ថ្នាក់​សិក្ខាសាលា
ពួកចៅហ្វាយ ២–៤ ៖ ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយសង្រ្គោះ


« ពួកចៅហ្វាយ ២–៤ ៖ ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយសង្រ្គោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ( ឆ្នាំ​២០២៦ )

« ពួកចៅហ្វាយ ២–៤ ៖ ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយសង្រ្គោះ » សៀវភៅ​សិក្សា​ព្រះគម្ពីរ​សញ្ញាចាស់ សម្រាប់​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា

ពួកចៅហ្វាយ ២–៤; ៦–៨; ១៣–១៦ ៖ មេរៀនទី ៦៥

ពួកចៅហ្វាយ ២–៤

ការងាក​ទៅរក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការជួយសង្រ្គោះ

Jesus healing a lame man.  Outtakes include some of the other cast members, Jesus and disciples, and Jesus helping the lame man up by the hand.

បន្ទាប់ពី​សាសន៏​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ដែនដី​សន្យា​ហើយ ពួកគេ​បានជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះអម្ចាស់ ក្នុង​ការបណ្ដេញ​ជនទុច្ចរិត​ទាំង​អស់​ចេញ ។ ជាលទ្ធផល ពួកសាសន៏​អ៊ីស្រាអែល​ជាច្រើន​នាក់​បាន​ទទួលយក​ការប្រព្រឹត្ត​ទុច្ចរិត​របស់​ប្រជាជន​ទាំងនេះ ហើយ​បាន​បាត់បង់​ការការពារ​របស់​ព្រះអម្ចាស់ ។ ទោះជា​យ៉ាង​ណា​ក៏ដោយ រាល់​ពេល​ដែល​ពួកសាសន៏​អ៊ីស្រាអែល​បាន​អំពាវនាវ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​បាន​ការរំដោះ ទ្រង់ « ក៏​តាំង​ឲ្យ​មាន​អ្នក​ជួយ​សង្គ្រោះ​ម្នាក់ » ដល់​ពួកគេ ( ពួកចៅហ្វាយ ៣:៩ ) ។ មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ​យល់ពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ព្រះជួយសង្រ្គោះ​របស់​យើង ។

ការរៀបចំ​សិស្ស ៖ សូម​អញ្ជើញ​សិស្ស​ឲ្យ​គិត​អំពី​ពេលវេលា​មួយ​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​រំដោះ ( បាន​សង្គ្រោះ ឬ​ដោះលែង ) នរណាម្នាក់​នៅក្នុង​បទគម្ពីរ នរណាម្នាក់​ដែល​ពួកគេ​ស្គាល់ ឬ​ខ្លួន​ពួកគេ​ផ្ទាល់ ។ សិស្ស​អាច​សម្គាល់​ពី​អ្វី​ដែល​បុគ្គល​ម្នាក់ ឬ​បុគ្គល​ជាច្រើន​នាក់​បាន​ធ្វើ​ដើម្បី​ឈោង​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​ការរំដោះ ។

សកម្មភាព​រៀនសូត្រ​ដែល​អាច​មាន

គំរូ⁠​ទាំងឡាយ

ដើម្បី​ត្រៀម​រៀបចំ​សិស្ស​ដើម្បី​រៀន​អំពី​គំរូ​ខាងវិញ្ញាណ​ដែល​មាន​ក្នុង​គម្ពីរ​ពួកចៅហ្វាយ សូម​ពិចារណា​បង្ហាញ​គំរូ​លេខ​ខាងក្រោម ។ សូម​អញ្ជើញ​សិស្ស​ក្រុម​តូចៗ​ឲ្យ​បំពេញ​លេខ​ដែល​បាត់ ។

