប ឬភាពទន់ខ្សោយ មិនមានការគាំទ្រគ្រប់គ្រាន់ដើម្បីបន្តធ្វើអ្វីដែលត្រឹមត្រូវ និងអ្វីៗផ្សេងទៀត ) ។ អ្នកក៏អាចសួរពីអ្វីដែលនាងរស់បានធ្វើដើម្បីស្វែងរកការប្រោសលោះ និងរបៀបដែលយើងអាចនឹងមានភាពស្រដៀងគ្នា ។
-
តើបូអូសដូចព្រះយេស៊ូវគ្រីស្ទតាមរបៀបណាខ្លះ ?
ប្រសិនបើសិស្សពិបាកឆ្លើយ សូមពិចារណាអញ្ជើញពួកគេឲ្យពិនិត្យមើល នាងរស់ ២:១២, ១៥–១៦ ឡើងវិញ ។ អ្នកក៏គួរតែចង្អុលបង្ហាញថា បូអូសបានចូលរួមរៀបការតាមសេចក្ដីសញ្ញា ឬទំនាក់ទំនងជាមួយនាងរស់ ដើម្បីស្រឡាញ់ និងមើលថែនាងជានិច្ច ។
បើចាំបាច់ សូមពន្យល់ថាព្រះអង្គសង្គ្រោះប្រោសលោះយើងតាមគ្រប់មធ្យោបាយដែលយើងត្រូវការ ។ សូមពិចារណាអញ្ជើញសិស្សឲ្យអាន ម៉ូសាយ ១៥:៧–៩ ឬ ហេលេមិន ៥:៩–១១ ដើម្បីបញ្ជាក់ពីរបៀបដែលព្រះអង្គសង្គ្រោះប្រោសលោះយើង ។ អ្នកក៏អាចបន្ថែមថា កិច្ចការប្រោសលោះរបស់ព្រះអង្គសង្គ្រោះរួមមានការជួយយើងជាមួយនឹងបញ្ហារបស់យើងនៅលើផែនដី ( សូមមើល ឌី ថត គ្រីស្តូហ្វឺសិន « Redemption » Liahona ខែឧសភា ឆ្នាំ២០១៣ ទំព័រ ១០៩–១១០ ) ។
-
តើអ្នកនឹងពណ៌នាអំពីភាពខុសគ្នាក្នុងស្ថានភាពរបស់នាងរស់ មុននិងក្រោយពេលបូអូសបានជួយ និងរៀបការជាមួយនាងយ៉ាងណា ?
-
តើយើងអាចរៀនមេរៀនអ្វីខ្លះអំពីទំនាក់ទំនងរបស់យើងជាមួយព្រះយេស៊ូវគ្រីស្ទ តាមរយៈដំណើររឿងរបស់នាងរស់ និងបូអូស ?
ព្រះយេស៊ូវគ្រីស្ទគឺជាព្រះប្រោសលោះរបស់យើង
ការផ្តល់ឱកាសឲ្យសិស្សឆ្លើយសំណួរបីបន្ទាប់អាចនឹងយាងអញ្ជើញព្រះវិញ្ញាណបរិសុទ្ធ ។ នៅពេលសិស្សចែកចាយ និងស្តាប់គ្នាទៅវិញទៅមក នោះព្រះវិញ្ញាណបរិសុទ្ធអាចជួយសិស្សឲ្យមានអារម្មណ៍ថាមានបំណងប្រាថ្នាកាន់តែខ្លាំងឡើងដើម្បីទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដានៃការប្រោសលោះរបស់ទ្រង់ ។ ដើម្បីជួយសិស្សត្រៀមខ្លួនឆ្លើយសំណួរដំបូង អ្នកអាចបង្ហាញ « Finding Your Purpose in Life: Does Faith Matter? » ( ៥:០៨ ) ឬ « Moving on from Past Mistakes » ( ៣:៤៣ ) វីដេអូទាំងពីរមាននៅលើគេហទំព័រ ChurchofJesusChrist.org ។
-
តើពេលណាដែលអ្នក ឬនរណាម្នាក់ដែលអ្នកស្គាល់បានទទួលអារម្មណ៍ពីព្រះចេស្ដានៃការប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ ?
-
ហេតុអ្វីបានជាអ្នកគួរតែទុកចិត្តលើព្រះយេស៊ូវគ្រីស្ទ និងព្រះចេស្ដានៃការប្រោសលោះរបស់ទ្រង់នៅពេលអនាគត ដូចជានាងរស់ ?
-
តើអ្នកគិតថាមនុស្សម្នាក់អាចធ្វើអ្វីដើម្បីបង្កើនបំណងប្រាថ្នារបស់ពួកគេក្នុងការទុកចិត្តលើព្រះចេស្ដានៃការប្រោសលោះរបស់ព្រះអង្គសង្គ្រោះ ?
ដើម្បីបញ្ចប់ សូមអញ្ជើញសិស្សឲ្យពិចារណាអំពីគំនិត ឬចំណាប់អារម្មណ៍ដែលពួកគេបានទទួលពីព្រះវិញ្ញាណបរិសុទ្ធអំពីការទុកចិត្តលើព្រះអម្ចាស់ និងព្រះចេស្ដានៃការប្រោសលោះរបស់ទ្រង់ ។ ពួកគេគួរតែបន្ថែមគំនិតទៅលើសំណួរដែលពួកគេបានឆ្លើយនៅដើមមេរៀននៅក្នុងសៀវភៅកំណត់ហេតុការសិក្សារបស់ពួកគេ ។