រក​លេខ​ពីរ​បន្ទាប់​ក្នុង​លំដាប់​នីមួយៗ​ខាងក្រោម ៖

ក. ២, ៤, ៦, ៨, ១០, ១២, ,

ខ. ១, ៣, ៧, ១៣, ២១, ៣១, ,

គ. ១, ៤, ៣, ៦, ៥, ៨, ៧, ,

ឃ. ១០, ១១, ៦, ៨, ៤, ៧, ៤, ,

បើ​សិស្ស​ត្រូវការ​ជំនួយ អ្នក​អាច​ចែកចាយ​គំរូ​ខាងក្រោម​នេះបាន ។

ក ៖ +២

ខ ៖ +២, +៤, +៦ និង​លេខ​បន្តបន្ទាប់

គ ៖ +៣, −១, +៣, −១

ឃ ៖ +១, −៥, +២, −៤, +៣, −៣ និង​លេខ​បន្តបន្ទាប់

  • តើ​ស្ថានភាព​អ្វីខ្លះ​នៅក្នុង​ជីវិត​របស់​យើង នៅពេល​ដែល​វា​អាច​មាន​ប្រយោជន៍​ក្នុង​ការស្វែងរក​គំរូ ?

  • ហេតុអ្វី​វា​សំខាន់​ក្នុងការ​ទទួលស្គាល់​គំរូ​ខាងវិញ្ញាណ​ក្នុង​ជីវិត​របស់​យើង ?

ថ្ងៃនេះ នៅពេល​អ្នក​សិក្សា​គំរូ​ខាងវិញ្ញាណ​ដែល​ពួកសាសន៏​អ៊ីស្រាអែល​បានឆ្លងកាត់​នៅក្នុង​គម្ពីរ​ពួកចៅហ្វាយ សូម​គិត​អំពី​របៀប​ដែល​វា​អាច​អនុវត្ត​ចំពោះ​ជីវិត​របស់​អ្នក ។ សូម​យាងអញ្ជើញ​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​បង្រៀន​អ្នក​បន្ថែម​ទៀត​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ នៅពេល​អ្នក​សិក្សា​គំរូ​នេះ ។

វដ្ដ​នៃ​អំពើ​បាប និង​ការជួយសង្រ្គោះ

ពេល​ពួកសាសន៏​អ៊ីស្រាអែល​ចូល​ទៅ​ក្នុង​ដែនដី​សន្យា ព្រះអម្ចាស់​បាន​បញ្ជា​ពួកគេ​ឲ្យ​បណ្ដេញ​ជន​ទុច្ចរិត​ចេញ ( សូម​មើល ចោទិយកថា ៧:១–៤ ) ។ ពួកសាសន៏​អ៊ីស្រាអែល​ជា​ច្រើន​បាន​ជ្រើសរើស​មិន​គោរព​តាម​បទបញ្ញត្តិ​នេះ​ឲ្យ​បាន​ពេញលេញ​នោះ​ទេ ។ ពួកគេ​បាន​អនុញ្ញាត​ឲ្យ​ជន​ទុច្ចរិត​មួយ​ចំនួន​នៅ​បន្ត​រស់នៅ ( សូម​មើល ពួកចៅហ្វាយ ១:២១, ២៧–២៨ ) ។ នៅក្នុង ពួកចៅហ្វាយ ២–៤ យើង​រៀន​អំពី​គំរូ​ខាងវិញ្ញាណ ឬ​វដ្ដ​មួយ ដែល​ពួកសាសន៏​អ៊ីស្រាអែល​បានឆ្លងកាត់ ដោយសារ​ពួកគេ​បាន​បរាជ័យ​ម្តងហើយ​ម្តងទៀត​ក្នុង​ការដើរតាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

សូម​ពិចារណា​បង្ហាញ​វដ្ដ​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ចម្លង​វដ្ដ​នេះ​ដាក់​នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់​ពួកគេ ។

A diagram depicting the cycle of sin and deliverance in the book of Judges with four sections connected by blue arrows.

សូម​អញ្ជើញ​សិស្ស​ឲ្យ​សិក្សា​ខគម្ពីរ​ខាងក្រោម​ជាមួយ​នឹង​ដៃគូ ឬ​ក្រុម​តូច ដោយ​រកមើល​គំរូ​នៃ​ឥរិយាបថ​ដែល​បាន​កើតឡើង​ក្នុង​ចំណោម​ពួកសាសន៏​អ៊ីស្រាអែល ។ សិស្ស​អាច​សង្ខេប​បណ្ដុំ​ខគម្ពីរ​នីមួយៗ​ដោយ​ប្រើ​ពាក្យ ឬ​ឃ្លា​មួយ ។ បន្ទាប់មក ពួកគេ​អាច​សរសេរ​ពាក្យ ឬ​ឃ្លា​នោះ​ក្នុង​ប្រអប់​ដែល​ត្រឹមត្រូវ​នៅ​លើ​ដ្យាក្រាម​របស់​ពួកគេ ។

១. ពួកចៅហ្វាយ ៣:៥–៧ ( ចំណាំ ៖ Baalim គឺជា​ទម្រង់​ពហុវចនៈ​របស់​ព្រះបាល ដែល​ជា​ព្រះ​ក្លែងក្លាយ​ដែល​ត្រូវ​បាន​គេ​ថ្វាយបង្គំ​នៅ​ស្រុក​កាណាន ។ ពាក្យ ព្រះអាសថារ៉ូត សំដៅទៅលើ « ដើមឈើ​មាន​ជីវិត ឬ​បង្គោល​ដូច​ដើម​ឈើ ដែល​តាំង​ជា​វត្ថុ​ថ្វាយបង្គំ » [ Bible Dictionary « Grove » ] ) ។

២. ពួកចៅហ្វាយ ៣:៨

៣. ពួកចៅហ្វាយ ៣:៩ ( ឃ្លា​ដំបូង​នៃ​ខគម្ពីរ )

៤. ពួកចៅហ្វាយ ៣:៩–១១

បន្ទាប់​ពី​សិស្ស​បាន​សិក្សា​ខគម្ពីរ​ទាំងនេះ​ហើយ សូម​អញ្ជើញ​ពួកគេ​ឲ្យ​ចែកចាយ​ពាក្យ ឬ​ឃ្លា​ដែល​ពួកគេ​បាន​បញ្ចូល​នៅលើ​ដ្យាក្រាម​របស់​ពួកគេ ។ ប្រសិនបើ​ចាំបាច់ អ្នក​អាច​ផ្តល់​យោបល់​ខាងក្រោម​សម្រាប់​ប្រអប់​នីមួយៗ ៖ ១. អំពើបាប ២. ផលវិបាក ៣. អំពាវនាវ​រក​ព្រះអម្ចាស់ ៤. ការជួយសង្រ្គោះ​តាមរយៈ​ព្រះអម្ចាស់ ។ ដើម្បី​ជួយ​សិស្ស​កត់ត្រា​វដ្ត​នេះ​នៅក្នុង​ខគម្ពីរ​របស់​ពួកគេ អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​សរសេរ​ពាក្យ ឬ​ឃ្លា​ពី​ប្រអប់​នីមួយ​ៗ​តាម​បណ្ដុំ​ខគម្ពីរ​នីមួយៗ ។

បន្ទាប់មក សូម​ដាក់បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម ។ ផ្តល់​ឲ្យ​សិស្ស​ពីរបី​នាទី​ដើម្បី​សិក្សា​សេចក្ដីយោង​មួយ​ចំនួន ឬទាំងអស់ ។

ដើម្បី​មើល​គំរូ​ផ្សេង​ទៀត​នៃ​វដ្ត​នេះ​នៅក្នុង ពួកចៅហ្វាយ ២–៤ សូម​សិក្សា​អំពី​សេចក្ដីយោង​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ។ នៅពេល​អ្នក​សម្គាល់​ឃើញ​ធាតុ​ផ្សេងៗ​នៃ​វដ្ដ អ្នក​អាច​ដាក់​ស្លាក​វា​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ ( ចំណាំ ៖ មិនមែន​គ្រប់​ធាតុ​នៃ​វដ្ដ​នឹង​បង្ហាញ​នៅក្នុង​គ្រប់​ខគម្ពីរ​ទាំងអស់​នោះ​ទេ ) ។

ពួកចៅហ្វាយ ២:១០–១៨

ពួកចៅហ្វាយ ៣:១២–១៥, ២៦–៣០

ពួកចៅហ្វាយ ៤:១–៤, ១៤–១៦

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ពី​វដ្ត​នេះ​នៅក្នុង ពួកចៅហ្វាយ ២–៤ ?

    រូបតំណាង​ថ្នាក់​សិក្ខាសាលានៅ​ពេល​សិស្ស​ចែកចាយ​ចម្លើយ​ទៅនឹង​សំណួរ​មុន សូម​ពិចារណា​ចង្អុល​បង្ហាញ​ពី​ការយល់​ដឹង​របស់​ពួកគេ​ដែល​បង្ហាញ​ពី​សេចក្ដី​ស្រឡាញ់ និង​គុណលក្ខណៈ​របស់​ព្រះ ។ របៀប​មួយ​ដើម្បី​ធ្វើ​បែប​នេះ​គឺ​ធ្វើ​សេចក្តី​ថ្លែងការណ៍​សាមញ្ញ​បន្ទាប់​ពី​សិស្ស​ចែក​ចាយ ។ អ្នក​អាច​និយាយ​ថា « សូម​អរគុណ​ចំពោះ​ការយល់​ដឹង​របស់​អ្នក​អំពី​លក្ខណៈ​ដ៏​មេត្តាករុណា​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ឬ « ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការរំឭក​របស់​អ្នក​អំពី​ព្រះចេស្ដា​ដែល​ព្រះអង្គ​សង្គ្រោះ​មាន​ដើម្បី​ជួយសង្រ្គោះ​យើង » ឬ « ហេតុអ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ដឹង​ថា ព្រះវរបិតាសួគ៌​ក៏​មាន​គុណលក្ខណៈ​នោះ​ដែរ ដែល​អ្នក​បាន​កត់សម្គាល់​នៅក្នុង​ព្រះអង្គ​សង្គ្រោះ ? » ( សម្រាប់​ការបំពាក់បំប៉ន​បន្ថែម​អំពី​ការជួយ​សិស្ស​ឲ្យ​មក​រក​ព្រះយេស៊ូវ​គ្រីស្ទ សូម​មើល « ជួយ​សិស្ស​ឲ្យ​ពង្រឹង​ទំនាក់ទំនង​របស់​ពួកគេ​ជាមួយ​ព្រះវរបិតា​សួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ » នៅក្នុង ជំនាញ​ការអភិវឌ្ឍ​គ្រូបង្រៀន [ ឆ្នាំ២០២២ ] ទំព័រ ៩ ) ។

    សេចក្តីពិត​មួយ​ចំនួន​ដែល​សិស្ស​អាច​រកឃើញ​អំពី​ព្រះអម្ចាស់​នៅក្នុង​វគ្គ​បទគម្ពីរ​ទាំងនេះ​គឺ ៖

    ប្រសិនបើ​យើង​ជ្រើសរើស​បដិសេធ​ព្រះអម្ចាស់ នោះ​យើង​នឹង​បាត់បង់​ការណែនាំ និង​ការការពារ​របស់​ទ្រង់​នៅក្នុង​ជីវិត​របស់​យើង ។

    នៅពេល​យើង​ជ្រើសរើស​ងាក​ទៅ​រក​ព្រះអម្ចាស់ ហើយ​អំពាវនាវ​ដល់​ព្រះនាម​ទ្រង់ នោះ​ទ្រង់​នឹង​ជួយសង្រ្គោះ​យើង ។

  • តើ​អ្នក​គិត​ថា ការយល់​ពី​សេចក្ដីពិត​ទាំង​នេះ​អាច​មាន​ឥទ្ធិពល​លើ​ជីវិត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច ?

ព្រះ​ជួយសង្រ្គោះ

សូម​ពន្យល់​ថា ព្រះបរមងារ​មួយ​របស់​ព្រះអង្គ​សង្គ្រោះ​គឺ ព្រះ​ជួយង្រ្គោះ ( សូម​មើល សាំយូអែល ទី២ ២២:២ ) ។ សិស្ស​អាច​អាន និង​ប្រៀបធៀប ម៉ូសាយ ៧:៣៣ ទៅ​នឹង ពួកចៅហ្វាយ ៣:៩ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ពី​របៀប​ដែល​បុគ្គល​ដែល​បាន​ជួយសង្រ្គោះ​ពួកសាសន៏​អ៊ីស្រាអែល​នៅក្នុង​ព្រះគម្ពីរ​ពួកចៅហ្វាយ​តំណាង​ឲ្យ​ព្រះយេស៊ូវ​គ្រីស្ទ ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ផ្អាក និង​ប្រៀបធៀប​អ្វី​ដែល​ពួកគេ​បានរៀនសូត្រ​ទៅនឹង​ជីវិត​របស់​ពួកគេ​ផ្ទាល់ អ្នក​អាច​សរសេរ « ខ្ញុំ » នៅលើ​ក្ដារខៀន​នៅ​ចំ​កណ្តាល​នៃ​វដ្ដ​នេះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ជញ្ជឹងគិត​ពី​កន្លែង​ដែល​ពួកគេ​អាច​នឹង​កំពុង​ស្ថិត​ក្នុង​វដ្ដ​ថ្មីៗ​នេះ ។ សូម​ឲ្យ​ពួកគេ​គិត​អំពី​ស្ថានភាព​នៅក្នុង​ជីវិត​របស់ពួកគេ​ដែល​ពួកគេ​ត្រូវការ​ការជួយសង្រ្គោះ​របស់​ព្រះអង្គ​សង្គ្រោះ ។

អែលឌើរ ខែល អេស ម៉ាកឃេ នៃ​ពួក​ចិត​សិប​នាក់​បាន​ថ្លែង​ទីបន្ទាល់​អំពី​របៀប​ដែល​ព្រះយេស៊ូវ​គ្រីស្ទ​ជា​ព្រះ​ជួយសង្រ្គោះ​ដ៏​អស្ចារ្យ ៖

11:40
Elder Kyle S. McKay of the General Authority Seventy Official Portraits. Taken March 2018.

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​ថា ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ព្រះជួយ​សង្រ្គោះ​ដ៏​មហិមា ហើយ​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ខ្ញុំ​សូម​សន្យា​ថា នៅពេល​អ្នក​ត្រឡប់​ទៅ​កាន់​ទ្រង់​ដោយ​មាន​គោលបំណង​ពិត​ប្រាកដ និង​អស់​ពី​ចិត្ត នោះ​ទ្រង់​នឹង​ជួយសង្រ្គោះ​អ្នក​ចេញពី​អ្វីៗ​ដែល​គម្រាម​ចង់ កាត់បន្ថយ ឬ​បំផ្លាញ​ជីវិត ឬ​អំណរ​របស់​អ្នក​ចោល ។ ( « The Immediate Goodness of God » លីអាហូណា ខែ​ឧសភា ឆ្នាំ​២០១៩ ទំព័រ ១០៧ )

  • តើ​អ្នក​មាន​គំនិត​អ្វី​ខ្លះ ឬ​មាន​អារម្មណ៍​យ៉ាងណា​ដែរ ពេល​អ្នក​ជញ្ជឹងគិត​អំពី​សេចក្ដី​ថ្លែងការណ៍​នេះ ?

    សូម​ពិចារណា​ផ្តល់​ពេល​ដល់​សិស្ស​ដើម្បី​ធ្វើ​បញ្ជី​នៅក្នុង​សៀវភៅ​កំណត់ហេតុ​របស់​ពួកគេ ឬ​នៅលើ​ក្ដារខៀន​នូវ​ការគំរាមកំហែង​ណា​មួយ​ដែល​អាច « កាត់បន្ថយ ឬ​បំផ្លាញ​ជីវិត ឬ​អំណរ [ របស់​ពួកគេ ] ចោល » ។ ប្រសិនបើ​មាន​ប្រយោជន៍ សិស្ស​អាច​សិក្សា​អត្ថបទ « The Savior Can Deliver Us » ( ជេស៊ីកា ហ្ស៊ី ស្ត្រង ដើម្បី​កម្លាំង​នៃ​យុវជន ខែវិច្ឆិកា ឆ្នាំ២០២២ ទំព័រ ២–៤ ) ដើម្បី​ស្វែងរក​ឧទាហរណ៍ ។

    នៅជាប់​នឹង​បញ្ជី​ដែល​ពួកគេ​បាន​បង្កើត សិស្ស​អាច​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម ។

  • តើ​របៀប​ណា​ខ្លះ​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយសង្រ្គោះ​យើង នៅពេល​យើង​ងាក​ទៅរក​ទ្រង់ ?

សូម​ជួយ​សិស្ស​ស្វែងរក​របៀប​បន្ថែម​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយសង្រ្គោះ​យើង នៅពេល​យើង​ងាក​ទៅរក​ទ្រង់ ។ ពួកគេ​អាច​គិត​អំពី​គំរូ​នៃ​ការជួយសង្រ្គោះ​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ព្រះគម្ពីរ ជីវិត​ផ្ទាល់ខ្លួន ឬ​ជីវិត​របស់​បុគ្គល​ដែល​ពួក​គេ​ស្គាល់ ។ អ្នក​អាច​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​បទគម្ពីរ​ដែល​បង្រៀន​អំពី​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​ដើម្បី​ជួយសង្រ្គោះ ដូចជា អាលម៉ា ៣៦:២៧–២៩; ៣៨:៥ ។ ពួកគេ​ក៏​អាច​អាន « 7 Ways the Lord Can Deliver You » ( ដេវីឌ អេ អេដវើឌ ដើម្បី​កម្លាំង​នៃ​យុវជន ខែមេសា ឆ្នាំ២០២២ ទំព័រ ១៨–២០ ) ។

សូម​អញ្ជើញ​អ្នក​ស្ម័គ្រចិត្ត​ឲ្យ​ចែកចាយ​ការយល់​ដឹង​របស់​ពួកគេ ។ អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពន្យល់​ពី​របៀប​ដែល​ការចងចាំ​គំរូ​ទាំងនេះ​អាច​ជួយ​ពួកគេ​ពង្រឹង​សេចក្ដី​ជំនឿ និង​សេចក្តី​ទុកចិត្ត​របស់​ពួកគេ​លើ​ព្រះអង្គ​សង្គ្រោះ ។

បង្ហាញ​ការយល់ដឹង

ដើម្បី​ជួយ​សិស្ស​បង្ហាញ​ការយល់ដឹង​របស់​ពួកគេ​អំពី​តួនាទី​របស់​ព្រះអង្គ​សង្គ្រោះ​ជា​ព្រះជួយសង្រ្គោះ សូម​ដាក់បង្ហាញ​សេចក្តី​ណែនាំ​ដូចខាងក្រោម ។ សិស្ស​អាច​បំពេញ​សកម្មភាព​ជាមួយ​ដៃគូ ឬ​ក្រុម​តូចៗ ។

  1. បង្កើត​សាច់រឿង​អំពី​បុគ្គល​វ័យក្មេង​ម្នាក់​ដែល​ត្រូវការ​ការជួយសង្រ្គោះ​របស់​ព្រះអង្គ​សង្គ្រោះ​ពី​ស្ថានភាព​ជាក់លាក់​មួយ ។

  2. សូម​សរសេរ​កថាខណ្ឌ​ដែល​សង្ខេប​នូវ​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​អាច​ជួយសង្រ្គោះ​បុគ្គល​រូប​នេះ ។

សូម​ពិចារណា​ឲ្យ​សិស្ស​បញ្ចប់​ជំហាន​ទី ១ ហើយ​បន្ទាប់​មក​ចែកចាយ​សាច់រឿង​របស់​ពួកគេ​ជាមួយ​នឹង​ដៃគូ ឬ​ក្រុម​ផ្សេង ។ បន្ទាប់មក ពួកគេ​អាច​បញ្ចប់​ជំហាន​ទី ២ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សាច់រឿង​របស់​ក្រុម​ផ្សេង​ទៀត ។

អ្នក​អាច​បញ្ចប់​មេរៀន​នេះ​ដោយ​ចែកចាយ​បទពិសោធន៍ ឬ​ទីបន្ទាល់​អំពី​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការជួយសង្រ្គោះ ។